-
ប្រធានគណៈកម្មាការអឺរ៉ុបប្រកាសដំឡើងកម្រិតប្រកាសអាសន្នពីការរាលដាលនៃជំងឺ COVID-19 ឡើងដល់កម្រិតខ្ពស់

ប៊ែលហ្ស៊ិក៖ ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ឌឺ ឡេយ៉េន បានថ្លែងថា អឺរ៉ុបបានបង្កើនកម្រិតប្រកាសអាសន្ននៃជំងឺ COVID-19 ពីកម្រិតធម្មតា ទៅកម្រិតខ្ពស់ ខណៈករណីឆ្លងជំងឺនេះ នៅទូទាំងទ្វីបអឺរ៉ុប និងនៅជុំវិញពិភពលោកកាន់តែរីករាលដាលយ៉ាងឆាប់រហ័ស ។ បច្ចុប្បន្នករណីឆ្លងជំងឺ COVID-19 ច្រើនជាង២ពាន់ករណីត្រូវបានរាយការណ៍នៅក្នុងទ្វីបអឺរ៉ុប ក្នុងនោះអ៊ីតាលីមានករណីឆ្លងច្រើនជាងគេបំផុត ដោយមានមនុស្សឆ្លងដល់ទៅជិត១ពាន់៧រយនាក់ និងអ្នកស្លាប់ក៏បានកើនដល់៣៤នាក់ផងដែរ ។ នៅក្នុងសន្និសិទកាសែតមួយនៅថ្ងៃទី០២ ខែមិនា ប្រធានគណៈកម្មាការអឺរ៉ុបរូបនេះបានបញ្ជាក់ថា មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់បង្កា និងគ្រប់គ្រងជំងឺឆ្លង (ECDC) សូមប្រកាសពីការបង្កើនកម្រិតប្រកាសអាសន្ននៃជំងឺ COVID-19 ពីធម្មតា ដល់កម្រិតខ្ពស់ទៅដល់ប្រជាជនទាំងអស់នៅក្នុងទ្វីបអឺរ៉ុប ខណៈជំងឺនេះនៅតែបន្តរីករាលដាលយ៉ាងឆាប់រហ័ស ៕ធ.ដ
-
កូរ៉េខាងត្បូងអះអាងថា អាវុធដែលកូរ៉េខាងជើងទើបបាញ់សាកល្បងនោះ គឺជាគ្រាប់មីស៊ីលផ្លោងបាលីស្ទីករយៈចម្ងាយខ្លី

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបន្តបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងបាលីស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ធ្លាក់ចូលទៅក្នុងដែនសមុទ្រភាគខាងកើត នៅម៉ោង១២៖៣៧នាទីថ្ងៃទី០២ ខែមិនានេះ (ម៉ោងក្នុងតំបន់) ។ ទន្ទឹមគ្នា មន្ត្រីជំនាញយោធាកូរ៉េខាងត្បូង ដែលកំពុងតាមដានសកម្មភាពកូរ៉េខាងជើងបាននិយាយថា អាវុធយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងខាងលើនេះ គឺមិនខុសពីអាវុធដែលធ្លាប់បានបាញ់តេស្តកាលពីឆ្នាំ២០១៩នោះឡើយ ហើយវាទំនងជាត្រូវបានបាញ់ចេញពីម៉ាស៊ីនបាញ់រ៉ុក្កែត។ សូមបញ្ជាក់ថា គ្រាប់មីស៊ីលទាំងពីរគ្រាប់ខាងលើនេះ ត្រូវបានបាញ់ចេញពីតំបន់វ៉ុនសាន ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងជើង ដោយវាបានហោះឡើងក្នុងរយៈកម្ពស់៣៥គីឡូម៉ែត្រ រួចទើបធ្លាក់ទៅក្នុងដែនទឹក នៃសមុទ្រខាងកើត ៕ធ.ដ
-
ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងជិត១.០០០នាក់នៅជប៉ុន ក្នុងនោះមានមនុស្ស១២នាក់ស្លាប់

