-
អ្នកឆ្លងមេរោគ COVID-19 កើនឡើង១០៩ករណីបន្ថែមទៀតនៅអាល្លឺម៉ង់ ធ្វើអោយចំនួនអ្នកឆ្លងសរុបកើនឡើងដល់៣៤៩ករណី

អាល្លឺម៉ង់៖ តួលេខសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសអាល្លឺម៉ង់ បានបន្តកើនឡើងដល់៣៤៩នាក់ នេះបើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០ ។ រដ្ឋដែលមានករណីច្រើនជាងគេ គឺ North Rhine-Westphalia នៅភាគខាងលិចអាល្លឺម៉ង់ ដែលមានប្រជាជនរស់នៅច្រើនជាងគេ ដោយរដ្ឋមួយនេះ មានករណីឆ្លងជម្ងឹរលាកសួតដ៏សាហាវនេះ រហូតដល់ទៅ១៧៥ករណី ។ គួរបញ្ជាក់ថា អ្នកឆ្លងជំងឺ COVID-19 សរុប៣៤៩នាក់ខាងលើនេះ ត្រូវបានរកឃើញនៅក្នុងរដ្ឋសហព័ន្ធចំនួន១៥ ក្នុងចំណោមរដ្ឋសហព័ន្ធទាំង១៦ របស់ប្រទេសអាល្លឺម៉ង់ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមិនានេះ (ម៉ោងក្នុងតំបន់) ដែលវាជាការកើនឡើងដល់ទៅជាង១០០ករណីក្នុងពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ៕ធ.ដ
-
តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់៣.៥១៣ករណីនៅអ៊ីរ៉ង់ ខណៈអាជ្ញាធរប្រកាសបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់

អ៊ីរ៉ង់៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសអ៊ីរ៉ង់បានកើនឡើងដល់១០៧នាក់ ក្នុងចំណោមករណីឆ្លងសរុបដែលបានឡើងដល់៣.៥១៣ករណី ។ ហើយនៅថ្ងៃដដែលនេះ ក្នុងចំណោមករណីឆ្លងទាំង៣.៥១៣នាក់នោះ មានអ្នកជម្ងឺ៧៣៩នាក់បានជាសះស្បើយឡើងវិញ ហើយក៏មានករណីសង្ស័យ និង កំពុងស្ថិតក្រោមការតាមដានចំនួន២៣.៣២៧នាក់ផងដែរ ។ ជាការឆ្លើយតបនោះ សាលារៀន និង សាកលវិទ្យាល័យ ព្រមទាំងគ្រឹះស្ថានអប់រំទាំងអស់នៅទូទាំងប្រទេសអ៊ីរ៉ង់ នឹងត្រូវបិទទ្វាររហូតដល់ថ្ងៃទី២០ ខែមីនាខាងមុខ នេះបើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក សាអ៊ីដ ណាម៉ាគី ។ ទន្ទឹមគ្នា អាជ្ញាធរអ៊ីរ៉ង់ក៏បានណែនាំឲ្យប្រជាជនព្យាយាមស្នាក់នៅក្នុងផ្ទះ និង កុំធ្វើដំណើរចេញទៅណាបើមិនចាំបាច់ផងដែរ ៕ធ.ដ
-
សភាសហរដ្ឋអាមេរិកអនុម័តថវិកាជាង៨ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ខណៈអ្នកឆ្លងកើនដល់១៥៨ករណី ក្នុងនោះស្លាប់១១នាក់

សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្រ្តអាមេរិកបានសម្រេចអនុម័តកញ្ចប់ថវិកាជាង៨ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 នៅទូទាំងប្រទេស ស្របពេលដែលចំនួនអ្នកស្លាប់ដោយសារជម្ងឺរលាកសួតដ៏សាហាវនេះកើនឡើងដល់១១នាក់ ។ ជាមួយគ្នានេះ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ីបានថ្លែងថា ក្រុមសមាជិកសភានៃគណបក្សសាធារណរដ្ឋ និង ប្រជាធិបតេយ្យបានឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្តល់មូលនិធិចំនួន៨.៣ពាន់លានដុល្លារ ដើ ម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលមួយនេះ ។ យ៉ាងណាមិញ សភាតំណាងរាស្រ្តបានអនុម័តវិធានការនេះហើយ នៅឡើយតែព្រឹទ្ធសភាប៉ុណ្ណោះ ដែលនឹងត្រូវបោះឆ្នោតអនុម័តនៅថ្ងៃ០៥ ខែមិនានេះ (ម៉ោងក្នុងតំបន់) ។ បើតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជម្ងឺឆ្លងអាមេរិក CDC គិតមកទល់នឹងពេលនេះ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានបន្តកើនឡើងដល់១៥៨ករណី បន្ទាប់ពីទើបធ្វើតេស្តរកឃើញករណីឆ្លងថ្មីចំនួន៥៣បន្ថែមទៀត ខណៈកាលីហ្វ័រញ៉ាប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន ៕ធ.ដ
-
តួលេខសរុបនៃអ្នកបាត់បង់ជីវិតដោយសារ COVID-19 កើនដល់៣៥នាក់នៅកូរ៉េខាងត្បូង ខណៈអ្នកឆ្លងកើនដល់៥.៧៦៦ករណី

