-
អនុប្រធានាធិបតីអ៊ីរ៉ង់ឆ្លងជំងឺ COVID-19 ស្របពេលដែលចំនួនអ្នកស្លាប់កើនដល់២៦នាក់ និងឆ្លងសរុប២៤៥ករណី

អ៊ីរ៉ង់៖ អនុប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការស្រ្តី និងគ្រួសារ លោកស្រី Masoumeh Ebtekar ត្រូវបានធ្វើតេស្តរកឃើញថា ឆ្លងជំងឺ COVID-19 ស្របពេលដែលជម្ងឺរលាកសួតដ៏កាចសាហាវមួយនេះ បានសម្លាប់ជីវិតមនុស្សកើនឡើងដល់២៦នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ។ ទន្ទឹមគ្នា ក៏មានព័ត៌មានចុះផ្សាយដែរថា ប្រធានគណៈកម្មការគោលនយោបាយការបរទេស និងសន្តិសុខជាតិនៃសភាអ៊ីរ៉ង់លោក Mojtaba Zonnour ក៏បានឆ្លងវីរុស COVID-19 ផងដែរ បន្ទាប់ពីអនុរដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់ លោក Iraj Harirchi ត្រូវបានធ្វើតេស្តរកឃើញថា មានជំងឺនេះ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ។ អាជ្ញាធរអ៊ីរ៉ង់បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះ ក្នុងប្រទេសអ៊ីរ៉ង់មានអ្នកឆ្លងជំងឺ COVID-19 សរុបកើនដល់២៤៥នាក់ ក្នុងនោះមាន២៦នាក់បានបាត់បង់ជីវិត ខណៈអ៊ីរ៉ង់បានរកឃើញករណីដំបូងបំផុតនៃអ្នកឆ្លងនៅទីក្រុងគុម ភាគកណ្តាលប្រទេសកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ៕
-
អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការសុខភាពពិភពលោក (WHO) ចេញសេចក្តីថ្លែងការណ៍រួមស្តីពីទេសចរណ៍ និង Covid-19

ម៉ាឌ្រីដ, អេស្ប៉ាញ និងហ្សឺណែវ, ស្វីស ៖ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីទេសចរណ៍ និង Covid-19 ដោយបានអំពាវនាវឲ្យមានការទទួលខុសត្រូវ និងកិច្ចសម្របសម្រួល។ សេចក្តីថ្លែងការណ៍នេះ មានខ្លឹមសារដូចខាងក្រោម៖ ក្នុងខណៈដែលការរីករាយដាលនៃជំងឺវីរុសកូរ៉ូណាបច្ចុប្បន្ននៅតែបន្តកើតមាន អង្គការសុខភាពពិភពលោក និងអង្គការទេសចរណ៍ពិភពលោកប្តេជ្ញាធ្វើការរួមគ្នាក្នុងការណែនាំតម្រង់ទិសទៅលើការឆ្លើយតបរបស់វិស័យទេសចរណ៍ និងការធ្វើដំណើរ ទៅនឹងវិបត្តិ Covid-19 នេះ។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រកាសអំពីការរាតត្បាតនៃ Covid-19 ជាភាពអាសន្នសុខភាពសាធារណៈដែលជាកង្វល់អន្តរជាតិ ហើយបានដាក់ចេញនូវអនុសាសន៍បណ្តោះអាសន្នមួយចំនួន។ អង្គការសុខភាពពិភពលោកមិនបានផ្តល់អនុសាសន៍ ឲ្យមានការរឹតបន្តឹងលើពាណិជ្ជកម្ម ឬការធ្វើដំណើរណាមួយឡើយ ផ្អែកតាមព័ត៌មានទទួលបាននាពេលបច្ចុប្បន្ន។ អង្គការសុខភាពពិភពលោកកំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពិភពលោក រដ្ឋាភិបាល និងដៃគូរនានាយ៉ាងជិតស្និទ្ធ សំដៅពង្រីកឲ្យបានឆាប់រហ័សនូវការយល់ដឹងបែបវិទ្យាសាស្រ្តស្តីពីមេរោគថ្មីនេះ តាមដានអំពីការឆ្លងនិងឥទ្ធិពលអាក្រក់របស់វា ព្រមទាំងផ្តល់ការណែនាំដល់ប្រទេសនានា និងសហគមន៍សកលលោក ស្តីពីវិធានការការពារសុខភាព និងទប់ស្កាត់ការឆ្លងនៃការផ្ទុះឡើងនៃមេរោគនេះ។ កិច្ចសហប្រតិបត្តិការជាគន្លឹះវិស័យទេសចរណ៍មានការប្តេជ្ញាមុតមាំ តម្កល់ប្រជាពលរដ្ឋ និងសុខមាលភាពរបស់ពលរដ្ឋជាអាទិភាព…
-
ក្រសួងសុខាភិបាលថៃណែនាំពលរដ្ឋកុំធ្វើដំណើរទៅតំបន់ជាច្រើននៅក្រៅប្រទេស បារម្ភពីកូវីត១៩

