-
ប្រេងឡើងថ្លៃដល់៤៣ដុល្លារ ក្នុងមួយបារ៉ែល ក្រោយអង្គការអូពិច និង ប្រទេសជាសម្ព័ន្ធមិត្តព្រមព្រៀងកាត់បន្ថយផលិតកម្មប្រេងថែមទៀត

បរទេស៖ អង្គការអូពិច និងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនទៀត នៅក្នុងក្រុមដែលហៅថា អូពិចផ្លាស់គ្រុប (Opec+ group) បានព្រមព្រៀងគ្នាកាលពីចុងសប្តាហ៍មុននេះថា នឹងពន្យាពេលកាត់បន្ថយការផលិតប្រេងមួយខែថែមទៀត ហើយសន្យាថា នឹងអនុវត្តន៍តាមយ៉ាងហ្មត់ចត់ដើម្បីធានាថា សមាជិកនែក្រុមប្រទេសផលិតប្រេងមិនបូមប្រេងច្រើនជាងអ្វីដែលពួកគេបានសន្យានោះទេ នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។ ទន្ទឹមគ្នា តម្លៃប្រេងបានកើនឡើងដល់៤៣ដុល្លារក្នុងមួយបារ៉ែល ក្នុងចក្រភពអង់គ្លេស នៅថ្ងៃទី០៨ ខែមិថុនានេះ ខណៈប្រេងឆៅ ប្រេន ឡើងថ្លៃដល់៤៣.៤១ដុល្លារក្នុងមួយបារ៉ែល ដោយកើនឡើង១.០២ ដុល្លារ ឬ ២.៤ភាគរយ ។ តម្លៃប្រេងឆៅសហរដ្ឋអាម៉េរិក WTI ឡើង ថ្លៃ៨៣សេន ឬ ២.១ភាគរយរហូតដល់តម្លៃ៤០.៣៨ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងទាំងពីរនេះបានកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០៦ ខែមីនាកន្លងមក ។ សូមជម្រាបថា ប្រេងឆៅ ប្រេន បានកើនឡើងជិតទ្វេដងចាប់តាំងពីដើមខែមេសាឆ្នាំនេះ ដោយសារតែមានការកាត់បន្ថយការផលិតដែលមិនធ្លាប់មានពីមុនមក ចំនួន៩.៧លានបារ៉ែលក្នុងមួយថ្ងៃ ដោយអង្គការអូពិច ប្រទេសរុស្ស៊ី និងក្រុមសម្ព័ន្ធមិត្ត។ បន្ថែមលើនេះ ក្រុមអូពិចផ្លាស់គ្រុប ក៏បានអូសបន្លាយពេលកិច្ចព្រមព្រៀងនេះ ដើម្បីដកការផ្គត់ផ្គង់ប្រេងនៅពិភពលោករហូតដល់ចុងខែកក្កដា ឆ្នាំ២០២០ខាងមុខផងដែរ៕ធ.ដ …
-
លោក បូរីស ចនសុន ថ្លែងថា ការតវ៉ាប្រឆាំងនឹងការរើងអើងពូជសាសន៍ក្នុងចក្រភពអង់គ្លេស កំពុងត្រូវបង្វែរទៅជាអំពើហិង្សា

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថា ការតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ក្នុងចក្រភពអង់គ្លេស កំពុងត្រូវបានបង្វែរទៅជាអំពើហិង្សា និងចោរកម្ម ហើយលោកព្រមានថា នឹងចាប់ខ្លួនជនដែល ទទួលខុសត្រូវពាក់ព័ន្ធនឹងរឿងនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមានបែបនេះរបស់លោក ចនសុន ធ្វើឡើងក្រោយប៉ូលិស១៤នាក់បានទទួលរងរបួសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងនោះមាន០២នាក់របួសធ្ងន់ នៅពេលក្រុមអ្នកតវ៉ាបានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅក្បែរវិមាននាយករដ្ឋមន្រ្តី ។ សូមជម្រាបថា មនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ាតាមដងផ្លូវជាច្រើនក្នុងទីក្រុងឡុងដ៍ នៅថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដែលនេះជាការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំថ្ងៃទី២ ដើម្បីសម្តែងការថ្កោលទោសភាពសាហាវព្រៃផ្សៃរបស់អតីតប៉ូលិសអាម៉េរិក បន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ ក្នុងទីក្រុងមីននាផូលីស ៕
-
ប្រមុខការទូតអាល្លឺម៉ង់អះអាងថា ទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកទំនងជារងផលប៉ះពាល់ ដោយសារការដកកងទ័ពចេញពីអាល្លឺម៉ង់

