-
លោក ដូណាល់ ត្រាំ គ្រោងរៀបចំការជួបជុំអ្នកគាំទ្រក្នុងរដ្ឋមួយទៀត នៅចំពោះមុខការកើនឡើងករណីឆ្លង COVID-19 យ៉ាងគំហុក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានគម្រោងរៀប ចំការធ្វើយុទ្ធនាការជួបជុំអ្នកគាំទ្រនៅក្នុងរដ្ឋ ញូហេមស្វៀ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។ ជាមួយគ្នានេះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា យុទ្ធនាការធ្វើឱ្យសហរដ្ឋអាម៉េរិកអស្ចារ្យម្ដងទៀត (Make America Great Again) នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដាខាងមុខ ក្នុងទីក្រុងផតម៉ៅ ហើយថា ព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅ ដោយតម្រូវឱ្យអ្នកចូលរួមទាំងអស់លាងដៃ និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ។ សូមបញ្ជាក់ថា ផែនការជួបជុំអ្នកគាំទ្រខាងលើនេះរបស់លោក ត្រាំ ត្រូវបានគ្រោងធ្វើឡើងបន្ទាប់ពីយុទ្ធនាការចុងក្រោយបំផុតរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមិថុនា ក្នុងទីក្រុង ធូលសា រដ្ឋអូក្លាហូម៉ា ទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែការមិនសូវខ្វាយខ្វល់ពីការណែនាំ និង វិធានការប្រឆាំងជម្ងឺ COVID-19 ពីសំណាក់អាជ្ញាធរសុខាភិបាលអាម៉េរិក ៕
-
អាជ្ញាធរឧតុនិយមចិនប្រកាសអាសន្នកម្រិតពណ៌លឿង ចំពោះព្យុះភ្លៀងដែលនឹងបង្កការគំរាមកំហែងនៅតាមខេត្តជាច្រើន

ចិន៖ អាជ្ញាធរឧតុនិយមចិន នៅថ្ងៃចន្ទនេះ បានប្រកាសអាសន្នកម្រិតពណ៌លឿង ចំពោះព្យុះភ្លៀង ស្របពេលដែលគ្រោះធម្មជាតិប្រភេទនេះ កំពុងបន្តបង្កការបំផ្លិចបំផ្លាញនៅតំបន់នានាស្ទើរទូទាំងប្រទេស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិន ចាប់ពីថ្ងៃទី០៦ ដល់ទី០៧ ខែកក្កដានេះនឹងមានព្យុះភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់មួយចំនួនធំដូចជា សៀហៃ ជាងស៊ូ ជីជាំង អានហ៊ុយ ជាំងស៊ី និងហ៊ូប៉ីជាដើម ហើយថា តំបន់ទាំងនេះនឹងមានបរិមាណទឹកភ្លៀងលើសពី៨០មីលីម៉ែត្រក្នុងមួយម៉ោងអមដោយផ្គររន្ទះ និងខ្យល់បក់ខ្លាំង។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរក្នុងតំបន់បានចេញការណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលអាចបង្កឡើងដោយព្យុះទឹកភ្លៀងក្នុងកម្រិតខ្ពស់មួយនេះ ៕
-
ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបថ្មីមួយគ្រឿងឡើងទៅកាន់ទីអវកាស

