-
មន្រ្តីប៉ូលិស០៥នាក់របួស ក្រោយរងការបាញ់ប្រហារកំឡុងបាតុកម្មតវ៉ាដ៏ហិង្សានៅទូទាំងសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ យ៉ាងហោចណាស់មានមន្រ្តីប៉ូលិសអាម៉េរិក០៥នាក់បានទទួលរងរបួស ក្រោយរងការប្រហារកំឡុងបាតុកម្មដ៏ហិង្សា ដែលកំពុងផ្ទុះឡើងនៅទូទាំងសហរដ្ឋអាម៉េរិក ដើម្បីទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ នៅដើមសប្តាហ៍នេះ ក្រុមបាតុករមួយចំនួនបានគប់ភ្លើងចូលផ្សារទំនើបមួយកន្លែងក្នុងទីក្រុងឡូស អាន់ជែល ឡែស ហើយថែមទាំងបានចូលលួច និងប្លន់ហាងទំនិញជាច្រើននៅក្នុងទីក្រុងញូយ៉ក ព្រមទាំងប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលិសក្នុងទីក្រុង St Louis រដ្ឋ Missouri ជាទីដែលមន្ត្រីប៉ូលិស៤នាក់ត្រូវបានគេបាញ់ឱ្យរបួស ។ ដោយឡែកមន្ត្រីប៉ូលិសម្នាក់ទៀតក៏បានរងការបាញ់ប្រហារផងដែរ កំឡុងបាតុ កម្មតវ៉ានៅក្នុងទីក្រុង ឡាស់ វីហ្គាស់ ប៉ុន្តែខាងប៉ូលិសមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះនៅឡើយទេ ៕ធ.ដ
-
បុរសម្នាក់ត្រូវចាប់ខ្លួនពីបទនាំយកគ្រាប់បែកទៅចូលរួមការធ្វើបាតុកម្មនៅទីក្រុងមីននាផូលីស សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ បុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការនាំយកគ្រឿងផ្ទុះទៅចូលរួមការធ្វើបាតុកម្មក្នុងទីក្រុងមីននាផូលីស ពីរដ្ឋអ៊ីលីនណយ នោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយចោទប្រកាន់ពីបទញុះញង់ការធ្វើកុបកម្ម នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា បុរសម្នាក់នេះមានឈ្មោះ Matthew Lee Rupert មានវ័យ ២៨ឆ្នាំ បានធ្វើដំណើរមកពីទីក្រុង Galesburg រដ្ឋអ៊ីលីនណយ មានចម្ងាយប្រហែល៥០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងមីននាផូលីស ក្នុងគោលបំណងបង្កការខូចខាត និងការលួចប្លន់ នេះបើតាមការចោទប្រកាន់ដែលប្តងនៅក្នុងតុលាការសហព័ន្ធមីនីសូតា នៅដើមសប្តាហ៍នេះ ។ សូមជម្រាបផងដែរថា គិតមកទល់នឹងពេលនេះ មនុស្ស១ពាន់២រយនាក់នៅក្នុងទីក្រុងញូយ៉ក ត្រូវបានឃាត់ខ្លួន និងប៉ូលិស៤០នាក់បានទទួលរងរបួស គិតចាប់តាំងពីបាតុកម្មដ៏ហិង្សាបានផ្ទុះឡើងអស់រយៈពេល០៥ថ្ងៃកន្លងមក ក្នុងទីក្រុងមួយនេះ ៕ធ.ដ
-
មន្រ្តីមន្ទីរបញ្ចកោណរបស់សហរដ្ឋអាម៉េរិកសម្តែងការព្រួយបារម្ភ ខណៈលោក ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាដើម្បីបង្ក្រាបក្រុមបាតុករ

