-
សហរដ្ឋអាម៉េរិកផ្ដល់ប្រាក់១.៦ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Novavax ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលអាម៉េរិកបានចុះកិច្ចសន្យាផ្ដល់ប្រាក់ចំនួន១.៦ពាន់លានដុល្លារ ដល់ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាម៉េរិក ណូវ៉ាវ៉ាក់ អាយអិនស៊ី (Novavax, Inc.) ឲ្យអភិវឌ្ឍ និងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ ការចុះកិច្ចសន្យាផ្ដល់ប្រាក់អភិវឌ្ឍ និងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ក្រុមហ៊ុនដែលមានទីស្នាក់ការនៅរដ្ឋ ម៉ារីលែន នេះ គឺជាគំនិតផ្ដួចផ្ដើមធំបំផុតរបស់រដ្ឋាភិបាលអាម៉េរិក ដែលស្ថិតនៅក្រោមគម្រោងប្រតិបត្តិការ អប់ភើរ៉េសិន វ៉េប ស្ពីត (Operation Warp Speed) ។ ទន្ទឹមគ្នា នាយកប្រតិបត្តិក្រុមហ៊ុន ណូវ៉ាវ៉ាក់ លោក ស្ទែនលី អ៊ែក បានបញ្ជាក់ថា ផែនការនេះ នឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងចំនួន១០០លានដូល្លារនៅក្នុងត្រីមាសទីបួនឆ្នាំ២០២០ ហើយថា គម្រោងនេះប្រហែលជានឹងបញ្ចប់នៅខែមករា ឬខែកុម្ភៈឆ្នាំក្រោយ ។ សូមបញ្ជាក់ថា កិច្ចសន្យាខាងលើនេះត្រូវបានធ្វើឡើងខណៈដែលករណីឆ្លងជំងឺ COVID-19 កំពុងតែកើនឡើងនៅក្នុងសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិកក៏ជាប្រទេសដែលមានករណីឆ្លង និងស្លាប់ដោយសារវីរុសនេះច្រើនជាងគេបំផុតនៅក្នុងពិភពលោកផងដែរ។ កំណើនករណីឆ្លងបានធ្វើឲ្យបណ្ដារដ្ឋ និងទីក្រុងមួយចំនួនដាក់វិធានបិទសកម្មភាពសង្គមជាថ្មីទៀត ៕ …
-
វៀតណាមរំពឹងនាំអង្ករទៅអឺរ៉ុបកើនដល់៨ម៉ឺនតោន ក្រោមកិច្ចព្រមព្រៀងសេរីទ្វេភាគី

វៀតណាម៖ កូតានាំចេញអង្កររបស់វៀតណាមទៅកាន់សហគមន៍អឺរ៉ុបត្រូវបានរំពឹងថានឹងកើនឡើង ចាប់ពីឆមាសទី២នៃឆ្នាំ២០២០នេះទេ នេះបើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដោយផ្អែកតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមអឺរ៉ុប ហៅកាត់ថា EVFTA។ សារព័ត៌មាន Vietnamnews បានចេញផ្សាយនៅថ្ងៃទី៨ កក្កដា ២០២០នេះថា ផ្អែកតាមកិច្ចព្រមព្រៀង ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ សីហាខាងមុខនេះ សហគមន៍អឺរ៉ុបសន្យាថា នឹងផ្តល់កូតានាំចូលអង្ករពីវៀតណាម៨ម៉ឺនតោន។ ជាងនេះទៀត ក្រោយពេល៣ទៅ៥ឆ្នាំ ពន្ធលើផលិតផលអង្ករនឹងត្រូវកាត់ចេញ ដល់សូន្យភាគរយ។ លោក Trần Thanh Hải អគ្គនាយករង នៃអគ្គនាយកដ្ឋាននាំចេញនិងនាំចូល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីឆ្នាំ២០១៩ វៀតណាមទទួលបានចំណូល១០.៧លានដុល្លារអាម៉េរិក ពីការនាំចេញអង្ករទៅអឺរ៉ុប ជាតម្លៃសមរម្យដោយសារតែពន្ធនាំចូលដ៏ខ្ពស់ក្នុងទីផ្សារនេះ។ វៀតណាមរកចំណូលបានប្រមាណ១.៧១ពាន់លានដុល្លារ ពីនាំចេញអង្ករ៣.៥លានតោន ក្នុងឆមាសទី១នៃឆ្នាំ២០២០នេះ៕
-
ទីបំផុតសហរដ្ឋអាម៉េរិកដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក WHO