ចិន៖ ចិនបានទទួលជោគជ័យទាំងស្រុង ក្នុងការព្យាយាមបាញ់បង្ហោះផ្កាយរណបថ្មីមួយគ្រឿង ឡើងទៅកាន់ទីអវកាសនៅថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ។ ផ្កាយរណបថ្មីមួយគ្រឿងនេះ គឺជាផ្កាយរណបគ្រឿងទីពីរនៃស៊េរីផ្កាយរណប Shiyan-6 ដែលត្រូវបានចិនប្រើប្រាស់ជាចម្បង សម្រាប់ការសិក្សាស្រាវជ្រាវអំពីបរិស្ថាននៃលំហអវកាស និងការធ្វើពិសោធន៍ផ្នែកបចេ្ចកទេស ដែលពាក់ព័ន្ធដទៃទៀត ។ វាត្រូវបាននាំយកឡើងទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Long March-2D ចេញពីមជ្ឈមណ្ឌល Jiuquan កាលពីម៉ោងជិត៨ព្រឹកថ្ងៃអាទិត្យម្សិលមិញ ។ សម្រាប់បេសកកម្មខាងលើនេះ គឺជាបេសកកម្មលើកទី៤៩ហើយ នៃគ្រាប់រ៉ុក្កែត Long March-2D និងជាងបេសកកម្មលើកទី៣៣៨ របស់ស៊េរីគ្រាប់រ៉ុក្កែត Long March ទាំងមូល ៕
-
វៀតណាមបើកដំណើរការសណ្ឋាគារមាសដំបូងគេលើលោក ទោះស្ថិតក្នុងវិបត្តិកូវីដ១៩

វៀតណាម៖ បើទោះបីជាការធ្វើដំណើរការកម្សាន្ត នៅទូទាំងពិភពលោកកំពុងត្រូវបានផ្អាក ដ៏លើសលុបព្រោះតែជំងឺរាតត្បាតកូវីដ១៩ក៏ដោយ វៀតណាមបានដាក់ដំណើរការសណ្ឋាគារស្រោបមាសដំបូងលើពិភពលោក កាលពីចុងសប្តាហ៍កន្លងទៅ នេះបើតាមចេញផ្សាយរបស់សារព័ត៌មាន econnimictimes កាលពីថ្ងៃទី៤ កក្កដា ម្សិលមិញ។ ប្រភពថា សណ្ឋាគារមានកម្ពស់២៥ជាន់មួយនេះមានតម្លៃ២០០លានដុល្លារអាម៉េរិក សាងសង់អស់មាស២៤ក្រាត់ នៅទីតាំងសំខាន់ៗក្នុងអគារ ដូចជាកន្លែងទទួលភ្ញៀវ បន្ទប់ ពែងទឹក ព្រមទាំងបន្ទប់ទឹកជាមួយនឹងសម្ភារប្រើប្រាស់ សុទ្ធតែមានស្រោបមាស ហើយសូម្បីតែផ្នែកខាងក្រៅអគារទាំងមូលក៏ចំណាយមាសប្រមាណ១តោនដែរ។ សណ្ឋាគារមានឈ្មោះថា Dolce Hanoi Golden Lake មួយនេះត្រូវបានចាត់ទុកជាសណ្ឋាគារសាងសង់ឡើងស្រោបមាស ដំបូងបំផុតនៅលើពិភពលោក ត្រូវបានបើកដំណើរការសម្រាប់ការធ្វើអាជីវកម្ម ហើយម្ចាស់សណ្ឋាគារបានបង្ហាញពីការជឿជាក់ថា ពួកគេនឹងចំណេញ បើទោះបីជាមានបញ្ហាជំងឺរាតត្បាតកូវីដ១៩ នាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរលើពិភពលោកក៏ដោយ។ភ្ញៀវជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះថា Phillip Park បាននិយាយបែបកម្លែងថា «នៅពេលដែលខ្ញុំបានមកដល់ទីនេះ…ខ្ញុំអារម្មណ៍ថា ដូចជាស្តេច ស្តេចនៃប្រទេសអេហ្ស៊ីប» ៕
-
លោក វ៉្លាឌីមៀ ពូទីន ចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីផ្សព្វផ្សាយរដ្ឋធម្មនុញ្ញរុស្ស៊ីដែលបានធ្វើវិសោធនកម្ម ក្រោយការធ្វើបោះឆ្នោតប្រជាមាតិ

