-
លោក ដូណាល់ ត្រាំ ទុករយៈពេល៤៥ថ្ងៃដល់ម្ចាស់កម្មវិធី TikTok សម្រេចចិត្តលក់វាឱ្យមកក្រុមហ៊ុន Microsoft វិញ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានយល់ព្រមផ្តល់ពេលឱ្យក្រុមហ៊ុន ByteDance របស់ចិនរយៈពេល៤៥ថ្ងៃ ដើម្បីចរចាលក់កម្មវិធីវីដេអូខ្លី TikTok ដល់ក្រុមហ៊ុន Microsoft Corp នេះបើតាមប្រភពចំនួនពីរដែលដឹង បញ្ហានេះ ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ ការចរចារវាងក្រុមហ៊ុន ByteDance និងក្រុមហ៊ុន Microsoft នឹងត្រូវត្រួតពិនិត្យដោយគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាម៉េរិក ដែលជាក្រុមប្រឹក្សារដ្ឋរបស់សហរដ្ឋអាម៉េរិកមានសិទ្ធិរារាំងកិច្ចព្រមព្រៀងណាមួយ ។ ក្រុមហ៊ុន Microsoft បានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា ខ្លួននៅតែបន្តការចរចា សុំទិញកម្មវិធី TikTok ពីក្រុមហ៊ុនចិន ByteDance បើទោះបីជានៅពេលនេះ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងចុះហត្ថលេខាហាមឃាត់កម្មវិធី TikTok ក្នុងពេលឆាប់ៗខាងមុខនេះក្ដី ។ យ៉ាងណាមិញ គេមិនទាន់បានដឹងថា ក្រុមហ៊ុន Microsoft ហ៊ានចំណាយលុយប៉ុន្មាន ដើម្បីទិញកម្មវិធីខ្លី TikTok នោះទេ គ្រាន់តែដឹងថា Microsoft ជាអ្នកដែលចង់បាន TikTok…
-
ទីបំផុតអ្នកអវកាសរបស់អង្គការ NASA វិលត្រឡប់មកផែនដីវិញតាមយានរបស់ក្រុមហ៊ុន SpaceX ដោយជោគជ័យ

អន្តរជាតិ៖ អវកាសយានិកអាម៉េរិក លោក រ៉ូប៊ឺត បេនខេន និងលោក ឌូកក្លាស់ ហឺលី ដែលបានហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិក្នុងយានថ្មី Crew Dragon របស់ក្រុមហ៊ុន SpaceX បានចុះមកផែនដីវិញតាមយានដដែលនេះនៅឈូងសមុទ្រម៉ិកស៊ិកកាលពីថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដោយជោគជ័យ នេះបើតាមគេហទំព័រអង្គការ NASA នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ។ អ្នកគ្រប់គ្រងទីភ្នាក់ងារអវកាស NASA លោក ជីម ប្រ៊ីដិនស្ទីន បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតថា នេះជាថ្ងៃដ៏អស្ចារ្យសម្រាប់ NASA និងជាថ្ងៃដ៏អស្ចារ្យសម្រាប់សហរដ្ឋអាម៉េរិក… ថ្ងៃនេះយើងពិតជាបានបង្កើតប្រវត្តិសាស្ត្រ ។ សូមបញ្ជាក់ថា អវកាសយានិកអាម៉េរិកទាំងពីរ ដែលស្ថិតនៅទីអវកាសសរុប៦៤ថ្ងៃបានចាកចេញពីស្ថានីយអវកាសអន្តរជាតិកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយបានវិលមកដល់ស្រុកកំណើតវិញនៅលើផ្ទៃទឹកសមុទ្រនៅឆ្នេរ ផេនសាកូឡា រដ្ឋផ្លរីដា នៅម៉ោង២៖៤៨នាទីរសៀលថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) បន្ទាប់ពីការធ្វើដំណើរ២១ម៉ោងនៅលើយាន Crew Dragon ៕
-
