-
លោក ដូណាល់ ត្រាំ គ្រោងប្រកាសរឹតបន្តឹងទិដ្ឋាការថ្មីនាពេលឆាប់ៗខាងមុខនេះ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បាននិយាយថា លោកនឹងធ្វើការប្រកាសស្តីពីការរឹតបន្តឹងទិដ្ឋាការថ្មីនាពេលឆាប់ៗខាងមុខនេះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News មុនពេលចូលរួមការជួបជុំក្រុមអ្នកគាំទ្រសាជាថ្មីឡើងវិញជាលើកដំបូង ក្នុងទីក្រុង Tulsa រដ្ឋ Oklahoma លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា យើងនឹងធ្វើការប្រកាសអ្វីមួយនៅថ្ងៃស្អែក ឬក៏ថ្ងៃបន្ទាប់ស្តីពីទិដ្ឋាការ ។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិករូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលំអិតជុំវិញការរឹតបន្តឹងទិដ្ឋាការ ប៉ុន្តែបានទទួលស្គាល់ថា នឹងមានករណីលើកលែងមួយចំនួនផងដែរ ៕
-
ប្រធានាធិបតីអាម៉េរិកសម្រេចចិត្តពន្យារពេលដាក់ទណ្ឌកម្មលើចិន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានពន្យារពេលដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន ដែលទទួលខុសត្រូវលើការធ្វើទុក្ខទោសលើជនជាតិដើមភាគតិចម៉ូស្លីម អ៊ុយហ្គឺ នៅតំបន់ស្វយ័ត ស៊ីនជាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចចិត្តបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងដោយសារតែសហរដ្ឋអាម៉េរិកព្រួយបារម្ភខ្លាចវិធានការខាងលើនេះ នឹងប៉ះពាល់ដល់កិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន ដែលមានទំហំទឹកប្រាក់នៃការទិញផលិត ផលពីសហរដ្ឋអាម៉េរិក ចំនួន២៥០ពាន់លានដុល្លារ ។ បើតាមអង្គការសហប្រជាជាតិនោះ ជនជាតិដើមភាគតិចម៉ូស្លីមអ៊ុយហ្គឺ ច្រើនជាង ១លាននាក់ត្រូវបានអាជ្ញាធរចិនចាប់បង្ខាំងក្នុងជំរំលុតដំជាច្រើន នៃតំបន់ស្វយ័តស៊ីនជាំង ហើយក្រសួងការបរទេសអាម៉េរិកក៏បានចោទប្រកាន់អាជ្ញាធរចិនផងដែរថា បានធ្វើទារុណកម្ម និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរលើជនជាតិនេះ ។ ជាការឆ្លើយតប ចិនបានច្រានចោលការចោទប្រកាន់ខាងលើ ដោយបានគូសបញ្ជាក់ថា ជំរំដែលត្រូវបានបង្កើតឡើង គឺជាកន្លែងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជួយដល់ការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយម ឬពួកភេរវករតែប៉ុណ្ណោះ ៕
-
កូរ៉េខាងត្បូងព្រមានពីជម្រើសយោធា ដើម្បីឆ្លើយតបនឹងយុទ្ធនាការបង្ហោះខិត្តប័ណ្ណរបស់កូរ៉េខាងជើង

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងកំពុងទុកជម្រើសយោធានៅលើតុ ដើម្បីធ្វើការឆ្លើយតបទៅនឹងផែនការបញ្ជូនខិត្តប័ណ្ណឃោសនា នៅតាមព្រំដែនរបស់កូរ៉េខាងជើង នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកនាំពាក្យយោធាកូរ៉េខាងត្បូងលោក គីម ជុនរ៉ាក់ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា យើងកំពុងឃ្លាំមើលយ៉ាងដិតដល់នូវសកម្ម ភាពយោធាកូរ៉េខាងជើង ទាក់ទងនឹងការបង្ហោះខិត្តប័ណ្ណរបស់ខ្លួន ។ លោក គីម បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពយោធា បើសិនមានយន្តហោះណាមួយហោះហើរលើតំបន់គ្មានយោធា ដែលនឹងរំលោភលើកិច្ចព្រមព្រៀង យោធាគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១៨ ។ ការកត់សម្គាល់បែបនេះរបស់កូរ៉េខាងត្បូង បានកើតមានឡើងក្រោយកូរ៉េខាងជើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានអះអាងថា ខ្លួននឹងបញ្ជូនខិត្តប័ណ្ណ១២លានសន្លឹកទៅកាន់កូរ៉េខាងត្បូងក្នុងពេលឆាប់ៗនេះ ជាការសងសឹកនឹងទីក្រុងសេអ៊ូល ដែលបើកដៃឱ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ៕
-
អឺរ៉ុបនឹងឈប់យកពន្ធលើការនាំចូលត្រីធូណារបស់វៀតណាម នាខែសីហា

