-
វីរុសកូរ៉ូណាថ្មីសម្លាប់មនុស្សកើនជិត២.៦៧០នាក់ ខណៈមនុស្សប្រមាណ៧៧.៦៥៨នាក់ឆ្លងមេរោគដ៏កាចសាហាវនេះ

ចិន៖ យោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិន បានឱ្យដឹងនៅថ្ងសទី២៥ ខែកុម្ភៈនេះថា ចំនួនអ្នកស្លាប់ដោយសារតែវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩នៅទូទាំងប្រទេសចិន បានកើនឡើងដល់២ពាន់៦៦៣នាក់ ស្របពេលដែលមនុស្សឆ្លងជំងឺរលាកសួតដ៏ធ្ងន់ធ្ងរនេះសរុបកើនដល់៧ម៉ឺន៧ពាន់៦៥៨នាក់ ។ ដោយឡែកនៅថ្ងៃទី២៤ ខែកុម្ភៈ មនុស្សសុរប៥០៨នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគឆ្លងកូរ៉ូណាថ្មី ខណៈអ្នកជំងឺសរុប៧១នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន៣១ នៅទូទាំងប្រទេសចិន ។ បើតាមអាជ្ញាធរចិននោះ ក្នុងចំណោមមនុស្សស្លាប់ទាំង៧១នាក់នៅថ្ងៃទី២៤ ខែកុម្ភៈ គឺមាន៦៨នាក់នៅក្នុងខេត្តហ៊ូប៉ី និង២នាក់នៅខេត្តសានទុង ហើយម្នាក់ទៀតនៅខេត្តក្វាងទុង ៕
-
រដ្ឋាភិបាលចិនបញ្ចេញកញ្ចប់ថវិកាជាង១៤ពាន់លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី

