-
ឥណ្ឌាប្រកាសផ្អាកការផ្តល់ទិដ្ឋាការមកដល់សម្រាប់ជប៉ុន និងកូរ៉េខាងត្បូង ដោយសារការរីករាលដាលនៃវីរុស COVID-19

ឥណ្ឌា៖ អាជ្ញាធរឥណ្ឌានៅថ្ងៃទី២៧ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) បានប្រកាសថា ទិដ្ឋាការនៃកន្លែងមកដល់សម្រាប់ជនជាតិជប៉ុន និង កូរ៉េខាងត្បូងត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែព្រួយបារម្ភពីការរាលដាលនៃវីរុស COVID-19 ។ ស្របពេលជាមួយគ្នានេះដែរ អាកាសចរណ៍ British Airways របស់អង់គ្លេសក៏បានប្រកាសដែរថា ខ្លួននឹងលុបចោលជើងហោះហើរទៅ-មកប្រទេសអ៊ីតាលី សិង្ហបុរី និងកូរ៉េខាងត្បូង ដោយសារតែធ្លាក់ចុះនៃតម្រូវការធ្វើដំណើរទៅកាន់ប្រទេសទាំងនេះ ដែលបង្កឡើងដោយសារជំងឺ COVID-19 ។ បើតាមអាកាសចរណ៍ British Airways ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន IAG បានបញ្ជាក់ថា ជើងហោះហើរទៅកាន់ទីក្រុងសេអ៊ូល ដែលជាធម្មតាមានជារៀងរាល់ថ្ងៃ ចេញពីអាកាសយានដ្ឋាន Heathrow នឹងត្រូវលុបចោលមួយចំនួន ខណៈជើងហោះហើរទៅ-មកចំនួន០៦ ចេញពីអាកាសយានដ្ឋានដដែលនេះទៅកាន់សិង្ហបុរី ក៏នឹងត្រូវលុបចោលផងដែរ ដោយគិតចាប់ពីថ្ងៃទី១៥ ខែមីនាខាងមុខតទៅ ៕
-
លោក ដូណាល់ ត្រាំ និយាយថា លោកមានសុទិន្ឋិនិយមថា វីរុស COVID-19 នឹងអាចទប់ស្កាត់ និងរលាយនៅសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងក្នុងពិធីរំលឹកប្រវត្តិសាស្រ្ដអាម៉េរិក-អាហ្វ្រិចនៅសេតវិមាន នៅថ្ងៃទី២៧ ខែកុម្ភៈថា លោកមានសុទិន្ឋិនិយមថា វីរុស COVID-19 នឹងអាចទប់ស្កាត់ និងរលាយនៅសហរដ្ឋអាម៉េរិក បើទោះបីជាលោកទើបប្រកាសថ្មីៗថា ជំងឺរលាកសួតដ៏កាចសាហាវនេះ អាចនឹងរីករាលដាលខ្លាំងនៅក្នុងស្រុក ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធា នាធិបតីអាម៉េរិករូបនេះបានប្រកាសតែងតាំងអនុប្រធានាធិបតីរបស់លោក គឺលោក ម៉ៃ ផែន ជាអ្នកទទួលបន្ទុកតាមដានការរីករាលដាលនៃវីរុស COVID-19 តាមរយៈការធ្វើការងារជាមួយសាស្រ្តាចារ្យ និងក្រុមវេជ្ជបណ្ឌិត ក៏ដូចជាអ្នកដទៃទៀត ដើម្បីបំពេញការងាររួមគ្នាដ៏អស្ចារ្យ រួចធ្វើសេចក្តីរាយការណ៍មកកាន់លោកផ្ទាល់ ។ សូមបញ្ជាក់ថា មន្រ្តីសុខាភិបាលសាធារណៈអាម៉េរិកបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ជាលើកដំបូងនៅក្នុងខ្លួនមនុស្សម្នាក់ ដែលធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសចិន និង តំបន់រងគ្រោះដោយសារជំងឺរលាកសួតនេះ ក៏ដូចជាមានទំនាក់ទំនងជាមនុស្សឆ្លងវីរុសនេះនោះឡើយ ។ ហើយបើគិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈនេះ ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបនៅសហរដ្ឋអាម៉េរិកបានកើនឡើងដល់ទៅ៦០ករណីហើយ ៕
-
ក្រុមហ៊ុន Hyundai នៅកូរ៉េខាងត្បូង ផ្អាករោងចក្របណ្ដោះអាសន្ន ក្រោយបុគ្គលិកម្នាក់ធ្វើតេស្តមានផ្ទុកជំងឺ COVID-19

