-
មនុស្ស៤៥នាក់ស្ម័គ្រចិត្តធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស COVID-19 លើកដំបូងនៅសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ សារព័ត៌មាន AP បានចុះផ្សាយថា ការធ្វើតេស្ដផ្នែកសិក្សាស្រាវជ្រាវមួយលើវ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី១៦ ខែមីនានេះ ដោយក្រុមអ្នកចូលរួមការពិសោធន៍ម្នាក់ៗនឹងទទួលការចាក់វ៉ាក់សាំងផ្សេងៗពីគ្នា ។ ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ការធ្វើតេស្ដពិសោធន៍លើវ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានស្រាវជ្រាវសុខាភិបាលរដ្ឋវ៉ាស៊ីនតោន ខាយសឺ (Kaiser Permanente Washington Health Research Institute) ក្នុងទីក្រុងសៀតថល (Seattle) ដោយមានអ្នកស្ម័គ្រចិត្តចូលរួម ជាយុវជនមានសុខភាពល្អចំនួន៤៥នាក់ ។ ការធ្វើតេស្ដនេះ គឺជាជំហានមួយដ៏សំខាន់សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីបើកផ្លូវឆ្ពោះទៅការធ្វើតេស្ដទ្រង់ទ្រាយធំមួយ បើការធ្វើពិសោធន៍ខាងលើទទួលបានលទ្ធផលល្អ ។ សូមជម្រាបផងដែរថា មជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និង គ្រប់គ្រងជំងឺឆ្លង CDC បានឱ្យដឹងថា ចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់៣.៤៨២ករណី ដោយក្នុងនោះអ្នកជំងឺ៦៥នាក់បានស្លាប់ ខណៈទីក្រុងញូយ៉កបានសម្រេចបិទសាលារៀន ភោជនីយដ្ឋាន ក្លឹបរាត្រី និងពិធីជួបជុំទាំងអស់ ក្នុងនោះរួមមានរោងភាពយន្ដ ជាវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលបានលុកលុយរដ្ឋចំនួន៤៩ហើយរបស់សហរដ្ឋអាមេរិក ៕ …
-
អង់គ្លេសស្នើឱ្យប្រជាជនមានវ័យចាប់ពី៧០ឆ្នាំឡើងទៅត្រូវសម្ងំនៅក្នុងផ្ទះរយៈពេល០៤ខែ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស COVID-19

អង់គ្លេស៖ កាសែត The Telegraph បានរាយការណ៍ថា គ្រប់គ្នានៅអង់គ្លេស និងវែល ដែលបដិសេធធ្វើតេស្តរកមើលវីរុស COVID-19 ឬ បន្តបដិសេធនៅដាច់ដោយឡែកពីគេនោះ នឹងត្រូវប៉ូលិសបង្ខំចាប់ខ្លួនដាក់គុក ឬផាកពិន័យជាប្រាក់ ។បទប្បញ្ញត្តិស្តីពីការការពារសុខភាព (វីរុស COVID-19) ឆ្នាំ២០២០ ដែលបានចេញផ្សាយនៅលើវេបសាយរបស់រដ្ឋាភិបាល បានបញ្ជាក់ថា អ្នកដែលសង្ស័យឆ្លងវីរុសអាចត្រូវបានឃាត់ខ្លួនទុករហូតដល់១៤ថ្ងៃ នៅក្នុងមន្ទីរពេទ្យដែលមានសុវត្ថិភាព ឬ ទីតាំងសមរម្យផ្សេងទៀត ។ បទប្បញ្ញត្តិនេះចែងថា ជនណាដែលព្យាយាមរត់គេចខ្លួន អាចត្រូវបាននាំទៅមន្ទីរឃុំឃាំង មុននឹងត្រូវគេបញ្ជូនទៅបង្ខាំងទុក ឬ ដាក់នៅដាច់ដោយឡែកពីគេ ។ ការមិនគោរពតាម គឺស្មើនឹងបទឧក្រិដ្ឋ ដែលអាចដាក់ទោសជាមួយទឹកប្រាក់ពិន័យរហូតដល់១ពាន់ផោន ខណៈអ្នកដែលបដិសេធមិនបង់ប្រាក់ក៏អាចជាប់ពន្ធនាគារផងដែរ ។ ជាមួយគ្នានេះ ស្ថាប័នគាំពារសង្គម និងសុខាមាលភាពអង់គ្លេសបានរាយការណ៍ថាការរីករាលដាលនៃមេរោគ COVID-19 បានសម្លាប់ជីវិតមនុស្សកើនឡើងដល់២១នាក់ ខណៈចំនួនសរុបនៃអ្នកឆ្លងកើនឡើងដល់១.១៤០ករណី នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ៕
-
ថៃនឹងប្រើមន្ទីរពេទ្យទើបសង់ថ្មីទុកព្យាបាលតែអ្នកជំងឺកូវីដ១៩ ខណៈដែលខ្លួនរកឃើញ១១៤ករណីហើយ

