-
សហរដ្ឋអាម៉េរិក អង់គ្លេស និងកាណាដាចោទរុស្ស៊ីពីបទព្យាយាមលួចរូបមន្តផលិតវ៉ាក់សាំង COVID-19

អង់គ្លេស៖ សហរដ្ឋអាម៉េរិក អង់គ្លេស និងកាណាដាបានចោទប្រកាន់រុស្ស៊ីពីបទព្យាយាមលួចរូបមន្តស្រាវជ្រាវវ៉ាក់សាំង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២០ ។ មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតជាតិអង់គ្លេស NCSC បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញថា ក្រុម Hacker ឈ្មោះ APT29 បានកំណត់គោលដៅមកលើមន្ទីរពិសោធន៍អង់គ្លេស ដែលកំពុងធ្វើការស្រាវជ្រាវវ៉ាក់សាំង ដើម្បីលួចកម្មសិទ្ធិបញ្ញា ។ ទីភ្នាក់ងារចារកម្មអង់គ្លេសនេះ បានបន្ថែមថា ខ្លួនច្បាស់ស្ទើរតែជាង ៩៥ ភាគរយថា ក្រុម APT29 គឺជាផ្នែកមួយនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ហើយគោលដៅរបស់ពួកគេមកលើអ្នកស្រាវជ្រាវ គឺទំនងជា៨០-៩០ភាគរយ ដើម្បីប្រមូលព័ត៌មានស្តីពីការស្រាវជ្រាវវ៉ាក់សាំង COVID-19 ។ យ៉ាងណាមិញ រដ្ឋាភិបាលរុស្ស៊ីបានបដិសេធការចូលរួមពាក់ព័ន្ធណាមួយ ហើយបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េកូវ រុស្ស៊ីមិនមានអ្វីពាក់ព័ន្ធជាមួយនឹងការប៉ុនប៉ងទាំងនេះទេ ៕
-
កូរ៉េខាងត្បូងបើកការស៊ើបអង្កេតលើប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង ជុំវិញការបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

កូរ៉េខាងត្បូង៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គឺអ្នកនាង គីម យ៉ូចុង ត្រូវបានរដ្ឋអាជ្ញាទីក្រុង សេអ៊ូល បើកការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងការបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា រដ្ឋអាជ្ញាទីក្រុងសេអ៊ូល ទទួលបានពាក្យបណ្ដឹងមួយ ប្រឆាំងនឹងអ្នកនាង គីម យ៉ូចុង ពីសំណាក់មេធាវីដើមបណ្តឹងម្នាក់ ។ ហើយបើតាមអ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល ការស៊ើបអង្កេតមួយបានចាប់ផ្ដើមធ្វើឡើងហើយ ។ សូមរំលឹកថា កន្លងមក អ្នកនាង គីម យ៉ូចុង បានព្រមានថា ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលអ្នកនាងផ្ទាល់ហៅថា ការិយាល័យគ្មានប្រយោជន៍ នឹងត្រូវបំផ្ទុះកម្ទេចចោល ជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបរាជ័យក្នុងការរារាំងក្រុមសកម្មជនកូរ៉េខាងជើង កំពុងរស់នៅលើទឹកដីកូរ៉េខាងត្បូង បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ៕
-
សេតវិមានច្រានចោលការចុះផ្សាយដែលថា លោក ដូណាល់ ត្រាំ ដកទណ្ឌកម្មលើមន្ត្រីចិន ព្រោះមិនចង់បង្កើតភាពតានតឹងជាមួយចិន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មិនបានបដិសេដ ចំពោះការដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីជាន់ខ្ពស់ចិន ដែលមានជាប់ទាក់ទិននឹងបញ្ហាក្រុងហុងកុង ដែលលោកបានចុះហត្ថលេខានាពេលថ្មីៗនេះឡើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន ធ្វើឡើងដើម្បីឆ្លើយតបនឹងព័ត៌មានមួយ ដែលសារព័ត៌មាន ប៊្លូមប៊ឺគ បានចុះផ្សាយថ្មីៗនេះថា លោក ត្រាំ បានបដិសេដការដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីជាន់ខ្ពស់ចិននាពេលនេះ ព្រោះលោកមិនចង់បង្កើតភាពតានតឹងបន្ថែមទៀតជាមួយចិន ។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ នៅថ្ងៃអង្គារសប្តាហ៍នេះ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មលើធនាគារមួយចំនួនរបស់ចិន និងមន្ត្រីជាន់ខ្ពស់ចិន ដែលទាក់ទិននឹងការអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង កាលពីចុងខែមិថុនាកន្លងទៅនេះ ៕
-
ប្រមុខការទូតអាម៉េរិកអះអាងថា សហរដ្ឋអាម៉េរិកនឹងគាំទ្រប្រទេសនៅជុំវិញពិភពលោក ដែលទទួលស្គាល់ថា ចិនរំលោភសមុទ្រចិនខាងត្បូង