អាល្លឺម៉ង់៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក ហេកូ ម៉ាអាស់ បានសម្តែងការសោកស្តាយរបស់លោក នៅថ្ងៃអាទិត្យម្សិលមិញ ក្រោយទទួលបានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មានផែនការកាត់បន្ថយចំនួនកងទ័ពអាម៉េរិក ដែលកំពុងឈរជើងនៅប្រទេសអាល្លឺម៉ង់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ អ្នកនយោបាយជាន់ខ្ពស់ដទៃទៀតក្នុងទីក្រុងប៊ែរ ឡាំង ក៏បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ ដោយពួកគេបាននិយាយថា ការសម្រេចចិត្តបែបនេះ ជាការវាយប្រហារចុងក្រោយចំពោះចំណងមិត្តភាពសហរដ្ឋអាម៉េរិក-អាល្លឺម៉ង់ និងជាហានិភ័យដល់សន្តិសុខ ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាម៉េរិកដកកងទ័ពចំនួន៩ពាន់៥រយនាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី ។ បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពអាម៉េរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕
-
កូរ៉េខាងត្បូងនៅតែប្តេជ្ញាចិត្តអនុវត្តន៍ តាមកិច្ចព្រមព្រៀងអន្តរកូរ៉េ បើទោះបីជាមានការព្រមានដកខ្លួនចេញពីសំណាក់កូរ៉េខាងជើង

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល នៅតែបន្តការប្តេជ្ញាចិត្តអនុវត្តន៍តាមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បើទោះបីជាទីក្រុងព្យុងយ៉ាងបានគំរាមបិទការិយាល័យទំនាក់ទំនងរួមគ្នា និងបោះបង់កិច្ចព្រមព្រៀងយោធារវាងប្រទេស ស្តីពីការបន្ធូរបន្ថយភាពតានតឹងក៏ដោយនោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា គោលជំហរចម្បងរបស់យើង គឺការអនុវត្តតាមកិច្ចព្រមព្រៀងដែលសម្រេចបានដោយមេដឹកនាំប្រទេសទាំងពីរ (ខាងត្បូង និងខាងជើង) ក្នុងនោះមានដូចជាសេចក្តីប្រកាសភូមិផាន់មុនជុម ។ ការប្រកាសពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងខាងលើនេះ បានកើតមានឡើងក្រោយប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង បានព្រមានថា បើសិនអាជ្ញាធរកូរ៉ខាងត្បូងនៅតែបន្តអនុញ្ញាតឲ្យសកម្មភាពចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដោយក្រុមអ្នកនយោបាយរត់ចោលជួរកើតមានឡើងទៀតនោះ ទីក្រុងព្យុងយ៉ាងអាចនឹងដកខ្លួនចេញ ពីកិច្ចព្រមព្រៀងយោធាទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាគម្រោងបើកតំបន់ឧស្សាហកម្មកេសុង ព្រមទាំងបិទការិយាល័យទំនាក់ទំនងរួមគ្នានៅតំបន់ព្រំដែនខាងជើងទៀតផង ៕
-
លោក ដូណាល់ ត្រាំ បញ្ជាឱ្យដកកងកម្លាំងឆ្មាំជាតិចេញពីរដ្ឋធានីវ៉ាស៊ីនតោន និងថាអ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងដ៏ល្អឥតខ្ចោះ