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបោះពុម្ពផ្សាយជាផ្លូវការ នៃរដ្ឋធម្មនុញ្ញដែលបានធ្វើវិសោធនកម្ម បន្ទាប់ពីវាត្រូវបានអនុម័តក្នុងការបោះឆ្នោតប្រជាមតិនាពេលថ្មីៗ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ។ វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី០៤ ខែកក្កដានេះតទៅ (ម៉ោងក្នុងតំបន់) នេះបើយោងតាមក្រឹត្យដែលចុះផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង ។ សូមរំលឹកថា តាមគណៈកម្មាការរៀបចំការបោះឆ្នោតរុស្ស៊ី ដោយផ្អែកលើការរាប់សន្លឹកឆ្នោតបាន៩៨ភាគរយបានឱ្យដឹងថា លោក វ៉្លាឌីមៀ ពូទីន ដែលបានដឹកនាំប្រទេសរុស្ស៊ីអស់រយៈពេលជាង២០ឆ្នាំមកនេះ ក្នុងនាមជាប្រធានាធិបតីទទួលជោគជ័យងាយយ៉ាងស្រួល ក្នុងការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាមួយសំឡេងគាំទ្រ៧៨ភាគរយ និង ជំទាស់២១ភាគរយ ។ ហើយតាមរយៈជោគជ័យខាងលើនេះ លោក ពូទីន អាចឈរឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី សម្រាប់រយៈពេល០២អាណត្តិបន្ថែមទៀត (មួយអាណត្តិមានរយៈពេល០៦ឆ្នាំ) បន្ទាប់ពីអាណត្តិរបស់លោកសព្វថ្ងៃ ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៤ ៕ធ.ដ
-
លោក ហ្សង់ កាស្តិច ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសបារាំង

ប៉ារីស៖ លោក ហ្សង់ កាស្តិច ត្រូវបានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង តែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសបារាំង ជំនួសលោក អេឌូអាដ ហ្វីលីព ដែលបានលាលែងពីតំណែងនៅថ្ងៃសុក្រម្សិលមិញ នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង គ្រោងនឹងរុះរើគណៈរដ្ឋមន្រ្តីឡើងវិញតែម្តង ដើម្បីជំរុញឲ្យមានការងើបសេដ្ឋកិច្ចឡើងវិញ ក្រោយពេលវិបត្តិ COVID-19 ។ សូមជម្រាបថា លោក ហ្សង់ កាស្តិច មានវ័យ៥៥ឆ្នាំ ពីមុនមក ពុំធ្លាប់ធ្វើជារដ្ឋមន្រ្តីឡើយ ប៉ុន្តែលោកធ្លាប់មានតួនាទីនៅតាមក្រសួងមួយចំនួនរបស់បារាំង កាលពីឆ្នាំ២០១០ ហើយលោក កាស្តិច ត្រូវបានអតីតប្រធានាធិបតីបារាំង លោក នីកូឡាស់ សាក់កូហ្ស៉ី តែងតាំងជាទីប្រឹក្សាផ្នែកសង្គមកិច្ចផងដែរ ៕
-
អាជ្ញាធរជប៉ុនបញ្ជាឱ្យប្រជាជន៧ម៉ឺន៥ពាន់នាក់ភៀសខ្លួនជាបន្ទាន់ ខណៈភ្លៀងធ្លាក់ដ៏ខ្លាំងក្លាវាយប្រហារភាគខាងលិចប្រទេស

