-
សហគមអឺរ៉ុបទើបអនុម័តកញ្ចប់ជាង២ពាន់លានដុល្លារអាម៉េរិក ស្រោចស្រង់ពីវិបត្តិកូវីដ១៩

សហគមអឺរ៉ុប ទីបំផុតទៅ បានឯកភាពបញ្ចេញកញ្ចប់ថវិការ១.៨២ទ្រីលានអឺរ៉ូ ឬ ជាង២ពាន់លានដុល្លារអាម៉េរិក ដើម្បីស្រោចស្រង់បណ្តាប្រទេសដែលរងផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាការអនុម័តក្រោយបើកការចរចាប្រមាណ៤ថ្ងៃ នេះបើតាមការចេញផ្សាយរបស់ Sky NEws នៅថ្ងៃទី២១ កក្កដានេះ។ ប្រភពថា ថវិការ៧៥០ពាន់លានអឺរ៉ូជាកញ្ចប់មូលនិធិកូរ៉ូណានឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ការផ្តល់ឥណទាន និងការផ្តល់សាច់ប្រាក់ជូនបណ្តាប្រទេសរងគ្រោះដោយសារជំងឺខ្លាំងជាងគេ។ រីឯប្រាក់នៅសល់ប្រមាណ១ទ្រីលានអឺរ៉ូទៀត ជាកញ្ចប់ថវិការអឺរ៉ូប ចំណាយសម្រាប់រយៈពេល៧ឆ្នាំបន្ទាប់។ ក្នុងចំណោម២៧ប្រទេសនៃសហគមន៍អឺរ៉ុប បណ្តាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺអេស្ប៉ាញ និងអ៊ីតាលី៕
-
ក្រុមហ៊ុន Foxconn គ្រោងបោះទុនវិនិយោគ១ពាន់លានដុល្លារបន្ថែមទៀតនៅឥណ្ឌា ដើម្បីបង្កើនលទ្ធភាពផលិតទូរស័ព្ទ iPhone

ចិន៖ ក្រុមហ៊ុន ហ្វុកខុន (Foxconn) គ្រោងបោះទុនវិនិយោគ១ពាន់លានដុល្លារបន្ថែមទៀត នៅឥណ្ឌា ក្នុងគោលបំណងបង្កើនលទ្ធភាពក្នុងការផលិតទូរស័ព្ទ iPhone ក៏ដូចជាដើម្បីពង្រីករោងចក្រដែលមានស្រាប់នៅក្នុងប្រទេសមួយនេះ ហើយគ្រោងនឹងដំណើរការនៅក្នុងរយៈពេល៣ឆ្នាំទៀត ជាមួយនឹងការផ្ដល់ឱកាសការងារថ្មី៦ពាន់នាក់ នេះបើតាមសារព័ត៌មាន GSM អារិន ។ ដំបូងឡើយ ក្រុមហ៊ុនរបស់ចិនមួយនេះ បានប្រើរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន ដើ ម្បីផលិតទូរស័ព្ទ iPhone ប៉ុន្តែក្រោយមក ក៏កើតមានសង្គ្រាមពាណិជ្ជកម្មរវាងចិន និង សហរដ្ឋអាម៉េរិក ទើបធ្វើឱ្យ ហ្វុកខុន បំបែកការផលិតទូរស័ព្ទ iPhone នៅឥណ្ឌាថែមទៀត ហើយវាក៏ស្របទៅតាមការចង់បានរបស់ក្រុមហ៊ុន Apple ផងដែរ ។ សូមជម្រាបផងដែរថា ក្រុមហ៊ុន Apple របស់សហរដ្ឋអាម៉េរិកបានត្រៀមបញ្ចេញទូរស័ព្ទ iPhone ជំនាន់ថ្មីរួចហើយសម្រាប់បង្ហាញនៅចុងឆ្នាំ២០២០នេះ ប៉ុន្តែប្រហែលជាអាចលើកទៅដើមឆ្នាំក្រោយវិញ ដោយសារតែជំងឺរាតត្បាត COVID-19 ៕ធ.ដ
-
ប្រទេសថៃនាំចេញអង្ករ ធ្លាក់ចុះដ៏ខ្លាំងបំផុតប្រចាំទសវត្សរ៍ ក្នុងបរិបទកូវីដ១៩

