-
លោក វ៉្លាឌីមៀ ពូទីន អាចឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីរុស្ស៊ីសម្រាប់ពេលពីរអាណត្តិទៀត ក្រោយប្រជាជនភាគច្រើនគាំទ្រការកែរដ្ឋធម្មនុញ្ញ

រុស្ស៊ី៖ យោងតាមទិន្នន័យពីគណៈកម្មាការរៀបចំការបោះឆ្នោតរបស់រុស្ស៊ីបានឱ្យដឹងថា ពលរដ្ឋរុស្ស៊ីបានបោះឆ្នោតក្នុងសំឡេងគាំទ្រដ៏ច្រើនលស់លប់ លើវិសោ ធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចនឹងត្រួសត្រាយផ្លូវឱ្យលោក វ្ល៉ាឌីមៀ ពូទីន បន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦ខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ គណៈកម្មាការរៀបចំការបោះឆ្នោតរបស់រុស្ស៊ី ដោយផ្អែកលើការរាប់សន្លឹកឆ្នោតបាន៩៨ភាគរយ បានបញ្ជាក់ថា លោក វ៉្លាឌីមៀ ពូទីន ដែលបានដឹកនាំប្រទេសរុស្ស៊ីអស់រយៈពេលជាង២០ឆ្នាំមកនេះ ក្នុងនាមជាប្រធានាធិបតី បានទទួលជោគជ័យងាយយ៉ាងស្រួល នៅក្នុងការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាមួយសំឡេងគាំទ្រ៧៨ភាគរយ និងជំទាស់២១ភាគរយ ។ តាមរយៈជោគជ័យដ៏ធំខាងលើ លោក វ៉្លាឌីមៀ ពូទីន នឹងអាចឈរឈ្មោះចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីសម្រាប់រយៈពេលពីរអាណត្តិបន្ថែមទៀត ដោយមួយអាណត្តិមានរយៈពេល០៦ឆ្នាំ បន្ទាប់ពីអាណត្តិរបស់លោកសព្វថ្ងៃ ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៤ខាងមុខ ៕ធ.ដ
-
មនុស្សប្រមាណ៣០០នាក់ ត្រូវប៉ូលិសចាប់ខ្លួន ពាក់ព័ន្ធនឹងការមិនគោរពច្បាប់ សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង

ហុងកុង៖ មនុស្សប្រមាណ៣០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រមូលផ្តុំគ្នាតវ៉ា ដែលមិនគោរពច្បាប់សន្តិសុខជាតិថ្មី ដែលត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ ប៉ូលីសប្រឆាំងកុប្បកម្មបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ ដែលបាននាំគ្នាស្រែកប្រឆាំងថា «តស៊ូដល់ទីបញ្ចប់» និង «ឯករាជ្យភាពហុងកុង» បន្ទាប់មកបាតុករមួយចំនួនត្រូវបានចាប់ខ្លួន ព្រោះតែទង្វើទាំងអស់នេះត្រូវបានចាត់ទុកថា ជាការបំពានច្បាប់សន្តិសុខជាតិថ្មី ។ សូមជម្រាបថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសចិនបានអនុម័តច្បាប់សន្តិសុខជាតិថ្មី ហើយក្រោយមកមួយថ្ងៃ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ប្រមូលផ្តុំគ្នា ដើម្បីរំលឹកខួបនៃការប្រគល់ទឹកដីរបស់អតីតអាណានិគមអង់គ្លេសទៅឱ្យប្រទេសចិនវិញក្នុងឆ្នាំ ១៩៩៧ ៕ធ.ដ
-
ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus កាត់បន្ថយការងារចំនួន ១៥.០០០ ចំពេលវិស័យអាកាសចរណ៍ ពិភពលោករងគ្រោះធ្ងន់ធ្ងរដោយសារវិបត្ត COVID-19

