-
បេក្ខភាពប្រធានាធីបតីកូរ៉េខាងត្បូង និងជាអភិបាលក្រុងសេអ៊ូលធ្វើអត្តឃាតខ្លួនឯង

កូរ៉េខាងត្បួង៖ អភិបាលក្រុងសេអ៊ូល និងជាអតីតមេធាវីក្រុមសិទ្ធិមនុស្ស ព្រមទាំងជាបេក្ខភាពប្រធានាធីបតីកូរ៉េខាងត្បូងដ៏មានឥទ្ធិពលបានស្លាប់ ដោយគេជឿថាជាអំពើអត្តឃាតជាក់ស្តែង ពោលគឺក្រោយពេល១ថ្ងៃ ដែលលោករងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។ សាលសពរបស់លោក Park Won-soon ត្រូវបានរកឃើញកាលពីយប់មិញ នៅលើភ្នំមួយក្នុងរដ្ឋធានីសេអ៊ូល។ប្រសិនបើរកឃើញថា លោកពិតជាសម្លាប់ខ្លួនមែននោះ លោកនឹងក្លាយជាអ្នកនយោបាយកូរ៉េខាងត្បូងដ៏ល្បីបំផុត ដែលបានធ្វើអំពើបែបនេះ ចាប់តាំងពីអតីតប្រធានាធិបតី Roh Moo-hyun ដែលបានលោកសម្លាប់ខ្លួន កាលពីឆ្នាំ២០០៩ ក្រោយពេលមានការសាកសួរពីរឿងពុករលួយពាក់ព័ន្ធនឹងគ្រួសាររបស់លោក៕
-
សហរដ្ឋអាម៉េរិកយល់ព្រមអភិវឌ្ឍសមត្ថភាពគ្រាប់មីស៊ីលឲ្យកោះតៃវ៉ាន់ ដែលប្រការនេះនឹងធ្វើឲ្យស្ថានការណ៍នៅតំបន់អាស៊ីបូព៌ាកាន់តែតានតឹង

សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិកបានឱ្យដឹងថា សហរដ្ឋអាម៉េរិកបានព្រមព្រៀងក្នុងការជួយអភិវឌ្ឍសមត្ថភាពគ្រាប់មីស៊ីលផាទ្រីយ៉ូត សម្រាប់វាយប្រហារពីផ្ទៃដីទៅលើអាកាសឲ្យកោះតៃវ៉ាន់ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា កោះតៃវ៉ាន់បានស្នើសុំទិញគ្រឿងបរិក្ខាមួយចំនួន ដើម្បីបង្កើនសមត្ថភាពប្រព័ន្ធមីស៊ីលផាទ្រីយ៉ូត ដើម្បីឲ្យវាអាចបន្តរក្សាជីវិតបាន៣០ឆ្នាំទៀត ។ ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក ឡុកឃីដម៉ាទីន បានគណនាថា ការចង់បានរបស់កោះតៃវ៉ាន់ខាងលើនេះ នឹងត្រូវចំណាយប្រាក់យ៉ាងហោចណាស់ ៦២០លានដុល្លារ ។ ស្របពេលជាមួយគ្នានោះដែរ ក្រសួងការពារជាតិកោះតៃវ៉ាន់បានបង្ហើបឲ្យដឹងដែរថា ការលក់ទំនិញពីសហរដ្ឋអាម់េរិកនឹងអាចធ្វើឡើងនៅខែសីហា ឆ្នាំ២០២០ខាងមុខនេះ ៕
-
ផ្សែងពុលសម្លាប់មនុស្សជិត៥ម៉ឺននាក់ នៅក្រុង២របស់ចិន តាំងពីដើមឆ្នាំ២០២០

ចិន៖ ការបំពុលខ្យល់ ឬផ្សែងលាយអ័ព្ទខ្លាំងបានបង្កឲ្យមនុស្សប្រមាណ៤៩០០០បានស្លាប់ ហើយខាតបង់សេដ្ឋកិច្ច២៣ពាន់លានដុល្លារអាម៉េរិក នៅទីក្រុងធំៗចំនួនពីរ របស់ប្រទេសចិន គឺក្រុងប៉េកាំង និងសៀងហៃ ចាប់តាំងពីថ្ងៃទី១ មករា ២០២០មក នេះបើតាមក្រុមស្រាវជ្រាវបរិស្ថានមួយក្រុមឈ្មោះថា CREA បង្ហាញឲ្យដឹងនៅថ្ងៃទី៩ កក្កដា ២០២០នេះ ចេញផ្សាយដោយសារព័ត៌មាន CNA ។ ឧបករណ៍តាមអនឡាញ បង្កើតឡើងដោយ CREA ឬមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ លើថាមពល និងខ្យល់ស្អាតបានស្រាវជ្រាវពីបញ្ហា ផ្សែងក្នុងទីក្រុងធំៗចំនួន២៨ ទូទាំងពិភពលោក ដោយយកគំរូតាមកម្មវិធីស្រាវជ្រាវ បន្ទុកជំងឺពិភពលោកឬ Global Burden of Disease ក្នុងការវាយតម្លៃលើផលប៉ះពាល់សុខភាព។ ប្រភពថា កម្រិតផ្សែងពុលមានទំនាក់ទំនងជាមួយប្រភេទជំងឺ ដូចជាជំងឺបេះដូង មហារីកសួត ដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ប្រភពបញ្ជាក់ដែរថា សៀងហៃគឺជាក្រុងមួយដែលមានខ្យល់ពុលខ្លាំង នាំឲ្យមនុស្ស២៧០០០បានស្លាប់ ខណៈដែលប៉េកាំងមានច្រើនជាង២២០០០នាក់។ ជាមួយគ្នានេះដែរ បើយោងតាមរដ្ឋាភិបាលចិនបានឲ្យដឹងថា កម្រិតខ្យល់ពុល PM2.5 នៅក្រុងសៀងហៃ មានខ្ពស់ជាងនៅក្រុងប៉េកាំង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០មកនេះ។ យ៉ាងណាក៏ដោយ បញ្ហាផ្សែងពុលនៅប្រទេសចិនបានធ្លាក់ចុះ នៅឆ្នាំ២០២០នេះ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ធ្លាក់ចុះច្រើន ព្រោះតែការបិទតំបន់នានា…
-
ប្រធានសភាតំណាងរាស្រ្តអាម៉េរិកនិយាយថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាម៉េរិកចេញពីអង្គការ WHO គឺជាទង្វើល្ងង់ខ្លៅ

សហរដ្ឋអាម៉េរិក៖ ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានបង្ហោះសារនៅលើ Twitter ថា ការផ្ញើលិខិតដកខ្លួនជាផ្លូវការរបស់សហរដ្ឋអាម៉េរិកចេញពីសមាជិកភាពនៃអង្គការសុខភាពពិភពលោក WHO ពីសំណាក់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គឺជាទង្វើនៃភាពល្ងង់ខ្លៅ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។ លោកស្រី ណាន់ស៊ី ផេឡូស៊ី បានសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តបែបនេះរបស់លោក ត្រាំ នៅពេលនេះ ចំពេលដែលអង្គការ WHO កំពុងធ្វើកិច្ចសហការជាមួយសកលលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 ខណៈជីវិតមនុស្សរាប់លាននាក់កំពុងប្រឈមនឹងហានិភ័យ លោកស្រីថា លោកប្រធានាធិបតីកំពុងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីកម្ចាត់វីរុស ។ សូមបញ្ជាក់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចូនលិខិតបញ្ជាក់ជាផ្លូវការទៅកាន់អង្គការសុខភាពពិភពលោក WHO ដើម្បីបញ្ជាក់អំពីការដកខ្លួនចេញពីសមាជិកភាព ។ បើតាមអង្គការ WHO នោះ សហរដ្ឋអាម៉េរិកនឹងចាកចេញពីអង្គការនេះជាផ្លូវការនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នសហរដ្ឋអាម៉េរិកនៅជំពាក់អង្គការសុខភាពពិភពលោក ប្រមាណជាង២០០លានដុល្លារ ៕ …
