-
អតីតប្រធានមន្ទីរបញ្ចកោណចោទប្រកាន់លោក ដូណាល់ ត្រាំ ថា កំពុងតែព្យាយាមពុះជ្រៀកសង្គមសហរដ្ឋអាម៉េរិកជាពីរ

សហរដ្ឋអាម៉េរិក៖ អតីតរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ជីម ម៉ាត់ទីស បាននិយាយថា លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាម៉េរិកលើកដំបូងបំផុតនៅក្នុងជីវិតរបស់លោក ដែលមិនព្រមព្យាយាមបង្រួបបង្រួមប្រជាជនអាម៉េរិក សូម្បីតែតាមរយៈការសម្តែង តែផ្ទុយទៅវិញបែរជាព្យាយាមបំបែកបំបាក់ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ អតីតប្រធានមន្ទីរបញ្ចកោណរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា យើងទាំងអស់គ្នាបានមើលលទ្ធផលជាងបីឆ្នាំមកហើយ នៃការដឹកនាំរបស់គាត់ (លោក ដូណាល់ ត្រាំ) ដែលបង្ហាញថា មិនមានភាពចាស់ទុំក្នុងការដឹកនាំទាល់តែសោះ ។ ការកត់សម្គាល់បែបនេះរបស់លោក ជីម ម៉ាត់ទីស ធ្វើឡើងស្របពេលដែល កំហឹងប្រជាពលរដ្ឋត្រូវបានឆាបឆេះ ជុំវិញការស្លាប់របស់ជនជាតិអាម៉េរិកស្បែកខ្មៅម្នាក់ ក្រោមជង្គង់ប៉ូលិសស្បែកសមួយក្រុម ដែលទង្វើនេះត្រូវបានគេមើលឃើញថា ជាទង្វើរើសអើងពូជសាសន៍ ៕
-
ប្រធានាធិបតីរុស្ស៊ីប្រកាសភាពអាសន្ន បន្ទាប់ពីប្រេងប្រមាណ២ម៉ឺនតោនលេចធ្លាយចូលទន្លេមួយនៅតំបន់ស៊ីប៊េរី ភាគខាងជើងប្រទេស

