-
ផ្សារហ៊ុនអឺរ៉ុបដាំក្បាលចុះ ដោយសារការបរាជ័យរបស់ធនាគារកណ្ដាលអ៊ឺរ៉ុប ចំពោះការចាត់វិធានការទប់ស្កាត់វិបត្តិ ដែលបង្កឡើងដោយសារមេរោគ COVID-19

អង់គ្លេស៖ ទីផ្សារភាគហ៊ុនអ៊ឺរ៉ុបបានដាំក្បាលចុះ នៅថ្ងៃទី១៣ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដោយសារការព្រួយបារម្ភពីការឆ្លងមេរោគ COVID-19 និង វិធានការណ៍ដែលបានដាក់ចេញដោយធនាគារកណ្តាលអ៊ឺរ៉ុប (ECB) ដើម្បីទប់ស្កាត់ការប៉ះទង្គិចពីវិបត្តិនេះពុំមានប្រសិទ្ធភាព នេះបើតាមសារព័ត៌មាន CNN ។ ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) បានលើកឡើងថា ខ្លួននឹងបង្កើនការទិញដូរសញ្ញាបណ្ណ (bond) ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច និង ចូលរួមជាមួយអ្នកធ្វើគោលនយោបាយនៅជុំវិញពិភពលោក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីជំងឺរាតត្បាតជាបន្ទាន់ ។ប៉ុន្ដែការចាត់វិធានការបែបនេះ បែរជាធ្វើឱ្យទីផ្សារធ្លាក់ចូលទៅក្នុងវិបត្តិទៅវិញ ហើយធ្លាក់ចូលជ្រៅបន្ដទៅទៀត បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសបិទជើងហោះហើរទាំងចេញ និង ចូលសហរដ្ឋអាម៉េរិកពីប្រទេសទាំងអស់ ក្នុងទ្វីបអ៊ឺរ៉ុបរយៈពេល ៣០ ថ្ងៃ លើកលែងចក្រភពអង់គ្លេស ៕
-
បារម្ភពីកូវិត ប្រទេសហ្វីលីពីន ប្រកាសបិទរដ្ឋធានីម៉ានីឡា បិទសាលារៀនរយៈពេលមួយខែ

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសដាក់ចេញនូវផែនការមួយចំនួនក្នុងនោះរួមមានទាំង ការបិទរដ្ឋធានីម៉ានីល ដែលមានប្រជាជនរស់នៅ ១២លាននាក់ផងដែរ ជាវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិហ្វីលីពីនតាមកញ្ចក់ទូរទស្សន៍ កាលពីម្សិលមិញ លោក ឌូតើតេ បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាការបិទរដ្ឋធានី ហើយវាគ្រាន់តែជាវិធានាការបង្ការ និងការពារអ្នកទាំងអស់គ្នាពី COVID-19 ប៉ុណ្ណោះ។ លើសពីនេះទៅទៀត លោក ឌូតើតេ ក៏បានប្រកាសដែរថា សាលារៀននឹងត្រូវបិទទ្វាររយៈពេលមួយខែ ហាមការប្រមូលផ្ដុំគ្នា រីឯជនបរទេសដែលមកពីតំបន់ ឬប្រទេសមានករណីឆ្លង COVID-19 ធ្ងន់ធ្ងរក៏ត្រូវបានហាម ចូលមកក្នុងប្រទេសហ្វីលីពីនផងដែរ។យ៉ាងណាក៏ដោយ មិនទាន់មានសេចក្ដីរាយការថា តើវិធានការខាងលើនឹងត្រូវចូលជាធរមាន នៅពេលណានោះទេ ប៉ុន្តែលោក ឌូតើតេ បានអះអាងថា ការហាមឃាត់ការធ្វើដំណើរនៅក្នុងស្រុកតាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោកនៅក្រៅទីក្រុងម៉ានីល នឹងចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ បច្ចុប្បន្ន ហ្វីលីពីនមានចំនួនអ្នកឆ្លង COVID-19 សរុប៥២ករណី ក្នុងនោះអ្នកជំងឺ ០៥នាក់ស្លាប់៕
-
មន្រ្តីរដ្ឋាភិបាលប្រេស៊ីលម្នាក់ ដែលទើបជួបជាមួយលោក ដូណាល់ ត្រាំ ធ្វើតេស្តរកឃើញមានផ្ទុកវីរុស COVID-19

