-
ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅប្រទេសថៃ កើនឡើងដល់១៧៧ករណី ក្រោយទើបរកឃើញអ្នកឆ្លងថ្មីចំនួន៣០នាក់ទៀត

ថៃ៖ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានចុះផ្សាយថា តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសថៃ បន្តកើនឡើងដល់១៧៧ករណីហើយ បន្ទាប់ពីទើបរកឃើញករណីឆ្លងថ្មីចំនួន៣០នាក់ទៀត នេះបើតាមលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃ លោក សុខុម កញ្ចណាភីម៉ៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។ លោក សុខុម កញ្ចណាភីម៉ៃ បានលើកឡើងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ខាងលើនេះ មាន១១ករណីជាប់ទាក់ទងនឹងព្រឹត្តិ ការណ៍ប្រកួតកីឡាប្រដាល់មួយនៅទីក្រុងបាងកក និង១៩ករណីទៀត គឺជាអ្នកដែលបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយជនបរទេស ។ សូមជម្រាបថា ភាគច្រើននៃករណីឆ្លងនៅក្នុងប្រទេសថៃ គឺ៧០-៨០ភាគរយត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក ហើយមកទល់នឹងពេលនេះ អ្នកជំងឺឆ្លងវីរុស COVID-19 ម្នាក់បានស្លាប់ និង៤១នាក់ទៀតបានជាសះស្បើយ ៕
-
លោក ដូណាល់ ត្រាំ អះអាងថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្នទំនងជាអូសបន្លាយពេលយូរទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស COVID-19

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រំា បានថ្លែងថា ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន អាចនឹងបញ្ចប់រហូតដល់ចប់រដូវក្ដៅ ឬក៏អាចយូរជាងនេះ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១៦ ខែមីនានេះ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងវីរុស COVID-19 ប្រមាណ៤ពាន់៦រយករណី និងស្លាប់៨៥នាក់ ហើយបើតាមសាកលវិទ្យាល័យ ចនស៍ ហូបឃីនស៍ ករណីឆ្លងនៅទូទាំងពិភពលោក កើនឡើងជាង១៨ម៉ឺននាក់ និងស្លាប់ជាង៧ពាន់១រយនាក់ ។ ជាវិធានការទប់ស្កាត់នោះ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល១៥ថ្ងៃនេះ កុំប្រមូលផ្ដុំ ឬជួបជុំគ្នាចាប់ពីមនុស្ស១០នាក់ឡើងទៅ ហើយត្រូវបញ្ជៀសឱ្យបានការចូលក្លឹបរាត្រី ភោជនីយដ្ឋាន ក្លិបហាត់ប្រាណ ឬកន្លែងដែលមានមនុស្សប្រមូលផ្ដុំគ្នាច្រើន ។ ចំណែកឯមនុស្សចាប់ ឬអ្នកមានជំងឺប្រចាំកាយត្រូវស្ថិតនៅក្នុងផ្ទះ កំឡុងពេលនៃការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ៕
-
ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19 ចាប់ផ្តើមហើយនៅសហរដ្ឋអាម៉េរិក ប៉ុន្តែលទ្ធផលអាចនឹងត្រូវការពេលយូរខែទៀត

