-
តួលេខអ្នកស្លាប់កើនឡើងដល់២៥នាក់ ក្នុងហេតុការណ៍ព្យុះកំណាច Tornado វាយប្រហារសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារការវាយប្រហាររបស់ព្យុះកំណាច Tornado ចំនួនពីរ ទៅលើតំបន់ភាគកណ្ដាលនៃរដ្ឋ Tennessee រួមមានទាំងទីក្រុង Nashville នៅព្រឹកថ្ងៃទី០៣ ខែមិនានេះ (ម៉ោងក្នុងតំបន់) បានកើនឡើងដល់២៥នាក់ហើយ ។ យោងតាមប្រភពពីអាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្ស២០នាក់ក៏បានរងរបួសផងដែរ ចំណែកឯអគារ ក៏ដូចជាផ្ទះជាង៤០ខ្នងបានរងការខូចខាត ហើយមិនតែប៉ុណ្ណោះ ព្យុះកំណាចទាំងនេះ បានធ្វើឱ្យមនុស្ស៤ម៉ឺន៤ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ទៀតផង ។ បច្ចុប្បន្នអាជ្ញាធរអាមេរិកនៅក្នុងតំបន់បាននឹងកំពុងផ្ដល់ជំនួយដល់ជនរងគ្រោះ និង វាយតម្លៃពីទំហំខូចខាត ៕ធ.ដ
-
ប្រធានអង្គការសុខភាពពិភពលោក WHO និយាយថា ការឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និងជប៉ុន កំពុងក្លាយជាការព្រួយបារម្ភខ្ពស់បំផុត

ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេ ប្រេយែសឹស បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅថ្ងៃទី០២ ខែមិនានេះថា ការរាលដាលខ្លាំងឡើងនៃជម្ងឺឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និងជប៉ុន កំពុងក្លាយជាការព្រួយបារម្ភខ្ពស់បំផុត ។ ជាមួយគ្នានេះ លោក ថេដ្រូស អាដាណម ហ្គេ ប្រេយែសឹស បាននិយាយយ៉ាងដូច្នេះថា ការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង COVID-19 ត្រូវតែនៅតែជាអាទិភាពកំពូលសម្រាប់ប្រទេសទាំងអស់…. ជាមួយនឹងការចាត់វិធានការណ៍ឆាប់រហ័ស…ប្រទេសទាំងអស់អាចបញ្ឈប់ការបញ្ជូន និងជួយសង្គ្រោះជីវិតមនុស្សបាន ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានបញ្ជាក់ទៀតថា ក្រុមជំនាញរបស់អង្គការសុខភាពពិភពលោកបានធ្វើដំណើរទៅដល់ទឹកដីរបស់ប្រទេសអ៊ីរ៉ង់ហើយ កាលពីរសៀលថ្ងៃទី០២ ខែមិនា (ម៉ោងក្នុងតំបន់) ដើម្បីផ្តល់ជាជំនួយបច្ចេកទេស ការផ្គត់ផ្គង់ និង ការគំាទ្រដល់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរលាកសួតដ៏កាចសាហាវមួយនេះ ៕ធ.ដ
-
លោក ដូណាល់ ត្រាំ និយាយថា មានសុវត្ថិភាពណាស់ ចំពោះការប្រមូលផ្តុំគ្នាក្នុងយុទ្ធនាការបោះឆ្នោត បើទោះជាមានការរាលដាលនៃវីរុស COVID-19

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃទី០២ ខែមិនាថា ការប្រមូលផ្តុំគ្នាក្នុងយុទ្ធនាការបោះឆ្នោតនឹងមិនធ្វើឱ្យអ្នកគាំទ្ររបស់លោក ប្រឈមមុខនឹងហានីភ័យនៃការរាលដាលពីជម្ងឺឆ្លង COVID-19 នោះទេ លោកថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនយ៉ាងល្អដើម្បីទប់ទល់នឹងវីរុសនេះ ។ ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលរួបលោក គ្រោងនឹងរៀបចំការជួបជុំមួយផ្សេងទៀតនៅរដ្ឋ ណស់ ខារ៉ូលីណា នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនផលិតឱសថធំៗរបស់អាមេរិក ដើម្បីពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែងបង្កើតវ៉ាក់ស៊ាំងប្រឆាំងនឹងវីរុស ។ នាឱកាសនោះ លោក ដូណាល់ ត្រាំ បាននិយាយថា យើងបានស្នើឱ្យពួកគេ (ប្រធានក្រុមហ៊ុនផលិតឱសថ) បង្កើនល្បឿននូវអ្វីដែលពួកគេបាននឹងកំពុងធ្វើ ទាក់ទងនឹងវ៉ាក់ស៊ាំងការពារវីរុស ។ សូមបញ្ជាក់ថា ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់១០០ករណី ដែលក្នុងនោះមានមនុស្ស០៦នាក់បានបាត់បង់ជីវិត ៕ធ.ដ
-
តួលេខសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅអ៊ីរ៉ង់កើនដល់៦៦នាក់ ខណៈអ្នកឆ្លងសរុបកើនជាង១.៥០០ករណី

