-
រដ្ឋាភិបាលអេស្ប៉ាញសម្រេចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃ ដោយសារការរាលដាលខ្លាំងនៃមេរោគ COVID-19

អេស្ប៉ាញ៖ សារព័ត៌មានរ៉យទ័របានចេញផ្សាយនៅថ្ងៃទី១៤ ខែមីនានេះថា រដ្ឋាភិបាលអេស៉្បាញបានសម្រេចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃ ហើយថែមទាំងចេញបញ្ជាអោយបិទ ឬ ផ្អាកជាបណ្តោះអាសន្ន នូវបណ្តាហាងនានា ក្លឹបកំសាន្ត ភោជនីយដ្ឋាន និងរោងចក្រតម្លើងរថយន្ត ព្រមទាំងការដង្ហែក្បួននៃពិធីបុណ្យ Easter ដែលបានគ្រោងទុក ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគឆ្លង COVID-19 ។ ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ភេដ្រូ សាន់ឆេស ក៏បានព្រមានថា ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសអាចនឹងសន្ទុះឡើងហួសពី១ម៉ឺននៅសប្តាហ៍ក្រោយ ។ ហើយជាវិធានការទប់ស្កាត់នោះ នាយករដ្ឋមន្រ្តីអេស៉្បាញរូបនេះ បានទទូចឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នកាន់ តែខ្លាំង និង ចូលរួមចំណែកទាំងអស់គ្នា ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ ។ សូមបញ្ជាក់ផងដែរថា រហូតមកទល់នឹងពេលនេះ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់៤.៣៣៤ករណី ក្នុងនោះអ្នកជំងឺ១១២នាក់បានស្លាប់ ៕
-
ប្រធានអង្គការសុខភាពពិភពលោកប្រកាសចាត់ទុកទ្វីបអឺរ៉ុប ជាចំណុចកណ្តាលថ្មីនៃមេរោគឆ្លង COVID-19

ស្វីស៖ សហភាពអឺរ៉ុបពេលនេះ បានក្លាយជាចំណុចកណ្តាលថ្មីនៃវីរុស COVID-19 ដែលត្រូវបានចាត់ទុកជាជំងឺរាតត្បាតជាសកល ព្រោះនៅតំបន់នេះ មានអ្នកឆ្លង និងស្លាប់សរុបច្រើនជាងតំបន់ដទៃទៀតនៅជុំវិញពិភពលោក ។ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១៣ ខែមីនានេះ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសុខភាពពិភពលោក WHO មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ រហូតមកទល់ពេលនឹងពេលនេះ តួលេខករណីឆ្លងថ្មីៗនៅក្នុងប្រទេសចិន ដែលពីដំបូងឡើយជាចំណុចកណ្តាលនៃការរីករាលដាលវីរុស COVID-19 គឺមានមិនដល់១០ឡើយក្នុងមួយថ្ងៃ ហើយចំនួនអ្នកស្លាប់ថ្មីក៏ដូចគ្នាដែរ ប៉ុន្តែបែរនៅតាមប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុបវិញ ជាពិសេសអ៊ីតាលី ករណីអ្នកឆ្លង និងស្លាប់បានកើនឡើងយ៉ាងគំហុក ៕
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឱ្យបុគ្គលិកទាំងអស់ ធ្វើការងារតាមអនឡាញរយៈពេលមួយខែ ដើម្បីទប់ស្កាត់ការឆ្លងវីរុស COVID-19

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស នៅថ្ងៃទី១៣ ខែមីនានេះ បានសម្រេចឲ្យបុគ្គលិកទាំងអស់ធ្វើការងារតាមប្រព័ន្ធទូរគមនាគមន៍ ឬអនឡាញវិញ ដើម្បីកុំឲ្យមានកណីរឆ្លងរាលដាលនៃវីរុស COVID-19 ។ ការសម្រេចចិត្តបែបនេះរបស់លោក ហ្គួទែរែស ត្រូវបានធ្វើឡើងបន្ទាប់ពីស្ត្រីម្នាក់ដែលជាមន្ត្រីទូតហ្វីលីពីនប្រចាំនៅអង្គការសហប្រជាជាតិ ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកវីរុស COVID-19 ហើយនេះគឺជាករណីឆ្លងដំបូងបំផុតនៅឯទីស្នាក់ការកណ្តាលរបស់អង្គការពិភពលោកមួយនេះ ស្ថិតក្នុងទីក្រុងញូយ៉ក សហរដ្ឋម៉េរិក ។ លោក អាន់តូនីញ៉ូ ហ្គួទែរែស បាននិយាយថា លោកបានសម្រេចចិត្តរួចហើយ គឺចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បុគ្គលិកទាំងអស់ត្រូវបានតម្រូវឲ្យធ្វើកិច្ចការតាមប្រព័ន្ធតេឡេខម ឬ អនឡាញពីចម្ងាយវិញ លុះត្រាតែមានករណីចាំបាច់បំផុត ទើបពួកគេអាចមកបំពេញកិច្ចការងារនៅការិយា ល័យក្នុងទីក្រុងញូយ៉ក និងនៅជុំវិញពិភពលោក ៕
-
ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅអាល្លឺម៉ង់កើនឡើងដល់០៥នាក់ ខណៈអ្នកឆ្លងសរុបមានចំនួន២.៣៦៩ករណី