អគ្គនាយក WHO ព្រមានថា យុវជនក្មេងៗអាចឆ្លង COVID-19 ខ្លាំងបំផុត អំឡុងរដូវក្តៅនៅអឌ្ឍគោលខាងជើង

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានព្រមានថា ការផ្ទុះឡើងវិញនូវជំងឺ COVID-19 នៅក្នុងប្រទេសជាច្រើន មួយផ្នែកបណ្តាលមកការមិនប្រុងប្រយ័ត្នរបស់ក្រុមយុវជនក្មេងៗ ក្នុងអំឡុងរដូវក្តៅនៅអឌ្ឍគោលខាងជើង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ។ បើតាមអគ្គនាយក WHO រូបនេះ យុវជនក្មេងៗភាគច្រើនមិនពាក់ម៉ាស់ និង កំពុងមិនអើពើពីអនុសាសន៍ឲ្យឃ្លាតនៅឆ្ងាយពីគ្នានៅតាមរង្គសាល ក្លឹបរាត្រី និង ឆ្នេរសមុទ្រដែលបានបើកឡើងវិញ ចាប់តាំងពីអាជ្ញាធរបានលុបចោលការរឹតត្បិត ដើម្បីទប់ស្កាត់ COVID-19 មក ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក WHO លោកស្រី ម៉ារៀ វ៉ាន់ ឃើខូវ ដែលបានហៅក្លឹបរាត្រីថា ជាកន្លែងធ្វើឲ្យមានការឆ្លងខ្លាំងបំផុតនោះ បានបញ្ជាក់ថា ភាគច្រើននៃយុវជនក្មេងៗបានឆ្លងជំងឺនោះស្រាល ក៏ប៉ុន្តែការឆ្លងនោះ មិនដូចគ្នាទាំងអស់ទេ ។ លោកស្រីវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ក្រុមយុវជនក្មេងៗដែលបានបង្ហាញរោគសញ្ញាស្រាល ឬមិនមានរោគសញ្ញា អាចចម្លងវីរុសដល់មនុស្សចាស់ៗដែលងាយទទួលរងគ្រោះ ៕ …
-
អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិករំពឹងថា វ៉ាក់សាំង COVID-19 ដែលមានប្រសិទ្ធភាព និង សុវត្ថិភាព នឹងផលិតរួចរាល់នៅចុងរដូវស្លឹកឈើជ្រុះ ឬដើមរដូវរងា

សហរដ្ឋអាម៉េរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាម៉េរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី នៅថ្ងៃសុក្រនេះបាននិយាយថា រូបលោកមានសុទិដ្ឋិនិយមថា សហរដ្ឋអាម៉េរិកនឹងមានវ៉ាក់សាំង COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពនៅចុងរដូវស្លឹកឈើជ្រុះ ឬដើមរដូវរងា នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់លោក ហ្វូស៊ី ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាម៉េរិក ម៉ូឌែណា បានឱ្យដឹងទៀតថា វ៉ាក់សាំងប្រភេទ MRNA-1273 ដែលធ្វើតេស្ដលើសត្វស្វា បានបង្ហាញពីលទ្ធផលដ៏ប្រសើរ ដោយវាអាចជាជំរុញសកម្ម ភាពប្រព័ន្ធភាពសុំា ប្រឆាំងនឹងការឆ្លងជំងឺទៅសួតតាមរយៈច្រមុះ ហើយក៏អាចបង្ការការរលាកសួតផងដែរ ។ ខណៈការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើសត្វមានលទ្ធផលល្អប្រសើរនោះ ក្រុមហ៊ុន ម៉ូឌែណា បានចាប់ផ្ដើមលើធ្វើតេស្ដលើមនុស្ស ដែលចូលដល់តំណាក់កាលចុងក្រោយដ៏សំខាន់មួយផងដែរ ។ វ៉ាក់សាំង RNA របស់ក្រុមហ៊ុន ម៉ូឌែណា នឹងត្រូវធ្វើតេស្ដលើអ្នកស្ម័គ្រចិត្ត៣ម៉ឺននាក់ ហើយក្រុមហ៊ុននេះក៏រំពឹងដែរថា វ៉ាក់សាំង COVID-19 អាចនឹងរួចរាល់នៅចុងឆ្នាំ២០២០នេះ ៕
-