ថៃ៖ ដោយសារតែទំហំនៃកត្តាអវិជ្ជមានផ្សេងៗ ការនាំចេញអង្កររបស់ប្រទេសថៃទំនងជានឹងធ្លាក់ចុះមកនៅត្រឹម៦.៥លានតោន ក្នុងឆ្នាំ២០២០នេះ ជាការធ្លាក់ចុះដ៏ខ្លាំងពុំធ្លាប់មានក្នុងរយៈពេល១០ឆ្នាំមកនេះ ខណៈដែលការព្យាករណ៍ពីមុនថា អាចមានដល់ទៅ៧.៥លានតោនឯណោះ នេះបើតាមសមាគមអ្នកនាំចេញអង្ករថៃ ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២១ កក្កដានេះ។ ប្រធានកិត្តិយសរបស់សមាគម គឺលោក Chookiat Ophaswongse បាននិយាយបែបនេះ ក្រោយមានកិច្ចពិភាក្សាជាមួយមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនោះ ក៏មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Jurin Laksanawisit ផងដែរ។ លោកថា អង្គប្រជុំបានពិភាក្សាអំពីដំណើរការនាំចេញអង្ករ ក្នុងរយៈពេលកន្លះឆ្នាំមកនេះ ហើយបានព្យាករណ៍ថា នៅឆ្នាំនេះ ការនាំចេញមានត្រឹម៦.៥លានតោនប៉ុណ្ណោះ។ លោកបន្តថា ការនាំចេញអង្កររបស់ថៃត្រូវបានប៉ះពាល់ខ្លាំងោដយសារតែកត្តាអវិជ្ជមាន ដែលសំដៅលើវិបត្តិជំងឺកូវីដ១៩ ដែលនាំឲ្យតម្រូវការធ្លាក់ចុះខ្លាំង ក្រៅពីនេះ បញ្ហាប្រាក់បាតថៃដែលនាំឲ្យអង្ករឡើងថ្លៃ ព្រមទាំងភាពរាំងស្ងួតបានធ្វើឲ្យបន្ថយផលិតកម្មស្រូវអង្ករ។ របាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២០ កន្លងមក ថៃបាននាំចេញអង្ករ២.៥៧លានតោន ធ្លាក់ចុះ៣១.៩ភាគរយ បើធៀបនឹង៥ខែដំបូងនៃឆ្នាំ២០១៩ ហើយចំណូលវិញទទួលបាន៥៤.២ពាន់លានបាត ធ្លាក់ចុះ១៣.២ភាគរយ៕
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានបញ្ជូនកងកម្លាំងបន្ថែមទៅកាន់ទីក្រុងធំៗ ដើម្បីគ្រប់គ្រងបាតុកម្មតវ៉ា និងស្តារសណ្តាប់ធ្នាប់ឡើងវិញ