ថៃ៖ សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយនៅថ្ងៃទី១៦ មីនា ២០២០នេះថា រាជរដ្ឋាភិបាលថៃបានបង្កើនវិធានការណ៍ដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា ឬ កូវីដ១៩ ប្រសិនបើប្រទេសនេះឈានដល់ “ដំណាក់កាលទី៣”។ នាយករដ្ឋមន្រ្តីថៃក៏ទើបបានលើកឡើងពី “ដំណាក់កាលទី៣” បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃអាទិត្យម្សិលមិញ។ វិធានការដំបូងបង្អស់ ត្រូវប្រើមន្ទីរពេទ្យដែលទើបសាងសង់ថ្មី ដើម្បីព្យាបាលតែអ្នកជំងឺកូវីដ ១៩ ខណៈចំនួនឆ្លងបានលោតឡើងគួរឲ្យភ្ញាក់ផ្អើលដល់ ១១៤ករណី កាលពីម្សិលមិញ។លោក ប្រាយុទ្ធ នាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងករណីដែលប្រទេសថៃឈានចូល “ដំណាក់កាលទី៣” ដែលប្រជាជនរួមទាំងអ្នកមិនធ្លាប់ធ្វើដំណើរទៅប្រទេសដែលឆ្លងវីរុស ហើយបានឆ្លងជំងឺនេះ គឺត្រូវការមន្ទីរពេទ្យយ៉ាងចាំបាច់មួយ ដោយសំដៅលើមន្ទីរពេទ្យថ្មីមួយ (មាន១០០គ្រែ) ដែលមិនទាន់បើកដំណើរការជាផ្លូវការនៅឡើយ៕ធ.ដ
-
អង្គការសុខភាពពិភពលោក WHO ប្រកាសថា មនុស្សជិត១ម៉ឺន១ពាន់នាក់ឆ្លងមេរោគ COVID-19 នៅលើពិភពលោក ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ

ស្វីស៖ ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី១៥ ខែមីនានេះ នៅទូទាំងពិភពលោក មានមនុស្សចំនួន១ម៉ឺន៩៥៥នាក់បានឆ្លងមេរោគ COVID-19 ក្រៅពីប្រទេសចិន នេះបើតាមអង្គការសុខភាពពិភពលោក WHO ។ បើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៦ ខែមីនានេះ បើបូកបន្ថែមតួលេខខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លងទូទាំងសកលលោកក្រៅពីចិន កើនឡើងរហូតដល់ ៧ម៉ឺន២ពាន់៤៦៩នាក់ ។ ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក WHO បានអំពាវនាវឲ្យមនុស្សគ្រប់គ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ឲ្យបានខ្លាំងក្លាជាទីបំផុត ខណៈប្រមុខដឹកនាំអង្គការសហប្រជាជាតិបានប្រាប់ឲ្យគ្រប់ប្រទេស ធ្វើសង្គ្រាមដើម្បីកម្ចាត់ជម្ងឺរលាកសួតដ៏កាចសាហាវមួយនេះ ។ បច្ចុប្បន្ននេះ មនុស្សសរុប១៥ម៉ឺន៣ពាន់៥១៧នាក់ហើយបានឆ្លងវីរុស COVID-19 នៅក្នុងបណ្តាប្រទេសចំនួន១៤៤នៅទូទាំងពិភពលោក ដែលមានប្រទេសផ្លូវការចំនួន១៩៣ និងប្រជាជនសរុបជាង៧ពាន់លាននាក់ ៕
-
ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើង៣៦៨នាក់ថែមទៀតនៅអ៊ីតាលី ធ្វើឱ្យតួលេខសរុបនៃអ្នកជំងឺបាត់បង់ជីវិតកើនដល់១.៨០៩នាក់