សហគមអឺរ៉ុបនឹងឈប់យកពន្ធលើផលិតផលត្រីធូណា ទាំងស្រស់ និងក្លាសេរបស់ប្រទេសវៀតណាម នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមអាចនឹងចូលធរមាន នាខែសីហា ២០២០ខាងមុខនេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២២ មិថុនានេះ។ ប្រភពថា ក្នុងមួយឆ្នាំៗ វៀតណាមបាននាំផលិតផលត្រីធូណាទៅអឺរ៉ុប១២០០០តោន ក្នុងនោះ ១១៥០០តោនគឺជាសាច់ត្រីដាក់ក្នុងកប៉ុង និង ៥០០តោនជាសាច់ត្រីស្រស់។ ម្យ៉ាងទៀត កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងបង្កើតឱកាសកាន់តែធំសម្បើមសម្រាប់ឧស្សាហកម្មត្រីធូណារបស់វៀតណាម ក្នុងការចូលទៅកាន់ទីផ្សារថ្មី ជាពិសេស ប្រកួតប្រជែងកាន់តែខ្លាំងជាមួយបណ្តាប្រទេសផ្សេងៗ ដែលនាំត្រីធូណាទៅដែរ មានដូចជាថៃ និងចិនជាដើម៕
-
កូរ៉េខាងជើងអះអាងជាថ្មីថា ខិតប័ណ្ណរាប់លានត្រៀមរួចរាល់ហើយ ដើម្បីបង្ហោះសងសឹកកូរ៉េខាងត្បូងវិញ

កូរ៉េខាងជើង៖ រដ្ឋាភិបាលកូរ៉េខាងជើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានបញ្ជាក់សារជាថ្មីទៀតថា បាឡុងរាប់ពាន់របស់ខ្លួនបានត្រៀមរួចរាល់ហើយ ខណៈខិតប័ណ្ណឃោសនារាប់លានសន្លឹកក៏ត្រៀមរួចជាស្រេចហើយដែរ ដើម្បីបង្ហោះសងសឹកប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូងវិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ការអះអាងម្តងទៀតរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយថា ប្រជាជនកូរ៉េខាងជើង ដែលមានកំហឹងនៅទូទាំងប្រទេស កំពុងជំរុញឆ្ពោះទៅមុខយ៉ាងសកម្ម ជាមួយនឹងការត្រៀមលក្ខណៈចែកចាយខិត្តប័ណ្ណដ៏ច្រើនសន្ធឹកសន្ធាប់គរដូចជាភ្នំ ដើម្បីថ្កោលទោសអ្នកនយោបាយរត់ចោលស្រុករបស់កូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង ។ សូមបញ្ជាក់ដែរថា បន្ទាប់ពីមានសកម្មភាពបង្ហោះខិត្តប័ណ្ណប្រឆាំងរបបដឹកនាំក្រុងព្យុងយ៉ាងពីសំណាក់ជនភៀសខ្លួនកូរ៉េខាងជើង ដែលបានរត់ទៅជ្រកកោននៅកូរ៉េខាងត្បូង នៅតាមព្រំដែនប្រទេសទាំងពីររួចមក ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរបានស្គាល់ភាពតានតឹងឡើងខ្លាំងសារជាថ្មីម្តងទៀត ។ ដោយសារតែកូរ៉េខាងជើង បានចោទកូរ៉េខាងត្បូងថា មានចេតនាអាក្រក់ក្នុងការបណ្តែត បណ្តោយឲ្យសកម្មភាពទាំងនោះកើតឡើង បើទោះបីជាខ្លួនព្រមានម្តងហើយម្តងទៀត ៕
-
លោក ដូណាល់ ត្រាំ គំរាមចាត់វិធានការប្រឆាំងនឹងក្រុមបាតុករ ក្រោយរូបសំណាកប្រធានាធិបតីទី១របស់សហរដ្ឋអាមេរិកត្រូវពួកគេទាញរំលំ