-
លោក ដូណាល់ ត្រាំ គំរាមកាត់មូលនិធិ ប្រសិនបើសាលារៀនមិនបើកឡើងវិញនារដូវស្លឹកឈើជ្រុះឆាប់ៗនេះ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាម នៅថ្ងៃពុធម្សិលមិញថា នឹងដកថវិកាសហព័ន្ធ ប្រសិនបើសាលារៀនក្នុងស្រុកមិនបាននាំសិស្សានុសិស្សរបស់ពួកគេត្រឡប់មកវិញ សម្រាប់ដើមឆ្នាំសិក្សានាពេលខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ភែន បានប្រកាសថា មជ្ឈមណ្ឌលសម្រាប់បង្ការ និងគ្រប់គ្រងជម្ងឺឆ្លង CDC នឹងដាក់ចេញនូវវិធានការថ្មីនាសប្តាហ៍ក្រោយនេះ ដែលនឹងផ្តល់ឧបករណ៍ ការពារថ្មីៗទាំងអស់ទៅកាន់បណ្តាសាលារៀននៅក្នុងសហរដ្ឋអាម៉េរិក… អនុសាសន៍នេះ នឹងធ្វើឱ្យសិស្សានុសិស្សមានសុវត្ថិភាព។ សូមបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិកសរុប៣លាន១៥ម៉ឺន៨ពាន់៩៣២ករណី ក្នុងនោះមានអ្នកស្លាប់១៣ម៉ឺន៤ពាន់៨៦២នាក់ និងជាសះស្បើយឡើងវិញ១លាន៣៩ម៉ឺន២ពាន់៦៧៩នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១លាន៦៣ម៉ឺន១ពាន់៣៩១នាក់ ៕
-
កងកម្លាំងជប៉ុនរាប់ម៉ឺននាក់ កំពុងមមាញឹកជួយសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់ និងការបាក់ដី

ជប៉ុន៖ ក្រុមសង្រ្គោះបន្ទាន់ និងកងកម្លាំងស្វ័យការពារជប៉ុនរាប់ម៉ឺននាក់ នៅថ្ងៃព្រហស្បតិ៍នេះ កំពុងតែមមាញឹកក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់ភាគខាងលិច និងភាគនិរតីប្រទេស នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានបញ្ជាក់ថា ព្យុះភ្លៀងអាចនឹងបន្តវាយលុករហូតដល់ថ្ងៃទី១២ ខែកក្កដា ទៅលើតំបន់ជាច្រើននៅទូទាំងប្រទេស ហើយអាជ្ញាធរក៏បានអំពាវនាវផងដែរ ឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការកើតមានគ្រោះរអិលបាក់ដី និងទឹកជំនន់នៅតំបន់វាលទំនាប ។ ភ្នាក់ងារ JMA ក៏បានចេញបទបញ្ជាជាលើកទី ២ ដើម្បីជម្លៀសប្រជាជនច្រើនជាង៤៥ម៉ឺននាក់ផងដែរ ។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ មនុស្សសរុប៥៥នាក់ ហើយត្រូវបានគេអះអាងថា ស្លាប់ ខណៈមនុស្ស០៤នាក់ទៀត ដែលកំពុងបាត់ខ្លួនក៏ត្រូវបានគេសន្មត់ថាបាត់បង់ជីវិត ៕
-
ទោះជួបបញ្ហាកូវីដ១៩ វៀតណាមរំពឹងនាំចេញបង្គារកើនដល់៣.៨ពាន់លានដុល្លារ

