-
លោក ដូណាល់ ត្រាំ ប្រកាសអូសបន្លាយពេលរៀបចំកិច្ចប្រជុំកំពូល G7 រហូតដល់ខែកញ្ញា ឆ្នាំ២០២០ខាងមុខ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសអូសបន្លាយពេលរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មេដឹកនាំក្រុមប្រទេស G7 ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមិថុនា ទៅខែកញ្ញា ឆ្នាំ២០២០វិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រូបលោកចង់អញ្ជើញមេដឹកនាំអូស្ត្រាលី រុស្ស៊ី កូរ៉េ និងឥណ្ឌាមកចូលរួមកិច្ចប្រជុំ ដែលនឹងធ្វើឡើងនាពេលខាងមុខ ។ ហើយបើតាមអ្នកនាំពាក្យសេតវិមានលោកស្រី អាលីសា ហ្វារ៉ា លោកប្រធានាធិបតីចង់ឱ្យបណ្តាប្រទេសទាំងនោះ ធ្វើការពិភាក្សាពីប្រទេសចិន អំឡុងកិច្ចប្រជុំកំពូលរួមគ្នានេះ ។ គួរបញ្ជាក់ថា G7 គឺជាក្រុមប្រទេសដែលមានអំណាចសេដ្ឋកិច្ចធំនៅលើពិភពលោក និងមានសមាជិកសរុបចំនួន ៧ ដោយក្នុងនោះរួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាម៉េរិក ៕
-
អតីតមន្រ្តីប៉ូលិសអាម៉េរិកដែលយកជង្គង់សង្កត់កជនជាតិស្បែកខ្មៅម្នាក់រហូតដល់ដាច់ខ្យល់ស្លាប់ នឹងបង្ហាញខ្លួននៅតុលាការក្នុងថ្ងៃចន្ទនេះ

អង់គ្លេស៖ អតីតមន្រ្តីប៉ូលិសក្រុងមីននីសូតា លោក Derek Chauvin ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីស្តាប់ការវិនិច្ឆ័យទោសនៅម៉ោង១រសៀលថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមកាសែត CNN ដកស្រង់ប្រភពពីមន្ទីរឃុំឃាំង ចុះផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ អតីតមន្រ្តីប៉ូលិសក្រុងមីននីសូតា លោក Derek Chauvin ដែលយកជង្គង់សង្កត់កបុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ រហូតដល់ដាច់ខ្យល់ស្លាប់នោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ និងរងការចោទប្រកាន់ពីបទឃាតកម្ម ។ គិតមកទល់ពេលនេះ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍របស់អង់គ្លេស និងទីក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់ ដើម្បីបង្ហាញការគាំទ្រដល់ក្រុមបាតុករនានានៅទូទាំងសហរដ្ឋអាម៉េរិក ដែលកំពុងធ្វើយុទ្ធនាការទាមទាររកយុត្តិធម៌ ដល់ ចច ហ្វ្លយដ៍ ។ ចំពោះស្ថានភាពជាក់ស្តែងពេលនេះ គឺបាតុកម្មនៅទូទាំងសហរដ្ឋអាម៉េរិកទំនង ជាមិនងាយនឹងបញ្ចប់ឡើយ បើទោះបីជារដ្ឋបាលលោក ដូណាល់ ត្រាំ បង្គាប់ឲ្យអាជ្ញាធររដ្ឋនានាចាត់វិធានការក្តៅគគុក និង ត្រៀមកម្លាំងយោធាដើម្បីបង្ក្រាបបាតុកម្ម ព្រមទាំងបានចាប់ខ្លួនបាតុកររាប់ពាន់នាក់ ក៏ដូចជាបាតុករមួយចំនួន បានស្លាប់រួចទៅហើយក៏ដោយ ។ ក្រុមបាតុករបានអះអាងថា ពួកគេនឹងមិនបញ្ឈប់បាតុកម្មជាដាច់ខាត រហូតទាល់តែយុត្តិធម៌ត្រូវបានផ្តល់ពេញលេញដល់ ចច ហ្វ្លយដ៍…
-
ទីបំផុតយានអវកាស Crew Dragon ដែលផ្ទុកអវកាសយានិកអាម៉េរិកពីរនាក់ ជោគជ័យក្នុងការចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) ហើយ

