-
លោក ចូ បៃដិន ហៅលោក ដូណាល់ ត្រាំ ថា ជាប្រធានាធិបតីប្រកាន់ពូជសាសន៍ដំបូងគេរបស់សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ លោក ចូ បៃដិន បាននិយាយនៅថ្ងៃពុធនេះថា លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីប្រកាន់ពូជសាសន៍ដំបូងគេរបស់សហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ អតីតអនុប្រធានាធិបតីអាម៉េរិករូបនេះ បានបន្ថែមថា វិធីដែលគាត់ (លោក ត្រាំ) ដោះស្រាយជាមួយមនុស្សដោយផ្អែកលើពណ៌សម្បុរ ដើមកំណើតរបស់ពួកគេ និងទីកន្លែងដើមរបស់ពួកគេ គឺពិតជាគួរឱ្យខកចិត្តខ្លាំងណាស់… គ្មានប្រធានា ធិបតីកំពុងកាន់តំណែងណាម្នាក់ធ្លាប់ធ្វើបែបនេះឡើយ ។ លោកបានសង្កត់ធ្ងន់ថា លោក ត្រាំ កំពុងប្រើពូជសាសន៍ជា “ស្នៀតមួយ” ដើម្បីបង្វែរការចាប់អារម្មណ៍ចេញពីការដោះស្រាយមិនបានល្អរបស់គាត់លើជំងឺរាតត្បាត ។ សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់បេក្ខជនប្រធានាធិបតីអាម៉េរិករបស់បក្សប្រជាធិបតេយ្យរូបនេះ ធ្វើឡើងក្នុងសាលប្រជុំតាមវីដេអូមួយ ដែលរៀបចំឡើងដោយសហជីពសេវាកម្មនិយោជិតអន្តរជាតិ ៕
-
ចិនប្រកាសថ្កោលទោសធ្ងន់ៗ បន្ទាប់ពីសហរដ្ឋអាម៉េរិកបង្គាប់ឱ្យខ្លួនបិទស្ថានកុងស៊ុលក្នុងទីក្រុង Houston និងរដ្ឋ Texas

ចិន៖ ស្ថានទូតចិនប្រចាំសហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថ្កោលទោសធ្ងន់ៗ ក្រោយទីក្រុងវ៉ាស៊ីនតោនបង្គាប់ឱ្យខ្លួនបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង ហូលស្តុន និងរដ្ឋ តិចសាសន៍ ហើយថា សកម្មភាពនេះ គឺជាការបង្កហេតុផ្នែកនយោបាយជាលក្ខណៈឯកតោភាគីប្រឆាំងនឹងចិនពីសំណាក់ភាគីអាម៉េរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា ចិនបានស្នើឱ្យអាម៉េរិកលុបចោលការសម្រេចចិត្តខុសមួយនេះ… ប៉ុន្តែបើអាម៉េរិកមិនយល់ព្រមទេ នោះចិននឹងចាត់វិធានការវាយបកទៅវិញ ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ស្ថានទូត និងស្ថានកុងស៊ុលចិន នៅក្នុងសហរដ្ឋអាម៉េរិកបានទទួលសារគំរាមសម្លាប់ និង បំផ្ទុះគ្រាប់បែកកាលពីពេលថ្មីៗនេះ តែលោកមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតនោះទេ ជុំវិញបញ្ហានេះ ៕
-
កងទ័ពជើងទឹកឥណ្ឌាធ្វើសមយុទ្ធជាមួយអាមេរិកស្របពេលកំពុងតានតឹងជាមួយចិន

-
អ្នកឆ្លងកូវីដទូទាំងពិភពលោកកើនដល់១៥លានខណៈអាមេរិកនៅតែឈរលេខ១

-
បារាំងបង្គាប់ឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់បញ្ឈប់ការបញ្ជាទិញឧបករណ៍ 5G ពីក្រុមហ៊ុន Huawei ដោយសារតែបញ្ហាសន្តិសុខជាតិ

បារាំង៖ រដ្ឋាភិបាលបារាំងបានបង្គាប់ឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ បញ្ឈប់ការបញ្ជាទិញឧបករណ៍ 5G ពីក្រុមហ៊ុន ហូវៃ ដោយផ្អែកលើហេតុផលបញ្ហាសន្តិសុខជាតិ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ជាងនេះទៅទៀតនោះ រដ្ឋាភិបាលបារាំងថែមទាំងបានដាក់កំហិតដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ មិនឱ្យចុះកុងត្រាថ្មីជាមួយក្រុមហ៊ុន ហូវៃ ទៀត ហើយសម្រាប់ក្រុមហ៊ុនដែលមានកុងត្រាគឺបន្តការងារដដែល ប៉ុន្តែត្រូវបញ្ចប់នៅពេលផុតកុងត្រា ។ វិធានការរបស់ប្រទេសបារាំងខាងលើនេះ បានកើតមានឡើងស្របពេលដែលបណ្ដាប្រទេសជាច្រើននៅអឺរ៉ុបហាក់ដូចស្ដាប់តាមការអំពាវនាវរបស់សហរដ្ឋអាម៉េរិក ក្នុងការហាមហាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានលើកឡើងពីហានិភ័យនៃសន្តិសុខជាតិ ៕
-
ប្រមុខការពារជាតិអាម៉េរិកគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ចិន ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងជួបភាពតានតឹងខ្លាំង