ប្រេស៊ីល៖ មន្រ្តីរដ្ឋាភិបាលប្រេស៊ីលម្នាក់ត្រូវបានធ្វើតេស្តិ៍រកឃើញមានផ្ទុកមេរោគ COVID-19 បន្ទាប់ពីរូបគេទើបចូលរួមកិច្ចប្រជុំផ្លូវការមួយ និងឈរថតរូបជាប់ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅឯរម្មណីយដ្ឋានរបស់លោក ត្រាំ ក្នុងរដ្ឋផ្លូរីដា កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន នេះបើតាមសារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។ តាមរយៈរូបភាពបង្ហោះលើបណ្តាញសង្គម លោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន បានឈរថតរូបដោយស្ថិតនៅជាប់នឹងលោក ដូណាល់ ត្រាំ ហើយអនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន ក៏មានវត្តមានដែរ ដោយលោកឈរនៅក្បែរលោក ដូណាល់ ត្រាំ ដូចគ្នា ។បើតាមសារព័ត៌មានប្រេស៊ីលនោះ លោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន គឺជាមន្ត្រីលេខាធិការទំនាក់ទំនងរបស់ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ និង ដែលបានអមដំណើររូបលោកបំពេញទស្សនកិច្ចទៅកាន់រដ្ឋ ផ្លរីដា និងទទួល ទានអាហារពេលល្ងាចជាមួយលោក ត្រាំ នៅឯរម្មណីយដ្ឋាន…
-
សមាជិកសភាអាម៉េរិកម្នាក់ព្យាករណ៍ថា ពលរដ្ឋខ្លួនចាប់ពី៧០ដល់១៥០លាននាក់នឹងឆ្លងមេរោគ COVID-19 បើសិនការទប់ស្កាត់គ្មានប្រសិទ្ធភាព

សហរដ្ឋអាម៉េរិក៖ ការព្យាករណ៍មួយដែលត្រូវបានបញ្ជូនទៅកាន់សភាអាម៉េរិក បានឲ្យដឹងនៅថ្ងៃទី១២ ខែមីនានេះថា ពលរដ្ឋអាម៉េរិកចន្លោះពី៧០ដល់១៥០លាននាក់អាចនឹងត្រូវឆ្លងមេរោគ COVID-19 បើសិនការទប់ស្កាត់វីរុសនេះ គ្មានប្រសិទ្ធភាពទេនោះ នេះបើតាមសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។ អ្នកព្យាករណ៍ខាងលើនេះ ត្រូវបានសារព័ត៌មាន អាកស៊ីយ៉ូស រាយការណ៍ថា ជាវេជ្ជបណ្ឌិតមួយរូបឈ្មោះ ប្រាយអ៊ែន ម៉ូណាហាន ដែលបានបញ្ជូនលទ្ធផលព្យាករណ៍ទៅកាន់ព្រឹទ្ធសភា កាលពីថ្ងៃទីទី១១ ខែមីនា ចំពេលមានការរីករាលដាលខ្លាំងនៃជំងឺរលាកសួតនេះនៅសហរដ្ឋអាម៉េរិក ។ ការព្យាករណ៍នេះទៀតសោត បានកើតមានឡើងស្របពេលដែលនៅទូទាំងសហរដ្ឋអាម៉េរិក គិតត្រឹមថ្ងៃទី១៣ ខែមិនានេះ មានអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១ពាន់៦រយករណី ក្នុងនោះអ្នកជំងឺ៤០នាក់បាត់បង់ជីវិត ៕
-
ភរិយានាយករដ្ឋមន្ត្រីកាណាដាលោកស្រី សូហ្វី ហ្រ្គេហ្គ័រ ត្រូវបានក្រុមជំនាញធ្វើតេស្តរកឃើញមានផ្ទុកមេរោគ COVID-19