សហរដ្ឋអាម៉េរិក៖ ទីបំផុតយានអវកាស Crew Dragon ដែលផ្ទុកអវកាសយានិកអង្គការ NASA ចំនួនពីររូបគឺលោក Bon Behnken និង លោក Doug Hurle បានទទួលជោគជ័យហើយ ក្នុងការចូលចតនៅស្ថានីយអវកាសអន្តរជាតិ ISS នៅថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។ យានអវកាស Crew Dragon ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនអវកាស SpaceX និងអង្គការ NASA ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋាន Kennedy Space Center រដ្ឋផ្លរីដា ដោយជោគជ័យកាលពីវេលាម៉ោង ៣៖២២នាទីរសៀលថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ។ បេសកកម្មខាងលើនេះ គឺស្ថិតនៅក្នុងតំណាក់កាលសាកល្បងលើកទី២ (Demo-2 test flight) ។ នៅក្នុងយាន Crew Dragon អវកាសយានិក NASA ទាំងពីររូបដែលកំពុងកសាងប្រវត្តិសាស្ត្រថ្មី ក៏បានធ្វើការ Live Video ដោយផ្ទាល់ចេញពីយាន SpaceX…
-
មន្រ្តីប៉ូលិសដែលសង្កត់កជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នៅទីក្រុងមីននាផូលីស ត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ពីបទមនុស្សឃាត

សហរដ្ឋអាម៉េរិក៖ មន្រ្តីប៉ូលិសទីក្រុងមីននាផូលីស លោក ឌើរ៉េក ឆោវិន ដែលបានសង្កត់កជនជាតិស្បែកខ្មៅឈ្មោះ ចច ផ្លយ រហូតដល់ស្លាប់ នៅទីក្រុងនេះត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ពីបទមនុស្សឃាត ខណៈអាជ្ញាធរកំពុងព្យាយាមស្តារស្ថេរភាពឡើងវិញ ក្រោយផ្ទុះការតវ៉ាដ៏ហិង្សាអស់រយៈពេល៣យប់ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។ ផ្លយ ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុងមីននាផូលីស យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះជារូបគេបានសុំអង្វរ និងស្រែកថា មិនអាចដកដង្ហើមបាន យ៉ាងណាក៏ដោយ ។ ដោយសារករណីនេះ ក្រុមបាតុករបានធ្វើបាតុកម្មតវ៉ាដ៏កក្រើកនៅតាមបណ្តារដ្ឋជាច្រើនក្នុងសហរដ្ឋអាម៉េរិក ដើម្បីទាមទាររកយុត្តិធម៌ ឱ្យបុរសស្បែកខ្មៅម្នាក់នេះ ដោយក្រុមបាតុករបានស្រែកពាក្យស្លោក «ខ្ញុំមិនអាចដកដង្ហើម» នៅក្នុងបាតុកម្មតវ៉ារបស់ពួកគេផងដែរ ប៉ុន្តែបាតុកម្មតវ៉ាបានប្រែទៅជាអំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករ ហើយជាលទ្ធផលមនុស្សជាច្រើនត្រូវបានចាប់ខ្លួន និងរងរបួស ៕
-
លោក ដូណាល់ ត្រាំ និយាយថា លោកកំពុងកាត់ផ្តាច់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយអង្គការសុខភាពពិភពលោក WHO

