-
ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់សហរដ្ឋអាម៉េរិកនឹងបើកជើងហោះហើរជាមួយចិនឡើងវិញចាប់ពីខែកក្កដាខាងមុខ

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines របស់សហរដ្ឋអាម៉េរិក គ្រោងបើកជើងហោះហើររវាងទីក្រុងស៊ីអាថល និង ទីក្រុងសៀងហៃរបស់ចិនឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់សហរដ្ឋអាម៉េរិកមួយនេះ បានបញ្ជាក់ថា ជើងហោះហើរទីទីក្រុងស៊ីអាថល និងទីក្រុងសៀងហៃ នឹងធ្វើប្រតិបត្តិការពីរលើកក្នុងមួយសប្តាហ៍នៅក្នុងខែមិថុនានេះ ហើយចាប់ពីខែកក្កដាទៅ នឹងធ្វើប្រតិបត្តិការមួយលើកក្នុងមួយសប្តាហ៍ ដោយចេញពីទីក្រុងស៊ីអាថល ព្រមទាំងពីទីក្រុង ឌីត្រយ ។ ហើយក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines នោះ អាកាសចរណ៍អាម៉េរិកធំមួយទៀត គឺ United Airlines ក៏កំពុងពិចារណាបន្តជើងហោះហើរឡើងវិញ ជាមួយប្រទេសចិនផងដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕
-
ថៃនឹងអនុញ្ញាតឲ្យប្រភេទអ្នកដំណើរមួយចំនួនអាចចូលមកកាន់ប្រទេសខ្លួនវិញចាប់ពីខែកក្កដាខាងមុខ

ថៃ៖ ថៃអនុញ្ញាតឲ្យប្រភេទអ្នកដំណើរមួយចំនួន អាចចូលមកកាន់ប្រទេសខ្លួនវិញ បានចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះតទៅ នេះបើតាមទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ប្រទេសថៃ CCSA និងចុះផ្សាយដោយសារព័ត៌មាន ស៊ីនហួរនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភេទអ្នកដំណើរទាំងនោះមានដូចជា ពាណិជ្ជករ និងវិនិយោគិនមានឈ្មោះក្នុងបញ្ជីរង់ចាំ ដែលបានយល់ព្រមធ្វើចត្តាឡីស័កក្រោមកម្មវិធីហៅថា Alternative State Quarantine របស់រដ្ឋាភិបាលថៃ ពោលគឺពួកអាចស្នាក់នៅតាមសណ្ឋាគារ ដែលត្រូវមានការសហការជាមួយរដ្ឋាភិបាល និងចេញថ្លៃចំណាយផ្ទាល់ខ្លួន សម្រាប់រយៈពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ ។ ក្រៅពីនេះ នៅមានពលករជំនាញ អ្នកជំនាញ ជនបរទេសដែលរៀបការជាមួយពលរដ្ឋថៃ ក៏ដូចជាអ្នកមានទីលំនៅអចិន្ត្រៃយ៍ក្នុងប្រទេសថៃ បុគ្គលិកផ្នែកអប់រំ គ្រូបង្រៀន និងសិស្ស-និស្សិត ក៏នឹងត្រូវអនុញ្ញាតឲ្យចូលមកនៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ ។ ដោយឡែកសម្រាប់ក្រុមអ្នកទេសចរ ដែលមានគោលដៅមកពិនិត្យតាមដានសុខភាព ក៏នឹងត្រូវអនុញ្ញាតឲ្យចូលនៅថ្ងៃទី១ ខែកក្កដាដែរ បរាបណាគ្រឹះស្ថានសុខភាព និងមន្ទីរពេទ្យដែលពួកគេមកពិនិត្យមានអាជ្ញាបណ្ណពិសេសហៅថា Amazing Thailand Safety & Health Administration ៕ …
-
ជប៉ុនលុបចោលផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាម៉េរិក Aegis ដោយសារតែបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង

ជប៉ុន៖ អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តីការ ពារជាតិជប៉ុនលោក តារ៉ូ កូណូ បានបញ្ជាក់ថា ជប៉ុនបានសម្រេចចិត្តលុបចោលផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិក អេជីស នៅឯទីតាំងចំនួន០២នៅជប៉ុន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ កាលពីសប្តាហ៍មុន ប្រមុខការពារជាតិជប៉ុនរូបនេះក៏បានប្រកាសដែរថា ការដាក់ប្រព័ន្ធមីស៊ីលនេះនៅក្នុងខេត្ត យ៉ាម៉ាហ្គូឈិ និងខេត្ត អាគិតា ទំនងជាត្រូវលុបចោល ស្ថិតក្រោមហេតុផលបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង ។ សូមរំលឹកផងដែរថា ជប៉ុនគ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីល អេជីស ចំនួនពីរដែលផលិតដោយសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០១៧ ប៉ុន្តែផែនការនេះ បានជួបបញ្ហាជាបន្តបន្ទាប់ ជាពិសេសការប្រឆំាងជំទាស់ពីប្រជាជននៅក្នុងតំបន់ ដែលប្រព័ន្ធមីស៊ីលនេះនឹងត្រូវដំឡើង ៕
-
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករណ៍ថា ផលិតផលនៅក្នុងស្រុកសរុប GDP ពិភពលោកក្នុងឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះ៤.៩ភាគរយ

