-
ក្នុងត្រីមាសទី១ ឆ្នាំ២០២០ សេដ្ឋកិច្ចចក្រភពអង់គ្លេសធ្លាក់ចុះ២ភាគរយ ជាការធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកនៅត្រីមាសទី៤ កាលពីឆ្នាំ២០០៨

អង់គ្លេស៖ ការិយាល័យស្ថិតិជាតិបានឱ្យដឹងថា សេដ្ឋកិច្ចអង់គ្លេសបានធ្លាក់ចុះ២ភាគរយក្នុងរយៈពេល០៣ខែដំបូងឆ្នាំ២០២០នេះ ដែលជាសញ្ញាណនៃផលប៉ះពាល់ផ្ទាល់បង្កឡើងដោយសារការរាតត្បាតពីវីរុស COVID-19 នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។ បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យស្ថិតិជាតិ ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដែលជាការធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកនៅត្រីមាសទី៤ កាលពីឆ្នាំ២០០៨ ដោយទិន្នផលសេដ្ឋកិច្ចបានធ្លាក់ចុះដល់កម្រិតខ្ពស់បំផុតរហូតដល់៥.៨ភាគរយក្នុងខែមីនាឆ្នាំនេះ បើធៀបនឹងខែកុម្ភៈកន្លងមក ។ គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានស្ថិតក្នុងចំណោមបណ្ដាប្រទេសដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការរីករាលដាលនៃវីរុស COVID-19 និង បានចាក់សោរទ្វារបិទប្រទេស ដែលបានធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះជាខ្លាំង ៕
-
លោក ដូណាល់ ត្រាំ ព្រមានកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន ពាក់ព័ន្ធនឹងការផ្ទុះឡើងមេរោគ COVID-19

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា លោកមិនចាប់អារម្មណ៍ក្នុងការនិយាយទៅកាន់សមភាគីចិនលោក ស៊ី ជិនពីង ទេឥឡូវនេះ ហើយលោក ត្រាំ ថែមទាំងព្រមានកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិនផងដែរ នេះបើតាមសារព័ត៌មាន Fox Business នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ Fox Business នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានការខកចិត្ត យ៉ាងខ្លាំង ចំពោះការខកខានរបស់ចិន ក្នុងការទប់ស្កាត់នឹងវីរុស COVID-19 ហើយថា ជំងឺរាតត្បាតនេះបានរាលដាលដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែមករា របស់លោកជាមួយចិន ដែលកាលពីមុនលោកបានសាទរថា ជាសមិទ្ធផលដ៏សំខាន់មួយ ។ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ឥឡូវនេះប្រសិនបើអ្នកពិតជាកាត់ផ្តាច់ទំនាក់ទំនងមែន តើមានអ្វីកើតឡើង? អ្នកនឹងសន្សំលុយបាន៥០០ពាន់លានដុល្លារ ដោយលោកចង់សំដៅទៅលើការនាំចូលប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកពីប្រទេសចិន ដែលលោកបាននិយាយជាញឹកញាប់ថា ជាប្រាក់ដែលបានបាត់បង់ ៕
-
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) អនុញ្ញាតឱ្យអាកាសយានដ្ឋានភូកេតបើកប្រតិបត្តិការឡើងវិញ ប៉ុន្តែមានការកំណត់

ថៃ៖ ប្រទេសថៃបានផ្តល់ការអនុញ្ញាតឲ្យអាកាសយានដ្ឋានអន្តរជាតិភូកេត បើកប្រតិបត្តិការឡើងវិញ ដោយមានការកំណត់ ចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះតទៅ នេះបើតាមការប្រកាសរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ដែលដកស្រង់ចុះផ្សាយដោយសារព័ត៌មានស៊ិនហួនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ ប៉ុន្តែជាមួយគ្នានេះ ជើងហោះហើរអន្តរជាតិអាចនឹងត្រូវបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ភូកេត នោះទេ ខណៈអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ CAAT បានហាមឃាត់រាល់ជើងហោះហើរ ដែលចុះចតនៅប្រទេសថៃ លើកលែងតែវិធានការអាសន្នប៉ុណ្ណោះ ។ គួរបញ្ជាក់ផងដែរថា ក្រៅពីការបើកភ្លើងខៀវឱ្យអាកាសយានដ្ឋានអន្តរជាតិភូកេតបើកប្រតិបត្តិការឡើងវិញនោះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ CAAT កាលពីពេលមុននេះ ក៏បានអនុម័តឲ្យអាកាសយានដ្ឋានមួយចំនួនរបស់ប្រទេសថៃ ចាប់ផ្តើមប្រតិបត្តិការឡើងវិញផងដែរ គិតចាប់ពីដើមខែឧសភានេះ បន្ទាប់ពីត្រូវបានបិទ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃមេរោគ COVID-19 ៕
-
លោក នីកូឡាស់ ម៉ាឌូរ៉ូ ចោទមេបក្សប្រឆាំងថា មានផែនការធ្វើរដ្ឋប្រហារទម្លាក់រូបលោកចេញពីតំណែង អំឡុងពេលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក

វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា មេដឹកនាំបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ បានពិភាក្សាពីគម្រោងឈ្លានពានតាមច្រកសមុទ្រ និង ធ្វើរដ្ឋប្រហារទម្លាក់រូបលោកចេញពីតំណែង កំឡុងបំពេញទស្សនកិច្ចមួយទៅកាន់សហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធសប្ដាហ៍នេះ លោក ម៉ាឌូរ៉ូ បាននិយាយថា នៅសេតវិមានកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ជាពេលដែលលោក ហ្ស៊ាន ហ្គៃដូ បានជួបជាមួយលោក ចរដាន ហ្គោដ្រូ ដែលជាប្រធានក្រុមហ៊ុនសន្តិសុខ ស៊ីលវើខប តាមបញ្ជារបស់លោក ដូណាល ត្រាំ ដើម្បីរៀបចំផែនការវាយប្រហារ ។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះបានសង្កត់ធ្ងត់ថា វាគឺជារឿងងាយស្រួលបំផុតក្នុងការបញ្ជាក់ពីវត្តមានរបស់លោក ហ្គោដ្រូ នៅសេតវិមានចន្លោះឆ្នាំ២០១៩ -ឆ្នាំ២០២០ និងពីបន្ទប់ប្រជុំដែលលោកបានជួបលោក ហ្គៃដូ ។ យ៉ាងណាមិញ លោក ម៉ាឌូរ៉ូ មិនបានបង្ហាញភស្ដុតាង ដើម្បីការពារការអះអាងរបស់លោកនោះទេ ៕ …
-
ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO នឹងចុះចេញពីតំណែងមុនចប់អាណត្តិក្នុងឆ្នាំ២០២១

បរទេស៖ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO លោក Roberto Azevedo នឹងចុះចេញពីតំណែងមុនអាណត្តិរបស់លោកបញ្ចប់នៅឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីកាសែត Bloomberg ចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ លោក Roberto Azevedo ដែលមានវ័យ៦២ឆ្នាំ និង មានសញ្ញាតិប្រេស៊ីល បានទទួលតំណែងកំពូលរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO នៅឆ្នាំ២០១៣ ហើយបានបន្ដតែងតាំងជាប្រធានមួយអាណត្តិទៀតក្នុងខែកញ្ញា ឆ្នាំ២០១៧ ។ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO រូបនេះ បានបង្ហើបគម្រោងចុះចេញពីតំណែងរបស់លោកប្រាប់មន្ដ្រីជាន់ខ្ពស់ចំនួនបួនរូប ខណៈមូលហេតុនៅពីក្រោយការសម្រេចចិត្តបែបនេះរបស់លោក នៅពុំទាន់មានការបញ្ជាក់នៅឡើយទេ ៕
-
លោក ដូណាល់ ត្រាំ ហៅការព្រមានរបស់អ្នកជំនាញជាន់ខ្ពស់អាមេរិក ស្តីពីហានីភ័យចំពោះការបើកសេដ្ឋកិច្ចថា គឺជារឿងមិនអាចទទួលយកបាន