ជប៉ុន៖ យោងតាមប្រភពពីសារព័ត៌មាន NHK របស់ជប៉ុន បានរាយការណ៍ថា តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 បន្តកើនឡើងដល់៩៦២ករណីហើយនៅទូទាំងប្រទេសជប៉ុន ក្នុងនោះមានមនុស្ស៥៦នាក់មានអាការៈធ្ងន់ធ្ងរ គិតត្រឹមថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០ ។ ប្រភពដដែលបន្តថា អ្នកជម្ងឺឆ្លងវីរុស COVID-19 សរុបចំនួន៧០៥នាក់ត្រូវបានគេធ្វើតេស្តរកឃើញឆ្លងមេរោគរលាកសួតដ៏ធ្ងន់ធ្ងរនេះ នៅលើកប៉ាល់ទេសចរណ៍ ដាយមិន ព្រីនសេស ។ ហើយនៅថ្ងៃទី០២ ខែមិនានេះដែរ មានមនុស្សឆ្លងមេរោគ COVID-19 សរុប១២នាក់ហើយបានបាត់បង់ជីវិត ដោយក្នុងនោះមានមនុស្ស០៦គឺជាអ្នកដំណើរដែលបានឆ្លងវីរុសនៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្សខាងលើនេះ ៕ធ.ដ
-
ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងជិត១.០០០ករណីនៅអ៊ីរ៉ង់ ក្នុងនោះមានមនុស្ស៥៤នាក់ស្លាប់

អ៊ីរ៉ង់៖ តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 បានកើនឡើងដល់៩៧៨ករណីនៅទូទាំងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី០១ ខែមិនានេះ ដោយក្នុងនោះមានមនុស្សរហូតដល់៥៤នាក់បានបាត់បង់ជីវិត នេះបើតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានឱ្យដឹងនៅថ្ងៃដដែលនេះថា ជើងហោះហើរទាំងទៅនិងមកទីក្រុងរ៉ាសត៍ ខេត្តហ្គីឡេន ស្ថិតនៅភាគខាងជើងប្រទេស ត្រូវផ្អាកជាបណ្ដោះអាសន្ន ក្នុងគ្រាដែលតំបន់ជាច្រើននៅក្នុងខេត្តនេះ មានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ ។ ដោយឡែក អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក ឃីយ៉ានួស ហ្សាហាន់ភើ បានបញ្ជាក់ដែរថា ករណីឆ្លងថ្មីៗខាងលើនេះ ត្រូវបានរកឃើញនៅក្នុងទីក្រុងមួយបន្ថែមទៀត ក្នុងនោះរួមទាំងទីក្រុងម៉ាសហេដ ជាទីដែលសម្បូរទៅដោយទីសក្ការៈសាសនាឥស្លាម សម្រាប់អ្នកកាន់និកាយស៊ីអ៊ីតនៅក្នុងតំបន់ជួបជុំគ្នា ដើម្បីប្រារព្ធពីបុណ្យនានារបស់ពួកគេ ៕ធ.ដ
-
អ្នកឆ្លងមេរោគ COVID-19 ស្លាប់២នាក់ ខណៈអាជ្ញាធរអាម៉េរិកប្រកាសចាត់វិធានរឹតបន្តឹងប្រឆាំងនឹងជម្ងឺរលាកសួតដ៏ធ្ងន់ធ្ងរនេះ

សហរដ្ឋអាម៉េរិក៖ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺ COVID-19 ជាង ៧០ករណី ភាគច្រើនត្រូវបានរកឃើញនៅតាមបណ្តារដ្ឋស្ថិតនៅតំបន់ឆ្នេរភាគខាងលិចនៃប្រទេស ហើយបើគិតមកទល់នឹងពេលនេះ មានមនុស្ស០២នាក់បានស្លាប់ ខណៈមន្ត្រីអាមេរិកកំពុងប្រឈមមុខនឹងការរិះគន់ ពីការខ្វះឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ។ ឆ្លើយតបនឹងបញ្ហាដ៏ធ្ងន់ធ្ងរនេះ អាជ្ញាធរអាមេរិកនឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យ ដើ ម្បីស្វែងរកវីរុស COVID-19 លើមនុស្សទាំងឡាយ ដែលធ្វើដំណើរមកដល់ទឹកដីប្រទេសរបស់ខ្លួន និង បង្កើនការផលិតម៉ាស រួមទាំងការធ្វើតេស្ដករណីសង្ស័យ សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ។ សូមជម្រាបថា ចំនួនអ្នកស្លាប់ជាសកលដោយសារមេរោគឆ្លង COVID-19 បានកើនឡើងជាង៣.០០០នាក់ហើយ បើគិតត្រឹមថ្ងៃទី០២ ខែមិនានេះ បន្ទាប់ពីមានមនុស្សស្លាប់បន្ថែមទៀតនៅប្រទេសចិន ខណៈប្រទេសជាច្រើននៅទូទាំងពិភពលោកបានរាយការណ៍បន្តបន្ទាប់គ្នា អំពីការរកឃើញករណីឆ្លងដំបូង ឬករណីឆ្លងថ្មីបន្ថែមទៀតរៀងៗខ្លួន ៕ធ.ដ
-
ថៃមានអ្នកស្លាប់ដោយសារកូវិត១៩លើកដំបូង អ្នកស្លាប់វ័យ៣៥ឆ្នាំ

