-
ទាហានឥណ្ឌា១០នាក់ត្រូវបានចិនដោះលែងវិញ ក្រោយការប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ព្រំដែនប្រទេសទាំងពីរ

ឥណ្ឌា៖ កងទ័ពឥណ្ឌា១០នាក់ត្រូវបានខាងភាគីចិនដោះលែងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយការដោះលែងនេះ កើតឡើងក្រោយមានកិច្ចប្រជុំ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងមន្ត្រីជាន់ខ្ពស់ចិន និងឥណ្ឌា នេះបើតាមសារព័ត៌មានឥណ្ឌា Press Trust of India ។ យ៉ាងណាមិញ រដ្ឋាភិបាលឥណ្ឌាមិនបានទទួលស្គាល់សេចក្ដីរាយការណ៍នេះទេ ប៉ុន្តែខាងកងទ័ពឥណ្ឌាបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា គ្មានកងទ័ពឥណ្ឌាណាម្នាក់បាត់ខ្លួននៅក្នុងជម្លោះជាមួយចិន នៅឯតំបន់ជ្រលងភ្នំហ្គាល់វ៉ាន ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក កាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះឡើយ ។ កំឡុងការផ្ទុះអាវុធដាក់គ្នានៅឯតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំង២ នៃតំបន់ជួរភ្នំហិម៉ាល័យ បានបណ្តាលឱ្យកងទ័ពឥណ្ឌាយ៉ាងហោច២០នាក់ស្លាប់ និង ១៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយរងរបួសធ្ងន់ ។ ចំណែកឯចិនវិញក៏បានទទួលស្គាល់ដែរថា កងទ័ពរបស់ខ្លួនមានអ្នកស្លាប់ និងរបួស ប៉ុន្តែមិនបានបញ្ចេញតួលេខលម្អិតឡើយ ៕
-
ប្រធានាធិបតីអាមេរិក ព្រមានកាត់ផ្ដាច់ទំនាក់ទំនងជាមួយចិនសារជាថ្មី មួយថ្ងៃបន្ទាប់ពីកិច្ចពិភាក្សាជាន់ខ្ពស់

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានគំរាមកាត់ផ្ដាច់ទំនាក់ទំនងជាមួយចិនសារជាថ្មីទៀត មួយថ្ងៃក្រោយមានកិច្ចពិភាក្សារវាងប្រមុខការទូតរបស់លោកជាមួយនឹងទីក្រុងប៉េកាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ ត្រូវបានមើលឃើញថា ព្យាយាមធ្វើឱ្យមានតុល្យភាពឡើងវិញនូវឱនភាពពាណិជ្ជកម្មដ៏ធំរវាងសហរដ្ឋអាមេរិក និងចិន ប៉ុន្ដែទំនាក់ទំនងរវាងប្រទេសទាំងពីរគឺកាន់តែអាក្រក់ទៅៗ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាន់តែកៀក ។ ហើយថ្មីៗនេះ អ្នកការទូតជាន់ខ្ពស់របស់អាមេរិកប្រចាំនៅអាស៊ីបូព៌ាបាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានភាពតានតឹង បន្ទាប់ពីកិច្ចពិភាក្សាការទូតកម្រិតខ្ពស់លើកដំបូងរបស់ពួកគេ ដែលខកខានមិនបានធ្វើអស់ពេលជាច្រើនខែ ។ ប្រភពបានឱ្យដឹងទៀតថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះ គឺស្ថិតក្នុងចំណុចទាបបំផុតមិនធ្លាប់មានអស់ពេលជាច្រើនឆ្នាំ ពោលគឺចាប់តាំងពីមានការផ្ទុះឡើងនៃមេរោគ COVID-19 ហើយសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនថា គ្មានតម្លាភាពជុំវិញការផ្ទុះឡើងនៃវីរុសរាតត្បាតសកលមួយនេះ ៕
-
ពលរដ្ឋអាមេរិក ១.៥លាននាក់ផ្សេងទៀតដាក់ពាក្យទាមទារអត្ថប្រយោជន៍គ្រាអត់ការងារធ្វើ អំឡុងវិបត្តិ COVID-19