សហរដ្ឋអាម៉េរិក៖ អំឡុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានបញ្ជូនមន្ត្រីអនុវត្តច្បាប់សហព័ន្ធបន្ថែមទៀត ទៅកាន់ទីក្រុងធំៗជាច្រើន សំដៅទប់ស្កាត់បាតុកម្មតវ៉ា និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ ក៏បានកោតសរសើរផងដែរ ដល់ក្រុមមន្ត្រីអនុវត្តច្បាប់ដែលលោកបញ្ជូនទៅកាន់ទីក្រុង Portland ដើម្បីរក្សាសន្តិសុខសណ្ដាប់ ធ្នាប់ និងគ្រប់គ្រងបាតុកម្មតវ៉ាថា ពួកគេបានធ្វើការងារមួយដ៏អស្ចារ្យ ។ បើតាមលោក ត្រាំ កងកម្លាំង និង ក្រុមមន្ត្រីអនុវត្តច្បាប់សហព័ន្ធ អាចនឹងត្រូវបញ្ជូនទៅកាន់ទីក្រុងធំៗ ដែលក្នុងនោះរួមមាន New York City, Chicago, Philadelphia, Detroit, Baltimore និងទីក្រុង Oakland ។ សូមបញ្ជាក់ថា បច្ចុប្បន្នបាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ បន្ទាប់ពីស្លាប់របស់បុរសស្បែកខ្មៅ George Floyd នៅតែបន្តកើតមានដដែល ជាពិសេសនៅក្នុងទីក្រុង Portland រដ្ឋ Oregon ខណៈក្រុមមន្ត្រីនៅក្នុងតំបន់អះអាងថា ក្រុមមន្ត្រីអនុវត្តច្បាប់មួយចំនួនកំពុងធ្វើឱ្យស្ថានការណ៍បាតុកម្មតវ៉ា…
-
អង្គការ WHO សម្តែងការព្រួយបារម្ភខ្លាំង ដោយសារតែនៅតំបន់អាម៉េរិកកំពុងបន្តជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19

ស្វីស៖ នាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដានេះ ករណីឆ្លង COVID-19 ច្រើនជាង៧ម៉ឺនករណី ក្នុងនោះជាង២ពាន់នាក់បានស្លាប់ ត្រូវបានរាយការណ៍ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនៅតំបន់អាម៉េរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ អំឡុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃចន្ទម្សិលមិញ លោក ថេដ្រូស បានសង្កត់ធ្ងន់ថា អង្គការ WHO ពិតជាមានការព្រួយបារម្ភជាខ្លាំងពីផលប៉ះពាល់លើជនជាតិដើមភាគតិច ជាពិសេសនៅតំបន់អាម៉េរិក ដែលកំពុងបន្តជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាតជម្ងឺ COVID-19 ។ នាឱកាសនោះដែរ នាយកអង្គការ WHO រូបនេះ ថែមទាំងបានជំរុញឱ្យបណ្ដាប្រទេសទាំងអស់ ចាត់វិធានការបង្ការចាំបាច់នានា តាមដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ជម្ងឺ COVID-19 ផងដែរ ៕
-
មេដឹកនាំកំពូលកូរ៉េខាងជើងបណ្តេញមន្ត្រីជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ពីប្រជាជន ជុំវិញគម្រោងសង់មន្ទីរពេទ្យ

កូរ៉េខាងជើង៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបណ្ដេញមន្ត្រីគ្រប់គ្រងគម្រោងសាងសង់មន្ទីរពេទ្យ Pyongyang General Hospital ជាច្រើននាក់ចេញពីតំណែង ដោយសារតែអ្នកទាំងនេះមិនអាចគ្រប់គ្រង និងប្រើប្រាស់កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវ ហើយពួកគេថែមទាំងជំរិតទារប្រាក់ពីប្រជាជនទៀតផង បើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ពិតជាខឹងសម្បារយ៉ាងខ្លាំង ចំពោះក្រុមមន្ត្រីទាំងនោះ ដែលបានជំរិតទារប្រាក់ និងបង្ខំឱ្យប្រជាជនចូលរួមវិភាគទានក្នុងគម្រោងសាងសង់មន្ទីរពេទ្យ ហើយនេះគឺជាទង្វើផ្ទុយទាំងស្រុងនឹងគោលការណ៍របស់គណបក្ស ។ សូមបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងរូបនេះ បានចេញបញ្ជាឱ្យក្រុមមន្ត្រីរបស់លោក សាងសង់មន្ទីរពេទ្យខាងលើ ឱ្យបានមុនខួបលើកទី៧៥ នៃការបង្កើត គណបក្សពលករកូរ៉េខាងជើង នៅខែតុលាខាងមុខ និងចាត់ទុកថា គម្រោងនេះគឺជាការចូលរួមលើកកម្ពស់កែលម្អវិស័យសុខាភិបាលសាធារណៈ ប្រឈមមុខនឹង ការឆ្លង COVID-19 ៕
-
រដ្ឋមន្រ្តីក្រសួងការងារថៃប្រកាសលាលែងពីតំណែង ខណៈរដ្ឋាភិបាលលោក ប្រាយុទ្ធ កំពុងប្រឈមនឹងបាតុកម្ម ព្រមទាំងវិបត្តិសេដ្ឋកិច្ច

