Category: ព័ត៌មានអន្តរជាតិ

  • បុគ្គលិកសុខាភិបាលប្រេស៊ីលអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ស៊ើបអង្កេតរដ្ឋាភិបាលខ្លួនពីបទឧក្រិដ្ឋធ្វេសប្រហែសក្នុងវិបត្តិ COVID-19

    បុគ្គលិកសុខាភិបាលប្រេស៊ីលអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ស៊ើបអង្កេតរដ្ឋាភិបាលខ្លួនពីបទឧក្រិដ្ឋធ្វេសប្រហែសក្នុងវិបត្តិ COVID-19

    ប្រេស៊ីល៖ បុគ្គលិកបម្រើការខាងផ្នែកសុខាភិបាលប្រេស៊ីលបានអំពាវនាវឲ្យតុលា ការឧក្រិដ្ឋកម្មអន្តរជាតិ ICC ធ្វើការស៊ើបអង្កេតរដ្ឋាភិបាលរបស់លោកប្រធានា ធិបតី ហ្ស៊ែរ បូលសូណារ៉ូ អំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ចំពោះរបៀបដែលរដ្ឋាភិបាលលោកបានចាត់ចែងក្នុងវិបត្តិ COVID-19 ។ ក្រុមសហជីពបានចោទរដ្ឋាភិបាលលោក ហ្ស៊ែរ បូលសូណារ៉ូ ថា ការធ្វេសប្រហែសដែលនាំឲ្យមានទោសព្រហ្មទណ្ឌ នៅក្នុងរបៀបដែលខ្លួនបានចាត់ចែងការផ្ទុះរាតត្បាតជំងឺ COVID-19 ដោយបានបង្កគ្រោះថ្នាក់ដល់បុគ្គលិកសុខាភិបាល និងសាធារណៈជន ។ កន្លងមកលោក ហ្ស៊ែរ បូលសូណារ៉ូ បានខ្វែងគំនិតខ្លាំងជាមួយអភិបាលរដ្ឋនានា ដោយលោកបានប្រឆាំងនឹងវិធានការបិទសកម្មភាពសង្គម និង សេដ្ឋកិច្ចដើម្បីទប់ស្កាត់ការឆ្លង ដោយលោកថា ការរឹតត្បិតនេះធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច ។ សូមជម្រាបថា ពាក្យបណ្តឹងមួយដែលមានភ្ជាប់នឹងឯកសារភស្តុតាងពីសហជីពនានា ដែលសរុបតំណាងឲ្យអ្នកបម្រើការក្នុងវិស័យសុខាភិបាលប្រេស៊ីលចំនួនជាង១លាននាក់ ត្រូវបានដាក់ទៅកាន់តុលាការអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់មួយនេះ ៕

  • កូរ៉េខាងជើងប្រកាសដាក់ចេញវិធានការដ៏តឹងរ៉ឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល COVID-19

    កូរ៉េខាងជើងប្រកាសដាក់ចេញវិធានការដ៏តឹងរ៉ឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល COVID-19

    កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានប្រកាសដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល COVID-19 ក្រោយរកឃើញករណីសង្ស័យដំបូងបំផុតរបស់ខ្លួន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។ ទាក់ទិននឹងករណីសង្ស័យខាងលើនេះ ត្រូវបានអ្នកអង្កេតការណ៍បង្ហាញក្តីបារម្ភកាន់តែខ្លាំងឡើងជុំវិញស្ថានការណ៍ COVID-19 នៅកូរ៉េខាងជើង ដ្បិតប្រព័ន្ធថែទាំសុខភាពរបស់រដ្ឋកុម្មុយនីស្តដ៏ឯកោមួយនេះ គឺមានភាពទន់ខ្សោយបំផុត ខ្វះទាំងអគ្គិសនីប្រើប្រាស់ ខ្វះមន្ទីពេទ្យ ខ្វះថ្នាំសង្កូវ និងផ្សេងៗទៅទៀត ។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ កូរ៉េខាងជើងបានធ្វើតេស្តរកវីរុស COVID-19 លើមនុស្សចំនួន១ពាន់២១១នាក់ ហើយជាលទ្ធផលនោះ គឺអវិជ្ជមានទាំងអស់ ៕

