-
សហរដ្ឋអាម៉េរិកចុះកុងត្រាជាមួយក្រុមហ៊ុនឱសថ Pfizer ដើម្បីទិញវ៉ាក់សាំង COVID-19

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងចំណាយប្រាក់ជិត២ពាន់លានដុល្លារសម្រាប់ទិញវ៉ាក់សាំង COVID-19 ចំនួន១០០លានដូសដែលនឹងចែកចាយនៅខែធ្នូខាងមុខ ខណៈឥឡូវវាកំពុងត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថ Pfizer នេះបើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សជាតិអាម៉េរិក លោក អាឡិច អាហ្សា និងចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ អំឡុងពេលបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ Fox News លោក អាឡិច អាហ្សា បាននិយាយថា សហរដ្ឋអាម៉េរិកអាចទិញចំនួន៥០០លានដូសបន្ថែមទៀតក្រោមកិច្ចព្រមព្រៀងមួយនេះ ។ លោកបានសង្កត់ធ្ងន់ថា ពិតណាស់វ៉ាក់សាំងទាំងនោះត្រូវតែមានសុវត្ថិភាព និង ប្រសិទ្ធភាព ព្រមទាំងត្រូវទទួលបានការអនុម័តពីរដ្ឋបាលចំណីអាហារ និង ឱសថជាមុនសិន ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Pfizer Inc និងក្រុមហ៊ុន BioNTech SE បានប្រកាសដាច់ដោយឡែកពីគ្នាថា កិច្ចព្រមព្រៀងនេះ គឺជាមួយក្រសួងសុខាភិបាល និងក្រសួងការពារជាតិសម្រាប់បេក្ខជនវ៉ាក់សាំងដែលក្រុមហ៊ុនកំពុងអភិវឌ្ឍន៍រួមគ្នា ៕
-
សហរដ្ឋអាម៉េរិកជំរុញឱ្យឥណ្ឌាផ្តោតលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និង កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើចិន

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃពុធនេះបានជំរុញឱ្យឥណ្ឌាផ្តោតលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើចិន ចំពោះវិស័យទូរគមនាគមន៍ និង ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ អំឡុងកិច្ចប្រជុំកំពូលស្តីពី គំនិតយោបល់ឥណ្ឌា នៃក្រុមប្រឹក្សាពាណិជ្ជកម្មឥណ្ឌា-អាម៉េរិក តាមអនឡាញ លោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងថា ឥណ្ឌាមានឱកាសដើម្បីផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ដោយចេញឆ្ងាយពីចិន និង កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើក្រុមហ៊ុនចិន នៅក្នុងវិស័យជាច្រើនដូចជាទូរគមនាគមន៍ គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ និងផលិតផលផ្សេងទៀត ។ លោកបានសង្កត់ធ្ងន់ថា ឥណ្ឌាស្ថិតនៅក្នុងជំហរនេះ ពីព្រោះខ្លួនបានទទួលការជឿទុកចិត្តពីប្រជាជាតិជាច្រើននៅជុំវិញពិភពលោក ដោយរួមទាំងសហរដ្ឋអាម៉េរិកផងដែរ ។ សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានស្តីបន្ទោសចិន ចំពោះការឆ្លងរាលដាលនៃជំងឺ COVID-19 និង បានចោទប្រកាន់ក្រុមហ៊ុនចិនជាច្រើន ក្នុងនោះរួមមាន Huawei ពីបទធ្វើចារកម្ម និងសម្រួលដល់ការរំលោភសិទ្ធិមនុស្សនៅចិន ប៉ុន្តែទាំងHuawei និង រដ្ឋាភិបាលក្រុងប៉េកាំង បដិសេធការចោទប្រកាន់ទាំងនេះ ៕
-
ប្រព័ន្ធផ្សព្វផ្សាយចិនចាត់ទុកការបិទស្ថានកុងស៊ុលចិននៅទីក្រុង Houston ជាល្បែងនយោបាយរបស់លោក ដូណាល់ ត្រាំ មុនការបោះឆ្នោតនៅខែវិច្ឆិកា

