-
យោធាកូរ៉េខាងត្បូង និងកូរ៉េខាងជើងផ្ទុះអាវុធដាក់គ្នានៅតំបន់ព្រំដែន ប៉ុន្តែមិនមាននរណាម្នាក់របួស និងស្លាប់ទេ

កូរ៉េខាងត្បូង៖ គ្រាប់កាំភ្លើងជាច្រើនត្រូវបានបាញ់ចេញពីទឹកដីកូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ មកលើប៉ុស្តិ៍យាមមួយកន្លែងក្នុងទឹកដីកូរ៉េខាងត្បូង នៃតំបន់ពំ្រដែនអន្តរកូរ៉េ នេះបើតាមសារព័ត៌មាន CGTN នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា យោធាកូរ៉េខាងត្បូងបាននិយាយថា គ្រាប់កាំភ្លើងជាច្រើនត្រូវបានបាញ់តម្រង់មកចំប៉ុស្តិ៍យាមស្ថិតនៅទីក្រុង Cheorwon នៃតំបន់ព្រំដែនជាប់កូរ៉េខាងជើង នៅម៉ោង៧និង៤១នាទីព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ប៉ុន្តែមិនមាននរណាម្នាក់រងរងបួសនោះទេ ។ បន្ទាប់ពីឧបហេតុខាងលើកើតឡើង យោធាកូរ៉េខាងត្បូងបានធ្វើការព្រមាន និងបាញ់តបតត្រឡប់ចំនួន២ដង ហើយភ្លាមៗនោះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សរងរបួស ឬក៏ទំហំនៃការខូចខាតនោះទេ ខណៈដែលមូលហេតុពិតប្រាកដនៃការផ្ទុះអាវុធនេះដែរ ក៏មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕
-
លោក ដូណាល់ ត្រាំ និយាយថា ការដំឡើងពន្ធគឺជាជម្រើសមួយសងសឹងចិន ដើម្បីឆ្លើយតបបញ្ហាវីរុស COVID-19

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងថា ការដំឡើងពន្ធគឺជាជម្រើសច្បាស់ការមួយ ស្របពេលលោកកំពុងពិចារណាពីមធ្យោបាយ ដើម្បីសងសឹកចិន ពាក់ព័ន្ធនឹងការបណ្តោយឲ្យវីរុស COVID-19 រាតត្បាតពាសពេញពិភពលោក នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ។ នេះគឺជាស្ថានការណ៍ដ៏អាក្រក់ ដោយជំងឺនេះបានរាតត្បាតដល់ប្រទេសជាង១៨៣ ពាសពេញពិភពលោក ដូច្នេះច្បាស់ណាស់ ការដំឡើងពន្ធនឹងជាជម្រើសមួយ ដើម្បីឆ្លើយតប នេះបើតាមលោក ដូណាល់ ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាន ។ ថ្មីៗនេះ លោក ត្រាំ ក៏បាននិយាយដែរថា សហរដ្ឋអាមេរិកអាចនឹងសងសឹកចិន ក្រោយរងការប៉ះពាល់ធ្ងន់ធ្ងរពីការរាតត្បាតនៃជម្ងឺ COVID-19 ដែលចាប់ផ្តើមដំបូងចេញពីទីក្រុងវូហាន ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១លាន១៣ម៉ឺន១ពាន់៤៥២នាក់ ក្នុងនោះអ្នកជម្ងឺសរុប៦ម៉ឺន៥ពាន់៧៧៦នាក់ និងជាសះស្បើយវិញសរុប១៦ម៉ឺន១ពាន់៥៦៣នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕
-
មេដឹនាំកំពូលកូរ៉េខាងជើងបង្ហាញមុខជាសាធារណៈលើកដំបូង ក្រោយបាត់មុខអស់រយៈពេល២០ថ្ងៃ

កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីកាត់ខ្សែបូរសម្ពោធរោងចក្រផលិតជីឈ្មោះ សូជុន ស្ថិតនៅភាគខាងជើងរដ្ឋធានីព្យុងយ៉ាង ដែលនេះជាបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីថ្ងៃទី១១ ខែមេសាកន្លងមក នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ។ បើតាមសារព័ត៌មានរដ្ឋផ្លូវការរបស់កូរ៉េខាងជើង KCNA នៅអំឡុងពិធីបើកសម្ពោធខាងលើនេះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះទៅធ្វើការពិនិត្យដោយផ្ទាល់ នៅតាមកន្លែងសំខាន់ៗក្នុងរោងចក្រដូចជា កន្លែងកែច្នៃវត្ថុធាតុដើម ដំណើរការផលិតជារួម និងកន្លែងវេចខ្ចប់ ។ ហើយអ្វីដែលគួរកត់សម្គាល់នោះ ការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក គីម ជុងអ៊ុន នៅថ្ងៃសុក្រម្សិលមិញនេះ គឺជាការបិទបញ្ចប់ទាំងស្រុង នូវពាក្យចចាមអារ៉ាមអំពីអាយុជីវិត និងសុខភាពរបស់លោក ដែលពិភពលោកទាំងមូលចង់ដឹងជាខ្លាំង ៕
-
ស្លាប់ និងរបួសព្រោះគ្រោះថ្នាក់ចរាចរណ៍នៅវៀតណាមធ្លាក់ចុះខ្លាំង តាំងពីរឹតបន្តឹងច្បាប់មក

ចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ពាក់កណ្តាលខែមេសា ២០២០កន្លងទៅ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសវៀតណាមបានធ្លាក់ចុះយ៉ាងខ្លាំង ធ្លាក់ចុះទាំងអ្នកស្លាប់ និងអ្នករងរបួស នេះបើតាមគណៈកម្មការជាតិទទួលបន្ទុកចរាចរណ៍។ ចំនួនគ្រោះថ្នាក់ធ្លាក់ចុះ ១៧.៣១ភាគរយ បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលតួលេខអ្នកស្លាប់ធ្លាក់ចុះ ១៦.៨១ភាគរយ និងរបួសក៏ធ្លាក់ចុះ២០.៩១។ មូលហេតុចំបងនៃការថយចុះខ្លាំងនោះគឺដោយសារតែវៀតណាមបានអនុវត្តច្បាប់តឹងរឹងជាងមុន តាំងពីថ្ងៃទី១ មករា ២០២០មក ជាពិសេស បន្ថែមទោសទណ្ឌខ្លាំងក្លាលើអ្នកបើកបរមានជាតិស្រវឹងនោះ។ រីឯមូលហេតុបន្ទាប់ អាចមកពីបញ្ហាជំងឺកូវីដដែលបានជំរុញការកាត់បន្ថយការធ្វើដំណើរក្នុងប្រទេសច្រើន។ ប្រភពបញ្ជាក់ថា មានគ្រោះថ្នាក់ចរាចរកើតឡើង ៤៥០៩លើក ទូទាំងប្រទេសវៀតណាម ចាប់ពីពាក់កណ្តាលខែធ្នូ ២០១៩ ដល់ថ្ងៃទី១៤ មេសា ២០២០កន្លងទៅ ដោយសម្លាប់មនុស្ស២១៣៨នាក់ របួស៣៣០៥នាក់៕ធ.ដ
-
កូកា-កូឡាចេញបញ្ចាំងនូវខ្សែភាពយន្ដតាមអនឡាញ «ដើម្បីមនុស្សជាតិ» ក្នុងន័យគោរពចំពោះភាពវិជ្ជមាន ការរួបរួមគ្នា និងស្មារតីមនុស្សជាតិក្នុងពេលវិបត្តិបច្ចុប្បន្ន

អាត្លង់តា ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ក្រុមហ៊ុន កូកា-កូឡានៅថ្ងៃនេះ បានចេញបញ្ចាំងនូវខ្សែភាពយន្តខ្លីមួយ ដើម្បីបង្ហាញពីក្តីគោរពចំពោះទឹកចិត្តមនុស្សធម៌ និងស្មារតីមនុស្សជាតិនៅក្នុងគ្រាលំបាកនេះ។ ក្រោមចំណងជើងថា «ដើម្បីមនុស្សជាតិ» ខ្សែភាពយន្ដអនឡាញមានរយៈពេលត្រឹមតែ ១ នាទីនេះ ឆ្លុះបញ្ចាំងនូវស្មារតីមនុស្សធម៌ និងក្តីសប្បុរសរបស់មនុស្សជាតិនៅទូទាំងពិភពលោកក្នុងពេលមានវិបត្តិបច្ចុប្បន្ន