-
កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី៥២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងវីរុសនេះសរុបកើនឡើងដល់១៥៦នាក់

កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃទី២១ ខែកុម្ភៈនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ចំនួន៥២នាក់បន្ថែមទៀត ដែលប្រការនេះ ធ្វើឱ្យចំនួនអ្នកឆ្លងជម្ងឺរលាកសួតដ៏កាចសាហាវនេះ សរុបកើនឡើងដល់ ១៥៦ នាក់នៅទូទាំងប្រទេសអាស៊ីបូព៌ាមួយនេះ ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូង ក្នុងចំណោម៥២ករណីថ្មីៗខាងលើមាន៤១ករណីត្រូវបានរកឃើញនៅទីក្រុងដេហ្គូ ដែលស្ថិតនៅចម្ងាយ៣០០គីឡូម៉ែតពីរដ្ឋធានីសេអ៊ូល ចំនែកឯ០៣ករណីផ្សេងទៀតត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋធានីសេអ៊ូលតែម្តង។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តដាក់ទីក្រុង ដេហ្គូ និងតំបន់ជិតខាងជាតំបន់គ្រប់គ្រងពិសេស បន្ទាប់ពីមានការកើនឡើងនូវចំនួនអ្នកឆ្លងរោគជាបន្តបន្ទាប់ និងករណីស្លាប់ដំបូងរបស់ខ្លួននៅទីនោះដោយសារតែឆ្លងជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ៕
-
ចំនួនអ្នកឆ្លងវីរុស COVID-19 នៅអ៊ីរ៉ង់សរុបកើនដល់៥នាក់ ក្នុងនោះអ្នកឆ្លង២នាក់បានស្លាប់

អ៊ីរ៉ង់៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានបញ្ជាក់ថា មនុស្ស ៣នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តរកឃើញមានវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ខណៈមួយថ្ងៃបន្ទាប់ពីការប្រកាសនេះ ក៏មានមនុស្ស២នាក់បានបាត់បង់ជីវិតផងដែរ ដោយសារតែជំងឺរលាកសួតដ៏កាចសាហាវនេះនៅក្នុងទីក្រុង កុម របស់ប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់លោក គីយ៉ាណួស ហ្សាហាភួ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា មនុស្ស២នាក់ត្រូវបានធ្វើតេស្តរកឃើញសញ្ញាវិជ្ជមានចំពោះវីរុសកូរ៉ូណាថ្មីនៅក្នុងទីក្រុង កុម និងម្នាក់ទៀតនៅក្នុងទីក្រុង អារ៉ាក់ ដែលប្រការនេះបានធ្វើឱ្យចំនួនអ្នកឆ្លងជម្ងឺឆ្លង ខូវីដ-១៩ នេះនៅអ៊ីរ៉ង់សរុប កើនឡើងដល់០៥ករណីហើយ ។ បើតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ អ្នកជំងឺទាំងពីរនាក់ខាងលើដែលស្លាប់ គឺជាពលរដ្ឋអ៊ីរ៉ង់ និងជាអ្នករស់នៅក្នុងទីក្រុងកុម ភាគខាងត្បូងរដ្ឋធានីតេហេរ៉ង់ ។ ដោយឡែកទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA ក៏បានបញ្ជាក់ដោយស្រង់សម្ដីពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ដែរថា អ្នកជំងឺទាំងពីរនាក់នេះ គឺជាមនុស្សវ័យ ចំណាស់ និងមានបញ្ហាផ្នែកប្រព័ន្ធភាពសុំានៃរាងកាយស្រាប់ ៕
-
ចិនគ្រោងដាក់ឱ្យសាកល្បងវ៉ាក់សាំងប្រឆាំងនឹងវីរុស កូរ៉ូណាថ្មី នៅចុងខែ មេសា ខាងមុខនេះ