កូរ៉េខាងត្បូង៖ ករណីឆ្លងថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី០៥ ខែមិនានេះ មានចំនួន៤៣៨ករណី ក្នុងនោះ៣២០ករណីរកឃើញនៅទីក្រុងដេគូ និង ៨៧ករណីទៀតនៅខេត្តគ្យុងសាងខាងជើង ដែលតំបន់ទាំងពីរនេះ ស្ថិតនៅភាគអាគ្នេយ៍ប្រទេស និងមានចម្ងាយ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ។ ទន្ទឹមគ្នា រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ចេញរបាយការណ៍ថ្មីនៅថ្ងៃដដែលនេះ ដោយបង្ហាញពីចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងដល់៥.៧៦៦ករណី ខណៈអ្នកជំងឺសរុប៣៥នាក់បានបាត់បង់ជីវិត ដែលភាគច្រើនជាមនុស្សមានវ័យចាស់ជរា ។ រហូតមកទល់នឹងពេលនេះ អាជ្ញាធរសុខាភិបាល និង មន្ត្រីពាក់ព័ន្ធរបស់កូរ៉េខាងត្បូងកំពុងតែឈានទៅដល់ការធ្វើតេស្តប្រជាជនទូទៅនៅក្នុងទីក្រុង ដេគូ តែម្តង ដោយសារតែពេលនេះ វីរុស COVID-19 បានបង្ហាញសញ្ញារាតត្បាតឥតឈប់ឈរឡើយនៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ ៕ធ.ដ
-
ទីបំផុត Apple ព្រមសង៥០០លានដុល្លារក្នុងបណ្តឹងមួយដែលអះអាងថា ក្រុមហ៊ុននេះធ្វើឱ្យទូរស័ព្ទ iPhone ស៊េរីចាស់ៗដើរយឺត ដើម្បីឱ្យអ្នកប្រើប្រាស់ទិញស៊េរីថ្មី

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple បានយល់ព្រមសងប្រាក់រហូតដល់៥០០លានដុល្លារ ក្នុងការដោះស្រាយបណ្តឹងមួយ ដែលអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ បានធ្វើឱ្យទូរស័ព្ទ iPhone ស៊េរីចាស់ៗដើរយឺតជាងមុន ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ទិញទូរស័ព្ទស៊េរីថ្មី ។ បើតាមឯកសាររបស់តុលាការនោះ ចៅក្រមសហព័ន្ធនៅរដ្ឋកាលីហ្វ័រញ៉ា ដែលទទួលខុសត្រូវលើក្រុមបណ្តឹងនេះ នឹងត្រូវបានស្នើសុំឱ្យអនុម័តលើសំណងដែលបានស្នើឡើងនេះនៅក្នុងសវនាការនៅដើមខែមេសា ឆ្នាំ២០២០ខាងមុខ ។ សូមរំលឹកថា ក្រុមហ៊ុន Apple បានសារភាពកាលពីខែធ្នូ ឆ្នាំ២០១៧ថា កម្មវិធី iOS ត្រូវបានកែសម្រួលដើម្បីធ្វើឱ្យយឺតទូរស័ព្ទ iPhone ស៊េរីចាស់ៗ និង ធ្វើឱ្យទូរស័ព្ទឆាប់ខូចថ្មហើយបិទដោយឯកឯង ។ ទន្ទឹមគ្នា ក្រុមអ្នករិះគន់បានចោទប្រកាន់ក្រុមហ៊ុន Apple ថាបង្ខំឱ្យអ្នកប្រើប្រាស់ទិញទូរស័ព្ទថ្មីឱ្យបានលឿនជាងការចាំបាច់ ហើយការប្រឆាំងជំទាស់នេះបានបង្ខំឱ្យក្រុមហ៊ុន Apple ធ្វើឱ្យប្រសើរឡើងនូវសូហ្វវែររបស់ខ្លួន និង ផ្តល់នូវការបញ្ចុះតម្លៃយ៉ាងច្រើនលើថ្មថ្មី ៕ធ.ដ
-
វីរុស COVID-19 សម្លាប់មនុស្សកើនឡើងជាង៣.០០០នាក់ និងឆ្លងសរុប ៨០.៤០៩នាក់នៅទូទាំងប្រទេសចិន

