-
ផលិតកម្មឧស្សាហកម្មសហរដ្ឋអាម៉េរិកធ្លាក់ចុះ១១.២ភាគរយក្នុងខែមេសាមកនេះ ជាការធ្លាក់ចុះប្រចាំខែខ្លាំងបំផុតក្នុងរយៈពេល១០១ឆ្នាំ ដោយសារវិបត្តិ COVID-19

សហរដ្ឋអាម៉េរិក៖ ផលិតកម្មឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិកប្រចាំខែមេសា ឆ្នាំ២០២០នេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈប្រទេសមហាអំណាចពិភពលោកមួយនេះ កំពុងរងផលប៉ះពាល់ពី COVID-19 ដែលបានរុញច្រានឱ្យសង្វាក់ផលិតកម្មមានភាពយឺតយ៉ាវ ហើយរោងចក្រខ្លះបានផ្អាកប្រតិបត្តិការ នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។ ទន្ទឹមគ្នា សេដ្ឋវិទូជាន់ខ្ពស់លោក ធីម ឃ្វីនឡេន បានគូសបញ្ជាក់ថា ផលិតកម្មឧស្សាហកម្មបានថយចុះខ្លាំងកាលពីខែមេសាមកនេះ ដែលមិនធ្លាប់មានក្នុងពេលជាង១០០ឆ្នាំ ចំពេលមានការបញ្ឈប់ការងារជាទូទៅនៅតាមបណ្តារោងចក្រនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតនៃជម្ងឺ COVID-19 ។ ដោយឡែកធនាគារកណ្ដាលអាម៉េរិកបានអោយដឹងថា ផលិតកម្មឧស្សាហកម្មសរុបបានធ្លាក់ចុះ១១.២ភាគរយនៅក្នុងខែមេសាឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះប្រចាំខែដ៏ខ្លាំងបំផុតក្នុងពេលរយៈពេល១០១ឆ្នាំ ។ បើតាមធនាគារកណ្តាលអាម៉េរិក ទិន្នផលផលិតកម្មបានធ្លាក់ចុះ១៣.៧ភាគរយកាលពីខែមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតប្រចាំកំណត់ត្រា ខណៈឧស្សាហកម្មធំៗទាំងអស់មានការថយចុះ ៕
-
លោក ដូណាល់ ត្រាំ អះអាងថា នឹងឈប់លេបថ្នាំគ្រុនចាញ់ ដើម្បីការពារ COVID-19 ក្រោយរងការរិះគន់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធម្សិលមិញបានបញ្ជាក់ថា លោកនឹងឈប់លេបថ្នាំប្រឆាំងគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូហ្គីន ទៀតហើយ នៅក្នុងរយៈពេល១ ឬ ២ថ្ងៃខាងមុខ បន្ទាប់ពីរូបលោកទទួលរងនូវការរិះគន់ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីលោកបានអះអាងថា រូបលោកតែងតែលេបថ្នាំនេះជាប្រចាំ ដើម្បីការពារខ្លួនពីជម្ងឺ COVID-19 បើទោះបីជាមានការព្រមានថា វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូងក៏ដោយ ។ សូមជម្រាបថា ការប្រើថ្នាំប្រភេទ អ៊ីដ្រុកស៊ីក្លរ៉ូហ្គីន និងក្លរ៉ូហ្គីន ដើម្បីព្យាបាលវីរុសកូរ៉ូណា នៅក្រៅវេជ្ជបញ្ជា ឬការត្រួតពិនិត្យសុខភាពជាមុននោះ ត្រូវបានរដ្ឋបាលថ្នាំពេទ្យ និងចំណីអាហារសហរដ្ឋអាម៉េរិក (FDA) បានព្រមានកាលពីខែមុននេះថា អាចនឹងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូង៕
-
លោក ដូណាល់ ត្រាំ កំពុងពិចារណាលើការហាមឃាត់ការធ្វើដំណើរនៅអាម៉េរិកឡាទីន និងប្រេស៊ីល

