Category: ព័ត៌មានអន្តរជាតិ

  • លោក ដូណាល់ ត្រាំ ប្រកាសបិទទ្វារចរចាពាណិជ្ជកម្មដំណាក់កាលទី ២ ជាមួយចិន ព្រោះតែបញ្ហា COVID-19

    លោក ដូណាល់ ត្រាំ ប្រកាសបិទទ្វារចរចាពាណិជ្ជកម្មដំណាក់កាលទី ២ ជាមួយចិន ព្រោះតែបញ្ហា COVID-19

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន CBS ថា ឱកាសបើកកិច្ចចរចាពាណិជ្ជកម្មដំណាក់កាលទី ២ បានស្លាប់បាត់ទៅហើយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បានបន្ថែមថា យើងបានបង្កើតកិច្ចព្រមព្រៀងដ៏អស្ចារ្យដំណាក់កាលទី ១ រួចមកហើយ ប៉ុន្តែនៅពេលកិច្ចព្រមព្រៀងត្រូវបានសម្រេច ហើយទឹកប៊ិចមិនទាន់ស្ងួតផងនោះ ពួកគេបែបជាវាយប្រហារយើងដោយមេរោគ COVID-19 ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ចិនបានសន្យាទិញទំនិញ កសិកម្ម ថាមពល និងសេវាកម្មពីសហរដ្ឋអាម៉េរិក នៅក្នុងទំហំទឹកប្រាក់២០០ពាន់លានដុល្លារ សម្រាប់រយៈពេល០២ឆ្នាំ ។ ប៉ុន្តែលោក ត្រាំ បានអះអាងថា បញ្ហាបង្កឡើងដោយ COVID-19 នាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យលោកផ្លាស់ប្តូរទស្សនៈចំពោះកិច្ចព្រមព្រៀងដំណាក់កាលទី១ នោះទៅហើយ ៕

  • ការសិក្សាបង្ហាញថា ប្រជាជនសរុបលើពិភពលោកនឹងធ្លាក់ចុះ២ពាន់លាននាក់ នៅឆ្នាំ២១០០

    ការសិក្សាបង្ហាញថា ប្រជាជនសរុបលើពិភពលោកនឹងធ្លាក់ចុះ២ពាន់លាននាក់ នៅឆ្នាំ២១០០

    ភពផែនដីទាំងមូលនឹងមានមនុស្សសរុបត្រឹម៨.៨ពាន់លាននាក់ នៅឆ្នាំ២១០០ ធ្លាក់ចុះ២ពាន់លាននាក់ បើធៀបនឹងពេលបច្ចុប្បន្ននេះដែលជាតួលេខគ្រប់គ្រងដោយអង្គការសហប្រជាជាតិ នេះបើតាមការសិក្សាមួយ ចេញផ្សាយនៅថ្ងៃពុធទី១៥ កក្កដា ២០២០នេះ ជាការព្យាករណ៍ផ្អែកតាមអត្រាធ្លាក់ចុះនៃការមានកូន និងចំនួនមនុស្សចាស់ភាគច្រើន។ ក្រុមស្រាវជ្រាវអន្តរជាតិបានបញ្ចេញការសិក្សានេះ ចុះផ្សាយនៅទិនានុប្បវត្តិវេជ្ជសាស្រ្ត The Lancet ដោយបញ្ជាក់ថា នៅត្រឹមចុងសតវត្សរ៍នេះ ប្រទេស១៨៣ ក្នុងចំណោម១៩៥ប្រទេស ដែលបានដាក់ចេញបំរាមលំហូរជនអន្តោប្រវេសន៍ នឹងធ្វើឲ្យរក្សាកម្រិតចំនួនប្រជាជនក្នុងប្រទេសទាំងនោះ។ ប្រទេសច្រើនជាង២០ប្រទេស រួមមានទាំង Japan, Spain, Italy, Thailand, Portugal, South Korea និង Poland នឹងធ្លាក់ចុះចំនួនប្រជាជនយ៉ាងតិច ពាក់កណ្តាល។ រីឯប្រទេសចិនវិញ នឹងធ្លាក់ចុះចំនួនប្រជាជនពី១.៤ពាន់លាននាក់ មកនៅត្រឹម៧៣០លាននាក់ ក្នុងរយៈពេល៨០ឆ្នាំទៀត៕

