Category: ព័ត៌មានអន្តរជាតិ

  • វៀតណាមដាក់គោលដៅបញ្ចប់ជំងឺផ្តាសាយជ្រូកអាហ្វ្រិក ក្រោយផ្ទុះជាថ្មីនៅ២០ខេត្ត-ក្រុង

    វៀតណាមដាក់គោលដៅបញ្ចប់ជំងឺផ្តាសាយជ្រូកអាហ្វ្រិក ក្រោយផ្ទុះជាថ្មីនៅ២០ខេត្ត-ក្រុង

    វៀតណាម៖ វៀតណាមបានដាក់ចេញផែនការនឹងលែងឲ្យមានជំងឺផ្តាសាយជ្រូកអាហ្វិកនៅជាង៩០ភាគរយនៃបណ្តាឃុំ និងលែងឲ្យមានទូទាំងប្រទេសតែម្តង នៅត្រឹមឆ្នាំ២០២៥។ គោលដៅនេះត្រូវបានកំណត់ក្នុងផែនការជាតិ២០២០-២៥ ស្តីពីការទប់ស្កាត់ជំងឺផ្តាសាយជ្រូកអាហ្វ្រិក ដែលត្រូវបានឯកភាពដោយឧបនាយករដ្ឋមន្ត្រីវៀតណាម Trinh Dinh Dung ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១៣ កក្ដដានេះ។ ផែនការនេះក៏ត្រូវបានដាក់ចេញ ស្របពេលដែល ថ្មីៗនេះ មានផ្ទុះជំងឺផ្តាសាយជ្រូកអាហ្វ្រិកជថាថ្មីនៅ២០ខេត្ត-ក្រុង ដែលមានការសម្លាប់ជ្រូកប្រមាណ១ម៉ឺនក្បាល ខណៈដែលហានិភ័យនៃការឆ្លងរីករាលដាលមានកម្រិតខ្ពស់ ធ្វើឲ្យពិបាកក្នុងការផ្គត់ផ្គង់តាមតម្រូវការ។ តាមផែនការ នឹងមានការកំណត់តំបន់ឆ្លង ដាក់ចេញវិធានការទប់ស្កាត់ គ្រប់គ្រងការដឹកជញ្ជូន និងការសម្លាប់ជ្រូកសង្ស័យថាឈឺ ជាដើម។ បើតាមប្រភព មកទល់ពេលនេះ ពុំមានវ៉ាក់សាំងប្រឆាំងនឹងវីរុសជំងឺផ្តាសាយជ្រូកអាហ្វ្រិក នៅឡើយទេ៕

  • អង្គការសុខភាពពិភពលោក WHO ជឿជាក់ថា ការផ្ទុះជំងឺរលាកសួតថ្មីមួយក្នុងប្រទេសកាហ្សាក់ស្ថាន អាចមានជាប់ពាក់ព័ន្ធនឹងជំងឺ COVID-19

    អង្គការសុខភាពពិភពលោក WHO ជឿជាក់ថា ការផ្ទុះជំងឺរលាកសួតថ្មីមួយក្នុងប្រទេសកាហ្សាក់ស្ថាន អាចមានជាប់ពាក់ព័ន្ធនឹងជំងឺ COVID-19

