Category: ព័ត៌មានអន្តរជាតិ

  • អង្គការ WHO ប្រកាសបង្កើតមូលនិធិផ្ដល់ជំនួយឯករាជ្យ សំដៅដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពពិភពលោក

    អង្គការ WHO ប្រកាសបង្កើតមូលនិធិផ្ដល់ជំនួយឯករាជ្យ សំដៅដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពពិភពលោក

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធនេះ បានប្រកាសបង្កើតមូលនិធិអង្គការសុខភាពពិភពលោក (WHO Foundation) ដែលជាស្ថាប័នផ្តល់ជំនួយឯករាជ្យមួយ ដែលនឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពពិភពលោក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម ហ្គេប្រេយែសឹស បាននិយាយថា គំនិតបង្កើតមូលនិធិអង្គការសុខភាពពិភពលោកខាងលើនេះ គឺដើម្បីជួយភ្នាក់ងារខ្លួនដែលបានលេចឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០១៨មក ហើយថ្ងៃនេះ យើងមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ក្នុងការដាក់ដំណើរការផ្លូវការ ។ ស្របពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា មូលនិធិនេះនឹងគាំទ្រដល់តម្រូវការសុខភាពសាធារណៈសកល ដោយផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោក និង ដៃគូអនុវត្តន៍ ដែលបានបំបែកខ្លួនចេញពីអង្គការ WHO ៕

  • សហរដ្ឋអាម៉េរិកដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុង ហើយចោទចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង

    សហរដ្ឋអាម៉េរិកដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុង ហើយចោទចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនៅថ្ងៃពុធនេះបានដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុងនៅក្រោមច្បាប់របស់ខ្លួន ដើម្បីឆ្ពោះរកការលុបចោលវិញនូវសិទ្ធិពិសេស សម្រាប់ធ្វើពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ ក្រោយសហរដ្ឋអាម៉េរិកចោទប្រកាន់ចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នសហរដ្ឋអាម៉េរិកបានផ្តល់ឲ្យទីក្រុងហុងកុង នូវឋានៈពិសេសជាជាមជ្ឈ មណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មសកល ក្រោមច្បាប់របស់សហរដ្ឋអាម៉េរិកផ្ទាល់ តាំងពីដែនដីនេះស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស ។ ប៉ុន្តែកាលពីឆ្នាំមុន ឋានៈពិសេសនេះ ត្រូវបានសហរដ្ឋអាម៉េរិកកំណត់លក្ខខណ្ឌថែមពីលើ គឺទាល់តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ទីក្រុងហុងកុងនៅតែរក្សាស្វ័យ ភាពក្នុងកម្រិតខ្ពស់គ្រប់គ្រាន់ពីប្រទេសចិន ទើបអាចបន្តទទួលបានសិទ្ធិពិសេសមួយនេះពីសហរដ្ឋអាម៉េរិក ។ សូមជម្រាបថា ការដកហូតឋានៈខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រមុខការទូតអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសជាផ្លូវការថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យភាពពីចិនដីគោកទៀតហើយ បន្ទាប់ទីក្រុងប៉េកាំងបោះជំហានទៅរកការអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីអនុវត្តលើទីក្រុងហុងកុង ៕

  • លោក ដូណាល់ ត្រាំ គ្រោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីផ្ទុះជម្លោះជាមួយ Twitter

    លោក ដូណាល់ ត្រាំ គ្រោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីផ្ទុះជម្លោះជាមួយ Twitter

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានបិទកម្មវិធីបណ្ដាញទំនាក់ទំនងសង្គម ក្រោយក្រុមហ៊ុន Twitter ចាត់ទុកសារចំនួនពីរដែលលោកបានបង្ហោះថា គ្មានភស្តុតាង និងជាព័ត៌មានបង្កការយល់ច្រឡំ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងសង្គមនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមការបញ្ជាក់របស់ជំនួយការលោកប្រធានាធិបតី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទៀត ជុំវិញការអះអាងនេះនៅឡើយទេ ។ សូមជម្រាបថា ជម្លោះរវាងលោក ដូណាល់ ត្រាំ និងក្រុមហ៊ុន Twitter បានផ្ទុះឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម មួយនេះបានជំរុញជាលើកដំបូងបំផុត ឱ្យអ្នកអានទាំងអស់ពិនិត្យភាពពិតជាក់ស្ដែងនៃព័ត៌មាន ឬសារបង្ហោះរបស់លោក ត្រាំ បន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះនិយាយថា ការបោះឆ្នោតតាមរយៈសារអេឡិចត្រនិច ឬ E-mail អាចនឹងត្រូវបានគេបន្លំ ៕