  • ចិនប្រកាសព្យួរសន្ធិសញ្ញាធ្វើបត្យាប័នរបស់ទីក្រុងហុងកុងជាមួយអូស្រ្តាលី អង់គ្លេស និងកាណាដា

    ចិនប្រកាសព្យួរសន្ធិសញ្ញាធ្វើបត្យាប័នរបស់ទីក្រុងហុងកុងជាមួយអូស្រ្តាលី អង់គ្លេស និងកាណាដា

    ចិន៖ រដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះបានប្រកាសព្យួរសន្ធិសញ្ញាធ្វើបត្យាប័នរបស់ទីក្រុងហុងកុង ជាមួយកាណាដា អូស្រ្តាលី និងអង់គ្លេស ក្រោយប្រទេសទាំង៣ បានធ្វើការសម្រេចចិត្តបែបនេះមុន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បានលើកឡើងថា វាជារឿងខុសឆ្គង… ហើយរំលោភបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានទូទៅនៃទំនាក់ទំនងអន្តរជាតិ ។ ដោយឡែកនូវែលសេឡង់នៅថ្ងៃអង្គារនេះក៏បានប្រកាសព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយទីក្រុងហុងកុងផងដែរ ខណៈរដ្ឋាភិបាលចិនបានសម្តែងការជំទាស់ និងអំពាវនាវឲ្យប្រទេសនេះ កែតម្រូវការសម្រេចចិត្តមិនត្រឹមត្រូវរបស់ខ្លួនជាបន្ទាន់ ហើយថា ទីក្រុងប៉េកាំងមានសិទ្ធិគ្រប់គ្រាន់ ដើម្បីធ្វើការឆ្លើយតបដោយសមស្របទៅវិញ ៕

  • អគ្គនាយក WHO ជំរុញឱ្យប្រទេសនានាត្រូវតែបង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19

    អគ្គនាយក WHO ជំរុញឱ្យប្រទេសនានាត្រូវតែបង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19

    សហរដ្ឋអាម៉េរិក៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទនេះបានបញ្ជាក់ថា បំរាមលើការធ្វើដំណើរអន្តរជាតិមិនអាចជាវិធានការតែមួយមុខនោះទេ ហើយប្រទេសនានាត្រូវតែចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយការរីករាលដាលនៃជម្ងឺ COVID-19 នៅតាមព្រំដែនរបស់ពួកគេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០ ។ ថ្លែងក្នុងសន្និសិទកាសែតខ្លីមួយតាមប្រព័ន្ធអនឡាញ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានបញ្ជាក់ថា មានតែការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការណ៍សុខភាព រាប់ចាប់ពីការពាក់ម៉ាស រហូតដល់ការជៀសវាងពីហ្វូងមនុស្សទេ ទើបពិភពលោកអាចគ្រប់គ្រង COVID-19 បាន ។ បន្ថែមលើនេះ លោក ថេដ្រូស បានសង្កត់ធ្ងន់ថា កន្លែងណាដែលវិធានការរឹតបន្តឹងត្រូវបានអនុវត្ត ទីនោះករណីឆ្លងនឹងធ្លាក់… កន្លែងណាដែលមិនអនុវត្ត ទីនោះនឹងមានករណីឆ្លងកើនឡើង ។ នាឱកាសនោះដែរ អគ្គនាយក WHO រូបនេះ ក៏បានលើកសរសើរផងដែរ ពីប្រទេសកាណាដា ចិន អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ដោយប្រទេសទាំងនេះបានចាត់វិធានការគ្រប់គ្រង ក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 បានយ៉ាងល្អ ៕ …

  • ការស្ទង់មតិថ្មីមួយបង្ហាញថា វិធានការរបស់លោក ដូណាល់ ត្រាំ ចំពោះការគ្រប់គ្រងជំងឺ COVID-19 ធ្លាក់ចុះដល់កំរិតថ្មី