អ៊ីរ៉ង់៖ ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីរ៉ង់បន្តកើនឡើងដល់៦៦នាក់ ស្របពេលដែលតួលេខសរុបនៃអ្នកឆ្លងវិញ ក៏បានកើនឡើងជាង១.៥០០ករណីផងដែរ ក្នុងនោះមនុស្ស២៩១នាក់ជាសះស្បើយ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នៅថ្ងៃទី០២ ខែមិនាដដែលនេះ សមាជិកម្នាក់ នៃក្រុមប្រឹក្សាពិគ្រោះយោបល់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ទើបតែបានស្លាប់ ក្រោយឆ្លងជំងឺ COVID-19 ។ កន្លងទៅនេះ អនុរដ្ឋមន្រ្តីសុខាភិបាលម្នាក់ សមាជិកសភាម្នាក់ និងអនុប្រធានាធិបតីម្នាក់របស់ប្រទេសអ៊ីរ៉ង់ក៏បានឆ្លងជំងឺរលាកសួតដ៏សាហាវនេះផងដែរ ខណៈអ្នកទាំងពីរកំពុងទទួលការព្យាបាល ។ គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានប្រកាសពីការរកឃើញករណីឆ្លងមេរោគ COVID-19 ដំបូងកាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅនេះ នៅទីក្រុងក៉ុម និងជាប្រទេសដែលមានករណីស្លាប់ច្រើនបំផុត ដោយសារមេរោគរលាកសួតនេះបន្ទាប់ពីចិន ៕ធ.ដ
-
ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបកើនជាង២.០០០ករណីនៅអ៊ីតាលី ក្នុងនោះមានមនុស្ស៥២នាក់ស្លាប់

អ៊ីតាលី៖ តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅប្រទេសអ៊ីតាលី បានបន្តកើនឡើងដល់ជាង២.០០០ករណី ខណៈមនុស្ស៥២នាក់បានស្លាប់ ហើយបើតាមទីភ្នាក់ងារការពារស៊ីវិលនោះ ចំនួនសរុបនៃអ្នកឆ្លងជំងឺរលាកសួតនេះកើន ដល់២.០៣៦នាក់ ក្នុងនោះ១៤៩នាក់បានព្យាបាលឲ្យជាសះស្បើយឡើងវិញ ។ តំបន់ដែលរងគ្រោះខ្លាំងជាងគេនោះ ភាគច្រើនស្ថិតនៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីតាលី មានដូចជាតំបន់ឡុមបាឌី និងតំបន់វែណេតូ ព្រោះគ្រាន់តែតំបន់ឡុមបាឌី ដែលស្ថិតនៅជុំវិញទីក្រុងហិរញ្ញវត្ថុរបស់អ៊ីតាលីវែនីសតែឯងប៉ុណ្ណោះ មានជនរងគ្រោះដល់បាត់បង់ជីវិតរហូតដល់៣៨នាក់ ។ សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅអ៊ីតាលី ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃទី០២ ខែមិនានេះ គឺជាចំនួនខ្ពស់បំផុតបើរាប់ចាប់តាំងពី១០ថ្ងៃមុន ដែលប្រទេសនេះ បានចាប់ផ្តើមទទួលរងការវាយប្រហារពីជម្ងឺរលាកសួតដ៏សាហាវនេះ ៕ធ.ដ
-
ម៉ាឡេស៊ីសង្ស័យថា អតីតឧបនាយករដ្ឋមន្ត្រីម្នាក់ឆ្លងជំងឺកូវិត១៩