រុស្ស៊ី៖ ប្រេងប្រមាណ២ម៉ឺនតោនបានលេចធ្លាយចូលទៅក្នុងទន្លេមួយក្បែរទីក្រុង ណូរីល តំបន់ស៊ីប៊េរី ភាគខាងជើងប្រទេសរុស្ស៊ី ជាហេតុនាំឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បង្ខំចិត្តប្រកាសភាពអាសន្នភ្លាមៗ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ ការលេចធ្លាយប្រេងនេះ កើតចេញពីរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន ណូរីល នីកឃែល ហើយទន្លេដែលប្រេងនោះបានកំពប់ចូល ក៏ផ្សារភ្ជាប់ទៅកាន់មហាសមុទ្រទឹកកកអាក់ទិចផងដែរ ។ ទន្ទឹមគ្នានេះ លោក វ្ល៉ាឌីមៀ ពូទីន បានស្តីបន្ទោសខ្លាំងៗទៅលើក្រុមហ៊ុននេះ ចំពោះភាពយឺតយ៉ាវក្នុងការចាត់វិធានការសង្គ្រោះ ដែលជាហេតុបង្ខំឲ្យលោកត្រូវសម្រេចចិត្តប្រកាសភាពអាសន្ន ។ សូមជម្រាបថា ហេតុការណ៍លេចធ្លាយប្រេងខាងលើ បានកើតមានឡើងតាំងតែពីចុងសប្តាហ៍មុនមកម្ល៉េះ ខណៈបញ្ហានេះដែរ លោក ពូទីន បានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីរកមូលហេតុស្ថិតនៅពីក្រោយ ៕
-
ប្រមុខការពារជាតិអាម៉េរិកបដិសេដនឹងគំនិតរបស់លោក ដូណាល់ ត្រាំ ចំពោះការប្រើកម្លាំងយោធាបង្ក្រាបក្រុមបាតុករទាមទារយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក Mark Esper ថ្លែងថា លោកមិនគាំទ្រការប្រើប្រាស់យោធា ដើម្បីបង្ក្រាបការតវ៉ានៅទូទាំងប្រទេស ដូចដែលបានស្នើឡើងដោយលោក ដូណាល់ ត្រាំ នាពេលថ្មីៗឡើយ នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ ថ្លែងក្នុងសន្និសីទព័ត៌មានមួយនៅក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃពុធនេះ លោក Mark Esper បានបញ្ជាក់ថា ជម្រើសក្នុងការប្រើកងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយបំផុត ហើយប្រើតែនៅក្នុងស្ថានការណ៍បន្ទាន់ និងធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ លោកថា ឥឡូវនេះ យើងមិនស្ថិតនៅក្នុងស្ថានការណ៍ណាមួយ ក្នុងចំណោមស្ថានការណ៍ខាងលើនេះទេ ។ ទន្ទឹមគ្នា ប្រមុខការពារជាតិអាម៉េរិករូបនេះ ក៏បានថ្លែងថ្កោលទោសចំពោះទង្វើរបស់ប៉ូលិសនៅក្នុងទីក្រុងមីននាផូលីស ចំពោះការស្លាប់របស់លោក ចច ហ្វ្លយដ៍ ហើយលោកសង្ឃឹមថា ក្នុងពេលអនាគតនឹងមានបាតុកម្មអហិង្សា ដែលជាការគោរពដល់លោក ហ្វ្លយដ៍ ដែលជំរុញឲ្យមានការទទួលខុសត្រូវចំពោះការស្លាប់របស់លោក និងជំរុញឲ្យប្រទេសជាតិទាំងមូលគិតឡើងវិញអំពីការរើសអើងជាតិសាសន៍នៅសហរដ្ឋអាម៉េរិក ៕
-
អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋមីនីសូតា បង្កើនបទចោទលើមន្ត្រីប៉ូលិសម្នាក់ និងចោទប្រកាន់មន្ត្រីបីនាក់ទៀត ដែលពាក់ព័ន្ធនឹងការស្លាប់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍

សហរដ្ឋអាម៉េរិក៖ អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋមីនីសូតា លោក Keith Ellison នឹងបង្កើនបទចោទប្រកាន់លើមន្ត្រីប៉ូលិសម្នាក់ដែលត្រូវបានបញ្ឈប់ពីការងារ គឺលោក ឌែរែក ឆូវីន បន្ទាប់ពីរងការចោទប្រកាន់ពីបទឃាតកម្មកម្រិតទី២ ពាក់ព័ន្ធនឹងការស្លាប់របស់បុរសអាម៉េរិកដើមកំណើតអាហ្រ្វិកម្នាក់ គឺលោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អគ្គរដ្ឋអាជ្ញាក៏ប្រកាសពីការចោទប្រកាន់លើមន្ត្រីប៉ូលិសបីនាក់ទៀតរួមមានលោក Thomas Lane លោក J. Alexander Kueng និងលោក Tou Thao ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក ហ្វ្លយដ៍ ពីបទជួយ និងរួមគំនិតក្នុងអំពើឃាតកម្មផងដែរ នេះបើតាមកាសែត Star Tribune ដែលជាកាសែតដ៏ធំជាគេបង្អស់ប្រចាំរដ្ឋមីនីសូតា ។ សូមបញ្ជាក់ថា លោក ចច ហ្វ្លយដ៍ អាយុ៤៦ឆ្នាំបានស្លាប់ បន្ទាប់ពីអតីតមន្ត្រីប៉ូលិសក្រុងមីននាផូលីស លោក ឌែរែក ឆូវីន បានសង្កត់ជង្គង់របស់លោកលើករបស់លោក ហ្វ្លយដ៍ ក្នុងរយៈពេលជាង៨នាទីកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ។ ហេតុការណ៍នេះ បង្កឲ្យមានការខឹងសម្បារសារជាថ្មីម្តងទៀត លើអំពើសាហាវឃោរឃៅរបស់ប៉ូលិស…
-
លោក បូរីស ចនសុន ថ្លែងថា ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង គឺជាទង្វើរំលោភលើសន្ធិសញ្ញាទ្វេភាគីរវាងអង់គ្លេស និងចិន