    ការស្ទង់មតិថ្មីមួយបង្ហាញថា វិធានការរបស់លោក ដូណាល់ ត្រាំ ចំពោះការគ្រប់គ្រងជំងឺ COVID-19 ធ្លាក់ចុះដល់កំរិតថ្មី

    សហរដ្ឋអាម៉េរិក៖ ការចាត់វិធានការរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចំពោះជំងឺឆ្លងរាតត្បាត COVID-19 បានធ្វើឱ្យសាធារណៈជនអាម៉េរិកខកចិត្តថែមទៀត ដោយកត់ត្រានូវកម្រិតទាបថ្មីមួយនៅក្នុងការស្ទង់មតិថ្មីៗនេះ ដែលភាគច្រើននៃការស្ទង់មតិនោះជឿជាក់ថា ប្រទេសមហាអំណាចពិភពលោកមួយនេះកំពុងឈានទៅរកទិសដៅខុស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។ ការវាយតម្លៃលើការអនុម័តថ្មីរបស់លោក ដូណាល់ ត្រាំ សម្រាប់ការគ្រប់គ្រងរបស់លោកទៅលើជំងឺ COVID-19 បានធ្លាក់ចុះដល់៣២ភាគរយ ដែលនេះជាកម្រិតទាបបំផុត នេះបើតាមការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌ មាន AP និង មជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការសាធារណៈរបស់ NORC នៅឯសាក លវិទ្យាល័យឈីកាហ្គោ ។ ការស្ទង់មតិដដែលនេះបានឱ្យដឹងទៀតថា ៨០ភាគរយយល់ឃើញថា សហរដ្ឋអាម៉េរិកកំពុងឈានទៅរកទិសដៅខុស ដែលនេះជាតួលេខខ្ពស់បំផុតចាប់តាំងពីលោក ដូណាល់ ត្រាំ កាន់មុខតំណែងជាប្រធានាធិបតីអាម៉េរិក ។ ដោយឡែកការស្ទង់មតិពាក់ព័ន្ធនឹងសេដ្ឋកិច្ចវិញ គឺ៣៨ភាគរយយល់ឃើញថា សេដ្ឋកិច្ចជាតិកំពុងស្ថិតក្នុងសភាពល្អប្រសើរ បើធៀបនឹង៦៧ភាគរយកាលពីខែមករាកន្លងមក ៕

  • អ្នកជំនាញអាម៉េរិកបញ្ជាក់ថា ក្រុមហ៊ុន ម៉ូឌែណា អាចនឹងមានវ៉ាក់សាំងរាប់រយលានកញ្ចប់ បើសិនវ៉ាក់សាំងត្រូវបានទទួលស្គាល់ថា មានសុវត្ថិភាព

    អ្នកជំនាញអាម៉េរិកបញ្ជាក់ថា ក្រុមហ៊ុន ម៉ូឌែណា អាចនឹងមានវ៉ាក់សាំងរាប់រយលានកញ្ចប់ បើសិនវ៉ាក់សាំងត្រូវបានទទួលស្គាល់ថា មានសុវត្ថិភាព

