-
ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់សម្លាប់មនុស្ស៩នាក់ហើយនៅអាល្លឺម៉ង់ ត្រូវប៉ូលិសរកឃើញស្លាប់ក្នុងផ្ទះរបស់ខ្លួន

អាល្លឺម៉ង់៖ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស៩នាក់ ក្នុងហេតុការណ៍ជិះរថយន្តបាញ់រះទៅលើហ្វូងមនុស្សនៅទីតាំងពីរកន្លែង នៅភាគខាងលិចទីក្រុង ហាន់ណូ បានស្លាប់នៅក្នុងផ្ទះរបស់ខ្លួន នេះបើតាមមន្រ្តីប៉ូលិសអាល្លឺម៉ង់ក្នុងតំបន់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ។ ប្រភពខាងលើនេះបានឱ្យដឹងថា សាកសពមនុស្សម្នាក់ដែលទំនងជាជនដៃដល់ ត្រូវបានអាជ្ញាធររកឃើញនៅក្នុងផ្ទះរបស់ជនរូបនោះ នៅឯទីក្រុង ហាន់ណូ ដែលជាតំបន់កើតហេតុ ហើយរហូតមកទល់ពេលនេះ ពុំមានអ្វីមកបញ្ជាក់ថា មានជនដៃដល់ផ្សេងទៀតឡើយ ។ សូមបញ្ជាក់ឡើងវិញថា ការបាញ់ប្រហារដ៏កក្រើកនេះ បានកើតឡើងនៅម៉ោង១០៖០០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) នៅឯរង្គសាលពីរកន្លែង ស្ថិតនៅទីក្រុង ហាន់ណូ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែតពីទីក្រុង ហ្វ្រែងហ្វើត ។ ភ្លាមៗនោះ មានមនុស្ស៨នាក់បានស្លាប់ និង មួយចំនួនទៀតរងរបួស ប៉ុន្តែមានអ្នកស្លាប់ម្នាក់ទៀតធ្វើឲ្យចំនួនសរុបកើនដល់៩នាក់ ។ ជុំវិញមូលហេតុពិតប្រាកដនៃការវាយប្រហារ និង ស្ថានភាពនៃការស្លាប់របស់ជនសង្ស័យ មិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ ៕
-
នាយករដ្ឋមន្រ្តីអូស្រ្តាលីអះអាងថា អាទិភាពរបស់ខ្លួន គឺរក្សាប្រជាជនឱ្យមានសុវត្ថិភាព នៅចំពោះមុខគ្រោះមហន្តរាយភ្លើងឆេះព្រៃ

អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន បានប្រកាសនឹងធ្វើការស៊ើបអង្កេតថ្នាក់ជាតិមួយ ពាក់ព័ន្ធនឹងហេតុការណ៍ភ្លើងឆេះព្រៃ ប្លេក សុំាមឺ (Black Summer) ។ ទន្ទឹមគ្នាលោក ម៉ូរីសុន បាននិយាយថា ការស៊ើបអង្កេតថ្នាក់ជាតិនេះ នឹងផ្តោតសំខាន់លើការកែលម្អ ការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយធម្មជាតិរបស់អូស្រ្តាលី ការសម្របសម្រួលគ្រោះមហន្តរាយធម្មជាតិ និងតួនាទីរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការឆ្លើយតបទៅនឹងភាពអាសន្នរបស់ជាតិ និងវិធីសាស្រ្តសហការគ្នារវាងរដ្ឋាភិបាល និងអាជ្ញាធរដែនដី ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបានសង្កត់ធ្ងន់ថា អាទិភាពរបស់លោកគឺរក្សាប្រជាជនអូស្រ្តាលីឱ្យមានសុវត្ថិភាព និងត្រូវតែធ្វើរឿងនេះ… យើងត្រូវរៀនពីភ្លើងឆេះព្រៃនៅរដូវក្តៅ (Black Summer) អំពីរបៀបដែលយើងអាចធ្វើការបានល្អ រវាងរដ្ឋ និង អាជ្ញាធរដែនដី ដើម្បីការពារ និង បំពាក់ឱ្យប្រជាជនអូស្រ្តាលីកាន់តែប្រសើរសម្រាប់ការរស់នៅនារដូវក្តៅស្ងួត និង រដូវក្តៅកាន់តែវែង ។ គណៈកម្មការរដ្ឋទទួលបន្ទុកភ្លើងឆេះព្រៃបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស៣៣នាក់បានបាត់បង់ជីវិត និង លំនៅដ្ឋានរាប់ពាន់ខ្នងត្រូវបានភ្លើងលេបត្របាក់ស្ទើរទាំងស្រុង គិតមកទល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ៕
-
លោក ស៊ី ជីនពីង អំពាវនាវឱ្យមានការការពារ និងយកចិត្តទុកដាក់លើបុគ្គលិកពេទ្យ ខណៈពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានស្នើឲ្យខិត ខំការពារបុគ្គលិកពេទ្យខ្លាំងឡើង ស្របពេលដែលពួកគេកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងវីរុស ខូវីដ-១៩ ក្រោយការស្លាប់របស់វេជ្ជបណ្ឌិតល្បីៗ ដែលបង្កកំហឹងពីសាធារណៈជន ។ ជាមួយគ្នានេះ លោក ស៊ី បានថ្លែងថា ចិនត្រូវតែបង្កើនកិច្ចខិតខំដើម្បីបន្ធូរបន្ថយសម្ពាធរបស់ក្រុមគ្រូពេទ្យ ដោយផ្តល់ឲ្យពួកគេនូវសម្ភារៈ និង ឧបករណ៍ការពារខ្លួនចាំបាច់ រៀបចំពេលសម្រាប់ពួកគេសម្រាក និង ជួយលើកទឹកចិត្តដល់ពួកគេផង ។ ការលើកឡើងបែបនេះរបស់លោក ស៊ី ជីនពីង ត្រូវបានធ្វើឡើងស្របពេលដែលមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិន បានរាយការណ៍ថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈកន្លងមកនេះ បុគ្គលិកពេទ្យជាង៣ពាន់នាក់អាចឆ្លងវីរុសកូរ៉ូណាថ្មី ក្នុងនោះ១ពាន់៧១៦នាក់បង្ហាញរោគសញ្ញា និង ត្រូវបានធ្វើតេស្តឃើញវីរុសនេះ ខណៈ១ពាន់៣០០នាក់ទៀតអាចឆ្លង តែមិនទាន់ត្រូវបានធ្វើតេស្តរករោគសញ្ញា ។ គួរបញ្ជាក់ថា នាយកមន្ទីរពេទ្យ វូហាន ក្នុងទីក្រុងវូហាន លោក លីវ ហ្ស៊ីមីញ បានស្លាប់នៅថ្ងៃទី១៨ ខែកុម្ភៈនេះ…
-
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅកូរ៉េខាងត្បូងសរុបកើនជិត៩០នាក់ ក្រោយរកឃើញការឆ្លង៣១ករណីបន្ថែមទៀត

កូរ៉េខាងត្បូង៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូង (KCDC) នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ចំនួន៣១ករណីបន្ថែមទៀត ដែលប្រការនេះធ្វើឱ្យតួលេខមនុស្សឆ្លងជំងឺនេះនៅទូទាំងប្រទេសកូរ៉េខាងត្បូងកើនដល់៨២នាក់ ។ បើតាមសេចក្តីថ្លែងការណ៍របស់ខ្លួន មជ្ឈមណ្ឌល (KCDC) បានឱ្យដឹងថា នៅក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ មាន២៣ករណីត្រូវបានរកឃើញនៅក្នុងចំណោមមនុស្សដែលបានចូលរួមក្នុងពិធីសាសនា នៅឯវិហារគ្រឹស្ត ស៊ីនឆុនជី ស្ថិតនៅទីក្រុង ដាហ្គូ ។ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា ចំនែកឯអ្នកឆ្លងវីរុស១៥នាក់ផ្សេងទៀតក៏ត្រូវបានគេជឿជាក់ដែរថា មានទំនាក់ទំនងជាមួយស្ត្រីម្នាក់មានអាយុ៦១ឆ្នាំ ដែលត្រួវបានគេធ្វើតេស្ដថា បានឆ្លងជម្ងឺរលាកសួតដ៏កាចសាហាវមួយនេះ ៕
-
អាជ្ញាធរជប៉ុនរាយការណ៍ពីករណីស្លាប់លើកដំបូង ក្នុងចំណោមអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសខ្លួន