កាណាដា៖ ភរិយារបស់នាយករដ្ឋមន្ត្រីកាណាដា លោកស្រី សូហ្វី ហ្រ្គេហ្គ័រ ត្រូវបានក្រុមអ្នកជំនាញធ្វើតេស្តរកឃើញមានផ្ទុកមេរោគ COVID-19 ខណៈដែលលទ្ធផលធ្វើតេស្តលើស្វាមីលោកស្រី គឺលោក ចាស្ទីន ទ្រូដូ មិនត្រូវបានបង្ហាញនោះទេ នេះបើតាមសារព័ត៌មានអូស្ត្រាលី 7 News ។ បច្ចុប្បន្ន នាយករដ្ឋមន្រ្តីកាណាដា លោក ចាស់ស្ទីន ទ្រូដូ កំពុងស្ថិតក្រោមការអនុវត្តន៍វិធានការនៅដាច់ដោយឡែកពីគេឯង បន្ទាប់ពីភរិយារបស់លោក គឺលោកស្រី សូហ្វី ហ្រ្គេហ្គ័រ ត្រូវបានក្រុមអ្នកជំនាញធ្វើតេស្តិ៍រកឃើញមានផ្ទុកមេរោគ COVID-19 បន្ទាប់ពីអ្នកទាំងពីរទើបតែត្រឡប់មកពីចក្រភពអង់គ្លេស ។ បើតាមការណែនាំពីក្រុមវេជ្ជបណ្ឌិតនោះ ពួកគេអនុញ្ញាតឲ្យលោកនាយករដ្ឋមន្រ្តី ចេញទៅបំពេញការងារប្រចាំថ្ងៃជាធម្មតា ដោយសារតែលោកមិនបានបង្ហាញរោគសញ្ញាអ្វីនោះទេ ប៉ុន្តែដើម្បីជាការប្រុងប្រយ័ត្នខ្ពស់នោះ លោក ទ្រូដូ ផ្ទាល់បានស្ម័គ្រចិត្តស្ថិតនៅក្នុងគេហដ្ឋាន ហើយបំពេញការងារពីចម្ងាយទៅវិញ ៕
-
តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសអ៊ីតាលីកើនឡើងដល់១ម៉ឺន៥ពាន់១១៣ករណី ក្នុងនោះមានអ្នកជំងឺ១ពាន់១៦នាក់ស្លាប់

អ៊ីតាលី៖ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី បន្តកើនឡើងដល់១ម៉ឺន៥ពាន់១១៣ករណី ដែលក្នុងនោះមានអ្នកជំងឺរហូតដល់១ពាន់១៦នាក់បានបាត់បង់ជីវិត ដែលប្រការនេះបានធ្វើឱ្យអ៊ីតាលីក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនាពេលបច្ចុប្បន្ន ។ ជាវិធានការទប់ស្កាត់នោះ រដ្ឋាភិបាលអ៊ីតាលីបានសម្រេចបិទប្រទេសទាំងមូល ហើយបានណែនាំប្រជាជនឲ្យព្យាយាមស្នាក់នៅក្នុងផ្ទះកុំចេញទៅណា ដើម្បីសុវត្ថិភាព ខណៈមនុស្ស២ពាន់១៦២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយសារតែបានបំពានបំរាមនេះ ។ បើតាមក្រសួងសុខាភិបាលអ៊ីតាលីនោះ គិតត្រឹមថ្ងៃទី១២ ខែមីនានេះ មានមនុស្សសរុប១៨៩នាក់បន្ថែមទៀតបានស្លាប់ ដោយសារតែមេរោគ COVID-19 ស្របពេលដែលអ្នកឆ្លងវិញ មានជាង២ពាន់៦៥០នាក់ ៕
-
តួលេខសរុបនៃអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសចិនកើនឡើងដល់៣.១៦៩នាក់ ក្នុងនោះ៦២.៧៩៣នាក់ជាសះស្បើយ