បាងកក៖ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Chatumongol Sonakul នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តលាលែងចេញពីតំណែង ដោយធ្វើឱ្យរូបលោកក្លាយជារដ្ឋមន្ត្រីទី៦ ដែលដើរចេញពីគណៈរដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ចាន់អូចា ចាប់តាំងពីសប្ដាហ៍មុនមក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃលោក Uttama Savanayana ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak និងរដ្ឋមន្ត្រីចំនួន៣នាក់ផ្សេងទៀត ក៏បានប្រកាសលាលែងចេញពីតំណែងផងដែរ ។ ដោយឡែកការលាលែងចេញពីតំណែង របស់រដ្ឋមន្រ្តីក្រសួងការងារថៃខាងលើនេះ នឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ខណៈរដ្ឋាភិបាលលោក ប្រាយុទ្ធ កំពុងប្រឈមមុខនឹងបាតុកម្មតវ៉ាពីសំណាក់ក្រុមយុវជន និងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយ COVID-19 ៕
-
លោក ដូណាល់ ត្រាំ ហៅការស្ទង់មតិមួយដែលថា លោក ចូ បៃដិន នាំមុខរូបលោកនោះ ជាការកុហកបោកប្រាស់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការស្ទង់មតិនាពេលកន្លងមក ដែលបង្ហាញថា បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នាំមុខរូបលោកនោះ គឺជាការកុហកបោកប្រាស នេះបើតាមសារព័ត៌មាន Fox News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ អំឡុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យម្សិលមិញ លោក ដូណាល់ ត្រាំ នៅតែបន្តមើលស្រាលពីស្ថានការណ៍ជម្ងឺ COVID-19 បើទោះជាជំងឺដ៏កាចសាហាវមួយនេះ បានចម្លងដល់ប្រជាជនអាមេរិកច្រើនជា៣.៧លាននាក់ ក្នុងនោះស្លាប់១៤ម៉ឺន១៣១នាក់ក៏ដោយ ។ នាឱកាសនោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា មកទល់នឹងពេលនេះ គ្មានប្រទេសណាមួយបានធ្វើតេស្ដលើប្រជាជនរបស់ខ្លួនដូចសហរដ្ឋអាមេរិកឡើយ ៕
-
ប្រអប់ខ្មៅរបស់យន្តហោះអ៊ុយក្រែនដែលអ៊ីរ៉ង់បាញ់ធ្លាក់កាលពីដើមឆ្នាំនេះ នឹងត្រូវបញ្ជូនទៅកាន់បារាំង ដើម្បីឱ្យក្រុមជំនាញ់អន្តរជាតិធ្វើការវិភាគ