ចិន៖ ការសម្រេចរបស់រដ្ឋាភិបាលអាម៉េរិក ក្នុងការបិទស្ថានកុងស៊ុលចិនប្រចាំទីក្រុងហូស្តុន រដ្ឋតិចសាស់ គឺជាការប៉ុនប៉ងទំលាក់កំហុសមកលើចិន ចំពោះភាពបរាជ័យរបស់ខ្លួន នៅមុនការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ក្រសួងការបរទេសអាមេរិកបានប្រកាសនៅថ្ងៃពុធនេះថា ការសម្រេចចិត្តបិទស្ថានស៊ុលចិនក្នុងទីក្រុងហូស្តុន គឺដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាម៉េរិក ពីការស៊ើបការណ៍ ឬលួចពីសំណាក់ប្រទេសចិន ។ ជុំវិញបញ្ហានេះដែរ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានហៅការបិទស្ថានកុងស៊ុលរបស់ខ្លួនខាងលើនេះថា ជាការបង្ករឿងផ្នែកនយោបាយ និងជាការប្រឌិតដែលគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើបេសកកម្មការទូតរបស់ចិន ព្រមទាំងបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលនូវការសម្រេចនេះជាបន្ទាន់ ៕
-
ចិនហៅការផ្តល់សញ្ជាតិអង់គ្លេសឲ្យពលរដ្ឋហុងកុង គឺជាទង្វើខុសច្បាប់អន្តរជាតិ

ចិន៖ គោលនយោបាយថ្មីរបស់អង់គ្លេស ដែលអនុញ្ញាតឱ្យប្រជាជនហុងកុងស្នើសុំសញ្ជាតិអង់គ្លេស គឺជាការរំលោភលើច្បាប់អន្តរជាតិ និងជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន នេះបើតាមស្ថានទូតចិនប្រចាំទីក្រុងឡុង៏ និងចេញផ្សាយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ប្រតិកម្មរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងខាងលើនេះ បានកើតមានឡើងក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី ព្រីធី ផាធែឡ ថ្លែងថា ប្រជាជនហុងកុងដែលកាន់លិខិតឆ្លងដែនអង់គ្លេសក្រៅប្រទេស (British National Overseas) មានសិទ្ធិដាក់ពាក្យស្នើសុំសញ្ជាតិអង់គ្លេសចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។ បើតាមរដ្ឋាភិបាលអង់គ្លេស ប្រជាជនហុងកុងចំនួន៣លាននាក់ ក្នុងចំណោម៧លាននាក់មានសិទ្ធិស្នើសុំចូលសញ្ជាតិអង់គ្លេស ។ ជាងនេះទៅទៀតនោះ ភាគីចិនបានអំពាវនាវឱ្យភាគីអង់គ្លេសទទួលស្គាល់ការពិត ដែលថា ទីក្រុងហុងកុងបានប្រគល់ទៅឱ្យប្រទេសចិនវិញហើយ ព្រមទាំងបានស្នើសុំឱ្យភាគីអង់គ្លេស ត្រួតពិនិត្យឡើងវិញទៅលើច្បាប់សន្តិសុខថ្មី ឲ្យបានច្បាស់លាស់ជាមុន និងពិចារណាកែកំហុសរបស់ខ្លួនជាបន្ទាន់ ៕
-
ក្រុមហ៊ុន Samsung គ្រោងដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 6G របស់ខ្លួននៅឆ្នាំ២០២៨ខាងមុខ

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញឱ្យដឹងពីផែនការដ៏ធំរបស់ខ្លួន នោះគឺការផលិតបច្ចេកវិទ្យា 6G នៅឆ្នាំ២០២៨ខាងមុខ ខណៈបណ្ដាប្រទេសធំៗនៅក្នុងពិភពលោកកំពុងតែពិចារណាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei នេះបើតាមសារព័ត៌មាន Phone Area ។ បើតាមក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ ខ្លួនគួរតែបំភ្លេច 5G ចោល ហើយងាកមកផ្ដោតលើការផលិតបច្ចេកវិទ្យា 6G វិញ និងថាយោងតាមការខិតខំប្រឹងប្រែងរបស់ខ្លួន Samsung នឹងសម្រេចបានបច្ចេកវិទ្យា 6G នៅឆ្នាំ២០២៨ ដែលវានឹងបម្រើគ្រប់ជ្រុងជ្រោងនៃជីវិតរស់នៅរបស់មនុស្ស ។ សូមបញ្ជា់ថា បច្ចេកវិទ្យា 6G របស់ Samsung នឹងត្រូវដាក់ឱ្យប្រើក្នុងគោលដៅធំៗចំនួន៣ ប៉ុន្តែអ្វីដែលផ្ដោតសំខាន់ជាងគេ គឺការប្រើប្រាស់សម្រាប់ទាញយកទិន្នន័យ ដែលនៅឆ្នាំ ២០៣០ ការប្រើប្រាស់អ៊ីនធើណេតនៅលើទូរស័ព្ទអាចនឹងកើនដល់៥០០ពាន់លានគ្រឿង ខណៈប្រជាជនទូទាំងពិភពលោកសរុបបានកើនឡើងដល់៨.៥ពាន់លាននាក់ ហើយវាក៏ជាពេលវេលាដែលបច្ចេកវិទ្យា 6G ត្រូវបង្ហាញខ្លួនផងដែរ ៕
-
ចិនគ្រោងផ្តល់កម្ចី១ពាន់លានដុល្លារដល់អាម៉េរិកឡាទីន ផលិតវ៉ាក់សាំងកូវីដ១៩

