-
ប្រទេសថៃ៖ មិនខ្វល់ពីកូវីដ១៩ ពលរដ្ឋថៃរាប់ពាន់នាក់ធ្វើបាតុកម្មទាមទារឲ្យនាយករដ្ឋមន្ត្រី ចេញពីតំណែង

ថៃ៖ ក្រុមបាតុករថៃប្រមាណជាង២ពាន់នាក់បាននាំគ្នាប្រមូលផ្ដុំនៅវិមានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីចុងសប្តាហ៍កន្លងទៅ។ ការតវ៉ានេះកើតឡើងដំណាលគ្នានឹងថៃកំពុងមានវិបត្តិការរីករាលដាលនៃមេរោគកូវីដ១៩ ហើយក្រុមបាតុករត្រូវបានចោទប្រកាន់ពីអាជ្ញាធរថាបានបំពានបម្រាម ហាមឃាត់ការប្រមូលផ្ដុំ។ យ៉ាងណាបាតុករបានរំសាយវិញ ក្រោយជួបជុំគ្នាដល់ពេលយប់ តែសន្យានឹងប្រមូលម្ដុំម្ដងទៀតនៅកន្លះខែក្រោយ។ ក្រៅពីទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ក្រុមអ្នកតវ៉ាក៏ចង់ឲ្យមានការរំលាយសភា, បញ្ចប់ការធ្វើទុក្ខបុកម្នេញលើអ្នករិះគន់រដ្ឋាភិបាល និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបង្កើតឡើង ដោយក្រុមយោធាដែលទាំងនេះត្រូវបានពលរដ្ឋថៃចោទថាពួកគេមិនទទួលបានប្រជាធិបតេយ្យពិតប្រាកដ៕
-
អង់គ្លេសស្នើឱ្យជប៉ុនជួយបង្កើតបច្ចេកវិទ្យា Wireless 5G សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជំនួសក្រុមហ៊ុន Huawei របស់ចិន

ជប៉ុន៖ អង់គ្លេសបានស្នើជប៉ុនឱ្យជួយបង្កើតបច្ចេកវិទ្យា Wireless 5G សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមសារព័ត៌មានជប៉ុន Nikkei អង់គ្លេសបានជួបជាមួយក្រុមហ៊ុន NEC Corp និង Fujitsu Ltd កាលពីសប្ដាហ៍មុន បន្ទាប់ពីចក្រភពនេះប្រកាសឈប់ប្រើបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei នៅឆ្នាំ ២០២៧ ។ បន្ថែមលើនេះ អង់គ្លេសក៏បានស្នើឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់នៅក្នុងស្រុក បញ្ឈប់ការបញ្ជាទិញ ឧបករណ៍ក្រុមហ៊ុន Huawei នៅចុងឆ្នាំ២០២០នេះផងដែរ ។ សូមបញ្ជាក់ថា បើតាមប្រភពជិតស្និទ្ធមួយបានបង្ហើបឱ្យដឹងថា អង់គ្លេសបានបញ្ជាទិញឧបករណ័ថ្មីៗពីក្រុមហ៊ុនទាំងពីរខាងលើ ប៉ុន្តែនៅពេលនេះកំពុងតែចរចារឿងតម្លៃ ៕
-
កូរ៉េខាងជើងបើកកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិម ដែលផ្តោតសំខាន់លើយុទ្ធសាស្រ្តសង្គ្រាម និងពង្រឹងសមត្ថភាពយោធាដើម្បីការពារប្រជាជាតិ

