-
ស្ត្រីខ្មែរម្នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទុះអាវុធមួយនៅប្រទេសថៃ

យោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានផ្តល់ដំណឹងថា មានហេតុការណ៍ផ្ទុះអាវុធមួយ បានកើតឡើងថនៅម៉ោង១០យប់ថ្ងៃទី៣សីហាឆ្នាំ២០២០ នៅក្នុងកន្លែងលេងល្បែងស៊ីសងមួយ ស្ថិតនៅទីក្រុងបាងកកប្រទេសថៃ ។ ក្នុងហេតុការណ៍នោះ បណ្តាលឱ្យមានអ្នករងរបួសចំនួន២នាក់ និងស្លាប់ចំនួន៤នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នោះ មានពលរដ្ឋខ្មែរម្នាក់ឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយហេតុការណ៍នោះ ស្ថានទូតកំពុងធ្វើការជាមួយ អាជ្ញាធរថៃ ជាពិសេសជាមួយប៉ូលីសដែលបានបញ្ជាក់ថា គេពុំទាន់អាចផ្ដល់ព័ត៌មានបានទេ រង់ចាំម៉ោង១ រសៀលសិន។ មន្រ្តីស្ថានទូតកំពុងបន្តធ្វើដំណើរទៅកាន់កន្លែងតម្កល់សព ចូលរួមសង្កេតការណ៍ក្នុងការធ្វើកោសល្យវិច័យរកមូលហេតុនៅពីក្រោយការបាញ់សម្លាប់។ ជាមួយគ្នានោះស្ថានទូត បានទំនាក់ទំនងជាមួយសាច់ញាតិនៅខ្មែររួចហើយ និងសាច់ញាតិបានស្នើស្ថានទូតជួយសម្របសម្រួល និងចេញឯកសារនាំសពទៅធ្វើបុណ្យតាមប្រពៃណីនៅខ្មែរ ។
-
លោក ដូណាល់ ត្រាំ ប្រកាសដាក់រដ្ឋ North Carolina ក្នុងភាពអាសន្ន ខណៈ ខ្យល់ព្យុះ អាយសៃអាស់ កាន់តែខិតជិតមកដល់រដ្ឋនេះ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ភាពអាសន្នលើរដ្ឋ North Carolina មុនពេលខ្យល់ព្យុះ អាយសៃអាស់ ធ្វើដំណើរមកដល់ ដើម្បីទុកជំនួយសម្រាប់អាជ្ញាធរសហព័ន្ធ នៅក្នុងការជួយទីក្រុងនានាក្នុងរដ្ឋនេះទប់ទល់នឹងគ្រោះមហន្តរាយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ភ្លៀងធ្លាក់ជោគជាំ និងខ្យល់បក់ខ្លាំងក្លាអាចនឹងកើតឡើង នៅពេលដែលខ្យល់ព្យុះត្រូពិច អាយសៃអាស់ ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាម៉េរិក ដោយរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងក្លានៅយប់ថ្ងៃច័ន្ទនេះ (ម៉ោងក្នុងតំបន់) នៅតំបន់ចន្លោះព្រំប្រទល់រវាងរដ្ឋ North Carolina និងរដ្ឋ South Carolina ។ សូមបញ្ជាក់ថា ខ្យល់ព្យុះត្រូពិច អាយសៃអាស់ មានកម្លាំងខ្យល់ថេរក្នុងកម្រិតអតិបរមា១១០គីឡូម៉ែត្រក្នុងមួយម៉ោង នៅព្រឹកថ្ងៃច័ន្ទម្សិលមិញ (ម៉ោងក្នុងតំបន់) និងត្រូវគេរំពឹងថា នឹងនៅតែជាខ្យល់ព្យុះត្រូពិចដ៏ខ្លាំងក្លាដដែល នៅពេលដែលវាបង្អុរភ្លៀង ៕
-
អគ្គនាយក WHO អះអាងថា បច្ចុប្បន្នអ្វីដែលសំខាន់គឺបណ្ដាប្រទេសនានាលើពិភពលោក គួរតែពង្រឹងរាល់វិធានការសុខាភិបាលចាំបាច់ទាំងអស់