បុរសជនជាតិថៃ វ័យ៣៥ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីឆ្លងវីរុសកូរ៉ូណា ធ្វើឲ្យគេក្លាយជាជនរងគ្រោះដំបូងគេបង្អស់នៅក្នុងប្រទេសថៃ ចាប់តាំងពីវីរុសនេះបានផ្ទុះឡើង កាលពីខែធ្នូ ឆ្នាំមុន។ មន្ត្រីសុខាភិបាលថៃ ប្រាប់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា បុរសរងគ្រោះដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណ ហើយបានទទួលការព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura Infectious Diseases Institute កើតមានជំងឺគ្រុនឈាម និងវីរុសកូរ៉ូណាក្នុងពេលតែមួយ។ លោក Suwannachai បានឲ្យដឹងថា ជនរងគ្រោះត្រូវគេសន្មត់ថាជាសះស្បើយពីវីរុសកូរ៉ូណា បន្ទាប់ពីធ្វើតេស្តឃើញថាវិជ្ជមាន តាំងពីថ្ងៃទី១៦ កុម្ភៈ ប៉ុន្តែសួត និងសរីរាង្គមួយចំនួនរបស់គេបានខូច ទើបបណ្តាលឲ្យស្លាប់។គួរឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសថៃកំពុងកើតមានការឆ្លងវីរុសកូរ៉ូណាយ៉ាងហោចណាស់ ៤២ករណី។ ករណីចុងក្រោយបង្អស់គឺ បុរសជនជាតិថៃ វ័យ២១ឆ្នាំ ដែលធ្វើការជិតស្និទ្ធជាមួយភ្ញៀវទេសចរបរទេស៕ធ.ដ
-
កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធមិនស្គាល់អត្តសញ្ញាណជាថ្មីម្តងទៀតហើយ

កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធថ្មីមួយប្រភេទទៀត នៅថ្ងៃទី០២ ខែមិនានេះ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា វាជាគ្រាប់មីស៊ីល ឬអាវុធប្រភេទអ្វីឱ្យប្រាកដនៅឡើយនោះទេ ។នេះគឺជាការបាញ់តេស្តលើកដំបូងហើយ ចាប់តាំងពីកូរ៉េខាងជើងបានព្រមានថា ខ្លួននឹងបញ្ចេញអាវុធយុទ្ធសាស្រ្តថ្មីនៅដើមឆ្នាំ២០២០នេះ ។ ការធ្វើតេស្តជាថ្មីទៀត បានកើតមានឡើងក្រោយប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និង បញ្ជាដោយផ្ទាល់សមយុទ្ធយោធាមួយ ដែលផ្ដោតសំខាន់លើវិធីសាស្ត្រចល័ត និងបង្កើនសមត្ថភាពវាយប្រហារលើសត្រូវ ហើយសមយុទ្ធនេះដែរ បានធ្វើឱ្យលោក គីម ពេញចិត្តយ៉ាងខ្លាំង ៕ធ.ដ
-
សាលារៀនក្នុងរដ្ឋធានីរបស់ប្រទេសវៀតណាមបន្តបិទទ្វារ ១សប្តាហ៍ទៀត ព្រោះជំំងឺកូវិត១៩