ចិន៖ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនលោក ស៊ូ ណានពីង នៅថ្ងៃទី២១ ខែកុម្ភៈនេះ បានបញ្ជាក់ថា នៅចុងខែមេសាខាងមុខ ចិននឹងដាក់វ៉ាក់សាំងសម្រាប់ប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ ជូនដល់ក្រសួងពាក់ព័ន្ធនានា ដើម្បីពិនិត្យ និងទទួលបានការអនុញ្ញាតក្នុងការសាកល្បងព្យាបាលលើមនុស្ស ។ បច្ចុប្បន្នចិនបាននឹងកំពុងធ្វើតេស្ដលើថ្នាំ០៣ប្រភេទ ដែលបានបង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ក្នុងនោះរួមមាន ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ (chloroquine phosphate) ថ្នាំប្រឆាំងផ្ដាសាយ (favipiravir) និងថ្នាំមួយប្រភេទទៀត (remdesivir) ដែលធ្លាប់ត្រូវបានគេប្រើប្រាស់ក្នុងការព្យា បាលជំងឺអេបូឡា (Ebola) នៅអាហ្វ្រិក ។ សូមរំលឹកថា ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស ក៏ធ្លាប់បានប្រកាសកន្លងមកដែរថា ការផលិតវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី អាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល១៨ខែខាងមុខនេះ ៕
-
មូលនិធិរូបិយវត្ថុអន្តរន៍អន្តរជាតិ IMF ព្រមានថា វីរុសកូរ៉ូណាប្រភេទថ្មីអាចនឹងធ្វើឱ្យខូចខាតដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២០នេះ

បរទេស៖ ការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ អាចនឹងធ្វើឱ្យខូចខាតដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២០នេះ ប៉ុន្តែការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនឹងឆាប់រហ័សនៃសេដ្ឋកិច្ច ក៏អាចនឹងកើតឡើងបន្ទាប់ពីនោះផងដែរ នេះបើតាមប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរអន្តរជាតិ (IMF) នាពេលថ្មីៗនេះ ។ បើតាមនាយកគ្រប់គ្រងអង្គការ IMF លោកស្រី គ្រីស្តាលីណា ចចជីអេវ៉ា បានលើកឡើងថាអាចនឹងមានការកាត់បន្ថយកំណើនសេដ្ឋកិច្ច តែយើងនៅតែសង្ឃឹមថា នឹងមានចាប់ពីចន្លោះ ០,១ ទៅ ០,២ ភាគរយ លោកស្រីថា វាឆាប់ពេកហើយក្នុងការវាយតម្លៃពីផលប៉ះពាល់ពេញលេញនៃការរាលដាលមេរោគ ប៉ុន្តែលោកស្រីទទួលស្គាល់ថា វាបានជះឥទ្ធិពលដល់វិស័យមួយចំនួនរួចទៅហើយ ដូចជាទេសចរណ៍ និង ដឹកជញ្ជូន ។ ទន្ទឹមគ្នា លោកស្រី ចចជីអេវ៉ា បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីខែមុន ដោយសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ១ និងទី ២ លើពិភពលោក ។ គួរបញ្ជាក់ថា នៅក្នុងការធ្វើបច្ចុប្បន្នភាពខែ មករា របស់ខ្លួនចំពោះចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកនោះ អង្គការនិធិរូបិយវត្ថុអន្តរអន្តរជាតិ IMF…
-
ក្រុមហ៊ុន Apple ព្រមានថា ប្រាក់ចំណូលរបស់ខ្លួននឹងធ្លាក់ចុះខ្លាំង ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺឆ្លងកូរ៉ូណាថ្មីនៅប្រទេសចិន