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានគូសបញ្ជាក់ថា យើងនឹងគាំទ្របណ្ដាប្រទេសទាំងអស់នៅជុំវិញពិភពលោក ដែលទទួលស្គាល់ថា ចិនបានរំលោភលើដែនដី ឬដែនទឹកស្របច្បាប់របស់ពួកគេ តាមប្រព័ន្ធពហុភាគីនិយម និងច្បាប់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ប្រមុខការបរទេសអាម៉េរិករូបនេះបានធ្វើការអត្ថាធិប្បាយយ៉ាងដូច្នេះ ស្របពេលដែលស្ថានការណ៍ជារួម នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាន់តែមានលក្ខណៈផុយស្រួល ដោយសារតែបង្កើនសកម្មភាពយោធារវាងចិន និងសហរដ្ឋអាម៉េរិក ។ យ៉ាងណាមិញ ចិនបានទាមទារដែនអធិបតេយ្យភាពគ្រប់គ្រងជាង៩០ភាគរយ នៃតំបន់ជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង ជាមួយម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ដោយយោងលើតឹកតាងប្រវត្តិសាស្ត្រ ដែលខ្លួនបានអះអាង ។ សម្រាប់សហរដ្ឋអាម៉េរិកវិញ ត្រូវបានគេមើលឃើញថា កំពុងតែព្យាយាមចូលមកក្នុងតំបន់នេះ ដើម្បីបំផុសឲ្យវៀតណាម ហ្វីលីពីន និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀតងើបឡើងប្រឆាំងជាមួយនឹងប្រទេសចិន ៕
-
កូវីដ១៩៖ ថៃនឹងបិទសាលារៀនវិញ ក្រោយបើកបានជាងកន្លះខែ

សារព័ត៌មានថៃបាងកកប៉ុស្តិ៍ បានចេញផ្សាយនៅថ្ងៃទី១៥ កក្កដានេះថា សាលារៀនជាច្រើនទូទាំងប្រទេសថៃនឹងត្រូវបិទទ្វារឡើងវិញ ដើម្បីបង្ការទុកជាមុន ក្រោយពេលមានមនុស្ស២នាក់ បានមកដល់ប្រទេសថៃរួចហើយ ទើបរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ ។ ប្រភពថា ទាហានអេស្ស៊ីបម្នាក់ត្រូវបានរកឃើញថា វិជ្ជមានកូវីដ១៩ ក្រោយពេលខ្លួន និងទាហានផ្សេងៗទៀតបានទៅខេត្តរ៉ាក់យ៉ង ហើយកូនស្រីម្នាក់របស់មន្ត្រីទូតស៊ូដង់ក៏រកឃើញផ្ទុះកូវីដ១៩ដែរ ខណៈដែលគ្រួសាររបស់គេមានវត្តមាននៅក្រុងបាងកក ដែលទទួលការធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះ១៤ថ្ងៃ ។ ប្រភពបន្ថែមទៀតថា សាលារៀនក្នុងខេត្តជាច្រើននឹងបិទទ្វារ ដើម្បីធ្វើតេស្តសិស្សសាលាទាំងអស់។ គួររម្លឹកថា ថៃបានបើកទ្វារសាលារៀនឡើងវិញ កាលពីថ្ងៃទី១ កក្កដា ២០២០ បន្ទាប់ពីផ្អាកជាច្រើនខែ ព្រោះបារម្ភពីកូវីដ១៩ ប៉ុន្តែពេលនេះ ត្រៀមបិទទ្វារវិញ ព្រោះបារម្ភពីការចម្លងក្នុងសហគមន៍ឡើងវិញ ព្រោះករណីថ្មី២នាក់ខាងលើ ៕
-
សេដ្ឋកិច្ចចិនចាប់ផ្តើមមានកំណើន៣.២ភាគរយឡើងវិញ ក្នុងត្រីមាសទី២នេះ