ជប៉ុន៖ ប្រជាជន៧ម៉ឺន៥ពាន់នាក់បានទទួលបទបញ្ជាឱ្យជម្លៀសខ្លួន ទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ននៅភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ខណៈការធ្លាក់ភ្លៀងដ៏ខ្លាំងក្លាបានបង្កជារគ្រោះបាក់ដី និងទឹកជំនន់ បណ្តាលឱ្យមនុស្សជាច្រើនត្រូវជាប់គាំង និង១៣នាក់បាត់ខ្លួន នេះបើតាមប្រភពពីអាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន ។ ជាមួយគ្នានេះ ទីភ្នាក់ងារឧតុនិយមជាតិរបស់ជប៉ុនបានចេញសេចក្តីប្រកាសអាសន្នក្នុងកម្រិតខ្ពស់បំផុត ដោយព្រមានពីការធ្លាក់ភ្លៀងធ្លាក់ដ៏ខ្លាំងក្លានៅឯកោះគូម៉ាម៉ូតុ និងកោះកាហ្គោស៊ីម៉ាដែលស្ថិតនៅក្នុងប្រជុំកោះគ្យូស៊ុ ។ បច្ចុប្បន្នក្រុមសង្គ្រោះបាននឹងកំពុងស្វែងរកមនុស្ស០៣នាក់នៅលើកោះគូម៉ាម៉ូតុ បន្ទាប់ពីគ្រោះរអិលបាក់ដីបានបាក់សង្កត់ពីលើលំនៅដ្ឋានរបស់ពួកគេ នេះបើតាមប្រភពពីកាសែត NHK ។ មន្រ្តីមួយរូបនៅលើកោះគូម៉ាម៉ូតុបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា យើងបានចេញសេចក្តីប្រកាសឱ្យជម្លៀសខ្លួនប្រជាជន បន្ទាប់ពីមានការធ្លាក់ភ្លៀងយ៉ាងគំហុក ហើយថា យើងក៏បានជម្រុញឱ្យពួកគេចាត់វិធានការការពារអាយុជីវិតខ្លួនពួកគេ ខណៈភ្លៀងនៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំងក្លានោះ ៕ធ.ដ
-
វេណេស៊ុយអេឡា និងសហភាពអឺរ៉ុបឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងការទូតក្នុងកម្រិតខ្ពស់បំផុត

វេណេស៊ុយអេឡា៖ វេណេស៊ុយអេឡា និងសហភាពអឺរ៉ុបព្រមព្រៀងគ្នាក្នុងការលើកម្ពស់ទំនាក់ទំនងការទូតក្នុងកម្រិតខ្ពស់បំផុត នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសវេណេស៊ុយអេឡាលោក ហ្សក អារៀហ្សា និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ។ ការព្រមព្រៀងគ្នាខាងលើនេះ បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសវេណេស៊ុយអេឡាលោក ហ្សក អារៀហ្សា បានជួបសន្ទនាតាមទូរស័ព្ទជាមួយអ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក ចូសិប បូរែល ។ បើតាមសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរក៏បានឯកភាពលើភាពចាំបាច់ក្នុងការរក្សាទំនាក់ទំនងទូតជាអចិន្រ្តៃយ៍ ជាពិសេសនៅពេលដែលកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ អាចជួយកាត់បន្ថយភាពតានតឹងលើបញ្ហានយោបាយ ។ បន្ថែមលើនេះ រដ្ឋាភិបាលវេណេស៊ុយអេឡាក៏បានលុបចោលក្តីសម្រេចដែលបានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនាកន្លងមកនេះ ក្នុងការបណ្តេញប្រធានបេសកកម្មសហភាពអឺរ៉ុប លោកស្រី អ៊ីសាប៊ែល ប្រ៊ីលហាន ផេដ្រូសា វិញផងដែរ ៕ធ.ដ
-
សហរដ្ឋអាម៉េរិកគ្រោងចាត់វិធានការ ដើម្បីបញ្ចប់ការអនុគ្រោះពិសេសសម្រាប់ទីក្រុងហុងកុង ក្រោយដាក់ឱ្យអនុវត្តន៍ច្បាប់សន្តិសុខជាតិថ្មី