អ៊ីតាលី៖ អ្នកឆ្លងវីរុស COVID-19 ចំនួន៣៦៨នាក់បន្ថែមទៀតបានស្លាប់ ដែលប្រការនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនឡើងដល់១.៨០៩នាក់ និងឆ្លងសរុបកើនឡើងដល់២ម៉ឺន៤ពាន់៧៤៧នាក់ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះបើតាមអាជ្ញាធរអ៊ីតាលី ផ្អែកលើប្រភពពីសារព័ត៌មាន Channel News Asia ។ ទន្ទឹមគ្នា អភិបាលទីក្រុង មីឡេន លោក អាតធីលីយ៉ូ ហ្វុនថាណា បានបញ្ជាក់ថា ពេលនេះទីក្រុងហិរញ្ញវត្ថុរបស់អ៊ីតាលីកំពុងរងវិបត្តិធ្ងន់ធ្ងរឡើងៗហើយ… យើង កំពុងឈានទៅរកការខ្វះខាតគ្រែ និង ឧបករណ៍ដកដង្ហើមសិប្បនិម្មិតសម្រាប់អ្នកជំងឺ ដែលយើងពិតជាមិនអាចទៅរកនៅទីណាបានទេ ។ បច្ចុប្បន្ននេះ អ៊ីតាលីកំពុងតែរង់ចាំការនាំចូលគ្រឿងបរិក្ខាពេទ្យយ៉ាងច្រើនពីបរទេស ។ គួរបញ្ជាក់ថា សម្រាប់តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺ ឡុមបាឌី ដោយនៅទីនោះ មនុស្សរហូតដល់១ពាន់២១៨នាក់ឯណោះបានស្លាប់ ដោយសារតែមេរោគ COVID-19 ដែលភាគច្រើនបំផុតជាមនុស្សមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយស្រាប់ ៕
-
អេស្ប៉ាញប្រកាសស្ថានភាពគ្រាអាសន្ន ក្រោយភរិយារបស់នាយករដ្ឋមន្ត្រីឆ្លងវីរុស COVID-19 និងអ្នកឆ្លងសរុបកើនឡើងដល់៧.៧៥៣ករណី

អេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញបានសម្រេចដាក់ប្រជាពរដ្ឋរបស់ខ្លួន៤៧លាននាក់ នៅក្រោមការរឹតត្បិតការធ្វើដំណើរមួយផ្នែកធំ កាលពីចុងសប្តាហ៍នេះ ជាផ្នែកនៃការប្រកាសស្ថានភាពគ្រាអាសន្នរយៈពេល១៥ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ឆេស បានប្រកាសថា យើងនឹងវិលទៅកាន់ការងារធម្មតារបស់យើងវិញ និងបានទៅលេងមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់យើងជាថ្មី ។ តែមុនពេលនោះមកដល់ សូមកុំចំណាយថាមពលចាំបាច់ឥតប្រយោជន៍… សូមកុំទុកឱ្យលែងរកផ្លូវចេញទាន់.. សូមនៅក្នុងផ្ទះ ។ បន្ទាប់ពីលោកទើបប្រកាសដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នភ្លាម រដ្ឋាភិបាលក៏បាននិយាយដែរថា ភរិយារបស់លោក សាន់ឆេស គឺលោកស្រី បេហ្គោណា ហ្គោមេស បានពិនិត្យឃើញមានផ្ទុកវីរុស COVID-19 ។ សូមបញ្ជាក់ថា ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសអេស្ប៉ាញ បន្តកើនឡើងដល់៧ពាន់៧៥៣នាក់ ខណៈអ្នកជំងឺស្លាប់វិញ ក៏បានកើនឡើងដល់២៨៨នាក់ផងដែរ ៕
-
មជ្ឈមណ្ឌលបង្កា និងគ្រប់គ្រងជម្ងឺឆ្លងសហរដ្ឋអាម៉េរិកណែនាំឱ្យលុបចោល ឬផ្អាកការរៀបចំព្រឹត្តិការណ៍ជួបជុំធំៗរយៈពេល០៨សប្តាហ៍

សហរដ្ឋអាម៉េរិក៖ មជ្ឈមណ្ឌលបង្កា និងគ្រប់គ្រងជម្ងឺឆ្លងអាម៉េរិក CDC បានចេញសេចក្តីណែនាំបណ្តោះអាសន្នមួយ នៅថ្ងៃទី១៥ ខែមីនានេះ ដោយបញ្ជាក់ថា អ្នករៀបចំកម្មវិធីតូច-ធំទាំងអស់នឹងត្រូវលុបចោល ឬ ពន្យាពេលបង្កើតព្រឹត្តិការណ៍ដែលមានការជួបជុំចាប់ពីចំនួនមនុស្ស៥០នាក់ឡើងទៅ ក្នុងរយៈពេល០៨សប្តាហ៍នៅទូទាំងសហរដ្ឋអាម៉េរិក ។ បើតាមមជ្ឈមណ្ឌលបង្កា និងគ្រប់គ្រងជម្ងឺឆ្លងអាម៉េរិក CDC វិធានការថ្មីនេះ មិនរាប់បញ្ចូលប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃរបស់អង្គភាពនានា ដូចជាសាលារៀន វិទ្យាស្ថានឧត្តមសិក្សា ឬក៏ទីតាំងធ្វើអាជីវកម្មនោះទេ ។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់រដ្ឋាភិបាល និងមជ្ឈមណ្ឌល CDC បានឱ្យដឹងថា រហូតមកទល់នឹងពេលនេះ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងមេរោគ COVID-19 បានកើនឡើងជាង៣ពាន់ករណី ខណៈអ្នកជំងឺបាត់បង់ជីវិតក៏បានកើនឡើងជាង៦០នាក់ផងដែរ ៕
-
ប្រធានាធិបតីឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីច្រើនរូបទៀតធ្វើតេស្តរកវីរុស COVID-19 ក្រោយរដ្ឋមន្ត្រីម្នាក់ឆ្លងមេរោគ

ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានបញ្ជាក់នៅថ្ងៃទី១៥ ខែមីនាថា រូបលោក និងរដ្ឋមន្ត្រីជាច្រើននាក់ទៀតរបស់លោក នឹងឱ្យគេធ្វើតេស្តរកមេរោគ Covid-19។ ការប្រកាសបែបនេះរបស់លោក ចូកូ វីដូដូ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីលោក ប៊ូឌី ខាយ៉ា ស៊ូម៉ាឌី ត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសនេះ ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន២១ករណីបន្ថែមទៀត ដែលប្រការនេះបានធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងកើនឡើងដល់១១៧ករណី ក្នុងនោះមានអ្នកជំងឺចំនួន០៥នាក់បាត់បង់ជីវិត ៕
-
លោក ដូណាល់ ត្រាំ ប្រកាសដាក់សហរដ្ឋអាម៉េរិកទៅក្នុងគ្រាអាសន្ន ខណៈចំនួនអ្នកស្លាប់សរុបកើនឡើងជិត៥០នាក់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសទៅក្នុងគ្រាអាសន្ននៅថ្ងៃទី១៣ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺសកល COVID-19 នេះបើតាមសារព័ត៌មាន CGTN ។ ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅឯសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកនឹងបញ្ចេញកញ្ចប់ថវិកា៥០ពាន់លានដុល្លារ ដែលរូបលោកផ្ទាល់បានពិពណ៌នាថា ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់រដ្ឋ និង បូរណភាពទឹកដី និងក្នុងតំបន់ ដើម្បីការប្រយុទ្ធរួមគ្នារបស់យើងប្រឆាំងនឹងការរាតត្បាតនៃមេរោគ COVID-19 ។ សូមជម្រាបថា សារព័ត៌មាន CNN ផ្អែកលើប្រភពពីទីភ្នាក់ងារសុខាភិបាលរដ្ឋ និងក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សប្រមាណ២.០៣៣នាក់ត្រូវបានធ្វើតេស្ដិ៍រកឃើញមានផ្ទុកមេរោគ COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិក ។ ដោយឡែកបើតាមប្រភពពីរដ្ឋាភិបាល និងមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាម៉េរិកនោះ គិតមកទល់នឹងពេលនេះ មានមនុស្ស៤៨នាក់ ហើយបានបាត់បង់ជីវិតដោយសារមេរោគ COVID-19 ៕
-
ប្រធានាធិបតីប្រេស៊ីល អះអាងតាមរយៈបណ្តាញសង្គមថា ខ្លួនមិនមានផ្ទុកវីរុស COVID-19 នោះទេ

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ បានប្រកាសថា រូបលោកបានធ្វើតេស្តរកឃើញសញ្ញាអវិជ្ជមានចំពោះការឆ្លងមេរោគ COVID-19 ខណៈការប្រកាសនេះធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមីនានេះ (ម៉ោងក្នុងតំបន់) តាមរយៈបណ្តាញសង្គម ។ លោក បូលសូណារ៉ូ បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់លោកថា លទ្ធផលធ្វើតេស្តិ៍ពីមន្ទីរពិសោធន៍ប្រេស៊ីល ដែលចេញមកនោះ គឺ អវិជ្ជមាននៃវីរុស COVID-19 ពោលគឺលោកមិនបានឆ្លងជំងឺនេះឡើយ ។ ការធ្វើតេស្តនេះដែរ បានកើតមានឡើងបន្ទាប់ពីមន្ត្រីលេខាផ្នែកទំនាក់ទំនងរបស់លោក គឺលោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន ដែលបានអមដំណើររូបលោកទៅបំពេញទស្សនកិច្ចទៅកាន់រដ្ឋផ្លូរីដា សហរដ្ឋអាម៉េរិក និង ទទួលទានអាហារពេលល្ងាចជាមួយលោក ដូណាល់ ត្រាំ នៅឯរម្មណីយដ្ឋាន ម៉ាអាឡាហ្គោ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ត្រូវបានគេធ្វើតេស្ដិ៍រកឃើញផ្ទុកមេរោគនេះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ៕