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានឱ្យដឹង កាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតចំពោះព័ត៌មានដែលអះអាងថាអតីតរដ្ឋមន្ត្រីម្នាក់ និងអតីតឧបនាយករដ្ឋមន្ត្រី ម្នាក់ទៀត ទំនងជាបានឆ្លង និងធ្លាប់បានទាក់ទងដោយផ្ទាល់ជាមួយអ្នកជំងឺ COVID-19 ម្នាក់ កំឡុងចូលរួមក្នុងព្រឹត្តិការណ៍មួយ កាលពីសប្ដាហ៍មុន។ ជាមួយគ្នានេះ នាយកម្នាក់នៅអាជ្ញាធរអភិវឌ្ឍជនបទនៃប្រទេសម៉ាឡេស៊ីត្រូវបានរកឃើញថា បានផ្ទុកជំងឺកូវិត១៩នេះ ជាការបន្ថែមករណីថ្មីមួយទៀតសម្រាប់ប្រទេសនេះ។ ថ្មីៗនេះ មានការផ្សាយថា មន្ត្រីជាន់ខ្ពស់ ពីរនាក់ ម្នាក់ជាអតីតរដ្ឋមន្ត្រី និងម្នាក់ទៀត ជាអតីតឧបនាយករដ្ឋមន្ត្រី ធ្លាប់បានទាក់ទងជាមួយអ្នកជំងឺ COVID-19 ម្នាក់ ដែលជាករណីឆ្លងទី២៦ កំឡុងចូលរួមក្នុងព្រឹត្តិការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ សេចក្ដីថ្លែងការណ៍ដដែល មិនបានបញ្ជាក់ពីអត្តសញ្ញាណមន្ត្រីជាន់ខ្ពស់ទាំងពីរនាក់នោះទេ ប៉ុន្តែអតីតរដ្ឋមន្ត្រីម្នាក់មកពីគណបក្ស Bersatu បានប្រាប់សារព័ត៌មាន Bernama ថា រូបលោកបានធ្វើតេស្ដរក COVID-19 ដោយលទ្ធផលបង្ហាញថា «អវិជ្ជមាន»។ ចំណែក ឯ អតីតឧបនាយករដ្ឋមន្ត្រីម្នាក់ ក៏បានអះអាងដែរថាលទ្ធផលនៃការធ្វើតេស្តរបស់ លោកនឹងរួចរាល់ នៅថ្ងៃពុធសប្ដាហ៍នេះ៕ធ.ដ
-
អ៊ីរ៉ង់ស្លាប់មន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ដោយសារកូវិត១៩

មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់់ប្រទេសអ៊ីរ៉ង់បានស្លាប់ ដោយសារតែជំងឺកូវិត១៩ កាលពីថ្ងៃចន្ទម្សិលមិញ។ លោក Seyyed Mohammad Mirmohammadi គឺសមាជិកក្រុមប្រឹក្សាផ្តល់យោបល់រហ័សរបស់ប្រទេសអ៊ីរ៉ង់ ហើយលោកក៏ធ្លាប់ធ្វើជាសមាជិកសភាផងដែរ។ លោក Mirmohammadi បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុងតេអេរ៉ង់ ដោយទីតាំងនោះមានអ្នកជំងឺប្រភេទនេះច្រើន។ គួររម្លឹកថា លោក Hadi Khosroshahi អតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅរដ្ឋមួយរបស់ប្រទេសអ៊ីតាលី ក៏បានស្លាប់ដោយសារតែជំងឺកូវិត១៩នេះដែរ។ ក្រៅពីនេះ អនុប្រធានាធិបតីអ៊ីរ៉ង់ និងអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់កំពុងផ្ទុកជំងឺប្រភេទនេះដែរ ស្របពេលដែលអ៊ីរ៉ង់ក៏មានមនុស្សស្លាប់បន្តបន្ទាប់ ដោយសារជំងឺកូវិត១៩៕ធ.ដ
-
មីយ៉ាន់ម៉ាពិន័យអ្នកលាក់បាំងព័ត៌មានជំងឺកូវិត១៩ មានទាំងជាប់គុកនិងបង់ប្រាក់

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ថ្មីៗនេះ បានចេញសេចក្តីប្រកាសមួយដោយ បានចាត់ទុក COVID-19 គឺជាប្រភេទជំងឺដែលអាចរាតត្បាមួយតាមច្បាប់ស្តីពីការការពារ និងគ្រប់គ្រងជំងឺឆ្លងរាលដាល ហើយក្រោមច្បាប់នេះ អ្នកដែលមានអាការៈពាក់ព័ន្ធនឹងជំងឺនេះ ត្រូវតែរាយការណ៍ដល់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ច។ ក្នុងករណីអ្នកលាក់បាំងព័ត៌មាន នឹងត្រូវប្រឈមទោសពន្ធនាគារ ១ ខែ និងពិន័យជាទឹកប្រាក់ចន្លោះ ២១ ទៅ ៣៥ ដុល្លារ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Irrawaddy ដកស្រង់ប្រភពពីក្រសួងសុខាភិបាល។ក្រសួងសុខាភិបាលថា បទបញ្ញត្តិច្បាប់បានចែងថា បងប្អូនសាច់ញាតិ ឬអ្នកនៅក្បែរ អ្នកដែលមានរោគសញ្ញាជំងឺឆ្លងនេះ ត្រូវតម្រូវឲ្យរាយការណ៍ជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ឬគ្លីនិក ដែលនៅជិតបំផុត។ សូមបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្វើតេស្តលើជនសង្ស័យថាមានឆ្លង COVID-19 ៤២ នាក់មកហើយនៅទូទាំងប្រទេស ក៏ប៉ុន្តែអ្នកទាំងនោះ រកឃើញលទ្ធផលអវិជ្ជមាន មានន័យថា ពុំទាន់មានករណីជំងឺនេះក្នុងប្រទេសមីយ៉ាន់ម៉ានៅឡើយទេ៕ធ.ដ
-
មេរោគ COVID-19 សម្លាប់មនុស្សកើនដល់២.៩៤៦នាក់ និងឆ្លងសរុប៨ម៉ឺន៣០០ករណី ខណៈអ្នកជាសះស្បើយ៤ម៉ឺន៧ពាន់២៦០នាក់នៅទូទាំងប្រទេសចិន