សហរដ្ឋអាម៉េរិក៖ មន្រ្តីការពារជាតិអាម៉េរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានការព្រួយបារម្ភកើនឡើងក្នុងចំណោមមនុស្សមួយចំនួនក្នុងមន្ទីរបញ្ចកោណ សូម្បីតែមុនពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា លោកត្រៀមរួចរាល់ហើយ ក្នុងការដាក់ពង្រាយកម្លាំងយោធា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងសហរដ្ឋអាម៉េរិក នេះបើតាមស្ថានីយ៍ទូរទស្សន៍ CNN នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើមេដឹកនាំរដ្ឋ ឬទីក្រុងបដិសេដធ្វើសកម្មភាពដែលចាំបាច់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនពួកគេនោះ រូបលោកនឹងអំពាវនាវឱ្យប្រើច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យប្រធានាធិបតីអាចដាក់ពង្រាយកម្លាំងយោធា ក្នុងការបង្ក្រាបភាពវឹកវរស៊ីវិល ។ ប៉ុន្តែទន្ទឹមគ្នា មន្រ្តីមន្ទីរបញ្ចកោណមួយចំនួនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង នេះបើតាមមន្រ្តីការពារជាតិជាច្រើនរូបថ្លែងប្រាប់ CNN ។ ពួកគេបានឆ្លើយតបថា ស្ថិតក្រោមស្ថានភាពនេះ គឺមិនទាន់ឈានដល់ការអំពាវនាវឱ្យដាក់ពង្រាយកងទ័ពនៅឡើយទេ លើកលែងតែអភិបាលរដ្ឋធ្វើឱ្យមានអំណះអំណាងច្បាស់ថា កងកម្លាំងបែបនេះត្រូវការជាចាំបាច់ ៕
-
លោកស្រី ខារី ឡាំ ចោទសហរដ្ឋអាម៉េរិកថា កំពុងអនុវត្តន៍ស្តង់ដាពីរ ពាក់ព័ន្ធនឹង បញ្ហាបាតុកម្មដ៏ហិង្សានៅក្នុងប្រទេសខ្លួន

ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ ចោទប្រកាន់សហរដ្ឋអាម៉េរិក ថា កំពុងអនុវត្តន៍ស្តង់ដាពីរ ជុំវិញចំណាត់ការឆ្លើយតបនឹងការធ្វើបាតុកម្មដោយហិង្សាក្នុងប្រទេសខ្លួន ហើយថែមទាំងបានព្រមានថា ផែនការរឹតបន្តឹងពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនលើហុងកុង គឺគ្រាន់តែធ្វើឱ្យអាមេរិកផ្ទាល់ឈឺចាប់ប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោកស្រី ឡំាំ បាននិយាយថា ថ្មីៗនេះយើងទើបតែមើលឃើញ នូវការប្រកាន់យកស្តង់ដាពីរ ពួកយើងបានឃើញពីរបៀបដែលអាម៉េរិកចេញចំណាត់ការប្រឆាំងនឹងកុប្បកម្ម ហើយកាលពីរឿងស្រដៀងគ្នានេះបានកើតឡើងនៅហុងកុង ពួកយើងក៏បានឃើញពីគោលជំហរ ដែលពួកគេបានប្រកាន់យកនាពេលនោះដែរ គឺវាខុសគ្នាចំពោះបញ្ហាតែមួយដូចគ្នាក៏ដោយ ។ អភិបាលក្រុងហុងកុងរូបនេះបានការកត់សម្គាល់យ៉ាងដូច្នេះ ដោយលោកស្រីចង់ ប្រៀបធៀបរវាងបាតុកម្មដែលបានផ្ទុះឡើងនៅទីក្រុងហុងកុងកាលពីឆ្នាំមុន និងបាតុកម្មដែលកំពុងផ្ទុះឡើងស្ទើរពាសពេញសហរដ្ឋអាម៉េរិកនាពេលនេះ ។ កំឡុងការធ្វើបាតុកម្ម និងកុប្បកម្មប្រមាណជាមួយសប្តាហ៍កន្លងមកនេះ ដោយមានមានការបង្រ្កាបយ៉ាងចាស់ដៃពីអាជ្ញាធរអាម៉េរិក ដែលមនុស្សយ៉ាងតិច៤ពាន់នាក់ត្រូវបានចាប់ខ្លួន ហើយក៏មានករណីបាតុករបាត់បង់ជីវិតផងដែរ ៕
-
អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកថ្កោលទោសការ ប្រើអំពើហិង្សានៅក្នុងការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

