Category: ព័ត៌មានអន្តរជាតិ

  • ឡាវពុំទាន់មានករណីកូវីដ១៩ទេ តែប្រកាសមិនឲ្យទេសចរបរទេសចូលប្រទេស

    ឡាវពុំទាន់មានករណីកូវីដ១៩ទេ តែប្រកាសមិនឲ្យទេសចរបរទេសចូលប្រទេស

    នាយករដ្ឋមន្រ្តីឡាវបានប្រកាសឲ្យផ្អាកនូវការផ្តល់ជូនទិដ្ឋាការ ដល់ភ្ញៀវទេសចរបរទេសទាំងអស់ក្នុងរយៈពេល ៣០ថ្ងៃ ព្រមទាំងបានបញ្ជាឲ្យបិទគ្រឹះស្ថានអប់រំ គ្រប់កម្រិតទាំងអស់ផងដែរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ការប្រកាសនេះធ្វើឡើង បើទោះបីជាប្រទេសឡាវពុំទាន់មានករណីកូវីដ១៩ សូម្បីតែ១ករណីក៏ដោយចុះ។ លោក ថុងលួន ស៊ីស៊ូលីត អំឡុងកិច្ចប្រជុំប្រចាំខែនៃគណៈរដ្ឋមន្ត្រីឡាវ កាលពីម្សិលមិញនេះ លើកឡើងថា រាល់ទិដ្ឋាការមកដល់ (Arrival Visa) និងទិដ្ឋាការអេឡិចត្រូនិច (E-Visa) ទាំងអស់ត្រូវបានផ្អាកសម្រាប់បរទេសមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ លោកបន្តថា សម្រាប់អ្នកដែលមានទិដ្ឋាការចូលរួចហើយ ត្រូវនាំមកជាមួយនូវលិខិតបញ្ជាក់សុខភាព និងប្រវត្តិនៃការធ្វើដំណើរជាចាំបាច់។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យបិទ រាល់គ្រឹះស្ថានអប់រំគ្រប់កម្រិតទាំងអស់ ដោយរាប់ចាប់ពីសាលាមត្តេយ្យ រហូតដល់សាកលវិទ្យាល័យតែម្តង ដើម្បីជាវិធានការការពារទុកជាមុន កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺ COVID-19៕

  • ចិនប្រកាសថាលែងមានការឆ្លងកូវីដ១៩ ថ្មី ក្នុងប្រទេសហើយ

    ចិនប្រកាសថាលែងមានការឆ្លងកូវីដ១៩ ថ្មី ក្នុងប្រទេសហើយ

    សារព័ត៌មាន Channelnewsasia បានចេញផ្សាយ ដោយយោងតាមគណៈកម្មការជាតិសុខាភិបាលចិនថា កាលពីម្សិលមិញ ចិនមិនមានករណីឆ្លង COVID-19 ថ្មីនៅក្នុងប្រទេសខ្លួនទេ ដែលនេះគឺជាលើកដំបូងបំផុត ចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩។ យ៉ាងណាក៏ដោយ មានការនាំចូល៣៤ករណីពីក្រៅប្រទេសវិញ។ គណៈកម្មការជាតិសុខាភិបាលចិនបានឱ្យដឹងដែរថា អ្នកជំងឺ COVID-19 ចំនួន៨នាក់បានស្លាប់ សុទ្ធតែអ្នកមកពីក្រុងអ៊ូហាន កាលពីថ្ងៃម្សិលមិញ ធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺនេះកើនដល់ ៣២៤៥នាក់ ក្នុងចំណោមករណីឆ្លងសរុបជាង ៨០៩២៨ករណី។ សម្រាប់ករណីនាំចូលវិញ ក្នុងការឆ្លងនៅឯបរទេសទាំង៣៤ករណី មាន២១ករណី ត្រូវបានគេរកឃើញនៅក្នុងទីក្រុងប៉េកាំង គ្មាននៅខេត្តហ៊ូប៉ី ឬ ទីក្រុងអ៊ូហានទេ៕

  • អង្គការសុខភាពពិភពលោក WHO ព្រមានប្រឆាំងនឹងការប្រើពាក្យថា “មេរោគចិន” ឬ “Chinese virus”

    អង្គការសុខភាពពិភពលោក WHO ព្រមានប្រឆាំងនឹងការប្រើពាក្យថា “មេរោគចិន” ឬ “Chinese virus”