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងមិនអាចសម្រេចបាននូវប្រាក់ចំណូល តាមការព្យាករណ៍សម្រាប់ត្រីមាសនេះឡើយ ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺឆ្លងកូរ៉ូណាប្រភេទថ្មី ដែលបានប៉ះពាល់ដល់ការផលិតទូរស័ព្ទ iPhone និងតម្រូវការនៅក្នុងប្រទេសចិន ដែលជាទីផ្សារធំមួយរបស់ខ្លួន ។ ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកនេះបានបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន ទើបតែបានចាប់ផ្តើមបើកធ្វើប្រតិបត្តិការឡើងវិញជាបណ្តើរៗ ប៉ុន្តែវាហាក់មានសន្ទុះយឺតយ៉ាវជាងការរំពឹងទុក និងថា ប្រការនេះនឹងធ្វើឲ្យប៉ះពាល់ជាបណ្តោះអាសន្ន ទៅលើការរកប្រាក់ចំណូលរបស់ Apple នៅជុំវិញពិភពលោក ព្រោះតែការផលិតទូរស័ព្ទ iPhone មិនទាន់តាមតម្រូវការ ។ បន្ថែមលើនេះ ការដាក់កំហិតលើហាងនានា ដែលជាវិធានការទប់ស្កាត់រាតត្បាតនៃវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ ក៏បានប៉ះពាល់ដល់ការលក់ផលិតផលនៅក្នុងប្រទេសចិនផងដែរ ដោយហាងភាគច្រើនរបស់ខ្លួនត្រូវបានបិទទ្វារ ឬមួយក៏កាត់បន្ថយម៉ោងបើកលក់ ។ សូមរំលឹកថា កាលពីខែមករា ដើមឆ្នាំនេះ ក្រុមហ៊ុន Apple បានព្យាករណ៍ថា ខ្លួននឹងរកប្រាក់ចំណូលបានចាប់ពីចន្លោះ៦៣ទៅ៦៧ពាន់លានដុល្លារអាម៉េរិក សម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០២០នេះ ៕
-
ចិនទទួលជំនួយសម្ភារជាង១៦តោនពីអាម៉េរិក ទប់ស្កាត់ជំងឺកូវីត១៩

ចិន៖ រដ្ឋាភិបាលចិនបានឲ្យដឹងថា ខ្លួនបានទទួលសម្ភារជាង ១៦តោនពីសហរដ្ឋអាម៉េរិកដែលមានដូចជាម៉ាស់ និងឧបករណ៍ការពារផ្សេងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បាននិយាយថា ប្រទេសចិនសង្ឃឹមថាសហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយ ១០០ លានដុល្លារដែលធ្លាប់បានសន្យាកាលពីថ្ងៃទី ៨ខែកុម្ភៈ ដើម្បីជួយចិនទប់ទល់នឹងការផ្ទុះឡើងកូរ៉ូណាវីរុស។ លោក Geng បានមានប្រសាសន៍ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ ប្រទេសទាំងអស់ចាំបាច់ត្រូវតែចូលរួម។ ការបរិច្ចាគនេះនឹងធ្វើឱ្យប្រទេសចិន និងប្រទេសដទៃទៀតទទួលបានផ្លែផ្កាឆាប់ៗនេះ។ គួរបញ្ជាក់ថា ការទទួលជំនួយពីអាម៉េរិកនេះបានធ្វើឡើង កាលពីថ្ងៃពុធកន្លងមកនេះ៕
-
វីរុសកូរ៉ូណាថ្មីផ្តាច់ជីវិតមនុស្សកើនជាង២.២០០នាក់ និងជិត៧ម៉ឺន៥ពាន់នាក់ទៀតឆ្លងមេរោគ

