-
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកចោទចិនថា កំពុងព្យាយាមលួចឯកសារស្រាវជ្រាវវ៉ាក់សាំង Covid-19 ពីប្រទេសលោកខាងលិច

អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក រ៉ូប៊ឺត អូប្រ៊ីយែន ចោទប្រកាន់ចិនថា កំពុងព្យាយាមលួចឯកសារស្រាវជ្រាវវ៉ាក់សាំង COVID-19 ពីប្រទេសលោកខាងលិច នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ មិនតែប៉ុណ្ណោះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ ថែមទាំងចាត់ទុកប្រទេសចិនថា ជាគូប្រជែងដ៏សាហាវមួយដែលកំពុងព្យាយាមធ្វើអាជីវកម្មផ្តាច់មុខនូវរាល់ឧស្សាហកម្មសំខាន់ៗនៅក្នុងសតវត្សរ៍ទី២១ ។ ប្រទេសចិនស្ថិតក្រោមការគ្រប់គ្រងដោយប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអះអាងថា ប្រទេសលោកខាងលិច និង សហរដ្ឋអាមេរិកបានវីវក់ទៅនឹងនិន្នាការប្រឆាំងនឹងចិន ទស្សនៈបែបអាណានិគម និងការខឹងសម្បារ ដែលជារឿងធម្មតាទៅហើយ ព្រោះពេលនេះ ចិនគឺជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់លេខពីរលើលោក ៕
-
លោក បារ៉ាក់ អូបាម៉ា ថ្លែងវាយប្រហារលោក ដូណាល់ ត្រាំ អំឡុងពេលបង្ហាញខ្លួនលើកដំបូងក្នុងយុទ្ធការបោះឆ្នោតឆ្នាំ២០២០

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅថ្ងៃពុធនេះ វិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញ ដោយបានបើកការវាយប្រហារយ៉ាងខ្លាំងលើលោក ដូណាល់ ត្រាំ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ ថ្លែងនៅក្នុងពិធីជួបជុំនៅទីក្រុងហ្វីឡាដែលហ្វៀ ជំនួសមុខឱ្យលោក ចូ បៃដិន នោះ លោក អូបាម៉ា បានរិះគន់យ៉ាងខ្លាំងទៅលើលោក ដូណាល់ ត្រាំ ដោយផ្តោតលើវោហារសាស្ត្របំបែកបំបាក់ និង បានបន្ទោសលោក ត្រាំ ចំពោះការគ្រប់ គ្រងមិនបានល្អលើជំងឺរាតត្បាត ដោយកត់សម្គាល់ថា លោក ត្រាំ ផ្ទាល់បានធ្លាក់ខ្លួនជារងគ្រោះដោយសារវីរុសនេះផងដែរ ។ សូមជំរាបថា ការបង្ហាញខ្លួនរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ គឺស្ថិតក្នុងគោលបំណងបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយលោក បៃដិន ដែលស្នាក់នៅក្នុងគេហដ្ឋាននៅរដ្ឋដេឡាវែ ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ សម្រាប់ការប្រជុំ និង ការត្រៀមខ្លួន មុនពេលចូលរួមវេទិការតស៊ូមតិរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ជាមួយលោក ត្រាំ នៅទីក្រុងណាស់វីល រដ្ឋថេនណេសស៊ី ៕
-
ប្រមុខការពារជាតិកោះតៃវ៉ាន់អះអាងថា ខ្លួនមិនមែនកំពុងស្វែងរកការប្រកួតប្រជែងសព្វាវុធជាមួយចិនឡើយ ក្រោយការទិញអាវុធទំនើបៗពីអាមេរិក