ចិន៖ តួលេខសរុបនៃអ្នកបាត់បង់ជីវិតដោយសារមេរោគឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន ៣១ របស់ប្រទេសចិនបានបន្តកើនឡើងដល់២.៩៤៦នាក់ ស្របពេលដែលចំនួនសរុបនៃអ្នកឆ្លងវិញ ក៏បានកើនឡើងដល់៨ម៉ឺន៣០០ករណី នេះបើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិននៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា គណៈកម្មការជាតិសុខាភិបាលចិនបានឱ្យដឹងដែរថា រយៈពេលពេញមួយថ្ងៃទី០២ ខែមិនានេះ មនុស្សចំនួន១២៩នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ខណៈអ្នកជំងឺ៣១នាក់បានបាត់បង់ជីវិត ។ ដោយឡែកចំនួនសរុបនៃអ្នកជាសះស្បើយពីជម្ងឺរលាកសួតដ៏សាហាវនេះ ក៏បានបន្តកើនឡើងដល់៤ម៉ឺន៧ពាន់២៦០នាក់ផងដែរនៅទូទាំងប្រទេសចិន ខណៈតួលេខនៃអ្នកឆ្លង និងស្លាប់ថ្មីៗនេះត្រូវបានគេមើលឃើញថា នៅតែបន្តធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ៕ធ.ដ
-
កូរ៉េខាងត្បូងទើបរកឃើញអ្នកឆ្លងថ្មីនៃវីរុស COVID-19 ចំនួន៦០០នាក់បន្ថែមទៀត ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងកើនដល់៤.៨១២នាក់

កូរ៉េខាងត្បូង៖ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់៤ពាន់៨១២ករណី បន្ទាប់ពី៦០០ករណីថ្មីៗទៀតត្រូវបានរាប់បញ្ចូល ខណៈទីក្រុងដេគូ និងខេត្តគ្យុងសាងខាងជើង ជាទីតាំងរងគ្រោះធ្ងន់ធ្ងរជាងគេ នេះបើតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺឆ្លងរបស់កូរ៉េខាងត្បូង KCDC បានឱ្យដឹងថា នៅក្នុងចំណោមករណីឆ្លងថ្មីនៃវីរុស COVID-19 ខាងលើនេះ ក្នុងនោះមាន៥១៩ករណីនៅក្នុងទីក្រុងដេគូ ដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល និង៦១ករណីទៀតនៅខេត្តគ្យុងសាងខាងជើង ។ ឆ្លើយតបនឹងបញ្ហាដ៏ធ្ងន់ធ្ងរខាងលើនេះ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា ពួកគេនឹងផ្តោតការយកចិត្តទុកដាក់ព្យាបាល ឲ្យកាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀត លើករណីធ្ងន់ធ្ងរនៃអ្នកជំងឺ COVID-19 ជាពិសេសគឺទៅលើមនុស្សចាស់ជរា និង អ្នកដែលមានបញ្ហាសុខភាពរុំារ៉ៃពីមុនមកស្រាប់ ។ ប្រការនេះមានន័យថា សម្រាប់អ្នកជំងឺដែលមានអការៈមិនសូវជាធ្ងន់ធ្ងរ គេគ្រាន់តែផ្តល់ជូននូវថ្នាំសង្កូវដើម្បីជួយសម្រាលរោគសញ្ញា ស្របពេលដែលអ្នកជំងឺដែលមានអការៈធ្ងន់ធ្ងរនឹងត្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមានគ្រូពេទ្យមើលថែទាំយ៉ាងដិតដល់បំផុត ៕ធ.ដ