-
ទីបំផុតលោក Ashraf Ghani ជាប់ឆ្នោតជាប្រធានាធិបតីអាហ្វហ្គានីស្ថានសាជាថ្មី សម្រាប់អាណត្តិដែលមានរយៈពេល៥ឆ្នាំបន្តទៀត

អាហ្វហ្គានីស្ថាន៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតអាហ្វហ្គានីស្ថានបានលើកឡើងថា លោក Ashraf Ghani នៅតែអាចបន្តរក្សាតំណែងប្រធានាធិបតីរបស់លោកបានដដែល សម្រាប់អាណត្តិដែលមានរយៈពេល៥ឆ្នាំបន្តទៀត ក្រោយលទ្ធផលបោះឆ្នោតបង្ហាញថា លោកគឺជាអ្នកទទួលបានជ័យជម្នះ ។ ការប្រកាសខាងលើធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Mark Esper បានប្រកាសពីបទឈប់បាញ់មួយជាមួយក្រុមតាលីបង់ ដែលនឹងនាំទៅរកការដកកងទ័ពអាម៉េរិកចេញពីទឹកដីអាហ្វហ្គានីស្ថាន ។ ដោយផ្អែកលើលទ្ធផលចុងក្រោយ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មាធិការរៀបចំការបោះឆ្នោតអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៨ ខែកុម្ភៈនេះបានប្រកាសថា លោក Ghani គឺជាអ្នកទទួលបានជ័យជម្នះ ដោយទទួលបានសំឡេងគាំទ្រ៥០.៦៤ភាគរយ ខណៈគូរប្រជែងដ៏ធំរបស់លោក គឺលោក Abdullah Abdullah ទទួលបានសំឡេងគាំទ្រ៣៩.៥៣ភាគរយ ៕
-
អ្នកឆ្លងវីរុស COVID-19 នៅជប៉ុនកើនឡើង៨៨នាក់បន្ថែមទៀត ខណៈតួលេខនេះធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់៥៤២នាក់

ជប៉ុន៖ មនុស្ស៨៨នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តរកឃើញថា ឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ នៅលើកប៉ាល់ទេសចរណ៍ ដាយមិន ព្រីនសេស ដែលកំពុងស្ថិតក្នុងទីក្រុងយ៉ូកូហាម៉ា នេះបើតាមក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា តួលេខខាងលើនេះ បានធ្វើឲ្យចំនួនករណីអ្នកឆ្លងវីរុសរលាកសួតដ៏ធ្ងន់ធ្ងរនេះ នៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្សមួយនេះ បន្តកើនឡើងដល់៥៤២នាក់ ។ ហើយក្នុងចំណោមមនុស្ស៨៨នាក់ខាងលើ មាន៦៥នាក់ត្រូវបានធ្វើតេស្តរកឃើញថា បានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីទាំងពុំទាន់មានបង្ហាញរោគសញ្ញាសង្ស័យអ្វីទាំងអស់ ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរជប៉ុនបានបញ្ជាក់ដែរថា ក្នុងចំណោមមនុស្សប៉ុន្មានរយនាក់មុន ដែលកន្លងមក ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញឆ្លងវីរុស ខូវីដ-១៩ ក៏មានជាច្រើននាក់ផងដែរ ដែលមិនបានបង្ហាញរោគសញ្ញាសង្ស័យបែបនេះ ។ បើទោះជាយ៉ាងណា អាជ្ញាធរជប៉ុននៅថ្ងៃទី១៩ ខែកុម្ភៈនេះ នឹងចាប់ផ្តើមរៀបចំឲ្យអ្នកដែលមិនឆ្លងជំងឺនេះចុះចេញពីលើកប៉ាល់ជាបណ្តើរៗ បន្ទាប់ពីត្រូវស្ថិតនៅលើទីនោះចាប់តាំងពីថ្ងៃទី០៣ ខែកុម្ភៈកន្លងមកនេះ ៕
-
វីរុសកូរ៉ូណាថ្មីផ្តាច់ជីវិតមនុស្សកើនដល់២.០០៦នាក់ ខណៈមនុស្សសរុប១៤.៣៧៦នាក់ជាសះស្បើយនៅទូទាំងប្រទេសចិន