សហរដ្ឋអាម៉េរិក៖ អង្គការសហប្រជាជាតិបានអះអាងថា សហរដ្ឋអាម៉េរិកបានសម្រេចចិត្តដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO ហើយ ខណៈដែលករណីឆ្លងជម្ងឺ COVID-19 នៅសហរដ្ឋអាម៉េរិកកើនឡើងជាង៣លានករណី នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិអំពីការដកខ្លួនរបស់សហរដ្ឋអាម៉េរិក ចេញពីអង្គការសុខភាពពិភពលោក WHO បើទោះបីជាការដកខ្លួនចេញនេះ នឹងមិនមានប្រសិទ្ធិភាពរហូតទាល់តែឆ្នាំក្រោយ ដែលនេះមានន័យថា ការដកខ្លួនខាងលើ អាចត្រូវបានដកហូតវិញក្រោមរដ្ឋបាលថ្មី ឬប្រសិនបើកាលៈទេសៈផ្លាស់ប្តូរ ។ សូមរំលឹកផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កន្លងមក បានវាយប្រហារខ្លាំងៗលើអង្គការ WHO ដោយលោកបានហៅអង្គការអន្តរជាតិមួយនេះថា ជា «អាយ៉ង» របស់ចិន និងថែមទាំងបានបញ្ជាក់ថា លោកកំពុងតែពិចារណាលើការកាត់បន្ថយ ឬលុបចោលការគាំទ្រទៅលើអង្គការមួយនេះទាំង ស្រុង ។ ពាក់ព័ន្ធការផ្តល់ហិរញ្ញវត្ថុឲ្យអង្គការ WHO គឺសហរដ្ឋអាម៉េរិកជាអ្នកបរិច្ចាគធំជាងគេបង្អស់ ដោយមួយឆ្នាំៗអាម៉េរិកចំណាយខ្ទង់៤០០លានដុល្លារសម្រាប់ WHO គិតទាំងការផ្តល់ឲ្យលក្ខណៈកាតព្វកិច្ច និងស្ម័គ្រចិត្ត ៕ …
-
មនុស្សស្លាប់ និងបាត់ខ្លួនជិត៧០នាក់ ដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នៅជប៉ុន

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាប្រកាសថា ស្ថានភាពបច្ចុប្បន្នគឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ បន្ទាប់ពីមនុស្ស៥៥នាក់ហើយបានស្លាប់ និង១៣នាក់ទៀតបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅលើកោះ គ្យូស៊ុ នេះបើតាមការសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។ រដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះច្រើនជាង៤ម៉ឺននាក់ ក្នុងនោះរួមមានប៉ូលិស និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ រួមទាំងឆ្មាំសមុទ្រ និងកងទ័ពឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ។ ប្រជាជនរាប់សែននាក់ ក៏ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ ក្រោមការវិធានការរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺ COVID-19 ។ ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានប្រកាសដាក់ចេញនូវការព្រមានកម្រិតខ្ពស់ពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដីនៅលើកោះគ្យូស៊ុនៃភាគនិរតីប្រទេសជាមួយការព្យាករណ៍ទៀតថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ៕
-
ចិន និងឥណ្ឌាឈានដល់ការឯកភាពគ្នាជាវិជ្ជមាន ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅតំបន់ព្រំដែនប្រទេសទាំងពីរ