  • លោក ដូណាល់ ត្រាំ និយាយថា ឥឡូវនេះ ហុងកុងនឹងត្រូវចាត់ទុកដូចចិនដីគោកដែរ ដោយគ្មានឯកសិទ្ធិពិសេស និង គ្មានការអនុគ្រោះសេដ្ឋកិច្ចពិសេស

    លោក ដូណាល់ ត្រាំ និយាយថា ឥឡូវនេះ ហុងកុងនឹងត្រូវចាត់ទុកដូចចិនដីគោកដែរ ដោយគ្មានឯកសិទ្ធិពិសេស និង គ្មានការអនុគ្រោះសេដ្ឋកិច្ចពិសេស

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងបញ្ចប់ការអនុគ្រោះពាណិជ្ជកម្ម សម្រាប់ទីក្រុងហុងកុង ហើយបានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មលើធនាគារនានា ជុំវិញការគៀបសង្កត់របស់ចិនលើទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទកាសែតមួយនៅឯសេតវិមានថា លោកបានចុះហត្ថលេខាលើច្បាប់ស្តីពីស្វ័យភាពហុងកុង ដែលបានអនុម័តដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងសភា ខណៈចិនជំរុញចេញច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងក្នុងក្រុងហុងកុង ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ឥឡូវនេះ ហុងកុងនឹងត្រូវចាត់ទុកដូចចិនដីគោកដែរ ដោយគ្មានឯកសិទ្ធិពិសេស គ្មានការអនុគ្រោះសេដ្ឋកិច្ចពិសេស និង គ្មានការនាំចេញនូវបច្ចេកវិជ្ជារសើបនោះឡើយ ។ សូមបញ្ជាក់ថា ច្បាប់ថ្មីរបស់សហរដ្ឋអាម៉េរិកនឹងអនុញ្ញាតឱ្យមានការដាក់ទណ្ឌ កម្មប្រឆាំងនឹងមន្រ្តីចិន ក៏ដូចជាប៉ូលិសហុងកុង ដែលត្រូវគេមើលឃើញថា កំពុងរារាំងដល់ស្វ័យភាពរបស់ទីក្រុងនេះ ហើយសំខាន់បំផុតនោះ គឺធនាគារណាដែលធ្វើប្រតិបត្តិការសំខាន់ៗជាមួយប្រទេសចិន ៕

  • ទីបំផុតអង់គ្លេសសម្រេចហាមឃាត់ការទិញបរិក្ខា 5G ពីក្រុមហ៊ុន Huawei របស់ចិន គិតចាប់ពីឆ្នាំក្រោយ

    ទីបំផុតអង់គ្លេសសម្រេចហាមឃាត់ការទិញបរិក្ខា 5G ពីក្រុមហ៊ុន Huawei របស់ចិន គិតចាប់ពីឆ្នាំក្រោយ

    អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបានបង្គាប់ឱ្យក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ ក្នុងប្រទេសរបស់ខ្លួន បញ្ឈប់ការទិញបរិក្ខា 5G ពីក្រុមហ៊ុនចិន ហូវៃ ចាប់ពីឆ្នាំក្រោយនេះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ បន្ថែមលើនេះ រដ្ឋាភិបាលអង់គ្លេសក៏បានបង្គាប់ឱ្យក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ ត្រូវបោសសម្អាតឱ្យអស់នូវរាល់បរិក្ខា ឬបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិន ចេញពីបណ្ដាញ networks របស់ពួកគេនៅត្រឹមឆ្នាំ២០២៧ខាងមុខនេះ ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ នៅថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់ថា វាគឺជារឿងគួរឱ្យសោកស្ដាយ និងជាដំណឹងដ៏អាក្រក់សម្រាប់ប្រជាជននៅអង់គ្លេស ។ សូមជម្រាបថា រដ្ឋមន្ត្រីបច្ចេកវិទ្យាឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និង កីឡាអង់គ្លេស លោក Oliver Dowden គឺជាអ្នកប្រាប់សភាអង់គ្លេស ពីការសម្រេចចិត្ត ខាងលើនេះ ដែលអាចនឹងធ្វើឱ្យប្រទេសចិនផ្ទុះកំហឹង ខណៈសហរដ្ឋអាម៉េរិកស្វាគមន៍ និងពេញចិត្តជាខ្លាំងចំពោះការសម្រេចចិត្តបែបនេះ ៕