ចិន៖ កញ្ចប់ថវិកា៩៩.៥ពាន់លានយ័ន ឬស្មើនឹងប្រមាណ១៤.១៦ពាន់លានដុល្លារអាម៉េរិក នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងប្រើប្រាស់ជាមូលនិធិសម្រាប់យុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាប្រភេទថ្មី ឬខូវីដ-១៩នៅទូទាំងប្រទេសចិន ។ ទន្ទឹមគ្នា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិប្រជាជនចិន ក៏បានប្រកាសផងដែរពីការផ្អាកការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ហើយនេះគឺជាការផ្អាកលើកដំបូងបំផុតចាប់តាំងពីសម័យបដិវត្តន៍វប្បធម៌នៅក្នុងប្រទេសចិន ។ យ៉ាងណាមិញ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិប្រជាជនចិនមិនបានបញ្ជាក់អ្វីលម្អិតឡើយ ដោយគ្រាន់តែឱ្យដឹងថា កិច្ចប្រជុំប្រចាំរបស់សភាដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៥ ខែមីនាខាងមុខនឹងត្រូវពន្យារពេល ហើយកាលរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ ៕
-
វីរុសកូរ៉ូណាថ្មីសម្លាប់មនុស្សកើនដល់៨នាក់ ខណៈអ្នកឆ្លងសរុបកើនដល់៨៩៣ករណីនៅទូទាំងប្រទេសកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ តួលេខអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីសរុបនៅកូរ៉េខាងត្បូងបានកើនឡើងដល់៨៩៣ករណីហើយ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈនេះ ក្រោយមនុស្ស៦០នាក់បន្ថែមទៀតត្រូវបានក្រុមជំនាញធ្វើតេស្តរកឃើញមេរោគឆ្លងនេះ ខណៈអ្នកឆ្លង៨នាក់បានស្លាប់ ។ អ្នកឆ្លងថ្មីៗទាំង៦០នាក់ខាងលើ ក្នុងនោះមាន៤៩នាក់ជាអ្នកដែលរស់នៅទីក្រុង ដេគូ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង និងមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ។ បណ្តាខេត្តធំៗរបស់កូរ៉េខាងត្បូងសុទ្ធតែមានករណីឆ្លងមេរោគកូរ៉ូណាថ្មីត្រូវបានរកឃើញ ស្របពេលដែលក្នុងចំណោមអ្នកឆ្លងថ្មីៗនៅថ្ងៃទី២៥ ខែកុម្ភៈនេះ ក៏មាន២នាក់ស្ថិតនៅក្នុងទីក្រុងសេអ៊ូលផងដែរ ។ សូមជម្រាបថា នៅក្នុងទីក្រុងដេគូ ដែលមានប្រជាជនរស់នៅ២.៥លាននាក់ និងជាចំណុចក្តៅបំផុតនៃការផ្ទុះមេរោគឆ្លងកូរ៉ូណាថ្មីនៅកូរ៉េខាងត្បូង អាជ្ញាធរសុខាភិបាលកំពុងតែរៀបចំបង្កើតមណ្ឌលធ្វើតេស្តសុខភាពបន្ថែមទៀត ដើម្បីទទួលប្រជាជនដែលកំពុងសម្រុកមកធ្វើតេស្ត ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ប្រកាសពីកិច្ចព្រមព្រៀងលក់អាវុធឲ្យឥណ្ឌា និងសម្តែងសុទិដ្ឋិនិយមពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី២៤ ខែកុម្ភៈនេះថា សហរដ្ឋអាម៉េរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៣ពាន់លានដុល្លារ ដើម្បីលក់ឧត្ថម្ភាគចក្រ និង សម្ភារៈយោធាអាម៉េរិកផ្សេងទៀតទៅឲ្យយោធាឥណ្ឌា ។ លោក ត្រាំ បានប្រកាសបែបនេះក្នុងពេលអំឡុងពេលលោកថ្លែងសុន្ទរកថាទៅកាន់ពលរដ្ឋឥណ្ឌាប្រមាណ១០ម៉ឺននាក់ ដែលបានជួបជុំគ្នានៅក្នុងទីក្រុង Ahmeddabad ដើម្បីស្តាប់សុន្ទរកថារបស់លោក និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ។ នាឱកាសនោះដែរ លោក ត្រាំ បានសន្យាថា ប្រទេសទាំងពីរនឹងសម្រេចបានកិច្ចព្រមព្រៀងដែលធំបំផុត និងសម្តែងសុទិដ្ឋិនិយមថា លោក និងលោក ម៉ូឌី នឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ល្អនេះសម្រាប់ប្រទេសទាំងពីរ ។ ជាមួយគ្នានេះ លោក ណារិនដ្រា ម៉ូឌី ក៏បានសម្តែងសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែរ ដោយលោកបញ្ជាក់ថា ឥណ្ឌា និង សហរដ្ឋអាម៉េរិកកំពុងពង្រីកទំនាក់ទំនងនៅក្នុងវិស័យជាច្រើន រួមទាំងវិស័យថាមពល និងបច្ចេកវិទ្យាព័ត៌មានជាដើម លោកថា ប្រទេសឥណ្ឌាដែលកាន់តែលូតលាស់នោះ នឹងផ្តល់ឱកាសថ្មីៗដល់សហរដ្ឋអាម៉េរិក ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ណារិនដ្រា ម៉ូឌី ក្រោយទៅដល់ប្រទេសឥណ្ឌា

ឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានទទួលការស្វាគមន៍ដោយផ្ទាល់នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ស្របពេលធ្វើដំណើរមកដល់ប្រទេសឥណ្ឌា ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ។ លោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថា នឹងធ្វើការថ្លែងសុន្ទរកថានៅឯកីឡដ្ឋានដ៏ធំមួយ ក្នុងពិធីស្វាគមន៍ដែលត្រូវបានរៀបចំឡើង ដើម្បីទទួលដំណើរទស្សនកិច្ចរបស់លោកហៅថា «Namaste Trump» ជាមួយមនុស្សម្នាចូលរួមប្រមាណ១០ម៉ឺននាក់ ។ បន្ទាប់មកទៀត លោក ត្រាំ និងភរិយានឹងបន្តដំណើរទៅទស្សនាប្រាសាទដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌា គឺ Taj Mahal ដែលស្ថិតក្នុងក្រុង Agra ហើយនៅថ្ងៃទី២៥ ខែកុម្ភៈនេះ លោក ត្រាំ នឹងជួបពិភាក្សាការងារជាមួយលោក ម៉ូឌី នៅរដ្ឋធានីញូដេលី ។ សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវរបស់ប្រធានាធិបតីអាម៉េរិករូបនេះ មកកាន់ប្រទេសឥណ្ឌាជាលើកដំបូង ត្រូវគេរំពឹងថា នឹងផ្តោតសំខាន់ទៅលើការធ្វើឲ្យកាន់តែស៊ីជម្រៅនូវចំណងទាក់ទងរវាងប្រទេសទាំងពីរ ៕
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានវ័យ៩៤ឆ្នាំដាក់លិខិតលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ី