សហរដ្ឋអាម៉េរិក៖ ការធ្វើតេស្តវ៉ាក់សាំងលើមនុស្សលើកដំបូង ដើម្បីប្រឆាំងនឹងវីរុស COVID-19 បានចាប់ផ្តើមហើយនៅសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា អ្នកជម្ងឺ០៤នាក់បានទទួលការចាក់ថ្នាំនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ ខាយសឺ ក្នុងទីក្រុងសៀតថល រដ្ឋធានីវ៉ាស៊ីនតោន ។ បើតាមក្រុមអ្នកជំនាញ ការធ្វើតេស្តវ៉ាក់សាំងលើមនុស្សនេះ វានៅត្រូវការពេលយូរខែទៀត ទើបអាចបញ្ជាក់បានថា វាពិតមានប្រសិទ្ធភាព និងមានសុវត្ថិភាព ក្នុងការប្រើប្រាស់ជាទូទៅបាន ។សូមបញ្ជាក់ថា ការធ្វើតេស្ដលើវ៉ាក់សាំងនេះ គឺជាជំហានមួយដ៏សំខាន់សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីបើកផ្លូវឆ្ពោះទៅការធ្វើតេស្ដទ្រង់ទ្រាយធំមួយ បើការធ្វើពិសោធន៍ខាងលើទទួលបានលទ្ធផលល្អ ៕
-
លោក មូន ចេអ៊ីន អះអាងថា កូរ៉េខាងត្បូងនឹងអាចយកឈ្នះលើមេរោគឆ្លង COVID-19 បាននាពេលដ៏ខ្លីខាងមុខនេះ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ថ្លែងថា រូបលោកមានជំនឿចិត្តខ្ពស់ថា កូរ៉េខាងត្បូងនឹងអាចយកឈ្នះលើមេរោគ COVID-19 បាននាពេលដ៏ខ្លីខាងមុខ ខណៈអត្រានៃករណីឆ្លងថ្មីនៅតែបន្តធ្លាក់ចុះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក មូន ចេអ៊ីន ត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងថ្មីៗនៃវីរុស COVID-19 ចំនួន៨៤ករណីបន្ថែមទៀតនៅទូទាំងប្រទេស ដែលវាជាថ្ងៃទីបីជាប់ៗគ្នាហើយ ដែលកូរ៉េខាងត្បូងបានរាយការណ៍ថា មានការឆ្លងប្រចាំថ្ងៃតិចជាង ១០០ករណី ។ បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ KCDC រហូតមកទល់នឹងពេលនេះ ប្រទេសកូរ៉េខាងត្បូងមានអ្នកឆ្លងសរុបចំនួន៨.៣២០ករណី ក្នុងនោះមានអ្នកជំងឺ៨១នាក់ស្លាប់ និង ១.៤០១នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ ៕
-
នៅអ៊ីតាលី តួលេខសរុបនៃអ្នកបាត់បង់ជីវិតដោយសារវីរុស COVID-19 កើនឡើងដល់២.១៥៨នាក់ ក្រោយអ្នកជំងឺ៣៤៩នាក់ទៀតស្លាប់

អ៊ីតាលី៖ អាជ្ញាធរអ៊ីតាលីបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ចំនួន៣៤៩នាក់បន្ថែមទៀត គិតត្រឹមរយៈពេលពេញមួយថ្ងៃទី១៦ ខែមីនា ដែលប្រការនេះបានធ្វើឱ្យចំនួនសរុបនៃអ្នកស្លាប់នៅទូទាំងប្រទេស បន្តកើនឡើងដល់ ២.១៥៨នាក់ នេះបើតាមសារព័ត៌មាន CNA ។ ចំនួនអ្នកជំងឺដែលបានស្លាប់ប្រចាំថ្ងៃ ដោយសារវីរុស COVID-19 ត្រូវបានអាជ្ញាធរអ៊ីតាលី រកឃើញថា បានកើនឡើងទ្វេដងនៅក្នុងរយៈពេល០២ថ្ងៃចុងក្រោយនេះ ខណៈបច្ចុប្បន្នអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះនៅអ៊ីតាលី មានចំនួនសរុប២ម៉ឺន៧ពាន់៩៨០ករណី បើប្រៀបធៀបជាមួយរយៈពេល០៤ថ្ងៃមុន ដែលមានចំនួនតែ ១ម៉ឺន៥ពាន់១១៣ករណី ។ បច្ចុប្បន្នអ៊ីតាលីដែលមានប្រជាជនជាង៦០លាននាក់ កំពុងអនុវត្តន៍វិធានការបិទប្រទេសទាំងមូលរហូតដល់ថ្ងៃទី០៣ ខែមេសាខាងមុខ ខណៈចំនួនអ្នកស្លាប់ និងឆ្លងវីរុស COVID-19 មិនទាន់មានភាពធូរស្រាលសោះ ដែលជាហេតុធ្វើឱ្យប្រទេសអឺរ៉ុបមួយនេះ ក្លាយជាប្រទេសកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ។ ទន្ទឹមគ្នានេះ អង្គការសុខាភាពពិភពលោក WHO បានក៏បានប្រកាសដែរថា អឺរ៉ុបបានក្លាយជាចំណុចកណ្ដាលថ្មីនៃជម្ងឺរាតត្បាតជាសកល COVID-19 ៕
-
ករណីកូវីដ១៩៖ វៀតណាមបន្តបិទក្លិបកម្សាន្ត រោងកុន ហើយសាលារៀនបន្តបិទទ្វារ