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានអះអាងថា ខណៈវ៉ាក់សាំងមួយចំនួនកំពុងស្ថិតនៅក្នុងតំណាក់កាលទី៣នៃការធ្វើតេស្ដ យើងទាំងអស់គ្នារំពឹងថា នឹងមានវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពដែលបង្ការមនុស្សមិនឱ្យឆ្លង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយចេញពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស អគ្គនាយកអង្គការសុខភាពពិភពលោករូបនេះ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នអ្វីដែលសំខាន់ គឺបណ្ដាប្រទេសនានានៅលើពិភពលោក គួរតែពង្រឹងរាល់វិធានការសុខាភិបាលចាំបាច់ទាំងអស់ ក្នុងនោះរួមមានការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព ការធ្វើតេស្ដ និងការរក្សាអនាម័យជាប្រចាំ ។ សូមបញ្ជាក់ថា ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨លាន៤៤ម៉ឺន៦៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៩ម៉ឺន៧ពាន់១០០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១លាន៦៧ម៉ឺន២ពាន់២៦១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ៕
-
ផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការរឹតត្បិតដើម្បីទប់ស្កាត់ COVID-19 នៅអាល្លឺម៉ង់ ធ្វើឱ្យប៉ូលិស៤៥នាក់របួស ខណៈបាតុករ១៣៣នាក់ត្រូវចាប់ខ្លួន

អាល្លឺម៉ង់៖ ផ្ទុះបាតុកម្មមួយក្នុងទីក្រុងប៊ែរឡាំង ដើម្បីសម្តែងការប្រឆាំងតវ៉ានឹងវិធានការរឹតត្បិតដាក់ចេញដោយរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីទប់ស្កាត់ COVID-19 ដែលបង្កជាការប៉ះទង្គិចគ្នាដោយហិង្សា ហើយជាលទ្ធផលនោះ ប៉ូលិស៤៥នាក់រងរបួស ខណៈបាតុករ១៣៣នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ។ ប៉ូលិសអាល្លឺម៉ង់បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា មនុស្សប្រមាណ២ម៉ឺននាក់បានចូលរួមក្នុងការធ្វើការបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយ នៅឯទីក្រុងប៊ែរឡាំង កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ។ នៅក្នុងបាតុកម្មតវ៉ាដែលក្រុមបាតុករហៅថា «ថ្ងៃនៃសេរីភាព» អ្នកចូលរួមភាគច្រើន មិនបានពាក់ម៉ាស ឬក៏អនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពនោះទេ ហើយបើតាមប៉ូលិសអាល្លឺម៉ង់ បាតុករមួយចំនួនថែមទាំងប្រើប្រាស់ហិង្សាប្រឆាំងនឹងអាជ្ញាធរទៀតផង ៕
-
របាយការណ៍របស់អង្គការសហប្រជាជាតិបញ្ជាក់ថា កូរ៉េខាងជើងទើបផលិតឧបករណ៍ពិសេស ដើម្បីបំពាក់ក្នុងក្បាលគ្រាប់នុយក្លេអ៊ែរ