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិម នៃគណបក្សពលករ ដោយផ្តោតសំខាន់លើយុទ្ធសាស្ត្រសង្រ្គាម និងការពង្រឹងសមត្ថភាពយោធា ដើម្បីការពារប្រទេសជាតិ នេះបើតាមសារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង kCNA កិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមនៃគណបក្សពលករ បានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ហើយក្នុងអំឡុងជំនួបនោះ លោក គីម ជុងអ៊ុន ក៏បានអនុម័តផងដែរលើផែនការសំខាន់ៗមួយចំនួន ។ យ៉ាងណាមិញ សារព័ត៌មាន KCNA មិនបានបញ្ជាក់លម្អិតពីផែនការទំាងនោះឡើយ ប៉ុន្តែគេដឹងថា ជាទម្លាប់នាពេលកន្លងមក វិធានការ ឬយុទ្ធសាស្ត្រសង្រ្គាមរបស់កូរ៉េខាងជើង នោះគឺការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងបាលិស្ទីគរបស់ប្រទេសខ្លួន ៕
-
ប្រធានាធិបតីរុស្ស៊ីបញ្ជាឱ្យធ្វើសមយុទ្ធបន្ទាន់ក្បែរព្រំដែនអ៊ុយក្រែន ដោយមានទាហាន១៥ម៉ឺននាក់ចូលរួម

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានចេញបញ្ជាឱ្យធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅតាមព្រំដែនប្រទេសអ៊ុយក្រែន ដែលមានការចូលរួមពីកងទាហានជិត១៥ម៉ឺននាក់ រួមជាមួយយន្ដហោះ និង នាវាចម្បាំងរាប់រយគ្រឿងទៀត នេះបើតាមសារព័ត៌មាន Dailymail នៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០ ។ រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក សឺហ្គី សយហ្គូ បានបញ្ជាក់ថា សមយុទ្ធខាងលើនេះ មានគោលបំណងដើម្បីធ្វើតេស្តការត្រៀមខ្លួនរបស់កងទ័ព នៅមុនសមយុទ្ធយោធា កូកាស៊ូស ឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ។ បើតាមក្រសួងការពារជាតិរុស្ស៊ី សមយុទ្ធនេះមានទាហានចូលរួមជិត១៥ម៉ឺននាក់ រួមទាំងកងទ័ពអាកាស និងទ័ពជើងទឹកនៃកងនាវាចរណ៍ភាគខាងជើង និងប៉ាស៊ីហ្វិក ។ សមយុទ្ធនេះដែរ ក៏មានការចូលរួមពីយន្តហោះជាង៤០០គ្រឿង និងនាវាជាង១០០គ្រឿងផងដែរ ហើយនឹងរៀបចំនៅសមុទ្រខ្មៅ និងសមុទ្រកាស្ប៉ាន ។ សូមបញ្ជាក់ថា ការប្រកាសពីការធ្វើសមយុទ្ធបន្ទាន់ខាងលើនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែនលោក អានឌី ថារ៉ាន បានប្រកាសថា ប្រទេសរបស់លោកនឹងធ្វើសមយុទ្ធផ្ទាល់ខ្លួនក្នុងខែកក្កដានេះដែរ ហើយលោកថែមទាំងបានលើកទឹកចិត្តដល់កងកម្លាំង NATO ឱ្យចូលរួមផងដែរ ៕ …
-
នាយករដ្ឋមន្រ្តីអង់គ្លេសសង្ឃឹមថា វិធានការរឹតត្បិតដើម្បីទប់ស្កាត់ COVID-19 នឹងចាប់ផ្តើមបន្ធូរបន្ថយជាបណ្តើរៗវិញចាប់ពីខែវិច្ឆិកាខាងមុខនេះ