    បរទេស៖ នាយកទទួលបន្ទុកគ្រាមានអាសន្នរបស់អង្គការសុខភាពពិភពលលោក WHO លោក ម៉ៃក៍ រីយ៉ាន បានបញ្ជាក់ថា វាពិតជាសំខាន់ណាស់ដែលយើងត្រូវតែប្រយ័ត្នក្នុងភាសាដែលយើងប្រើ ព្រោះវាអាចនឹងនាំឱ្យមានការប៉ះពាល់ដល់បុគ្គលដែលជាប់ទាក់ទិននឹងបញ្ហាវីរុស នេះបើតាមសារព័ត៌មានចន CGTN នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃក៍ រីយ៉ាន ត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលនៅថ្ងៃទី១៨ ខែមីនានេះ បានប្រើភាសាថា មេរោគចិន ឬ Chinese virus ។ ទន្ទឹមគ្នា នាយកទទួលបន្ទុកគ្រាមានអាសន្នរបស់អង្គការសុខភាពពិភពលលោករូបនេះ បានសង្កត់ធ្ងន់ទៀតថា នេះជាពេលវេលាដែលត្រូវប្រយុទ្ធប្រឆាំងនឹងវីរុសទាំងអស់គ្នា ហើយប្រជាជាតិទាំងអស់ត្រូវតែរួមកម្លាំងគ្នាជាធ្លុងមួយ ប្រសើរជាងការទម្លាក់កំហុស ឬក៏ស្តីបន្ទោសដាក់គ្នាទៅវិញទៅមក ៕

  • រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្ញើកញ្ចប់ថវិកាបន្ទាន់ដល់ប្រជាជនខ្លួន ដើម្បីជួយសេដ្ឋកិច្ចដែលប៉ះពាល់ដោយសារវីរុស COVID-19

    រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្ញើកញ្ចប់ថវិកាបន្ទាន់ដល់ប្រជាជនខ្លួន ដើម្បីជួយសេដ្ឋកិច្ចដែលប៉ះពាល់ដោយសារវីរុស COVID-19

    សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលសហព័ន្ធអាមេរិកនឹងផ្ញើលុយដោយផ្ទាល់ឲ្យបានឆាប់ដល់ពលរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយផលវិបាកផ្នែកសេដ្ឋកិច្ចដែលបណ្ដាលមកពីការឆ្លងរាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោក Steven Mnuchin បាននិយាយនៅពេលលោកចូលរួមជាមួយនឹងលោក ដូណាល់ ត្រាំ ក្នុងសន្និសីទកាសែតមួយថា លោកប្រធានាធិបតីបានណែនាំខ្ញុំឲ្យធ្វើរឿងនេះក្នុងពេលឥឡូវនេះ… យើងនឹងផ្ញើលុយជាសែកធនាគារទៅឲ្យពលរដ្ឋអាមេរិកជាបន្ទាន់ គឺនៅពេលនេះ និងនៅក្នុងពេលពីរសប្ដាហ៍ខាងមុខ ។ គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ចង់ឲ្យសភាអនុម័តលើការបញ្ចូលថវិកា៨៥០ពាន់លានដុល្លារទៀតទៅក្នុងសេដ្ឋកិច្ចជាតិ ដែលក្នុងនោះថវិកាចំនួន២៥០ពាន់លានដុល្លារសម្រាប់កម្ចីរបស់អាជីវកម្មខ្នាតតូច និង៥០ពាន់លានដុល្លារសម្រាប់ជួយដល់ក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាជួយសេដ្ឋកិច្ចស្ថានការណ៍បន្ទាន់ ។ ថវិកាខាងលើនេះ គឺជាការបន្ថែមទៅនឹងកញ្ចប់ថវិកាជាង១០០ពាន់លានដុល្លារផ្សេងទៀត ដែលរដ្ឋសភាទើបបានអនុម័ត ៕

  • នៅសហរដ្ឋអាមេរិក ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងជាង៧ពាន់ ក្នុងនោះមានអ្នកជម្ងឺ១១៧នាក់ស្លាប់

    នៅសហរដ្ឋអាមេរិក ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងជាង៧ពាន់ ក្នុងនោះមានអ្នកជម្ងឺ១១៧នាក់ស្លាប់

    សហរដ្ឋអាមេរិក៖ មជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC បានឱ្យដឹងថា តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់៧.១១១ករណី ក្នុងនោះមាន១១៧នាក់បាត់បង់ជីវិត នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។ ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកជម្ងឺទាំងអស់ មានអ្នកឆ្លងវីរុស៧០ករណី គឺជាពលរដ្ឋធ្វើមាតុភូមនិវត្តន៍មកកាន់សហរដ្ឋអាមេរិក ជាពិសេសគឺពលរដ្ឋអាមេរិក ដែលត្រូវបានជម្លៀសចេញពីកប៉ាល់ ប្រីនសេស ដាយមិន នៅក្នុងប្រទេសជប៉ុន ។ ចំណែកឯអ្នកឆ្លង៧.០៤១ករណីផ្សេងទៀតត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ ។ ហើយគិតត្រឹមថ្ងៃទី១៨ ខែមីនានេះ រដ្ឋទាំង៥០របស់សហរដ្ឋអាមេរិកសុទ្ធតែមានករណីឆ្លងវីរុស COVID-19 បន្ទាប់ពីរដ្ឋ West Virginia បានអះអាងពីការរកឃើញករណីឆ្លងដំបូង ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្នុងចំណោមរដ្ឋទាំង៥០ រដ្ឋញូយ៉ក គឺមានចំនួនអ្នកឆ្លងច្រើនជាងគេរហូតដល់ជាង២.៣៨២ករណី ៕