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា ការផ្ទុះជំងឺរលាកសួតថ្មីមួយ ដែលត្រូវបានគេរាយការណ៍នៅក្នុងប្រទេសកាហ្សាក់ស្ថាននោះ អាចជាមានជាប់ទាក់ទិននឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។ នាយកប្រតិបត្តិកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការ WHO លោកវេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន បានថ្លែងក្នុងសន្និសីទកាសែតខ្លីមួយថា ការឆ្លងរាតត្បាតនៃវីរុសថ្មីនៅក្នុងប្រទេសប្រជាជាតិអាស៊ីកណ្តាលមួយនេះ គឺពិតជាស្ថិតលើរ៉ាដារបស់យើង ហើយអង្គការសុខភាពពិភពលោក WHO កំពុងធ្វើការជាមួយអាជ្ញាធរសុខាភិបាលក្នុងតំបន់ ចំពេលមានការកើនឡើងនៃករណីដែលបានរាយការណ៍ ។ ហើយបច្ចុប្បន្នអង្គការ WHO ក៏កំពុងធ្វើការជាមួយអាជ្ញាធរសុខាភិបាល ដើម្បីស្រាវជ្រាវ និងពិនិត្យមើលតាមរយៈកាំរស្មីអ៊ិច ដើម្បីពិនិត្យមើលថាតើករណីទាំងនេះ មានជាប់ពាក់ព័ន្ធនឹងវីរុស COVID-19 ដែរឬទេ ។ ការកត់សម្គាល់ខាងលើនេះរបស់លោកវេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន បានកើតមានឡើងក្រោយរដ្ឋាភិបាលកាហ្សាក់ស្ថានបានចេញមុខមកច្រានចោលភ្លាមៗ នូវការអះអាងរបស់ស្ថានទូតចិនដែលបានព្រមានថា មានករណីផ្ទុះជំងឺរលាកសួតថ្មីមួយ ដែលគេមិនទាន់ដឹងប្រភពច្បាស់លាស់នៅឡើយ ខណៈជំងឺប្រភេទថ្មីនេះ បានសម្លាប់មនុស្សប្រមាណជាង១ពាន់៧រយនាក់ រួចស្រេចទៅហើយនៅប្រទេសអាស៊ីកណ្តាលមួយនេះ ៕

  • សហរដ្ឋអាម៉េរិកចាត់ទុកការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រ គឺជាជំហានចាំបាច់ ដើម្បីស៊ើបរកការពិតពីដើមកំណើតវីរុសកូរ៉ូណានៅចិន

    សហរដ្ឋអាម៉េរិកចាត់ទុកការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រ គឺជាជំហានចាំបាច់ ដើម្បីស៊ើបរកការពិតពីដើមកំណើតវីរុសកូរ៉ូណានៅចិន

    ស្វីស៖ ឯកអគ្គរដ្ឋអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក អាន់ឌ្រូ ប្លូមប៊ឺក បាននិយាយថា យើងស្វាគមន៍ការស៊ើបអង្កេតដោយអង្គការ WHO… យើងចាត់ទុកការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រ គឺជាជំហានចាំបាច់ ដើម្បីឲ្យមានការយល់ដឹងពេញលេញ និងប្រកបដោយតម្លាភាពអំពីរបៀបដែលវីរុសកូរ៉ូណា បានរីករាលដាលពាសពេញពិភពលោក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២០ ។ ការថ្លែងស្វាគមន៍ពីសំណាក់សហរដ្ឋអាម៉េរិកខាងលើនេះ គឺជាការយល់ព្រមដោយឥតព្រាងទុកមួយ ចំពោះការស៊ើបអង្កេត ធ្វើឡើងដោយអង្គការសុខភាពពិភពលោក WHO ខណៈកន្លងមកអង្គការអន្តរជាតិមួយនេះ បានទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់លោក ដូណាល់ ត្រាំ ។ សូមជម្រាបថា ក្រុមការងារដឹកនាំដោយអង្គការសុខភាពពិភពលោក WHO នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះហើយ ដើម្បីចាប់ផ្តើមដំណើរការស៊ើបអង្កេតរកប្រភពដើម នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 និងដោយមានការគាំទ្រពីរដ្ឋាភិបាលទីក្រុងប៉េកាំងផងដែរ ៕

  • លោក ដូណាល់ ត្រាំ ព្រមានថា ទំនាក់ទំនងជាមួយចិនត្រូវបានបំផ្លាញធ្ងន់ធ្ងរ ដោយសារ COVID-19

    លោក ដូណាល់ ត្រាំ ព្រមានថា ទំនាក់ទំនងជាមួយចិនត្រូវបានបំផ្លាញធ្ងន់ធ្ងរ ដោយសារ COVID-19