ចិន៖ គណៈកម្មការសុខាភិបាលចិននៅថ្ងៃទី១២ ខែមីនានេះបានឲ្យដឹងទៀតថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយឡើងវិញពីមេរោគ COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់៦ម៉ឺន២ពាន់៧៩៣នាក់ ខណៈតួលេខសរុបនៃអ្នក ឆ្លងវីរុសក៏បានកើនឡើងដល់៨ម៉ឺន៧៩៣ករណីផងដែរ ក្នុងនោះអ្នកជំងឺ៣ពាន់១៦៩នាក់បាត់បង់ជីវិត ។ ហើយអ្វីដែលគួរកត់សម្គាល់នោះ អត្រាអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសចិន ដែលជាចំណុចចាប់ផ្តើម នៃការផ្ទុះរីករាលដាលជំងឺរលាកសួតនេះ ហាក់ដូចជាមានការថមថយច្រើនខ្លាំងនារយៈពេលចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយសម្រាប់ប្រទេសចិន ។ដោយឡែកករណីឆ្លងនៅក្រៅទឹកដីប្រទេសចិនឯណោះវិញ ហាក់កំពុងផ្ទុះឡើងយ៉ាងឆាប់រហ័សដូចជានៅប្រទេសអ៊ីតាលី កូរ៉េខាងត្បូង អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ អង់គ្លេស និងសហរដ្ឋអាមេរិកជាដើម ៕ធ.ដ
-
វៀតណាមប្រកាសផ្អាកការផ្តល់ទិដ្ឋាការដល់ពលរដ្ឋអង់គ្លេស និងប្រទេសអឺរ៉ុបចំនួន០៧ផ្សេងទៀត ខណៈចំនួនអ្នកឆ្លងវីរុស COVID-19 កើនដល់៣៨ករណី

វៀតណាម៖ រដ្ឋាភិបាលវៀតណាមនឹងផ្អាកកម្មវិធីលើកលែងទិដ្ឋាការសម្រាប់ជនជាតិអង់គ្លេស និងបណ្តាប្រទេសសហភាពអឺរ៉ុបចំនួន០៧ផ្សេងទៀតជាបណ្តោះអាសន្ន ដោយគិតចាប់ពីថ្ងៃទី១២ ខែមីនានេះតទៅ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19 នៅក្នុងសហគមន៍ ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅថ្ងៃទី១១ ខែមីនានេះបានចុះផ្សាយថា ប្រជាជនដែលមកពីប្រទេសអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុប០៧ផ្សេងទៀត ក្នុងនោះរួមមាន ដាណាម៉ាក ន័រវ៉េ ហ្វាំងឡង់ ស៊ុយអែត អាល្លឺម៉ង់ បារាំង និងអេស្បាញ់ នឹងមិនត្រូវបានផ្តល់ការអនុញ្ញាត្តអោយចូលក្នុងប្រទេសវៀតណាម ដោយគ្មានទិដ្ឋាការរយៈពេល១៥ថ្ងៃទៀតឡើយ ។ នាពេលថ្មីៗនេះ វៀតណាមក៏ទើបតែបានផ្អាកកម្មវិធីលើកលែងទិដ្ឋាការដូចគ្នានេះផងដែរ ដល់ប្រទេសកូរ៉េខាងត្បូង និង អ៊ីតាលី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមីនាមកនេះ ករណីឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន២២ករណីបន្ថែមទៀតត្រូវបានរាយការណ៍នៅប្រទេសវៀតណាម ដោយរួមទាំងករណី០៧ទៀតនៅទីក្រុងហាណូយ ដែលប្រការនេះ ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងវីរុសកើនឡើងដល់៣៨ករណីហើយ ក្នុងនោះមានអ្នកជម្ងឺ១៦នាក់បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ នេះបើតាមក្រសួងសុខាភិបាលវៀតណាម ៕ធ.ដ
-
ប្រធានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកថា មេរោគ COVID-19 ជាជំងឺរាតត្បាតសកល និងជំរុញឱ្យចាត់វិធានការទប់ទល់បន្ទាន់

ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១១ ខែមីនានេះ បានកំណត់ថា នៅពេលនេះ ការរាលដាលយ៉ាងលឿននៃមេរោគ COVID-19 គឺជាការរាត ត្បាតសកល ហើយព្រមានថា នឹងមានស្ថានភាពអាក្រក់បំផុតថែមទៀតផងដែរ។ ទន្ទឹមគ្នា ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានបញ្ជាក់ថា កាលពី០២សប្តាហ៍កន្លងទៅនេះ ចំនួនករណីអ្នកជំងឺ COVID 19 នៅខាងក្រៅប្រទេសចិនបានកើនឡើង១៣ដង ហើយចំនួនប្រទេសដែលមានជំងឺនេះបានកើនឡើងបីដងផងដែរ ។ លោក ថេដ្រូស បានបញ្ជាក់ថា អង្គការរបស់លោកបានប្រកាសយ៉ាងខ្លាំង និង ច្បាស់លាស់អំពីភាពអាសន្ននៃការរាលដាលជំងឺនេះហើយ លោកថា ប្រទេសនានានៅតែអាចបង្ក្រាបការរាតត្បាតសាកលនៃជំងឺនេះបាន ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលនៅទូទាំងពិភពលោកបាននឹងកំពុងខិតខំព្យាយាមចាត់វិធានការដោះស្រាយបញ្ហារាលដាលនៃមេរោគ COVID-19 ដែលចាប់តាំងពីខែធ្នូមក បានឆ្លងដល់មនុស្សជាង១សែន១ម៉ឺន៨ពាន់នាក់ និង បានបណ្តាលឱ្យមនុស្សប្រមាណ៤ពាន់៣រយនាក់ស្លាប់នៅក្នុងប្រទេស១១៤ ៕ធ.ដ
-
ករណីកូវិត១៩៖ ថៃនាំចេញម៉ាស៣៣០តោនតម្លៃជាង៥លានដុល្លារអាម៉េរិក ក្នុងពេល២ខែ

អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុករបស់ថៃបានអនុញ្ញាតិឲ្យមានការនាំចេញម៉ាសមុខចំនួន៣៣០តោន កាលពីខែមករា និងកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ពោលគឺចំពេញដែលមានតម្រូវខ្ពស់បំផុត នាំឲ្យខ្វះខាតការផ្គត់ផ្គង់ នេះបើតាមអគ្គនាយកដ្ឋានគយ ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១២ កុម្ភៈ ២០២០នេះ។ ការនាំចេញម៉ាស ក្នុងពេលមានការរាលដាលជំងឺកូវិត១៩ បែបនេះ អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុកថា ខ្លួនគ្មានអំណាចហាមឃាត់ការនាំចេញម៉ាសក្នុងទំហំដ៏ច្រើនបែបនេះទេ ព្រោះថាក្រុមហ៊ុនទាំងនោះសុទ្ធមានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម នេះបើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋាន គឺលោក Chaiyut Khamkhun ។ ប្រភពបន្ថែមទៀតថា ម៉ាសមុខសរុប១៥០តោនម៉ាសត្រូវបាននាំចេញ កាលពីខែមករា ហើយ១៨០តោនត្រូវបាននាំចេញ កាលពីខែកុម្ភៈ។ ក្រុមហ៊ុននាំចេញទាំងនោះទទួលបានចំណូលពីការនាំចេញម៉ាសក្នុងពេល២ខែទាំងនេះ សរុប១៦០លានបាត ស្មើនឹងជាង៥លានដុល្លារអាម៉េរិក ហើយទីតាំងសំខាន់ៗនាំម៉ាសចេញទៅ រួមមានចិន កុងហុង និងអាម៉េរិក៕