-
ប្រេសិតពិសេសអាម៉េរិកអះអាងថា គោលបំណងចម្បងរបស់សហរដ្ឋអាម៉េរិកនៅតែដដែល នោះគឺការរំសាយអាវុធនុយក្លេអ៊ែរនៅបទ្វីបកូរ៉េ

សហរដ្ឋអាម៉េរិក៖ កំឡុងចូលរួមវេទិការមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទម្សិលមិញ ប្រេសិតពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Stephen Biegun បាននិយាយថា គោលបំណងចម្បងរបស់សហរដ្ឋអាម៉េរិកនៅតែដដែល នោះគឺការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ នាឱកាសនោះ ប្រេសិតពិសេសអាម៉េរិករូបនេះក៏បានអះអាងដែរថា កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ប្រហែលជាមិនកើតឡើង នៅមុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះនោះទេ ។ ការកត់សម្គាល់បែបនេះរបស់លោក Stephen Biegun ត្រូវបានធ្វើឡើងស្របពេលដែលរូបលោកគ្រោងបំពេញទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល នៅដើមខែកក្កដានេះ ខណៈស្ថានការណ៍នៅលើឧបទ្វីបកូរ៉េកំពុងឡើងកម្ដៅខ្លាំង ក្រោយកូរ៉េខាងជើងបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ៕
-
សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តការដាក់ទណ្ឌកម្មអាវុធលើអ៊ីរ៉ង់តទៅទៀត

អ៊ីស្រាអែល៖ កំឡុងជំនួបពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែល ប្រេសិតពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Brian Hook បានជំរុញឲ្យសហគមន៍អន្តរជាតិបន្តសុពលភាពនៃការដាក់ទណ្ឌកម្ម នៅក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីហាមការលក់អាវុធទៅឲ្យអ៊ីរ៉ង់ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ នាឱកាសនោះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកជឿជាក់ថា វាជាពេលដែលយើងត្រូវដាក់ទណ្ឌកម្មសាជាថ្មីលើអ៊ីរ៉ង់ ហើយយើងមិនអាចរង់ចាំឲ្យអ៊ីរ៉ង់ មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរបាននោះទេ ព្រោះវានឹងយឺតពេលក្នុងការដាក់ទណ្ឌកម្ម ។ បើតាមលោក Brian Hook ក្នុងរយៈពេលបួនខែខាងមុខទៀតនេះ អ៊ីរ៉ង់អាចនឹងនាំចូលយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ នាវាមុជទឹក ប្រព័ន្ធកាំភ្លើងធុនធំ គ្រាប់មីស៊ីលបានយ៉ាងសេរី ។ លោកបានសង្កត់ធ្ងន់ទៀតថា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងបារ៉ែន និងអ៊ីស្រាអែលក៏បានបង្ហាញពីការព្រួយបារម្ភ ពីការផុតកំណត់នៃទណ្ឌកម្មនេះដែរ ហើយថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលកំពុងធ្វើការរួមគ្នា ដើម្បីធានា ឲ្យប្រាកដថា ទណ្ឌកម្មដែលហាមឃាត់ការលក់អាវុធទៅឲ្យអ៊ីរ៉ង់នឹងមិនអាចផុតកំណត់ជាដាច់ខាត ៕
-
ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ត្រូវបានសភាចិនអនុម័តជាផ្លូវការហើយ បើទោះជាមានការព្រមានពីសហរដ្ឋអាម៉េរិក និងអឺរ៉ុប

ហុងកុង៖ សភាប្រជាជនចិនបានអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីប្រើប្រាស់លើទីក្រុងហុងកុងហើយ នៅក្នុងថ្ងៃអង្គារ៍នេះ បើទោះបីជាមានការព្រមានពីសំណាក់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបក្តី នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ ប្រទេសចិនបានបង្កើតច្បាប់នេះឡើង គឺដើម្បីដោះស្រាយបញ្ហាជុំវិញអំពើហិង្សា និងការតវ៉ាក្នុងទីក្រុងហុងកុង ដែលត្រូវបានអូសបន្លាយចាប់តាំងពីឆ្នាំ២០១៩ ហើយច្បាប់នេះទៀតសោត មានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការបំបែកខ្លួន និងការឃុបឃិតជាមួយបរទេសជាដើម ។ សូមជម្រាបផងដែរថា ទូរទស្សន៍ហុងកុង Cable TV បានបញ្ចេញព័ត៌មានអំពីការអនុម័តច្បាប់ខាងលើនេះ បន្ទាប់ពីទទួលបានប្រភពមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណ ។ ទូរទស្សន៍នេះថែមទាំងបានចេញផ្សាយទៀតថា ច្បាប់ថ្មីនេះត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនប្រជាជនចិនទៀតផង ៕
-
ចិនគ្រោងរឹតបន្តឹងទិដ្ឋាការលើជនជាតិអាមេរិកមួយចំនួន ដែលពាក់ព័ន្ធនឹងរឿងហុងកុង