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានសម្រេចចិត្តលុបចោលការជួបជុំឃោសនាបោះឆ្នោត ហើយរូបលោកថែមទាំងបានពន្លះប្រទេសចិនទាក់ទិននឹងវីរុសរាតត្បាតកូរ៉ូណា អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់រដ្ឋមួយក្នុងចំណោមរដ្ឋដែលរងគ្រោះខ្លាំងបំផុត នេះបើតាមសារព័ត៌ មាន AFP នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។ ស្របដែលជិះយន្តហោះចូលទៅក្នុងរដ្ឋផ្លរីដា សម្រាប់កម្មវិធីរៃអង្គាសប្រាក់ យុទ្ធ នាការបោះឆ្នោត ដោយមិនអើពើនឹងដំបូន្មានសុខភាព អំពីគ្រោះថ្នាក់នៃជួបជុំធំៗនោះ លោក ត្រាំ បានព្រមានពីទំនាក់ទំនងកាន់តែយ៉ាប់យឺនជាមួយប្រទេសចិន ជាទីដែលវីរុសកូរ៉ូណាថ្មីបានផ្ទុះឡើងកាលពីចុងឆ្នាំមុន ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា ទំនាក់ទំនងជាមួយចិនត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ… ពួកគេគួរតែអាចបញ្ឈប់ជំងឺរាតត្បាតនេះបាន… ពួកគេមិនបានបញ្ឈប់វាទេ ។ បន្ថែមលើនេះ លោក ដូណាល់ ត្រាំ ក៏បានបង្ហាញសញ្ញាផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីពីរជាមួយចិន ឥឡូវនេះ មិនមែនជាអាទិភាពទេ ហើយថា គាត់មានរឿងជាច្រើនទៀត គិតនៅក្នុងចិត្តជំនួសវិញ ៕

  • សភាអឺរ៉ុបអនុម័តច្បាប់ថ្មី ដើម្បីអនុញ្ញាតឱ្យការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 បានកាន់តែលឿន

    សភាអឺរ៉ុបអនុម័តច្បាប់ថ្មី ដើម្បីអនុញ្ញាតឱ្យការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 បានកាន់តែលឿន

    ប៊ែលហ្ស៊ិក៖ សមាជិកសភាអឺរ៉ុប (MEPs) នៅថ្ងៃសុក្រនេះ បានអនុម័តច្បាប់ថ្មីមួយ ក្នុងគោលបំណងអនុញ្ញាតឱ្យការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 បានកាន់តែលឿន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។ ដោយសារតែរដ្ឋជាសមាជិកនីមួយៗនៅសហភាពអឺរ៉ុប តែងតែតម្រូវឱ្យមានការវាយតម្លៃពីហានិភ័យ នៃការព្យាបាលសាកល្បងលើឱសថ និងការតេស្តវ៉ាក់សាំងតាមរយៈការកែប្រែហ្សែនលើសារពាង្គ ដោយបច្ចេកទេសវិស្វកម្ម GMOs ជាហេតុធ្វើឱ្យមានការពន្យារពេលលើកការធ្វើតេស្តវ៉ាក់សាំងកន្លងមកនេះ ។ ដូច្នេះច្បាប់ថ្មីរបស់អឺរ៉ុបនេះ ត្រូវបានគេរំពឹងថា នឹងជួយសម្រួល ក៏ដូចជាការកាត់ពេលវេលា ក្នុងការអភិវឌ្ឍវ៉ាក់សាំង ដើម្បីសង្គ្រោះជិវិតមនុស្សឱ្យទាន់ពេលវេលា ។ សូមបញ្ជាក់ថា ច្បាប់ថ្មីនេះ នឹងលើកលែងជាបណ្តោះអាសន្នលើវិធីសាស្ត្រមួយចំនួនលើការសាកល្បងវ៉ាក់សាំង ដោយទទួលបានសំឡេងគាំទ្រ៥០៥សំឡេង ប្រឆាំង៦៧សំឡេង និងអនុប្បវាទ១០៩សំឡេង បន្ទាប់ពីការជជែកដេញដោលជាបន្ទាន់មួយត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ៕