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារម្សិលមិញបានគូសបញ្ជាក់ថា រូបលោកកំពុងពិចារណាលើការហាមឃាត់ការធ្វើដំណើរនៅអាម៉េរិកឡាទីន និងប្រេស៊ីល ហើយបានហៅអត្រាឆ្លង COVID-19 ដ៏ខ្ពស់របស់សហរដ្ឋអាម៉េរិកថា ជារឿងមានកិត្តិយស ពីព្រោះនេះមានន័យថា ប្រទេសរបស់លោកធ្វើតេស្ដលើមនុស្សបានច្រើន នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាម៉េរិករូបនេះនិយាយថា លោកបារម្ភពីរឿងគ្រប់យ៉ាង លោកមិនចង់ឱ្យមនុស្សចូលមកជាក្រុម ដើម្បីចម្លងប្រជាជនយើងទេ ហើយលោកក៏មិនចង់ឱ្យប្រជាជននៅទីនោះ (អាម៉េរិកឡាទីន និងប្រេស៊ីល) ឈឺដែរ ។ លោកបានសង្កត់ធ្ងន់ថា នៅពេលដែលអ្នកនិយាយថាយើងមានតួលេខនាំមុខ នេះក៏ព្រោះតែយើងធ្វើតេស្ដបានច្រើនជាងប្រទេសផ្សេងៗទៀត ហើយលោកមិនមើលឃើញរឿងនេះថាជារឿងអាក្រក់ទេ វាជារឿងល្អ ព្រោះយើងធ្វើតេស្ដបានល្អ ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១លាន៥៧ម៉ឺន៥៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៣ពាន់៥៣៣នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣៦ម៉ឺន១ពាន់១៨០នាក់ ៕
-
ចិនបញ្ជាក់ថា សហរដ្ឋអាមេ៉រិក កំពុងព្យាយាមគេចពីការទទួលខុសត្រូវចំពោះអង្គការសុខភាពពិភពលោក WHO

ចិន៖ រដ្ឋាភិបាលចិន នៅថ្ងៃអង្គារម្សិលមិញ បានចោទប្រកាន់ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ថា បានចោទប្រកាន់បង្ខូចឈ្មោះចិន និងបង្វែរការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក ចំពោះអង្គការសុខភាពពិភពលោក WHO បន្ទាប់ពីលោក ត្រាំ បានគំរាមកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុ និងពិចារណាដកខ្លួនចេញពីអង្គការអន្តរជាតិនេះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានហៅអង្គការសុខភាពពិភពលោក WHO ថា ជាអាយ៉ងរបស់ចិន មុនពេលសរសេរលិខិតមួយច្បាប់ ដែលលោកបានផ្ញើទៅប្រធានអង្គការសុខភាពពិភពលោកនេះ ដោយគំរាមបង្កកការផ្តល់មូលនិធិពីសហរដ្ឋអាមេ៉រិកជាអចិន្ត្រៃយ៍ និងការពិចារណាដកសមាជិកភាពចេញពីអង្គការអន្តរជាតិមួយនេះ ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានលើកឡើងនៅក្នុងសន្និសីទកាសែតមួយនាថ្ងៃ អង្គារ ម្សិលមិញថា លិខិតចំហរបស់មេដឹកនាំអាមេរិកនេះ ដែលអ្នកបានលើកឡើងនោះ គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដើម្បីបំភាន់សាធារណៈជន ក្នុងគោលបំណងសម្រេចគោលដៅនៃការធ្វើឱ្យខូចខាតកិច្ចប្រឹងប្រែងរបស់ចិន នៅក្នុងការប្រយុទ្ធប្រឆាំងវីរុសនេះ និងដើម្បីបង្វែរការទទួលខុសរបស់ខ្លួន ៕ …
-
លោក ដូណាល់ ត្រាំ ព្រមានកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុជាអចិន្ត្រៃយ៍ និងដកសមាជិកភាពរបស់សហរដ្ឋអាម៉េរិកចេញពីអង្គការ WHO

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទម្សិលមិញ បានគំរាមកាត់ផ្តាច់ជំនួយហិរញ្ញជាអចិន្ត្រៃយ៍ ដល់អង្គការសុខភាពពិភពលោក WHO ប្រសិនបើអង្គការមួយនេះ មិនប្តេជ្ញាធ្វើឱ្យមានការល្អប្រសើរឡើងក្នុងរយៈពេល៣០ថ្ងៃទេនោះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ តាមរយៈលិខិតមួយផ្ញើទៅកាន់អគ្គនាយកអង្គការ WHO លោក ថេត្រូស អាដាណម ហ្គេប្រេយែសឹស និងត្រូវបានចុះផ្សាយនៅលើប្រព័ន្ធ ធ្វីតធើ ផ្ទាល់របស់លោក ត្រាំ បានបញ្ជាក់ថា ប្រសិនបើអង្គការសុខភាពពិភពលោក WHO មិនប្តេជ្ញាធ្វើឱ្យមានការល្អប្រសើរឡើងក្នុងរយៈពេល៣០ថ្ងៃទេនោះ លោកនឹងបង្កកមូលនិធិជាអចិន្ដ្រៃយ៍របស់សហរដ្ឋអាមេរិកដល់អង្គការអន្តរជាតិមួយនេះ និងពិចារ ណាឡើងវិញនូវសមាជិកភាពរបស់សហរដ្ឋអាម៉េរិកផងដែរ។ ហើយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯសេតវិមាននាថ្ងៃចន្ទម្សិលមិញ (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានថ្លែងនៅចំពោះមុខអ្នកកាសែតដែរថា អង្គការសុខភាពពិភពលោក WHO ជា «អាយ៉ង» របស់ចិន ផងដែរ៕
-
ប្រធានធនាគារកណ្តាលសហរដ្ឋអាម៉េរិកព្យាករណ៍ថា ការធ្លាក់ចុះសេដ្ឋកិច្ច អាចនឹងត្រូវអូសបន្លាយពេលរហូតដល់ចុងឆ្នាំ២០២១ខាងមុខ