ទោះបីពិភពលោកកំពុងជួបបញ្ហាកូវីដ១៩ក៏ដោយ ឧហ្សាហកម្មបង្គាររបស់ប្រទេសវៀតណាមត្រូវបានរំពឹងថា នឹងមានកំណើននាំចេញ នៅចុងឆ្នាំ២០២០នេះ ដោយសារតែតម្រូវការកើនឡើងខ្ពស់ នេះបើតាមសមាគមផលិតនិងនាំចេញអាហារសមុទ្រវៀតណាម ចេញផ្សាយដោយសាព័ត៌មាន Vietnamnews នៅថ្ងៃទី៩ កក្កដានេះ។ សមាគមរំពឹងថា បើតាមការព្យាករណ៍ នៅឆ្នាំ២០២០នេះ ទំហំនៃការនាំចេញបង្គារនឹងឈានដល់៣.៨ពាន់លានដុល្លារអាមេរិក កើនឡើង៣០០ដុល្លារអាមេរិក លើសការព្យាករណ៍ទុកមុនទៅទៀត។ ប្រភពបន្តថា តម្លៃក៏រំពឹងថា នឹងកើនឡើងខ្ពស់ដែរ ចាប់ពីត្រីមាសទី៣នៃឆ្នាំ២០២០នេះ ព្រោះតែឧស្សាហកម្មបង្គារធ្លាក់ចុះនៅបណ្តាទីផ្សារធំៗ ដូចជានៅជប៉ុន អាមេរិក និង អឺរ៉ុប បើធៀបនឹងប៉ុន្មានខែមុនៗ។ ក្រៅពីនេះ ចិន ថៃ និងឥណ្ឌូនេស៊ីក៏ធ្លាក់ចុះដូចគ្នា ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ ជាងនេះទៀត បង្គារនាំចេញទៅអឺរ៉ុបនឹងកាន់តែល្អប្រសើរ ជាមួយការបន្ធូរបន្ថយពន្ធ យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងអឺរ៉ុប៕
-
អង់គ្លេសបញ្ចេញថវិកា៣៧ពាន់លានដុល្លារអាម៉េរិក ស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

អង់គ្លេស៖ រាជរដ្ឋាភិបាលអង់គ្លេស កាលពីម្សិលមិញ បានបង្ហាញកញ្ចប់ថវិកា៣៧ពាន់លានដុល្លារអាម៉េរិក ដើម្បីសង្គ្រោះការងារ និងជួយយុវជនធ្វើការ ដើម្បីចាប់ផ្តើមស្រោចស្រងសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ មន្ត្រីជាន់ខ្ពស់របស់គណៈរដ្ឋមន្ត្រី លោក Rishi Sunak បានប្រាប់សភាថា វិធានការថវិកានេះ រួមបញ្ជូលទាំងការបន្ថែមប្រាក់ដល់បណ្តាក្រុមហ៊ុន ក្នុងការរក្សាបុគ្គលិក និងបណ្តុះបណ្តាលជំនាញ ព្រមទាំងការវិនិយោគលើការងារបៃតង ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេស នឹងទទួលទានអាហារក្នុងភោជនីយដ្ឋានដោយមានការបញ្ចុះតម្លៃ។ ប្រភពបន្ថែមថា វិធានការផ្សេងៗទៀតរួមមានទាំងបន្ថយកម្រិតពន្ធបណ្តោះអាសន្ន លើអាហារ ស្នាក់នៅ ព្រមទាំងពន្ធប្រថាប់ត្រាសម្រាប់ការទិញលំនៅដ្ឋានក្នុងគោលដៅជួយផ្នែកសាងសង់ផងដែរ៕
-
មន្រ្តីសុខាភិបាលជាន់ខ្ពស់អាម៉េរិកនិយាយថា ការប្រមូលផ្តុំក្នុងយុទ្ធនាការរបស់លោក ត្រាំ នៅទីក្រុងធូលសា ទំនងជាចូលរួមចំនែកដល់កំណើនចម្លង COVID-19

សហរដ្ឋអាម៉េរិក៖ មន្រ្តីសុខាភិបាលជាន់ខ្ពស់អាម៉េរិកនៅថ្ងៃពុធម្សិលមិញនេះបាននិយាយថា ការជួបជុំជាមួយអ្នកគាំទ្ររបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅឯទីក្រុងធូលសា នៃរដ្ឋ អូក្លាហូម៉ា កាលពីខែមុន ទំនងជាបានចូលរួមចំណែកដល់ការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២០ ។ លោកវេជ្ជបណ្ឌិត Bruce Dart