សេដ្ឋកិច្ចចិនមានកំណើន៣.២ភាគរយ ក្នុងត្រីមាសទី២ នៃឆ្នាំ២០២០នេះ បើធៀបនឹងឆ្នាំមុន ដោយរបាយការណ៍នេះត្រូវបានបង្ហាញឲ្យដឹង នៅថ្ងៃទី១៦ កក្កដា ជាការកើនឡើងស្រោចស្រង់ពីការដើរថយក្រោយវិញ ហើយវិធានការបិទប្រទេសបានបិទបញ្ចប់ ខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយ កំពុងជំរុញការដាក់ចេញវិធានការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចពីបញ្ហាជំងឺកូវីដ១៩។ កំណើនេះមានល្បឿនជាង ការវិភាគរបស់ការស្ទង់មតិសារព័ត៌មានរយធឺ ដែលថាមានត្រឹម២.៥ភាគរយ ហើយកាលពីត្រីមាសដំបូងឬ៣ខែដំបូងនៃឆ្នាំ២០២០ សេដ្ឋកិច្ចចិនបានធ្លាក់ចុះខ្លាំង ជាការដើរថយក្រោយខ្លាំងដំបូង ចាប់តាំងពីឆ្នាំ១៩៩២ ។ បើតាមការិយាល័យស្ថិតិជាតិរបស់ចិនថា សេដ្ឋកិច្ចជាតិបានធ្លាក់ចុះ១.៦ភាគរយ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៩ ។ យ៉ាងណាក៏ដោយ អ្នកវិភាគខ្លះព្យាករណ៍ថា ចិនគឺជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់តែមួយគត់ ដែលនឹងមានកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០ ទោះក្នុងវិបត្តិជំងឺកូវីដ១៩ក្តី៕
-
ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិកឈ្នះរឿងក្តីពន្ធដារ ជាមួយសហភាពអឺរ៉ុប

អឺរ៉ុប៖ តុលាការលំដាប់ទី២របស់អឺរ៉ុបបានសម្រេចថា ក្រុមហ៊ុន Apple មិនត្រូវបង់ពន្ធ១៣ពាន់លានអឺរ៉ូ ឬស្មើនឹង១៤.៧៨ពាន់លានដុល្លារជាពន្ធហួសកំណត់ដល់ប្រទេសអៀរឡង់ទេ នេះបើតាមសារព័ត៌មាន CGTN ។ គណៈកម្មការអឺរ៉ុបកាលពីឆ្នាំ២០១៦ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះ បានធ្វើកិច្ចព្រមព្រៀងពន្ធខុសច្បាប់មួយជាមួយអៀរឡង់ ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Apple អាចបង់ពន្ធតិចតួចបំផុតអស់ជាង២០ឆ្នាំ ។ ប៉ុន្តែតុលាការទូទៅរបស់អឺរ៉ុបនិយាយថា គណៈកម្មការអឺរ៉ុបមិនបានផ្តល់ឯកសារច្បាប់ ដែលចំាបាច់ដើម្បីបង្ហាញថា ក្រុមហ៊ុន Apple មានប្រៀប ។ គណៈកម្មការអឺរ៉ុបបានបញ្ជាឲ្យក្រុមហ៊ុនសាជីកម្មអន្តរជាតិនានាបង់ពន្ធពីឆ្នាំ ២០០៣ ដល់ ២០១៤ ហើយថា ក្រុមហ៊ុន Apple បានប្រើប្រាស់ក្រុមហ៊ុនស្រមោលពីរ ដើម្បីរាយការណ៍ពីពន្ធចំណញទៅកាន់ប្រទេសសមាជិកទាំង ២៧ ដោយបង់ពន្ធទាបបំផុត ៕
-
ហ្វីលីពីនដាក់ពង្រាយប៉ូលិសជាច្រើន ដើម្បីណែនាំឱ្យអ្នកឆ្លង COVID-19 ទៅមណ្ឌលចត្តាឡីស័កដែលរៀបចំដោយរដ្ឋាភិបាល

ហ្វីលីពីន៖ ហ្វីលីពីនបានសម្រេចដាក់ពង្រាយមន្ត្រីប៉ូលិសជាច្រើន ក្នុងគោលបំណងធានាថា អ្នកធ្វើតេស្តវិជ្ជមាន COVID-19 នឹងមិនអាចធ្វើចត្តាឡីស័ក នៅផ្ទះខ្លួនបានទេ តែគឺត្រូវនាំទៅមណ្ឌលចតា្តឡីស័កដែលរៀបចំដោយរដ្ឋាភិបាល នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ បច្ចុប្បន្នហ្វីលីពីន មានមណ្ឌលចតា្តឡីស័កជាង៨ពាន់៣រយកន្លែង ដែលមានគ្រែសរុបជាង៧ម៉ឺន៣ពាន់គ្រែ ប៉ុន្តែបើតាមតួលេខរបស់ក្រសួងសុខាភិបាលហ្វីលីពីនបានបង្ហាញថា អត្រាប្រើប្រាស់ជាមធ្យមគឺ៣២ភាគរយតែប៉ុណ្ណោះ ។ ហើយការសម្រេចចិត្តខាងលើនេះ ធ្វើឡើងខណៈអាជ្ញាធរហ្វីលីពីនបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 តាមរយៈការបង្កើនសមត្ថភាពធ្វើតេស្តការអនុវត្តវិធានការរឹតត្បិតឡើងវិញ និង បង្កើតមជ្ឈ មណ្ឌលចតា្តឡីស័កជាច្រើនកន្លែងផ្សេងទៀត សំដៅបំបែកអ្នកជំងឺដែលមានអាការៈស្រាលឱ្យនៅដោយឡែក ៕
-
ជប៉ុនលុបចោលគម្រោងចេញលុយឲ្យពលរដ្ឋដើរកម្សាន្ត «Go To» ក្រោយផ្ទុះកូវីដ១៩ ជាថ្មី