សហរដ្ឋអាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសថ្កោលទោសការប្រើអំពើហិង្សានៅក្នុងការតវ៉ា ដែលកំពុងបន្តធ្វើឡើងយ៉ាងកក្រើកនៅទូទាំងសហរដ្ឋអាម៉េរិក ដោយលោកបានបញ្ជាក់ថា សកម្មភាពបែបនេះកំពុងធ្វើឱ្យប្រជាជនស្លូតត្រង់ប្រឈមនឹងហានិភ័យ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។ ការប្រកាសថ្កោលទោសខាងលើនេះរបស់លោក អូបាម៉ា បានកើតមានឡើងស្របពេលមេប៉ូលីសរដ្ឋផ្លូរីដា លោក ហ្សែរីហ្វ ហ្គ្រេឌី ជូដ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់ក្នុងរដ្ឋរបស់ខ្លួន ឲ្យប្រើប្រាស់កាំភ្លើងក្នុងករណីដែលមានអំពើចោរកម្មចូលលួចដល់ក្នុងផ្ទះរបស់ពួកគេ ខណៈបាតុកម្មតវ៉ាទាមទារយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ បានក្លាយជាកុបកម្មដ៏ហិង្សានៅទូទាំងសហរដ្ឋអាម៉េរិក ។ ទន្ទឹមគ្នា ក្រុមបាតុករបានសន្យាថា ពួកគេនឹងមិនបញ្ឈប់ការតវ៉ាឡើយ រហូតទាល់តែមានយុត្តិធម៌ពេញលេញសម្រាប់លោក ហ្វ្លយដ៍ បន្ទាប់ពីអតីតប៉ូលិសឈ្មោះ ឌែរែក ឆូវីន ដែលជាអ្នកយកជង្គង់សង្កត់កលោក ហ្វ្លយដ៍ រហូតដាច់ខ្យល់ស្លាប់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតស្រាលតែប៉ុណ្ណោះ ។ យ៉ាងណាមិញ ក្នុងចំណោមក្រុមបាតុករទាំងនោះ ក៏រួមមានក្រុមឱកាសនិយមបានលួចបន្លំ និងដុតបំផ្លាញទ្រព្យសម្បត្តិយ៉ាងអនាធិបតយ្យផងដែរ៕
-
ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យអាជ្ញាធរអាម៉េរិករក្សាការអត់ធ្មត់ ក្នុងការឆ្លើយតបនឹងក្រុមបាតុករទាមទាររកយុត្តិធម៌ដល់លោក ចច ហ្វ្លយ៍

សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស ចង់ឃើញការធ្វើបាតុកម្មដោយសន្តិភាពនៅក្នុងសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយ៍ ដោយលោកថែមទាំងអំពាវនាវឱ្យរក្សាការអត់ធ្មត់ពីអាជ្ញាធរ ចំពោះការឆ្លើយតបនឹងក្រុមបាតុករ នេះបើតាមអ្នកនាំពាក្យរបស់លោក ហ្គូដទែរ៉េស និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោកស្ទេហ្វែន ឌូហ្សារិក បានសង្កត់ធ្ងន់ថា ករណីអំពើហឹង្សារបស់ប៉ូលីសត្រូវតែធ្វើការស៊ើបអង្កេត លោកថា កម្លាំងប៉ូលីសនៅជុំវិញពិភពលោកត្រូវការការបណ្តុះបណ្តាលសិទ្ធិមនុស្សឱ្យបានគ្រប់គ្រាន់ ហើយចាំបាច់ត្រូវមានការវិនិយោគលើការគាំទ្រផ្នែកសង្គម និងចិត្តសាស្ត្រដល់ប៉ូលីស ដូច្នេះពួកគេអាចបំពេញការងាររបស់ពួកគេបានត្រឹមត្រូវ ក្នុងន័យការពារសហគមន៍ ។ ការលើកឡើងខាងលើនេះរបស់នាំពាក្យប្រមុខអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកមានគម្រោងដាក់ពង្រាយកងទាហានប្រដាប់អាវុធធន់ធ្ងន់ និងមន្រ្តីប៉ូលិសរាប់ពាន់នាក់ ដើម្បីបង្ក្រាប និងទប់ស្កាត់ក្រុមបាតុករដែលបង្កភាពចលាចលក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលអគារ និងហាងលក់ទំនិញនានាត្រូវរងការបំផ្លាញនៅក្បែរសេតវិមាន ៕
-