  • នៅអ៊ីតាលី តួលេខសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនឡើងជិត៣ពាន់នាក់ ក្រោយអ្នកជម្ងឺ៤៧៥នាក់ទៀតបាត់បង់ជីវិត

    នៅអ៊ីតាលី តួលេខសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនឡើងជិត៣ពាន់នាក់ ក្រោយអ្នកជម្ងឺ៤៧៥នាក់ទៀតបាត់បង់ជីវិត

    អ៊ីតាលី៖ សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែមីនានេះបានចុះផ្សាយថា តួលេខសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 បានកើនឡើងជិត៣ពាន់នាក់ បន្ទាប់ពីអ្នកជំងឺប្រមាណ៤៧៥នាក់ទៀតបានស្លាប់ គិតត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលនេះជាអត្រាមរណៈខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ។ បច្ចុប្បន្នចំនួនអ្នកឆ្លងវីរុស COVID-19 សរុបនៅទូទាំងប្រទេសអ៊ីតាលី បានកើនឡើងដល់៣ម៉ឺន៥ពាន់៧១៣ករណី ក្នុងនោះជិត៣ពាន់នាក់ស្លាប់ និង ៤ពាន់នាក់ទៀតជាសះស្បើយ ខណៈមនុស្សស្លាប់ភាគច្រើនបំផុតត្រូវបានគេរាយការណ៍ថា ជាមនុស្សមានវ័យចំណាស់ និងមានជំងឺប្រចាំការ ។ បើតាមមន្រ្តីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលលោក WHO ចំនួនអ្នកស្លាប់កើនឡើងយ៉ាងគំហុកបែបនេះនៅអ៊ីតាលី ក៏ដោយសារតែការខ្វះខាតនៅក្នុងវិស័យសុខាភិបាល ៕

  • នៅបារាំង ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបកើនឡើងដល់៩.១៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៦៤នាក់ស្លាប់

    នៅបារាំង ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបកើនឡើងដល់៩.១៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៦៤នាក់ស្លាប់

    បារាំង៖ គិតត្រឹមរយៈពេល២៤ម៉ោង គឺនៅថ្ងៃទី១៨ ខែមីនានេះ ប្រទេសបារាំងមានអ្នកជំងឺរហូតដល់៨៩នាក់បន្ថែមទៀតបានបាត់បង់ជីវិត និង អ្នកឆ្លងថ្មីៗមានចំនួន១ពាន់៤០៤នាក់ នេះបើតាមសារព័តមាន CNA នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ។ ជាវិធានការទប់ស្កាត់បន្ទាន់នោះ ប្រទេសបារាំងកំពុងស្ថិតនៅក្នុងការបិទទ្វារ សម្រាប់រយៈពេលច្រើនថ្ងៃ ដោយសកម្មភាពនានានៅក្រៅលំនៅឋានត្រូវបាន ណែនាំឲ្យផ្អាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19 ។ បើតាមក្រសួងសុខាភិបាលបារាំង ចំនួនមនុស្សស្លាប់ដោយសារតែវីរុស COVID-19 នៅក្នុងប្រទេស បានកើនឡើង២៦៤នាក់ ក្នុងចំណោមករណីអ្នកឆ្លងសរុប ៩.១៣៤ករណី (កើនឡើង១៨%ក្នុងពេលតែមួយថ្ងៃ) គឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ខណៈអាជ្ញាធរបារាំងបានអះអាងថា អ្នកជំងឺ៩៣១នាក់ទៀតកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ៕

  • លោក ដូណាល់ ត្រាំ អំពាវនាវឱ្យមានការរួបរួមជាតិ ដើម្បីប្រឆាំងនឹងវីរុសCOVID-19 ខណៈវីរុសនេះរាតត្បាតដល់បណ្តារដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិក

    លោក ដូណាល់ ត្រាំ អំពាវនាវឱ្យមានការរួបរួមជាតិ ដើម្បីប្រឆាំងនឹងវីរុសCOVID-19 ខណៈវីរុសនេះរាតត្បាតដល់បណ្តារដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានទទូចឱ្យមានការរួបរួមជាតិ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីជម្ងឺឆ្លង COVID-19 ខណៈដែលមេរោគផ្លូវដង្ហើមថ្មីនេះបានរាតត្បាតដល់បណ្តារដ្ឋទាំង៥០ របស់សហរដ្ឋអាម៉េរិកហើយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ ការអំពាវនាវរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិកលោក ស្ទេវិន ម៉ានូឈីន បានថ្លែងថា សេតវិមានបានបង្ហាញផែនការជម្រុញសេដ្ឋកិច្ចយ៉ាងធំសម្បើមមួយទៅកាន់សភា ហើយបាននឹងកំពុងសម្លឹងមើលការបញ្ជូនការទូទាត់ដោយផ្ទាល់ ទៅឱ្យប្រជាជនអាម៉េរិកទាំងអស់ ក៏ដូចជាផ្តល់ជំនួយដល់ក្រុមហ៊ុនអាកាសចរណ៍ដែលជាប់គាំង ។ សូមជម្រាបថា បើតាមតួលេខចុងក្រោយ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងវីរុស COVID-19 បានកើនឡើងជិត៦ពាន់នាក់ ដោយក្នុងនោះអ្នកជំងឺ១០៥នាក់បានស្លាប់ ខណៈអ្នកឆ្លងវីរុសនៅទូទាំងសកលលោកបានកើនឡើងជិត២០ម៉ឺននាក់ ហើយក្នុងនោះជិត៨ពាន់នាក់បានបាត់បង់ជីវិត ដោយសារជំងឺរាតត្បាតសកលមួយនេះ ៕

  • នៅកូរ៉េខាងត្បូង អ្នកឆ្លងវីរុស COVID-19 កើនឡើងចំនួន៩៣ករណីទៀត ធ្វើឡើងចំនួនអ្នកឆ្លងសរុបកើនដល់៨.៤១៣ករណី

    នៅកូរ៉េខាងត្បូង អ្នកឆ្លងវីរុស COVID-19 កើនឡើងចំនួន៩៣ករណីទៀត ធ្វើឡើងចំនួនអ្នកឆ្លងសរុបកើនដល់៨.៤១៣ករណី

    កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងថ្មីនៃវីរុស COVID-19 ចំនួន៩៣នាក់បន្ថែមទៀតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដែលនេះជាការរក្សានិន្នាការធ្លាក់ចុះនៅក្នុងការឆ្លងមេរោគប្រចាំថ្ងៃ ប៉ុន្តែការព្រួយបារម្ភអំពីការផ្ទុះឡើងថ្មីជាលក្ខណៈចង្កោមតួចៗនៅតែបន្តកើនមាន នេះបើតាមសារព័ត៌ មាន CNA ។ បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ KCDC តួលេខថ្មីខាងលើនេះ បានធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបន្តកើនឡើងដល់៨.៤១៣ករណី ក្នុងនោះមានអ្នកជម្ងឺបាត់បង់ជីវិតរហូតដល់៨៤នាក់ ខណៈអ្នកជម្ងឺច្រើនជាង១.៤០០នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ ។ ទន្ទឹមគ្នា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានថ្លែងថា រូបលោកមានជំនឿចិត្តខ្ពស់ថា កូរ៉េខាងត្បូងនឹងអាចយកឈ្នះលើមេរោគ COVID-19 បាននាពេលដ៏ខ្លីខាងមុខ ខណៈអត្រានៃករណីឆ្លងថ្មីនៅតែបន្តធ្លាក់ចុះ ៕

  • អាជ្ញាធរថៃធ្វើតេស្តរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន៣៥នាក់ទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់២១២ករណី

    អាជ្ញាធរថៃធ្វើតេស្តរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន៣៥នាក់ទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់២១២ករណី

    ថៃ៖ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន៣៥នាក់បន្ថែមទៀត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដែលប្រការនេះ ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសថៃ កើនឡើងដល់២១២ករណី នេះបើតាមសារព័ត៌មាន CNA ផ្អែកលើប្រភពពីមន្រ្តីគ្រប់គ្រងជម្ងឺម្នាក់របស់ថៃ ។ រហូតមកទល់នឹងពេលនេះ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានកត់ត្រាពីករណីស្លាប់លើកដំបូង ចាប់តាំងពីមេរោគ COVID-19 ចាប់ផ្តើមឆ្លងរាតត្បាត ខណៈអ្នកជម្ងឺ៤២នាក់ហើយបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅកាន់លំនៅដ្ឋានវិញ រីឯអ្នកជម្ងឺ១៦៩នាក់ទៀតបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ។ ជាវិធានការទប់ស្កាត់បន្ទាន់នោះ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា រាល់គ្រឹះស្ថានអប់រំគ្រប់ប្រភេទ នឹងត្រូវចាប់ផ្តើមបិទទ្វារចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែមីនាខាងមុខ ដែលនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 នៅទូទាំងប្រទេស ៕