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកប្រកាសថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យពីចិនដីគោកទៀតហើយ

    ប្រមុខការទូតសហរដ្ឋអាម៉េរិកប្រកាសថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យពីចិនដីគោកទៀតហើយ

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យភាពពីចិនដីគោកទៀតហើយ នេះបើតាមសារព័ត៌មាន Fox News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រមុខការទូតអាម៉េរិករូបនេះបានគូសបញ្ជាក់ថា ការសម្រេចចិត្តដ៏អន្តរាយរបស់ចិន គឺជាសកម្មភាពចុងក្រោយបំផុត ដែលបំផ្លាញដល់មូលដ្ឋានគ្រឹះស្វ័យភាព និងសេរីភាពរបស់ហុងកុង ក៏ដូចជាការសន្យារបស់ចិនខ្លួនឯង ចំពោះប្រជាជនហុងកុងនៅក្នុងសេចក្តីប្រកាសរួម ចិន-អង់គ្លេស ដែលបានដាក់តម្កល់ជាសន្ធិសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិ ។ លោក ម៉ៃ ប៉ុមប៉េអូ បានបន្ថែមទៀតថា ហុងកុងលែងមានស្វ័យភាពពីចិនទៀតហើយ បើមើលទៅលើអង្គហេតុដូចមានស្រាប់ ហើយសហរដ្ឋអាម៉េរិកក៏បានអំពាវនាវឲ្យប្រទេសផ្សេងៗទៀតងើបឡើងជំទាស់ចិន ជុំវិញការត្រៀមអនុម័តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុងនោះផងដែរ ៕

  • ប្រធានាធិបតីតៃវ៉ាន់សន្យាផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនហុងកុង ដែលចូលរួមធ្វើបាតុកម្មដើម្បីលទ្ធិប្រជាធិបតេយ្យ

    ប្រធានាធិបតីតៃវ៉ាន់សន្យាផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនហុងកុង ដែលចូលរួមធ្វើបាតុកម្មដើម្បីលទ្ធិប្រជាធិបតេយ្យ

    តៃវ៉ាន់៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃពុធនេះ សន្យារៀបចំគម្រោងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនហុងកុងទាំងឡាយ ដែលបានចូលរួមពាក់ព័ន្ធក្នុងការធ្វើបាតុកម្ម ដើម្បីលទ្ធិប្រជាធិបតេយ្យ នេះបើតាមសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ នៅចំពោះមុខអ្នកយកព័ត៌មាន លោកស្រី ត្សៃ អ៊ីងវិន បានបញ្ជាក់ថា យើងនឹងស្នើឡើងនូវផែនការសកម្មភាពមួយ សំដៅផ្តល់ជំនួយមនុស្សធម៌ដល់មិត្តរបស់យើងនៅហុងកុង យើងនឹងបន្តគាំទ្រការប្តេជ្ញាដ៏មុតមាំរបស់ប្រជាពលរដ្ឋហុងកុង ដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ។ ពាក់ព័ន្ធនឹងការប្រកាសបែបនេះរបស់ប្រធានាធិបតីតៃវ៉ាន់ រដ្ឋាភិបាលចិននៅពុំទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ តែលោកស្រីផ្ទាល់បានអះអាងថា ច្បាប់សន្តិសុខជាតិថ្មីនឹងមិនធ្វើឱ្យប៉ះពាល់ដល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងឡើយ ៕

  • អង្គការ NASA សម្រេចពន្យារពេលបាញ់បង្ហោះយានដឹកអវកាសយានិកដំបូងជាប្រវត្តិសាស្ត្រមិនធ្លាប់មានជិត១០ឆ្នាំមកនេះ ដោយសារបញ្ហាអាកាសធាតុ

    អង្គការ NASA សម្រេចពន្យារពេលបាញ់បង្ហោះយានដឹកអវកាសយានិកដំបូងជាប្រវត្តិសាស្ត្រមិនធ្លាប់មានជិត១០ឆ្នាំមកនេះ ដោយសារបញ្ហាអាកាសធាតុ