ជប៉ុន៖ យុទ្ធនាការបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារអាម៉េរិក ដើម្បីជំរុញការដើរកម្សាន្តក្នុងប្រទេសជប៉ុនក្រោយកូវីដ១៩នោះ ត្រូវបានលុបចោលវិញ ក្រោយពេលក្រុងតូក្យូផ្ទុះករណីកូវីដ១៩ ថ្មីៗឡើងវិញ ហើយនៅតំបន់ផ្សេងៗទៀតក្នុងប្រទេសក៏ផ្ទុះឡើងវិញដែរ។ ក្រុមជំនាញគ្រោងនឹងជួបជាមួយនឹងរដ្ឋមន្ត្រីសេដ្ឋកិច្ច Yasutoshi Nishimura ដើម្បីពិភាក្សាអំពីការផ្សព្វផ្សាយយុទ្ធនាការ Go To នេះ នៅថ្ងៃព្រហស្បតិ៍ ទី១៦ កក្កដា ពោលគឺក្រោយពេលដែលអភិបាលក្រុងតូក្យូ Yuriko Koike បានចោទសួរជាសាធារណៈខ្លាំងអំពីយុទ្ធនាការនេះ។ ដំបូងឡើយ យុទ្ធនាការនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២២ កក្កដា ក្នុងនោះ អ្នកដើរកម្សាន្តនឹងទទួលបានកញ្ចប់ពិសេសប្រមាណ៥០ភាគរយនៃការចំណាយដើរកម្សាន្ត ពីរាជរដ្ឋាភិបាល ក្នុងគោលដៅស្រេចស្រង់សេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។ ទីក្រុងតូក្យូបានប្រកាសអាសន្ន ក្រោយពេលរកឃើញករណីឆ្លងកូវីដ១៩ ថ្មី ចំនួន១១៩នាក់ ថ្មីៗនេះ ហើយជប៉ុនមានប្រមាណ២៣០០០ករណី ក្នុងនោះ មានស្លាប់ជិត១ពាន់នាក់។ ជាពិសេស ថ្មីៗនេះ មានសញ្ញាផ្ទុះចេញពីរោងភាពយន្តនៅក្រុងតូក្យូ៕
-
ចិនសន្យាសងសឹកសហរដ្ឋអាម៉េរិកវិញ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មលើសំណុំរឿងច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង

ចិន៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការតបតវិញ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ និងបទបញ្ជាប្រតិបត្តិ ដែលមានគោលដៅឱ្យចិនទទួលខុសត្រូវចំពោះទង្វើឃោរ ឃៅ ដែលខ្លួនបានប្រព្រឹត្ត តាមរយៈការដាក់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិនបានលើកឡើងថា ចិននឹងចាត់វិធានការណ៍ចាំបាច់នានាក្នុងការឆ្លើយតបវិញ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ក៏ដូចជាដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នអាម៉េរិកដែលមានជាប់ពាក់ព័ន្ធ ។ បន្ថែមលើនេះ ក្រសួងការបរទេសចិនថែមទាំងប្រកាសប្រឆាំងដាច់ខាត ចំពោះសកម្មភាពសហរដ្ឋអាម៉េរិកចុងក្រោយនេះ និងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ គួរបញ្ជាក់ថា ប្រតិកម្មខ្លាំងៗរបស់ចិនខាងលើនេះ បានកើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ដែលត្រូវបានអនុម័តដោយសភាអាម៉េរិក ដើម្បីដាក់ទណ្ឌកម្មលើធនាគារទាំងឡាយណា មានទំនាក់ទំនងជាមួយក្រុមមន្ត្រីចិន ដែលចូលរួម ឬមានជាប់ពាក់ព័ន្ធនឹងការដាក់ឱ្យអនុវត្តន៍ច្បាប់សន្តិសុខជាតិថ្មីរបស់ប្រទេសចិនលើទីក្រុងហុងកុង ៕