ចិន៖ ប្រទេសចិនមានគម្រោងផ្តល់ប្រាក់កម្ចី១ពាន់លានដុល្លារអាម៉េរិក ក្នុងការផលិតវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ សម្រាប់បណ្តាប្រទេសនៅតំបន់អាម៉េរិកឡាទីន និងការ៉ាប៊ីន នេះបើតាមក្រសួងការបរទេសប្រទេសមិចស៊ីក កាលពីថ្ងៃពុធម្សិលមិញ។ តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រសួងបានបញ្ជាក់ថា ចិនបានសន្យាបែបនេះ អំឡុងការជួបប្រជុំនៃរដ្ឋមន្ត្រីមកពីបណ្តាប្រទេស នៃតំបន់អាមេរិកឡាទីន និងការីប៊ីន មួយចំនួន ជជែកពីកិច្ចសហប្រតិបត្តិការកាន់តែល្អ ក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ ដោយអង្គប្រជុំនោះ ក្រោមអធិបតីភាពរបស់លោករដ្ឋមន្ត្រីការបរទេសមិចស៊ីក និង រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី។ រដ្ឋមន្ត្រីទាំងនោះមានមកពីប្រទេសអាហ្សង់ទីន បាបាដូស ឈីលី កូឡុំប៊ី កូស្តារីកា គូបា សាធារណរដ្ឋដូមីនីខេន អេក្វាឌ័រ ប៉ាណាម៉ា ប៉េរូ ទ្រីនីដេតនិងតូបាហ្គោ ព្រមទាំងអ៊ុយរ៉ាហ្គាយ ជាដើម។ រដ្ឋមន្ត្រីការបទេសចិនបាននិយាយនាឱកាសនោះថា វ៉ាក់សាំងដែលចិនផលិតនៅប្រទេសខ្លួននឹងក្លាយជាច្រកដ៏សំខាន់ សម្រាប់បណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន ក្នុងនោះចិននឹងផ្តល់កម្ចី១ពាន់លានដុល្លារអាម៉េរិក ជួយដល់ការផលិតវ៉ាក់សាំងក្នុងតំបន់៕
-
សហរដ្ឋអាម៉េរិកព្រមានប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រឆាំងនឹងការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei តើសហរដ្ឋអាម៉េរិកអាចបញ្ឈប់ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Huawei ដែរឬទេ ?

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលអាម៉េរិកបានលើកឡើងថា ខ្លួនមានឆន្ទៈផ្តល់ហិរញ្ញវត្ថុដល់បណ្តាញ 5G របស់ប្រទេសដទៃទៀត ដរាបណាក្រុមហ៊នបច្ចេកវិទ្យាយក្ស Huawei របស់ចិន មិនចូលរួម នេះបើតាមសារព័ត៌មាន Aljazeera ។ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចោទប្រកាន់ទីក្រុងប៉េកាំងថា បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើក្រុមហ៊ុនចិន ដើម្បីស៊ើបការណ៍ប្រទេសដទៃទៀត ។ ដោយឡែកនៅចក្រភពអង់គ្លេស ក្រុមហ៊ុន Huawei ត្រូវបានផ្តល់ការអនុញ្ញាតឱ្យសាងសង់កន្លែងស្រាវជ្រាវថ្មីមួយ ខណៈដែលទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេសនេះ ធ្វើការត្រួតពិនិត្យបន្ទាន់ ក្នុងការប្រើប្រាស់ឧបករណ៍ 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ។ ក្រុមហ៊ុនចិនបាននិយាយថា ខ្លួននឹងវិនិយោគជាង១ពាន់លានដុល្លារនៅក្នុងទីតាំងថ្មីរបស់ខ្លួន នៅភាគខាងកើតនៃចក្រភពអង់គ្លេស ។ក្រុមហ៊ុនចិនបានបញ្ជាក់ដែរថា ខ្លួននឹងផ្តោតសំខាន់លើការអភិវឌ្ឍ និងការផលិតឧបករណ៍អេឡិចត្រូនិក ដែលយោងទៅតាមក្រុមហ៊ុន Huawei មិនមែនត្រូវបានកំណត់ដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកទេ ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនក៏បានព្រមានរដ្ឋាភិបាលអង់គ្លេសផងដែរថា ការសម្រេចចិត្តអនុម័តគម្រោងថ្មីនេះ នឹងធ្វើឱ្យការជឿទុកចិត្តរបស់ខ្លួននៅក្នុងចក្រភពអង់ គ្លេសប្រឈមនឹងហានិភ័យ ។ព័ត៌មានដ៏រសើបខាងលើនេះ បានចោទជាសំណួរថាតើមានការព្រួយបារម្ភស្របច្បាប់ដែរឬទេ? តើនេះជាការប៉ុនប៉ងមួយផ្សេងទៀត ដើម្បីរារាំងដល់ការពង្រីកឥទ្ធិពលរបស់ប្រទេសចិនដែរទេ ? ៕
-
ថៃត្រូវបាន WHO ជ្រើសរើសឲ្យផលិតវីដេអូឯកសារពីជោគជ័យនៃការទប់ស្កាត់កូវីដ១៩