ចិន៖ អាជ្ញាធរចិនបានបញ្ចេញរបាយការណ៍ថ្មីនៅថ្ងៃទី២១ ខែកុម្ភៈនេះឱ្យដឹងថាចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ បានបន្តកើនឡើងជាង២ពាន់២០០នាក់ ស្របពេលដែលអ្នកឆ្លងវីរុសនេះនៅទូទាំងប្រទេសចិន ក៏បានកើនឡើងជិត៧ម៉ឺន៥ពាន់នាក់ផងដែរ ។ ប្រភពខាងលើបានឱ្យដឹងទៀតថា នៅក្នុងខេត្តហ៊ូប៉ីដែលជាចំណុចផ្ទុះឡើងនៃការឆ្លងវីរុសរលាកសួតដ៏កាចសាហាវនេះ អត្រានៃការឆ្លងមានការធ្លាក់ចុះនៅទូទាំងប្រទេសចិនជាច្រើនថ្ងៃជាប់ៗគ្នា ហើយវាពិតជាបង្ហាញអំពីប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលជំងឺ ចេញពីខេត្តភាគកណ្តាលចិនមួយនេះ ។ នៅក្នុងថ្ងៃដដែលនេះ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា តួលេខអ្នកដែលបានជាសះស្បើយពីជំងឺកូរ៉ូណាថ្មីនៅទូទាំងប្រទេសចិន បានកើនឡើងដល់១ម៉ឺន៨ពាន់២៦៤នាក់ ខណៈការឆ្លងរាលដាលថ្មីៗត្រូវបានគេមើលឃើញថា ក៏បង្ហាញសញ្ញាធ្លាក់ចុះផងដែរ ៕
-
ក្រុមហ៊ុន និង គ្រឹះស្ថានសិក្សាគ្រប់ជាន់ថ្នាក់នៅខេត្តហ៊ូប៉ី ត្រូវបានអាជ្ញាធរស្នើឱ្យបន្តបិទទ្វាររហូតដល់ថ្ងៃទី១០ ខែមីនាខាងមុខ

ចិន៖ អាជ្ញាធរខេត្ត ហ៊ូប៉ី បានចេញសេក្តីប្រកាសមួយនៅថ្ងៃទី២០ ខែកុម្ភៈនេះថា ក្រុមហ៊ុននានាដែលស្ថិតនៅក្នុងខេត្ត ដែលជាចំណុចផ្ទុះខ្លាំងនៃការរីករាលដាលជំងឺឆ្លងកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ មិនគួរបើកទ្វារធ្វើប្រតិបត្តិការវិញនៅមុនថ្ងៃទី១០ ខែមីនាខាងមុខនេះឡើយ ។ ទន្ទឹមគ្នា គ្រឹះស្ថានសិក្សាគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តនេះដែរ ក៏ត្រូវបានណែនាំឲ្យបន្តពន្យារពេលចូលសិក្សាវិញផងដែរ ខណៈអាជ្ញាធរបានអំពាវនាវឲ្យសាធារណជនកាត់បន្ថយសកម្មភាពនៅខាងក្រៅ ចៀសវាងការប្រមូលផ្តុំតាមទីសាធារណៈ ហើយរក្សាអនាម័យក្នុងផ្ទះឲ្យបានស្អាតជានិច្ច ។ ដោយឡែកអ្នកដែលមិនព្រមពាក់ម៉ាសនៅពេលដើរហើរនៅខាងក្រៅ អាចប្រឈមនឹងការដាក់ពិន័យតាមផ្លូវ ច្បាប់ ។ បើតាមអាជ្ញាធរខេត្តហ៊ូប៉ី ការណែនាំឲ្យធ្វើបែបនេះ គឺស្ថិតក្នុងផ្នែកនៃកិច្ចបន្តប្រឹងប្រែងបង្រ្កាបជំងឺឆ្លងកូរ៉ូណាប្រភេទថ្មី ដែលបានឈានដល់ដំណាក់កាលយ៉ាងសំខាន់នៅក្នុងខេត្តមួយនេះ ប៉ុន្តែវាមិនត្រូវអនុវត្តន៍ទៅលើក្រុមហ៊ុនណាដែលចាំ បាច់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ខូវីដ-១៩ ព្រមទាំងក្រុមហ៊ុនសំខាន់ៗមួយចំនួនទៀតឡើយ ៕
-
ចិនមានផែនការនឹងសម្រេចឲ្យបានស្ថានីយអវកាសរបស់ខ្លួនជាស្ថាពរនៅខ្ទង់ឆ្នាំ២០២២ខាងមុខនេះ