ចិន៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន ៣១ របស់ប្រទេសចិនបានបន្តកើនដល់៣.០១២នាក់ ស្របពេលដែលចំនួនអ្នកឆ្លងវីរុសសរុបកើនដល់៨០,៤០៩ករណី នេះបើតាមអាជ្ញាធរសុខាភិបាលចិននៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០ ។ តួលេខថ្មីខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និង ឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀតនៅទូទាំងប្រទេសចិន ។ ទន្ទឹមគ្នា អាជ្ញាធរចិនក៏បានដឹកសម្ភារៈពេទ្យ និងខោអាវឈុតសម្រាប់ការពារមេរោគប្រមាណ២ម៉ឺនសម្រាប់ទៅកាន់ទីក្រុងវូហាន ផងដែរ ដើម្បីបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ។ សូមរំលឹកថា បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការជាតិសុខាភិបាលចិននោះ ក្នុងរយៈពេលពេញមួយថ្ងៃទី០៤ ខែមិនានេះ មនុស្សចំនួន១៣៩នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ខណៈអ្នកជំងឺ ៣១នាក់បានបាត់បង់ជីវិត ៕ធ.ដ
-
អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១២.៦០០ករណី

ស្វីស៖ ការរាលដាលនៃមេរោគឆ្លង COVID-19 បានបន្តកើនឡើងយ៉ាងគំហុកនៅទូទាំងពិភពលោក ជាមួយនឹងករណីឆ្លងសរុប១២.៦០០ករណីត្រូវបានគេអះអាងថា កើតមានឡើងនៅក្នុង៧៦ប្រទេស ក្រៅពីប្រទេសចិន គិតត្រឹមថ្ងៃ០៤ ខែមិនា ឆ្នាំ២០២០ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ។ នៅថ្ងៃទី០៤ ខែមិនានេះ ប្រទេសអ៊ីតាលីបានបញ្ជាក់ពីករណីឆ្លងវីរុសរលាកសួតដ៏សាហាវនេះចំនួន៥៨៧ករណី ដោយចំនួននេះបានកើនឡើងដល់៣.០៨៩ករណី ជាមួយនឹងការស្លាប់សរុបចំនួន១០៧នាក់ ។ រីឯអាជ្ញាធរសុខាភិបាលជប៉ុននៅថ្ងៃទី០៥ ខែមិនានេះ បាននិយាយថា ប្រទេសខ្លួនមានករណីឆ្លងសរុបចំនួន១.០៣៧ ករណីក្នុងនោះមាន ៧០៦ ករណីចេញពីនាវាទេសចរណ៍ Diamond Princess ។ ជាមួយគ្នានេះ ចំនួនអ្នកស្លាប់ដោយសារការឆ្លងបានកើនឡើងដល់១១នាក់នៅសហរដ្ឋអាមេរិក គិតត្រឹមរសៀលថ្ងៃទី០៤ ខែមិនា (ម៉ោងក្នុងតំបន់) ក្នុងនោះមាន ១០នាក់នៅរដ្ឋវ៉ាស៊ីនតោន និងម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា ខណៈចំនួនសរុបនៃអ្នកឆ្លងនៅសហរដ្ឋអាមេរិកកើនឡើងដល់១៥៣ករណី ៕ធ.ដ
-
អាជ្ញាធរអ៊ីតាលីសម្រេចបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេស ខណៈវីរុស COVID-19 កំពុងឆ្លងរាលដាលខ្លាំងឡើង

អ៊ីតាលី៖ រដ្ឋាភិបាលអ៊ីតាលី នៅថ្ងៃទី០៤ ខែមិនានេះ បានសម្រេចចិត្តបិទសាលារៀន និង សាកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេស រហូតដល់ពាក់កណ្ដាលខែមីនា ខាងមុខនេះ។ បើតាមប្រភពពីមន្ត្រីអ៊ីតាលីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ការបិទសាលារៀន និងសាកលវិទ្យាល័យ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែមិនានេះតទទៅ ហើយការបង្រៀនតាមប្រព័ន្ធអ៊ីនធើណិតនឹងចាប់ផ្ដើមនៅថ្ងៃទី០៦ ខែមិនា ប៉ុន្តែ មិនទាន់មានការប្រកាសជាផ្លូវការណាមួយនៅឡើយទេ ។ ចំណាត់ការបែបនេះរបស់រដ្ឋាភិបាលអ៊ីតាលី ត្រូវបានធ្វើឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងវាយលុកខ្លាំងជាងលើតំបន់ភាគខាងជើងនៃប្រទេស ខណៈចំនួនអ្នកស្លាប់កើនឡើងដល់៧៩នាក់ និងច្រើនជាង២,៥០០នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវមួយនេះ ៕ធ.ដ
-
លោក ប្រាយុទ្ធ ចាន់អូចា កោះប្រជុំបន្ទាន់មួយ ដើម្បីរកវិធីដោះស្រាយលើពលករថៃនៅកូរ៉េខាងត្បូងមួយម៉ឺននាក់ នៅពេលពួកគេត្រឡប់មកស្រុកកំណើតវិញ

