-
ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងកើនឡើងដល់៧.៣៨២ករណី ក្រោយទើបរកឃើញករណីឆ្លងថ្មី៦៩នាក់បន្ថែមទៀត

កូរ៉េខាងត្បូង៖ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបន្តកើនឡើងដល់៧.៣៨២ករណីហើយ បន្ទាប់ពីទើបរកឃើញករណីឆ្លងថ្មីចំនួន៦៩នាក់ទៀត ខណៈអ្នកជំងឺសរុប៥១នាក់ស្លាប់ នេះបើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ។ បច្ចុប្បន្នកូរ៉េខាងត្បូងនៅតែស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហមខ្ពស់បំផុតដដែល ខណៈមនុស្សដែលអាជ្ញាធរបានទាក់ទងឲ្យមកធ្វើតេស្ត មានចំនួនជាង២១ម៉ឺននាក់ ក្នុងនោះ១៨ម៉ឺន៩ពាន់២៣៦ត្រូវបានធ្វើតេស្តរួចរាល់ ដោយក្នុងចំណោមពួកគេមាន១៧ម៉ឺន១ពាន់៧៧៨នាក់ចេញលទ្ធផល «អវិជ្ជមាន» ។ ដោយឡែកអ្នកជំងឺដែលបានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញនោះ គឺមានតែ ១៦៦នាក់ប៉ុណ្ណោះ ៕ បើតាមការពិនិត្យលើតួលេខជាក់ស្តែង អត្រាអ្នកឆ្លងថ្មីៗនៃវីរុស COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងបានបន្តធ្លាក់ចុះប៉ុន្មានថ្ងៃជាប់ៗគ្នាមកហើយ បន្ទាប់ពីការធ្វើតេស្តទ្រង់ទ្រាយធំទៅលើមនុស្សរាប់សែននាក់ ដែលមានជាប់ពាក់ព័ន្ធទៅនឹងព្រះវិហារសាសនាគ្រិស្ត ស៊ីនជុនជី នៅទីក្រុងដេគូ ស្ថិតនៅចម្ងាយ៣០០គីឡូ ម៉ែត្រពីទីក្រុងសេអ៊ូល ៕
-
សមាជិកសភាអាមេរិករូបត្រូវស្នាក់នៅដាច់ដោយឡែកពីគេ បន្ទាប់ពីប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកវីរុស COVID-19

សហរដ្ឋអាមេរិក៖ សមាជិកសភាតំណាងរាស្រ្ត លោក ផូល ហ្គោសារ និង សមា ជិកព្រឹទ្ធសភាលោក ថេដ គ្រូស នឹងត្រូវអនុវត្តវិធានការនៅដាច់ដោយឡែកពីគេដោយខ្លួនឯង ក្រោយធ្លាប់បានទាក់ទងជាមួយមនុស្សម្នាក់ ដែលមានផ្ទុកមេរោគ COVID-19 ក្នុងសន្និសីទមួយដែលបានធ្វើឡើងកាលពីចុងខែកុម្ភៈកន្លងមកនេះ ។ លោក ហ្គោសារ បានបញ្ជាក់ថា លោកនឹងនឹងស្នាក់នៅក្នុងផ្ទះ ដែលស្ថិតក្នុងរដ្ឋ អារីហ្សូណា រយៈពេល១៤ថ្ងៃ បន្ទាប់ពីបានប្រាស្រ័យទាក់ទងជាមួយអ្នកដែលមានផ្ទុកវីរុស COVID-19 ហើយសម្រាប់លោក គ្រូស វិញក៏បានបញ្ជាក់ដែរថា លោកនឹងស្នាក់នៅក្នុងផ្ទះក្នុងរដ្ឋ តិចសាស់ ដូចគ្នាផងដែរ ។ សូមបញ្ជាក់ថា តួលេខសរុបនៃមនុស្សឆ្លងមេរោគ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបន្តកើនឡើងដល់៥២១នាក់ ក្នុងនោះមានអ្នកជំងឺ២១នាក់បានស្លាប់ ខណៈជម្ងឺរលាកសួតដ៏សាហាវនេះ កំពុងរាលដាលក្នុងរដ្ឋចំនួន៣៣ និងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ នេះបើតាមមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកនៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២០ ៕ធ.ដ
-
កូរ៉េខាងជើងរិះគន់ក្រុមប្រទេសអឺរ៉ុប ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការគិតមិនច្បាស់អំពីការបាញ់មីស៊ីលរបស់ខ្លួន

កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃទី០៨ ខែមិនានេះ បានរិះគន់ក្រុមប្រទេសអឺរ៉ុបចំនួន០៥ ជុំវិញការបង្កឧបសគ្គជាមួយការបាញ់សាកល្បងមីស៊ីលរបស់ខ្លួន កាលពីពេលថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាងបានព្រមានអំពីអាកប្បរិយាមិនប្រយ័ត្នប្រយែងបែបនេះថា អាចនឹងទទួលប្រតិកម្មសំខាន់ផ្សេងទៀតជាក់ជាមិនខាន ។ ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងក្រោយបែលហ្ស៊ិក អង់ គ្លេស អេស្តូនី បារាំង និងអាល្លឺម៉ង់ ដែលជាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានហៅការបាញ់តេស្តមីស៊ីល០២គ្រាប់របស់កូរ៉េខាងជើងថា គឺជាការបង្កហេតុមួយដែលបានបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបាញ់មីស៊ីល គឺជាផ្នែកនៃការធ្វើសមយុទ្ធតាមទម្លាប់យោធារបស់យើង និងបានបន្ថែមថា ការថ្កោលទោសការបាញ់នោះ គឺគ្មានអ្វីចម្លែកនោះទេ ហើយវាជារឿងសមហេតុផល ដែលយើងមិនអាចបោះបង់សិទ្ធិការពារខ្លួនរបស់យើងជាដាច់ខាត ៕ធ.ដ
-
វៀតណាមមានអ្នកឆ្លងកូវិត១៩ កើនដល់២៩នាក់ហើយ

ចំនួនមនុស្សឆ្លងជំងឺកូវិត១៩នៅប្រទេសវៀតណាមបានកើនដល់២៩នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ទី៨ មីនា ម្សិលមិញ ខណៈដែលកាលពីថ្ងៃសៅរ៍ មានត្រឹម២០នាក់ នេះបើតាមក្រសួងសុខាភិបាលប្រទេសវៀតណាម។ករណីឆ្លងថ្មីៗទាំងនោះរួមមានទាំងទេសចរបរទេស៨នាក់ទៀតដែលបានមកដល់ទីក្រុងហាណូយ តាមជើងហោះហើរ Vietnam Airlines មួយពីក្រុងឡុង ប្រទេសអង់គ្លេស។ យ៉ាងណាក៏ដោយ វៀតណាមបានព្យាបាលមនុស្ស១៦នាក់ជាពីជំងឺកូវិត១៩នេះ ហើយបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ហើយមកទល់ពេលនេះ មិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះទេ។ ជាមួយគ្នានេះដែរ ក្រសួងថា អ្នកសង្ស័យ១០១នាក់ផ្សេងទៀតត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ខណៈដែលមនុស្ស២៣២២៨នាក់ទៀត ស្ថិតក្រោមការឃ្លាំមើល៕ធ.ដ
-
មេរោគ COVID-19 សម្លាប់មនុស្សកើនដល់២១នាក់ នៅសហរដ្ឋអាម៉េរិក ខណៈអ្នកឆ្លងសរុបកើនឡើងដល់៥២១នាក់

សហរដ្ឋអាម៉េរិក៖ តួលេខសរុបនៃមនុស្សឆ្លងមេរោគ COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិក បន្តកើនឡើងដល់៥២១នាក់ ក្នុងនោះមានអ្នកជំងឺ២១នាក់បានស្លាប់ ខណៈជំងឺរលាកសួតដ៏សាហាវនេះ កំពុងរាលដាលក្នុងរដ្ឋចំនួន៣៣ និងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ នេះបើតាមមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់សហរដ្ឋអាម៉េរិកនៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ខាងលើនេះ មាន៤៩នាក់ធ្វើមាតុភូមនិវត្តន៍ពីបរទេស ដោយមាន៣នាក់មកពីទីក្រុងវូហាន ៤៦នាក់ ចេញពីកប៉ាល់ Princess Diamond នៅក្នុងប្រទេសជប៉ុន ២១នាក់ចេញពីនាវា Grand Princess ចំណែកអ្នកផ្សេងទៀតត្រូវបានគេរកឃើញមានផ្ទុក COVID-19 នៅលើទឹកដីអាម៉េរិក ។ ជាវិធានការទប់ស្កាត់នោះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី០៦ ខែមិនា បានសម្រេចចុះហត្ថលេខាលើសចក្តីព្រាងច្បាប់មួយ សម្រាប់បញ្ចេញប្រាក់៨.៣ពាន់លានដុល្លារ ដើម្បីចំណាយគ្រាមានអាសន្នប្រឆាំងនឹងការរាលដាលនៃវីរុស COVID-19 ។ កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ខាងលើនេះ ក្នុងនោះទឹកប្រាក់៣ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍថ្នាំវ៉ាក់សាំង, ប្រដាប់ធ្វើតេស្ត និង ការព្យាបាល ខណៈទឹកប្រាក់២.២ពាន់លានដុល្លារ ដើម្បីជួយដល់សកម្មភាពសុខមាលភាពសាធារណៈលើការការពារ ការត្រៀមរៀបចំ…
-
តួលេខសរុបនៃអ្នកស្លាប់ដោយសារ COVID-19 កើនឡើងដល់៣.១១៩នាក់ និងឆ្លងសរុបកើនឡើងដល់៨០.៧៣៥ករណីនៅទូទាំងប្រទេសចិន