លោក ដូណាល់ ត្រាំ ប្រកាសពីផែនការដាក់ពង្រាយកម្លាំងទាហានរាប់ពាន់នាក់ ដើម្បីបង្ក្រាបក្រុមបាតុករទាមទាររកយុត្តិធម៌ដល់លោក George Floyd

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះថ្លែងថា រូបលោកមានគម្រោងដាក់ពង្រាយកងទាហានប្រដាប់អាវុធធន់ធ្ងន់ និងមន្រ្តី ប៉ូលិសរាប់ពាន់នាក់ ដើម្បីបង្ក្រាប និង ទប់ស្កាត់ក្រុមបាតុករដែលបង្កភាពចលា ចលក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលអគារ និងហាងលក់ទំនិញនានាត្រូវរងការ បំផ្លាញនៅក្បែរសេតវិមាន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បាននិយាយថា អ្វីដែលបានកើតឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីយប់មុន គឺជារឿងមិនអាចអត់ឱនឱ្យបាន… ខ្ញុំកំពុងបញ្ជូនកងទ័ពប្រដាប់អាវុធធុនធ្ងន់រាប់ពាន់នាក់ រួមទាំងយោធា និង កងកម្លាំងរក្សាសណ្ដាប់ធ្នាប់ ដើម្បីបញ្ឈប់កុបកម្ម ការលួចប្លន់ ការរំលោភបំពាន និង ការបំផ្លិចបំផ្លាញទ្រពសម្បត្តិ ។ បច្ចុប្បន្នជាងពាក់កណ្តាលនៃរដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិក សុទ្ធតែបានចល័តកងកម្លាំងឆ្មាំការពារជាតិប្រចាំរដ្ឋរបស់ពួកគេ ដើម្បីឆ្លើយតបនឹងភាពចលាចលដែលកំពុងផ្ទុះឡើងនៅពាសពេញប្រទេស ក្រោយការស្លាប់របស់បុរសស្បែកខ្មៅអាម៉េរិកលោក George Floyd នៅទីក្រុង Minneapolis រដ្ឋ Minnesota កាលពីសប្តាហ៍កន្លងទៅ ៕
-
ថៃបើកតំបន់ឆ្នេរមួយចំនួនឡើងវិញ ស្របពេលដែលករណីឆ្លងរាតត្បាត COVID-19 កាន់តែថមថយចុះ

ថៃ៖ អាជ្ញាធរថៃបានសម្រេចដកវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ជម្ងឺ COVID-19 មួយចំនួនចេញវិញជាលើកដំបូងក្នុងរយៈជាងពីរខែមកនេះ ខណៈពលរដ្ឋថៃក៏អាចធ្វើដំណើរកម្សាន្តនៅតាមតំបន់ឆ្នេរល្បីៗមួយចំនួនឡើងវិញផងដែរ ចាប់ពី ថ្ងៃចន្ទម្សិលមិញ នេះបើតាមសារព័ត៌មានCNAនៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ ។ យ៉ាងណាមិញ វិធានការរក្សាសុវត្ថិភាពនៅតែបន្តអនុវត្តន៍ដដែល ដោយមនុស្សម្នាដែលចូលទៅក្នុងទីកន្លែងកម្សាន្តនានា ត្រូវទទួលការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ និងរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់១ម៉ែត្រពីគ្នា។ ថៃបានប្រកាសដាក់ចេញនូវវិធានការរឹតត្បិត និងការប្រកាសអាសន្នកាលពីពាក់កណ្តាលខែមីនាកន្លងមក ប៉ុន្តែក្រោយពីស្ថានការណ៍ COVID-19 មានថមថយចុះនោះ វិធានការមួយចំនួនត្រូវបានដកចេញ ហើយបំរាមគោចរក៏ត្រូវបានបន្ធូរបន្ថយជាបណ្តើរៗផងដែរ ៕
-
បងប្អូនប្រុសលោក ចច ហ្វ្លយដ៍ ជំរុញឲ្យចាប់ខ្លួនប៉ូលិសអាម៉េរិក៣នាក់ទៀត ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់