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ម៉ូទ័រ បានសម្រេចផ្អាកប្រតិបត្តិការរោងចក្ររបស់ខ្លួននៅក្នុងខេត្តអ៊ុលសានជាបណ្តោះអាសន្ន ក្រោយបុគ្គលិករោងចក្រម្នាក់ត្រូវបានធ្វើតេស្តរកឃើញសញ្ញាវិជ្ជមាន ចំពោះវីរុស COVID-19 ។ បច្ចុប្បន្នការឆ្លងនៅប្រទេសកូរ៉េខាងត្បូងមានចំនួន២.០២២ករណី ដែលជាតួលេខដ៏ខ្ពស់មួយ បន្ទាប់ពីចិនដីគោក ខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួន១៣នាក់ ។ ហ៊ីយ៉ាន់ដាយ បានជាក្លាយក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀតរបស់កូរ៉េខាងត្បូង ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះដោយសារមេរោគឆ្លងរាលដាល ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រុមហ៊ុនក៏បានបង្ខំចិត្តផ្អាកសង្វាក់ផលិតកម្មផងដែរ ដោយ សារតែកង្វះខាតគ្រឿងបន្លាស់នាំចូលពីប្រទេសចិន ក្រោយរោងចក្រមួយចំនួនបានបង្ខំចិត្តបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីការផ្ទុះឡើងនៃវីរុស COVID-19 ៕
-
ក្រុមហ៊ុនអាកាសចរណ៍ Air Canada សម្រេចផ្អាកជើងហោះហើរទៅកាន់ប្រទេសចិនរហូតដល់ខែមេសាខាងមុខ ដោយសារបារម្ភពីការរីករាលដាលនៃវីរុស COVID-19

កាណាដា៖ ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានប្រកាសនឹងបន្តការផ្អាកជើងហោះហើររបស់ខ្លួនរវាងកាណាដា និង ទីក្រុងប៉េកាំង ព្រមទាំងទីក្រុងស៊ាងហៃរបស់ប្រទេសចិន រហូតដល់ថ្ងៃទី១០ ខែមេសាខាងមុខ ដោយសារតែការរីករាលដាលនៃវីរុស COVID-19 ។ ជើងហោះហើរចេញពីកាណាដាទៅកាន់ទីក្រុងទាំង២នេះរបស់ចិន ត្រូវបានផ្អាកជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី៣០ ខែមករា រហូតដល់ចុងខែកុម្ភៈខាងមុខ បន្ទាប់ពីក្រសួងការបរទេសបានណែនាំប្រជាជនកាណាដា កុំឲ្យធ្វើដំណើរដោយមិនចាំបាច់ទៅកាន់ប្រទេសចិន ដោយសារការរីករាលដាលវីរុសនេះនៅទីនោះ ។ ក្រុមហ៊ុន Air Canada ក៏បានបន្តការផ្អាកជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងហុងកុង ចេញពីទីក្រុងតូរ៉ុនតូ ផងដែរ រហូតដល់ថ្ងៃទី ៣០ ខែមេសា ដោយលើកឡើងពីការធ្លាក់ចុះតម្រូវការទីផ្សារ ខណៈជើងហោះហើរទៅនិងមកពីទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់មិនទទួលរងផលប៉ះពាល់ទេ ។ ទន្ទឹមគ្នា ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានព្យាករណ៍ថា ប្រាក់ចំណេញសុទ្ធត្រីមាសដំបូងរបស់ខ្លួននឹងមានប្រហែល២០០លានដុល្លារកាណាដា ឬស្មើនឹងប្រមាណ១៣៨លានអឺរ៉ូតិចជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការរឹតបន្តឹងការធ្វើដំណើរក្នុងពេលមានការផ្ទុះវីរុស COVID-19 និងការចតទុកចោលយន្តហោះ 737MAX របស់ក្រុមហ៊ុន Boeing ៕ …
-
សភាថៃបារម្ភពីកូវិត១៩ក្នុងសាលប្រជុំ បន្ទាប់ពីសមាជិកសភាម្នាក់ទើបមកពីជប៉ុន