  • លោក ដូណាល់ ត្រាំ និយាយថា លោកមានទំនាក់ទំនងល្អជាមួយអ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាម៉េរិក ប៉ុន្តែតែងតែមានការខ្វែងគំនិតគ្នា

    លោក ដូណាល់ ត្រាំ និយាយថា លោកមានទំនាក់ទំនងល្អជាមួយអ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាម៉េរិក ប៉ុន្តែតែងតែមានការខ្វែងគំនិតគ្នា

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកពិតជាមានទំនាក់ទំនងល្អជាមួយអ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី ប៉ុន្តែមិនមែនតែងតែយល់ស្របជាមួយនឹងគាត់គ្រប់រឿងនោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា ខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយលោកវេជ្ជបណ្ឌិត ហ្វូស៊ី ខ្ញុំចាត់ទុកគាត់ថា ជាមនុស្សដ៏ល្អម្នាក់ តែខ្ញុំតែងតែមិនយល់ស្របជាមួយនឹងគាត់ ។ ដោយឡែកកាលពីសប្តាហ៍មុននេះ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា លោកវេជ្ជបណ្ឌិត ហ្វូស៊ី បានធ្វើឱ្យមានកំហុសយ៉ាងច្រើន ទាក់ទងនឹងជំងឺរាតត្បាតជាសកលមួយនេះ ។ សូមបញ្ជាក់ថា នៅក្នុងរយៈពេលតិចជាងបួនខែ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកនោះ លោក ត្រាំ បានបង្រួមអប្បបរមានូវការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិក ទោះបីជាប្រទេសនេះ មានចំនួនអ្នកឆ្លងខ្ពស់ដល់ទៅជាង៣.៤លានករណី និងមានអ្នកស្លាប់ជិត១៤ម៉ឺននាក់ដែលជាចំនួនឆ្លង និង ស្លាប់ខ្ពស់បំផុតនៅលើពិភពលោក ៕ …

  • ចិនដាក់ទណ្ឌកម្មសមាជិកសភាសហរដ្ឋអាម៉េរិកវិញ បន្ទាប់ពីមន្ត្រីចិនរងទណ្ឌកម្មពាក់ព័ន្ធនឹងរឿងបំពានសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង

    ចិនដាក់ទណ្ឌកម្មសមាជិកសភាសហរដ្ឋអាម៉េរិកវិញ បន្ទាប់ពីមន្ត្រីចិនរងទណ្ឌកម្មពាក់ព័ន្ធនឹងរឿងបំពានសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង

    ចិន៖ រដ្ឋាភិបាលចិន នៅថ្ងៃចន្ទនេះ បានដាក់ទណ្ឌកម្មសងសឹកវិញ ទៅលើតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យចំនួន០៣រូប និងបេសកជនអាម៉េរិកមួយរូបទៀតផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ តំណាងរាស្ត្រ និង បេសកជនអាម៉េរិក ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មរបស់ចិននោះ មានលោក Marco Rubio និងលោក Ted Cruz ដែលជាសមាជិកព្រឹទ្ធសភា រួមជាមួយនឹងលោក Chris Smith ដែលជាតំណាងរាស្ត្រ ។ បុគ្គលទាំង៣រូបនេះ ត្រូវបានគេដឹងថា ជាអ្នកនិយាយតិះទៀនរដ្ឋាភិបាលចិនខ្លាំងជាងគេ ។ ចំណែកឯ លោក Sam Brownback ដែលជាឯកអគ្គរដ្ឋទូតអាម៉េរិកទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិក៏មានឈ្មោះក្នុងបញ្ជីផងដែរ ។ ការដាក់ទណ្ឌកម្មរបស់ចិន ទៅលើមន្ត្រីអាម៉េរិកខាងលើនេះ ធ្វើឡើងបន្ទាប់សហរដ្ឋអាម៉េរិកកាលពីថ្ងៃ០៩ ខែកក្កដា បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបក្នុងតំបន់ស៊ីនជាំង ពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្ស លើជនជាតិភាគតិចមូស្លីមវីហ្គ័រនៅតំបន់ស៊ីនជាំង ។ យ៉ាងណាមិញ ទណ្ឌកម្មរបស់ចិនពុំបានបញ្ជាក់ពីវិធានការអ្វីឡើយ ដែលនឹងដាក់ទៅតំណាងរាស្ត្រ និងអ្នកការទូតអាម៉េរិក ៕