សហរដ្ឋអាមេរិក៖ ការបាត់បង់ ឬបញ្ឈប់ពីការងារដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក កើនឡើងដល់៤៥.៧លាន ដោយបង្កើនការបារម្ភថា ទោះបីមានសញ្ញាវិជ្ជមានខ្លះក៏ដោយ ក៏សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែប្រឈមនឹងការជាប់គាំង មិនអាចស្ទុះងើបឡើងវិញបានពីការធ្លាក់ចុះនោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។ ក្រសួងការងារអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះបានលើកឡើងថា កម្មករនិយោជិតអាមេរិក ១.៥លាននាក់ផ្សេងទៀត បានដាក់ពាក្យទាមទារអត្ថប្រយោជន៍គ្រាអត់ការងារធ្វើកាលពីសប្តាហ៍មុន គឺថយចុះតែ៥ម៉ឺន៨ពាន់នាក់ប៉ុណ្ណោះ បើធៀបនឹងសប្តាហ៍មុន ប៉ុន្តែខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគ ។ សូមជម្រាបថា ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ បានឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើន ដោយហេតុថា អាជីវកម្មនានាបានចាប់ផ្តើមបិទទ្វារនៅពាក់កណ្តាលខែមីនាកន្លងទៅ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស COVID-19 ដោយអត្រាគ្មានការងារធ្វើបានកើនឡើងរហូតដល់១៣.៣ភាគរយនៅក្នុងខែឧសភា និងមនុស្សរាប់លាននាក់ត្រូវបានបញ្ឈប់ពីការងារជារៀងរាល់សប្តាហ៍ ៕
-
ផែនការលុបចោលកម្មវិធីការពារជនអន្តោប្រវេសន៍ DACA របស់លោក ដូណាល់ ត្រាំ ត្រូវបានតុលាការកំពូលអាមេរិកបដិសេដ

សហរដ្ឋអាមេរិក៖ តុលាការកំពូលអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេដ ផែនការរបស់លោក ដូណាល់ ត្រាំ ដែលមានគោលបំណងលុបចោលកម្មវិធី DACA ដែលផ្តល់ការការពារដល់ «Dreamer» ឬជនអន្តោប្រវេសន៍ប្រមាណ៧០ម៉ឺននាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ តុលាការកំពូលអាមេរិកថែមទាំងបានហៅគម្រោងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែរថា ជាការសម្រេចចិត្តដែលធ្វើឡើងតាមតែទំនើងចិត្ត ហើយមិនសមហេតុសមផលអ្វីបន្តិចនោះទេ ។ កម្មវិធី DACA នេះ ត្រូវបានបន្សល់ទុកមកពីជំនាន់រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា ដែលបានប្រកាសវាកាលពីឆ្នាំ២០១២ ។ កាលនោះ លោក អូបាម៉ា បាននិយាយថា រដ្ឋាភិបាលលោកនឹងមិនចាប់ខ្លួន ឬបណ្តេញជនអន្តោប្រវេសន៍ទាំងនេះ ដែលកំពុងធ្វើការនៅក្នុងប្រទេសលោកឡើយ ខណៈអ្នកទាំងនេះក៏ចូលរួមចំណែកក្នុងសហគមន៍របស់ពួកគេដែរ ហើយគោរពច្បាប់ត្រឹមត្រូវ ដូចគេឯងដែរនោះ ។ កម្មវិធី DACA បានអនុញ្ញាតឲ្យពួកជនអន្តោប្រវេសន៍ទាំងនេះ អាចចុះឈ្មោះជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីទទួលបានការអនុញ្ញាតឲ្យបំពេញការងារដោយស្របច្បាប់ បើទោះបីជាពួកគេកាលពីក្មេងបានចូលមកក្នុងទឹកដីអាមេរិកដោយខុសច្បាប់ ដោយសារតែឪពុកម្តាយក៏ដោយ ៕…
-
ច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុងដ៏ចម្រូងចម្រាស់ បញ្ជូនទៅកាន់គណៈកម្មាធិការកំពូលក្នុងសភាចិនហើយ