ថៃ៖ សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ កាលពីម្សិលមិញថា ក្រុមសមាជិកសភាក្នុងប្រទេសថៃ បាននាំគ្នាព្រួយបារម្ភពីការចម្លងជំងឺកូវិត១៩ នៅក្នុងរដ្ឋសភា ក្រោយពេលដែលមានសមាជិកម្នាក់ កើតរោគផ្ដាសាយពេលត្រឡប់ពីបំពេញកិច្ចការនៅប្រទេសជប៉ុនវិញ។ ប្រភពថា ការព្រួយបារម្ភនេះបានផ្ទុះឡើងក្រោយពេលដែលសមាជិកសភាលោកស្រី Patcharin Samsiripong មកពីបក្ស Palang Pracharath ត្រឡប់មកពីប្រទេសជប៉ុនវិញកាលពីថ្ងៃទី ១៨ខែកុម្ភៈ ហើយក្រោយមកក៏ចាប់ផ្ដើមផ្ដាសាយ។ លោក Supachai Phosu អនុប្រធានសភាបានមានប្រសាសន៍ថាគ្រូពេទ្យមកពីវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura បានពិនិត្យលោកស្រី Patcharin កាលពីយប់ថ្ងៃពុធហើយរកឃើញតេស្តិ៍អវិជ្ជមានចំពោះជំងឺកូរ៉ូណាវីរុស។ យ៉ាងណាក៏ដោយ អ្នកសម្អាតត្រូវបានបញ្ជាឲ្យសម្អាតឧបករណ៍ទាំងអស់ក្នុងរដ្ឋសភារួមទាំងតុ, កៅអី និងម៉េក្រូផងដែរ។ក្រៅពីនេះ លោក Chaturong Pengnorapat មកពីគណបក្សភឿថៃដែលជាគណបក្សប្រឆាំង បានទាមទារឱ្យលោកស្រី Patcharin ឈប់សម្រាកហើយថាមន្រ្តីគួរតែពិនិត្យមើលថាតើមានសមាជិកសភាណាទៀត ដែលបានធ្វើដំណើរទៅកាន់ប្រទេសមានឆ្លង Covid-19៕
-
សូម្បីតែសត្វចិញ្ចឹម ក៏ឆ្លងជំងឺកូវិត១៩ដែរ

សារព័ត៌មានអង់គ្លេស Dailymail បានចេញផ្សាយកាលពីម្សិលមិញថា សត្វឆ្កែ១ក្បាល ត្រូវបានពិនិត្យឃើញថា មានផ្ទុកជំងឺរលាកសួតកូវិត១៩ ពោលគឺបន្ទាប់មានទំនាក់ទំនងផ្ទាល់ជាមួយម្ចាស់របស់វា។ ម្ចាស់សត្វឆ្កែ លោកស្រី Yvonne Chow Hau Yee ដែលរស់នៅទីក្រុងហុងកុង ក៏មានផ្ទុកជំងឺនេះដែរ។ លោកស្រីបានទៅពេទ្យសត្វ ក្នុងតំបន់ Happy Valley ជាកន្លែងពិនិត្យសំណាកសត្វ កាលពីថ្ងៃទី២៦ កុម្ភៈ ហើយលទ្ធផលក៏បង្ហាញថា សត្វឆ្កែជាទីស្រលាញ់របស់លោកស្រីបានរកឃើញមានផ្ទុកជំងឺកូវិត១៩ កម្រិតស្រាល។ សត្វឆ្កែមួយក្បាលស្រមូម១ក្បាលនេះនឹងយកទៅទុកក្នុងមជ្ឈមណ្ឌលមួយ រយៈពេល១៤ថ្ងៃ ដើម្បីធ្វើតេស្តបន្តទៀត។ ជាមួយគ្នានេះ នាយកដ្ឋានអភិរក្សកសិកម្ម និងជលផលហុងកុងបានឲ្យដឹងថា គ្មានភស្តុតាងណាមួយបង្ហាញថាសត្វចិញ្ចឹមអាចឆ្លងជំងឺនេះពីមនុស្សទេ៕
-
ជប៉ុនអាចនឹងបិទសាលារៀនទាំងអស់ជបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ករណីកូវិត១៩

នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក ស៊ីនសូ អាបេ បាននិយាយថា រាជរដ្ឋាភិបាលនឹងជំរុញឲ្យមានការផ្អាកសាលារៀនទាំងអស់ ជាបណ្តោះអាសន្ន ហើយជប៉ុននឹងមិនទាក់ទើរ ក្នុងការចាត់វិធានការចាំបាច់នានា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិត១៩ទេ។ រាជរដ្ឋាភិបាលជប៉ុនបានសម្រេច កាលពីម្សិលមិញថា នឹងស្នើឲ្យបិទសាលារៀនទាំង កម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ ដោយចាប់ផ្តើមពីថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការយោគយល់ សម្រាប់គម្រោងការនេះ ហើយថា រដ្ឋាភិបាល និងទទួលខុសត្រូវទាំងអស់ចំពោះបញ្ហាកើតចេញពីការបិទទ្វារសាលានេះ។ រដ្ឋមន្ត្រីក្រសួងអប់រំ Korchi Hagiuda បានប្រាប់អ្នកសារព័ត៌មានថា គ្រប់សាលារៀនទាំងអស់អាចរៀបចំចាត់ចែងរៀងខ្លួន អាស្រ័យលើស្ថានភាពក្នុងតំបន់។ លោកក៏ស្នើដល់រាជរដ្ឋាភិបាលនិងផ្នែកឯកជនបង្ហាញពីដំណោះស្រាយសម្រាប់បុគ្គលិកអប់រំ ដោយអនុញ្ញាតឲ្យពួកគាត់បានឈប់សម្រាក ក្នុងករណីចាំបាច់៕
-
មេរោគ COVID-19 សម្លាប់មនុស្សកើនឡើងដល់២.៧៩១នាក់ ខណៈមនុស្ស៧៨.៩៥៩នាក់បានឆ្លងនៅប្រទេសចិន

ចិន៖ ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិន បានបន្តកើនឡើងដល់២ពាន់៧៩១នាក់ ស្របពេលដែលមនុស្សដែលបានឆ្លងជំងឺនេះសរុបកើនឡើងដល់៧ម៉ឺន៨ពាន់៩៥៩នាក់ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរសុខាភិបាលចិននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិន នៅក្នុងរយៈពេលពេញមួយថ្ងៃទី២៧ ខែកុម្ភៈ មនុស្សសរុប៣២៧នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប៤៤នាក់ បានស្លាប់នៅថ្ងៃដដែលនេះ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន៣១ទូទាំងប្រទេសចិន ។ ប្រភពខាងលើបានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលបានស្លាប់ទាំង៤៤នាក់នេះ មាន៤១នាក់ស្ថិតនៅក្នុងខេត្តហ៊ូប៉ី ០២នាក់នៅរដ្ឋធានីប៉េកាំង និងម្នាក់នៅហ្ស៊ីនជាំង ។ ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលចិនក៏កំពុងពិនិត្យសុខភាពមនុស្ស៤៥២នាក់បន្ថែមទៀតផងដែរ ដោយសង្ស័យថា ពួកគេទំនងជាមានផ្ទុកជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ៕
-
អ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងកើនឡើង២៥៦ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបស្ទុះឡើងដល់២.០២២ករណី