អាល្លឺម៉ង់៖ អាជ្ញាធរអាល្លឺម៉ង់បានរាយការណ៍ពីករណីស្លាប់ចំនួន០២នាក់ បន្ថែមទៀត ដែលប្រការនេះ បាននាំឱ្យតួលេខសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទស បន្តកើនឡើងដល់០៥នាក់ នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងអាល្លឺម៉ង់ ចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។ ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសអាល្លឺម៉ង់ ក៏បានបន្តកើនឡើងដល់២.៣៦៩ករណីផងដែរ បន្ទាប់ពីទើបរកឃើញករណីឆ្លងថ្មីចំនួន៨០២ករណីបន្ថែមទៀតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះបើតាមទីភ្នាក់ងារស្រង់ស្ថិតិរបស់អាល្លឺម៉ង់ ។ សូមរំលឹកថា អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានលើកឡើងថា អទិភាពចម្បងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ គឺការកាត់បន្ថយការរីករាលដាលនៃមេរោគ COVID-19 ខណៈដែលប្រជាជនអាល្លឺម៉ង់ចាប់ពី ៦០ ទៅ ៧០ភាគរយ អាចនឹងឆ្លងជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ៕
-
តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅកូរ៉េខាងត្បូងកើនឡើងដល់៧.៩៧៩ករណី ក្រោយទើបរកឃើញអ្នកឆ្លង១១០ករណីបន្ថែមទៀត

កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានធ្វើសេចក្តីរាយការណ៍ពីករណីឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន១១០ករណីបន្ថែមទៀត ដែលប្រការនេះបានធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងវីរុសនេះនៅទូទាំងប្រទេស បន្តកើនឡើងដល់៧.៩៧៩ករណី នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជម្ងឺឆ្លងកូរ៉េខាងត្បូង KCDC នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។ ប្រភពខាងលើនេះបានឱ្យដឹងទៀតថា តួលេខសរុបនៃអ្នកជំងឺបាត់បង់ជីវិតដោយសារមេរោគ COVID-19 ក៏បានបន្តកើនឡើងដល់៦៧នាក់ផងដែរ ដែលភាគច្រើនជាមនុស្សចាស់ជរា និងមានជំងឺប្រចាំកាយស្រាប់ ។ស្របពេលជាមួយគ្នានោះដែរ ចំនួនសរុបនៃអ្នកជម្ងឺជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យវិញ ក៏បានកើនឡើងដល់១៧៧នាក់ផងដែរ នេះបើតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូង KCDC ៕
-
ចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 នៅប្រទេសចិន មានចំនួន១.៣១៨នាក់បន្ថែមទៀត ក្នុងនោះមានអ្នកឆ្លង២០ករណី និងស្លាប់០៧នាក់ប៉ុណ្ណោះ