មេដឹកនាំកំពូលអ៊ីរ៉ង់ថ្កោលទោសចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក និងចាត់ទុកថា ជា “បទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរមួយ”

អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកមកប្រទេសរបស់លោកហើយថែមទាំងបានចាត់ទុកវាថា ជាបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរមួយ នេះបើតាមសារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះបានថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ថា ក្នុងចក្ខុវិស័យរយៈពេលខ្លី ការខិតខំប្រឹងប្រែងដាក់សម្ពាធរបស់ពួកគេ (សហរដ្ឋអាម៉េរិក) គឺមានគោលដៅបំផ្លាញ និង បង្កការរំខានដល់ប្រជាជាតិអ៊ីរ៉ង់ ។ លោកបន្ថែមថា អាម៉េរិកកំពុងបន្តព្យាយាមដាក់សម្ពាធអ៊ីរ៉ង ឲ្យបោះបង់ចោលឧស្សាហកម្មនុយក្លេអ៊ែររបស់ខ្លួន និងឲ្យកាត់បន្ថយសមត្ថភាពការពារជាតិរបស់ខ្លួន ព្រមទាំងឲ្យបោះបង់នូវឥទ្ធិពលនៅក្នុងតំបន់របស់ខ្លួន ។ ស្របពេលជាមួយគ្នានោះដែរ លោក ខាមេនី បានសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់នឹងទប់ទល់រាល់សម្ពាធពីសំណាក់សហរដ្ឋអាម៉េរិក ព្រោះអត្ថប្រយោជន៍មួយនៃការដាក់ទណ្ឌកម្មរបស់អាម៉េរិកចំពោះអ៊ីរ៉ង់ គឺជាការធ្លាក់ចុះនៃការពឹងផ្អែករបស់យើងលើការលក់ប្រេងឆៅ និងឆ្ពោះទៅរកសេដ្ឋកិច្ចមិនមែនប្រេង ៕
-
កូរ៉េខាងត្បូងទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបយោធាដំបូងចូលគន្លងគោចរជុំវិញផែនដី

កូរ៉េខាងត្បូង៖ រដ្ឋបាលទទួលបន្ទុកកម្មវិធីការពារជាតិរបស់កូរ៉េខាងត្បូង DAPA បានប្រកាសថា ផ្កាយរណបអាណាស៊ីស ២ (Anasis-II) បានទៅដល់គន្លងរបស់វា ដោយជោគជ័យនៅក្នុងរយៈចម្ងាយប្រហែល៣ម៉ឺន៦ពាន់គីឡូម៉ែត្រពីភពផែនដី កាលពីវេលាម៉ោង៧៖១១នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។ កូរ៉េខាងត្បូងបានក្លាយជាប្រទេសទី១០នៅលើពិភពលោក ដែលមានផ្កាយរណបទំនាក់ទំនងយោធាដ៏ទំនើបនេះ ដែលអាចបង្កើនសមត្ថភាពទំនាក់ទំនងយោធា និង ដើម្បីទប់ទល់ពីការរំខានណាមួយ ដែលជាកត្តាដ៏សំខាន់ ក្នុងការគ្រប់គ្រងយុទ្ធសាស្រ្តសង្គ្រាមផងដែរ ។ ប្រភពបានឱ្យដឹងថា ផ្កាយរណបអាណាស៊ីស ២ ខាងលើនេះត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែតប្រភេទ Falcon 9 ដែលអភិវឌ្ឍដោយក្រុមហ៊ុន SpaceX ចេញពីមូលដ្ឋាន ខិនណឺឌី ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ ។ បើតាមការគ្រោងទុកនោះ នៅខែតុលាខាងមុខ យោធាកូរ៉េខាងត្បូងនឹងកាន់កាប់ប្រព័ន្ធនេះទាំងស្រុង បន្ទាប់ពីធ្វើការសាកល្បងរួចរាល់ ៕
-
នៅខែឧសភាឆ្នាំនេះ ចិនទិញផលិតផលកសិកម្មពីអាម៉េរិកត្រឹមតែ៦ពាន់លានដុល្លារ ឬស្មើនឹង៩.១ភាគរយ ខណៈចំនួននេះមិនអាចគ្រប់ចំនួនទៅតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ទេ