សហរដ្ឋអាម៉េរិក៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ផលិតផលនៅក្នុងស្រុកសរុប ឬ GDP ពិភពលោកនៅក្នុងឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះ៤.៩ភាគរយ ឬបង្កឱ្យខាតបង់ជាទឹកប្រាក់១២ទ្រីលានដុល្លារក្នុងរយៈពេល២ឆ្នាំ នេះបើតាមសារព័ត៌មាន CGTN ។ ការព្យាករខាងលើនេះរបស់ IMF គឺផ្ទុយគ្នាទៅនឹងការព្យាករកាលពីខែមេសា កន្លងទៅ ដែលថា ផលិតផលនៅក្នុងស្រុកសរុប GDP ពិភពលោកនឹងធ្លាក់ចុះ៣.០ភាគរយតែប៉ុណ្ណោះ ដោយសារតែវិបត្តិ COVID-19 ។ បន្ថែមលើនេះ ជំងឺឆ្លងរាតត្បាតសកលមួយនេះ ក៏បានធ្វើឱ្យប្រជាជនរាប់រយលាននាក់នៅទូទាំងពិភពលោកបាត់បង់ការងារផងដែរ ។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅក្នុងឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកអាចនឹងធ្លាក់ចុះ៨.០ភាគរយ ហើយ១០.២ភាគរយនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ខណៈចិនដែលបានបើកសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចឡើងវិញកាលពីខែមេសាមកនេះ ត្រូវបានគេរំពឹងថា អាចនឹងមានកំណើនសេដ្ឋកិច្ច១.០ភាគរយ ៕
-
អ្នកជំនាញផ្នែកសេដ្ឋកិច្ចអាម៉េរិកនិយាយថា ការរឹតត្បិតរបស់សហរដ្ឋអាម៉េរិកលើក្រុមហ៊ុន Huawei គឺជាការបំពានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

សហរដ្ឋអាម៉េរិក៖ សេដ្ឋវិទូអាម៉េរិកនិយាយថា សហរដ្ឋអាម៉េរិកបានបំពានកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដំណាក់កាលទី១ តាមរយៈដាក់ការត្រួតពិនិត្យការនាំចេញលើក្រុមហ៊ុន Huawei និងបានជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់ទណ្ឌកម្មថ្មី នេះបើសារព័ត៌មាន CGTN ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យកូឡុំប៊ី លោក ជេហ្វ្រី សាកស៍ បានបញ្ជាក់ថា រដ្ឋបាលរបស់លោក ត្រាំ ចង់ឱ្យចិនបន្តទិញទំនិញរបស់សហរដ្ឋអាម៉េរិក ដោយយោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មីលើទីក្រុងប៉េកាំង ដូចជាការហាមឃាត់ការនាំចេញ ផលិតផលអេឡិចត្រូនិកអន្តរជាតិទៅកាន់ក្រុមហ៊ុន Huawei ។ សេដ្ឋវិទូអាមេរិករូបនេះបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មគួរតែផ្អែកលើភាគីទាំងសង ខាង ដែលមិនមានសកម្មភាពដាក់ទណ្ឌកម្មណាមួយ ដោយលោកជឿជាក់ថា ការដាក់ទណ្ឌកម្មថ្មីនឹងបំបែកកិច្ចព្រមព្រៀង ដោយដាក់បន្ទុកសេដ្ឋកិច្ចថ្មីជាឯកតោភាគីលើចិន ។ សូមរំលឹកផងដែរថា សហរដ្ឋអាម៉េរិកបានប្រើប្រាស់អំណាចរដ្ឋ ដើម្បីគាបសង្កត់ និងទប់ ទល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei អស់រយៈពេលជាងមួយឆ្នាំ ស្ថិតក្រោមហេតុផលសន្តិសុខជាតិ និងការគ្រប់គ្រងការនាំចេញដែលរំលោភបំពាន ៕
-
លោក ដូណាល់ ត្រាំ និយាយថា កងទ័ពអាម៉េរិកដែលដកចេញពីអាល្លឺម៉ង់ អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កងទ័ពអាម៉េរិកដែលចាប់ផ្តើមដកចេញពីទឹកដីអាល្លឺម៉ង់នោះ ប្រហែលជានឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនាឱកាសធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda នៅឯសេតវិមាន បួនថ្ងៃមុនពេលរៀបចំការបោះឆ្នោតក្នុងប្រទេសប៉ូឡូញ ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បាននិយាយថា យើងនឹងកាត់បន្ថយកងកម្លាំងរបស់យើងនៅអាល្លឺម៉ង់ ចាប់ពីចំនួន៥ម៉ឺន២ពាន់នាក់ទៅ២ម៉ឺន៥ពាន់នាក់វិញ ។ លោកបន្ថែមថា កងកម្លាំងមួយចំនួននឹងបញ្ជូនត្រឡប់មកកាន់មាតុប្រទេសវិញ ហើយមួយចំនួនទៀតនឹងត្រូវបញ្ជូនទៅកាន់ប្រទេសផ្សេងទៀត ហើយក្នុងចំណោមប្រទេសទាំងនោះ ក៏រួមមានប្រទេសប៉ូឡូញផងដែរ ។ ក្រៅពីការបញ្ជូនកងទ័ពខាងលើនេះ ជំនួបរវាងមេដឹកនាំប្រទេសទាំងពីរក៏បានផ្តោតសំខាន់ពាក់ព័ន្ធនឹងអង្គការ NATO កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពលសន្តិសុខ ក្នុងចំណោមប្រធានបទសំខាន់ៗដទៃទៀត ៕
-
ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីជួបចរចា បើសិនសហរដ្ឋអាម៉េរិកសូមទោសរឿងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥

អ៊ីរ៉ង់៖ អ៊ីរ៉ង់អាចនឹងបើកកិច្ចចរចាឡើងវិញជាមួយសហរដ្ឋអាម៉េរិក បើសិនជាទីក្រុងវ៉ាស៊ីនតោនយល់ព្រមសូមទោស និង ផ្ដល់សំណងចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ នេះបើតាមការអះអាងរបស់ប្រធានាធិប តីអ៊ីរ៉ង់លោក ហាស្សាន់ រូហានី និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ដោយចោទថា ទីក្រុងតេហេរ៉ង់មិនបានអនុវត្តន៍គ្រប់គ្រាន់តាមកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងការបង្កើនឥទ្ធិពលនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ ថ្លែងនៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃពុធម្សិលមិញ លោក ហាស្សាន់ រូហានី បានសង្កត់ធ្ងន់ថា យើងដឹងច្បាស់ថា សហរដ្ឋអាម៉េរិកអំពាវនាវឱ្យយើងត្រឡប់មករកតុចរចា គ្រាន់តែជាការនិយាយឱ្យតែបាន និងភូតកុហកតែប៉ុណ្ណោះ ៕
-
ក្រុមហ៊ុនបច្ចេកវិទ្យា និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិកជំទាស់ប្រឆាំងនឹងផែនការផ្អាកទិដ្ឋាការអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងផ្អាកការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ សម្រាប់ប្រភេទអ្នកធ្វើការជាជនបរទេសជាច្រើននៅឆ្នាំនេះ ដោយយោងដល់ការខូចខាតសេដ្ឋកិច្ច ព្រោះជម្ងឺតែ COVID-19 នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា មន្រ្តីសេតវិមានបានលើកឡើងថា ចំណាត់ការនេះ គឺជាការចាំបាច់ដើម្បីការពារអ្នកធ្វើការងារអាម៉េរិក ក្រោយបាត់បង់ការងារដ៏ច្រើនអំឡុងវិបត្តិ COVID-19 ហើយនឹងរារាំងក្រុមកម្មករបរទេសកុំឱ្យបំពេញការងារចំនួន៥២ម៉ឺន៥ពាន់នាក់ ។ ពាក់ព័ន្ធនឹងផែនការនេះដែរ ក្រុមហ៊ុនពាណិជ្ជកម្មធំៗរួមមានក្រុមហ៊ុនបច្ចេកវិទ្យា និងសភាពាណិជ្ជកម្មអាមេរិកបានជំទាស់ប្រឆាំងការផ្អាកទិដ្ឋាការអន្តោប្រវេសន៍នេះ ដោយនិយាយថា កម្មករបរទេសជាច្រើនមានសារៈសំខាន់ ហើយអវត្តមានពួកគេនឹងធ្វើឱ្យមានការលំបាកដល់ការងើបឡើងវិញ ខាងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ។ សូមបញ្ជាក់ថា ការផ្អាកខាងលើនេះអនុវត្តន៍ចំពោះទិដ្ឋាការការងារដែលក្រុមហ៊ុនបច្ចេកវិទ្យា និងសួនឧទ្យានប្រើហៅថា ទិដ្ឋាការប្រភេទ H-1B និងប្រភេទទិដ្ឋាការ J-1 សម្រាប់ការផ្លាស់ប្តូរនិស្សិត និងប្រភេទទិដ្ឋាការ L-1 សម្រាប់អ្នកចាត់ចែងក្រុមហ៊ុនសាជីវកម្មពហុជាតិ ។ ការផ្អាកបណ្តោះអាសន្ននេះ ក៏អនុវត្តន៍ចំពោះប្រភេទទិដ្ឋាការ H-2B សម្រាប់ពួកអ្នកធ្វើការងារមិនមែនផ្នែកកសិកម្ម ថ្វីបើមានការលើកលែង រួមមានអ្នកធ្វើការងារខាងផលិតម្ហូបអាហារ អ្នកមើលថែទាំសុខភាព និងអ្នកដែលមើលការថែទាំកូនក្មេង ខណៈពួកអ្នកធ្វើការខាងកសិកម្មក៏ត្រូវបានលើកលែងដែរ ៕ …
-
នាយករដ្ឋមន្រ្តីអង់គ្លេសព្រមានថា គ្រប់វិធានបន្ធូរបន្ថយទាំងអស់ នឹងអាចវិលត្រឡប់បិទដូចដើម បើសិនការឆ្លងរាតត្បាត COVID-19 កើនឡើងវិញ