អន្តរជាតិ៖ ប្រទេសកូរ៉េខាងជើងក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ប្រហែលជាបានអភិវឌ្ឍឧបករណ៍ពិសេសមួយចំនួន សម្រាប់បំពាក់ក្នុងក្បាលគ្រាប់នុយក្លេអ៊ែរ នេះបើតាមសារព័ត៌មានAFPនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។របាយការណ៍របស់ក្រុមជំនាញអន្តរជាតិ ទទួលបន្ទុកអង្កេតការអនុវត្តន៍ទណ្ឌកម្មពីអង្គការសហប្រជាជាតិលើកូរ៉េខាងជើង បានអះអាងថា ប្រទេសមួយចំនួន (មិនបញ្ជាក់ឈ្មោះ) មានភស្តុដែលអាចបញ្ជាក់ថា កូរ៉េខាងជើងទើបតែបានអភិវឌ្ឍន៍ឧបករណ៍តូចមួយចំនួន ដើម្បីបំពាក់ក្នុងក្បាលគ្រាប់នុយក្លេអ៊ែរ (ជាឧបករណ៍ដែលអាចបញ្ជាដល់ការបាញ់ ឬបំផ្ទុះដោយស្វ័យប្រវត្តិ) ។ ជាមួយគ្នានេះ តំណាងកូរ៉េខាងជើងប្រចាំនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងបុរីញូយ៉ក មិនទាន់បញ្ចេញប្រតិកម្ម ចំពោះសេចក្តីរាយការណ៍ខាងលើនេះទេ ប៉ុន្តែឯកសារពាក់ព័ន្ធអំពីការលួចបន្តអភិវឌ្ឍន៍នុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការទទួលបន្ទុកទណ្ឌកម្មកូរ៉េខាងជើង នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួចហើយនៅថ្ងៃចន្ទសប្តាហ៍នេះ ៕
-
មន្រ្តីជាន់ខ្ពស់សេតវិមានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងរៀបចំការបោះឆ្នោតដូចតាមការគ្រោងទុក គឺនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ

សហរដ្ឋអាម៉េរិក៖ នាយអគ្គសេនាធិការសេតវិមាន លោក ម៉ាក មាដូវ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នឹងត្រូវធ្វើឡើងតាមការគ្រោងទុក គឺនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ ខណៈលោក ត្រាំ រំពឹងថា ទទួលជោគជ័យ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ។ ដោយឡែកប្រធានក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ គឺលោក ចេសុន មីល្លឺ ក៏បានអះអាងដែរថា ការបោះឆ្នោតជ្រើសរើសប្រធានា ធិបតីអាម៉េរិក នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០២០ តាមការគ្រោងទុកដដែល ហើយថា លោក ត្រាំ ក៏ចង់ឱ្យការបោះឆ្នោតត្រូវរៀបចំឡើងតាមការគ្រោងទុកនេះផងដែរ ។ សូមបញ្ជាក់ថា បន្ទាប់ពីទទួលរងការរិះគន់ពីសំណាក់បក្សប្រជាធិបតេយ្យ និង បក្សសាធារណៈរដ្ឋខ្លួនឯង លោក ដូណាល់ ត្រាំ បានដកគំនិតចង់ពន្យារពេលបោះឆ្នោតវិញ ។ សម្រាប់កាលបរិច្ឆេទបោះឆ្នោតប្រធានាធិបតីអាម៉េរិក គឺមិនមានសិទ្ធិលើកពេលនោះទេ ដ្បិតរដ្ឋធម្មនុញ្ញសហរដ្ឋអាម៉េរិកបានផ្តល់អំណាចឲ្យសភា ដើម្បីជាអ្នកកំណត់ថ្ងៃបោះឆ្នោត ៕
-
មេដឹកនាំបក្សប្រជាធិបតេយ្យអាម៉េរិកបញ្ជាក់ថា សហរដ្ឋអាម៉េរិកត្រូវការការគ្រប់គ្រង COVID-19 ឱ្យបានប្រសើរសិន នៅមុនពេលបើកសាលារៀនឡើងវិញ