ចិន៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេសចិន បន្តកើនឡើងដល់៣.១១៩នាក់ ក្នុងគ្រាដែលអ្នកឆ្លងសរុបកើនឡើងដល់ ៨០.៧៣៥ករណី ក្នុងនោះមានអ្នកជំងឺសរុប៥៨.៦០០នាក់បានជាសះស្បើយ ។ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងទៀតថា នៅក្នុងរយៈពេលមួយថ្ងៃទី០៩ ខែមិនានេះ អ្នកជំងឺសរុប១.៥៣៥នាក់បន្ថែមទៀតបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ភាគច្រើនជាប្រជាជនរស់នៅខេត្តហ៊ូប៉ី និងទីក្រុងវូហាន ។ សម្រាប់តួលេខថ្មីៗដែលត្រូវបានបញ្ចេញជាផ្លូវការ ដោយអាជ្ញាធរសុខាភិបាលចិនខាងលើនេះ គឺបានបង្ហាញពីសញ្ញាធ្លាក់ចុះកាន់តែខ្លាំងបន្ថែមទៀត ចំពោះចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុស COVID-19 នៅទូទាំងប្រទេសចិន ៕ធ.ដ
-
ចំនួនសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 កើនដល់៣៦៦នាក់នៅអ៊ីតាលី ក្រោយកើនឡើង១៣៣នាក់បន្ថែមទៀត

អ៊ីតាលី៖ តួលេខសរុបនៃអ្នកបាត់បង់ជីវិតដោយសារវីរុស COVID-19 នៅទូទាំង ប្រទេសអ៊ីតាលី បន្តកើនឡើងដល់៣៦៦នាក់ បន្ទាប់ពីកើនឡើង១៣៣នាក់បន្ថែមទៀត ខណៈអាជ្ញាធរបានដាក់បំរាមដល់ប្រជាជនរាប់លាននាក់ ក្នុងការធ្វើដំណើរទូទាំងប្រទេសអ៊ីតាលី ។ ជាវិធានការទប់ស្កាត់ការរាលដាលនៃជំងឺរលាកសួតដ៏សាហាវនេះ នៅថ្ងៃទី០៨ ខែមិនានេះ រដ្ឋាភិបាលអ៊ីតាលីបានសម្រេចបិទសាលសម្ដែង រោងបញ្ចាំងខ្សែភាពយន្ដ សារៈមន្ទីរ និងក្លិបរាត្រីទាំងអស់នៅទូទាំងប្រទេស បន្ទាប់ពីទើបប្រកាសឱ្យបិទសាលារៀន និងសាកលវិទ្យាល័យ ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានសម្រេចចុះហត្ថលេខាលើអនុក្រឹត្យមួយ ដោយតម្រូវឱ្យដាក់ប្រជាជន១៦លាននាក់នៅដាច់ដោយឡែកពីគេនៅទូទាំងតំបន់ឡុមបាឌី និងខេត្តចំនួន១៤ផ្សេងទៀតផងដែរ ជាវិធានការទប់ស្កាត់នឹងការរីករាលដាលជំងឺ COVID-19 ៕ធ.ដ
-
យោធាកូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងបាញ់តេស្តគ្រាប់ផ្លោងចំនួន៣គ្រាប់ជាថ្មីទៀតធ្លាក់ចូលដែនសមុទ្រខាងកើត

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងចំនួន៣គ្រាប់សាជាថ្មីទៀត នៅថ្ងៃទី០៩ ខែមិនានេះ ខណៈការធ្វើតេស្តចុងក្រោយនេះ កើតឡើងមួយសប្តាហ៍ក្រោយទីក្រុងព្យុងយ៉ាងទើបបាញ់ម៉ីសីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ផងដែរ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់ប្រភពពីយោធាកូរ៉េខាងត្បូង ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្តីយោធាក្រសួងការពារជាតិកូរ៉េខាងត្បូងបានអះអាងថា ការបាញ់ខាងលើនេះ ត្រូវបានធ្វើឡើងចេញពីតំបន់ Sondok នៅក្នុងខេត្ត Hamgyong ខាងត្បូង ។ ប៉ុន្តែគ្រាប់ផ្លោងមិនទាន់ដឹងច្បាស់ជាប្រភេទអ្វី អាចហោះបានរយៈចម្ងាយ និងរយៈកម្ពស់ប៉ុណ្ណានោះទេ ខណៈដែលយោធាកូរ៉េខាងត្បូងបាននឹងកំពុងតាមដានពីស្ថានភាពវិវត្តន៍ថ្មីៗទៀត ក៏ដូចជាការរក្សាជំហរត្រៀមខ្លួន ៕ធ.ដ
-
អាជ្ញាធរអាមេរិករកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន២១នាក់នៅលើកប៉ាល់ Grand Princess