កោះតៃវ៉ាន់៖ រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់លោក យិន ឌីហ្វា នៅថ្ងៃព្រហស្បតិ៍នេះថ្លែងថា កោះតៃវ៉ាន់មិនមែនកំពុងស្វែងរកការប្រណាំងប្រជែងសព្វាវុធជាមួយប្រទេសចិននោះទេ ប៉ុន្តែតៃវ៉ាន់ត្រូវការសមត្ថភាពប្រយុទ្ធដែលអាចជឿទុកចិត្តបាន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក យិន ឌីហ្វា ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានអនុម័តរួចហើយ លើគំរោងលក់ប្រព័ន្ធអាវុធទំនើបៗចំនួន០៣អោយកោះតៃវ៉ាន់ ក្នុងនោះរួមមានប្រព័ន្ធចាប់សញ្ញា ឬសិនស័រ គ្រាប់មីស៊ីល និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត នៅក្នុងតម្លៃសរុប១.៨ពាន់លានដុល្លារ ។ ចិនតែងតែចាត់ទុកថា ការលក់អាវុធ ឬការគាំទ្រផ្នែកយោធាពីអាមេរិក គឺជាការលើកទឹកចិត្តឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យ និងផ្ដាច់ខ្លូនចេញពីចិនដីគោក ដែលតម្រូវឱ្យចិនចាត់វិធានការឆ្លើយតប ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងយោធាតែម្ដង នៅក្នុងករណីចំាបាច់ ឬនៅពេលកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ។ ហើយការសម្រេចចិត្តយល់ព្រមលក់អាវុធឱ្យកោះតៃវ៉ាន់របស់សហរដ្ឋអាមេរិកខាងលើនេះដែរ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយមានសេចក្ដីរាយការណ៍ថា ចិនបានផ្លាស់ប្ដូរប្រព័ន្ធមីស៊ីលស៊េរីចាស់ៗរបស់ខ្លួន ដោយដំឡើងមីស៊ីលស៊េរីថ្មីៗ ដែលមានសមត្ថភាពហោះហើរលឿនជាងសំឡេង នៅតាមតំបន់ឆ្នេរភាគអាគ្នេយ៍ ហើយតម្រង់ក្បាលទៅរកកោះតៃវ៉ាន់ជាស្រេច ៕
-
លោក ប្រាយុទ្ធ ចាន់អូចា សម្រេចលុបចោលបទបញ្ជាដាក់ប្រទេសក្នុងគ្រាមានអាសន្ន ចំពេលក្រុមបាតុករទុកពេល៣ថ្ងៃអោយលោកចុះចេញពីតំណែង

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក បា្រយុទ្ធ ចាន់អូចា ប្រកាសលុបចោលបទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន រួមទាំងបទបញ្ជាពាក់ព័ន្ធដទៃទៀត ចាប់ពីរសៀលថ្ងៃព្រហស្បតិ៍នេះតទៅ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ ការប្រកាសលុបចោលបទបញ្ជានេះ ត្រូវបានធ្វើឡើងស្របពេលដែលក្រុមបាតុករបានប្រកាសទុកពេលឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចំនួន០៣ថ្ងៃ ដើម្បីរៀបចំចុះចេញពីតំណែង បើមិនដូច្នោះទេ លោកនឹងត្រូវប្រឈមមុខនូវមហាបាតុកម្មកាន់ តែធំ ។ នេះគឺជាសម្ដីរបស់មេដឹកនាំបាតុករម្នាក់គឺលោកស្រី ផាត់សារ៉ាវ៉ាលី ប្រាប់អ្នកគាំទ្រនៅថ្ងៃពុធម្សិលមិញ ។ ក៏ប៉ុន្តែរយៈពេល២ម៉ោងក្រោយមកលោកស្រី និងមេដឹកនាំបាតុករម្នាក់ទៀតត្រូវបានចាប់ខ្លួន ដោយប៉ូលិសបានចោទប្រកាន់ថា ពួកគេទាំងពីរនាក់បំពានបទបញ្ជាដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។ សូមបញ្ជាក់ថា ក្រុមបាតុករដែលភាគច្រើនជាយុវជននៅតែបន្តធ្វើបាតុកម្មទាម ទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងដដែល ព្រមទាំងស្នើឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មសព្វថ្ងៃ សំដៅកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថ្មីព្រះបាទ មហា វិជ្ជរ៉ាឡុងកន ដោយពួកគេយល់ឃើញថា ទ្រង់មានអំណាចជ្រុលហួសហេតុពេក ៕
-
រាជរដ្ឋាភិបាលថៃប្រកាសឈប់ប្រើច្បាប់ប្រកាសអាសន្ន តាមពួកបាតុករហើយ