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថាច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង គឺជាទង្វើរំលោភលើសន្ធិសញ្ញាទ្វេភាគីរវាងអង់គ្លេស និងចិន នេះបើតាមសារព័ត៌មានក្យូដូ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។បន្ថែមលើនេះ លោក បូរីស ចនសុន ថែមទាំងបានព្រមានដែរថា អង់គ្លេសនឹងមិនឈរឱបដៃមើលឡើយ បើសិនជាចិនដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងមែននោះ ។ ដោយឡែកចិនក៏បានចេញសារព្រមានមួយទៅកាន់អង់គ្លេសផងដែរថា ការលូកលាន់កិច្ចការផ្ទៃក្នុងទីក្រុងហុងកុងរបស់ចិន គឺមិនខុសអ្វីទៅនឹងការជួញទុក្ខយកមកដាក់ខ្លួននោះឡើយ ។ ការព្រមានបែបនេះរបស់ចិនធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអ៊ែប បានធ្វើការរិះគន់ចិន ដោយចាត់ទុកច្បាប់សន្តិសុខជាតិថ្មី ដែលទីក្រុងប៉េកាំងត្រៀមអនុម័តនោះថា ជាការបំផ្លាញវត្ថុដ៏មានតម្លៃរបស់ទីក្រុងហុងកុង ក្នុងនោះលោក រ៉ាអ៊ែប ក៏បានអំពាវនាវឲ្យប្រទេសចិនដកថយចេញពីមាត់ជ្រោះផងដែរ ៕
-
អតីតកីឡាករប្រដាល់សកល Floyd Mayweather ផ្ញើប្រាក់ជិត១០ម៉ឺនដុល្លារធ្វើបុណ្យសពលោក George Floyd

សហរដ្ឋអាម៉េរិក៖ អតីតកីឡាករប្រដាល់សកល Floyd Mayweather ផ្ញើប្រាក់ ៧ម៉ឺនផោន ឬស្មើនឹង៨ម៉ឺន៨ពាន់១២៩ដុល្លារអាម៉េរិក ដើម្បីរៀបចំបុណ្យសពបុរសស្បែកខ្មៅឈ្មោះ George Floyd ដែលបានស្លាប់កាលពីចុងខែឧសភា ឆ្នាំ២០២០ ដោយស្នាដៃប៉ូលិសស្បែកសអាម៉េរិក ។ លោក Floyd Mayweather មានវ័យ៤៣ឆ្នាំដែលបានប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់កាលពីឆ្នាំ២០១៥មកនោះ ក៏បានចេញលុយធ្វើបុណ្យ ចំពោះអតីតគូប្រកួត Joe Frazier និងកីឡាករ Genaro Hernandez ដែលបានស្លាប់កាលពីឆ្នាំ១៩៩៨ទៀតផងដែរ ។ បើតាមសារព័ត៌មានពី The Sun ពិធីបុណ្យសពរបស់លោក George Floyd នឹងត្រូវប្រារព្ធធ្វើឡើងនៅ០៤ទីតាំងផ្សេងៗគ្នារួមមាននៅទីក្រុង Hoston, Minnesota, Charlotte និង១ទីតាំងទៀតកំពុងតែស្វែងរក ដើម្បីបញ្ជាក់ថា ជីវិតរបស់ជនជាតិស្បែកខ្មៅ ក៏មានតម្លៃស្មើនឹងស្បែកសផងដែរ ៕
-
គ្រួសាររបស់លោក ចច ហ្វ្លយដ៍ ទាមទារឱ្យមន្រ្តីប៉ូលិស០៤នាក់ ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក ហ្វ្លយដ៍ ទទួលទោសតាមច្បាប់