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានហៅការព្រមានរបស់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រជាន់ខ្ពស់អាមេរិក ស្តីពីហានីភ័យចំពោះការបើកសាលារៀន និង សេដ្ឋកិច្ចឡើងវិញក្នុងសប្តាហ៍នេះថា គឺជារឿងមិនអាចទទួលយកបាន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ ការសម្រេចចិត្តថាត្រូវឲ្យសិស្សចូលរៀនវិញដែរ ឬមួយក៏យ៉ាងណានោះ កំពុងក្លាយជាចំណុចប្រកែកគ្នាថ្មីមួយទៀត រវាងសេតវិមានលោក ដូណាល់ ត្រាំ និងក្រុមអ្នកជំនាញដឹកនាំដោយលោក អាន់ថូនី ហ្វូស៊ី ។ យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បាននិយាយថា ឥឡូវនេះ យើងកំពុងបើកប្រទេសយើងឡើងវិញហើយ ព្រោះប្រជាជនចង់បានបែបនេះ… សាលារៀននានាក៏នឹងត្រូវបើកទ្វារផងដែរ ។ សូមជម្រាបថា អ្នកជំនាញជាន់ខ្ពស់អាមេរិក និងអន្តរជាតិ លោក អាន់ថូនី ហ្វូស៊ី បានឡើងទៅធ្វើការស្រាយបំភ្លឺក្នុងសភាអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយលោកបានព្រមានថា ការបញ្ចប់វិធានការរឹតត្បិតលឿនខ្លាំងពេក នឹងធ្វើឲ្យបញ្ហាកាន់តែអាក្រក់ខ្លាំងជាទីបំផុត ៕
-
បក្សសាធារណរដ្ឋអាមេរិកច្រានចោលសំណើរបស់បក្សប្រជាធិបតេយ្យ ចំពោះកញ្ចប់ថវិកាជំនួយថ្មី ទំហំ៣ទ្រីលានដុល្លារ សម្រាប់វិបត្តិ COVID-19

សហរដ្ឋអាមេរិក៖ បក្សសាធារណៈរដ្ឋនៅព្រឹទ្ធសភាអាមេរិកបានច្រានចោលសំណើររបស់បក្សប្រជាធិបតេយ្យនៃសភាតំណាងរាស្រ្តអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ ចំពោះការបញ្ចេញកញ្ចប់ថវិកាជំនួយថ្មី ទំហំ៣ទ្រីលានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់រដ្ឋនានារបស់សហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ខាងបក្សសាធារណរដ្ឋបានបញ្ជាក់ថា ពួកគេមិនទាន់ចង់ឲ្យមានសេចក្តីព្រាងកញ្ចប់ថវិកាជំនួយថ្មីទៀតនោះទេ ដោយពួកគេចង់វាយតម្លៃមើលទៅលើលទ្ធផលនៃកញ្ចប់ថវិកាជំនួយប៉ុន្មានទ្រីលានដុល្លារ ដែលត្រូវបានអនុម័តនាពេលកន្លងមកសិន ខណៈបណ្តារដ្ឋនៅសហរដ្ឋអាមេរិកក៏បានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ ។ សូមជម្រាបថា បើតាមការគ្រោងទុកនោះ សភាតំណាងរាស្រ្តអាមេរិកនឹងបោះឆ្នោតសម្រេចលើសេចក្តីព្រាងកញ្ចប់ថវិកាខាងលើ នៅថ្ងៃសុក្រសប្តាហ៍នេះ ក៏ប៉ុន្តែខាងបក្សសាធារណរដ្ឋនៅឯព្រឹទ្ធសភា បានប្រកាសរួចជាស្រេចថា វានឹងមិនអាចឆ្លងផុតព្រឹទ្ធសភាអាមេរិកឡើយ ៕
-
មនុស្សស្លាប់ និងរបួសជិត៣០នាក់ ក្នុងហេតុការណ៍អគ្គិភ័យលេបត្របាក់នាវាដឹកប្រេងនៅប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានជនរងគ្រោះ០៧នាក់បានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនាវាដឹកប្រេងឈ្មោះ ហ្សេដ លីឡា ដែលចតនៅកំពង់ផែសមុទ្រ បេឡាវ៉ា ខេត្តស៊ូម៉ាត្រាខាងជើង នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។ គ្រោះអគ្គីភ័យនេះកើតឡើងនៅពេលនាវាកំពុងស្ថិតក្នុងការជួសជួល ហើយមនុស្សដែលជាប់ក្នុងនោះ០៧នាក់បានបាត់បង់ជីវិត កាលពីយប់ថ្ងៃអង្គារម្សិលមិញ ខណៈមនុស្ស២២នាក់ផ្សេងទៀតក៏បានទទួលរងរបួសផងដែរ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នេះបើតាមអាជ្ញាធរឥណ្ឌូណេស៊ី ។ ដោយឡែកសម្រាប់មូលហេតុនៃការឆាបឆេះនាវាខាងលើនេះ នៅពុំទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែវាទំនងជាកើតឡើង នៅពេលនាវានេះកំពុងស្ថិតក្នុងការជួសជុល ៕
-
ហ្វីលីពីនបិទទូរទស្សន៍ឈានមុខគេមួយក្នុងប្រទេស ដោយចោទពីបទលួចអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសធ្វើការវិនិយោគ ដោយរំលោភលើច្បាប់

ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាឱ្យបិទស្ថានីយទូរទស្សន៍ឈានមុខគេ នៅក្នុងប្រទេសមួយនេះ មានឈ្មោះថា ABS-CBN ដែលកន្លងមក ធ្លាប់មានជម្លោះជាមួយប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលប្រការនេះ ធ្វើឱ្យសហរដ្ឋអាមេរិកបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។ សូមរំលឹកថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានស្នើឱ្យតុលាការកំពូលបិទប្រព័ន្ធផ្សព្វផ្សាយ ABS-CBN និងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ ហើយក្រោយមកទើបមានការកំណត់ពេលវេលាឲ្យបិទ ប៉ុន្តែ ABS-CBN ក៏បានធ្វើការប្តឹងតវ៉ាផងដែរ ។ នៅក្នុងពាក្យបណ្តឹងសុំឲ្យបិទប្រព័ន្ធផ្សព្វផ្សាយ ABS-CBN ទៅកាន់តុលាការកាលពីខែកុម្ភៈ រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់ថា ស្ថានីយទូរទស្សន៍ដែលជាកម្មសិទ្ធិ នៃគ្រួសារមហាសេដ្ឋីមួយ នៅហ្វីលីពីនមួយនេះ បានលួចអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ធ្វើការវិនិយោគនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយរំលោភលើច្បាប់ស្តីពីការហាមការទទួលប្រយោជន៍ពីបរទេស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយទូរទស្សន៍មួយនេះគួរតែត្រូវដកអាជ្ញាប័ណ្ណ ។ យ៉ាងណាមិញ បើទោះបីជាត្រូវបានបិទកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះក៏ដោយ ABS-CBN តាមរយៈសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា ខ្លួននៅតែរង់ចាំការអនុម័តពីសភាហ្វីលីពីន ដែលអាចធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យខ្លួនអាចបន្តប្រតិបត្តិការឡើងវិញ ដើម្បីផលប្រយោជន៍ប្រជាជនហ្វីលីពីន…
-
សហរដ្ឋអាម៉េរិកច្រានចោលការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការផ្តួលរំលំរបបដឹកនាំរបស់ប្រធានាធិបតីវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក NSC នៅថ្ងៃសុក្រនេះ បានប្រកាសបដិសេដការចោទប្រកាន់ដែលថា សហរដ្ឋអាម៉េរិកបានចូលរួមក្នុងការលុកលុយប្រទេសវេណេស៊ុយអេឡា នៅក្នុងសប្តាហ៍នេះ ដើម្បីផ្តួលរំលំរបបដឹកនាំលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក NSC តាមរយៈបណ្តាញ Twitter ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា អាជ្ញាធរវេណេស៊ុយអេឡាបានចាប់ខ្លួនភេរវករចំនួន១៣នាក់នៅថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងអ្វីដែលលោកបានពិពណ៌នាថា ជាផែនការសម្របសម្រួលជាមួយរបបក្រុងវ៉ាស៊ីនតោន ដើម្បីចូលមកវេណេស៊ុយអេឡា តាមរយៈឆ្នេរសមុទ្រការ៉ាអ៊ីព ហើយបណ្តេញលោកចេញពីអំណាច ។ អាជ្ញាធរវ៉េណេស៊ុយអេឡាបាននិយាយដែរថា មនុស្ស០៨នាក់ត្រូវបានសម្លាប់អំឡុងការប៉ុនប៉ងលុកលុយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ។ ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក៏បានចេញមុខប្រកាសច្រានចោលរាល់ការពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក ចំពោះអ្វីដែលក្រុមមន្រ្តីវេណេស៊ុយអេឡាបានហៅថា ការលុកលុយប្រដាប់អាវុធបរាជ័យចូលក្នុងប្រទេសអាម៉េរិកខាងត្បូងមួយនេះ ដែលនាំទៅដល់ការចាប់ខ្លួនទាហានស៊ីឈ្នួលអាម៉េរិកពីរនាក់ ៕ធ.ដ