    សហរដ្ឋអាម៉េរិក៖ អង្គការ NASA សម្រេចពន្យារពេលបាញ់បង្ហោះយានដឹកអវ កាសយានិក Crew Dragon របស់ក្រុមហ៊ុន SpaceX ទៅកាន់ម៉ោង១១៖០០នាទីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះវិញ (ម៉ោងក្នុងតំបន់) ដោយសារតែអាកាសធាតុមិនល្អ នេះបើតាមគេហទំព័រអង្គការ NASA នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ ក្រុមហ៊ុន SpaceX ដែលជាអ្នករ៉ាប់រងការផលិតយាន Crew Dragon ប៉ុន្មានឆ្នាំមកនេះ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបាញ់បញ្ជូនយានផ្ទុកអវកាសយានិកជើងចាស់ពីររូប គឺលោក បុប ប៉ិនខិន និងលោក ដូក ហឺឡេយ ចេញពីទឹកដីអាម៉េរិកផ្ទាល់ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ។ បើការបាញ់បង្ហោះចេញពីមូលដ្ឋាន នៃមជ្ឈមបណ្ឌលអវកាសខិនណឺឌីនេះ ទទួលបានជោគជ័យនោះ សហរដ្ឋអាមេរិកត្រូវបានរំពឹងថា នឹងអាចបោះជំហានទៅមុខ ដោយលែងពឹងពាក់លើយាន Soyuz របស់អង្គការអវកាសរុស្ស៊ី ក្នុងការបញ្ជូនមនុស្សឡើងទៅកាន់ទីអវកាសទៀតហើយ ៕

  • លោក ដូណាល់ ត្រាំ ព្រមានក្រុងហុងកុងថា នឹងបាត់បង់ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បើសិនរើសយកច្បាប់សន្តិសុខជាតិថ្មីរបស់ចិន

    លោក ដូណាល់ ត្រាំ ព្រមានក្រុងហុងកុងថា នឹងបាត់បង់ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បើសិនរើសយកច្បាប់សន្តិសុខជាតិថ្មីរបស់ចិន

    សហរដ្ឋអាមេរិក៖ ក្រុងហុងកុងនឹងបាត់បង់ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បើសិនជាច្បាប់ស្ដីពីសន្តិសុខជាតិថ្មីរបស់ចិន ត្រូវបានដាក់ឱ្យអនុវត្តលើទីក្រុងស្វយ័តមួយនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ ការព្រមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រំា ខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យសេតវិមាន លោកស្រី ខេយឡេក ម៉ាកអ៊ីណានី នាថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ ហើយថែមទាំងសន្យាទៀតថា សហរដ្ឋអាមេរិកធ្វើការឆ្លើយតបនឹងនាប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។ ច្បាប់ស្ដីពីសន្តិសុខសម្រាប់ទីក្រុងហុងកុង ត្រូវបានស្នើឡើងដោយប្រទេសចិន មានគោលដៅទប់ស្កាត់សកម្មភាពទាមទារឯករាជ្យ អបគមន៍ ភេរវកម្ម និងការលូកដៃចូលកិច្ចការផ្ទៃក្នុងពីបរទេស ។ ទន្ទឹមគ្នា ក្រុមចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យអះអាងថា ច្បាប់នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង ខណៈ នាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាំ បានច្រានចោលរាល់ការព្រួយបារម្ភទាំងឡាយចំពោះច្បាប់នេះ ដ្បិតវានឹងមិនធ្វើឱ្យបំផ្លាញសេរីភាពអ្វីទាំងអស់ ហើយគ្រប់គ្នាគួររង់ចាំមើលសេចក្តីលម្អិតនៅក្នុងច្បាប់នោះជាមុនសិន ៕

  • មនុស្ស០៤នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅតំបន់ចុងបូព៌ាប្រទេសរុស្ស៊ី

    មនុស្ស០៤នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅតំបន់ចុងបូព៌ាប្រទេសរុស្ស៊ី

    រុស្ស៊ី៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងធុន Mi-8 បានធ្លាក់នៅក្បែរក្រុង អាណាឌី តំបន់ឈូកូតកា ស្ថិតនៅតំបន់ចុងបូព៌ាប្រទេសរុស្ស៉ី ហើយជាលទ្ធផលនោះ មានអ្នកដែលជិះលើនោះ០៤នាក់ស្លាប់ នេះបើតាមក្រសួងការពារជាតិរុស្ស៉ី និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ នេះគឺជាលើកទីពីរហើយដែលឧទ្ធម្ភាគចក្រយោធារុស្ស៉ីធុន Mi-8 បានធ្លាក់ ដោយកាលពីថ្ងៃអង្គារសប្តាហ៍មុន ឧទ្ធម្ភាគចក្រស៊េរីដូចគ្នានេះរបស់កងទ័ពអាកាសរុស្ស៉ី បានធ្លាក់នៅក្បែរក្រុងឃ្លីន តំបន់ទីក្រុងម៉ូស្គូ ដោយមនុស្ស០៣នាក់បានស្លាប់ ។ ដោយឡែកសម្រាប់ហេតុការណ៍គ្រោះថ្នាក់ថ្មីនេះវិញ កើតឡើងនៅពេលដែលឧទ្ធម្ភាគចក្រនោះ កំពុងតែធ្វើការហ្វឹកហ្វឺនជំនាញហោះហើរ ខណៈព័ត៌មានបឋមបានបង្ហាញថា បញ្ហាបច្ចេកទេសរបស់ឧទ្ធម្ភាគចក្រផ្ទាល់ អាចជាមូលហេតុនៃការធ្លាក់ ខណៈប្រអប់ខ្មៅកត់ត្រាទិន្នន័យ និងសំឡេងរបស់ឧទ្ធម្ភាគចក្រត្រូវបានរកឃើញ ៕

