-
អាជ្ញាធរអ៊ីរ៉ង់ដោះលែងអ្នកទោស៧ម៉ឺននាក់ជាបណ្តោះអាសន្ន ចំពេលដែលមេរោគឆ្លង COVID-19 កំពុងរាលដាលកាន់តែខ្លាំងឡើង

អ៊ីរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់បានសម្រេចចិត្តដោះលែងអ្នកទោសប្រមាណ៧ម៉ឺននាក់ជាបណ្តោះអាសន្ន ដែលជាវិធានការមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលមេរោគ COVID-19 ថ្មីទៀតនៅក្នុងមន្ទីរឃុំឃាំង ។ ជាមួយគ្នានេះ មន្ត្រីយុត្តិធម៌របស់អ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាយស៊ី បានប្រកាសនៅថ្ងៃទី០៩ ខែមីនានេះថា កាដោះលែងអ្នកទោសជាបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរអ៊ីរ៉ង់ បាននឹងកំពុងព្យាយាមទប់ស្កាត់ការឆ្លងរាលដាលមេរោគ COVID-19 នៅទូទាំងប្រទេស ។ ការប្រកាសដោះលែងនេះទៀតសោត បានកើតមានឡើងចំពេលដែលអង្គការសហប្រជាជាតិ បាននិយាយថា មានករណីផ្ទុះឡើងនៃជំងឺ COVID-19 នៅតាមមន្ទីរឃុំឃាំង (គុក) ក្នុងប្រទេសអ៊ីរ៉ង់ ។ គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលអ៊ីរ៉ង់នោះ គិតត្រឹមថ្ងៃទី០៩ ខែមីនានេះ (ម៉ោងក្នុងតំបន់) ចំនួនអ្នកឆ្លងថ្មីនៃវីរុស COVID-19 បានកើនឡើង៥៩៥នាក់បន្ថែមទៀត ដែលប្រការនេះបានធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងមេរោគកើនឡើងដល់៧ពាន់១៦១ករណី ក្នុងនោះមានអ្នកជម្ងឺ២៣៧នាក់បានបាត់បង់ជីវិត ៕
-
ក្នុងរយៈពេល០២ខែដើមឆ្នាំ២០២០នេះ ការនាំចេញរបស់ប្រទេសចិនធ្លាក់ចុះយ៉ាងគំហុកដោយសារតែការរាលដាលនៃមេរោគ COVID-19

ចិន៖ ការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេល០២ខែដំបូងនៃឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុស COVID-19 ដែលបានបង្ខំឲ្យអាជីវកម្មបញ្ឈប់ប្រតិបត្តិការ និង រំខានដល់ចង្វាក់ផ្គត់ផ្គង់ក្នុងពិភពលោក ។ យោងតាមទិន្នន័យគយបានឱ្យដឹងថ្មីៗនេះថា ការនាំចេញបានធ្លាក់ចុះ១៧.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ អំឡុងពេលសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ខណៈការនាំចូលវិញក៏បានធ្លាក់ចុះ៤ភាគរយផងដែរ ។ អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាម៉េរិក ដែលជាចំណុចមិនចុះសម្រុងដ៏សំខាន់ក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានថយចុះ ៤០ ភាគរយក្នុងរយៈពេល០២ខែដំបូងដើមឆ្នាំនេះ ពី៤២ពាន់លានដុល្លារកាលពីឆ្នាំមុន មកនៅត្រឹម២៥.៤ពាន់លានដុល្លារ ។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលអាជ្ញាធរចិនបានចេញផ្សាយទិន្នន័យពាណិជ្ជកម្មរួមសម្រាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២០ ៕
-
ករណីកូវិត១៩៖ ថៃតាមរកពលករ៨០នាក់ គេចពីការដាច់ឲ្យដោយឡែកពីគេ ក្រោយមកពីកូរ៉េ