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះថ្លែងថា រូបលោកកំពុងបញ្ចប់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយអង្គការសុខភាពពិភពលោក WHO ដោយសារតែបញ្ហាជម្ងឺ COVID-19 ហើយថា អង្គការអន្តរជាតិនេះបានក្លាយជាអាយ៉ងរបស់ប្រទេសចិន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ ថ្លែងនៅឯសេតវិមានថា អង្គការសុខភាពពិភពលោក WHO បានបរាជ័យចំពោះការធ្វើកំណែទម្រង់ក្នុងស្ថាប័នរបស់ខ្លួន ដែលប្រធានាធិបតីបានទាមទារតាមរយៈការផ្ញើលិខិតកាលពីថ្ងៃទី១៨ ខែឧសភា ទៅកាន់អគ្គនាយកអង្គការ WHO លោក ថេត្រូស អាដាណម ហ្គេប្រេយែសឹស ដែលនៅក្នុងលិខិតនោះ បានទុករយៈពេល៣០ថ្ងៃឱ្យអង្គការអន្តរជាតិនេះ បង្ហាញពីការប្តេជ្ញាចិត្តដើ ម្បីធ្វើកំណែទម្រង់របស់ខ្លួន ។ ប្រធានាធិបតីអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា ពួកគេបានខកខានមិនបានធ្វើកំណែទម្រង់ដែលបានស្នើសុំ និងត្រូវការជាចាំបាច់…. ដូច្នេះថ្ងៃនេះ យើងនឹងបញ្ចប់ទំនាក់ទំនងរបស់យើងជាមួយអង្គការសុខភាពពិភពលោក WHO និងបង្វែរមូលនិធិទាំងនោះទៅអង្គការនៅទូទាំងសកលលោកផ្សេងទៀត ហើយសាកសមនឹងតម្រូវការផ្នែកសុខភាពសាធារណៈជាសកល ។ ជុំវិញការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ អង្គការសុខភាពពិភពលោក WHO នៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញនៅឡើយទេ ៕ …
-
លោក ដូណាល់ ត្រាំ គ្រោងធ្វើសន្និសីទព័ត៌មានស្តីអំពីចិន ចំពេលមានភាពតាន តឹងរវាងប្រទេសទាំងពីរ ជុំវិញវិបត្តិក្រុងហុងកុង និងជម្ងឺ COVID-19

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកនឹងធ្វើសន្និសីទកាសែតមួយ នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ស្តីពីប្រទេសចិន ស្របពេលទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងខ្លាំង ពាក់ព័ន្ធនឹងបញ្ហាទីក្រុងហុងកុង ក៏ដូចជាវិបត្តិជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន ប្រធានាធិបតីអាម៉េរិករូបនេះបាននិយាយថា យើងនឹងប្រកាសនៅថ្ងៃស្អែកនេះ នូវអ្វីដែលយើងកំពុងធ្វើទាក់ទងនឹងប្រទេសចិន… យើងមិនសប្បាយចិត្តនឹងចិនទេ ប៉ុន្តែនាឱកាសនោះ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការប្រកាសរបស់លោកនោះទេ ។ សូមជម្រាបថា សន្និសីតកាសែតខាងលើ គ្រោងធ្វើឡើងក្នុងគ្រាដែលអង់គ្លេស និងសហរដ្ឋអាម៉េរិកចង់ឲ្យក្រុមប្រឹក្សាសន្តិសុខអន្តរជាតិអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំក្រៅផ្លូវការមួយ ក្នុងគោលបំណងពិភាក្សាអំពីស្ថានការណ៍ក្រុងហុងកុង នេះបើតាមប្រភពពីផ្នែកការទូត ៕
-
រដ្ឋបាលក្រុងហុងកុងព្រមានថា ការដកឋានៈពិសេសរបស់ហុងកុងពីសំណាក់សហរដ្ឋអាម៉េរិកនោះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិកខ្លួនឯងផ្ទាល់