ចិន៖ ការសន្យារបស់ប្រទេសចិន អស់រយៈពេល០៧ខែមកនេះ ក្នុងការនាំចូលផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកតម្លៃ៣៦.៥ពាន់លានដុល្លារ ទំនងជាមិនអាចបំពេញបាន តាមគោលដៅគ្រោងទុកបានឡើយនៅឆ្នាំ២០២០ នេះបើតាមសារព័ត៌មាន CNA ។ សរុបទិន្នន័យកាលពីខែឧសភាកន្លងទៅ ចិនបានទិញផលិតផលកសិកម្មពីសហរដ្ឋអាម៉េរិកត្រឹមតែ៦ពាន់លានដុល្លារ ឬស្មើនឹង៩.១ភាគរយតែប៉ុណ្ណោះ គិតត្រឹមរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ និង ៣១ភាគរយទាបជាងកម្រិតកាលពីឆ្នាំ២០១៧ ។ បើតាមក្រុមអ្នកជំនាញនោះ ចិនមិនចង់រំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១នោះឡើយ ដ្បិតចិនខ្លាចអាម៉េរិកប្រើប្រាស់លេសនេះ ដើម្បីរិះគន់ ឬដាក់ទណ្ឌកម្មថ្មីទៀត ។ សូមរំលឹកផងដែរថា សហរដ្ឋអាម៉េរិក និង ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ កាលពីខែមករាកន្លងទៅ ដោយខាងភាគីចិនក៏បានសន្យាបង្កើនការទិញផលិតផលកសិកម្មពីសហរដ្ឋអាម៉េរិកផងដែរ ។ តួយ៉ាង ក្នុងមួយខែៗចិនត្រូវការសណ្ដែកសៀងពី៧ទៅ៨លានតោន ដើម្បីបំពេញតម្រូវការទីផ្សារដ៏ធំរបស់ប្រទេសខ្លួន ៕
-
មេដឹកនាំបក្សសាធារណៈរដ្ឋបដិសេដសំណើររបស់លោក ដូណាល់ ត្រាំ ដែលចង់ឲ្យពន្យារពេលបោះឆ្នោតរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ មេដឹកនាំជាន់ខ្ពស់បក្សសាធារណៈរដ្ឋបានប្រកាសច្រានចោលការលើកឡើងរបស់លោក ដូណាល់ ត្រាំ នូវលទ្ធភាពនៃការពន្យារពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលបើតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក គឺត្រូវតែប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។ នៅសល់មិនដល់១០០ថ្ងៃទៀតឡើយ គឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នឹងត្រូវប្រព្រឹត្តិទៅ ហើយពាក់ព័ន្ធនឹងកាលបរិច្ឆេទបោះឆ្នោតនេះដែរ គឺមិនមានសិទ្ធិលើកពេលនោះទេ ខណៈរដ្ឋធម្មនុញ្ញអាមេរិកបានផ្តល់អំណាចឲ្យ សភាដើម្បីជាអ្នកកំណត់ថ្ងៃបោះឆ្នោត ។ យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើ Twitter ដោយអះអាងសាជាថ្មីម្តងទៀតថា ការអនុញ្ញាតឲ្យបោះឆ្នោតពីចម្ងាយតាមប្រៃសណីយ៍ (Mail-In Vote) នឹងមានភាពក្លែងបន្លំ និងមិនច្បាស់លាស់ត្រឹមត្រូវនោះឡើយ ។ វានឹងក្លាយជាភាពដ៏ម៉ាស់បំផុតមួយសម្រាប់សហរដ្ឋអាម៉េរិក… ដូច្នេះហើយ គួរពន្យារពេលថ្ងៃបោះឆ្នោត រហូតទាល់តែប្រជាជនអាម៉េរិកអាចធ្វើការបោះឆ្នោត ដោយត្រឹមត្រូវ ដោយសុវត្ថិភាព និងមានសន្តិសុខត្រឹមត្រូវយ៉ាងម៉េចដែរ? ៕
-
នៅត្រីមាសទី២ឆ្នាំ២០២០នេះ សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកធ្លាក់ចុះខ្លាំងបំផុត ដោយសារតែវិបត្តិ COVID-19