  • យន្ដហោះស៊ើបការណ៍សហរដ្ឋអាម៉េរិកហោះល្បាតក្បែរឆ្នេរសមុទ្រចិន ដែលគេជឿជាក់ថា មានគោលដៅតាមឃ្លាំមើលសកម្មភាពយោធាក្នុងតំបន់

    យន្ដហោះស៊ើបការណ៍សហរដ្ឋអាម៉េរិកហោះល្បាតក្បែរឆ្នេរសមុទ្រចិន ដែលគេជឿជាក់ថា មានគោលដៅតាមឃ្លាំមើលសកម្មភាពយោធាក្នុងតំបន់

    សហរដ្ឋអាម៉េរិក៖ យន្ដហោះស៊ើបការណ៍ E-8C មួយគ្រឿងរបស់អាម៉េរិក បានហោះមកក្បែរខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន នៅថ្ងៃចន្ទម្សិលមិញ ពោលគឺចំថ្ងៃតែមួយដែលកោះតៃវ៉ាន់បានចាប់ផ្ដើមការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ នេះបើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ វត្តមានរបស់យន្ដហោះស៊ើបការណ៍អាម៉េរិកខាងលើនេះ កើតមានឡើងនៅក្នុងបរិបទដែលទំនាក់ទំនងចិន និងសហរដ្ឋអាម៉េរិក កំពុងតានតឹងរឹតតែខ្លាំងឡើង ជុំវិញបញ្ហាជាច្រើនក្នុងនោះរួមមានទីក្រុងហុងកុង សមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ។ គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានបញ្ជូននាវាចម្បាំង និង យន្ដហោះចម្បាំងមកកាន់ដែនទឹកកោះតៃវ៉ាន់ជាច្រើនលើក ដើម្បីបង្ហាញពីសេរីភាពនាវាចរ និងការប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាតៃវ៉ាន់ ពីការគំរាមកំហែងនានា ៕

  • សហរដ្ឋអាម៉េរិកកំពុងពិចារណាយ៉ាងប្រុងប្រយ័ត្ន លើវិធានការតបតច្បាប់សន្តិសុខជាតិថ្មី ដែលចិនអនុម័តឲ្យប្រើនៅទីក្រុងហុងកុង

    សហរដ្ឋអាម៉េរិកកំពុងពិចារណាយ៉ាងប្រុងប្រយ័ត្ន លើវិធានការតបតច្បាប់សន្តិសុខជាតិថ្មី ដែលចិនអនុម័តឲ្យប្រើនៅទីក្រុងហុងកុង

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកកំពុងពិចារណាលើជម្រើស ក្នុងការឆ្លើយតបទៅកាន់ចិន ពាក់ព័ន្ធនឹងសំណុំរឿងទីក្រុងហុងកុង ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងជួបភាពតានតឹងខ្លាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា វិធានការដែលកំពុងស្ថិតក្រោមការពិចារណារបស់សេតវិមាន ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន ក៏ដូចជាប្រឆាំងនឹងផលិតផលផលិតនៅក្នុងទីក្រុងហុងកុង ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា អាចនឹងជះឥទ្ធិពលតិចតួចប៉ុណ្ណោះ ដល់ការធ្វើសមារណកម្មនយោបាយ និងប្រព័ន្ធសន្តិសុខរបស់ទីក្រុងហុងកុង ដោយប្រទេសចិន ។ សូមរំលឹកផងដែរថា ក្រុមមន្ត្រីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានពិភាក្សាគ្នាលើសំណុំរឿងទីក្រុងហុងកុង និងគ្រោងបើកកិច្ចពិភាក្សាជាថ្មីម្ដងទៀតនៅក្នុងសប្ដាហ៍នេះ ហើយពួកគេអាចនឹងប្រកាសដាក់ទណ្ឌកម្ម ឬវិធានការនានាផងដែរ ។ ប៉ុន្តែប្រទេសចិនក៏ធ្លាប់បានព្រមានជាច្រើនលើករួចហើយថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការឆ្លើយតបវិញ ៕