ចិន៖ គណៈកម្មការសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ឱ្យដឹងថា ចំនួនអ្នកជាសះស្បើយពីមេរោគ COVID-19 ក្នុងរយៈពេលពេញមួយថ្ងៃទី១២ ខែមីនានេះ មានចំនួនរហូតដល់១.៣១៨នាក់បន្ថែមទៀតនៅទូទាំងប្រទេសចិន នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ អត្រាអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសចិន ហាក់ដូចជាមានការថមថយច្រើនខ្លាំងនារយៈពេលចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយសម្រាប់ប្រទេសចិន ។ ដោយឡែកនៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ គណៈកម្មការសុខាភិបាលចិន ក៏បានបញ្ជាក់ដែរថា ក្នុងចំណោមអ្នកឆ្លងវីរុសCOVID-19 ទាំង៨ម៉ឺន៨១៣នាក់នៅទូទាំងប្រទេស សរុបមានចំនួន៦ម៉ឺន៤ពាន់១១១នាក់បានជាសះស្បើយឡើងវិញ ខណៈអ្នកជំងឺសរុប៣ពាន់១៧៦នាក់ស្លាប់ ។ តាមរយៈតួលេខនេះ មានករណីឆ្លង វីរុស COVID-19 ថ្មីៗបន្ថែមចំនួន២០នាក់ និង អ្នកជំងឺដែលបានស្លាប់០៧នាក់ប៉ុណ្ណោះ ៕
-
ចំនួនអ្នកឆ្លងវីរុស COVID-19 នៅសហរដ្ឋអាម៉េរិកកើនឡើងដល់១.៦០០ករណី ក្នុងនោះមានអ្នកជំងឺស្លាប់៤១នាក់

សហរដ្ឋអាម៉េរិក៖ រដ្ឋ Kansas បានចេញសេចក្តីប្រកាសអំពីករណីស្លាប់ជាលើកដំបូង ដែលបង្កឡើងដោយសារវីរុស COVID-19 នៅថ្ងៃទី១២ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដែលប្រការនេះ បានធ្វើឱ្យចំនួនអ្នកបាត់បង់ជីវិតសរុបកើនឡើងដល់៤១នាក់ ខណៈអ្នកឆ្លងសរុបនៅទូទាំងសហរដ្ឋអាម៉េរិកក៏បានកើនឡើងដល់១.៦០០ករណីផងដែរ នេះបើតាមសារព័ត៌មាន CGTN ។ ស្ត្រីម្នាក់ដែលជាមន្ត្រីទូតហ្វីលីពីនប្រចាំនៅអង្គការសហប្រជាជាតិ (UN) ត្រូវបានគេធ្វើតេស្ដិ៍រកឃើញផ្ទុកវីរុស COVID-19 ហើយនេះគឺជាករណីឆ្លងដំបូងបំផុតនៅឯទីស្នាក់ការកណ្តាលរបស់អង្គការពិភពលោកមួយនេះ ស្ថិតក្នុងទីក្រុងញូយ៉ក សហរដ្ឋម៉េរិក ។ ជាវិធានការទប់ស្កាត់នោះ បណ្តារដ្ឋធំៗចំនួន០៣របស់សហរដ្ឋអាម៉េរិក ក្នុងនោះរួមមាន New York, Montana និង Virginia បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន ដោយសារការរីករាលដាលខ្លាំងឡើងនៃវីរុស COVID-19 ។ ហើយបើគិតរហូតមកទល់នឹងពេលនេះ រដ្ឋសរុបចំនួន២៤ និងរដ្ឋធានីវ៉ាស៊ីនតោនផងនោះ បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ។ ជាមួយគ្នានោះ លោក ដូណាល់ ត្រាំ ក៏បានប្រកាសផ្អាករាល់ការធ្វើដំណើរទាំងអស់មកពីអឺរ៉ុបចូលក្នុងសហរដ្ឋអាម៉េរិករយៈពេល៣០ថ្ងៃផងដែរ ដែលប្រការនេះ ធ្វើឱ្យបណ្តាមេដឹកនាំអឺរ៉ុបចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ៕ …
-
ប្រធានាធិបតីប្រេស៊ីលធ្វើតេស្តិ៍រកមេរោគ COVID-19 បន្ទាប់ពីទៅជួបជាមួយលោក ដូណាល់ ត្រាំ អំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក

ប្រេស៊ីល៖ សារព័ត៌មាន U.S.NEWS ផ្អែកលើប្រភពពីផ្សព្វផ្សាយក្នុងស្រុកប្រេស៊ីលបានរាយការណ៍ថា ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ ត្រូវបានធ្វើតេស្ដរកវីរុស COVID-19 ក្រោយរូបលោកទើបជួបជាមួយសមភាគីអាមេរិកលោក ដូណាល់ ត្រាំ និងបន្ទាប់ពីមន្រ្តីជំនិតរបស់លោកម្នាក់ធ្វើតេស្តរកឃើញមានផ្ទុកមេរោគនេះ ។ ប្រភពខាងលើនេះបានឱ្យដឹងទៀតថា លោក បូលសូណារ៉ូ ត្រូវបានធ្វើតេស្ដរកវីរុស COVID-19 និងកំពុងរង់ចាំលទ្ធផលក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខទៀតនេះ ក្រោយមន្ត្រីលេខាផ្នែកទំនាក់ទំនងរបស់លោក គឺលោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន ដែលបានអមដំណើររូបលោកទៅបំពេញទស្សនកិច្ចទៅកាន់រដ្ឋផ្លូរីដា និងទទួល ទានអាហារពេលល្ងាចជាមួយលោក ដូណាល់ ត្រាំ នៅឯរម្មណីយដ្ឋាន ម៉ាអាឡាហ្គោ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកមេរោគនេះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។ បច្ចុប្បន្ននេះ មន្ត្រីលេខាផ្នែកទំនាក់ទំនងប្រេស៊ីល លោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន ត្រូវបានគេធ្វើតេស្តិ៍រកវីរុស COVID-19 ជាលើកទីពីរ ដើម្បីបញ្ជាក់អោយកាន់តែច្បាស់ ៕
-
ថៃនឹងធ្លាក់ចុះចំនួនទេសចរបរទេស ៣៣លាននាក់ក្នុងឆ្នាំនេះ ព្រោះតែកូវិត១៩

ក្រសួងទេសចរណ៍ថៃបានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរបរទេសមកលេងក្នុងប្រទេសនឹងធ្លាក់ចុះមកនៅត្រឹម៦លាននាក់ ក្នុងឆ្នាំ២០២០នេះ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវិត១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃនេះ។ គួររម្លឹកថា កាលពីឆ្នាំ២០១៩ ថៃទទួលបានទេសចរអន្តរជាតិ៣៩លាននាក់ ចំណូលចាក់បញ្ជូលទៅក្នុងសេដ្ឋកិច្ចជាតិជាង៦០ពាន់លានដុល្លារអាម៉េរិក ហើយបានក្លាយជាប្រភពចំណូលដ៏ធំលំដាប់ទី៥ នៃចំណូលជាតិទាំងមូល។ ដោយសារតែបញ្ហាជំងឺកូវិត១៩នេះ បានធ្វើឲ្យប៉ះពាល់ខ្លាំង ចំពោះអាជីវកម្មនានា បំរើដល់វិស័យទេសចរថៃ។ក្នុងចំណោមទេសចរបរទេស៣៩លាននាក់ ដែលមកកម្សាន្តនៅថៃកាលពីឆ្នាំមុននោះ មានទេសចរចិន ជាង១០លាននាក់៕
-
ក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុន បដិសេធមិនដំឡើងប្រាក់ខែគោល ដោយសារផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងដោយមេរោគ COVID-19

ជប៉ុន៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគ COVID-19 ក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកផងនោះ ក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនបានរឹតបន្តឹងខ្សែក្រវាត់ប្រាក់ឈ្នួលប្រចាំឆ្នាំដែលមានឥទ្ធិពលជាមួយសហជីព នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ជប៉ុន ។ ក្រុមហ៊ុន Toyota Motor Corp បានលើកឡើងថា ខ្លួនបានយល់ព្រមផ្តល់ឲ្យកម្មករនូវការតម្លើងប្រាក់ខែជាមធ្យម ដែលទាបជាងការដំឡើងកាលពីឆ្នាំមុន ២០ភាគរយ ។ ជាមួយគ្នានេះ ប្រាក់ខែគោលនឹងមិនកើនឡើងជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំទេ ។ អ្នកផលិតដែកថែបធំៗបានធ្វើតាម ហើយមិនបានដំឡើងប្រាក់ខែគោល ដែលប្រការនេះបានគំរាមកំហែងដល់គោលដៅខ្ពស់របស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក្នុងការបង្កើតវដ្តកំណើនទ្រទ្រង់ខ្លួនឯង ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃគោលនយោបាយ Abenomics របស់លោក ដើម្បីជំរុញសេដ្ឋកិច្ចប្រទេស ។ អភិបាលធនាគារជប៉ុន BOJ លោក Haruhiko Kuroda បាននិយាយថា លោកនឹងឃ្លាំមើលលទ្ធផលនៃកិច្ចចរចាប្រាក់ឈ្នួលសម្រាប់តម្រុយអំពីនិន្នាការអតិផរណា ចំពេលមានការរំពឹងទុកថា ធនាគារកណ្តាលអាចពង្រីកសកម្មភាពរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីកាត់បន្ថយការខូចខាតសេដ្ឋកិច្ចដោយសារការរាលដាលនៃមេរោគ COVID-19 ៕