ចិន៖ តួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ កើនឡើងដល់២ពាន់៦នាក់ ស្របពេលដែលមនុស្ស៧ម៉ឺន៤ពាន់១៨៥នាក់ឆ្លងវីរុសនេះ នៅតាមបណ្តាខេត្ត និងតំបន់ចំនួន៣១ទូទាំងប្រទេសចិន ។ បើតាមអាជ្ញាធរសុខាភិបាលចិន អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីសរុបចំនួន១ម៉ឺន៤ពាន់៣៧៦នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង ។ ជាមួយគ្នានេះ គណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា រយៈពេលពេញមួយថ្ងៃទី១៨ ខែកុម្ភៈនេះ មនុស្សចំនួន ១ពាន់៨២៤នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ទើបធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់១ម៉ឺន៤ពាន់៣៧៦នាក់ ។ សូមជម្រាបផងដែរថា អ្នកជំងឺកូរ៉ូណាប្រភេទថ្មីចំនួន១ម៉ឺន១ពាន់៩៧៧នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៥ពាន់២៤៨នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យនៅឡើយ ដោយសារសង្ស័យថា អាចឆ្លងវីរុសរលាកសួតដ៏ធ្ងន់ធ្ងរមួយនេះ ។ ដោយឡែកនៅថ្ងៃទី១៨ ខែកុម្ភៈ ក៏មានមនុស្សរហូតដល់២ម៉ឺន៥ពាន់១៤នាក់បានចាកចេញពីមណ្ឌលត្រួតពិនិត្យនានា ក្រោយពីពួកគេមិនត្រូវបានរកឃើញថា មានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី ៕
-
អង្គការសុខភាពពិភពលោក WHO ស្នើឲ្យប្រទេសទាំងអស់បង្ហាញសាមគ្គីភាព ជៀសវាងការប្រមាថ រើសអើង និងកេងចំណេញពីអ្នកឆ្លងវីរុស COVID-19

ចិន៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវយ៉ាងទទូចឱ្យបណ្ដាប្រទេសទាំងអស់លើពិភពលោក បង្ហាញសាមគ្គីភាព ក្នុងការប្រឈមុខនឹងជំងឺឆ្លង COVID-19 ហើយបញ្ជៀសឱ្យបាននូវការប្រមាថ, ការរើសអើង និងការកេងចំណេញផលប្រយោជន៍ ពីអ្នកដែលបានឆ្លងជំងឺនេះ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនាដើមសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់មួយរូបនៃអង្គការ WHO លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) បាននិយាយថា «វាមិនអាចទៅរួចទេ ក្នុងការកាត់បន្ថយហានិភ័យនៃរឿងអ្វីមួយឱ្យដល់សូន្យ… ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ នោះគឺដឹងឱ្យច្បាស់ពីអ្វីដែលកំពុងកើតឡើង ហើយត្រូវបង្ហាញសាមគ្គីភាព ដើម្បីបញ្ជៀសការរើសអើង ការប្រមាថ និងការកេងចំណេញប្រយោជន៍ ពីអ្នកឆ្លងជំងឺ COVID-19 ។ មន្ត្រីជាន់ខ្ពស់មួយរូបនៃអង្គការ WHO រូបនេះ បញ្ជាក់ទៀតថា សាធារណជនគួរតែតាមដានសកម្មភាពរបស់ WHO ហើយត្រូវតែធ្វើការវិនិច្ឆ័យ ដោយផ្អែកលើមូលដ្ឋានសុខាភិបាលសាធារណ និងភស្ដុតាងសមហេតុសមផល ៕
-
លោក ដូណាល់ ត្រាំ ជាអ្នកបញ្ជាទីភ្នាក់ងារ CIA តាមប្រមាញ់សម្លាប់កូនប្រុស អូសាម៉ា ប៊ីនឡាដិន