ដែលជានាយកផ្នែកសុខាភិបាលអាមេរិកបានបញ្ជាក់ទៀតថា ទីក្រុងធូលសា បានរាយការណ៍ពីអ្នកឆ្លងជំងឺ COVID-19 រាប់រយករណីថ្មីៗទៀតក្នុងរយៈពេល០២ថ្ងៃកន្លងមកនេះ ។ ទន្ទឹមគ្នា លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ដែរថា ត្រូវការលទ្ធផលជាច្រើនថ្ងៃបន្ថែមទៀត ដើម្បីកំណត់ថាតើការកើនឡើងនេះ ពាក់ព័ន្ធនឹងបញ្ហានេះដែរឬទេ ។ សូមបញ្ជាក់ថា កាលពីខែមុននេះ លោក ដូណាល់ ត្រាំ បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្ររបស់លោកនៅឯទីក្រុងធូលសា នៃរដ្ឋ អូក្លាហូម៉ា បើទោះបីជាអ្នកជំនាញផ្នែកសុខាភិបាលបានព្រមានពីហានីភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺ COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំក៏ដោយ ។ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលកម្មវិធីជួបជុំខាងលើបានចាប់ផ្តើម សមាជិកនៃក្រុមរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ចំនួន០៦នាក់ រួចស្រេចទៅហើយ ត្រូវបានគេរាយការណ៍ថា មានលទ្ធផលតេស្តវិជ្ជមានចំពោះ COVID-19 ៕ …
-
លោក ដូណាល់ ត្រាំ ជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋ និងតំបន់បើកសាលារៀនឡើងវិញនៅរដូវស្លឹកឈើជ្រុះ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋ និងមន្រ្តីមូលដ្ឋានបើកសាលារៀនឡើងវិញនារដូវស្លឹកឈើជ្រុះនេះ ហើយថា ការបន្តបិទសាលា មិនមែនព្រួយបារម្ភពីហានិភ័យនៃការឆ្លងរាតត្បាតជម្ងឺ COVID-19 នោះទេ ប៉ុន្តែគឺវាស្ថិតក្រោមហេតុផលនយោបាយ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ ពួកគេគិតថា វាគឺជារឿងល្អសម្រាប់នយោបាយរបស់ពួកគេ ដូច្នេះពួកគេនៅតែបន្តបិទសាលារៀន… គ្មានផ្លូវទេ… ពួកយើងនឹងដាក់សម្ពាធឱ្យអភិបាលរដ្ឋ និងអ្នកទាំងឡាយផ្សេងទៀតបើកសាលារៀនឡើងវិញ នេះបើតាមលោក លោក ដូណាល់ ត្រាំ ថ្លែងនៅថ្ងៃអង្គារម្សិលមិញ នៅឯសេតវិមាន អំឡុងកិច្ចពិភាក្សាស្តីពីផែនការបើកសាលារៀនឡើងវិញនារដូវស្លឹកឈើជ្រុះ ។ សូមបញ្ជាក់ថា តុមូលរបស់សេតវិមានបានប្រមូលថ្នាក់ដឹកនាំផ្នែកសុខភាព និង ការអប់រំមកពីទូទាំងប្រទេស ដែលបាននិយាយថា សាលារៀន និងមហាវិទ្យាល័យត្រៀមខ្លួនបើកនារដូវស្លឹកឈើជ្រុះនេះ ហើយអាចធ្វើបានដោយសុវត្ថិភាព ។ ពួកគេបានអះអាងថា ហានិភ័យនៃការរក្សាសិស្សនៅឯផ្ទះ មានច្រើនជាងហានិភ័យ ដែលទាក់ទងទៅនឹងជំងឺឆ្លង ហើយថា សិស្ស-និស្សិតត្រូវការការទទួលបានកម្មវិធីអាហារ និងសេវាកម្មសុខភាពផ្លូវចិត្ត និងអាកប្បកិរិយា ៕ …