  • លោក លី សៀនឡុង សន្យាថា នឹងប្រើអាណត្តិថ្មីនេះ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីដោះស្រាយវិបត្តិ COVID-19 និងការធ្លាក់ចុះសេដ្ឋកិច្ច

    លោក លី សៀនឡុង សន្យាថា នឹងប្រើអាណត្តិថ្មីនេះ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីដោះស្រាយវិបត្តិ COVID-19 និងការធ្លាក់ចុះសេដ្ឋកិច្ច

    សិង្ហបុរី៖ តាមរយៈសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតកាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ដែលបានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនសកម្ម ឬ PAP របស់លោក លី សៀនឡុង ទទួលបានអាសនៈចំនួនរហូតដល់៨៣អាសនៈ ក្នុងចំណោមអាសនៈសរុប៩៣ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នានឹងលទ្ធផលដ៏គប់ប្រសើរនេះដែរ នាយករដ្ឋមន្ត្រីសង្ហិបុរីលោក លី សៀនឡុង បាននិយាយថា យើងទទួលបានអាសនៈច្រើនដាច់គេ ប៉ុន្តែភាគរយនៃចំនួនពលរដ្ឋដែលបានចេញទៅបោះឆ្នោតលើកនេះ គឺមិនច្រើនដូចជាការរំពឹងទុករបស់លោកទេ ។ ជាមួយគ្នានេះ លោក លី បានអះអាងថា គណបក្សប្រជាជនសកម្មរបស់លោក នឹងចាត់ទុកអាសនៈទាំង៨៣អាសនៈដែលបានឈ្នះនៅក្នុងកាលៈទេសៈបែបនេះ គឺជាសញ្ញាយល់ព្រម និងពេញចិត្តរបស់ប្រជាជន ចំពោះគោលនយោបាយ និងផែនការរបស់គណបក្សលោក ។ ជាងនេះទៅទៀតនោះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី និងជាប្រធានគណបក្ស PAP រូបនេះថែមទាំងបានសន្យាដែរថា នឹងប្រើប្រាស់អាណត្តិមួយនេះ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីដោះស្រាយវិបត្តិ COVID-19 និងការធ្លាក់ចុះសេដ្ឋកិច្ច ដែលប្រទេសកំពុងប្រឈមមុខដូចពេលបច្ចុប្បន្ន ៕

  • រដ្ឋកាលីហ្វ័រញ៉ា គ្រោងប្តឹងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងគោលនយោបាយ ដែលគំរាមដកហូតទិដ្ឋាការរបស់និស្សិតបរទេស

    រដ្ឋកាលីហ្វ័រញ៉ា គ្រោងប្តឹងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងគោលនយោបាយ ដែលគំរាមដកហូតទិដ្ឋាការរបស់និស្សិតបរទេស

    សហរដ្ឋអាម៉េរិក៖ រដ្ឋកាលីហ្វ័រញ៉ានឹងប្តឹងរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ទាក់ទិននឹងគោលនយោបាយរបស់ខ្លួន ដែលគំរាមដកហូតទិដ្ឋាការរបស់និស្សិតបរទេស ដែលវគ្គសិក្សារបស់ពួកគេបានប្តូរមករៀនតាមអនឡាញ ដោយសារតែការរាតត្បាតនៃជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។ បណ្តឹងដែលនឹងប្តឹងដោយលោកអគ្គរដ្ឋអាជ្ញា សាវីយើ បេសេរ៉ា បានមានកើតឡើងស្របពេលដែលលោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យគ្រឹះស្ថានអប់រំរបស់សហរដ្ឋអាម៉េរិកបើកដំណើរការឡើងវិញ សូម្បីជំងឺរាតត្បាត COVID-19 នៅតែបន្តកើនឡើង ជាពិសេសនៅភាគខាងត្បូង និងខាងលិចប្រទេស ។ សេចក្តីថ្លែងការណ៍មួយដែលប្រកាសពីការប្តឹងនោះ បានឱ្យដឹងថា គោលនយោបាយមិនស្របច្បាប់របស់រដ្ឋបាលលោក ត្រាំ បានធ្វើឱ្យមានការរីករាលដាល COVID-19 និង និរទេសនិស្សិតមហាវិទ្យាល័យរាប់សែននាក់ដែលកំពុងសិក្សានៅសហរដ្ឋអាម៉េរិក ។ សូមរំលឹកថា កាលពីថ្ងៃចន្ទនេះ ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយអាម៉េរិក ICE បានបញ្ជាក់ថា និស្សិតបរទេសដែលចុះឈ្មោះចូលរៀនតាមអនឡាញទាំងស្រុង សម្រាប់ឆមាសទី ១ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនោះឡើយ ។ វិធានការនេះ ត្រូវបានគេមើលឃើញថា ជាវិធានការរបស់សេតវិមានក្នុងការដាក់សម្ពាធលើស្ថាប័នអប់រំ ដែលកំពុងប្រកាន់យកនូវវិធីសាស្រ្តប្រុងប្រយ័ត្ន ក្នុងការបើកដំណើរការឡើងវិញ ក្នុងពេលកំពុងមានការរាតត្បាតនៃជម្ងឺ COVID-19 ៕ …