ហុងកុង៖ ការដកឋានៈពិសេសជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល ចេញពីទីក្រុងហុងកុងស្ថិតក្រោមច្បាប់របស់សហរដ្ឋអាម៉េរិកនោះ ទំនងជាក្លាយជាអាវុធមុខពីរ ដែលអាចនឹងជះផលអវិជ្ជមានដល់សេដ្ឋកិច្ចអាម៉េរិកផ្ទាល់ផងដែរ នេះបើតាមការព្រមានរបស់រដ្ឋបាលក្រុងហុងកុង និងត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ ការព្រមានពីរដ្ឋបាលទីក្រុងហុងកុងខាងលើនេះ បានកើតមានឡើងក្រោយសហរដ្ឋអាម៉េរិក នៅថ្ងៃពុធសប្តាហ៍នេះ បានដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុងនៅក្រោមច្បាប់របស់ខ្លួន ដើម្បីឆ្ពោះរកការលុបចោលវិញនូវសិទ្ធិពិសេសសម្រាប់ ធ្វើពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ បន្ទាប់ពីអាម៉េរិកចោទប្រកាន់ចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង តាមរយៈការបង្កើតច្បាប់សន្តិសុខជាតិថ្មី ។ យ៉ាងណាមិញ ច្បាប់សន្តិសុខជាតិថ្មីដែលប្រទេសចិនកំពុងត្រៀមអនុម័តលើទីក្រុងហុងកុងនោះ មិនទាន់មាននរណាដឹងថា បានចែងអ្វីខ្លះឲ្យប្រាកដទេ ប៉ុន្តែដោយយោងលើព័ត៌មានមិនទាន់ផ្លូវការ សហរដ្ឋអាម៉េរិកបានចាត់ទុកថា វាជាច្បាប់ដែលនឹងរឹតត្បិតសេរីភាព និង ធ្វើឲ្យទីក្រុងហុងកុងលែងមានសិទ្ធិស្វ័យភាពតទៅទៀត ៕
-
លោក លី ខឺឈាំង ថ្លែងថា ច្បាប់សន្តិសុខជាតិថ្មី ដែលប្រទេសចិនត្រៀមអនុម័ត គឺដើម្បីស្ថិរភាព និងវិបុលភាពរបស់ទីក្រុងហុងកុង

ចិន៖ នៅប៉ុន្មានម៉ោងក្រោយសភាប្រជាជនចិនអនុម័តច្បាប់សន្តិសុខសំរាប់ទីក្រុងហុងកុងនោះ នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការអនុម័តច្បាប់សន្តិសុខជាតិហុងកុងគឺដើម្បីស្ថិរភាព និង វិបុលភាពរយៈពេលវែងរបស់ទីក្រុងនេះប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ សភាចិនក្នុងសម័យប្រជុំថ្ងៃចុងក្រោយរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែឧសភានេះបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីច្បាប់ហុងកុង ជាមួយនឹងសម្លេងគាំទ្រ២.៨៧៨ ប្រឆាំង០១ និង០៦បោះអនុប្បវាទ ហើយវាទទួលបានការទះដៃអបអរពីសមាជិកសមាជិកាសភាចិន ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីចិនរូបនេះបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់សភាប្រជាជនក្នុងការដាក់ឱ្យប្រើច្បាប់នេះ គឺមានបំណងសិក្សាការអនុវត្តប្រទេស១ ប្រព័ន្ធ២ ហើយនឹងដើម្បីវិបុលភាព និងស្ថិរភាពរយៈពេលវែងរបស់ទីក្រុងហុងកុង ៕
-
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីដកការអនុគ្រោះផ្នែកច្បាប់មួយចំនួនចេញពីវេទិកាបណ្តាញសង្គមនានា