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងថ្ងៃសុក្រនេះ បានគំរាមចាត់វិធានការដែលមិនបានបញ្ជាក់ច្បាស់លាស់ ដើម្បីប្រឆាំងនឹងក្រុមបាតុករទាំងឡាយណា ដែលធ្វើការតវ៉ាដោយហិង្សា ពាក់ព័ន្ធនឹងការស្លាប់រសប់បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ ដែលត្រូវប៉ូលិសយកជង្គង់សង្កត់ករហូតដល់ស្លាប់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមានខាងលើនេះលោក ដូណាល់ ត្រាំ ធ្វើឡើងអំឡុងពិធីជួបជុំស្វែងរកការគំាទ្រសម្រាប់ការបោះឆ្នោតអាណត្តិថ្មីទៀតក្នុងទីក្រុង ធូលសា រដ្ឋអូក្លាហូម៉ា នាចុងសប្តាហ៍នេះ និងបន្ទាប់ពីរូបសំណាកប្រធានាធិបតីដំបូងបំផុតរបស់សហរដ្ឋអាមេរិក គឺលោក ចច វ៉ាស៊ីនតោន ត្រូវបានក្រុមបាតុករនៃចលនា Black Lives Matter ទាញឲ្យរលំ និង យកទង់ជាតិអាមេរិកទៅដុតពីលើថែមទៀតនៅទីក្រុង ផតលែន រដ្ឋអូរីហ្គន ។ សូមបញ្ជាក់ផងដែរថា ទង្វើនេះទំនងជាដោយសារតែលោក ចច វ៉ាស៊ីនតោន ដែលជាបិតាស្ថាបនិកម្នាក់របស់សហរដ្ឋអាមេរិក ធ្លាប់ជាបុគ្គលដែលប្រើទាសករ ខណៈការបំផ្លាញ និងរំលំរូបសំណាកបែបនេះ ក៏កើតឡើងនៅតាមប្រទេសមួយចំនួនទៀតផងដែរ ពោលគឺក្នុងតំបន់អឺរ៉ុប ៕ …
-
អតីតមន្រ្តីជាន់ខ្ពស់អាមេរិកនិយាយថា លោក ចូ បៃដិន ជាមនុស្សតែម្នាក់គត់ដែលអាចបង្រួបបង្រួមជាតិឡើងវិញបាន

សហរដ្ឋអាមេរិក៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី ស៊ូសាន រ៉ាយស៍ និយាយថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ គួរតែផ្ដោតជាសំខាន់លើការរារាំងលោក ដូណាល់ ត្រាំ ជាប់ឆ្នោតមួយអាណត្តិទៀត ហើយថា លោក ចូ បៃដិន គឺជាមនុស្សម្នាក់គត់ដែលអាចដោះស្រាយបញ្ហា និងជាអ្នកបង្រួបបង្រួមជាតិឡើងវិញ នេះបើតាមសារព័ត៌មាន ស្ពូតនីគ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោកស្រី ស៊ូសាន រ៉ាយស៍ បានកើតមានឡើងខណៈមានសេចក្ដីរាយការណ៍ជាច្រើនថា បក្សប្រជាធិបតេយ្យត្រូវបានជំរុញឱ្យតែងតាំងមនុស្សស្រីជាអនុប្រធានាធិបតី ហើយលោកស្រីក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះបេក្ខជនអនុប្រធានាធិបតីរបស់លោក ចូ បៃដិន ផងដែរ ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ MSNBC នៅថ្ងៃសុក្រម្សិលមិញ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះសង្កត់ធ្ងន់ទៀតថា អ្នកគាំទ្រលោក ដូណាល់ ត្រាំ នៅក្នុងព្រឹទ្ធសភាគួរតែត្រូវបានចាត់ទុកថា ជាគំនរសំរាមប្រវត្តិសាស្ត្រ ៕
-
សហរដ្ឋអាមេរិកច្រានចោលសំណើចង់បន្ថែមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ បានទាត់ចោលសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ដែលចង់បន្ថែមជើងហោះហើរប្រចាំសប្តាហ៍រវាងប្រទេសទាំងពីរបន្ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងដឹកជញ្ជូនអាមេរិកបានគូសបញ្ជាក់ថា ការសម្រេចចិត្តបែបនេះ គឺជាកិច្ចការផ្នែកនីតិវិធីសុទ្ធសាធ ដូច្នេះវាមិនគួរត្រូវបានចាត់ទុកថា ជាការបង្កើនភាពតានតឹងបន្ថែមរវាងប្រទេសទាំងពីរនោះទេ ។ គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងក្រោយក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដូចជាក្រុមហ៊ុន Delta Air Line និង United Airlines បានព្យាយាមបើកដំណើរការជើងរហោះហើរដឹកអ្នកដំណើរជារៀងរាល់ថ្ងៃទៅកាន់ប្រទេសចិន នៅក្នុងខែមិថុនានេះ ប៉ុន្តែផែនការរបស់ពួកគេនេះបានផ្លាស់ប្តូរវិញ ដោយសារតែគ្មានការយល់ព្រមពីរដ្ឋាភិបាល ៕
-
សហភាពអឺរ៉ុបកំពុងពិចារណាពីលទ្ធភាពដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីធ្វើឱ្យចិនបោះបង់ផែនការដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុង

ប៊ែលហ្ស៊ិក៖ សភាសហភាពអឺរ៉ុបបានលើកឡើងថា អឺរ៉ុបគួរតែប្ដឹងចិនឡើងតុលា ការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ បើសិនទីក្រុងប៉េកាំងដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងដំណោះស្រាយមួយ សភាអឺរ៉ុបបានបោះឆ្នោតក្នុងសំឡេងគាំទ្រ៥៦៥ ជំទាស់៣៤សំឡេង និងអនុប្បវាទ៦២សំឡេង ដើម្បីប្រឆាំងជំទាស់នឹងច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង ដែលអឺរ៉ុប អូស្រ្តាលី និងសហរដ្ឋអាមេរិកចាត់ទុកថា នឹងបំផ្លាញដល់ស្វ័យភាពក្រុងហុងកុង ព្រមទាំងគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ។ ជាការឆ្លើយតបវិញនោះ ទាំងប្រទេសចិន និងរដ្ឋាភិបាលទីក្រុងហុងកុងបានច្រានចោលការព្រួយបារម្ភខាងលើនេះ ដោយអះអាងថា ច្បាប់សន្តិសុខជាតិនេះ នឹងមិនបង្កផលប៉ះពាល់អ្វីទាំងអស់ ហើយមានតែជួយពង្រឹងសន្តិសុខ និងសណ្ដាប់ ធ្នាប់ទីក្រុងហុងកុងទៅវិញទេ ៕
-
កូរ៉េខាងជើងត្រៀមបង្ហោះខិតប័ណ្ណប្រឆាំងនឹងកូរ៉េខាងត្បូងវិញនៅតាមព្រំដែនប្រទេសខ្លួន ចំពេលមានភាពតានតឹងខ្លាំងក្នុងតំបន់ឧបទ្វីបកូរ៉េ

កូរ៉េខាងជើង៖ កូរ៉េខាងជើងកំពុងត្រៀមបញ្ជូនខិតប័ណ្ណឃោសនានៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន ដោយថ្កោលទោសក្រុមជនជាតិកូរ៉េខាងជើងដែលរត់មករស់នៅខាងកូរ៉េខាងត្បូង និងទីក្រុងសេអ៊ូលផ្ទាល់ ដែលនេះជាការសងសឹងចុងក្រោយ ចំពេលដែលស្ថានការណ៍នៅលើឧបទ្វីបកូរ៉េកើនឡើងកម្តៅខ្លាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា ប្រជាជនកូរ៉េខាងជើងដែលពុះកញ្ជ្រោលពាសពេញប្រទេស កំពុងឆ្ពោះទៅមុខយ៉ាងសកម្ម ជាមួយនឹងការត្រៀមលក្ខណៈ សម្រាប់ការចាប់ផ្តើមការចែកចាយខិតប័ណ្ណខ្នាតធំ ដែលត្រូវបានគរខ្ពស់ដូចភ្នំ ។ សូមបញ្ជាក់ថា ភាពតានតឹងឡើងវិញរវាងប្រទេសកូរ៉េទាំងពីរ បានកើតមានឡើងបន្ទាប់ក្រុមជនជាតិកូរ៉េខាងជើង ដែលរត់មករស់នៅខាងកូរ៉េខាងត្បូងបានប្រមូលផ្តុំគ្នាបង្ហោះខិតបណ្ណនៅតាមព្រំដែន ដើម្បីសម្តែងការប្រឆាំងចំពោះលោក គីម ជុងអ៊ុន ។ ប្រការនេះ បានធ្វើឲ្យកូរ៉េខាងជើងខឹងសម្បារ និងទាមទារឲ្យកូរ៉េខាងត្បូងបញ្ឈប់សកម្មក្រុមនោះជាបន្ទាន់ ប៉ុន្តែកូរ៉េខាងត្បូងហាក់មិនបានចាត់វិធានការ ដែលកូរ៉េខាងជើងអាចទទួលយកបាននោះឡើយ ៕