កាណាដា៖ រដ្ឋមន្ត្រីការបរទេសកាណាដាលោក ហ្វ្រង់ស្វ័រ ហ្វីលីព សាំប៉ាញ៉េបានបង្ហោះនៅលើធ្វីតធើថា ប្រអប់ខ្មៅរបស់យន្តហោះអ៊ុយក្រែន ដែលត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់នៅទីក្រុងតេហេរ៉ង់ កាលពីខែមករា ឆ្នាំ២០២០នោះ នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង បើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ ការបញ្ជូនវត្ថុតាងទៅកាន់ប្រទេសបារាំងខាងលើនេះ បានកើតឡើងបន្ទាប់ពីមានការអំពាវនាវពីសំណាក់បារាំង និងអ៊ុយក្រែន ដើម្បីជួយស្វែងរកការពិតដែលបានកើតឡើង ។ ប្រអប់ខ្មៅទាំងពីររបស់យន្តហោះអ៊ុយក្រែន នឹងត្រូវបញ្ជូនទៅកាន់ទីភ្នាក់ងារត្រួតពិនិត្យគ្រោះថ្នាក់ចរាចរណ៍ផ្លូវអាកាស BEA របស់បារាំង នៅថ្ងៃចន្ទនេះ ដើម្បីឲ្យក្រុមជំនាញអន្តរជាតិធ្វើការវិភាគ ហើយមន្ត្រីតំណាងផ្នែកដឹកជញ្ជូនកាណាដា ក៏នឹងមានវត្តមាននៅទីនោះផងដែរ ។ សូមរំលឹកថា មនុស្សសរុប១៧៥នាក់ ក្នុងនោះ៥៥នាក់ជាជនជាតិកាណាដាបានបាត់បង់ជីវិត បន្ទាប់ពីកងកម្លាំងឆ្មាំការពារបដិវត្តន៍របស់អ៊ីរ៉ង់ បានច្រឡំបាញ់ទម្លាក់យន្តហោះមួយគ្រឿង នៃអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលមានជើងហោះហើរ PS752 កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ស្របពេលអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកជួបភាពតានតឹងខ្លាំង ៕
-
អេមីរ៉ាត់អារ៉ាប់រួមទទួលជោគជ័យ ក្នុងការបញ្ជូនយានស្រាវស្រាវភពអង្គាររបស់ខ្លួនទៅកាន់ទីអវកាស

ជប៉ុន៖ យានផ្កាយរណបរបស់អេមីរ៉ាត់អារ៉ាប់រួម ត្រូវបានគ្រាប់រ៉ុក្កែត H2A របស់ក្រុមហ៊ុនឧស្សាហកម្មជប៉ុន មីតស៊ូប៊ីស៊ី នាំយកទៅកាន់ទីអវកាសប្រកបដោយជោគជ័យ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ គ្រាប់រ៉ុក្កែត H2A ត្រូវបានបាញ់បង្ហោះកាលពីវេលាម៉ោង៦៖៥៨នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ចេញពីមូលដ្ឋាននៃមជ្ឈមណ្ឌលអវកាស តាណេហ្គាស៊ីម៉ា ស្ថិតនៅក្នុងខេត្តកាហ្គោស៊ីម៉ា ភាគនិរតីប្រទេសជប៉ុន ។ យានផ្កាយរណបអាម៉ាល់ (Amal) របស់អេមីរ៉ាត់អារ៉ាប់រួមនេះ មានតួនាទីសិក្សាអំពីសីតុណ្ហភាព និងសមាសធាតុផ្សំសំខាន់ៗក្នុងបរិយាកាសភពអង្គារ ដើម្បីស្វែងរកមូលហេតុថាតើហេតុអ្វីបានជាភពក្រហមនេះ បាត់បង់បរិយាកាសស្ទើរអស់រលីងបែបនេះ ។ សូមជម្រាបថា យានផ្កាយរណបដែលអភិវឌ្ឍឡើងដោយទីភ្នាក់ងារអវកាស ម៉ូហាំម៉េដ ប៊ីន រ៉ាស៊ីដ របស់អេមីរ៉ាត់អារ៉ាប់រួមខាងលើនេះ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរក្នុងរយៈចម្ងាយ៤៩៣.៥លានគីឡូម៉ែត្រ ទើបទៅដល់ភពអង្គារ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ ៕