ព្រមទាំងបានផ្តល់ឲ្យពិភពលោកទាំងមូលនូវក្តីសង្ឃឹម ភាពវិជ្ជមាន និងការរួមគ្នា។ លោក Manuel Arroyo នាយកប្រតិបត្តិជាន់ខ្ពស់ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនកូកា-កូឡា បានមានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណ និងសូមគោរពចំពោះអ្នកដែលបន្តរក្សាសុវត្ថិភាពដល់យើងទាំងអស់ឲ្យឆ្លងកាត់គ្រាវិបត្តិនេះ ជាពិសេសអរគុណចំពោះក្រុមការងារជួរមុខ»។ «រាល់ថ្ងៃ យើងត្រូវបានបំផុសស្មារតី និងលើកកម្ពស់ដោយអំពើថ្លាថ្លៃមិនអាចកាត់ថ្លៃ ចិត្តសប្បុរស និងភាពក្លាហានរាប់មិនអស់របស់មនុស្សជុំវិញពិភពលោក។ តាមរយៈខ្សែភាពយន្តជាសកលដ៏ខ្លីមួយនេះ ចង់បង្ហាញនូវការទទួលស្គាល់ និងការគោរពចំពោះភាពវិជ្ជមាន ការរួបរួម និងទឹកចិត្តសប្បុរសធម៌របស់មនុស្សជាតិ»។ ខ្សែភាពយន្ត «ដើម្បីមនុស្សជាតិ ឬ For The Humance Race» ត្រូវបានចាក់បញ្ចាំងផ្សាយនៅថ្ងៃនេះ នៅលើគេហទំព័រ និងបណ្តាញផ្សព្វផ្សាយសង្គមរបស់ក្រុមហ៊ុនកូកា-កូឡា ឬ https://www.facebook.com/500102870175614/posts/1353766501475909/?vh=e&d=n ៕ធ.ដ …
-
លោក ដូណាល់ ត្រាំ ចោទប្រកាន់ថា ចិននឹងធ្វើរឿងគ្រប់យ៉ាង ដើម្បីឱ្យលោកចាញ់ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកជឿជាក់ថា ការដែលចិនបណ្តោយឲ្យជម្ងឺ COVID-19 រាលដាលចេញពីប្រទេសខ្លួន ពាសពេញពិភពលោកនោះ គឺជាភស្តុតាងសបង្ហាញថា ចិននឹងធ្វើរឿងគ្រប់យ៉ាងតាមតែពួកគេអាចធ្វើទៅបាន ដើម្បីឲ្យលោកចាញ់ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្រោយប្រធានាធិបតីអាម៉េរិករូបនេះ បានបន្តទម្លាក់កំហុសទៅលើចិន ខណៈវីរុស COVID-19 បានសម្លាប់មនុស្សយ៉ាងហោចណាស់៦ម៉ឺននាក់នៅសហរដ្ឋអាម៉េរិក និង បង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាទីបំផុតទៅលើសេដ្ឋកិច្ចរបស់ប្រទេសលោក ។ សូមរំលឹកថា នៅដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បាននិយាយថា យើងកំពុងធ្វើការស៊ើបអង្កេតមួយយ៉ាងច្បាស់ការបំផុត… យើងមិនសប្បាយចិត្តនឹងចិនទេ លោកថា យើងជឿជាក់ថា វីរុសអាចត្រូវបានបញ្ឈប់នៅត្រឹមប្រភពរបស់វា… វាអាចបញ្ឈប់យ៉ាងឆាប់រហ័ស ហើយវានឹងមិនអាចរាលដាលពាសពេញពិភពលោកយ៉ាងដូច្នេះទេ ។ បន្ថែមលើនេះ លោក ត្រាំ ក៏បានលើកឡើងដែរថា រដ្ឋាភិបាលរបស់លោកទំនងជានឹងអាចទាមទារសំណងការខូចខាតពីចិនទៀតផង ៕ធ.ដ
-
មនុស្ស៧២៨នាក់ស្លាប់ ដោយសារការផឹកស្រាបង្ការការឆ្លងជម្ងឺ COVID-19 នៅប្រទេសអ៊ីរ៉ង់