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង គឺជាការប្រមាថមើលងាយដល់ប្រទេសទាំងអស់ ហើយថា ទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការ ដើម្បីបញ្ចប់ការអនុគ្រោះពិសេសសម្រាប់ក្រុងមួយនេះ ។ លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង អំពីការចែងទាំងស្រុងរបស់ច្បាប់នេះ និងអំពីសុវត្ថិភាពរបស់អ្នករស់នៅក្នុងទីក្រុងហុងកុង ដែលក្នុងនោះមានទាំងពលរដ្ឋអាមេរិកផងដែរ ។ លោកបន្ថែមថា មាត្រាទី៣៨នៃច្បាប់ថ្មីនេះ ក៏មានចេតនាចង់សំដៅលើបទឧក្រិដ្ឋដែលប្រព្រឹត្តិឡើងនៅខាងក្រៅទីក្រុងហុងកុង ដោយអ្នកដែលមិនមែនជាពលរដ្ឋហុងកុងផងដែរ ហើយករណីនេះ ទំនងជាបូករួមទាំងពលរដ្ឋអាមេរិកផងដែរ ។ នេះគឺជារឿងហួសហេតុជ្រុល និងជាការប្រមាថមើលងាយដល់ប្រទេសទាំងអស់ ។ គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មីនេះនឹងផ្តន្ទាទោសឧក្រិដ្ឋលើទង្វើអបគមន៍ ការផ្តួលរំលំរដ្ឋាភិបាល អំពើភេរវកម្ម និងការគប់គិតជាមួយបរទេស ដែលអាចជាប់ពន្ធនាគារមួយជីវិត រួមទាំងការអនុញ្ញាតឱ្យធ្វើបត្យាប័នទៅប្រទេសចិន និងការបង្កើតជាផ្លូវការនូវភ្នាក់ងារសន្តិសុខរបស់ចិននៅក្នុងទីក្រងហុងកុងទៀតផង ៕ធ.ដ
-
ចំនួនអ្នកស្លាប់កើនឡើងដល់១៦២នាក់ ក្នុងហេតុការណ៍គ្រោះធម្មជាតិបាក់ដីនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ តួលេខជនរងគ្រោះបាត់បង់ជីវិតបានបន្តកើនឡើងដល់១៦២នាក់ បន្ទាប់ពីហេតុការណ៍បាក់ដីនៅឯកន្លែងជីកយករ៉ែថ្លើមថ្មមួយកន្លែង នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រសហ្បតិ៍ម្សិលមិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ។ យោងតាមរបាយការណ៍របស់នាយកដ្ឋានពន្លត់អគ្គីភ័យមីយ៉ាន់ម៉ា បានឲ្យដឹងថា គ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅការដ្ឋានជីករ៉ែថ្មមួយកន្លែង ស្ថិតនៅតំបន់ហាផាខាន់ រដ្ឋកាឈីន ភាគខាងជើងប្រទេស កាលពីវេលាម៉ោង៨៖០០នាទីព្រឹកនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ។ បើតាមអាជ្ញាធរមូលដ្ឋាន មានកម្មករជីករ៉ែរាប់រយនាក់ត្រូវបានគេសង្ស័យថា ត្រូវបានកប់នៅក្នុងដី ខណៈគ្រោះបាក់ដីមួយនេះ វាបានកើតឡើងក្នុងម៉ោងធ្វើការរបស់ពួកគេ ។ សូមបញ្ជាក់ថា គ្រោះរអិលបាក់ដីអាក្រក់ៗ និង គ្រោះថ្នាក់ផ្សេងៗទៀតតែងតែកើតមានឡើងជារឿយៗនៅតាមទីតាំងរុករករ៉ែនៅតំបន់សម្បូរធនធានត្បូងហាផាខាន់ រដ្ឋកាឈីន ។ តួយ៉ាងកាលពីឆ្នាំ២០១៥ គ្រោះរអិលបាក់ដីមួយបានកើតឡើងនៅទីនោះដែរ ធ្វើឱ្យមនុស្សមនុស្សចំនួន១១៦នាក់បាត់បង់ជីវិត ៕ធ.ដ