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យចាប់ផ្តើមដកចេញវិញហើយនូវកងកម្លាំងឆ្មាំជាតិ ដែលត្រូវបានដាក់ពង្រាយនាពេលថ្មីៗនេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់នឹងការផ្ទុះការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើ Twitter នៅថ្ងៃអាទិត្យម្យិលមិញថា ខ្ញុំទើបតែបានបញ្ជាឱ្យឆ្មាំជាតិរបស់យើង ចាប់ផ្តើមដំណើរការដកខ្លួនចេញពីរដ្ឋធានីវ៉ាស៊ីនតោន… ឥឡូវនេះ អ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងដ៏ល្អឥតខ្ចោះ.. ពួកគេនឹងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែអាចត្រឡប់មកវិញបានយ៉ាងលឿន បើចាំបាច់.. បាតុករបន្តិចប៉ុណ្ណោះបានបង្ហាញខ្លួនកាលពីយប់មិញជាងការរំពឹងទុក។ សូមជម្រាបថា កងកម្លាំងស្លៀកឯកសណ្ឋានយោធាមួយក្រុមត្រូវបានគេប្រទះឃើញនៅមុខសេតវិមានកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ស្របពេលក្រុមបាតុកររាប់ពាន់នាក់បានចូលទៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញនូវអ្វីដែលជាការធ្វើបាតុកម្មដ៏ធំបំផុតក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកនេះ ចាប់តាំងពីការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ ដោយសារអតីតប៉ូលិសស្បែកសក្នុងទីក្រុងមីននាផូលីស ៕
-
ព្យុះត្រូពិក គ្រីស្តូបល កំពុងឆ្ពោះទៅវាយប្រហារសហរដ្ឋអាមេរិក ខណៈអាជ្ញាធរ រដ្ឋល្វីស្យាណា ចេញបញ្ជាឲ្យប្រជាជនជម្លៀសខ្លួនជាបន្ទាន់

សហរដ្ឋអាមេរិក៖ ព្យុះត្រូពិក គ្រីស្តូបល បាននិងកំពុងរំកិលខ្លួនយ៉ាងលឿនទៅកាន់ទីក្រុងភាគខាងត្បូងសហរដ្ឋអាមេរិក ខណៈអាជ្ញាធរទីក្រុងញូអូលីនស៍ រដ្ឋល្វីស្យាណា បានចេញបញ្ជាឲ្យប្រជាជនជម្លៀសខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាពជាបន្ទាន់ នេះបើតាមសារព័ត៌មានស៊ីនហួរនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ព្យុះត្រូពិកនេះ បានវាយប្រហារមកដល់ដងវិថីនានា នៃតំបន់កោះហ្គ្រេនដ៍ ដែលស្ថិតនៅតាមបណ្តោយឆ្នេរនៃរដ្ឋល្វីស្យាណា ខណៈក្រុមអ្នកទេសចរណ៍ និង ប្រជាជនត្រូវបានបញ្ជាឲ្យជម្លៀសជាបន្ទាន់ ចេញពីតំបន់នោះដើម្បីសុវត្ថិភាព ។ សម្រាប់ប្រជាជនដែលអាជ្ញាធរតម្រូវឲ្យជម្លៀសនោះ គឺជាអ្នកដែលរស់នៅក្រៅពីតំបន់បណ្តោយប្រព័ន្ធលូបង្ហូរទឹករបស់ទីក្រុងញូអូលីនស៍ ហើយបើទោះបីជាព្យុះត្រូពិក គ្រីស្តូបល បានថមថយឥទ្ធិពលបន្តិចមែន ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងអាចបង្កជាភ្ញៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងដដែល ហើយវាក៏នឹងអាចបង្កជាការបាក់ដីផងដែរ ៕
-
សហរដ្ឋអាម៉េរិកគ្រោងដកកងទ័ពចំនួន៩.៥០០នាក់ចេញពីអាល្លឺម៉ង់ ស្របពេលមានភាពតានតឹងរវាងមេដឹកនាំប្រទេសទាំងពីរ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាម៉េរិក ដកកងទ័ពចំនួន៩.៥០០នាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបចំពោះទំនាក់ទំនងដ៏តានតឹងរវាងលោក ជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មើគែល ក្រោយលោកស្រី មើគែល ទើបតែបានប្រកែកមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលលោក ត្រាំ ជាអ្នកអញ្ជើញដោយផ្ទាល់ដែលគ្រោងធ្វើឡើងនៅសហរដ្ឋអាមេរិក ។ គួរបញ្ជាក់ថា បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕ធ.ដ
-
នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗសហរដ្ឋអាម៉េរិកសន្យាបរិច្ចាគរាប់លានដុល្លារដល់អង្គការនានា ដើម្បីប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍

សហរដ្ឋអាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់សហរដ្ឋអាម៉េរិក មានដូចជា Twitter Facebook និង Apple បានប្រកាសពីការបរិច្ចាគប្រាក់រាប់លានដុល្លារដល់ក្រុមអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍នៅទូទាំងសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ ប្រកាសបរិច្ចាគប្រាក់រាប់លានដុល្លារខាងលើ ធ្វើឡើងក្នុងគ្រាដែលសហរដ្ឋអាមេរិកកំពុងជាប់ផុងក្នុងភាពចលាចល អំពើហិង្សា ការបំផ្លិចបំផ្លាញ លួច និងប្លន់ហាងទំនិញនៅក្នុងបាតុកម្មតវ៉ាទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ ។ ហេតុការណ៍ទាំងអស់ខាងលើ បានផ្ទុះឡើងចាប់តាំងពីបុរសស្បែកខ្មៅឈ្មោះចច ហ្វ្លយដ៍ ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង មីននាផូលីស យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ ដោយសារតែការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ២០ដុល្លារ ៕ធ.ដ
-
ក្រុមសម្ព័ន្ធមិត្តអង្គការ NATO ត្រៀមដឹកនាំធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំនៅដែនសមុទ្របាល់ទិក ដោយមានកងនាវាមកពី១៩ប្រទេសចូលរួម

អាល្លឺម៉ង់៖ កងនាវាមកពី១៩ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អង្គការ NATO កំពុងត្រៀមរៀបចំធ្វើសមយុទ្ធមួយឈ្មោះថា BALTOPS ប្រចាំឆ្នាំរបស់ខ្លួននៅដែនសមុទ្របាល់ទិក ដែលនេះជាសមយុទ្ធដ៏ធំនៅឯនាយឆ្នេរសមុទ្ររុស្ស៊ី នេះបើតាមគេហទំព័រ Defense News នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ ឧត្តមនាវីរងអាមេរិក លោកស្រី លីសា ហ្វ្រង់ឆេទី ដែលជាមេបញ្ជាការនៃកងនាវានិងកងកម្លាំងគាំទ្រអង្គការ NATO បានបញ្ជាក់ថា សមុទ្រ BALTOPS ផ្តល់ឱកាសសម្រាប់អង្គការ NATO និងបណ្តាប្រទេសជាដៃគូ ដើម្បីធ្វើប្រតិបត្តិការជាមួយគ្នា ចែករំលែកការអនុវត្តល្អៗ សំដៅធ្វើឱ្យប្រតិបត្តិការពិភពលោកកាន់តែល្អប្រសើរឡើង ។ សូមជម្រាបថា សមយុទ្ធទ្រង់ទ្រាយ់ធំខាងលើនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៧ ខែមិថុនាដល់ថ្ងៃទី ១៦ ខែមិថុនាខាងមុខ និងមានការចូលរួមពី២៩កងអង្គភាពនាវា យន្តហោះចំនួន២៩គ្រឿង និងទាហានចំនួន៣ពាន់នាក់មកពីប្រទេសចំនួន១៧ របស់អង្គការ NATO និងប្រទេសជាដៃគូចំនួន០២ នេះបើតាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹកអាមេរិក អឺរ៉ុប-អាហ្វ្រិក ៕ធ.ដ
-
កូរ៉េខាងជើងប្រកាសដកខ្លួនចេញពីការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង

កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានប្រកាសដកខ្លួនចេញពីការិយា ល័យទំនាក់ទំនងរួមគ្នាជាមួយកូរ៉េខាងត្បូង ដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម កេសុង ព្រំដែនប្រទេសកូរ៉េខាងជើង នេះបើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA នៅយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចចិត្តដកខ្លួនខាងលើនេះរបស់ទីក្រុងព្យុងយ៉ាង បានកើតមានឡើងក្រោយប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង បានព្រមានកូរ៉េខាងត្បូងឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ចូលទៅក្នុងតំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំងពីរ ពីសំណាក់អ្នកនយោបាយរត់ចោលជួរ ពុំដូច្នោះទេកិច្ចព្រមព្រៀងយោធាទ្វេភាគីថ្មីៗនេះ នឹងត្រូវលុបចោល ។ បន្ថែមលើនេះ លោកស្រី គីម យ៉ូចុង ក៏បានព្រមានដែរថា ប្រសិនបើអាជ្ញាធរកូរ៉ខាងត្បូងនៅតែបន្តអនុញ្ញាតឲ្យសកម្មភាពចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដោយក្រុមអ្នកនយោបាយរត់ចោលជួរកើតមានឡើងទៀតនោះ ទីក្រុងព្យុងយ៉ាងអាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងយោធាទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាគម្រោងបើកតំបន់ឧស្សាហកម្មកេសុង ព្រមទាំងបិទការិយាល័យទំនាក់ទំនងរួមគ្នានៅតំបន់ព្រំដែនខាងជើងទៀតផង ៕ធ.ដ