អ៊ីរ៉ង់៖ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់បានបញ្ជាក់ថា ការជឿខុសដែលថា ការផឹកស្រាអាចព្យាបាលជំងឺ COVID-19 បាននោះ បានសម្លាប់ជីវិតមនុស្សប្រមាណ៧២៨នាក់ ខណៈតួលេខថ្មីនេះ គឺមានចំនួនច្រើនជាងការចេញផ្សាយរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ កាលពីពេលមុន នេះបើតាមសារព័ត៌មាន Dailymail នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ ជាមួយគ្នានេះ ទីប្រឹក្សាក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក ហូសេន ហាសសានៀន បាននិយាយថា ភាពខុសគ្នានៃតួលេខអ្នកស្លាប់ទាំងនេះ គឺដោយសារតែជនរងគ្រោះដែលពុលស្រាមួយចំនួន បានស្លាប់នៅខាងក្រៅមន្ទីរពេទ្យ ។ លោកបន្ថែមថា មនុស្សប្រមាណជា២០០នាក់បានស្លាប់នៅខាងក្រៅមន្ទីរពេទ្យ ។ ដោយឡែកក្រុមអាជ្ញាធរដែលត្រួតពិនិត្យមើលការស្លាប់នេះបាននិយាយថា ការពុលស្រាលាយសារធាតុមេតាណុល បានសម្លាប់ប្រជាជនអ៊ីរ៉ង់ចំនួន៧២៨នាក់នៅចម្លោះពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី០៧ ខែមេសាមកនេះ ។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលបានចេញផ្សាយកាលពីដើមខែមេសាមកនេះ បានឱ្យដឹងថា ករណីពុលស្រាបានកើនឡើង១០ដងនៅប្រទេសអ៊ីរ៉ង់កាលពីឆ្នាំកន្លងមកនេះ ចំពេលដែលមានជំងឺរាតត្បាតសកល COVID-19 ៕
-
មនុស្សជិត៤០នាក់ស្លាប់ និង១០នាក់ទៀតរបួស ក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងនៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្ស៣៨នាក់បានបាត់បង់ជីវិត និង១០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍អគ្គិភ័យលេបត្របាក់ឃ្លាំងមួយកន្លែងក្នុងទីក្រុងអ៊ីនឆ័ន នៅថ្ងៃពុធម្សិលមិញ នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកយកព័ត៌មាន CGTN ផ្អែកលើប្រភពពីស្ថានកុងស៊ុលចិនប្រចាំប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា នៅក្នុងចំណោមអ្នកស្លាប់ទាំង៣៨នាក់ខាងលើនេះ ក៏រួមមានជនជាតិម្នាក់ផងដែរ ។ បើតាមមន្ត្រីពន្លត់អគ្គិភ័យ សោកនាដកម្មដ៏អាក្រក់នេះ បានកើតឡើងនៅម៉ោងប្រមាណ១និង៣២នាទីថ្ងៃពុធម្សិលមិញ (ម៉ោងក្នុងតំបន់) ខណៈក្រុមកម្មករដែលគេជឿជាក់ថា មានចំនួន៧៨នាក់កំពុងធ្វើការនៅជាន់ក្រោមនៃឃ្លាំង និងបានឆាបឆេះរាលដាលពាសពេញអគារភ្លាមៗតែម្តង ។ ក្រោយមក អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅម៉ោងប្រហែល៦ និង៤២នាទីល្ងាចថ្ងៃដដែល ស្របពេលដែលមូលហេតុនៃអគ្គិភ័យបាននឹងកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ទន្ទឹមគ្នា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយជំនួយការរបស់លោកនៅពេលយប់ ហើយបានបញ្ជាឱ្យមានប្រតិបត្តិការជួយសង្គ្រោះ និង ការគំាទ្រខាងវេជ្ជសាស្រ្តដល់ជនរងគ្រោះផងដែរ៕
-
នាយករដ្ឋមន្រ្តីថៃជំរុញឱ្យប្រជាជន និងប្រតិបត្តិករពាណិជ្ជកម្មរក្សាការអត់ធ្មត់ ខណៈរដ្ឋាភិបាលពន្យាពេលបិទប្រទេសមួយខែទៀត