  • សហរដ្ឋអាម៉េរិកមានផែនការលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ជាង១០៥គ្រឿងទៅឱ្យជប៉ុន ក្នុងតម្លៃជាង២៣.១ពាន់លានដុល្លារ

    សហរដ្ឋអាម៉េរិកមានផែនការលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ជាង១០៥គ្រឿងទៅឱ្យជប៉ុន ក្នុងតម្លៃជាង២៣.១ពាន់លានដុល្លារ

    សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាម៉េរិក DSCA របស់មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បត្តិ៍នេះ បានបញ្ជូនលិខិតទៅកាន់សភាហើយ ពាក់ព័ន្ធនឹងការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យប្រទេសជប៉ុន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ ជាមួយគ្នានេះ ទីភ្នាក់ងារ DSCA បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងការបរទេសអាម៉េរិកបានយល់ព្រមលើលទ្ធភាពលក់យន្តហោះចម្បាំងប្រភេទ F-35 ចំនួន១០៥គ្រឿងក្នុងនោះរួមមានយន្តហោះ F-35A ចំនួន៦៣គ្រឿង និង F-35B ចំនួន៤២គ្រឿង បូករួមទាំងម៉ាស៊ីនយន្តហោះប្រភេទ Pratt ចំនួន១១០គ្រឿង និង Whitney F135 ចំនួន១១០គ្រឿង ព្រមទាំងឧបករណ៍ពាក់ព័ន្ធជាច្រើនទៀត ដែលមានតម្លៃ២៣.១១ពាន់លានដុល្លារឱ្យទៅជប៉ុន។ បើតាមសេចក្តីប្រកាសដដែលនេះ  ការលក់ដ៏មានសក្តានុពលនេះ នឹងជួយគាំទ្រដល់ផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការពង្រឹងសមត្ថភាពសន្តិសុខរបស់ជប៉ុន ៕

  • ប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើងនិយាយថា ការរៀបចំកិច្ចប្រជុំកំពូលជាថ្មីទៀតជាមួយសហរដ្ឋអាម៉េរិក គឺជារឿងគ្មានប្រយោជន៍

    ប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើងនិយាយថា ការរៀបចំកិច្ចប្រជុំកំពូលជាថ្មីទៀតជាមួយសហរដ្ឋអាម៉េរិក គឺជារឿងគ្មានប្រយោជន៍