សហរដ្ឋអាម៉េរិក៖ បងប្អូនប្រុសរបស់លោក ចច ហ្វ្លយ៍ គឺលោក ភីលឡុននីសហ្វ្លយដ៍ នៅថ្ងៃអាទិត្យម្សិលមិញ ទាមទារឲ្យចាប់ខ្លួនប៉ូលិស៣នាក់ទៀត ដែលជាប់ទាក់ទិនក្នុងការស្លាប់របស់លោក ចច ហ្វ្លយដ៍ ដើម្បីមកទទួលទោសតាមច្បាប់ នេះបើតាមកាសែត CNN នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ ឆ្លើយតបនឹងការអំពាវនាវខាងលើនេះរបស់បងប្អូនប្រុសលោក ចច ហ្វ្លយ៍ មេបញ្ជាការប៉ូលិសនៃទីក្រុងមីននាផូលីស លោក មេដារៀ អារ៉ាដុនដូ បាននិយាយថា ការនៅស្ងៀម ឬមិនជួយឃាត់ ចំពោះខ្ញុំផ្ទាល់គឺមានន័យថា អ្នកឯងក៏បានចូលរួមធ្វើទង្វើនោះដែរ ។ លោកសង្កត់ធ្ងន់ថា ទាក់ទងការចាប់ខ្លួន និងចោទប្រកាន់ គឺការសម្រេចចិត្តរឿងទាំងនេះ នឹងអាស្រ័យទៅលើខាងការិយាល័យរដ្ឋអាជ្ញា ។ សូមបញ្ជាក់ថា ក្នុងចំណោមមន្រ្តីប៉ូលិស០៤នាក់ ដែលពាក់ព័ន្ធក្នុងការស្លាប់របស់លោក ចច ហ្វ្លយ៍ គឺម្នាក់ឈ្មោះ ឌើរ៉េក ឆូវីន ដែលជាអ្នកយកជង្គង់សង្កត់កលោក ហ្វ្លយ៍ រហូតដល់ស្លាប់ បើទោះបីជាមានការអង្វរថាពិបាកដង្ហើមយ៉ាងណាក៏ដោយ នោះ គឺត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មកម្រិតស្រាល និងពីបទមនុស្សឃាតដោយអចេតនា…
-
លោក ដូណាល់ ត្រាំ និយាយថា កម្លាំងយោធានឹងដាក់ពង្រាយលឿនបំផុត បើសិនមានសំណើពីអាជ្ញាធរក្នុងតំបន់ ដើម្បីទប់ស្កាត់បាតុកម្មដ៏ហិង្សា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា កម្លាំងយោធាអាចនឹងត្រូវដាក់ពង្រាយបន្ថែមទៀតទៅកាន់ទីក្រុងមីននាផូលីស ឱ្យបានរហ័សបំផុត ដើម្បីទប់ស្កាត់បាតុកម្មដ៏ហិង្សា ក្រោយអតីតមន្រ្តីប៉ូលិសក្នុងក្រុងនេះបានសម្លាប់បុរសស្បែកខ្មៅម្នាក់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា យើងអាចនឹងដាក់ពង្រាយកម្លាំងយោធាទៅទីនោះយ៉ាងឆាប់រហ័សបំផុត ប្រសិនបើមានការស្នើសុំពីពួកគេ (អាជ្ញាធរក្នុងតំបន់) ។ បច្ចុប្បន្នបណ្ដាទីក្រុងកាន់តែជាច្រើនឡើងក្នុងសហរដ្ឋអាម៉េរិក កំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញ ដោយអំពើហិង្សាក្នុងបាតុកម្ម រកយុត្តិធម៌ឲ្យជនជាតិស្បែកខ្មៅ ចច ហ្វ្លយដ៍ ដែលត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុងមីននាផូលីស យកជង្គង់សង្កត់ករហូតដល់ស្លាប់ ដោយសារតែរឿងចាយលុយក្លែងក្លាយ២០ដុល្លារ ។ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មក មនុស្សច្រើនជាង១.៤០០នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ូលិសក្នុងទីក្រុងញូយ៉ក បានឃាត់ខ្លួនមនុស្ស៣៥០នាក់ និងមន្ត្រីប៉ូលិស៣០នាក់បានរងរបួសស្រាល ។ ចំណែកឯនៅរដ្ឋឥណ្ឌាណា មានសេចក្ដីរាយការណ៍ថា មនុស្សម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងបាតុកម្មតវ៉ា ដែលបានរីករាលដាលទៅដល់ទីក្រុងឡុងដ៍ របស់អង់ គ្លេស ទីក្រុងតូរ៉ុនតូរបស់កាណាដា និងទីក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់ ៕ធ.ដ