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានកោះប្រជុំបន្ទាន់មួយនៅថ្ងៃទី០៤ ខែមិនានេះ ដើម្បីពីភាក្សាអំពីអ្វីដែលត្រូវធ្វើចំពោះពលករថៃខុសច្បាប់ នៅកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ ដែលលោកជឿជាក់ថា ពួកគេនឹងរកវិធីវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីគេចចេញពីការឆ្លង COVID-19 នៅទីនោះ ។ បើតាមផែនការនោះ តំបន់ពិសេសមួយនឹងត្រូវរៀបចំឡើងនៅអាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីឱ្យពលករខុសច្បាប់ទាំងនោះ នៅដាច់ឆ្ងាយពីគេឯងសិន ។ ចំពោះអ្នកដែលបង្ហាញរោគសញ្ញាណាមួយនៃជំងឺ COVID-19 នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលអ្នកដែលមិនមានរោគសញ្ញាទេ នឹងត្រូវបានស្នើសុំឲ្យនៅស្ថិតនៅដាច់ដោយឡែកពីគេ នៅឯគេហដ្ឋានរបស់ខ្លួនរយៈពេល១៤ថ្ងៃ ។ គួរបញ្ជាក់ថា នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ ចំនួនអ្នកដែលបានឆ្លងជំងឺ COVID-19 កើនឡើងដល់៤៣ករណី បន្ទាប់ពី១ករណីថ្មីទៀតត្រូវបានរកឃើញនៅថ្ងៃទី០២ ខែមិនានេះ ហើយក៏មានអ្នកជំងឺម្នាក់បានស្លាប់ផងដែរ កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ ៕ធ.ដ
-
ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនដល់២.២៦៣នាក់នៅអ៊ីតាលី ក្នុងនោះមានអ្នកជម្ងឺ៧៩នាក់ស្លាប់ និងជាសះស្បើយ១៦០នាក់

អ៊ីតាលី៖ អាជ្ញាធរអ៊ីតាលីនៅថ្ងៃទី០៣ ខែមិនានេះបានអះអាងថា តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 បានបន្តកើនឡើងដល់២.២៦៣នាក់ហើយ ខណៈមានការកើនឡើងករណីឆ្លងថ្មីចំនួន៤២៨នាក់ បើធៀបនឹងរបាយការណ៍កាលពីពេលមុន ។ ប្រធាននាយកដ្ឋានការពារជនស៊ីវិល និងជាស្នងការទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់នៃជម្ងឺឆ្លងលោក អាន់ជែលឡូ បូរែលលី បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកនៅម៉ោង៦ល្ងាចថ្ងៃទី០៣ ខែមិនា (ម៉ោងក្នុងតំបន់) ថា យើងមានអ្នកជាសះស្បើយពីជម្ងឺរលាកសួតដ៏សាហាវនេះចំនួន១៦០នាក់ ដែលចំនួននេះបានកើនឡើង១១ករណីបន្ថែមទៀត បើធៀបនឹងថ្ងៃទី០២ ខែមិនា ។ ស្របពេលជា មួយគ្នានេះដែរ ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 បានកើនឡើងដល់៧៩នាក់ ខណៈតួលេខនេះបានបង្ហាញពីការកើនឡើងរហូតដល់២៧នាក់ឯណោះ ។ សូមជម្រាបថា តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺភាគច្រើនស្ថិតនៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីតាលី ដូចជា តំបន់ឡុមបាឌី និងតំបន់វែណេតូ ព្រោះគ្រាន់តែតំបន់ឡុមបាឌី ដែលស្ថិតនៅជុំវិញទីក្រុងហិរញ្ញវត្ថុរបស់អ៊ីតាលី វែនីស តែមួយប៉ុណ្ណោះ មានជនរងគ្រោះដល់បាត់បង់ជីវិតរហូតដល់៣៨នាក់ ។ ទន្ទឹមគ្នា អាជ្ញាធរតំបន់ឡុមបាឌី បានអំពាវនាវឲ្យមនុស្សដែលមានអាយុលើសពី៦៥ឆ្នាំទៅ ស្នាក់នៅក្នុងផ្ទះព្រោះទិន្នន័យបានបង្ហាញថា ពួកគេទាំងនេះគឺងាយនឹងរងគ្រោះបំផុតដោយសារជំងឺនេះ ៕ធ.ដ