ចិន៖ ក្រសួងការបរទេសប្រទេសចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងដាក់ការរឹតត្បិតទិដ្ឋាការលើជនជាតិអាមេរិកណា ដែលមានអាកប្បកិរិយាមិនសមរម្យទៅលើបញ្ហាក្រុងហុងកុង ក្រោយទីក្រុងវ៉ាស៊ីនតោនបានប្រកាសការរឹតត្បិតទិដ្ឋាការលើមន្រ្តីចិនមួយចំនួន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីចៀន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចិនអំពាវនាវឲ្យអាមេរិកបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយព្រមានថា ទីក្រុងប៉េកាំងនឹងចាត់វិធានតទៅទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែបន្តសកម្មភាពរបស់ខ្លួន ។ ចំណាត់ការរបស់ចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា ប្រទេសរបស់លោកបានសម្រេចរឹតត្បិតទិដ្ឋាការលើមន្រ្តីចិនមួយចំនួន ដែលជាប់ទាក់ទិននឹងការប៉ះពាល់ ដល់ស្វ័យភាពរបស់ទីក្រុងហុងកុង ។ វិធានការរបស់សហរដ្ឋអាមេរិកលើកនេះ ជាការឆ្លើយតបទៅនឹងសេចក្តីព្រាងច្បាប់ ដែលត្រូវបានបញ្ជូនទៅសភាចិនកាលពីខែមុន ៕
-
អ៊ីរ៉ង់ស្នើឱ្យស្ថាប័នប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការធ្វើឃាតមេទ័ពខ្លួនកាលពីដើមឆ្នាំនេះ

អ៊ីរ៉ង់៖ អ៊ីរ៉ង់បានចេញដីកាចាប់ខ្លួន និង ស្នើស្ថាប័នប៉ូលិសអន្តរជាតិ Interpol ឲ្យជួយដើម្បីចាប់ខ្លួនលោក ដូណាល់ ត្រាំ និងមនុស្សរាប់សិបនាក់ទៀត ដែលមានជាប់ទាក់ទិននឹងធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់លោក កាហ្សេម សូឡៃម៉ានី នៅឯរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន និងបុគ្គលជាង៣០នាក់ទៀត ដែលមានជាប់ទាក់ទិននឹងការវាយប្រហារដោយយន្តហោះដ្រូនកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដែលបានផ្តាច់ជីវិតលោក សូឡៃម៉ានី គឺត្រូវចោទប្រកាន់ពីបទឃាតកម្មនិងភេរវកម្ម នេះបើតាមប្រមុខរដ្ឋអាជ្ញាទីក្រុងតេហេរ៉ង់ លោក Ali Alqasimehr ។ លោក Ali បានសង្កត់ធ្ងន់ទៀតថា ឈ្មោះពួកគេត្រូវបានបញ្ជូនទៅកាន់ស្ថាប័ន Interpol ដែលមានមូលដ្ឋាននៅទីក្រុងលីយ៉ុង ប្រទេសបារាំងថែមទៀតផង ។ សូមរំលឹកថា យោធាអាមេរិកបានសម្លាប់លោក សូឡៃម៉ានី និងបុគ្គលប៉ុន្មានរូបទៀត ដោយប្រើយន្តហោះដ្រូននៅក្បែរអាកាសយានដ្ឋានអន្តរជាតិបាកដាដ ខណៈការវាយប្រហារនាពេលនោះ ធ្វើឲ្យអ៊ីរ៉ង់បាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ ហើយជាលទ្ធផល មានទាហានអាមេរិកមួយចំនួនរងរបួស ៕ …
-
កូវីដ១៩៖ ថៃបើកបារ ខារ៉ាអូខេ និង Pub ឡើងវិញ ថ្ងៃពុធនេះ ២៩ មិថុនា ២០២០