កូរ៉េខាងត្បូង៖ ចំនួនអ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងកើនឡើង២៥៦ករណីបន្ថែមទៀត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលប្រការនេះបានធ្វើឱ្យតួលេខមនុស្សឆ្លងជំងឺរលាកសួតដ៏កាចសាហាវនេះសរុបកើនដល់២ពាន់២២ករណីនៅទូទាំងប្រទេស ក្នុងនោះមានមនុស្ស១៣នាក់បានស្លាប់ ។ មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺកូរ៉េខាងត្បូង KCDC បានបញ្ជាក់ថា អ្នកឆ្លងថ្មីទាំង២៥៦នាក់ដែលទើបត្រូវបានរកឃើញខាងលើ ក្នុងនោះ១៨២នាក់រស់នៅក្នុងទីក្រុងដេគូ និង៤៩នាក់ស្ថិតនៅខេត្តគ្យុងសាងខាងជើង ដោយតំបន់ទាំងពីរនេះស្ថិតនៅចម្ងាយប្រមាណជាង៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ។ បើតាមប្រភពដដែលនេះ តួលេខអ្នកឆ្លងមានការកើនឡើងយ៉ាងគំហុកបែបនេះ ដោយសារតែអាជ្ញាធរកូរ៉េខាងត្បូង បានដាក់ការពិនិត្យសុខភាពទៅលើមនុស្សជាង២សែន១ម៉ឺននាក់ ដែលមានជាប់ពាក់ព័ន្ធទៅហ្នឹងព្រះវិហារសាសនាគ្រិស្តនៅក្នុងទីក្រុងដេគូ ជាទីដែលគេរកឃើញថា ជាប្រភពដើមនៃការចម្លងវីរុស COVID-19 ៕
-
ផ្ទុះករណីឆ្លងវីរុស COVID-19 លើកដំបូងនៅសហរដ្ឋអាម៉េរិកផ្ទាល់ ដែលមិនមានជាប់ពាក់ព័ន្ធនឹងប្រទេសចិន

សហរដ្ឋអាម៉េរិក៖ មន្រ្តីសុខាភិបាលសាធារណៈអាម៉េរិកបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ជាលើកដំបូងនៅក្នុងខ្លួនមនុស្សម្នាក់ ដែលមិនធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសចិន និងតំបន់រងគ្រោះដោយសារជំងឺរលាកសួតនេះ ក៏ដូចជាមានទំនាក់ទំនងជាមនុស្សឆ្លងវីរុសនេះនោះឡើយ ។ ប្រភពបន្តថា អ្នកជម្ងឺឆ្លង COVID-19 ខាងលើនេះ គឺជាអ្នកស្រុកនៅតំបន់ Solano នៃរដ្ឋកាលីហ្វរញ៉ា ដែលស្ថិតនៅភាគខាងជើងទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ ។ ប្រធា នាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថ្មីៗនេះថា នៅពេលនេះ ការគំរាមកំហែងនៃមេរោគ Covid-19 ចំពោះពលរដ្ឋអាម៉េរិកមានកម្រិត «ទាបណាស់» ។ ទន្ទឹមគ្នា លោកបានសរសើរវិធានការភ្លាមៗ និង ចម្រូងចម្រាស់របស់រដ្ឋបាលលោក ក្នុងការដាក់បម្រាមរិតត្បឹតមិនជនបរទេស ដែលត្រឡប់ពីប្រទេសចិនចូលសហរដ្ឋអាម៉េរិក ក្រោយការផ្ទុះមេរោគកូរ៉ូណាថា ជាមូលហេតុដែលជំងឺនេះមានកម្រិតគ្រោះថ្នាក់ទាបនៅសហរដ្ឋអាម៉េរិក ។ នៅពេលត្រូវបានអ្នកកាសែតសួរ ថាតើលោកអាចនឹងដាក់បម្រាមចំពោះអ្នកដំណើរមកពីប្រទេសអ៊ីតាលី និង កូរ៉េខាងត្បូង ដែលទើបមានការរាលដាលខ្លាំងនោះទេ លោក ដូណាល់ ត្រាំ បានឆ្លើយតបថា លោកអាចនឹងដាក់បំរាមដូចគ្នាផងដែរ…