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ថ្លែងថា វាគឺជាក្តីសង្ឃឹមយ៉ាងខ្លាំងរបស់លោកដែលថា យើងអាចពិនិត្យមើលឡើងវិញ ចំពោះវិធានការរឹតត្បឹត និងអនុញ្ញាតឲ្យមានការផ្លាស់ប្តូរ ដើម្បីនាំយកជីវិតធម្មតាត្រឡប់មកវិញជាបណ្តើរៗចាប់ពីខែវិច្ឆិកាខាងមុខ ដែលអាចទៅរួចនៅមុនថ្ងៃបុណ្យគ្រិស្មាក់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ថែមទាំងបានណែនាំឲ្យប្រជាជនគ្រប់គ្នាត្រៀមខ្លួន សម្រាប់ស្ថានការណ៍អាក្រក់ ឬការផ្ទុះរលក់ទី២នៃជម្ងឺ COVID-19 ដែលអាចនឹងកើតឡើងផងដែរ ។ បច្ចុប្បន្នអង់គ្លេស បានចាប់ផ្តើមសម្លឹងមើលអំពីលទ្ធភាព នៃការដកវិធានការរឹតបន្តឹងបន្ថែមទៀត ខណៈស្ថានការណ៍ជម្ងឺ COVID-19 នៅតំបន់អឺរ៉ុបទាំំងមូលបានធូរស្រាលឡើងវិញ ជាងតំបន់ផ្សេងៗទៀតទូទាំងពិភពលោក ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅទូទាំងចក្រភពអង់ គ្លេសមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុប២៩ម៉ឺន៣ពាន់២៣៩ករណី ក្នុងនោះមានអ្នកស្លាប់សរុប៤ម៉ឺន៥ពាន់២៣៣នាក់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕
-
ប្រមុខការពារជាតិជប៉ុនស្នើឱ្យសហរដ្ឋអាម៉េរិកធ្វើតេស្តរក COVID-19 លើកងទ័ពរបស់ខ្លូនសិន មុនពេលធ្វើដំណើរមកកាន់ជប៉ុន

ជប៉ុន៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ថារ៉ូ កូណូ បានបញ្ជាក់ថា រូបលោកបានស្នើឲ្យសហរដ្ឋអាម៉េរិកធ្វើតេស្តរកជំងឺ COVID-19 ទៅលើកងទ័ពរបស់ខ្លួនទាំងអស់ ដែលត្រូវធ្វើដំណើរមកកាន់ប្រទេសជប៉ុន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ សំណើខាងលើរបស់លោក ថារ៉ូ កូណូ បានធ្វើឡើងបន្ទាប់ពីករណីឆ្លងជម្ងឺ COVID-19 ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅឯតាមមូលដ្ឋានយោធាអាម៉េរិកនៅលើកោះ អូគីណាវ៉ា ដែលបានកើនឡើងដល់១៤០ករណីហើយ ។ ប្រមុខការពារជាតិជប៉ុនរូបនេះ បានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្ន ខាងភាគីសហរដ្ឋអាម៉េរិកបានឆ្លើយតបវិញថា ពួកគេកំពុងតែធ្វើការពិចារណាជុំវិញសំណើខាងលើនេះ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ មូលដ្ឋានទ័ពជើងទឹកអាម៉េរិកចំនួនពីរក្នុងខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុន ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន ។ សម្រាប់មូលដ្ឋានទ័ពដែលត្រូវបានសម្រេចបិទជាបណ្តោះអាសន្ននោះ គឺទំនងជាមូលដ្ឋានទ័ពជើងទឹក ហ៊្វូតែនម៉ា និង ហានសិន ដែលបានផ្ទុះករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ ។ សហរដ្ឋអាមេរិកមានកងទ័ពប្រមាណជាង៥ម៉ឺន ឈរជើងនៅលើកោះអូគីណាវ៉ា ៕
-
ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់អង់គ្លេស British Airways សម្រេចលែងប្រើប្រាស់ប្រភេទយន្តហោះខ្នាតយក្ស Boeing 747