សហរដ្ឋអាម៉េរិក៖ ប្រធានធនាគារកណ្តាលអាម៉េរិកលោក ជើរ៉ូម ផូវែល បានបញ្ជាក់នៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ CBS ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចនឹងអូសបន្លាយពេលរហូតដល់ចុងឆ្នាំ២០២១ខាងមុខ ហើយការស្ទុះងើបឡើងវិញពេញលេញមិនអាចកើតឡើងទេ រហូតទាល់តែរកឃើញវ៉ាក់សាំងការពារវីរុស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ ស្របពេលជាមួយគ្នានោះដែរ លោក ជើរ៉ូម ផូវែល បានគូសបញ្ជាក់ថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកទំនងជានឹងធ្លាក់ចុះពី២០ទៅ៣០ភាគរយ ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតជាសកល COVID-19 ។ យ៉ាងណាមិញ ប្រធានធនាគារកណ្តាលអាម៉េរិករូបនេះ បានបង្ហាញនូវទំនុកចិត្តថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកអាចនឹងងើបឡើងវិញ ដោយលោកបញ្ជាក់ថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកនឹងមិនធ្លាក់ចុះរហូតនោះឡើយ ។ សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ លោក ផូវែល ក៏បានអំពាវនាវឱ្យសមាជិកសភាអាម៉េរិកអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច និងជំនួយសង្គ្រោះបន្ថែមទៀតផងដែរ ចំពេលដែលពលរដ្ឋអាម៉េរិកជាង៣៦លាននាក់ បានដាក់ពាក្យសុំទទួលអត្ថប្រយោជន៍ពីគ្រាគ្មានការងារធ្វើ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០កន្លងមកនេះ ៕
-
លោក ដូណាល់ ត្រាំ និយាយថា លោកកំពុងលេបថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូជ្វីន ដើម្បីការពារវីរុស COVID-19

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយ ដោយបញ្ជាក់ថា រូបលោកកំពុងលេបថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូជ្វីន (Hydroxychloroquiner) បើទោះបីជាអ្នកជំនាញបានអះអាងថា ការលេបថ្នាំនេះ គឺមិនគួរប្រើប្រាស់ដើម្បីព្យាបាលវីរុស COVID-19 នោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានលេបថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូជ្វីន នេះ ហើយថា លោកបានធ្វើតេស្តអវិជ្ជមាន COVID-19 ហើយក៏មិនមានលេចចេញរោគសញ្ញាអ្វីដែរ។ លោកបន្ថែមថា លោកបានលេបថ្នាំនេះអស់រយៈពេលមួយសប្តាហ៍កន្លះហើយ… ដោយលេបថ្នាំមួយគ្រាប់រាល់ថ្ងៃ ។ សូមរំលឹកថា ការធ្វើតេស្ដថ្នាំលើមនុស្សនៅក្នុងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមកាលពីចុងសប្តាហ៍មុននេះ ដើម្បីវាយតម្លៃថាតើការប្រើប្រាស់រួមគ្នា នូវថ្នាំប្រឆាំងជំងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូជ្វីន ជាមួយថ្នាំអង់ទីប៊ីយ៉ូទិច អាហ្ស៊ីស្រូម៉ាយស៊ីន មានប្រសិទ្ធភាពអាចព្យាលបាល COVID-19 ដែរឬទេ ។ ការធ្វើតេស្ដនេះ ធ្វើឡើងលើអ្នកជងឺជិត២ពាន់នាក់ នៅទូទាំងសហរដ្ឋអាម៉េរិក ដែលបានឆ្លង COVID-19 និងមានរោគសញ្ញាគ្រុនក្ដៅ ក្អក…
-
ទីបំផុតសភាអ៊ីស្រាអែលយល់ព្រមទទួលស្គាល់រដ្ឋាភិបាលរួបរួមថ្មី ដើម្បីបិទបញ្ចប់ភាពជាប់គាំង នយោបាយអស់រយៈពេលច្រើនជាងមួយឆ្នាំមកនេះ