សហរដ្ឋអាម៉េរិក៖ ក្នុងនាមជាម្តាយផ្តល់កំណើតដល់កូនស្រីបង្កើតរបស់លោក ចច ហ្វ្លយដ៍ នៅថ្ងៃអង្គារម្សិលមិញ បានទាមទាររកយុត្តិធម៌ឱ្យស្វាមីរបស់ខ្លួន ដោយនិយាយថា លោក ហ្វ្លយដ៍ ជាឳពុកល្អម្នាក់ដែលមិនសមនឹងទទួលមរណៈភាព ដោយក្រាបចុះនៅលើកំរាលថ្ម ដែលខ្ទប់នៅក្រោមទម្ងន់មន្រ្តីប៉ូលិស០៣នាក់ទេ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ ឈរជាមួយនឹងកូនស្រីបង្កើតរបស់ខ្លួន មានឈ្មោះថា ជីណា ឃ្លីនហ្គីន អាយុ០៦ឆ្នាំ លោកស្រី រ៉ុកស៊ី វ៉ាស៊ីនតុន បានប្រាប់អ្នកកាសែតថា លោកស្រីចង់ទាមទារឱ្យមន្រ្តីប៉ូលិស០៤នាក់ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក ហ្វ្លយដ៍ ទទួលទោសតាមច្បាប់ ស្របពេលផ្ទុះបាតុកម្មតវ៉ានៅទូទាំងសហរដ្ឋអាម៉េរិក និងពិភពលោក ។ សូមបញ្ជាក់ថា ក្នុងចំណោមមន្រ្តីប៉ូលិស០៤នាក់ ដែលពាក់ព័ន្ធក្នុងការស្លាប់របស់លោក ចច ហ្វ្លយដ៍ គឺម្នាក់ឈ្មោះ ឌើរ៉េក ឆូវីន ដែលជាអ្នកយកជង្គង់សង្កត់ក លោក ហ្វ្លយដ៍ រហូតដល់ស្លាប់ បើទោះបីជាមានការអង្វរថា ពិបាកដង្ហើមយ៉ាងណាក៏ដោយនោះ គឺត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មកម្រិតស្រាល និងពីបទមនុស្សឃាតដោយអចេតនា៕ …
-
អ៊ីតាលីប្រកាសបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តឡើងវិញ ក្រោយបិទអស់រយៈពេល០៣ខែ ដោយសារការរាតត្បាតនៃជម្ងឺ COVID-19

អ៊ីតាលី៖ អ៊ីតាលី នៅថ្ងៃពុធនេះ បានប្រកាសបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអឺរ៉ុបមកលេងកម្សាន្តប្រទេសខ្លួនឡើងវិញ ក្រោយប្រទេសអឺរ៉ុបនេះបានបង្ខំចិត្តបិទប្រទេសអស់រយៈពេល០៣ខែ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺCOVID-19 នេះបើតាមសារព័ត៌មានCNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញបានព្រមានថា ការសម្រេចចិត្តនេះគឺឆាប់រហ័សពេកហើយ ខណៈស្ថានការណ៍ជម្ងឺ COVID-19 នៅក្នុងប្រទេសហាក់មិនទាន់ធូរស្រាលនៅឡើយទេ ជាពិសេសនៅតំបន់ ឡុមបាឌី ភាគខាងជើងប្រទេសទេស ។ សូមជម្រាបថា វិធានការបិទទ្វារប្រទេសរបស់អ៊ីតាលីបានបង្កផលប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យទេសចរណ៍ ដែលតំណាងឲ្យផលិតផលក្នុងស្រុកសរុបប្រមាណ១៣ភាគរយ។ កន្លែងទេសចរណ៍ប្រវត្តិសាស្ត្រល្បីៗ ភោជ នីយដ្ឋានត្រូវបានបិទទ្វារ ខណៈសណ្ឋាគារជាច្រើនត្រូវបានរដ្ឋាភិបាល យកទៅប្រើប្រាស់សម្រាប់ដាក់អ្នកជំងឺ COVID-19 ៕
-
អភិបាលក្រុងហុងកុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាស្តីពីច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង

ចិន៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានរៀបចំកាលវិភាគធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន នៅក្នុងថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ស្ថិតក្នុងគោលបំណងធ្វើការពិភាក្សាស្តីពីច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ លោកស្រី ឡាំ នឹងចែករំលែកទស្សនៈរបស់លោកស្រី ពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិថ្មីនេះ ជាមួយមន្រ្តីរដ្ឋាភិបាលកណ្តាលចិន ហើយនឹងវិលត្រឡប់ទៅកាន់ទីក្រុងហុងកុងវិញនៅព្រឹកថ្ងៃព្រហស្បត្តិ៍ស្អែកនេះ (ម៉ោងក្នុងតំបន់) នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយរដ្ឋាភិបាលក្រុងស្វយ័តមួយនេះ នៅថ្ងៃអង្គារ៍ម្សិលមិញ ។ ពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិនេះដែរ រដ្ឋាភិបាលអាម៉េរិករបស់លោក ដូណាល់ ត្រាំ បានសម្រេចដកហូតឋានៈពិសេសរបស់ក្រុងហុងកុង ចេញពីបញ្ជីក្រោមច្បាប់របស់ខ្លួន ។ ការសម្រេចនេះមានន័យថា ហុងកុងលែងបន្តទទួលបានប្រព្រឹត្តកម្មពិសេស ក្រោមច្បាប់សហរដ្ឋអាម៉េរិកតទៀតហើយ ដោយទីក្រុងមួយនេះអាចនឹងបាត់បង់សិទ្ធិពិសេស ក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ ការដកហូតឋានៈខាងលើ ធ្វើឡើងក្រោយសហរដ្ឋអាម៉េរិកបានចោទចិនថា បានជាន់ឈ្លីស្វយ័តភាពរបស់ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ បន្ទាប់ទីក្រុងប៉េកាំងបោះជំហានទៅរកការអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីអនុវត្តន៍លើ ក្រុងហុងកុង ដែលត្រូវបានលោក ត្រាំ មើលឃើញថា ជាការសម្លាប់សិទ្ធិសេរីភាពរបស់ហុងកុង ៕
-
សហរដ្ឋអាម៉េរិកគ្រោងរៀបចំសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងប្រឆាំងនឹងមន្រ្តីប៉ូលិស

សហរដ្ឋអាម៉េរិក៖ សមាជិកសភាសហរដ្ឋអាម៉េរិកគ្រោងរៀបចំសេចក្តីព្រាងច្បាប់មួយ ដែលនឹងលុបចោលការការពារដោយឥតលក្ខខណ្ឌ ចំពោះមន្រ្តីប៉ូលិសទាំងអស់កន្លងមក នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រៀមបង្កើតឡើងក្រោយអតីតមន្រ្តីប៉ូលិសក្រុងមីននាផូលីស លោក ឌែរែក ឆូវីន បានយកជង្គង់សង្កត់កបុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ រហូតដល់ដាច់ខ្យល់ស្លាប់នោះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្មកម្រិតស្រាល និងមនុស្សឃាតដោយអចេតនាប៉ុណ្ណោះ ។ គ្រួសាររបស់លោក ហ្វ្លយដ៍ បានទាមទារចង់ឲ្យចាប់ខ្លួនប៉ូលិស០៣នាក់ទៀត ដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ដែរ ។ សូមជម្រាបថា សេចក្តីព្រាងច្បាប់នេះ នឹងអនុញ្ញាតឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងប្រឆាំងទៅលើមន្រ្តីប៉ូលិស ប្រសិនបើពួកគេធ្វើទង្វើផ្ទុយពីច្បាប់ ហើយនឹងតម្រូវឲ្យប៉ូលិសទាំងនោះអនុវត្តតាមសេចក្តីសម្រេចនានារបស់តុលាការ ៕ធ.ដ