អង់គ្លេស៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ចក្រភពអង់គ្លេស British Airways ដែលជាអ្នកប្រើប្រាស់យន្តហោះប្រភេទ Boeing 747 ច្រើនជាងគេក្នុងប្រតិបត្តិការរបស់ខ្លួន បានបញ្ជាក់ថា នឹងឈប់ប្រើប្រាស់យន្តហោះខ្នាតយក្សនេះរបស់ខ្លួនទៀតហើយ នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ វិធានការចុងក្រោយនេះ ជាលទ្ធផលបណ្តាលមកពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកធ្វើដំណើរ ដោយសារតែរដ្ឋាភិបាលនានាបានរឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺ COVID-19 ។ ដំបូងឡើយ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសនេះ គ្រោងនឹងបញ្ឈប់យន្តហោះប្រភេទ Boeing 747 នេះនៅឆ្នាំ២០២៤ខាងមុខ ដោយជំនួសវានឹងយន្តហោះផ្សេងដែលប្រើសាំងតិចជាង ប៉ុន្តែវិបត្តិ COVID-19 បានពន្លឿនការបញ្ឈប់នេះតែម្តង ៕
-
កូរ៉េខាងត្បូងបើកការស៊ើបអង្កេតលើប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង ជុំវិញការបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ
កូរ៉េខាងត្បូង៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គឺអ្នកនាង គីម យ៉ូចុង ត្រូវបានរដ្ឋអាជ្ញាទីក្រុង សេអ៊ូល បើកការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងការបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា រដ្ឋអាជ្ញាទីក្រុងសេអ៊ូល ទទួលបានពាក្យបណ្ដឹងមួយ ប្រឆាំងនឹងអ្នកនាង គីម យ៉ូចុង ពីសំណាក់មេធាវីដើមបណ្តឹងម្នាក់ ។ ហើយបើតាមអ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល ការស៊ើបអង្កេតមួយបានចាប់ផ្ដើមធ្វើឡើងហើយ ។ សូមរំលឹកថា កន្លងមក អ្នកនាង គីម យ៉ូចុង បានព្រមានថា ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលអ្នកនាងផ្ទាល់ហៅថា ការិយាល័យគ្មានប្រយោជន៍ នឹងត្រូវបំផ្ទុះកម្ទេចចោល ជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបរាជ័យក្នុងការរារាំងក្រុមសកម្មជនកូរ៉េខាងជើង កំពុងរស់នៅលើទឹកដីកូរ៉េខាងត្បូង បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ៕
-
សហរដ្ឋអាម៉េរិកកំពុងពិចារណាក្នុងការដាក់បំរាមធ្វើដំណើរលើមន្ត្រីបក្សកុម្មុយនិស្តចិនទាំងអស់

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងតែពិចារណាក្នុងការដាក់បំរាមធ្វើដំណើរទៅលើមន្ត្រីបក្សកុម្មុយនិស្តគ្រប់រូប រួមទាំងក្រុមក្រុមគ្រួសាររបស់ពួកគេផងដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ព័ត៌មានអំពីការត្រៀមដាក់បំរាមខាងលើនេះ ត្រូវបានបញ្ចេញដោយសារព័ត៌មាន New York Times ក្រោយទទួលបានប្រភពពីមន្ត្រីសេតវិមានម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលកំពុងតែសិក្សាលើការបង្កើតសេចក្តីព្រាងមួយ ដើម្បីត្រៀមដាក់ជូនលោក ដូណាល់ ត្រាំ ធ្វើការពិនិត្យ និងចេញសេចក្តីប្រកាសក្នុងពេលវេលាណាមួយដែលអាចទៅរួច ប៉ុន្តែសេចក្តីព្រាងនោះ មិនទាន់ត្រូវបានបញ្ជូនទៅកាន់ លោក ត្រាំ នៅឡើយទេ ។ គួរបញ្ជាក់ថា បើសិនបទបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ត្រូវបានបញ្ចេញដូចអ្វី ដែលមានសរសេរនៅក្នុងសេចក្តីព្រាងនោះ មន្ត្រីបក្សកុម្មុយនិស្តចិន និងសមាជិកក្រុមគ្រួសារពួកគេ ដែលមានសមាជិកសរុបជាង១០លាននាក់ នឹងត្រូវផ្អាកការផ្តល់ទិដ្ឋាការចូលមកក្នុងសហរដ្ឋអាមេរិក ៕