ឥណ្ឌា៖ បន្ទាប់ពីមានការចរចាកម្រិតខ្ពស់រវាងឥណ្ឌា និងចិន នាថ្ងៃចន្ទដើមសប្តាហ៍នេះ ទីបំផុតកងទ័ពចិនបានដកសម្ភារៈ និង គ្រឿងចក្រសំណង់ចេញពីជ្រលងភ្នំហេមពាន្ត ជាទីដែលកងកម្លាំងប្រទេសទាំងពីរបានប៉ះទង្គិចយ៉ាងខ្លាំងកាលពីខែមុន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។ ក្រសួងការបរទេសឥណ្ឌាបានលើកឡើងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដើម្បីដកថយចេញពីចំណុចព្រំដែនដែលមានអំពើហិង្សានោះ និងធានាថា នឹងកាត់បន្ថយភាពភាពតានតឹងនៅតំបន់ព្រំដែនឥណ្ឌា-ចិន ។ ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានប្រាប់អ្នកយកព័ត៌មានដែរថា ភាគីទាំងពីរបានធ្វើឱ្យមានការរីកចម្រើនជាវិជ្ជមានក្នុងការដកកងទ័ពជួរមុខថយមកក្រោយ និងបន្ធូរបន្ថយស្ថានភាពព្រំដែននោះ ។ សូមរំលឹកថា ការប្រយុទ្ធគ្នាដោយដៃទល់នឹងដៃយ៉ាងហិង្សារវាងកងកម្លំាំងចិន និងឥណ្ឌា នៅជ្រលងភ្នំហ្កាល់វ៉ាន់ ក្នុងតំបន់ឡាដាក់ កាលពីថ្ងៃទី១៥ ខែមិថុនាមកនេះ បានបណ្តាលឱ្យស្លាប់ទាហានឥណ្ឌាចំនួន២០នាក់ និងបានបង្កភាពតានតឹងរវាងប្រទេសទាំងពីរ ។ ចិនបានទទួលស្គាល់ថា ខ្លួនក៏បានរងគ្រោះដោយមានអ្នកស្លាប់ និងរបួសផងដែរ ប៉ុន្តែមិនបានផ្តល់តួលេខនោះទេ ៕
-
មន្រ្តីជាន់ខ្ពស់យូអិន (UN) បញ្ជាក់ថា ការប្រើយន្តហោះដ្រូនរបស់សហរដ្ឋអាម៉េរិក ដើម្បីសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់នៅអ៊ីរ៉ាក់ គឺជាទង្វើរំលោភច្បាប់អន្តរជាតិ

សហរដ្ឋអាម៉េរិក៖ ការវាយប្រហារដោយយន្តហោះដ្រូនរបស់អាម៉េរិកនៅអ៊ីរ៉ាក់កាលពីខែមករាដើមឆ្នាំនេះ ដែលបានសម្លាប់លោកឧត្តមសេនីយ៍អ៊ីរ៉ង់ កាសិម សូឡៃមេនី និងមនុស្ស០៩នាក់ផ្សេងទៀត គឺជាទង្វើរំលោភច្បាប់អន្តរជាតិ នេះបើតាមក្រុមអ្នកអង្កេតការណ៍ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី អេកណែស ខាលឡាម៉ាដ បានសង្កត់ធ្ងន់ថា ទោះបីជាលោកឧត្តមសេនីយ៍ សូឡៃមេនី ជាអ្នកទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រ និងសកម្មភាពយោធារបស់អ៊ីរ៉ង់នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ពិតប្រាកដមែន ប៉ុន្តែក្នុងករណីដែលគ្មានការគំរាមកំហែងជាក់ស្តែងទេនោះ សកម្មភាពយោធារបស់សហរដ្ឋអាម៉េរិក គឺជារឿងខុសច្បាប់ ។ សូមបញ្ជាក់ថា លោក សូឡៃមេនី គឺមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ហៅថា គូដស៍ និងជាឥស្សរជនសំខាន់បំផុត ក្នុងការរៀបចំយុទ្ធនាការអ៊ីរ៉ង់ ដើម្បីបណ្ដេញកងទ័ពអាម៉េរិកចេញពីប្រទេសអ៊ីរ៉ាក់ និងជាអ្នកដែលបានបង្កើតបណ្តាញជាដៃជើងអ៊ីរ៉ង់ ជាច្រើននៅទូទាំងមជ្ឈិមបូព៌ា ។ សហរដ្ឋអាម៉េរិកបានចោទប្រកាន់ ឧត្តមសេនីយ៍អ៊ីរ៉ង់រូបនេះថា គឺជាមេក្លោងដែលកំពុងរៀបចំផែនការវាយប្រហារ លើកងកម្លាំងអាម៉េរិកនៅក្នុងតំបន់ ៕
-
TikTok នឹងបាត់ចេញពីទីផ្សារហុងកុង ប៉ុន្មានថ្ងៃទៀត