វៀតណាម៖ ដោយសារតែបញ្ហារីករាលដាលជំងឺកូវីដ១៩ ថ្មីៗនេះ ទីក្រុងហូជីមិញប្រទេសវៀតណាមបានចេញបញ្ជារឲ្យបិទ រោងកុន ក្លិបកម្សាន្ត ហាងហ្គេម ហាងម៉ាស្សា ហាងខារ៉ាអូខេ ទាំងអស់នៅក្នុងទីក្រុងត្រូវបិទទ្វារឈប់ដំណើរជាបណ្ដោះអាសន្ន ដោយចាប់ផ្តើមបិទ ចាប់ពីថ្ងៃទី១៥ មីនាមក។ ទន្ទឹមនឹងនោះ នឹងពន្យារការចូលរៀនរបស់សិស្សសាលាទាំងអស់ ដល់ថ្ងៃទី៥ ខែមេសា។ ខណៈសិស្សសាលាវៀតណាមទាំងអស់ មិនបានទៅរៀនតាំងពីមុនចូលឆ្នាំចិនមកម្ល៉េះ ដោយសារវីរុសខាងលើ។ សកម្មភាពខាងលើ ត្រូវបានរដ្ឋាភិបាលបញ្ចេញមក នៅពេលប្រទេសមួយនេះ មានអ្នកឆ្លងរោគកូរ៉ូណាថ្មីដល់ទៅ ៥៥នាក់ ព្យាបាលជាដាច់ ១៦នាក់៕
-
ប្រធានអង្គការសុខភាពពិភពលោក WHO ជំរុញឲ្យធ្វើតេស្តរកមេរោគ COVID-19 ខណៈសហភាពអឺរ៉ុបកំពុងពិចារណាបិទទ្វារ៣០ថ្ងៃ

ស្វីស៖ សារព័ត៌មាន Channel News Asia បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនានេះថា ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានប្រាប់ឲ្យគ្រប់ប្រទេសបង្កើនការធ្វើតេស្តលើអ្នកសង្ស័យឆ្លងវីរុស COVID-19 ឲ្យបានកាន់តែខ្លាំងក្លាជាងមុន ខណៈបណ្តាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុបកំពុងតែបង្កើនការបិទទ្វាររបស់ពួកគេ ហើយទ្វារនៃសហភាពអឺរ៉ុបទាំង មូលអាចនឹងត្រូវបិទតែម្តងនៅក្នុងពេលឆាប់ៗនេះ ។ ការកត់សម្គាល់បែបនេះរបស់លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១៦ម៉ឺន៨ពាន់នាក់នៅក្នុងប្រទេសចំនួនជិត១៦០ ខណៈមនុស្សស្លាប់ដោយសារជំងឺរាតត្បាតសកលនេះវិញ ក៏បានកើនឡើងដល់ ៦ពាន់៥រយនាក់ផងដែរ ។ ជាវិធានការទប់ស្កាត់នោះ សហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេសកំពុងតែពិភាក្សាអំពីការបិទទ្វារទាំងអស់តែម្តង សម្រាប់រយៈ៣០ថ្ងៃមិនឲ្យជនបរទេសចូល ដោយសារតែតំបន់នេះត្រូវបានចាត់ទុកថា ជាចំណុចស្នូលថ្មីនៃការរីករាលដាលនៃវីរុស COVID-19 ទៅកាន់ពិភពលោក បន្ទាប់ពីចិនបានធូរស្រាល ៕
-
បារាំងប្រកាសបិទប្រទេស និងអំពាវនាវឱ្យប្រជាជនសង្ងំក្នុងផ្ទះ ដើម្បីទប់ទល់ការរាតត្បាតនៃមេរោគ COVID-19