  • លោកស្រី ខារី ឡាំ អះអាងថា សេចក្តីព្រាងច្បាប់សន្តិសុខថ្មីរបស់ចិន នឹងមិនបង្កផលប៉ះពាល់ដល់សិទ្ធិស្វ័យភាព និងសេរីភាពរបស់ទីក្រុងឡើយ

    លោកស្រី ខារី ឡាំ អះអាងថា សេចក្តីព្រាងច្បាប់សន្តិសុខថ្មីរបស់ចិន នឹងមិនបង្កផលប៉ះពាល់ដល់សិទ្ធិស្វ័យភាព និងសេរីភាពរបស់ទីក្រុងឡើយ

    ចិន៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ នៅព្រឹកថ្ងៃអង្គារនេះបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់សន្តិសុខថ្មី ដែលរៀបចំឡើងដោយប្រទេសចិននោះ នឹងមិនបង្កផលប៉ះពាល់ដល់សន្តិសុខ សិទ្ធិស្វ័យភាព និងសេរីភាពរបស់ទីក្រុងហុងកុងឡើយ ហើយថា បណ្តាអ្នកដែលព្រួយបារម្ភទាំងនោះ គួរតែរង់ចាំមើលសេចក្តីលម្អិតនៅក្នុងច្បាប់ថ្មីនោះជាមុនសិន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ ដោយឡែកមេបញ្ជាការយោធាភូមិភាគក្រុងហុងកុងលោក ឈិន ដាវស៊ីង បានបញ្ជាក់ដែរថា មន្ត្រីយោធា និងទាហានចិន ដែលកំពុងឈរជើងនៅក្នុងមូលដ្ឋានយោធាភូមិភាគទីក្រុងហុងកុង មានការប្ដេជ្ញាចិត្ត និងសមត្ថភាពខ្ពស់ ក្នុងការការ ពារអធិបតេយ្យជាតិចិន ព្រមទាំងភាពរុងរឿងដ៏យូរអង្វែង និងសន្តិសុខសម្រាប់ទីក្រុងហុងកុងទាំងមូល ។ សូមបញ្ជាក់ថា បើតាមប្រទេសចិន ច្បាប់សន្តិសុខជាតិថ្មីនេះ គឺមានគោលដៅទប់ស្កាត់ការបះបោរបំបែកទីក្រុងហុងកុងចេញពីចិន ការបង្កើតតំបន់អបគមន៍ និងសកម្មភាពភេរវកម្ម ដែលធ្លាប់បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសហគមន៍ការទូត ៕

  • អង្គការ NASA និងSpaceX ត្រៀមបង្កើតប្រវត្តិសាស្រ្តរួមគ្នាមួយ តាមរយៈការបញ្ជូនអវកាសយានិកពីរនាក់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)

    អង្គការ NASA និងSpaceX ត្រៀមបង្កើតប្រវត្តិសាស្រ្តរួមគ្នាមួយ តាមរយៈការបញ្ជូនអវកាសយានិកពីរនាក់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)

    សហរដ្ឋអាម៉េរិក៖ អវកាសយានិកពីរនាក់របស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឡើងជិះយានអវកាស គ្រូ ដ្រាហ្គិន (Crew Dragon) ហោះឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្នុងថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ហ្វលខុន ៩ និងយានអវកាស គ្រូ ដ្រាហ្គិន ត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅម៉ោង០៤និង៣៣នាទីល្ងាចថ្ងៃទី២៧ ខែឧសភានេះ (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលអវកាស ខេនណឺឌី រដ្ឋផ្លូរីដា ។ បើតាមការគ្រោងទុកនោះ អវកាសយានិក NASA លោក រ៉ូប៊ឺត បេនខេន និងលោក ឌូកក្លាស់ហឺលី នឹងត្រូវទៅដល់ស្ថានីយ ISS ក្នុងរយៈពេល២៤ម៉ោង ក្រោយហោះឡើងចេញពីផ្ទៃផែនដី ខណៈយាន គ្រូ ដ្រាហ្គិន ត្រូវបានរចនាឡើងឲ្យចូលចតនៅ ISS ដោយស្វ័យប្រវត្តិ ហើយអវកាសយានិកទាំងពីរអាចបញ្ជាគ្រប់គ្រងវាបានក្នុងករណីចាំបាច់ ។ បេសកកម្មនេះនឹងបញ្ចប់ទៅ នៅពេលដែលយាន…