ថៃ៖ សារព័ត៌មាន Khaosod បានចេញផ្សាយថា កាលពីថ្ងៃច័ន្ទ ទី០៩ មីនា ម្សិលមិញនេះ រដ្ឋាភិបាលថៃប្រកាសថានឹងផ្តល់រង្វាន់១០ ០០០បាតដល់អ្នកដែលទទួលបានព័ត៌មាន ពីកន្លែងស្នាក់នៅរបស់ពលករចំណាកស្រុកថៃ ដែលបានរត់គេចខ្លួនចេញពីកន្លែងដាច់ដោយឡែកពីគេ។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បាននិយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិថា លោកបានបញ្ជាឲ្យមន្រ្តីអាកាសយានដ្ឋាន និងអន្តោប្រវេសន៍ បង្កើនវិធានការសន្តិសុខនៅឯព្រលានយន្តហោះ បន្ទាប់ពីកម្មករថៃគ្មានឯកសារ ៨០នាក់ ដែលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង បានគេចចេញពីប៉ុស្តិ៍ត្រួតពិនិត្យនៅទីនោះ កាលពីថ្ងៃសៅរិ៍សប្តាហិ៍មុន។ កាលពីសប្តាហិ៍មុនរដ្ឋាភិបាលថៃ បានដាក់វិធានការឃុំឃាំងជាចាំបាច់ រយៈពេល ១៤ថ្ងៃ សម្រាប់ពលករថៃក្រៅប្រទេសគ្មានឯកសារ ដែលបានវិលត្រឡប់មកពីទីក្រុង Daegu និងខេត្ត North Gyeongsang ទីដែលវីរុសកូរ៉ូណាផ្ទុះឡើងខ្លាំង នៅក្នុងប្រទេសកូរ៉េខាងត្បូង៕
-
តម្លៃប្រេងធ្លាក់ចុះខ្លាំងជាប្រវត្ថិសាស្ត្រ ក្នុងពេលផ្ទុះជំងឺកូវិត១៩

កាលពីម្សិលមិញ តម្លៃប្រេងបានដាំក្បាលចុះខ្លាំងបំផុតចាប់តាំងពីសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១ ចំពេលមានការមិនចុះសម្រុងគ្នាក្នុងចំណោមសម្ពន្ធភាពនៃក្រុមប្រទេសផលិតប្រេង នៅក្នុងការកាត់បន្ថយការផ្គត់ផ្គង់ប្រេងហួសសេចក្តីត្រូវការ។ ប្រេងឆៅ Brent បានធ្លាក់ចុះ៩,៥៥ដុល្លារ ឬ២១,១% មកនៅត្រឹមតែ៣៥,៧២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង៧យប់ ថ្ងៃ០៨ មីនា។ ចំណេកប្រេង Benchmark អាម៉េរិកចុះ៨,៦ដុល្លារ មកនៅ៣២,៦៨ដុល្លារក្នុងមួយបារ៉ែល។កាលពីថ្ងៃចន្ទ ទី៩ មីនាម្សិលមិញ ប្រេង Brent ធ្លាក់ចុះដល់៣១ដុល្លារក្នុងមួយបារ៉ែល៕
-
ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅសហរដ្ឋអាម៉េរិក បន្តកើនឡើងជិត៥៥០ករណី ក្នុងនោះមានអ្នកជំងឺ២២នាក់បាត់បង់ជីវិត

សហរដ្ឋអាម៉េរិក៖ តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិក បានបន្តកើនឡើងដល់៥៤៦នាក់ ដោយក្នុងនោះមានអ្នកជំងឺ២២នាក់បានស្លាប់ នេះបើតាមអាជ្ញាធរសុខាភិបាលអាម៉េរិកនៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២០ ។បច្ចុប្បន្ន ជាងពាក់កណ្តាលនៃរដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិក បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ក្នុងនោះរដ្ឋចុងក្រោយគេ រួមមានដូចជា Virginia, Connecticut និង Iowa ព្រមទាំងដែនកោះ Puerto Rico ដែលជាដែនដីរបស់សហរដ្ឋអាម៉េរិក ស្ថិតនៅឯតំបន់សមុទ្រការីបៀន ខណៈរដ្ឋដែលមានករណីឆ្លងច្រើនជាងគេ គឺ Washington, New York និង California ។ គួរបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់ទាំង២២នាក់ ក្នុងនោះមាន១៩នាក់នៅរដ្ឋ Washington, ២នាក់នៅរដ្ឋ Florida និងម្នាក់ទៀតនៅរដ្ឋ California ខណៈស្ថាប័នសុខាភិបាលក្រុងញូយ៉កបានអះអាងពីករណីឆ្លងវីរុស COVID-19 ថ្មី ចំនួន១៤២នាក់នៅទូទាំងរដ្ឋ ក្នុងនោះ១៩ករណីត្រូវបានធ្វើតេស្តរកឃើញនៅក្នុងទីក្រុងញូយ៉កផ្ទាល់ ៕
-
នាយករដ្ឋមន្រ្តីអ៊ីតាលីប្រកាសបិទប្រទេសទាំងមូល ខណៈករណីស្លាប់ និងឆ្លងមេរោគ Covid-19 កំពុងកើនឡើងខ្លាំង