អឺរ៉ុប៖ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus បានប្រកាសពីផែនការកាត់បន្ថយការងារប្រមាណ១ម៉ឺន ៥ពាន់នៅទូទាំងពិភពលោក និង បានព្រមានអំពីការកាត់បន្ថយការងារបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ នេះបើតាមសារព័ត៌មាន CGTN ។ ប្រភពបានឱ្យដឹងថា មិនយូរលើសពីរដូវក្តៅឆ្នាំ២០២១ខាងមុខ ក្រុមហ៊ុន Airbus ចង់ជម្រុះចោលបុគ្គលិក ៥ពាន់នាក់នៅបារាំង ៥ពាន់១រយនាក់នៅអាល្លឺម៉ង់ ១ពាន់៧រយនាក់នៅអង់គ្លេស ៩រយនាក់នៅអេស្ប៉ាញ និង១ពាន់៣រយនាក់នៅកន្លែងផ្សេងៗទៀត ។ បុគ្គលិកសរុបចំនួន១ម៉ឺន៥ពាន់នាក់ គឺច្រើនជាង១០ភាគរយនៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ក្រុមហ៊ុន ដែលមានចំនួន១៣ម៉ឺន៥ពាន់នាក់ ។ បើតាមក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុបមួយនេះ ខ្លួនចង់ចាប់ផ្តើមកាត់បន្ថយការងារក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយរាប់ចាប់ពីរដូវស្លឹកឈើជ្រុះតទៅ ។ ក្រុមហ៊ុនមានបំណងសុំឱ្យបុគ្គលិកស្ម័គ្រចិត្តចាកចេញ និងឆាប់ចូលនិវត្តន៍មុនពេលកំណត់ ប៉ុន្តែក៏បាននិយាយផងដែរថា ការបាត់បង់ការងារជាកាតព្វកិច្ចមិនអាចទាត់ចោលបានឡើយ ។ តាមដឹង ក្រុមហ៊ុនកំពុងពិគ្រោះយោបល់ជាមួយសហជីពនានារួចទៅហើយ ៕
-
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក FAA បញ្ជាក់ថា យន្តហោះត្រកូល Boeing 737 MAX បានបរាជ័យក្នុងការធ្វើតេស្ត

សហរដ្ឋអាម៉េរិក៖ ទីបំផុតការហោះហើរសាកល្បងរបស់យន្តហោះប៊ូអ៊ីងត្រកូល 737 MAX មិនទទួលជោគជ័យក្នុងការធ្វើតេស្តនោះឡើយ នេះបើតាមការប្រកាសលទ្ធផលរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក FAA និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរ ។ នាដើមសប្តាហ៍នេះ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាម៉េរិកបានចាប់ផ្តើមធ្វើការតេស្តពីគុណភាព នៃការហោះហើររបស់យន្តហោះត្រកូលប៊ូអីង 737 MAX ដែលជាជំហានដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចសេចក្តីថា តើយន្តហោះប្រភេទនេះ អាចត្រូវអនុញ្ញាតឲ្យប្រតិបត្តិការដឹកអ្នកដំណើរបានវិញដែរឬទេ ក្រោយបញ្ឈរជើងអស់ជាច្រើនខែកន្លងមកនេះ ។ បើតាមអាជ្ញាធរអាកាសចរណ៍សហព័ន្ធអាម៉េរិក FAA ក្រុមហ៊ុនប៊ូអ៊ីងបានបរាជ័យ ក្នុងការបញ្ជូនឯកសារទៅរដ្ឋបាលអាកាសចរណ៍ សហព័ន្ធអាមេរិក ដែលត្រូវរៀបរាប់លម្អិតអំពីការផ្លាស់ប្តូរចំនុចគន្លឹះ នៃប្រព័ន្ធបញ្ជាការហោះហើរស្វ័យប្រវត្តិរបស់ខ្លួន ។ បន្ថែមលើនេះប្រព័ន្ធត្រួតពិនិត្យ ការហោះហើរស្វ័យប្រវត្តិ MCAS មិនមែនជាចំនុចសំខាន់ ដែលក្រុមហ៊ុនអាកាសចរណ៍ ប៊ូអ៊ីងបានផ្តោតអារម្មណ៍។ ប៉ុន្តែបែរជាមកផ្តោតសំខាន់លើប្រព័ន្ធកាត់បន្ថយល្បឿន ដែលមានស្រាប់របស់យន្តហោះទៅវិញ ដែលនេះមិនមែនជាអ្វីដែលរដ្ឋបាល FAA ចង់បាននោះទេ ៕
-
លោក មូន ចេអ៊ីន សង្ឃឹមថា លោក ត្រាំ និងលោក គីម នឹងជួបពិភាក្សាគ្នាម្តងទៀត មុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅខែវិច្ឆិកាខាងមុខនេះ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន សង្ឃឹមថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នឹងជួបពិភាក្សាគ្នាម្ដងទៀត មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិកចូលមកដល់នៅខែវិច្ឆិកា ខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ០១ ខែកក្កដា ឆ្នាំ២០២០ ។ ការលើកឡើងរបស់លោក មូន ខាងលើនេះ ត្រូវបានធ្វើឡើងអំឡុងពេលធ្វើកិច្ចពិភាក្សាតាមវីដេអូខុនហ្វើរិនមួយ ជាមួយប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ដែលរៀបចំឡើងនៅថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមវិធានប្រធានាធិបតីកូរ៉េខាងត្បូង ។ មន្ត្រីកូរ៉េខាងត្បូងម្នាក់បានបញ្ជាក់នៅថ្ងៃពុធនេះថា លោក មូន ចេអ៊ីន បានស្នើដូច្នេះទៅកាន់សេតវិមានប្រធានាធិបតីអាម៉េរិក ហើយថា ភាគីសហរដ្ឋអាម៉េរិកក៏បានយល់អំពីគោលជំហររបស់លោក មូន ផងដែរ ។ ប៉ុន្តែជាមួយគ្នានេះ មន្ត្រីសហរដ្ឋអាម៉េរិកមិនបានឆ្លើយតបជាសាធារណៈ ចំពោះយោបល់របស់លោក មូន នៅឡើយទេ ៕ …
-
អ្នកជំនាញជាន់ខ្ពស់អាម៉េរិកព្រមានថា សហរដ្ឋអាម់េរិកគួរតែប្រយ័ត្ន ចំពោះជំងឺផ្តាសាយជ្រូកថ្មីដែលទើបរកឃើញនៅចិន

សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅចិន បានរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីមួយ ដែលត្រូវបានដាក់ឈ្មោះថា «G4 virus ឬ G4 EA H1N1» និងមានដើមកំណើតកើតចេញពីអំបូរវីរុសផ្ដាសាយជ្រូក H1N1 នេះបើតាមសារព័ត៌មាន ស្ពូតនីគ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ ពាក់ព័ន្ធនឹងការផ្ទុះឡើងជំងឺផ្ដាសាយជ្រូកថ្មីនេះ អ្នកជំនាញជាន់ខ្ពស់អាម៉េរិក ប្រចាំវិទ្យាស្ថានជាតិជំងឺឆ្លងលោក អាន់ថូនី ហ្វូស៊ី បានព្រមានថា វីរុសថ្មីនេះ អាចមានលទ្ធផលបង្កទៅជាជំងឺរាតត្បាតសកល បន្ថែមពីលើជំងឺឆ្លងបច្ចុប្បន្ន COVID-19 ដោយលោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកគួរតែប្រយ័ត្នខ្លួនទុកជាមុន ដើ ម្បីកុំឲ្យសេណារីយ៉ូដូចជា COVID-19 កើតមានឡើងជាថ្មី ។ សូមជម្រាបថា ក្រុមជំនាញអាម៉េរិកកំពុងតែតាមដានយ៉ាងសកម្ម ចំពោះការរកឃើញជំងឺផ្តាសាយជ្រូកថ្មីនៅក្នុងប្រទេសចិន ខណៈវីរុសថ្មីនេះ ត្រូវបានគេជឿជាក់ថា បានវិវឌ្ឍន៍ចេញពីជំងឺ A/H1N1 ដែលធ្លាប់បង្កជាជំងឺរាតត្បាលសកលម្តងកាលពីឆ្នាំ២០០៩ ៕
-
អង់គ្លេសបង្ហាញផែនការបញ្ចេញថវិកា ប្រមាណ៦.២ពាន់លានដុល្លារ ដើម្បីជំរុញស្តារសេដ្ឋកិច្ចឡើងវិញ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃអង្គារ៍នេះបានប្រកាសពីផែនការបញ្ចេញកញ្ចប់ថវិកា៥ពាន់លានផោន ឬស្មើនឹងប្រមាណ៦.២ពាន់លានដុល្លារ ដើម្បីជំរុញស្តារឡើងវិញនូវសេដ្ឋកិច្ច ដែលកំពុងធ្លាក់ជ្រៅក្នុងវិបត្តិជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោក បូរីស ចនសុន បានចាត់ទុកវិបត្តិជំងឺ COVID-19 គឺជាបញ្ហាប្រឈមដ៏ធំបំផុត និងបន្ទាន់បំផុតដែលអង់គ្លេសប្រឈមមុខ ហើយថា យើងត្រូវតែធ្វើការឱ្យបានលឿន ពីព្រោះយើងបានឃើញការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប ហើយយើងដឹងថា ឥឡូវនេះប្រជាជនមានការព្រួយបារម្ភអំពីការងារ និងមុខជំនួញរបស់ពួកគេ ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ អង់គ្លេសមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៣១ម៉ឺន២ពាន់៦៥៤ករណី ក្នុងនោះមានអ្នកជម្ងឺ៤ម៉ឺន៣ពាន់៧៣០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕
-
អាជ្ញាធរអាកាសចរណ៍សហរដ្ឋអាមេរិកចាប់ផ្តើមការហោះហើរ ដើម្បីសាកល្បងសុវត្ថិភាព យន្តហោះត្រកូល 737 MAX របស់ក្រុមហ៊ុន Boeing ឡើងវិញ