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ មានផែនការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាអំពីវិធីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ខណៈភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយរវាងប្រទេសទាំងពីរបានកើនឡើង និងការព្រួយបារម្ភនៅតំបន់ដែនសមុទ្រចិនខាងត្បូង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ លោក ម៉ាក អេស្ពើ បានថ្លែងនៅថ្ងៃអង្គារនេះថា រូបលោកសង្ឃឹមថា នឹងធ្វើ ទស្សនកិច្ចនាមុនដំណាច់ឆ្នាំនេះ ដើម្បីបង្កើតប្រព័ន្ធចាំបាច់ សម្រាប់បញ្ហាទំនាក់ទំនង ក៏ដូចជាពង្រឹងចេតនារបស់យើង ចំពោះការប្រកួតប្រជែងដោយបើកចំហរនៅក្នុងប្រព័ន្ធអន្តរជាតិ ដែលយើងទាំងអស់គ្នាជាកម្មសិទ្ធិ ។ ប្រមុខការពារជាតិអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ពួកយើងមិនមែនកំពុងស្វែងរកការប៉ះទង្គិចគ្នានោះទេ ។ សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាម៉េរិកប្រឈមនឹងភាពតានតឹងខ្លាំង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មលើធនាគារទាំងឡាយណា ដែលធ្វើជំនួញជាមួយមន្ត្រីចិន និងមានជាប់ពាក់ព័ន្ធក្នុងការអនុម័តច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង នាពេលថ្មីៗនេះ ។ បន្ថែមលើនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិកក៏បានប្រកាសដែរថា អាម៉េរិកចាត់ទុកសកម្មភាពនានារបស់ចិន ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាទង្វើខុសច្បាប់ ហើយអាម៉េរិកក៏នឹងបង្កើនការគាំទ្របន្ថែមទៀត ដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលកំពុងមានជម្លោះជាមួយចិនផងដែរ ៕ …
-
ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅកូឡុំប៊ី បណ្តាលឲ្យមនុស្សស្លាប់ និងរបួស១៥នាក់

កូឡុំប៊ី៖ ហេតុការណ៍គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅឯតំបន់ភាគអាគ្នេយ៍ប្រទេសកូឡុំប៊ី បានធ្វើឱ្យមនុស្ស៩នាក់ បាត់បង់ជីវិត ខណៈមនុស្ស៦នាក់ផ្សេងទៀតទទួលរងរបួស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ ក្រសួងការពារជាតិកូឡុំប៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ឧទ្ធម្ភាគចក្រខាងលើ ត្រូវបានបញ្ជូនឱ្យចូលរួមនៅក្នុងប្រតិបត្តិការយោធា ដើម្បីប្រឆាំងនឹងក្រុមប្រដាប់អាវុធនៅតំបន់ ហ្គោវៀ មុនពេលដែលវាធ្លាក់នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ ស្របពេលជាមួយគ្នានេះ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល ខណៈក្រុមជួយសង្គ្រោះកំពុងបន្តការស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន ។ សូមជម្រាបថា បំណែកឧទ្ធម្ភាគចក្រ UH-60 ប្លេគ ហ៊ក (Black Hawk) ដែលដឹកមនុស្ស១៧នាក់ត្រូវបានគេរកឃើញនៅតាមបណ្តោយដងទន្លេ អ៊ីននីរីដា ស្ថិតនៅភាគអាគ្នេយ៍ប្រទេសកូឡុំប៊ី ។ ទន្ទឹមគ្នា ក្រុមមន្ត្រីជំនាញជាច្រើននាក់ត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់នេះ ៕
-
លោក ដូណាល់ ត្រាំ ព្រមានថា COVID-19 នឹងកាន់តែអាក្រក់ខ្លាំងឡើង ខណៈសហរដ្ឋអាម៉េរិកមានអ្នកស្លាប់១ពាន់នាក់លើកដំបូងក្នុងមួយថ្ងៃ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមាននៅថ្ងៃអង្គារនេះថា វិបត្តិវីរុសកូរ៉ូណានឹងកាន់តែអាក្រក់ខ្លាំងឡើងនៅក្នុងសហរដ្ឋអាម៉េរិក មុនពេលដែលសភាពការណ៍បានប្រសើរឡើងវិញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ ក្រៅពីប្រកាសគាំទ្រការពាក់ម៉ាស់មុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 ប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានណែនាំកុំឲ្យ មនុស្សវ័យក្មេងៗទៅរង្គសាល ដែលមានមនុស្សច្រើនៗ ដែលងាយនឹងឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។ សូមបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាម៉េរិកបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19 រហូតដល់១ពាន់នាក់ ដែលនេះជាតួលេខខ្ពស់បំផុត បើប្រៀបធៀបទៅនឹងការស្លាប់ប្រចាំថ្ងៃចាប់តាំងពីដើមខែមិថុនាកន្លងទៅនេះ ៕
-
ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិករាយការណ៍ថា លោក ដូណាល់ ត្រាំ ចំណាយប្រាក់ច្រើនជាងលោក ចូ បៃដិន សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត

សហរដ្ឋអាម៉េរិក៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានចំណាយប្រាក់៥០.៣លានដុល្លារ ខណៈលោក ចូ បៃដិន បានចំណាយប្រាក់ ៣៦.៩លានដុល្លារ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត នេះបើតាមសារព័ត៌ មានរ៉យទ័រនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ ទោះបីជាខ្ទង់ចំណាយរបស់លោក ត្រាំ លើសកម្មភាពឃោសនាបោះឆ្នោត មានចំនួនច្រើនជាងគូប្រជែងរបស់លោកក៏ដោយ ក៏ប៉ុន្តែបើតាមលទ្ធផលស្ទង់មតិជាសាធារណៈ ដែលធ្វើឡើងនៅថ្ងៃទី១៤ និង១៥ ខែកក្កដានេះបង្ហាញថា លោក ចូ បៃដិន ទទួលបានការគាំទ្រច្រើនជាងលោក ត្រាំ សម្រាប់តំណែងប្រធានាធិបតីអាម៉េរិកនៅអាណត្តិថ្មីខាងមុខនេះ ។ សូមជម្រាបថា ដើម្បីទាក់ទាញប្រជាប្រិយភាពពីប្រជាជននោះ យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ បានផ្តោតសំខាន់ខ្លាំងលើការផ្សាយកញ្ចក់ទូរទស្សន៍ធំៗ នៅទូទាំងប្រទេស ។ ចំណែកឯ លោក ចូ បៃដិន វិញ បានផ្តោតសំខាន់តែទៅលើរដ្ឋដែលមានការប្រទាញប្រទង់ខ្លាំង ដូចជារដ្ឋ ភែនស៊ីលវ៉ានៀ និង មីឈីហ្គេន ជាដើម ៕ …
-
អូស្ត្រាលីគ្រោងបង្កើនការចំណាយដ៏ច្រើនបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរហូតដល់ឆ្នាំក្រោយ ដើម្បីជួយអ្នកបាត់បង់ការងារ និងក្រុមហ៊ុន

អូស្រ្តាលី៖ រដ្ឋាភិបាលអូស្ត្រាលីនឹងបង្កើនការចំណាយដ៏ច្រើនបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរហូតដល់ឆ្នាំក្រោយ ដោយដាក់ចេញវិធានការតំលៃរាប់ពាន់លានដុល្លារ សំដៅទប់លំនឹងទីផ្សារការងារ ដោយសារតែការបិទក្រុមហ៊ុនអាជីវកម្ម បណ្តាលមកពីវិធានការការពារវីរុស COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក ស្កត់ ម័ររីសុន បានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភបន្ថែមនេះ សំរាប់ទាំងអ្នកអត់ការងារធ្វើ និងបណ្តាក្រុមហ៊ុនដែលខិតខំត្រដរក្សាទុកបុគ្គលិក លោកថា វាបន្តបើកជូនរហូតដល់ត្រឹមចុងឆ្នាំ និងអាចហួសពីនេះ ។ លោកបានសង្កត់ធ្ងន់ថា កម្មវិធីជំរុញសេដ្ឋកិច្ចនេះ បានសង្គ្រោះក្រុមហ៊ុនហើយថែមទាំងបានជួយសង្គ្រោះជីវិតរស់នៅរបស់មនុស្ស ។ សូមបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កើនការចំណាយ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចលើកម្មវិធីគាំទ្រចំណូលចំនួន០២ ក្នុងទឹកប្រមាណ៨៦ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង៦០ពាន់លានដុល្លារអាម៉េរិក ។ កន្លងមក រដ្ឋាភិបាលអូស្ត្រាលីក៏បានបញ្ចេញថវិការប្រមាណ៣០ពាន់លានដុល្លារម្តងរួចមកហើយ ដើម្បីជួយក្រុមហ៊ុនជិត១លាន ឱ្យអាចមានប្រាក់បើកប្រាក់ខែដល់បុគ្គលិក-និយោជិតប្រមាណ៣.៥លាននាក់ ៕