សហរដ្ឋអាម៉េរិក៖ ប្រធានសភាតំណាងរាស្រ្តបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកត្រូវការការធ្វើឱ្យប្រសើរឡើងជាមុន ចំពោះការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅមុនពេលអាចបើកសាលារៀនវិញបានដោយសុវត្ថិភាព នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ០៣ ខែសីហា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោកស្រី ផេឡូស៊ី ធ្វើឡើងក្នុងបទសម្ភាសន៍មួយនៅក្នុងកម្មវិធី “This Week” របស់ស្ថានីយ៍ទូរទស្សន៍ ABC ដោយនាឱកាសនោះ លោស្រីបានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា បាននិយាយកុហកអំពីវីរុសដ៏កាចសាហាវមួយនេះ ។ បន្ថែមលើនេះ លោកស្រីថែមទាំងបានធ្វើការរិះគន់ផងដែរ ចំពោះការដោះស្រាយរបស់លោកប្រធានាធិបតី ត្រាំ ជុំវិញការផ្ទុះឡើងនៃជំងឺ COVID-19 នៅទូទាំងប្រទេស ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ សហរដ្ឋអាម៉េរិកនៅតែទទួលរងគ្រោះធ្ងន់ធ្ងរបំផុតពីវីរុសរាតត្បាតជាសកលមួយនេះ ជាមួយនឹងចំនួនអ្នកឆ្លងសរុបច្រើនជាង៤.៨លានករណី ក្នុងនោះមានអ្នកស្លាប់១៥ម៉ឺន៨ពាន់៣៦៥នាក់ ខណៈអ្នកជាសះស្បើយឡើងវិញ២លាន៣៨ម៉ឺន២១៧នាក់ នេះបើតាមមជ្ឈមណ្ឌលសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺឆ្លងសហរដ្ឋអាម៉េរិក CDC ៕
-
ការស្ទង់មតិថ្មីមួយបង្ហាញថា ២ភាគ៣នៃពលរដ្ឋអាម៉េរិកមិនពេញចិត្ដ ចំពោះដំណោះស្រាយរបស់លោក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងបញ្ហា COVID-19

សហរដ្ឋអាម៉េរិក៖ យោងតាមការស្ទង់មតិថ្មីមួយ ធ្វើឡើងដោយស្ថាប័ន Ipsos ដែលសហការជាមួយសារព័ត៌មាន ABC បានឱ្យដឹងថា ៦៥ភាគរយនៃប្រជាជនអាម៉េរិកបានបង្ហាញការមិនពេញចិត្ត ចំពោះការគ្រប់គ្រងប្រទេសនៃប្រធានាធិបតីរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាជំងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងទៀតថា ការស្ទង់មតិខាងលើនេះ បានរកឃើញថា ពលរដ្ឋអាម៉េរិករហូតដល់២ភាគ៣ក៏មិនពេញចិត្តផងដែរ ចំពោះដំណោះស្រាយរបស់លោក ដូណាល់ ត្រាំ នូវបញ្ហាធំៗចំនួន២ផ្សេងៗទៀត ដែលកំពុងប្រឈមមុខ នោះគឺការតវ៉ានៅទូទាំងប្រទេស និង ទំនាក់ទំនងជាមួយរុស្សី ។ ដោយឡែក ៥៥ភាគរយនៃជនជាតិអាម៉េរិកស្បែកស ៩២ភាគរយនៃជនជាតិអាម៉េរិកស្បែកខ្មៅនិង ៧២ភាគរយនៃជនជាតិអេស្ប៉ាញ បានបង្ហាញពីភាពមិនពេញចិត្ត ចំពោះដំណោះស្រាយរបស់លោក ត្រាំ ចំពោះការតវ៉ានៅទូទាំងប្រទេស ជុំវិញបញ្ហារើស អើងពូជសាសន៍ ។ សូមជម្រាបផងដែរថា ស្របពេលដែលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិកកាន់តែខិតជិតមកដល់នោះ លោក ដូណាល់ ត្រាំ ទទួលបានការគាំទ្រពីអ្នកនៅក្នុងគណបក្ស និងអ្នកគាំទ្រនៅតាមមូលដ្ឋានរបស់លោកប៉ុណ្ណោះ ៕
-
នៅត្រីមាសទី២ ប្រទេសចិន បានសម្រេចកំណើនសេដ្ឋកិច្ចជាវិជ្ជមានគឺចំនួន៣.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩

ចិន៖ បើតាមទិន្នន័យចុងក្រោយដែលប្រកាសដោយអាជ្ញាធរជាតិស្ថិតិចិន តាមការគិតគូរជាជំហានដំបូងនៅឆមាសទី១ឆ្នាំនេះ ប្រទេសចិនបានសម្រេចនូវទំហំផលិតផលសរុបក្នុងប្រទេសចំនួន៤៥លាន៦៦ម៉ឺន១ពាន់៤រយលានយ័ន នេះបើតាមសារព័ត៌មាន CGTN ។ លោក យ៉ាន ឈឹងភឺង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចជាតិចម្រុះ នៃគណៈកម្មាធិការអភិវឌ្ឍន៍ និង កែទម្រង់ជាតិចិន បានបញ្ជាក់ថា ក្នុងត្រីមាសទី២ សេដ្ឋកិច្ចចិនចាប់ផ្តើមងើបឡើងវិញ ហើយមានតម្រូវការកាន់តែច្រើនលើវិស័យឧស្សាហកម្មផលតិកម្ម និង មានកត្តាវិជ្ជមានកាន់តែច្រើនសម្រាប់ជំរុញឱ្យសហគ្រាសដំណើរការអាជីវកម្មឱ្យមានភាពរលូន ។ សេដ្ឋកិច្ចជាតិចិនត្រូវបានស្តារឡើងវិញ និង បង្ហាញនូវនិន្នការកើនឡើង ដែលស្របទៅ នឹងការប៉ាន់ស្មានទុកជាមុន ។ នៅត្រីមាសទី២ ប្រទេសចិន បានសម្រេចកំណើនសេដ្ឋកិច្ចជាវិជ្ជមានគឺចំនួន៣.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ ចំណែកនៅត្រីមាសទី១ សេដ្ឋកិច្ចចិនបានធ្លាក់ចុះ៦.៨% តែនៅត្រីមាសទី២ បែរជាបង្ហាញនូវនិន្នាការកំណើនឡើងវិញ ។ នៅត្រីមាសទី២ ប្រទេសចិន ក៏បានបន្តជំរុញការធ្វើកំណែទម្រង់ និងពង្រីកការបើកចំហឱ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់កាលានុវត្តភាពថ្មីដល់ក្រុមហ៊ុនបរទេស ក្នុងការធ្វើអាជីវកម្មនៅប្រទេសចិនផងដែរ ៕
-
កូរ៉េខាងជើងរាយការណ៍ពីកំណើនសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល០៣ឆ្នាំ បើទោះជាទទួលរងសម្ពាធទណ្ឌកម្មពីសហគមន៍អន្តរជាតិ

កូរ៉េខាងជើង៖ ធនាគារកណ្តាលកូរ៉េខាងត្បូង BOK បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងជើងបានកើនឡើង០.៤%កាលពីឆ្នាំ២០១៩ ក្រោយធ្លាក់ចុះ៤.១%កាលពីឆ្នាំ២០១៨ នេះបើតាមសារព័ត៌មានយ៉ុនហាប់ ។ ធនាគារកណ្តាលកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា វិស័យសំណង់ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការកើនឡើងបន្តិចបន្តួច ចំណែកឯវិស័យរ៉ែ និងផលិតកម្មវិញ មានការធ្លាក់ចុះយ៉ាងខ្លាំង ។ បើតាមការសនិ្នដ្ឋានរបស់អង្គការសហប្រជាជាតិ UN កូរ៉េខាងជើង ស្ថិតនៅក្នុងចំណោមប្រទេសក្រីក្រខ្លាំងបំផុត ហើយប្រជាជនប្រមាណ៤០% នៃប្រជាជនសរុបទាំងជាង២៥លាននាក់ត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ ។ នៅក្រោមទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC កូរ៉េខាងជើងត្រូវបានហាមឃាត់មិនឲ្យនាំចេញរ៉ែធ្យូងថ្ម ដែក និងវាយនភ័ណ្ឌចាប់តាំងពីឆ្នាំ២០១៧មក ដែលបានធ្វើឲ្យវិស័យនេះបាត់បង់ចំណូលយ៉ាងច្រើន ។ យ៉ាងណាមិញ ការនាំចេញសរុប កើនឡើងវិញ១៤.៤% ស្មើនឹងទំហំទឹកប្រាក់សរុប២៨០លានដុល្លារកាលពីឆ្នាំ២០១៩ ៕