ថៃ៖ ក្រសួងសុខាភិបាលថៃ កាលពីម្សិលមិញ បានណែនាំពលរដ្ឋរបស់ខ្លួន ឲ្យជៀសវាងការធ្វើដំណើរមិនចាំបាច់ណាមួយ ទៅកាន់ប្រទេសចំនួន៩ ដែលបានទទួលរងផលប៉ះពាលដោយវីរុសកូរ៉ូណា ឬកូវីត១៩។ ប្រទេសទាំង៩ ដែលត្រូវបានក្រសួងខាងលើពណ៌នាដាក់ថា “តំបន់កំពុងផ្ទុះវីរុសកូរ៉ូណា” និង “តំបន់ដែលត្រូវជៀសវាងទីកន្លែងមានមនុស្សច្រើន” នោះ មានដូចជា ចិន ហុងកុង សិង្ហបុរី អ៊ីតាលី ម៉ាកាវ តៃវ៉ាន់ អ៊ីរ៉ង់ កូរ៉េខាងត្បូង (Daegu, North Gyeongsang, Gyeonggi, South Gyeongsang, Busan និង Seoul) និង ជប៉ុន (Hokkaido, Tokyo, Aichi, Wakayama, Kanagawa, Chiba, Okinawa, Kyoto និង Osaka)។ ក្រសួងសុខាភិបាលថៃក៏ទើបបានដាក់កម្រិតលើការធ្វើដំណើររបស់និយោជិកខ្លួន ដោយហាមឃាត់ពួកគេមិនឲ្យទៅគោលដៅ ដែលរងផលប៉ះពាល់ឡើយ លើកលែងតែចាំបាច់។ បុគ្គលិកសុខាភិបាលថៃ ដែលត្រូវទៅគោលដៅទាំងនោះ តម្រូវឲ្យនៅដាច់ពីគេរយៈពេល…
-
ជប៉ុនចាប់ផ្តើមចេញបម្រាមហាមជនបរទេស ដែលធ្លាប់ធ្វើដំណើរទៅកាន់ទីតាំងផ្ទុះជំងឺកូរ៉ូណាថ្មីនៅកូរ៉េខាងត្បូង ចូលមកក្នុងប្រទេសខ្លួន