ដោយសារបញ្ហាជំងឺកូវិត១៩ សាលារៀនចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់វិទ្យាល័យនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនឹងត្រូវបន្តបិទទ្វារ រហូតដល់ថ្ងៃទី៨ មីនា ពោលគឺ១សប្តាហ៍ទៀត នេះបើតាមប្រធានគណៈកម្មការនៃបក្សកម្មុយនីស្តវៀតណាមប្រចាំទីក្រុងហាណូយ លោក Nguyễn Đức Chung ។ លោក Chung បានប្រកាសបែបនេះ ក្នុងកិច្ចប្រជុំមួយ ស្តីពីការទប់ស្កាត់ជំងឺកូវិត១៩ នៅហាណូយ កាលពីចុងសប្តាហ៍។លោក Chung បញ្ជាក់ថា «គោលដៅរបស់ពួកយើងគឺបញ្ចៀសការឆ្លងជំងឺកូវិត១៩ពីមនុស្សទៅមនុស្ស នៅក្នុងទីក្រុងហាណូយ ប៉ុន្តែពួកយើងនៅតែមាន សេណារីយ៉ូ ផ្សេងៗគ្នា ក្នុងការប្រុងប្រៀបខ្លួនសម្រាប់បញ្ហាដ៏អាក្រក់នេះ»។ យ៉ាងណាក៏ដោយ លោក Chung បន្ថែមទៀតថា សាលាអន្តរជាតិក្នុងក្រុងនឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នៅថ្ងៃទី២ មីនានេះ ប្រសិនបើសាលាទាំងនោះអះអាងច្បាស់ពីសុវត្ថិភាព ហើយទទួលបានការឯកភាពពីមាតាបិតាសិស្ស៕ធ.ដ
-
វីរុស COVID-19 សម្លាប់មនុស្សកើនឡើងដល់២.៩១៥នាក់ ខណៈអ្នកឆ្លងសរុបកើនដល់៨០.១០០នាក់នៅទូទាំងប្រទេសចិន

ចិន៖ តួលេខសរុបនៃមនុស្សបាត់បង់ជីវិតដោយសារវីរុស COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន ៣១ របស់ប្រទេសចិន បានបន្តកើនឡើងដល់២ពាន់៩១២នាក់ ខណៈដែលអ្នកឆ្លងសរុបកើនឡើងដល់៨ម៉ឺន១០០នាក់ នេះបើតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរសុខាភិបាលចិននៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា គណៈកម្មការជាតិសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំរបស់ខ្លួនអោយដឹងថា រយៈពេលពេញមួយថ្ងៃទី០១ ខែមិនានេះ មនុស្សចំនួន២០២នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគ COVID-19 ខណៈអ្នកជំងឺ៤២នាក់បានស្លាប់ ។ អ្នកជំងឺទាំង៤២នាក់ដែលបានបាត់បង់ជីវិតខាងលើនេះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ីទាំងអស់ ក្នុងគ្រាដែលមនុស្សសរុប៧១៥នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យ ដើម្បីរកមើលថាតើពួកគេមានផ្ទុកជម្ងឺរលាកសួតដ៏កាចសាហាវនេះដែរឬទេ ៕ធ.ដ
-
អង្គការសុខភាពពិភពលោក WHO ស្នើកុំឲ្យភ័យខ្លាចហួសហេតុ ហើយប្រទេសនានាមិនត្រូវបោះបង់យុទ្ធសាស្រ្តគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19 ឡើយ

បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេ ប្រេយែសឹស បានបញ្ជាក់នៅថ្ងៃទី០១ ខែមិនាថា ច្រកទ្វារឱកាសសម្រាប់គ្រប់ គ្រងការរីករាលនៃជំងឺ COVID-19 កំពុងតែរួមតូចទៅៗ ។ ទន្ទឹមគ្នា ប្រធានអង្គការសុខភាពពិភពលោករូបនេះ ក៏បានអំពាវនាវកុំឲ្យមានការភ័យខ្លាចហួសហេតុ និងជ្រួលច្របល់ ហើយប្រទេសនានាក៏មិនត្រូវបោះបង់ចោលយុទ្ធសាស្រ្តគ្រប់គ្រងការរាតត្បាតនៃជម្ងឺរលាកសួតនេះផងដែរ ។ បច្ចុប្បន្ន បញ្ហាមេរោគ COVID-19 បានធ្វើឲ្យពិភពលោកព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ដោយសារតែប្រទេសចំនួន០៣ក្រៅពីចិន ក្នុងនោះរួមមាន៖ កូរ៉េខាងត្បូង អ៊ីរ៉ង់ និងអ៊ីតាលីកំពុងទទួលរងការរាតត្បាតយ៉ាងខ្លាំងពីជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ខណៈអង្គការសុខពិភពលោក WHO ក៏បានសម្រេចបង្កើនកម្រិតហានិភ័យនៃជំងឺ COVID-19 សម្រាប់សកលលោកទាំងមូល ដល់កម្រិតខ្ពស់ខ្លាំងផងដែរ ៕ធ.ដ