-
អាមេរិកចោទអ៊ីរ៉ង់និងរុស្ស៊ីថា លួចជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួន

-
ទីបំផុត! សហរដ្ឋអាមេរិកយល់ព្រមលក់អាវុធទំនើបៗក្នុងតម្លៃប្រមាណ១.៨ពាន់លានដុល្លារដល់កោះតៃវ៉ាន់

អាមេរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានយល់ព្រមលក់អាវុធទំនើបៗ ដែលមានតម្លៃប្រមាណ១.៨ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ដែលប្រការនេះ នឹងធ្វើឱ្យចិនខឹងសម្បារ ព្រមទាំងធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃពុធនេះថា ខ្លួនបានផ្តល់ភ្លើងខៀវសម្រាប់ការលក់មីស៊ីលវាយប្រហារចេញពីដីចំនួន១៣៥ដើម ព្រមទាំងគ្រឿងឧបករណ៍ដែលពាក់ព័ន្ធ និង ការបណ្តុះបណ្តាលដល់តៃវ៉ាន់ ដើម្បីបង្កើនសមត្ថភាពការពាររបស់ខ្លួន ។ បើតាមក្រសួងការបរទេសអាមេរិក ការលក់ដែលត្រូវបានស្នើឡើងនេះ បម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈគាំទ្រការខំខិតប្រឹងប្រែងបន្តរបស់អ្នកទទួល ដើម្បីធ្វើឱ្យមានភាពទំនើបដល់កងទ័ពរបស់ខ្លួននិងរក្សាសមត្ថភាពការពារខ្លួនដែលអាចទុកចិត្តបាន ។ ការលក់នេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់អ្នកទទួល និង ជួយរក្សាស្ថិរភាពនយោបាយ និង តុល្យភាពយោធា រួមទាំងការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងតំបន់ ៕
-
មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក CDC បញ្ជាក់ថា មនុស្សជិត៣សែននាក់ស្លាប់នៅឆ្នាំ២០២០នេះ ក្នុងនោះ២ភាគ៣គឺដោយសារ Covid-19