សហរដ្ឋអាមេរិក៖ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក FAA នៅថ្ងៃចន្ទម្សិលមិញ បានចាប់ផ្តើមធ្វើការសាកល្បងពីគុណភាព នៃការហោះហើររបស់យន្តហោះត្រកូលប៊ូអីង 737 MAX ដើម្បីសម្រេចថាតើយន្តហោះប្រភេទនេះ អាចត្រូវអនុញ្ញាតឲ្យប្រតិបត្តិការដឹកអ្នកដំណើរបានវិញហើយឬនៅ ក្រោយបញ្ឈរជើងអស់ជាច្រើនខែកន្លងមក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យន្តហោះប៊ូអីង 737 MAX បានធ្វើការហោះសាកល្បងចេញពីទីក្រុងស៊ីតថល រដ្ឋវ៉ាស៊ីនតោន កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) សម្រាប់ជុំទី១ ។ ទន្ទឹមនឹងការធ្វើតេស្តខាងលើនេះ អាជ្ញាធរ FAA បានបញ្ជាក់ថា ខ្លួន និងក្រុមហ៊ុនប៊ូអ៊ីង នឹងធ្វើការសាកល្បងហោះហើរជាបន្តបន្ទាប់គ្នានៅក្នុងសប្តាហ៍នេះ ដើម្បីវាយតម្លៃលើការផ្លាស់ប្តូរកែសម្រួល ដែលបានស្នើដោយក្រុមហ៊ុនប៊ូអ៊ីង ចំពោះប្រព័ន្ធគ្រប់គ្រងការហោះហើរស្វ័យប្រវត្តិរបស់យន្តហោះត្រកូល 737 MAX ៕
-
ចិនផ្អាកការនាំសាច់ចូលពីរោងចក្រមកពីប្រទេសចំនួន០៣បន្ថែមទៀត ដោយសារព្រួយបារម្ភពីការឆ្លងរាតត្បាតនៃជម្ងឺ COVID-19

ចិន៖ ក្រុមអាជ្ញាធរគយរបស់ចិនបានសម្រេចផ្អាកការនាំសាច់ចូលពីរោងចក្រនៅប្រទេសមួយចំនួន ដែលរួមមានប្រេស៊ីល កាណាដា និង អាល្លឺម៉ង់ នេះបើតាមសេចក្តីជូនដំណឹងដែលចុះផ្សាយលើគេហទំព័ររបស់នាយកដ្ឋានមួយ ។ ស្របពេលដែលចិនមិនបានផ្តល់ហេតុផលសម្រាប់ការផ្អាកខាងលើនេះ មានសេចក្តីរាយការណ៍ថា ភាគច្រើននៃរោងចក្រទាំងនោះ មានករណីឆ្លងវីរុសកូវីដ១៩ ។ ចំណាត់ការនេះដែរ បានកើតឡើងបន្ទាប់ពីការផ្ទុះជម្ងឺ COVID-19 នៅក្នុងទីក្រុងប៉េកាំង ត្រូវបានគេរកឃើញវីរុសនេះដំបូងបង្អស់នៅជាប់នឹងជ្រុញ ដែលប្រើដោយអ្នកលក់ត្រីសាល់ម៉ុននាំចូលពីអឺរ៉ុប ។ យ៉ាណាមិញ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បាននិយាយថា មិនមានភស្តុតាងបង្ហាញថា ត្រីសាល់ម៉ុន ជាប្រភពដើម ឬជាប់ទាក់ទងនឹងវីរុសនេះទេ ប៉ុន្តែត្រីសាល់ម៉ុននៅតែត្រូវបានដកយកចេញពីផ្សារទំនើបធំៗ ៕
-
មន្ទីរបញ្ចកោណបញ្ជាក់ថា លោក ដូណាល់ ត្រាំ សម្រេចអនុម័តលើផែនការកាត់បន្ថយកងទ័ពអាម៉េរិក៩.៥០០នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកនៅថ្ងៃអង្គារ៍នេះបានលើកឡើងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចអនុម័តលើផែនការកាត់បន្ថយវត្តមានយោធាអាម៉េរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ចំនួន៩ពាន់៥រយនាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចូណាឋាន ហូសមែន បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដែលបានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងទីក្រុងប៊ែកឡាំង និងអង្គការ NATO ខាងលើនេះ គឺជាការដាក់ពង្រាយកងទ័ពឡើងវិញ ហើយនឹងបង្កើនការទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី ក៏ដូចជាការពង្រឹងសមត្ថភាពកងកម្លាំង NATO និង ពង្រឹងកងទ័ពសម្ព័ន្ធមិត្ត ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវភាពបត់បែនជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ។ សូមបញ្ជាក់ផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កន្លងមកធ្លាប់បានបញ្ជាក់ថា កងទ័ពអាម៉េរិកដែលចាប់ផ្តើមដកចេញពីទឹកដីអាល្លឺម៉ង់នោះ ទំនងជានឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ ហើយថា យើងនឹងកាត់បន្ថយកងកម្លាំងរបស់យើងនៅអាល្លឺម៉ង់ ចាប់ពីចំនួន៥ម៉ឺន២ពាន់នាក់ទៅ២ម៉ឺន៥ពាន់នាក់វិញ ៕