មន្ត្រីរដ្ឋាភិបាលថៃបានឲ្យដឹងថា ថៃនឹងអនុញ្ញាតឲ្យមានការបើកដំណើរការ Pub បារ និងខារ៉ាអូខេឡើងវិញ នៅថ្ងៃទី១ កក្តដា ២០២០ខាងមុខនេះ ហើយគ្រោងនឹងអនុញ្ញាតឲ្យអ្នកដំណើរបរទេសចូលប្រទេសវិញ ក្រោយពេលប្រមាណ៥សប្តាហ៍គ្មានការឆ្លងក្នុងសហគមនៃជំងឺកូវីដ១៩។មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៩ មិថុនានេះលោក Taweesin Wisanuyothin បានរៀបរាប់ថា Pub បារ និងខារ៉ាអូខេនឹងអាចបន្តប្រតិបត្តិការ រហូតដល់ពាក់កណ្តាលយប់ តែត្រូវអនុវត្តតាមវិធានសុវត្ថិភាព ដូចជាតុនីមួយៗ មានចម្ងាយ២ម៉ែត្រពីគ្នាជាដើម។ប្រភពបន្ថែមថា «ការប្រើប្រាស់ជាតុអាកុលអាចនាំឲ្យធ្វេសប្រហែសលើវិធានសុវត្ថិភាព ដូច្នេះ នឹងមានការពិនិត្យច្បាស់លាស់ មុនពេលឲ្យភ្ញៀវចូលទីតាំងទាំងនោះ»។ជំងឺកូវីដ១៩បានសម្លាប់មនុស្ស៥៨នាក់ នៅប្រទេសថៃ ក្នុងចំណោមអ្នកជំងឺសរុប៣១៦៩នាក់ ខណៈដែលអ្នកជំងឺ៣០៥៣បានជាសះស្បើយ គិតត្រឹមថ្ងៃទី២៩ មិថុនានេះ៕
-
លោក ដូណាល់ ត្រាំ បដិសេធថា មិនត្រូវបានជូនដំណឹងស្តីពីការផ្តល់ប្រាក់រង្វាន់របស់រុស្ស៊ីដល់ក្រុមតាលីបង់ ពាក់ព័ន្ធនឹងការសម្លាប់កងទ័ពអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញបានបដិសេធថា លោកមិនបានដឹងអំពីការសន្និដ្ឋានរបស់មន្ត្រីស៊ើបការណ៍អាមេរិកដែលថា ក្រុមភ្នាក់ងាររុស្ស៊ីបានផ្តល់ប្រាក់រង្វាន់ជាសម្ងាត់ដល់ពួកសកម្មប្រយុទ្ធពាក់ព័ន្ធនឹងក្រុមតាលីបង់ ចំពោះការសម្លាប់ទាហានអាមេរិក កងទ័ពអង្គការ NATO នៅអាហ្វហ្គានីស្ថានទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ថ្មីៗនេះ កាសែត New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីចារកម្មអាមេរិកបានឱ្យដឹងថា ទីភ្នាក់ស៊ើបការណ៍សំងាត់យោធារុស្ស៊ី បានផ្ដល់ប្រាក់រង្វាន់ខាងលើកាលពីឆ្នាំ២០១៩ ជាពេលដែលកងទ័ពអាមេរិក២០នាក់ត្រូវបានគេសង្ស័យថា បានស្លាប់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ប៉ុន្តែស្ថានទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកបានទាត់ចោលសេចក្ដីរាយការណ៍នេះ ដោយចាត់ទុកថា វាគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និង មានតែធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអាក្រក់ឡើងប៉ុណ្ណោះ ៕ធ.ដ
-
ក្រុមហ៊ុន Apple គ្រោងបិទហាងលក់រាយរបស់ខ្លួនចំនួន០៧កន្លែងក្នុងតិចសាស់ ខណៈការរាតត្បាត COVID-19 នៅមិនទាន់ធូរស្រាល

សហរដ្ឋអាម៉េរិក៖ ដោយសារការកើនឡើងយ៉ាងគំហុកនៃចំនួនករណីឆ្លងជម្ងឺ COVID-19 នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រៀមបិទហាងលក់រាយរបស់ខ្លួនចំនួន០៧កន្លែងនៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌ មាន CNA នាពេលថ្មីៗ ។ ចំពោះការត្រៀមបិទដំណើរការហាងនៅទីក្រុងហ៊ូស្តុន ខាងលើនេះ គ្រោងធ្វើឡើងបន្ទាប់ពីមានការបិទទ្វារហាងស្រដៀងគ្នានេះដែរកាលពីសប្តាហ៍មុន នៅរដ្ឋផ្លូរីដា អារីហ្សូណា រដ្ឋខារ៉ូលីណាខាងត្បូង និងរដ្ឋខារ៉ូលីណាខាងជើង ។ បើតាមក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកមួយនេះ អំឡុងពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 ប្រតិបត្តិការរបស់យើងនៅតែបន្តបោះជំហានទៅមុខជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ ។ បន្ថែមលើនេះ យើងកំពុងតែឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត ហើយយើងក៏រំពឹងដែរថា យើងនឹងអាចមប្រើអតិថិជនឡើងវិញក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន ៕
-
យន្តហោះត្រកូលប៊ូអ៊ីង 737 MAX ដែលត្រូវបញ្ឈរជើងជិតមួយឆ្នាំ នឹងចាប់ផ្តើមហោះហើរឡើងវិញក្នុងពេលឆាប់ៗ