អង់គ្លេស៖ ហាងស្រា កន្លែងកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងហាងកាត់សក់ក្នុងប្រទេសអង់គ្លេស ទំនងជាអាចបើកឡើងវិញគិតចាប់ពីថ្ងៃទី០៤ ខែកក្កដាខាងមុខ នៅពេលដែលច្បាប់ទាក់ទងនឹងសង្គម នឹងត្រូវបានបន្ធូរបន្ថយ នេះបើ តាមសារព័ត៌មាន CGNT នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានថ្លែងថា ប្រជាជននឹងត្រូវបានលើកទឹកចិត្តឱ្យប្រើ ដូចជាម៉ាស និងមិនអង្គុយទល់មុខគ្នាយ៉ាងហោចណាស់នៅចម្ងាយ២ម៉ែត្រពីគ្នា និងកន្លែងសម្រាប់មនុស្សអង្គុយ ដែលអាចធ្វើទៅបាន គួរតែទុកចម្ងាយ២ម៉ែត្រពីគ្នា ។ លោកបន្ថែមថា គោលការណ៍របស់យើង គឺការជឿទុកចិត្តលើប្រជាជនអង់គ្លេសឱ្យប្រើគំនិត និងចំណេះដឹងរបស់ពួកគេពីហានិភ័យនៃវីរុស COVID-19 ដោយចងចាំថា យើងបើកកាន់តែច្រើន យើងត្រូវប្រុងប្រយ័ត្នកាន់តែខ្ពស់ ។ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះក៏បានព្រមានដែរថា គ្រប់វិធានបន្ធូរបន្ថយទាំងអស់នេះ គឺអាចវិលត្រឡប់បិទដូចដើមវិញបាន ។ សូមជម្រាបថា អង់គ្លេសក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែការរាតត្បាតនៃជម្ងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ អង់គ្លេសមានអ្នកឆ្លងសរុប៣០ម៉ឺន៦ពាន់២១០ករណី ក្នុងនោះមានអ្នកស្លាប់៤ម៉ឺន២ពាន់៩២៧នាក់ និងជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …
-
កូរ៉េខាងជើងសម្រេចផ្អាកផែនការបញ្ចេញសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូងជាបណ្តោះអាសន្ន

កូរ៉េខាងជើង៖ អំឡុងកិច្ចប្រជុំគណៈកម្មការមជ្ឈិមយោធា នៃបក្សពលករកូរ៉េកាន់អំណាចនាដើមសប្តាហ៍នេះ លោក គីម ជុងអ៊ុន បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវការផែនការបញ្ចេញសកម្មភាពយោធា ដើម្បីឆ្លើយតបនឹងការបង្ហោះខិត្តប័ណ្ណចេញពីកូរ៉េខាងត្បូង នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចចិត្តខាងលើនេះរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសថា នឹងបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងវិញចំនួន១២លានសន្លឹក ជាការសងសឹកឲ្យសមតម្លៃ ចំពោះអ្វីដែលកូរ៉េខាងត្បូងបានធ្វើ ។ ក្រៅពីការប្រកាសផ្អាកសកម្មភាពយោធានេះទៀតសោត កូរ៉េខាងជើងក៏បានរៀបចំដំណោះស្រាយផ្សេងទៀត ដោយស្ថិតនៅក្នុងគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធក្នុងពេលធ្វើសង្គ្រាមផងដែរ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ៕