អ៊ីតាលី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីវសេបប៉េ កុនតេ បានបិទប្រទេសរបស់លោកទាំងមូលតែម្តង នៅថ្ងៃទី០៩ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ដោយហាមឃាត់រាល់ការធ្វើដំណើរ និងបញ្ចប់ទាំង ស្រុងក្នុងការជួបជុំគ្នានៅក្នុងសង្គម ខណៈករណីស្លាប់ និងឆ្លងជំងឺរលាកសួតដ៏សាហាវនេះបាននឹងកំពុងកើនឡើងយ៉ាងខ្លាំង ។ ការរឹតត្បិតទូទាំងប្រទេសអ៊ីតាលី នឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១០ ខែមីនានេះ រហូតដល់ថ្ងៃទី០៣ ខែមេសាខាងមុខ និងរួមបញ្ចូលទាំងការបន្លាយពេលបិទសាលារៀន និងសាកលវិទ្យាល័យ ព្រមទាំងការបិទហាងលក់អាហារ និង ហាងកាហ្វេនៅពេលព្រលប់ ។ ជាមួយគ្នានេះ លោក កុនតេ បាននិយាយយ៉ាងដូច្នេះថា ទម្លាប់របស់យើងត្រូវតែផ្លាស់ប្តូរ… ផ្លាស់ប្តូរឥឡូវនេះ យើងទាំងអស់គ្នាត្រូវលះបង់អ្វីមួយដើម្បីភាពល្អសម្រាប់អ៊ីតាលី ។ លោកសង្កត់ធ្ងន់ថា យើងនឹងទទួលជោគជ័យ លុះត្រាតែយើងសហការគ្នា ហើយយើងសម្របខ្លួនទៅនឹងបទដ្ឋានតឹងរ៉ឹងជាងនេះ ។ សូមបញ្ជាក់ថា អ៊ីតាលីបានចុះបញ្ជីករណីឆ្លងមេរោគ COVID-19 ចំនួន១ពាន់៨០៧នាក់បន្ថែមទៀតគិតត្រឹមល្ងាចថ្ងៃទី០៩ ខែមីនានេះ ដែលសរុបអ្នកឆ្លងមានចំនួនដល់ទៅ៩ពាន់១៧២នាក់ ។ ទន្ទឹមគ្នា ចំនួនអ្នកស្លាប់នៅអ៊ីតាលីក៏បានកើនឡើងពី៩៧នាក់ទៅ៤៦៣នាក់ផងដែរ…
-
តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 បន្តកើនឡើងដល់៧.៥១៣ករណីនៅទូទាំងប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានអ្នកជំងឺ៥៤នាក់ស្លាប់

កូរ៉េខាងត្បូង៖ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបន្តកើនឡើងដល់៧ពាន់៥១៣ករណី បន្ទាប់ពីធ្វើតេស្តរកឃើញករណីឆ្លងថ្មីចំនួន១៣១នាក់ថែមទៀត ខណៈចំនួនអ្នកស្លាប់វិញ ក៏កើនឡើងដល់៥៤នាក់ផងដែរ នេះបើតាមអាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ។ តួលេខអ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូង បានកើនឡើងយ៉ាងគំហុកនាពេលកន្លងមកនេះ ក្រោយការធ្វើតេស្តទ្រង់ទ្រាយធំទៅលើមនុស្សរាប់សែននាក់ ដែលមានជាប់ពាក់ព័ន្ធទៅនឹងព្រះវិហារសាសនាគ្រិស្ត ស៊ីនជុនជី នៅទីក្រុងដេគូ ស្ថិតនៅចម្ងាយ៣០០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ។ បើតាមមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង KCDC ករណីឆ្លងថ្មីៗភាគច្រើននៅតែបន្តត្រូវបានរកឃើញក្នុងទីក្រុងដេគូ និងខេត្តគ្យុងសាងខាងជើង ដែលតំណាងឱ្យករណីឆ្លងច្រើនជាង៩០ភាគរយនៅទូទាំងប្រទេស ៕
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រួតពិនិត្យមើលសមយុទ្ធហ្វឹកហាត់បាញ់កាំភ្លើងធំជាថ្មីម្តងទៀត

កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យមើលការហ្វឹកហាត់បាញ់ “កាំភ្លើងធំចម្ងាយឆ្ងាយ” មួយផ្សេងទៀត នៅមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងទើបបាញ់តេស្តមីស៊ីលរយៈចម្ងាយខ្លីចំនួន០៣គ្រាប់ចូលទៅក្នុងសមុទ្រខាងកើត ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានចុះផ្សាយថា វាជាសមយុទ្ធហ្វឹកហាត់លើកទី២ហើយក្នុងរយៈមួយសប្តាហ៍ចុងក្រោយនេះ ហើយកើតឡើងស្របពេលដែលភាពជាប់គាំងដែលអូសបន្លាយពេលយូរ នៅក្នុងកិច្ចចរចារំសាយអាវុធជាមួយសហរដ្ឋអាម៉េរិក ។ បើតាមសារព័ត៌មាន KCNA លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើសមយុទ្ធហ្វឹកហាត់បាញ់កាំភ្លើងធំរយៈចម្ងាយឆ្ងាយមួយទៀត និង បានវាយតម្លៃខ្ពស់ចំពោះការត្រៀមខ្លួនប្រយុទ្ធដ៏ល្អឥតខ្ចោះរបស់កងកម្លាំងកូរ៉េខាងជើង ។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគបាននិយាយថា កូរ៉េខាងជើងបានបន្តធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអាវុធរបស់ខ្លួនជាងមួយឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកគីម ជុងអ៊ុន និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានជួបបរាជ័យនៅទីក្រុងហាណូយ ប្រទេសវៀតណាម ៕
-
តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១០៨.០០០នាក់នៅទូទាំងសកលលោក ខណៈអ្នកស្លាប់សរុបកើនដល់៣.៨២១នាក់

បរទេស៖ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 បានកើនឡើងដល់១០ម៉ឺន៨ពាន់នាក់នៅទូទាំងសកលលោក ស្របពេលដែលអ្នកស្លាប់សរុបក៏បានកើនឡើងដល់៣ពាន់៨២១នាក់ផងដែរ ដែលភាគច្រើននៅក្នុងប្រទេសចិន ជាទីដែលជំងឺរលាកសួតដ៏សាហាវនេះផ្ទុះឡើងដំបូងកាលពីខែធ្នូ ឆ្នាំ២០១៩ ។ ក្រៅពីចិន អ៊ីតាលី គឺមានចំនួនអ្នកស្លាប់ច្រើនជាងគេ រីឯកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងច្រើនជាងគេ ខណៈជំងឺរលាកសួតដ៏កាចសាហាវនេះ ក៏បានរីករាលដាលទៅកាន់ប្រទេស និងដែនដីជាង១០៩ហើយដែរ ។ គិតត្រឹមថ្ងៃទី០៨ ខែមិនានេះ អ៊ីតាលីមានអ្នកឆ្លងចំនួន៧ពាន់៣៧៥ករណី និងស្លាប់៣៦៦នាក់ ហើយកូរ៉េខាងត្បូងនៅថ្ងៃទី០៩ ខែមិនា បានរាយការណ៍ពីករណីឆ្លងកើនដល់៧ពាន់៣៨២ករណី ក្នុងនោះអ្នកជំងឺសរុប៥១នាក់ស្លាប់ ខណៈអ៊ីរ៉ង់ មានអ្នកឆ្លង៧៤៣នាក់ ក្នុងនោះមាន១៩៤នាក់បានបាត់បង់ជីវិត ៕
-
មេរោគ COVID-19 សម្លាប់មនុស្សកើនដល់១៤នាក់ និងឆ្លងសរុប៤៨០ករណីនៅទូទាំងប្រទេសជប៉ុន

ជប៉ុន៖ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសជប៉ុន បន្តកើនឡើងដល់៤៨០ករណី ក្រោយករណីឆ្លងថ្មីៗចំនួន៣៣នាក់ទៀតត្រូវបានរាយការណ៍គិតត្រឹមម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិនា (ម៉ោងក្នុងតំបន់) នេះបើតាមអាជ្ញាធរជប៉ុន ។ ក្រសួងសុខាភិបាលជប៉ុនក៏បានឱ្យដឹងផងដែរថា អ្នកជំងឺឆ្លងវីរុស COVID-19 ចំនួន៣៣នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ស្របពេលដែលអ្នកស្លាប់វិញកើនដល់១៤នាក់ ហើយអ្នកជំងឺ៣១១នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយទាំងស្រុង ។ សូមបញ្ជាក់ថា ចំនួនសរុបនៃអ្នកឆ្លងទាំង៤៨០ករណីខាងលើនេះគឺមិនរាប់បញ្ចូលឡើយនូវចំនួនអ្នកឆ្លងមេរោគ COVID-19 ចេញពីកប៉ាល់ Diamond Princess ឡើយ ហើយខេត្តដែលមានករណីឆ្លងច្រើនជាងគេមានខេត្ត Aichi មាន៨០ករណីទីក្រុងតូក្យូ មាន៦៤ករណី និងទីក្រុងអូសាកា មាន៥៥ករណី ៕