សហរដ្ឋអាមេរិក៖ ក្រុមជំនាញធ្វើតេស្ត និងរកឃើញមនុស្ស២១នាក់មានផ្ទុកមេរោគ COVID-19 នៅក្នុងខ្លួនរបស់ពួកគេ នៅលើកប៉ាល់ Grand Princess ដែលផ្ទុកអ្នកដំណើរសរុប៣ពាន់នាក់ នេះបើតាមអនុប្រធានាធិបតីអាមេរិកលោក Mike Pence នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០ ។ អនុប្រធានាធិបតីអាមេរិករូបនេះបានអះអាងថា ក្នុងចំណោមអ្នកឆ្លងខាងលើនេះ មាន១៩នាក់ជាក្រុមអ្នកបម្រើការងារលើនាវាផ្ទាល់ និង ០២នាក់ទៀតជាអ្នកដំណើរ ។ មនុស្សសរុប៤៦នាក់ត្រូវបានកំណត់ឲ្យធ្វើតេស្ត រកមើលវីរុស COVID-19 ដោយក្នុងនោះ២៤នាក់ទៀតចេញលទ្ធផលអវិជ្ជមាន និងម្នាក់កំពុងស្ថិតនៅក្នុងការតាមដាននៅឡើយ ។ បច្ចុប្បន្ន កប៉ាល់ Grand Princess ត្រូវបានអាជ្ញាធរអាមេរិកឃាត់ទុកនៅលើផ្ទៃទឹកសិន ដោយមិនអនុញ្ញាតឲ្យចូលចតនៅកំពង់ផែទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ នោះឡើយ ចាប់តាំងពីថ្ងៃ០៤ ខែមិនា ឆ្នាំ២០២០ ៕
-
តួលេខសរុបនៃអ្នកស្លាប់ COVID-19 កើនឡើងដល់៣.០៧០នាក់ ខណៈអ្នកឆ្លងកើនឡើងដល់៨០.៦៥១ករណីនៅទូទាំងប្រទេសចិន

ចិន៖ ចំនួនសរុបនៃអ្នកបាត់បង់ជីវិតដោយសារមេរោគ COVID-19 នៅទូទាំងប្រទេសចិនបានកើនឡើងដល់៣ពាន់៧០នាក់ ស្របពេលដែលអ្នកឆ្លងសរុបកើនឡើងដល់៨ម៉ឺន៦៥១ករណី ក្នុងនោះមានអ្នកជំងឺសរុប៥ម៉ឺន៥ពាន់៤០៤នាក់បានជាសះស្បើយ ។ តួលេខខាងលើនេះបានបង្ហាញពីការធ្លាក់ចុះជាលើកដំបូង ចំពោះចំនួនអ្នកឆ្លងជម្ងឺរលាកសួតដ៏សាហាវនេះនាពេលថ្មីៗ និង អ្នកស្លាប់នៅទូទាំងប្រទេសចិន ជាពិសេសនៅក្នុងខេត្តហ៊ូប៉ី ខណៈអ្នកជំនាញក៏សង្ឃឹមផងដែរថា ការឆ្លងថ្មីៗនៃមេរោគ COVID-19 នឹងធ្លាក់ដល់កម្រិតសូន្យនៅចុងខែមីនា ឆ្នាំ២០២០ខាងមុខ ។គួរបញ្ជាក់ថា របាយការណ៍ថ្មីរបស់គណៈកម្មការសុខាភិបាលចិន NHC បានឱ្យដឹងថា នៅក្នុងរយៈពេលពេញមួយថ្ងៃទី០៦ ខែមិនានេះ អ្នកឆ្លងវីរុស COVID-19 សរុប១ពាន់៦៧៨នាក់បានជាសះស្បើយ និង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ខណៈនៅថ្ងៃដដែលនេះ មានអ្នកជម្ងឺ៩៩នាក់ ក្នុងនោះ៧៤នាក់នៅខេត្តហ៊ូប៉ី និង២៨នាក់ទៀតបានបាត់បង់ជីវិត ៕