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលដៅដកការអនុគ្រោះផ្នែកច្បាប់មួយចំនួន ចេញពីវេទិកាបណ្តាញសង្គមនានានៅសហរដ្ឋអាមេ៉រិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ ការចុះហត្ថលេខារបស់លោក ត្រាំ ខាងលើនេះ ធ្វើឡើងក្រោយលោកផ្ទុះជម្លោះជាមួយក្រុមហ៊ុន Twitter ដោយសារតែបែបបទនៅក្នុងបណ្តាញសង្គមនេះ បានដាក់សញ្ញាព្រមានអំពីការពិត ទៅលើសារដែលប្រធានាធិបតីរូបនេះ បានបង្ហោះ ឬវាមានន័យថា Twitter បានចាត់ទុកអ្វីដែលលោក ដូណាល់ ត្រាំ បានបង្ហោះនោះជាព័ត៌មានមិនគួរឲ្យទុកចិត្ត ។ សូមបញ្ជាក់ផងដែរថា បទបញ្ជាប្រតិបត្តិថ្មីនេះដែរ គឺជាការផ្តល់អំណាចឲ្យប្រតិបត្តិករអាមេ៉រិក អាចចាត់វិធានការស្របតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុននានា ដូចជា Facebook និង Twitter ជាដើម ជាការឆ្លើយតបនឹងសកម្មភាពរបស់បណ្តាញសង្គមទាំងនេះ ដែលបានដើរតួជាប៉ូលិស ក្នុងការវែកញែកសារអ្នកនយោបាយថា ពិត ឬមិនពិត នៅពេលសារទាំងនោះត្រូវបានបង្ហោះជាសាធារណៈ ៕
-
បាតុកម្មហិង្សាផ្ទុះឡើងចំនួន០២ថ្ងៃជាប់គ្នានៅសហរដ្ឋអាមេ៉រិក ក្រោយបុរសស្បែកខ្មៅម្នាក់ស្លាប់ដោយសារប៉ូលីសស្បែកស

សហរដ្ឋអាមេ៉រិក៖ បុរសម្នាក់ត្រូវបានគេបាញ់ស្លាប់ក្នុងយប់ទី២ នៃបាតុកម្មដែលក្លាយជាហិង្សាមួយនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ភាគកណ្តាលសហរដ្ឋអាមេ៉រិក បន្ទាប់ពីពលរដ្ឋអាមេ៉រិកស្បែកខ្មៅម្នាក់បានស្លាប់ ដោយសារមន្ត្រីប៉ូលិសស្បែកស នេះបើតាមសារព័ត៌មាន RT នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ ទន្ទឹមគ្នា មន្ត្រីប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់នេះ ។ ចំនែកឯអភិបាលក្រុង Minneapolis នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញមុខធ្វើការអំពាវនាវឲ្យមានការបញ្ឈប់អំពើហិង្សា និងការស្តារស្ថេរភាពសាធារណៈឡើងវិញ ។ គួរបញ្ជាក់ថា បាតុកម្មហិង្សាខាងលើនេះ បានផ្ទុះឡើងក្រោយលោក George Floyd អាយុ៤៦ឆ្នាំ បានស្លាប់ ក្រោយពីលោកត្រូវប៉ូលិសចាប់ខ្លួនដោយសង្ស័យអំពីករណីក្លែងបន្លំ ។ ហើយតាមរយៈវីដេអូក្នុងទូរស័ព្ទបានបង្ហាញថា ប៉ូលិសស្បែកសម្នាក់សង្កត់លោក Floyd ដែលជាប់ខ្នោះស្រាប់ឲ្យផ្អឹបនឹងដី ហើយលោក លោក Floyd បានស្រែកថា ខ្ញុំមិនអាចដងដង្ហើមបានទេ ប៉ុន្តែមន្ត្រីប៉ូលិសនោះបន្តសង្កត់លោកទៀតរហូតលោកលែងមានចលនា ហើយបន្ទាប់មកទៀត លោក Floyd ត្រូវបានបញ្ជូនទៅពេទ្យ និងប្រកាសថា បានបាត់បង់ជីវិត ៕ …