  • ប្រធានសភាតំណាងរាស្រ្តអាម៉េរិកចោទលោក ដូណាល់ ត្រាំ ថា កំពុងធ្វើរឿង ស្មុគស្មាញជាមួយនឹងសុខភាពកុមារ ជុំវិញការជំរុញឱ្យបើកសាលារៀនឡើងវិញ

    ប្រធានសភាតំណាងរាស្រ្តអាម៉េរិកចោទលោក ដូណាល់ ត្រាំ ថា កំពុងធ្វើរឿង ស្មុគស្មាញជាមួយនឹងសុខភាពកុមារ ជុំវិញការជំរុញឱ្យបើកសាលារៀនឡើងវិញ

    សហរដ្ឋអាម៉េរិក៖ ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី ណាន់ស៊ី ភែលឡូស៊ី បានចោទប្រកាន់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា កំពុងធ្វើរឿងស្មុគស្មាញជាមួយនឹងសុខភាពរបស់កុមារ ដោយលោកស្រីបញ្ជាក់ថា គោលការណ៍ណែនាំរបស់សហព័ន្ធស្តីពីការបើកសាលារៀនឡើងវិញ ចំពេលមានការផ្ទុះឡើងនៃវីរុស COVID-19 គួរតែមានជាចាំបាច់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោកស្រី ណាន់ស៊ី ភែលឡូស៊ី បាននិយាយថា លោកប្រធានាធិបតី និងរដ្ឋបាលរបស់លោក កំពុងធ្វើឱ្យមានភាពរញ៉េរញ៉ៃជាមួយនឹងសុខភាពរបស់កុមារៗរបស់ពួកយើង… យើងទាំងអស់គ្នាចង់ឱ្យកូនៗរបស់យើងត្រលប់ទៅសាលារៀនវិញ ទាំងឱពុកម្តាយ និងទាំងកូនៗ ប៉ុន្តែពួកគេត្រូវត្រឡប់ទៅវិញដោយមានសុវត្ថិភាព ។ ការកត់សម្គាល់បែបនេះរបស់លោកស្រី ភែលឡូស៊ី ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បាននិយាយវាយប្រហារអង្គភាព CDC ដែលជាទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងគោលការណ៍ណែនាំនៃការបើកសាលារៀនឡើងវិញ ដែលរូបលោកបានបញ្ជាក់ថា មានភាពតឹងរឹង ចំណាយប្រាក់ច្រើន និងគ្មានប្រសិទ្ធភាព៕

  • មនុស្ស២១នាក់របួស ក្នុងហេតុការណ៍ឆេះនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនៅសហរដ្ឋអាម៉េរិក

    មនុស្ស២១នាក់របួស ក្នុងហេតុការណ៍ឆេះនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនៅសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ យ៉ាងហោចណាស់មានមនុស្ស២១នាក់បានទទួលរងរបួស បន្ទាប់ពីនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពជើងអាម៉េរិក ដែលស្ថិតនៅមូលដ្ឋានទ័ពជើងទឹកទីក្រុង San Diego ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានអគ្គីភ័យឆាបឆេះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ នាវាដឹកយន្តហោះចម្បាំងមានឈ្មោះថា USS Bonhomme Richard ត្រូវបានអគ្គិភ័យលេបត្របាក់ ខណៈនាវិកសរុប១៦០នាក់កំពុងស្ថិតនៅលើនោះ ។ ក្នុងចំណោមអ្នករងរបួសទាំង២១នាក់នេះ ក្នុងនោះ១៧នាក់ជានាវិក និង ០៤នាក់ទៀតជាជនស៊ីវិល ហើយពួកគេទាំងអស់មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ។ សម្រាប់ការឆាបឆេះនេះដែរ បានកើតឡើងអំឡុងពេលដែលនាវាដឹកយន្តហោះចម្បាំង USS Bonhomme Richard កំពុងស្ថិតនៅក្នុងការ Upgrade សមត្ថភាព ដើម្បីឲ្យវាអាចផ្ទុកនាវិករហូតដល់ទៅ១ពាន់នាក់ ៕