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហំាម៉ាត់ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានដាក់លិខិតលាលែងចេញពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ីហើយ ដើម្បីបើកផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ។ រហូតមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ រួមទាំងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញពីការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយការសម្រេចចិត្តខាងលើនេះ កើតឡើងក្រោយលេចលឺដំណឹងថា លោក មហាធៀ នឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ។ សូមជម្រាបថា លិខិតលាលែងចេញពីតំណែងរបស់លោក មហាធៀ មហំាម៉ាត់ត្រូវបានថ្វាយជូនព្រះមហាក្សត្រម៉ាឡេស៊ី នៅម៉ោង១រសៀលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ៕
-
តួលេខអ្នកឆ្លងវីរុសកូរ៉ូណាថ្មីសរុបនៅកូរ៉េខាងត្បូងកើនដល់៧៦៣ករណី ក្នុងនោះមាន៧នាក់ស្លាប់

កូរ៉េខាងត្បូង៖ តួលេខអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មីនៅទូទាំងប្រទេសកើនដល់០៧នាក់ ស្របពេលដែលចំនួនអ្នកឆ្លងជំងឺរលាកសួតនេះសរុបបន្តកើនឡើងដល់៧៦៣នាក់ បន្ទាប់ពីករណីឆ្លងថ្មី១៦១ករណីបន្ថែមទៀតត្រូវបានគេរកឃើញ នេះបើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ។ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា នៅក្នុងចំណោមករណីឆ្លងថ្មីនៃវីរុស ខូវីដ-១៩ ទាំង១៦១ករណី ក្នុងនោះមាន១៤២ករណីត្រូវបានគេរកឃើញក្នុងទីក្រុងដេគូ ស្ថិតនៅចំងាយ៣០០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល និងខេត្តគ្យុងសាងខាងជើង ខណៈការឆ្លងថ្មី៣ករណីទៀតត្រូវបានគេរាយការណ៍នៅទីក្រុងសេអ៊ូល ។ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានប្រកាសដំឡើងកម្រិតអាសន្ន «ព័ណ៌ក្រហម» ដែលជាកម្រិតអាសន្នខ្ពស់បំផុត ប្រឈមមុខនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាប្រភេទថ្មី ៕
-
វីរុសកូរ៉ូណាថ្មីសម្លាប់មនុស្ស៣នាក់នៅអ៊ីតាលី ខណៈចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់១៥២ករណី

អ៊ីតាលី៖ ប្រធាននាយកដ្ឋានគាំពារជនស៊ីវិលអ៊ីតាលីលោក អង់ហ្គែឡូ ប័ររែលលី បានបញ្ជាក់ថា គិតមកទល់ពេលនេះ មានមនុស្ស៣នាក់ហើយបានបាត់បង់ជីវិត និងម្នាក់ទៀតជាសះស្បើយ ស្របពេលដែលចំនួនមនុស្សសរុប១៥២នាក់ត្រូវបានគេធ្វើតេស្ដរកឃើញថា ឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ។ ក្នុងគោលបំណងឆ្លើយតបនឹងការរីករាលដាលនៃជំងឺរលាកសួតដ៏ធ្ងន់ធ្ងរនេះអាជ្ញាធរអ៊ីតាលីបានសម្រេចចិត្តចាត់វិធានការរឹតបន្តឹងមួយចំនួន ក្នុងនោះរួមមានទាំងការបិទទីក្រុងចំនួន១១ ដោយក្នុងចំណោមនោះ ទីក្រុងចំនួន១០នៅក្នុងតំបន់ ឡុមបាឌី និងមួយទៀតក្នុងតំបន់ វែណេតូ ។ បើតាមប្រធាននាយកដ្ឋានគាំពារជនស៊ីវិលអ៊ីតាលីរូបនេះ ក្នុងចំណោមអ្នកឆ្លងមេរោគរលាកសួតដ៏ធ្ងន់ធ្ងរនេះសរុប១៥២នាក់ ក្នុងនោះមាន១១០នាក់ត្រូវបានគេរាយការណ៍នៅក្នុងតំបន់ ឡុមបាឌី ស្ថិតនៅភាគខាងជើងប្រទេស និង២១នាក់នៅតំបន់ វែណេតូ ភាគឦសានប្រទេស និង៩នាក់ទៀតនៅតំបន់ អ៊ែមីលៀ រ៉ូម៉ាញ៉ា ភាគជើងប្រទេស ៕
-
វីរុសកូរ៉ូណាថ្មីសម្លាប់មនុស្សកើនដល់២.៥៩៥នាក់ ស្របពេលដែលអ្នកជាសះស្បើយសរុប២៤.៧៥៧នាក់ និងឆ្លង៧៧.២៦២នាក់