    សហរដ្ឋអាម៉េរិក៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ម៉ូឌែណា (Moderna) អាចនឹងត្រូវផលិតរួចរាល់ ហើយដាក់ឱ្យប្រើប្រាស់ជាសកលនៅចុងឆ្នាំ២០២០ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រី និង ក្រុមហ៊ុនអាម៉េរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។ នាយកវិទ្យាសា្ថនជាតិសុខាភិបាលអាម៉េរិកលោក ហ្វ្រាន់ស៊ីស ខូលលីន បាននិយាយថា មានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព នៅចុងឆ្នាំ២០២០នេះ គឺជាគោលដៅដ៏វែងឆ្ងាយ ប៉ុន្តែពិតណាស់ វាជាគោលដៅដ៏ត្រឹមត្រូវ និងជាក់លាក់សម្រាប់ប្រជាជនអាម៉េរិក ។ លោក ខូលលីន បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាម៉េរិកមួយនេះ អាចនឹងមានវ៉ាក់សាំងរាប់រយលានកញ្ចប់ ប្រសិនបើវ៉ាក់សាំងត្រូវបានទទួលស្គាល់ថា មានសុវត្ថិភាព និងប្រសិទ្ធភាព ។ សូមបញ្ជាក់ថា ការកត់សម្គាល់ខាងលើនេះរបស់លោក ខូលលីន ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា បានប្រកាសពីការចាប់ផ្ដើមការវាយតម្លៃ ចំពោះការធ្វើតេស្ដវ៉ាក់សាំងលើមនុស្ស៣ម៉ឺននាក់ថាតើវាមានសុវត្ថិភាព និងប្រសិទ្ធភាពដែរឬក៏យ៉ាងណា មុននឹងទទួលបានការអនុម័តជាផ្លូវការ ៕

  • លោក គីម ជុងអ៊ុន អះអាងថា កូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារខ្លួននៅចំពោះមុខការគំរាមកំហែងផ្នែកយោធាពីសំណាក់សត្រូវ

    លោក គីម ជុងអ៊ុន អះអាងថា កូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារខ្លួននៅចំពោះមុខការគំរាមកំហែងផ្នែកយោធាពីសំណាក់សត្រូវ

    កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអះអាងថា ឥឡូវនេះយើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារខ្លួននៅចំពោះមុខការគំរាមកំហែងផ្នែកយោធាពីសំណាក់កងទ័ពចក្រពត្តិនិយម នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានថ្លែងអះអាងបែបនេះ អំឡុងពេលរូបលោកចូលរួមនៅក្នុងពិធីប្រារព្ធខួបលើកទី៦៧ នៃការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ដែលបានប្រារព្ធឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ នាឱកាសនោះដែរ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ទៀតថា សង្គ្រាមនឹងមិនអាចផ្ទុះឡើងនោះទេ ដោយសារយើងមានអាវុធនុយក្លេអ៊ែរ ដើម្បីធានានូវសុវត្ថិភាព និងអនាគតរបស់ខ្លួន ទោះបីជាមានសម្ពាធពីខាងក្រៅ និងការគំរាមកំហែងផ្នែកយោធា ៕

  • ហ្វីលីពីន៖ មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្ម ខណៈប្រទេសកំពុងផ្ទុះជំងឺកូវីដ១៩

    ហ្វីលីពីន៖ មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្ម ខណៈប្រទេសកំពុងផ្ទុះជំងឺកូវីដ១៩

    កាលពីម្សិលមិញ ក្រុមសកម្មជនប្រមាណ២ពាន់នាក់ បានធ្វើបាតុកម្ម នៅឯសាកលវិទ្យាល័យមួយក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ដើម្បីបង្ហាញពីការជំទាស់របស់ពួកគេ នៅមុនពេលដែលប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ឡើងថ្លែងសុន្ទរកថាប្រចាំឆ្នាំ ទៅដល់ជនរួមជាតិ។ ក្រុមសកម្មជនបានពាក់ម៉ាស និងអនុវត្តវិធានការរក្សាគម្លាតឲ្យឆ្ងាយពីគ្នានៅក្នុងការតវ៉ាដែលត្រូវបានធ្វេីឡេីង ដេីម្បីប្រឆាំងនឹងគោលនយោបាយមួយចំនួនរបស់ លោក ឌូតឺទេ ដែលរួមមានច្បាប់ប្រឆាំងភេរវកម្មដ៏ចម្រូងចម្រាស ដែលក្រុមសិទ្ធិមនុស្សបានអះអាងថាជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិមិនត្រឹមត្រូវក្នុងការឆ្លើយទៅនឹងការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។ ក្រសួងសុខាភិបាលហ្វីលីពីន បានរាយការណ៍ថា មនុស្សសរុប៨ម៉ឺន៤៤៨នាក់បានឆ្លងវីរុសកូវីដ១៩ ក្នុងនោះ មានអ្នកស្លាប់ចំនួន១ពាន់៩៣២នាក់ ដែលនេះបានធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសមួយ ដែលមានអ្នកឆ្លងវីរុសកូវីដ១៩ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ គិតត្រឹមថ្ងៃទី២៦ កក្កដា៕