អាមេរិក៖ ការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក CDC បញ្ជាក់ថា មនុស្សជិត៣សែននាក់នៅក្នុងសហរដ្ឋអាមេរិកបានស្លាប់ថែមទៀត ក្នុងរយៈពេលរវាងចុងខែមករា និងដើមខែតុលា ហើយ២ភាគ៣នៃអ្នកស្លាប់ទាំងនោះ គឺដោយសារជម្ងឺ Covid-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក CDC បានរកឃើញថា ចំនួនមនុស្សស្លាប់បន្ថែមផ្សេងពីនោះ គឺមនុស្សជំទង់ដែលមានអាយុចន្លោះពី ២៥ និង ៤៤ ឆ្នាំ បានកើនឡើង២៦.៥ភាគរយក្នុងអំឡុងពេលនោះ ដែលជាការកើនឡើងខ្ពស់បំផុតក្នុងចំណោមក្រុមដែលមានអាយុទាំងនោះ ។ អត្រាអ្នកស្លាប់ក៏មានកម្រិតខ្ពស់ដែរ ក្នុងចំណោមមនុស្សមកពីក្រុមជាតិសាសន៍ផ្សេងៗ គឺជនជាតិ Hispanics បានកើនឡើងចំនួន៥៦ភាគរយ ខណៈដែលជនជាតិស្បែកខ្មៅ កើនឡើងចំនួន៣៣ភាគរយ គឺ១២ភាគរយខ្ពស់ជាងជនជាតិអាមេរិកស្បែកស ។ ជនជាតិ Hispanic និងស្បែកខ្មៅ និងពលរដ្ឋអាមេរិកចាស់ៗបានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែឆ្លងការរាតត្បាតនៃជំងឺ Covid-19 ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤១លាន៤សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៣ម៉ឺននាក់ និងជាសះស្បើយជាង៣០លាន៩០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤១លាន៤៦ម៉ឺន៩ពាន់២៣៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៣ម៉ឺន៦ពាន់២៥៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣០លាន៩០ម៉ឺន៨ពាន់៣៣៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៥៨ម៉ឺន៤ពាន់៨១៩នាក់ ស្លាប់ចំនួន២២ម៉ឺន៧ពាន់៤០៩នាក់ និងជាសះស្បើយចំនួន៥លាន៦០ម៉ឺន២ពាន់១១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៧០ម៉ឺន៥ពាន់១៥៨នាក់ ស្លាប់ចំនួន១១ម៉ឺន៦ពាន់៦៥៣នាក់ និងជាសះស្បើយ៦លាន៨៧ម៉ឺន១ពាន់៨៩៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៣០ម៉ឺន៦៤៩នាក់ ស្លាប់១៥ម៉ឺន៥ពាន់៤៥៩នាក់ និងជាសះស្បើយ៤លាន៧៥ម៉ឺន៦ពាន់៤៨៩នាក់ ៕
-
លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា លោកត្រៀមដកចេញវិញនូវវិធានការណ៍បន្ទាន់ក្នុងទីក្រុងបាងកកភ្លាមៗ ប្រសិនបើមិនមានអំពើហិង្សាកើតឡើងទេនោះ

ថៃ៖ ថ្លែងនៅក្នុងសន្ទរកថាទៅកាន់ប្រជាជាតិ នៅថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ខ្ញុំនឹងចាត់វិធានការណ៍ ដើម្បីបន្ធូបន្ថយស្ថានការណ៍នាពេលបច្ចុប្បន្ន… ឥឡូវនេះ ខ្ញុំកំពុងត្រៀមដកចេញវិញនូវវិធានការណ៍បន្ទាន់ក្នុងទីក្រុងបាងកក ហើយខ្ញុំនឹងចេញបទបញ្ជាភ្លាមៗតែម្តង ប្រសិន បើមិនមានអំពើហឹង្សាកើតឡើងទេនោះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ប្រាយុទ្ធ បានកើតមានឡើងក្រោយរដ្ឋាភិបាលរបស់លោកបានប្រកាសពីវិធានការណ៍បន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងបាងកក ដើម្បីហាមឃាត់ការប្រមូលផ្តុំចាប់ពីមនុស្ស០៥នាក់ ឬច្រើនជាងនេះ ដើម្បីព្យាយាមបញ្ចប់ការតវ៉ា ដែលបានបន្តអូសបន្លាយអស់រយៈពេល០៣ខែមកហើយ ។ ប៉ុន្តែវិធានការណ៍នេះ មិនត្រឹមតែមិនបានបន្ធូបន្ថយស្ថានការណ៍ប៉ុណ្ណោះទេ តែថែមទាំងបានបញ្ឆេះកំហឹងក្រុមបាតុករឲ្យកាន់តែខ្លាំងឡើង ។ សូមរំលឹកឡើងវិញថា បាតុកម្មនៅក្នុងប្រទេសថៃ បានផ្ទុះឡើងចាប់តាំងពីពាក់កណ្តាលខែកក្កដាកន្លងទៅ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថ្មី ព្រះបាទ មហា វិជ្ជរ៉ាឡុងកន ៕