ចិន៖ សេចក្ដីព្រាងច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ត្រូវបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាជាតិប្រជាជនចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយគណៈកម្មាធិការនេះ នឹងត្រូវជួបប្រជុំរហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ សេចក្ដីព្រាងច្បាប់សន្តិសុខជាតិថ្មីនេះ មានបញ្ជាក់លម្អិតពីការដាក់ទោសទណ្ឌ និងការកំណត់និយមនៃបទឧក្រិដ្ឋចំនួន០៤ ក្នុងនោះរួមមានសកម្មភាពផ្ដាច់ខ្លួន សកម្មភាពភេរវកម្ម ទង្វើក្បត់រួមដៃជាមួយបរទេស និងសកម្មភាពវិទ្ធង្សនា ។ ប៉ុន្តែទន្ទឹមគ្នានេះ ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស G7 បានចេញផ្សាយសេចក្ដីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យចិនបញ្ឈប់ជាបន្ទាន់ផែនការអនុម័ត ឬដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដោយបញ្ជាក់ថា វានឹងបំផ្លាញដល់សេរីភាព និងប្រជាធិបតេយ្យរបស់ប្រជាជនក្រុងហុងកុង ៕
-
ក្រោយធូរស្រាលកូវីដ១៩ ថៃនឹងបាញ់ផ្កាយរណបយោធាទៅកាន់ទីអវកាស នៅថ្ងៃនេះ

សារព័ត៌មានថៃបានចេញផ្សាយថា ផ្កាយរណបដំបូងរបស់យោធាប្រទេសថៃ Napa-1 តម្លៃជាង១០០លានបាត ឬ៣លានដុល្លារអាមេរិក នឹងត្រូវបាញ់ទៅកាន់ទីអវកាសនៅថ្ងៃសុក្រទី១៩ មិថុនា ២០២០នេះ ពោលគឺបន្ទាប់ពីមានការពន្យារពេល៣លើក ក្នុងការបង្ហោះដោយសារបញ្ហាបច្ចេកទេស និងបញ្ហាកូវីដ-១៩ ។ Napa-1 នឹងត្រូវប្រើជាអាថ៌ ដើម្បីសង្កេត និងស្ទង់មើលលំហអាកាសថៃ សម្រាប់គោលបំណងការពារសន្តិសុខជាតិដែនអាកាស ។ ក្រៅពីនោះNapa-1 ក៏ត្រូវប្រើផងដែរ ដើម្បីរកមើលចំណុចក្ដៅ ដើម្បីការពារភ្លើងឆេះព្រៃ និងបញ្ហាទឹកបង្ការទប់ស្កាត់គ្រោះទឹកជំនន់ឬរាំងស្ងួតជាដើម ៕
-
អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់សុំឱ្យលោក ស៊ី ជិនពីង ជួយលោកឈ្នះឆ្នោតមួយអាណត្តិទៀត

សហរដ្ឋអាមេរិក៖ សៀវភៅថ្មីមួយរបស់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន បានឱ្យដឹងថា លោក ដូណាល់ ត្រាំ ធ្លាប់ស្នើឱ្យលោក ស៊ី ជិនពីង ជួយរូបលោកឱ្យឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។ បើតាមសំណេរមួយដកស្រង់ចេញពីសៀវភៅរបស់លោក John Bolton មានចំណងជើងថា «The Room Where It Happened» ដែលគ្រោងនឹងចេញផ្សាយ នៅថ្ងៃទី២៣ ខែមិថុនានេះ ការស្នើសុំជំនួយខាងលើ កើតមានឡើងនៅក្នុងកិច្ចប្រជុំមួយរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នាឱកាសមេដឹកនាំទាំង២ចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីខែមិថុនា ឆ្នាំ២០១៩ ។ ជាមួយគ្នានេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់លោក ចន បូលតុន ថា កំពុងប្រព្រឹត្តខុសច្បាប់ តាមរយៈការបោះពុម្ពផ្សាយសៀវភៅមួយ…
-
លោក ដូណាល់ ត្រាំ សម្រេចអូសបន្លាយពេលដាក់ទណ្ឌកម្មដែលមានស្រាប់លើកូរ៉េខាងជើងរយៈពេលមួយឆ្នាំទៀត