សហរដ្ឋអាម៉េរិក៖ ក្នុងត្រីមាសទី២ នៃឆ្នាំនេះ សហរដ្ឋអាម៉េរិកបានទទួលរងនូវការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធំបំផុត របស់ខ្លួនចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមកត់ត្រាសន្ទស្សន៍ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដែលធ្វើឱ្យអាជីវកម្មជាច្រើនបិទទ្វារ និង ធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងាររបស់ពួកគេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកបានធ្លាក់ចុះផលិតផលក្នុងស្រុកសរុប GDP ចំនួន៣២.៩ភាគរយ ទោះបីល្អជាងការរំពឹងទុក ដែលនេះជាបទពិសោធន៍ដ៏អាក្រក់បំផុតរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ ចាប់តាំងពីឆ្នាំ១៩៤៧ និងបានបង្ហាញពីភាពធ្ងន់ធ្ងរនៃវិបត្តិដែលកំពុងកើតឡើងយ៉ាងឆាប់រហ័សនេះ ដែលបានបំផ្លាញការងាររាប់សិបលានរួចទៅហើយ ។ ទិន្នន័យរបស់ក្រសួងការងារចុងក្រោយបង្អស់នេះ បានបង្ហាញពីការកើនឡើងដំបូងៗប្រចាំសប្តាហ៍ជាប់ៗគ្នា នូវការទាមទារអត្ថប្រយោជន៍គ្រាគ្មានការងារធ្វើ បន្ទាប់ពីមានការធ្លាក់ចុះការទាមទារជាច្រើនសប្តាហ៍ ដោយជំរុញឱ្យមានការអំពាវនាវជាថ្មីដល់សភា ដើម្បីអនុម័តការចំណាយបន្ទាន់ថ្មីជុំបន្ទាប់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ៕
-
ជប៉ុននឹងអនុញ្ញាតឲ្យជនបរទេសមានលិខិតបញ្ជាក់ការស្នាក់នៅចូលប្រទេសខ្លួនវិញចាប់ពីសប្តាហ៍ក្រោយនេះ

ជប៉ុន៖ ចាប់ពីសប្តាហ៍ក្រោយទៅ រដ្ឋាភិបាលជប៉ុននឹងអនុញ្ញាតឲ្យជនបរទេសដែលមានលិខិតបញ្ជាក់ការស្នាក់នៅ ចូលមកប្រទេសរបស់ខ្លួនវិញ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសជប៉ុន ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសជប៉ុន អ្នកដែលបានចាកចេញពីជប៉ុន មុនពេលប្រទេសទិសដៅពួកគេត្រូវបានដាក់ចូលទៅក្នុងបញ្ជីបម្រាមនោះ នឹងមានសិទ្ធិដាក់ពាក្យសុំត្រលប់មកវិញបាន ។ ការអនុវត្តវិធានការនេះ នឹងរាប់ចាប់ពីថ្ងៃទី០៥ ខែសីហាតទៅ ។ សម្រាប់អ្នកដែលមានសិទ្ធិនោះ ស្ថានបេសក កម្មការទូតជប៉ុន នឹងចេញលិខិតបញ្ជាក់ឲ្យ ហើយពួកគេនឹងបង្ហាញឲ្យផ្ញើភស្តុតាងថា គ្មានជំងឺ COVID-19 ក្នុងពេល៧២ម៉ោងមុនការហោះហើរ ។ សូមបញ្ជាក់ថា ជប៉ុនបានដាក់បម្រាមលើការអ្នកដំណើរពីតំបន់ និងប្រទេសជាង១៤០ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងតូក្យូបានបញ្ជាក់ថា ខ្លួននឹងបន្ធូរបន្ថយវិធានការនេះជាបន្តបន្ទាប់វិញ ។ តួយ៉ាង កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្សូ អាបេ បាននិយាយថា ជប៉ុននឹងបើកកិច្ចពិភាក្សាជាមួយប្រទេសសេដ្ឋកិច្ចអាស៊ីទាំង១២ រួមមាន៖ ចិន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និង កម្ពុជាជាដើម ដើម្បីបើកការធ្វើដំណើរទៅមកឡើងវិញ ៕ …