ជប៉ុន៖ សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែកុម្ភៈនេះបានចុះផ្សាយថា អ្នកដំណើរ២នាក់ ដែលត្រូវបានយកចេញពីកប៉ាល់ទេសចរណ៍ ដាយមិន ព្រីនសេស បន្ទាប់ពី រកឃើញថា ពួកគាត់បានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនោះបានស្លាប់ នៅក្នុងមន្ទីរពេទ្យជប៉ុន ។ ប្រភពបន្តថា អ្នកដំណើរដែលជាជនជាតិជប៉ុនពីរនាក់ខាងលើនេះ ម្នាក់ជាបុរសវ័យ៨៧ឆ្នាំ និងម្នាក់ទៀតជាស្ត្រីវ័យ៨៤នាក់ ដែលនេះគឺជាករណីបាត់បង់ជីវិតលើកដំបូងហើយ ចំពោះក្រុមអ្នកដំណើរលើនាវាទេសចរណ៍ខ្នាតយក្សមួយនេះ ដែលបានឆ្លងវីរុស ខូវីដ-១៩ ។ សូមជម្រាបថា អ្នកដំណើរ៥០០នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីកប៉ាល់ ដាយមិន ព្រីនសេស នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បន្ទាប់ពីការពិនិត្យសុខភាពរយៈពេល១៤ថ្ងៃមិនបានរកឃើញថា ពួកគេមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩នោះទេ ៕
-
ទីបំផុតសហភាពអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ក្រោយចក្រភពអង់គ្លេសដកខ្លួនចេញពីអឺរ៉ុប

អឺរ៉ុប៖ សហភាពអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយនឹងប្រទេសវៀតណាម ដែលនេះគឺជាអ្វីដែលផ្ទុយពីការគិតរបស់ក្រុមអ្នករិះគន់ដែលថា ការផ្ដាច់ខ្លួនរបស់ អង់គ្លេសពីអឺរ៉ុប និង ការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សនៅវៀតណាមអាចធ្វើឲ្យយឺតយ៉ាវដល់ការបោះឆ្នោតអនុម័តនេះ ។ សមាជិកនៃសភាសហភាពអឺរ៉ុបកាលពីសប្ដាហ៍មុន បានបោះឆ្នោតក្នុងសំឡេង ៤០១ ទល់នឹង១៩២ ដើម្បីអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើ ហើយកិច្ចព្រមព្រៀងនេះដែរនឹងកាត់បន្ថយពន្ធគយនាំចូលស្ទើរតែទាំងអស់រវាងសហភាពអឺរ៉ុប និង វៀតណាម ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និង វៀតណាមនេះទៀតសោត គឺជាកិច្ចព្រមព្រៀងទីពីររបស់សហភាពអឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយនឹងប្រទេសសិង្ហបុរី ។ ការកាត់បន្ថយពន្ធគយត្រូវគេរំពឹងថា នឹងបង្កើនការនាំចេញរបស់វៀតណាមនូវគ្រឿងសមុទ្រ វាយនភណ្ឌ និងផលិតផលធ្វើពីឈើទៅកាន់សហភាពអឺរ៉ុប និងបង្កើនការនាំចេញរបស់សហភាពអឺរ៉ុបនូវភេសជ្ជៈ គ្រឿងម៉ាស៊ីន និង ថ្នាំពេទ្យទៅកាន់ប្រទេសវៀតណាម ។ គួរបញ្ជាក់ថា សហភាពអឺរ៉ុបកំពុងស្វែងរកទិសដៅសេដ្ឋកិច្ចថ្មី នៅចំពេលដែលមានការព្រួយបារម្ភជាមួយនឹងដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់ខ្លួន ដូចជាការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបអាចប៉ះពាល់ដល់ពាណិជ្ជកម្ម និងការណ៍ដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានងាកពីការផ្ដោតលើសង្គ្រាមពាណិជ្ជកម្មជាមួយចិន មកយកពន្ធគយបន្ថែមលើទំនិញរបស់សហភាពអឺរ៉ុបនៅក្នុងខែនេះជាដើម ៕
-
ក្រសួងផែនការ និងវិនិយោគវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមនឹងខាតបង់ថវិកា១.៨ពាន់លានដុល្លារអាម៉េរិក ដោយសារតែបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី

ចិន៖ របាយការណ៍របស់រដ្ឋាភិបាលវៀតណាមបានលើកឡើងថា ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ អាចនឹងធ្វើឱ្យរដ្ឋខាតបង់ប្រាក់ចំណូលចំនួន៤២.៣លានលានដុង ឬស្មើនឹងប្រមាណ១.៨ពាន់លានដុល្លារអាម៉េរិក ។ ទន្ទឹមគ្នា ក្រសួងផែនការ និងវិនិយោគវៀតណាមបានបញ្ជាក់នៅក្នុងរបាយការណ៍វាយតម្លៃការខាតបង់ដោយសារវីរុសនេះថា ការខាតបង់ប្រាក់ចំនួន១.៨២ពាន់លានដុល្លារអាម៉េរិកនេះអាចកើតឡើង ប្រសិនបើវីរុសរលាកសួតដ៏ធ្ងន់ធ្ងរនេះ បន្តមានរហូតដល់ចុងត្រីមាសទី២នៃឆ្នាំ២០២០ខាងមុខនេះ ។ បើតាមរបាយការណ៍ខាងលើនេះ វីរុសកូរ៉ូណាថ្មីនឹងប៉ះពាល់ដល់ប្រភពចំណូលសំខាន់ចំនួន៣ គឺផលិតកម្ម និងការប្រើប្រាស់ក្នុងស្រុក ការនាំចេញនាំចូល និងប្រេងឆៅ ។ ហើយឧស្សាហកម្មដែលរងផលប៉ះពាល់ដោយផ្ទាល់នោះ មានដូចជា វិស័យទេសចរណ៍ ការដឹកជញ្ជូន និងពាណិជ្ជកម្មទំនិញកសិកម្ម គឺទំនងជារងផលប៉ះពាល់ខ្លាំងបំផុតដោយជំងឺនេះ ៕
-
ពលរដ្ឋថៃត្រូវបានហាមមិនឲ្យចូលប្រទេសអ៊ីស្រាអែល បារម្ភពីជំងឺកូវីត១៩

សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នៅថ្ងៃទី២០ កុម្ភៈ ២០២០ថា ប្រទេសថៃបានអំពាវនាវឲ្យអ៊ីស្រាអែលពិនិត្យឡើងវិញ នូវការសម្រេចចិត្តរបស់ខ្លួន ក្នុងការហាមឃាត់ជនជាតិថៃមិនឲ្យចូលប្រទេសខ្លួន ក្នុងគោលបំណងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីត១៩។ ជាលទ្ធផលនៃការហាមឃាត់នេះ ក្រសួងការងារថៃនឹងត្រូវពន្យាពេលបញ្ជូនពលករថៃទៅប្រទេសអ៊ីស្រាអែល ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ យោងតាមស្ថានទូតថៃប្រចាំនៅទីក្រុង Tel Aviv អាជ្ញាធរប្រជាជន និងអន្តោប្រវេសន៍របស់អ៊ីស្រាអែល បានរារាំងចំពោះអ្នកទាំងឡាយណា ដែលបានទៅប្រទេសថៃ ម៉ាកាវ សិង្ហបុរី និងហុងកុង ក្នុងអំឡុងពេល ១៤ថ្ងៃកន្លងមកនេះ។ យ៉ាងណាមិញ ថៃសង្ឃឹមថា អ៊ីស្រាអែលនឹងពិនិត្យមើលឡើងវិញនូវបម្រាមនេះ បន្ទាប់ពីបានដឹងអំពីវិធានការដែលប្រទេសថៃកំពុងចាត់ការ ក្នុងការទប់ទល់នឹងវីរុសកូរ៉ូណា ដើម្បីផ្តល់នូវទំនាក់ទំនងកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ។ លោក Meir Shlomo ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅថៃ បានប្រាប់កាសែត Bangkok Post កាលពីថ្ងៃពុធថា ការសម្រេចរបស់ក្រសួងសុខាភិបាលអ៊ីស្រាអែល គឺមានគោលបំណងរារាំងការរីករាលដាលនៃវីរុសកូរ៉ូណាទៅកាន់ប្រទេសអ៊ីស្រាអែលប៉ុណ្ណោះ៕
-
វីរុសកូរ៉ូណាថ្មីផ្តាច់ជីវិតមនុស្សកើនដល់២.១២០នាក់ ខណៈមនុស្សសរុប១៦.០៤១នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន

ចិន៖ តួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន បានឱ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈនេះថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ កើនឡើងដល់២ពាន់១២០នាក់ ស្របពេលដែលមនុស្ស៧ម៉ឺន៤ពាន់៦៦៨នាក់ឆ្លងវីរុសនេះ នៅតាមបណ្តាខេត្ត និងតំបន់ចំនួន៣១ទូទាំងប្រទេសចិន ។ បើតាមអាជ្ញាធរសុខាភិបាលចិន អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីសរុបចំនួន១ម៉ឺន៦ពាន់៤១នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង ។ សូមជម្រាបផងដែរថា អ្នកជំងឺកូរ៉ូណាប្រភេទថ្មីចំនួន១ម៉ឺន១ពាន់៩៧៧នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង៥ពាន់២៤៨នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យនៅឡើយ ដោយសារសង្ស័យថា អាចឆ្លងវីរុសរលាកសួតដ៏ធ្ងន់ធ្ងរមួយនេះ ៕
-
រដ្ឋាភិបាលចិនបណ្ដេញអ្នកកាសែតអាម៉េរិក Wall Street Journal ចេញពីប្រទេស ដោយចោទថា ចុះផ្សាយអត្ថបទមានលក្ខណៈរើសអើងពូជសាសន៍

ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃទី១៩ ខែកុម្ភៈនេះបានប្រកាសថា ខ្លួននឹងដកហូតសិទ្ធិសារព័ត៌មានរបស់អ្នកយកព័ត៌មាន Wall Street Journal ចំនួន៣រូប ដែលនេះជាការបណ្តេញចេញភ្នាក់ងាររបស់ប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេស នៅក្នុងប្រទេសចិនពុំធ្លាប់មានក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក កេង សួង បានលើកឡើងថា ការបណ្តេញចេញនេះ គឺដោយសារតែអត្ថបទមួយរបស់កាសែត Wall Street Journal ដែលចេញផ្សាយកាលពីថ្ងៃទី០៣ ខែកុម្ភៈ កន្លងទៅ មានចំណងជើងថា ចិនគឺជាប្រទេសដែលមានជំងឺខ្លាំងប្រចាំអាស៊ី ។ លោក កេង សួង បានបន្ថែមទៀតថា អ្នកនិពន្ធបានប្រើចំណងជើងបង្កប់ន័យរើស អើងជាតិសាសន៍ ដែលបង្កឱ្យមានកំហឹង និង ការថ្កោលទោសពីសំណាក់ប្រជាជនចិន ក៏ដូចជាសហគមន៍អន្តរជាតិ ។ ហើយបន្ទាប់ពីសេចក្តីប្រកាសរបស់ចិនខាងលើ អ្នកសារព័ត៌មានទាំង៣រូបនេះមានរយៈពេល៥ថ្ងៃ ដើម្បីចាកចេញពីប្រទេសចិន ហើយម្យ៉ាងវិញទៀត ការសម្រេចចិត្តដែរ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងការបរទេសអាមេរិក រឹតបន្តឹងលើប្រតិបត្តិការនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅសហរដ្ឋអាម៉េរិក ៕