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងជំរុញឱ្យប្រជាពលរដ្ឋ និងប្រតិបត្តិករពាណិជ្ជកម្មរក្សាការអត់ធ្មត់បន្ថែមទៀត ខណៈរដ្ឋាភិបាលបានសម្រេចចិត្តពន្យាពេលដាក់ប្រទេសក្នុងគ្រាមានអាសន្នមួយខែទៀត ពោលគឺរហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ នាយករដ្ឋមន្រ្តីថៃរូបនេះបានគូសបញ្ជាក់ថា ការពន្យារពេលនេះ មានភាពចាំបាច់ បទបញ្ជាជាច្រើន ជាពិសេសពាក់ព័ន្ធចលនាមនុស្ស នឹងត្រូវរក្សាទុកដដែល នៅពេលការរឹតត្បិតដទៃទៀតនឹងត្រូវបន្ធូរបន្ថយ ។ លោកបន្ថែមទៀតថា លោកមិនចង់ឲ្យពួកយើងវិលទៅកាន់ចំណុចដែលយើងធ្លាប់ជួប បើសិនជាវិធានការខ្លះត្រូវបានបន្ធូរបន្ថយ និងមានការឆ្លងបន្ថែមទៀត។ សូមជម្រាបថា ច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់ថៃ ត្រូវបានប្រកាសប្រើកាលពីថ្ងៃ២៦ ខែមីនាមកនេះ ដើម្បីផ្តល់អំណាចផ្តាច់មុខដល់រដ្ឋាភិបាល ក្នុងការចេញបទបញ្ជាបិទខ្ទប់ប្រទេស រួមមានបម្រាមគោចរពេលយប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ COVID-19 ហើយច្បាប់នេះ នឹងត្រូវផុតសុពលភាពនៅថ្ងៃទី៣០ ខែមេសានេះ ៕
-
អាជ្ញាធរស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបញ្ជាក់ថា មេដឹកនាំកំពូលកូរ៉េខាងជើងកំពុងដឹកនាំប្រទេសធម្មតា

កូរ៉េខាងត្បូង៖ មន្រ្តីយោធា និងអាជ្ញាធរស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងជឿជាក់ថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននឹងកំពុងបំពេញកិច្ចការរដ្ឋជាធម្មតា ខណៈការអះអាងនេះ កើតឡើងស្របពេលមានការចុះផ្សាយព័ត៌មានជាច្រើនពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោក គីម នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។ នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាមួយចំនួន នៃគណៈកម្មាធិការការពារជាតិនៃរដ្ឋសភាអំពីសុខភាពរបស់លោក គីម នោះ ក្រសួងការពារជាតិ, អគ្គសេនាធិការចម្រុះ និង អាជ្ញាធរស៊ើបការណ៍សម្ងាត់ បានបង្ហាញពីការវាយតម្លៃរបស់ពួកគេដែលថា លោក គីម បានដឹកនាំប្រទេសរបស់លោកជាធម្មតាទេ ។ គួរបញ្ជាក់ផងដែរថា ការអវត្តមានរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ធ្វើឱ្យមានការសង្ស័យថា លោក គីម ឈឺធ្ងន់ ហើយសារព័ត៌មានខ្លះហ៊ានចុះផ្សាយថា លោក គីម បានស្លាប់ ប៉ុន្តែសារព័ត៌មានរដ្ឋកូរ៉េខាងជើងមិនទាន់បានបញ្ជាក់ច្បាស់លាស់ទេ ។ ការសង្ស័យនេះ កើតឡើងបន្ទាប់ពីលោក គីម បានអវត្តន៍មានក្នុងកម្មវិធីជាតិសំខាន់ៗ តែខាងកូរ៉េខាងត្បូងឯណោះវិញបញ្ជាក់ថា លោក គីម សុខភាពល្អទេ ហើយការអវត្តមាននេះ…