ចិន៖ ចិនគ្រោងបាញ់បង្ហោះគ្រាប់រ៉ុក្កែតដឹកជញ្ជូនស៊េរីថ្មីរបស់ខ្លួនឈ្មោះថា Long March-5B ជាលើកដំបូង នៅខែមេសា ឆ្នាំ២០២០ខាងមុខនេះ ស្ថិតក្នុងគោលបំណងឈានទៅរកការចាប់ផ្តើម នូវដំណើរការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន ។ គ្រាប់រ៉ុក្កែតខាងលើ នឹងត្រូវប្រើប្រាស់ជាចម្បងសម្រាប់ការបញ្ជូនកំណាត់ស្ថានីយអវកាសចិន យកទៅផ្គុំគ្នានៅក្នុងទីអវកាស និង ការបញ្ជូនយានអវកាសធំៗឡើងទៅកាន់គន្លងគោចរជុំវិញផែនដី ។ ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March-5B នៅខែមេសាខាងមុខនេះទៀតសោត មិនទាន់មានការបញ្ជូនផ្នែកស្នូលដំបូងនៃស្ថានីយអវកាសចិនឡើងទៅកាន់ទីអវកាសនៅឡើយទេ ប៉ុន្តែវាជារឿងសំខាន់មួយដើម្បីសាកល្បងសមត្ថភាពរបស់រ៉ុក្កែតថ្មីនេះ ដែលនឹងត្រូវរ៉ាប់រងការងារធ្ងន់ៗនៅក្នុងការដឹកជញ្ជូនបរិក្ខានានាឡើងទៅកាន់ទីអវកាស ។ បើតាមផែនការនោះ ចិនគ្រោងនឹងសម្រេចឲ្យបានស្ថានីយអវកាសរបស់ខ្លួនជាស្ថាពរនៅខ្ទង់ឆ្នាំ២០២២ខាងមុខនេះ ៕
-
មហាសេដ្ឋីអាម៉េរិកលោក Michael Bloomberg ក្លាយជាគោលដៅវាយប្រហារក្នុងការជជែកដេញដោលបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ

សហរដ្ឋអាម៉េរិក៖ បេក្ខជនប្រធានាធិបតី៦រូបបានតទល់គ្នានៅក្នុងការជជែកដេញដោលគ្នាដ៏តឹងតែងមួយនៅក្នុងសប្តាហ៍នេះ ដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ។ ជាមួយគ្នានេះ មហាសេដ្ឋីអាម៉េរិកលោក Michael Bloomberg ដែលជាអតីតអភិបាលក្រុងញូវយ៉ក ដែលទើបចូលរួមការជជែកដេញដោលនេះជាលើកដំបូង បានក្លាយជាគោលដៅនៃការវាយប្រហារខ្លាំងៗពីគូប្រជែង នៅក្នុងការជជែកទល់មុខគ្នាជាលើកដំបូង ។ ការជជែកតទល់គ្នាខាងលើនេះ ត្រូវបានធើ្វឡើងនៅទីក្រុង Las Vegas រដ្ឋ Nevada ភាគខាងលិចសហរដ្ឋអាម៉េរិក ដែលនៅទីនោះនឹងមានការបោះឆ្នោតបឋម caucus របស់គណបក្សសាធារណរដ្ឋក្នុងសប្តាហ៍នេះ ។ សូមបញ្ជាក់ថា លោក Bloomberg មិនមានឈ្មោះក្នុងសន្លឹកឆ្នោតរដ្ឋ Nevada ឬ នៅក្នុងការបោះឆ្នោតនៅរដ្ឋ South Carolina នៅសប្តាហ៍ក្រោយទេ ។ លោក Bloomberg នឹងចាប់មានឈ្មោះក្នុងសន្លឹកឆ្នោតនៅក្នុងបណ្តារដ្ឋ ដែលបោះឆ្នោតនៅថ្ងៃទី៣ ខែមីនាខាងមុខនេះ ៕