ហុងកុង៖ TikTok បានអះអាងថា ខ្លួននឹងចាកចេញពីទីផ្សារហុងកុង នៅរយៈពេលប៉ុន្មានថ្ងៃទៀត នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុនប្រាប់សារព័ត៌មាន Reuters កាលពីយប់ថ្ងៃទី៦ កក្កដា ជាការបញ្ជាក់ ខណៈដែលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត ដូចជា Facebook បានផ្អាកដំណើរការដែរ តាមសំណើររបស់រដ្ឋាភិបាលហុងកុង នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ ផ្អែកតាមប្រភពថា App TikTok ជាវីដេអូខ្លីៗ របស់ក្រុមហ៊ុន ByteDance មានទីស្នាក់ការកណ្តាលនៅប្រទេសចិនមួយនេះបានសម្រេចចិត្តចាកចេញពីហុងកុង ក្រោយចិនបង្កើតច្បាប់សន្តិសុខជាតិថ្មី សម្រាប់ហុងកុង។ អ្នកនាំពាក្យរបស់ TikTok បានិយាយថា «នៅក្នុងពន្លឺនៃហេតុការណ៍ថ្មីៗនេះ ពួកយើងសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការ app TikTok នៅក្នុងទីក្រុងហុកុង»៕
-
លោក គីម ជុងអ៊ុនថា មិនចង់ជួបលោកដូណាល់ ត្រាំទៀតទេ

កូរ៉េខាងជើង៖ កូរ៉េខាងជើងគ្មានបំណងចង់អង្គុយចរចាជាមួយសហរដ្ឋអាម៉េរិកទៀតទេ ហើយជំរុញដល់កូរ៉េខាងត្បូងឈប់ធ្វើអ្នកសម្របសម្រួលទៀតទៅ នេះបើតាមការមន្ត្រីការទូតជាន់ខ្ពស់និយាយ នៅថ្ងៃទី៧ កក្កដា ២០២០នេះ ហើយវាគឺជាការបញ្ជាក់ស្របពេលដែលប្រសិតអាមេរិកម្នាក់នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងបំណងស្តារឡើងវិញនូវកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។ លោក Kwon Jong Gun អគ្គនាយក នៃអគ្គនាកដ្ឋានទទួលបន្ទុកកិច្ចការអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់លើអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Choe Son Hui ដែលបានចេញសេចក្តីថ្លែងការខុសនាំឲ្យពាក្យចរចាមអារ៉ាមថា ប្រហែលជានឹងមានជំនួបកំពូលជាថ្មីទៀត រវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និង មេដឹកនាំអាមេរិក លោកដូណាល់ ត្រាំនោះ។ លោកថា កូរ៉េខាងជើងគ្មានការចាំបាច់ណាត្រូវជួបជាថ្មីទេ ជាការបញ្ជាក់ ក្រោយពេលប៉ុន្មានថ្ងៃដែលប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន បានស្នើឲ្យមានជំនួបកំពូលម្តងទៀត មុនពេលការបោះឆ្នោតនៅអាមេរិក នាខែវិច្ឆិការខាងមុខនេះ ដោយគេដឹងថា លោក ម៉ូនគឺជាមេដឹកនាំកូរ៉េខាងត្បូងម្នាក់ជោគជ័យក្នុងការនាំឲ្យមេដឹកនាំទាំងពីរជួបគ្នា កន្លងមក។ សូមរម្លឹកថា លោក ត្រាំ និងលោក គីមបានជួបគ្នាលើកដំបូង កាលពីឆ្នាំ២០១៨នៅប្រទេសសិង្ហបុរី នាំឲ្យក្តីសង្ឃឹមជាច្រើនកើតមានក្នុងការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែជំនួបលើកទី២ កាលពីឆ្នាំ២០១៩ នៅវៀតណាម ការចរចាហាក់មិនល្អប្រសើរសោះ៕ធ.ដ …
-
ចិនជំរុញឱ្យកាណាដាកែតម្រូវកំហុសឡើងវិញ និងបញ្ឈប់ជាបន្ទាន់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង និងចិន