  • តម្លៃមាសនៅលើទីផ្សារសកលស្ទុះឡើងជិត២ពាន់ដុល្លារក្នុងមួយអោន ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

    តម្លៃមាសនៅលើទីផ្សារសកលស្ទុះឡើងជិត២ពាន់ដុល្លារក្នុងមួយអោន ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

    បរទេស៖ ទិន្នន័យទីផ្សារតម្លៃមាសបានបង្ហាញថា តម្លៃមាសនៅលើទីផ្សារសកលបានហក់ឡើងរហូតជិត២ពាន់ដុល្លារក្នុងមួយអោន ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នេះបើតាមសារព័ត៌មាន CGTN ។ គិតត្រឹមយប់ថ្ងៃអាទិត្យសប្តាហ៍មុននេះ ទិន្នន័យសកលបានបង្ហាញថា តម្លៃមាសនៅក្នុងទីផ្សារដោះដូរ COMEX នៅទីក្រុងញូយ៉ក គឺកើនដល់១,៩១១.៧ដុល្លារក្នុងមួយអោន ខណៈមាសត្រូវចាត់ទុកជាទ្រព្យដ៏មានសុវត្ថិភាពបំផុតនៅគ្រប់ប្រទេសទាំងអស់ ។ ធនាគារពិភពលោក World Bank ធ្លាប់បានព្យាករណ៍កាលពីមុនផ្ទុះជំងឺ COVID-19 ថា តម្លៃមាសជាមធ្យមនឹងកើនឡើងដល់១៥ភាគរយ  ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនឹងកើនឡើងដល់១ពាន់៦រយដុល្លារ ក្នុងមួយអោននៅក្នុងឆ្នាំ២០២០ និង ធ្លាក់ចុះបន្តិចមកវិញនៅឆ្នាំបន្ទាប់ គឺនៅត្រឹម១ពាន់៥៩០ដុល្លារក្នុងមួយអោន ៕

  • មន្រ្តីជាន់ខ្ពស់អាម៉េរិករំពឹងថា នឹងទទួលបានដំណឹងល្អពីឱសថព្យាបាល និង វ៉ាក់សាំង COVID-19 នាប៉ុន្មានថ្ងៃខាងមុខនេះ

    មន្រ្តីជាន់ខ្ពស់អាម៉េរិករំពឹងថា នឹងទទួលបានដំណឹងល្អពីឱសថព្យាបាល និង វ៉ាក់សាំង COVID-19 នាប៉ុន្មានថ្ងៃខាងមុខនេះ

    សហរដ្ឋអាម៉េរិក៖ នាយអគ្គសេនាធិការសេតវិមាន លោក Mark Meadows បានសង្ឃឹមថា នឹងទទួលបានដំណឹងល្អទាក់ទិនជាមួយឱសថព្យាបាល និង វ៉ាក់សាំងជម្ងឺ COVID-19 នាពេលឆាប់ៗខាងមុខ នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ប្រធានសេតវិមានរូបនេះ បាននិយាយថា យើងសង្ឃឹមថា នឹងអាចមានរបកគំហើញបច្ចេកវិទ្យាថ្មីមួយចំនួនលើការព្យាបាល និង វ៉ាក់សាំង COVID-19 នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។ ការអត្ថាធិប្បាយរបស់លោក Mark Meadows ខាងលើនេះ ធ្វើឡើងក្រោយក្រុមហ៊ុនផលិតឱសថអាម៉េរិក ម៉ូឌែណា នាពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួនទទួលបានកញ្ចប់ថវិកាបន្ថែមចំនួន៤៧២លានដុល្លារពីរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 ដែលកំពុងស្ថិតនៅក្នុងតំណាក់កាលមួយដ៏សំខាន់ ៕