បារាំង៖ រដ្ឋាភិបាលបារាំងបានសម្រេចបិទប្រទេសទាំងស្រុង ឈប់ឱ្យប្រជាជនចេញពីផ្ទះ លើកលែងតែករណីចាំបាច់បំផុត ដែលវិធានការដ៏តឹងរ៉ឹងនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរីករាតត្បាតនៃមេរោគ COVID-19 នេះបើតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៦ ខែមីនានេះ បានចេញមុខថ្លែងសារដោយផ្ទាល់ទៅកាន់ប្រជាជនបារាំងសារជាថ្មីម្តងទៀត ជុំវិញវិធានការថ្មី ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 ។ ទន្ទឹមគ្នា លោក ម៉ាក្រុង បានប្រកាសឲ្យប្រជាជនទាំងអស់នៅទូទាំងប្រទេស ស្ថិតនៅតែក្នុងផ្ទះ ដោយហាមមិនឲ្យធ្វើដំណើរចេញក្រៅផ្ទះ លើកលែងតែក្នុងករណីចាំបាច់បំផុត ។ លោក ម៉ាក្រុង ក៏បានថ្លែងអំពាវនាវម្តងហើយម្តងទៀតថា បារាំងនៅពេលនេះ កំពុងស្ថិតក្នុងស្ថានភាពសង្រ្គាម គឺសង្រ្គាមទល់នឹងវីរុស COVID-19 ។ សូមបញ្ជាក់ថា ប្រទេសបារាំងកំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាតត្បាតនៃជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ហើយបើតាមរបាយការណ៍នោះ បារាំង មានអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ៥ពាន់៤៣៧នាក់ ដោយក្នុងនោះមានអ្នកជម្ងឺ១២៧នាក់ហើយបានបាត់បង់ជីវិត ៕…
-
នៅអ៊ីរ៉ង់ តួលេខសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 កើនឡើងដល់៨៥៣នាក់ ខណៈអ្នកឆ្លងសរុបកើនដល់១៤.៩៩១នាក់

អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនានេះថា បើតាមអាជ្ញាធរអ៊ីរ៉ង់ អ្នកជំងឺឆ្លងវីរុស COVID-19 ចំនួន១២៩នាក់បន្ថែមទៀតបានបាត់បង់ជីវិត។ បើបូកបន្ថែមតួលេខថ្មីខាងលើនេះ បានធ្វើឲ្យចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេស កើនឡើងដល់៨៥៣នាក់ ហើយករណីអ្នកឆ្លងក៏បានកើនឡើងដល់ជាង១ម៉ឺន៤ពាន់៩៩១នាក់ផងដែរ បន្ទាប់ពីករណីឆ្លងចំនួន១ពាន់៥៣នាក់ត្រូវបានទទួលស្គាល់ ។ គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានប្រកាសពីការរកឃើញករណីអ្នកឆ្លងដំបូង កាលពីថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅហើយជាវិធានការទប់ស្កាត់ការឆ្លងមេរោគ COVID-19នោះ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានអំពាវនាវឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះដូចទៅនឹងបណ្តាប្រទេសដទៃទៀតផងដែរ ៕
-
រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសបិទប្រទេសរយៈពេល០២សប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានថ្លែងថា ប្រទេសរបស់លោកនឹងហាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរចេញក្រៅប្រទេស ហើយហាមឃាត់ជនបរទេសទាំងអស់ចូលមកក្នុងប្រទេស សម្រាប់រយៈពេល០២សប្ដាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី១៨ ខែមីនាតទៅ នេះបើតាមសារព័ត៌មាន CNA ។ ចំណែកឯពិធីជួបជុំនៅតាមទីសាធារណៈ សកម្មភាពនានានៅក្នុងប្រទេសទាំង មូល មានដូចជាព្រឹត្តិការណ៍សាសនា ជំនួបកីឡា សកម្មភាពវប្បធម៌ និងសង្គម នឹងត្រូវបានផ្អាកជាបណ្ដោះអាសន្ន ។ នាឱកាសថ្លែងទៅកាន់ប្រជាជាតិម៉ាឡេស៊ី តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី១៦ ខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបាននិយាយថា បទបញ្ញត្តិទាំងនេះ គឺជាផ្នែកមួយនៃការរឹតត្បិតការធ្វើដំណើរ ដែលអនុម័តដោយរដ្ឋាភិបាលម៉ាឡេស៊ី ក្នុង គោលបំណងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរាយការណ៍ពីការរកឃើញអ្នកឆ្លងថ្មីនៃវីរុស COVID-19 ចំនួន១២៥នាក់ទៀត ក្នុងនោះមាន៩៥ករណីមានជាប់ទាក់ទងជាមួយនឹងពិធីជួបជុំលក្ខណៈសាសនា ដែលបានប្រព្រឹត្តទៅនៅព្រះវិហារអ៊ីស្លាមមួយកន្លែង ស្ថិតក្នុងតំបន់ ស្រ៊ី ផេថាលីង ទីក្រុងគូឡាំឡាំពួរ ។ បើធ្វើការបូកបន្ថែមនឹងករណីថ្មីនេះ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅម៉ាឡេស៊ីបានកើនដល់៥៥៣ករណី ក្នុងនោះអ្នកជំងឺជាង៤០នាក់បានជាសះស្បើយ…