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់ថា ចិនជំរុញឱ្យកាណាដាកែតម្រូវកំហុសឡើងវិញ និង បញ្ឈប់ជាបន្ទាន់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង និងចិន ដើម្បីកុំឱ្យទំនាក់ទំនងរវាងចិន និងកាណាដាត្រូវបានបំផ្លាញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ថា ចិនថ្កោលទោសជាដាច់ខាតលើការជ្រៀតជ្រែកបែបនេះ និងរក្សាសិទ្ធិក្នុងការចាត់វិធានការឆ្លើយតប ហើយថា រាល់ផលវិបាកទាំងឡាយដែលកើតឡើងគឺកាណាដាខ្លួនឯងជាបង្ក ហើយការប៉ុនប៉ងដាក់សម្ពាធលើចិននឹងមិនទទួលបានជោគជ័យឡើយ ។ ប្រតិកម្មរបស់ចិនខាងលើនេះ កើតមានឡើងបន្ទាប់ពីកាណាដា កាលពីសប្ដាហ៍មុន បានសម្រេចចិត្តព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយទីក្រុងហុងកុង និងបញ្ឈប់ការនាំចេញបរិក្ខាយោធាឱ្យតំបន់រដ្ឋបាលពិសេសចិនមួយនេះ ខណៈបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងលើច្បាប់សន្តិសុខទីក្រុងហុងកុង ដែលពួកគេយល់ថា នឹងបំផ្លាញដល់សេរីភាពប្រជាជនហុងកុង បើទោះជាចិនបដិសេធក៏ដោយ ៕ធ.ដ
-
អាជ្ញាធរទីក្រុងហុងកុងស្នើឱ្យសាលារៀនទាំងអស់បញ្ឈប់ការផ្គត់ផ្គង់សៀវភៅ ឬសម្ភារអាននានា ដែលបំពានច្បាប់សន្តិសុខជាតិថ្មី

ហុងកុង៖ សាលារៀនទាំងអស់ក្នុងទីក្រុងហុងកុងមិនត្រូវផ្គត់ផ្គង់សៀវភៅ ឬសម្ភារៈអាននានា ដែលបំពានលើច្បាប់សន្តិសុខជាតិនោះទេ នេះបើតាមការិយាល័យអប់រំទីក្រុងហុងកុង និងចុះផ្សាយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ការិយាល័យអប់រំទីក្រុងហុងកុងបានសង្កត់ធ្ងន់ថា សៀវភៅ ឬសម្ភារៈអាន អាចទទួលបានការអនុញ្ញាត សម្រាប់តែការបង្រៀនប្រកបដោយភាពវិជ្ជមាន ស្តីពីច្បាប់សន្តិសុខជាតិថ្មីតែប៉ុណ្ណោះ ។ សូមរំលឹកថា កាលពីសប្ដាហ៍មុន ប្រទេសចិនបានដាក់ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ដើម្បីទប់ស្កាត់សកម្មភាពផ្ដាច់ទឹកដី បង្កចលាចល ភេរវកម្ម និងការគប់គិតជាមួយបរទេស ដើម្បីបំផ្លាញសន្តិសុខជាតិ ហើយអ្នកដែលល្មើសនឹងច្បាប់នេះធ្ងន់ធ្ងរអាចនឹងជាប់ពន្ធនាគារអស់មួយជីវិត ៕ធ.ដ