សហរដ្ឋអាម៉េរិក៖ យន្តហោះត្រកូលប៊ូអ៊ីង 737 MAX ដែលត្រូវបានបញ្ឈរជើងជិតមួយឆ្នាំ បន្ទាប់ពីការកើតមានសោកនាដកម្មធ្លាក់យន្តហោះចំនួនពីរលើកនោះ អាចនឹងធ្វើប្រតិបត្តិការដឹកអ្នកដំណើរឡើងវិញនាពេលឆាប់ៗខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។ ប្រភពព័ត៌មានច្បាស់ការមួយ ដែលបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របាន ឲ្យដឹងថា អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាម៉េរិក នឹងសម្រេចចិត្តលើការចេញលិខិតបញ្ជាក់ពីសុវត្ថិភាព និងបញ្ហារបស់យន្តហោះប្រភេទនេះនាពេលខាងមុខ ដូច្នេះមានន័យថា យន្តហោះប្រភេទប៊ូអ៊ីង 737 MAX អាចនឹងប្រតិបត្តិការដឹកអ្នកដំណើរឡើងវិញ នាពេលឆាប់ៗនេះ ប្រសិនបើគ្មានបញ្ហាចោទទេនោះ ។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីកើតមានសោកនាដកម្មធ្លាក់យន្តហោះផ្ទួនៗគ្នានោះ អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាម៉េរិក FAA បានប្រកាសថា ខ្លួននឹងមិនផ្ដល់ការអនុញ្ញាតឲ្យយន្ដហោះប៊ូអ៊ីង 737 Max ត្រឡប់ទៅដំណើរការដឹកអ្នកដំណើរជាធម្មតាឡើយ រហូតទាល់តែយន្ដហោះនេះត្រូវបានក្រុមជំនាញបញ្ជាក់ថា មានសុវត្ថិភាពទាំងស្រុងសិន ៕
-
លោក ស្កុត ម៉ូរីសុន និយាយថា ការបើកព្រំដែនក្នុងប្រទេសឡើងវិញ នឹងជួយគំាំទ្រដល់កំណើនការងារ

អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន នៅថ្ងៃចន្ទនេះបាននិយាយថា ការបើកព្រំដែនរដ្ឋនានាឡើងវិញនឹងជួយគំាទ្រដល់កំណើនការងារ បើទោះជាមានការផ្ទុះឡើងថ្មីនៃមេរោគឆ្លងនៅក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុតទី២របស់ប្រទេសអូស្រ្តាលី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបានថ្លែងប្រាប់វិទ្យុ 2GB ថា «គ្មានហេតុផលណាមួយ ដែលយើងមិនអាចបោះជំហាន ទៅរកការបើកទ្វារក្នុងប្រទេសឡើងវិញឡើយ… ពួកគេគួរតែបោះជំហានទៅមុខ.. វានឹងជួយបង្កើនការងារនៅក្នុងបណ្តារដ្ឋទាំងនោះ ។ ការកត់សម្គាល់បែបនេះរបស់លោក ស្កុត ម៉ូរីសុន ធ្វើឡើងស្របពេលដែលរដ្ឋអូស្រ្តាលីខាងត្បូង និងរដ្ឋ ថាស្មានៀ នាពេលថ្មីៗនេះបានអះអាងថា ពួកគេនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញនៅចុងខែកក្កដាខាងមុខ ខណៈរដ្ឋឃ្វីនលែនត្រូវបានរំពឹងថា នឹងធ្វើការប្រកាសអំពីផែនការដូចគ្នានេះនាពេលឆាប់ៗផងដែរ ។ សូមបញ្ជាក់បន្ថែមថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត់ ម័ររីសុន ថ្មីៗនេះបានផ្តល់សញ្ញាថា ព្រំដែនរបស់អូស្ត្រាលីអាចនឹងនៅតែបិទ សម្រាប់ភ្ញៀវអន្តរជាតិភាគច្រើនរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ខាងមុខ ខណៈជំងឺ COVID-19 នៅតែបង្កការឆ្លងរាលដាលខ្លាំងនៅទូទាំងពិភពលោក ៕