អ៊ីស្រាអែល៖ ទីបំផុតសភាអ៊ីស្រាអែលបានឯកភាពទទួលស្គាល់រដ្ឋាភិបាលរួបរួមថ្មី ក្នុងបំណងគោលបិទបញ្ចប់ភាពជាប់គាំង នយោបាយអស់រយៈពេលច្រើនជាងមួយឆ្នាំកន្លងមក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។រដ្ឋាភិបាលរួបរួមថ្មីត្រូវបានបង្កើតឡើងដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ និងប្រធានគណបក្ស ខៀវ និង ស លោក បែននី ហ្គាន តាមរយៈការបែងចែកអំណាចប្ដូរវេនគ្នាធ្វើជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ ថ្លែងនៅចំពោះមុខសភានៅថ្ងៃអាទិត្យម្សិលមិញ លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានសន្យាថា នឹងកាត់យកទឹកដីបន្ថែមពីប៉ាឡេស្ទីននៅក្នុងតំបន់ វេស ប៊ែង បើទោះជាលោក ហ្គាន មិនបានលើកឡើងពីបញ្ហានេះក៏ដោយ ។ គួរបញ្ជាក់ផងដែរថា ជាមួយនឹងការបង្កើតរដ្ឋាភិបាលរួបរួមថ្មីខាងលើនេះ លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលសម្រាប់រយៈពេល១៨ខែ ហើយបន្ទាប់មកនឹងត្រូវប្រគល់អំណាចអោយលោក បែននី ហ្គាន ៕
-
ក្រសួងការបរទេសចិនអះអាងពីករណីស្លាប់របស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ីស្រាអែល

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈន់យីង នៅថ្ងៃអាទិត្យម្សិលមិញ បានអះអាងពីករណីស្លាប់របស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ីស្រាអែលលោក ឌូ វេ ដែលត្រូវបានប្រទះឃើញស្លាប់នៅគេហដ្ឋានរបស់លោក នៅជាយក្រុងតែវអាវីវ នៅថ្ងៃដដែលនេះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។ ជាមួយគ្នានេះ លោកស្រី ហួ ឈន់យីង បានចូលរួមសម្តែងមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះលោកឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ីស្រាអែល ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលំអិត ពាក់ព័ន្ធនឹងស្លាប់លោក ឌូ វេ នោះទេ ។ សូមបញ្ជាក់ថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ីស្រាអែលលោក ឌូ វេ វ័យ៥៧ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងគេហដ្ឋានរបស់លោកនៅសង្កាត់ ហឺសលីយ៉ា ខាងជើងទីក្រុងតែវអាវីវ ហើយប៉ូលិសកំពុងស៊ើបអង្កេត ។ ភរិយា និងកូនប្រុសរបស់លោក ឌូ មិនបាននៅជាមួយលោកនៅអ៊ីស្រាអែលទេ ។ លោក ឌូ ពីមុនបំរើជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ុយក្រែន៕
-
លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេ៉រិកកំពុងផលិតមីស៊ីលលឿនជាងសម្លេង១៧ដង ហើយប្រហែលខ្លាំងជាងមីស៊ីលដែលអភិវឌ្ឍដោយរុស្ស៊ី និងចិន

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានប្រាប់អ្នកកាសែតថា ប្រទេសរបស់លោកកំពុងអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង១៧ដង បើធៀបទៅនឹងមីស៊ីលលឿនបំផុតដែលយោធាមាននាពេលបច្ចុប្បន្ន នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា ឥឡូវនេះយើងកំពុងសាងសង់ នូវយោធូបករណ៍មិនគួរឱ្យជឿ… យើងមានមីស៊ីលថ្មី ខ្ញុំសូមហៅថា មីស៊ីល Super Duper ។ លោក ត្រាំ សង្កត់ធ្ងន់ថា មីស៊ីលថ្មីនេះគួរតែខ្លាំងជាងមីស៊ីលដែលកំពុងអភិវឌ្ឍដោយប្រទេសរុស្ស៊ី និងចិន ។ សូមជម្រាបថា នៅក្នុងថ្ងៃសុក្រដដែលនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានបង្ហាញទង់ជាតិថ្មីសម្រាប់កងកម្លាំងអវកាសសហរដ្ឋអាមេរិកជាលើកដំបូងផងដែរ ក្នុងរយៈពេលជាង៧២ឆ្នាំមកនេះ ៕