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនចាប់ផ្តើមហាមឃាត់ជនបរទេសទាំងឡាយណា ដែលធ្លាប់ធ្វើដំណើរទៅកាន់តំបន់ដែលផ្ទុះជំងឺឆ្លង COVID-19 ខ្លាំងក្លានៅកូរ៉េខាងត្បូង ចូលមកក្នុងប្រទេសរបស់ខ្លួន ដែលចំណាត់ការនេះ គឺជាផ្នែកមួយនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ។ ការចាប់ផ្តើមបម្រាមខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលក្រសួងការបរ ទេសជប៉ុន បានប្រកាសអំពីវិធានការបង្កើនការប្រុងប្រយ័ត្ន ដោយផ្ដល់យោបល់ឱ្យប្រជាជនរបស់ខ្លួនទាំងអស់ ជៀសវាងការធ្វើដំណើរទៅកាន់តំបន់ផ្ទុះខ្លាំងនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ខ្លាំង បើមិនមានភាពចាំបាច់បំផុតទេនោះ ។ បើតាមសារព័ត៌មាន NHK របស់ជប៉ុន បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា ជនបរទេសទាំងឡាយណាដែលធ្លាប់ធ្វើទៅកាន់ទីក្រុងដេគូ និងតំបន់ក្បែរខាង ឆុងទូ ខេត្តគ្យុងសាងភាគខាងជើងជាទីដែលមេរោគ COVID-19 កំពុងរីករាលដាលយ៉ាងគំហុកនោះ នឹងត្រូវហាមមិនឲ្យចូលមកក្នុងប្រទេសជប៉ុនឡើយ ៕
-
លោក ដូណាល់ ត្រាំ និយាយថា យើងជិតមានកិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថានហើយ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា រដ្ឋបាលលោកជិតមានកិច្ចព្រមព្រៀងសន្តិភាពមួយ ជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ហើយ ដោយលោកបន្ថែមថា មានការគោរពតាមបទឈប់បាញ់គ្នានៅទូទាំងប្រទេសចំនួនមួយសប្តាហ៍ ដើម្បីកាត់បន្ថយអំពើហិង្សាជាមួយក្រុមបះបោរ ហើយ រហូតមកដល់ពេលនេះ មានស្ថានភាពល្អ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅមុនពេលបញ្ចប់ដំណើរទស្សនផ្លូវការក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី២៥ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) លោក ដូណាល់ ត្រាំ បានបញ្ជាក់ថាការផ្តើមគំនិតរកសន្តិភាពរបស់លោកក្នុងប្រទេសអាហ្វហ្គានីស្ថាន មានការគាំទ្រទូលំទូលាយ ហើយមនុស្សគ្រប់គ្នាសប្បាយចិត្តអំពីស្ថានការណ៍នេះ ដោយរួមបញ្ចូលទាំងរដ្ឋាភិបាលឥណ្ឌាផងដែរ ។ កិច្ចព្រៀងឈប់បាញ់គ្នានេះនឹងឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី២៩ ខែកុម្ភៈ ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយរវាងសហរដ្ឋអាម៉េរិក និងក្រុមតាលីបង់នៅក្នុងប្រទេសកាតា ។កិច្ចព្រមព្រៀងខាងលើនេះ នឹងបញ្ចប់សង្គ្រាមយូរបំផុតរបស់សហរដ្ឋអាម៉េរិកដែលនៅពេលនេះចូលក្នុងឆ្នាំទី១៩ហើយ ខណៈកិច្ចព្រមព្រៀងនេះទៀតសោតក៏នឹងនាំឱ្យមានការដកថយជាលំដាប់ៗ នូវក្រុមទាហានអាម៉េរិកប្រមាណ១ម៉ឺន៣ពាន់នាក់ពីប្រទេសអាហ្វហ្គានីស្ថានផងដែរ ៕
-
ទាហានអាម៉េរិកនៅកូរ៉េខាងត្បូងម្នាក់ឆ្លងវីរុស COVID-19 ខណៈអ្នកឆ្លងសរុបកើនដល់១,១៤៦ករណី ក្នុងនោះស្លាប់១២នាក់ និងកំពុងស្ថិតនៅក្រោមការព្យាបាល និងដាក់ឲ្យនៅឆ្ងាយពីគេឯង

កូរ៉េខាងត្បូង៖ ទីបញ្ជាការយោធាអាម៉េរិកឈរជើងនៅកូរ៉េខាងត្បូង (USFK) បានបញ្ជាក់ថា ទាហានអាម៉េរិកម្នាក់មកពីបន្ទាយទ័ព ខេម ខារ៉ូល ស្ថិតនៅចំងាយប្រហែល២២គីឡួម៉ែត្រពីទីក្រុងដេគូ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកមេរោគឆ្លង COVID-19 ។ ប្រភពខាងលើនេះបានឱ្យដឹងទៀតថា បច្ចុប្បន្នទាហានមានវ័យ២៣ឆ្នាំរូបនេះ កំពុងស្ថិតនៅក្រោមការព្យាបាល និងដាក់ឱ្យនៅឆ្ងាយពីគេឯង ខណៈក្រុមជំនាញកំពុងស៊ើបអង្កេត ថាតើទាហានអាម៉េរិករូបនេះ ធ្លាប់បានប៉ះពាល់ដោយផ្ទាល់ជាមួយទាហានដទៃណាខ្លះទៀត ។ ករណីឆ្លងថ្មីខាងលើនេះ ត្រូវបានរកឃើញស្របពេលដែលអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ចេញរបាយការណ៍ថ្មីនៅថ្ងៃទី២៦ ខែកុម្ភៈនេះឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅទូទាំងប្រទេសកើនដល់១ពាន់១៤៦ករណី ក្រោយទើបរកឃើញករណីឆ្លងថ្មីចំនួន១៦៩ករណីបន្ថែមទៀត ដោយក្នុងនោះអ្នកជំងឺ១២នាក់បានស្លាប់ ៕
-
ជំងឺឆ្លង COVID-19 កំពុងបន្តរីករាលដាលទៅកាន់ប្រទេសអ៊ឺរ៉ុបផ្សេងៗទៀត ខណៈការឆ្លងទាំងអស់ទំនងជាមានជាប់ទាក់ទិននឹងប្រទេសអ៊ីតាលី