    កូរ៉េខាងជើង៖ ប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង គឺលោកស្រី គីម យ៉ូជុង បាននិយាយថា ការបើកកិច្ចប្រជុំកំពូលថ្មីទៀតជាមួយសហរដ្ឋអាម៉េរិក គឺជារឿងមិនចាំបាច់ និងគ្មានប្រយោជន៍ទាល់តែសោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។ លោកស្រី គីម យ៉ូជុង បានសង្កត់ធ្ងន់ថា ដរាបណាសហរដ្ឋអាម៉េរិកនៅតែមិនព្រមផ្លាស់ប្តូររបៀបចរចារបស់ខ្លួនទេនោះ កិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរ គឺជារឿងមិនចាំបាច់ និងគ្មានប្រយោជន៍ ដែលត្រូវតែធ្វើឡើងម្តងទៀត ។ យ៉ាងណាមិញ លោកស្រីក៏បានអំពាវនាវឲ្យអាម៉េរិកបោះបង់ចោល នូវគោលនយោបាយអរិភាពមកលើកូរ៉េខាងជើង បើចង់ឃើញដំណើរការ នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរកើតឡើងមែននោះ ។ ការកត់សម្គាល់បែបនេះរបស់លោកស្រី គីម ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័តមានផ្លូវការរបស់កូរ៉េខាងជើង និងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា ប្រទេសរបស់លោកពោលពេញដោយក្តីសង្ឃឹម លើការបន្តកិច្ចចរចាគ្នាជាមួយកូរ៉េខាងជើងនៅគ្រប់កម្រិតទាំងអស់ ៕

  • ប្រជាជនសិង្ហបុរីនាំគ្នាចូលរួមនៅក្នុងការបោះឆ្នោតសកល ជាមួយនឹងវិធានការសុវត្ថិភាពតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លង COVID-19

    ប្រជាជនសិង្ហបុរីនាំគ្នាចូលរួមនៅក្នុងការបោះឆ្នោតសកល ជាមួយនឹងវិធានការសុវត្ថិភាពតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លង COVID-19

    សិង្ហបុរី៖ ប្រជាជនសិង្ហបុរី នៅថ្ងៃសុក្រនេះ បាននាំគ្នាពាក់ម៉ាស់មុខ និងស្រោមដៃផ្លាស្ទិក ដើម្បីចាប់ផ្តើមគូសសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសកលមួយ ដែលត្រូវគេរំពឹងទុកថា នឹងនាំគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីសង្ហិបុរីលោក លី សៀនឡុង មកកាន់អំណាចសាជាថ្មី នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ។ ស្ថានីយឆ្នោតប្រមាណ១.១០០នៅទូទាំងប្រទេសសិង្ហបុរី បានបើកទទួលអ្នកបោះឆ្នោតនៅម៉ោង៨ព្រឹកថ្ងៃសុក្រនេះ ជាមួយនឹងវិធានការសុវត្ថិភាពតឹងរឹងបំផុត ដើ ម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ។ អ្នកបោះឆ្នោតវ័យចាស់ត្រូវបានផ្តល់អាទិភាពបោះឆ្នោតមុនគេ ជាមួយនឹងវិធានការការពារទល់នឹងវីរុស រីឯអ្នកកំពុងត្រូវព្យាបាល COVID-19 ឬ កំពុងត្រូវដាក់នៅដោយឡែកនៅតាមផ្ទះ មិនត្រូវបានអនុញ្ញាតអោយបោះឆ្នោតទេ ។ គណបក្សកាន់អំណាចប្រឈមនឹងគណបក្សតូចៗចំនួន១០ ដែលប្រជែងយកអាសនៈសភា៩៣ ។សូមបញ្ជាក់ថា គណបក្ស «អំពើរបស់ប្រជាជន»គ្រប់គ្រងនយោបាយរបស់សិង្ហបុរីចាប់តាំងពីឆ្នាំ១៩៥៩ នៅពេលបិតារបស់លោក លី គឺលោក លី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្ត្រីដំបូង និងស្ថាបនារដ្ឋក្រខ្សត់ធនធានធម្មជាតិមួយនេះ អោយក្លាយជាប្រជាជាតិមានបំផុតមួយនៅក្នុងលោក ក្នុងអំឡុងពេលលោកកាន់តំណែង៣១ឆ្នាំ ។ លោក លី សៀនឡុង ក៏ប្រឈមនឹងការប្រឆាំងពីប្អូនប្រុសដែលមានជម្លោះនឹងគ្នា គឺលោកលី សៀន យ៉ាង…