ចិន៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារជំងឺកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ បានកើនឡើងដល់២.៥៩៥នាក់ និងអ្នកឆ្លងសរុបនៅទូទាំងប្រទេសមានចំនួនសរុប៧ម៉ឺន៧ពាន់២៦២នាក់ ។ ទន្ទឹមគ្នា គណៈកម្មការសុខាភិបាលជាតិចិន បានឱ្យដឹងដែរថា មនុស្សចំនួន ១ពាន់៨៤៦នាក់នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយឡើងវិញ ដែលប្រការនេះបានធ្វើឱ្យចំនួនអ្នកជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញកើនឡើងដល់២ពាន់៤ពាន់៧៥៧នាក់ ។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៣ ខែកុម្ភៈនេះ តួលេខអ្នកជំងឺដែលទើបនឹងជាសះស្បើយ ទាំងនៅក្នុងទីក្រុង វូហាន និងនៅខេត្ត ហ៊ូប៉ី ទាំងមូល គឺខ្ពស់ជាងតួលេខនៃអ្នកឆ្លងថ្មីផងដែរ ដែលនេះជាសញ្ញាវិជ្ជមានធំមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរលាកសួតដ៏កាចសាហាវនេះនៅទូទាំងប្រទេសចិន ចាប់តាំងពីវាបានផ្ទុះឡើងដំបូងកាលពីចុងខែធ្នូ ឆ្នាំ២០១៩ ៕
-
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា វីរុសកូរ៉ូណាថ្មីកំពុងបង្កហានីភ័យដល់ការស្តារសេដ្ឋកិច្ចពិភពលោក

បរទេស៖ ករណីផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩នៅចិន និង ការរីករាលដល់ប្រទេសប្រមាណ២៥ផ្សេងទៀតនោះ អាចរុញច្រានការស្តារសេដ្ឋកិច្ចសកលលោកទាំងមូលអោយធ្លាក់ចូលទៅក្នុងហានិភ័យ នេះបើតាមនាយកស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី គ្រីស្តាលីណា ហ្សកគាវ៉ា ។ នាយកស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះបានសង្កត់ធ្ងន់ថា ការកើតឡើងនៃករណីឆ្លងនៃវីរុស COVID-19 នៅចិន និង បណ្តាប្រទេសផ្សេងៗទៀត កំណើនសេដ្ឋកិច្ចសកលនឹងទទួលរងផលប៉ះពាល់ ហើយជាការពិតយើងទាំងអស់គ្នាមានក្តីសង្ឃឹមក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែពេលនេះភាពមិនច្បាស់លាស់បានលេចចេញមកហើយ ដោយយើងគួររៀបចំសេនារីយ៉ូថ្មីៗទៀតសម្រាប់អ្វីដែលនឹងកើតឡើងដោយឥតព្រាងទុក ។ លោកស្រី គ្រីស្តាលីណា ហ្សកគាវ៉ា បានកត់សម្គាល់បែបនេះ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រី នៃបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G20 ព្រមទាំងនាយកធនាគារកណ្តាលនានាលើពិភពលោក ដែលប្រព្រឹតទៅនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ៕