បរទេស៖ បណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនបានប្រកាសពីករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ Covid-19 ដំបូងរបស់ពួកគេ ដែលទំនងជាមានជាប់ទាក់ទងនឹងការរីករាលដាលនៅក្នុងប្រទេសអ៊ីតាលី ។ប្រទេសអូទ្រីស ក្រូអាត និងស្វីសបាននិយាយថា ករណីទាំងនេះគឺជាប់ពាក់ព័ន្ធនឹងមនុស្សដែលបានត្រលប់ពីប្រទេសអ៊ីតាលី ក៏ដូចជាប្រទេសអាល់ហ្សេរីនៅតំបន់អាហ្វ្រិក ដែលកាលពីពេលថ្មីៗនេះ ការធ្វើតេស្តរកវីរុស Covid-19 រកឃើញសញ្ញាវិជ្ជមានលើកដំបូងនៅអាមេរិកឡាទីន បន្ទាប់មករកឃើញលើប្រជាជនប្រេស៊ីលទើបតែត្រលប់មកពីប្រទេសអ៊ីតាលី ។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្រ្តីសុខាភិបាលបារាំង អាឡឺម៉ង់ អ៊ីតាលី និងគណៈកម្មការសហគមន៍អ៊ឺរ៉ុបបានបើកកិច្ចប្រជុំមួយនៅថ្ងៃទី២៥ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) ដោយសារករណីថ្មីនៃវីរុសនេះបានលេចចេញពាសពេញអឺរ៉ុប និងនៅភាគកណ្តាល ព្រមទាំងភាគខាងត្បូងនៃប្រទេសអ៊ីតាលី ។ សូមជម្រាបថា ក្នុងប៉ុន្មានថ្ងៃនេះ អ៊ីតាលីបានក្លាយជាប្រទេសដែលរងផលប៉ះពាល់ដ៏អាក្រក់បំផុតរបស់អឺរ៉ុប ដែលមានចំនួនអ្នកវីរុសកូរ៉ូណាថ្មីសរុបចំនួន៣២២ករណី ក្នុងនោះមានអ្នកឆ្លង១១នាក់បាត់បង់ជីវិត ដោយធ្វើឱ្យប្រទសមួយចំនួនដែលមានព្រំដែនជាប់អ៊ីតាលី សម្រេចចិត្តបិទតំបន់ព្រំដែន ដើម្បីទប់ស្កាត់ការរាល់ដាលនៃជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ៕
-
ទំនិញវៀតណាមជិត៧០០កុងតឺនឺជាប់គាំងនៅព្រំដែនចិន ដោយសារកូវិត១៩

វៀតណាម៖ សារព័ត៌មាន Vnexpress បានចេញផ្សាយថ្មីៗនេះថា រថយន្តកុងទឺន័រជិត ៧០០គ្រឿងបានជាប់គាំងនៅព្រំដែនចិន ចាប់តាំងពីអ្នកនាំចូលទំនិញចិន មិនទាន់ចូលធ្វើការពេញលេញវិញ ចំពេលដែលជំងឺកូវិត១៩ កំពុងផ្ទុះឡើង។ ពាក់កណ្តាលនៃចំនួនសរុប មានរថយន្តកុងទឺន័រ ៣៦៥គ្រឿង ដឹកផ្លែខ្នុរ, ផ្លែស្រកានាគ, ផ្លែឪឡឹក និងគ្រឿងបន្លាស់ឧបករណ៍អគ្គិសនី កំពុងជាប់គាំងនៅច្រកព្រំដែន Huu Nghi។ នេះបើយោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ កាលពីខែមុន ពាណិជ្ជកម្មរវាងចិននិងវៀតណាម បានធ្លាក់ចុះ១១.៨ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ដោយគេដឹងថា ចិនគឺជាទីផ្សារទិញផ្លែឈើដ៏ធំរបស់វៀតណាម៕
-
ក្រុមហ៊ុនអាកាសចរណ៍ Thai Airway គ្រោងកាត់បន្ថយប្រាក់ខែរបស់បុគ្គលិកចាប់ពី១៥ទៅ២៥ភាគរយ ខណៈក្រុមហ៊ុនប្រឈមមុខនឹងការក្ស័យធន ដោយសារវីរុស COVID-19

ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរវ៉េ បានប្រកាសកាត់បន្ថយប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងទៀតរបស់នាយកប្រតិបត្តិខ្លួន ពី ១៥ទៅ២៥ ភាគរយសម្រាប់រយៈពេល ៦ ខែគិតចាប់ពីថ្ងៃទី១ ខែមីនាខាងមុខនេះតទៅ ដើម្បីកាត់បន្ថយការខាតបង់ពីផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសឆ្លង Covid-19 ។ ជាមួយគ្នានេះ ប្រធានក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរវ៉េ លោក Sumeth Damrongchaitham បាននិយាយថា ការផ្ទុះឡើងនៃវីរុសរលាកសួតថ្មី Covid-19 នៅក្នុងប្រទេសមួយចំនួនបានធ្វើឱ្យបាត់បង់ទំនុកចិត្តក្នុងការធ្វើដំណើរ ដែលប្រការនេះបណ្តាលឱ្យចំនួនអ្នកដំណើរធ្លាក់ចុះយ៉ាងគំហុក ។ លោកបន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍ថៃនឹងចេញសេចក្តីប្រកាសមួយដើម្បីកាត់បន្ថយប្រាក់ខែ និងប្រាក់ឧបត្ថម្ភធ្វើដំណើររបស់បុគ្គលិកចាប់ពី ១៥ទៅ២៥ ភាគរយសម្រាប់រយៈពេល ៦ ខែដោយមានប្រសិទ្ធភាពនៅថ្ងៃទី១ ខែមីនាខាងមុខនេះ ។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរវ៉េ បានកាត់បន្ថយជើងហោះហើរជាច្រើន ជាពិសេសទៅកាន់ប្រទេសចិន ដោយកាត់បន្ថយជើងហោះហើរប្រមាណ៥០ភាគរយ ហើយជើងហោះហើរទៅជប៉ុនកាត់បន្ថយ ១០ ភាគរយ ៕ …
-
ប្រធានាធិបតីអាម៉េរិកស្នើថវិកា២.៥ពាន់លានដុល្លារអាម៉េរិក ប្រយុទ្ធនឹងជំងឺកូវិត១៩

រដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបញ្ជូនលិខិតស្នើសុំថវិកាចំនួន ២,៥ ពាន់លានដុល្លារពីសភាអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុសដែលផ្ទុះឡើងក្នុងប្រទេសចិន។ សេចក្ដីថ្លែងការណ៍របស់សេតវិមានឲ្យដឹង កាលពីថ្ងៃចន្ទម្សិលមិញថា ការស្នើសុំនេះបានធ្វើឡើងនៅពេលដែលគណនីសំខាន់ៗ របស់រដ្ឋាភិបាលអាម៉េរិកកាន់តែជិតអស់កញ្ចប់ថវិកា។ នាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស (HSS) បានចំណាយថវិកាឆ្លើយតបយ៉ាងរហ័សទៅនឹងជំងឺឆ្លងភ្លាមៗ ហើយកំពុងស្វែងរកការផ្ទេរប្រាក់ជាង ១៣០លានដុល្លារអាម៉េរិកពីគណនី HSS ផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ប៉ុន្តែពួកគេត្រូវការថវិកាបន្ថែមទៀត។ សេតវិមានបន្ថែមថា ទឹកប្រាក់ជាង ១ ពាន់លានដុល្លារអាម៉េរិកនឹងចំណាយទៅលើការបង្កើតវ៉ាក់សាំង។ ក្រៅពីនេះ ថវិកាមួយចំនួននឹងត្រូវប្រើប្រាស់សម្រាប់ជួយជនភៀសខ្លួនមកពីចិន ដែលត្រូវបានដាក់ដោយឡែករយៈពេល ១៤ថ្ងៃសិននៅតាមមូលដ្ឋានទ័ពអាមេរិកក្នុងរដ្ឋកាលីហ្វរញ៉ា។ គួរឲ្យដឹងថា មកទល់ពេលនេះ ចំនួនអ្នកឆ្លងកូរ៉ូណាវីរុសក្នុងសហរដ្ឋអាម៉េរិកកើនឡើងដល់ ៥៧ករណីហើយចាប់តាំងពី COVID-19 ផ្ទុះឡើងក្នុងទីក្រុង Wuhan កាលពីឆ្នាំមុន៕