ថៃ៖ សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នៅថ្ងៃទី២៣ កក្កដានេះថា អង្គការសុខភាពពិភពលោកហៅកាត់ថា WHO ជ្រើសរើសឲ្យផលិតវីដេអូឯកសារស្តីពីការជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈគំរូជោគជ័យរបស់ប្រទេសមួយនេះ។ ប្រភពថា ក្រៅពីថៃក៏មានប្រទេស នូវែល ហ្សេឡង់ដែរ ដែលត្រូវបានអង្គការមួយនេះជ្រើសរើសឲ្យធ្វើវីដេអូបែបនេះ។មន្ត្រីផ្លូវការរបស់អង្គការសុខភាពពិភពលោកនៅប្រទេសថៃបានអះអាងបែបនេះ ប្រាប់បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២២ កក្កដា ២០២០ ប៉ុន្តែមិនទាន់បានបញ្ជាក់លម្អិតពីគម្រោងផលិតនៅឡើយទេ។ គួរបញ្ជាក់ថា ថៃលែងមានការឆ្លងក្នុងសហគមន៍ជាច្រើនថ្ងៃមកហើយ បើទោះបីជាសកម្មភាពអាជីវកម្ម និងសកម្មភាពមានការជួបជុំជាច្រើនទៀត ព្រមទាំងសាលារៀនត្រូវបានបើកដំណើរការឡើងវិញ ក៏ពុំមានចម្លងក្នុងសហគមដែរ ប៉ុន្តែក៏រកឃើញករណីថ្មីៗ នាំចូលពីក្រៅប្រទេស នៅប៉ុន្មានថ្ងៃមកនេះ៕
-
ចិនបើករោងកុនឡើងវិញ តែត្រូវអនុវត្តវិធីតឹងរ៉ឹងទាំងនេះដើម្បីទប់ស្កាត់កូវីដ១៩

ប្រទេសចិនបានអនុញ្ញាតឲ្យរោងកុននៅតាមបណ្ដាខេត្តជាច្រើនបើកដំណើរការជាធម្មតាវិញក្រោយផ្អាកអាជីវកម្មអស់រយៈពេលជាច្រើនខែ។ ទោះយល់ព្រមឲ្យរោងកុនបើកប៉ុន្តែចិនបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ដោយអនុញ្ញាតឲ្យបើកតែតំបន់ណាមានហានិភ័យឆ្លងទាបប៉ុណ្ណោះ។ ចំពោះអ្នកទស្សនាវិញគឺឲ្យចូលមើលបានតែ៣០%នៃចំណុះអ្នកមើលសរុប ប៉ុណ្ណោះហើយត្រូវរក្សាគម្លាតដាក់ឆ្ងាយពីគ្នា និងត្រូវពាក់ម៉ាសទាំងអ្នកមើល និងបុគ្គលិក។ រោងកុនគឺជាអាជីវកម្មថ្មីមួយទៀតដែល អាជ្ញាធរចិនបើកឲ្យដំណើរការឡើងវិញ បន្ទាប់ពីរោងចក្រ, សហគ្រាស និងសាលារៀនតាមតំបន់មួយចំនួន។ ចិនគឺជាទីផ្សារភាពយន្តធំបំផុតទី២លើពិភពលោកដោយការលក់សំបុត្បានចំណូលប្រមាណ ៩,២ ពាន់លានដុល្លារកាលពីឆ្នាំទៅ៕
-
ហ្វីលីពីនតេស្តប្រជាជនជាង១លាននាក់ និងគម្រាមចាប់អ្នកដែលមិនព្រមពាក់ម៉ាស