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានសម្រេចអូសបន្លាយពេលដាក់ទណ្ឌកម្មដែលមានស្រាប់លើកូរ៉េខាងជើង រយៈពេលមួយឆ្នាំទៀត ដោយផ្អែកលើហានីភ័យនៃបញ្ហាអាវុធនុយក្លេអ៊ែរ និង ឥរិយាបថរបស់កូរ៉េខាងជើង ដែលគំរាមកំហែងដល់សន្តិសុខជាតិសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថា អតិ្ថភាព និងហានីភ័យនៃការរីកសាយភាយអាវុធជាតិផ្ទុះនៅលើឧបទ្វីបកូរ៉េ ព្រមទាំងសកម្មភាព និងគោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េខាងជើង នៅតែបន្តបង្កការគំរាមកំហែងដល់សន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ។ បើតាមសារព័ត៌មានយ៉ុនហាប់ ប្រធានមន្រ្តីចរចានុយក្លេអ៊ែររបស់កូរ៉េខាងត្បូងលោក លី ដូ ហ៊ូន បានធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាស៊ីនតោនហើយ ហើយគ្រោងជួបជាមួយមន្រ្តីជាន់ខ្ពស់អាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ចំពេលមានភាពតានតឹងខ្លាំងជាមួយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េចោល និងគំរាមប្រើប្រាស់កម្លាំងយោធា ៕
-
នាយករដ្ឋមន្រ្តីឥណ្ឌាអះអាងថា ឥណ្ឌានឹងចាត់វិធានការវាយបកភ្លាមៗ បើសិនជាភាពតានតឹងជាមួយចិនកាន់តែអាក្រក់ឡើង

ឥណ្ឌា៖ កងទ័ពឥណ្ឌា២០នាក់ដែលបាត់បង់ជីវិត ក្រោយករណីផ្ទុះអាវុធជាមួយកងទ័ពចិននៅឯតំបន់ព្រំដែននឹងមិនមែនពលីជីវិតដោយទទេៗឡើយ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងចុះផ្សាយដោយ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។ ថ្លែងនៅក្នុងសន្ទរកថាមួយផ្សាយផ្ទាល់តាមបញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះបានសង្កត់ធ្ងន់ថា សម្រាប់យើង… ការឯកភាព និងដែនអធិបតេយ្យជាតិ គឺជារឿងសំខាន់បំផុត… ឥណ្ឌាចង់បានសន្តិភាព ប៉ុន្តែយើងនឹងចាត់វិធានការវាយបកភ្លាមៗ បើសិនជាភាពតានតឹងជាមួយចិនកាន់តែអាក្រក់ឡើង ។ ការអត្ថាធិប្បាយខាងលើនេះរបស់លោក ម៉ូឌី ធ្វើឡើងបន្ទាប់ពីការផ្ទះអាវុធរវាងកងទ័ពចិន និងឥណ្ឌា បានកើតឡើងកាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះនៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក ជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ពអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាំងនៅខាងដែនដីរបស់ចិន និង ឥណ្ឌា ៕
-
ទីបំផុតលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាមួយស្ដីពីកំណែទម្រង់ប៉ូលិសរបស់សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ ទីបំផុតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានសម្រេចចុះហត្ថលេខាលើបទបញ្ជាមួយ ស្ដីពីកំណែទម្រង់ប៉ូលិសរបស់សហរដ្ឋអាមេរិក ក្រោយមានការតវ៉ានៅទូទាំងប្រទេសអស់រយៈពេលរាប់សប្ដាហ៍ ចាប់តាំងពីការស្លាប់របស់លោក ចច ហ្វ្លយដ៍ មកនេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។ ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើនៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា បទបញ្ជានេះ នឹងជួយលើកទឹកចិត្តឲ្យប៉ូលិសប្រតិបត្តិការបានប្រសើរជាងមុន និងបង្កើតបណ្ដុំទិន្នន័យ ឌែលតាបេស (Database) មួយ ដើម្បីរក្សាទុកទិន្នន័យអំពីប៉ូលិសណា ដែលមានប្រវត្តិប្រើប្រាស់កម្លាំងជ្រុលហួសហេតុ ។ អំឡុងពិធីចុះហត្ថលេខានោះដែរ ប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបាននិយាយប្រឆាំងនឹងអ្នកដែលបានប្រព្រឹត្តអំពើហិង្សា ក្នុងអំឡុងពេលនៃការតវ៉ាដោយសន្ដិវិធី ប៉ុន្តែលោកមិនបានលើកឡើងអំពីការរើសអើងជាតិសាសន៍ទេ ៕