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NBC News បានចុះផ្សាយថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជាអ្នកបញ្ជាឱ្យទីភ្នាក់ងារចារកិច្ច CIA តាមប្រមាញ់ និង ផ្ដាច់ជីវិតកូនប្រុសពៅរបស់អតីតមេដឹកនាំក្រុមភេរវកម្មអាល់កៃដា ហាំហ្សា ប៊ីន ឡាដែន ខណៈសត្រូវធំបំផុតគឺជាមេដឹកនាំក្រុមអាល់កៃដា និងក្រុម ISIS ។ នៅពេលមន្ដ្រីចារកិច្ចអាម៉េរិកធ្វើសេចក្ដីរាយការណ៍ពីមេភេរវករពីរនាក់ រួមមានមេដឹកនាំក្រុមអាល់កៃដា និងក្រុម ISIS ដែលដាច់ខាតត្រូវកំចាត់នោះ លោកប្រធា នាធិបតី ដូណាល់ ត្រាំ ពុំមានការស្ទាក់ស្ទើក្នុងការបើកភ្លើងខៀវឱ្យធ្វើប្រតិបត្តិការឡើយ ។ ប៉ុន្ដែលោក ត្រាំ បែរជាងាកមកចាប់អារម្មណ៍លើ ហាំហ្សា ប៊ីនឡាដិន ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសអតីតសត្រូវរបស់សហរដ្ឋអាម៉េរិក អូសាម៉ា ប៊ីន ឡាដែន ដែលកំពុងស្ថិតនៅវ័យក្មេងខ្ចី និងពុំសូវមានឥទ្ធិពលទៅវិញ ។ សូមបញ្ជាក់ថា បើតាមការអះអាងរបស់មន្ដ្រីផ្នែកចារកិច្ចនោះ កូនប្រុសពៅរបស់ ប៊ីន ឡាដិន ត្រូវបានសហរដ្ឋអាម៉េរិកធ្វើការវាយប្រហារតាមដែនអាកាស និងសម្លាប់នៅឆ្នាំ២០១៨ ហើយហេតុផលនោះ គឺលោក…
-
មេដឹកនាំក្រុមតាលីបង់អះអាងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាម៉េរិកនឹងត្រូវចុះហត្ថលេខានៅចុងខែកុម្ភៈនេះ

បរទេស៖ ក្រុមតាលីបង់បានប្រកាសថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាម៉េរិកនៅត្រឹមចុងខែកុម្ភៈនេះ ដោយមានវត្តមានអ្នកធានាអន្តរជាតិចូលរួមជាមួយផងដែរ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល១៨ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ជាមួយគ្នានេះ មេដឹកនាំកំពូលមួយរូបនៃក្រុមតាលីបង់លោក អាប់ឌុល សាឡឹម ហាណាហ្វី បានប្រាប់អ្នកយកព័ត៌មានថា ភាគីទាំងសងខាងបានសម្រេចរួមគ្នានៅក្នុងការរៀបចំពិធីចុះហត្ថលេខានេះនៅក្នុងទីក្រុងដូហា ប្រទេសកាតា ដែលជាកន្លែងដែលបានរៀបចំការចរចារយៈពេល ១៨ ខែរវាងសហរដ្ឋអាម៉េរិក និងពួកតាលីបង់កន្លងមក ។ យ៉ាងណាមិញ លោក ហាណាហ្វី មិនបានបញ្ជាក់អំពីកាលបរិច្ឆេទនៃពិធីចុះហត្ថលេខានេះទេ ប៉ុន្តែប្រភពពីពួកតាលីបង់ធ្លាប់បានបញ្ជាក់កន្លងមកថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២៩ ខែកុម្ភៈខាងមុខ ។ លោកបន្ថែមថា អ្នកតំណាងមកពីប្រទេសជិតខាងអាហ្វហ្គានីស្ថានទាំងអស់ ក៏ដូចជាមកពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បណ្ដាប្រទេសឥស្លាម និងសហភាពអឺរ៉ុប ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានអញ្ជើញឲ្យចូលរួមធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខានេះ ។ បើតាមលោក ហាណាហ្វី បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាភ្លាម សហរដ្ឋអាម៉េរិក និង រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងដោះលែងពួកតាលីបង់ដែលជាប់ឃុំចំនួន៥ពាន់នាក់ ហើយក្រុមតាលីបង់ក៏នឹងដោះលែងអ្នកដែលខ្លួនដាក់ឃុំប្រហែល១ពាន់នាក់ផងដែរ ៕
-
អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា វីរុសកូរ៉ូណាថ្មីមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សធ្ងន់ធ្ងរដូចជាជំងឺ SARS ឬ MERS នោះទេ

ស្វីស៖ វីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ អាចនឹងបង្កជាជំងឺស្រាលតែប៉ុណ្ណោះដល់អ្នកជំងឺ៨០ភាគរយ ដែលបានឆ្លងវាចូលទៅក្នុងខ្លួន នេះបើតាមការអះអាងរបស់ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។ របាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ជាមួយអត្រាមរណៈ០២ភាគរយ វីរុស ខូវីដ-១៩ គឺបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សមិនខ្លាំងដូចជាជំងឺ សា (SARS) ឬជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា មឺស (MERS) នោះទេ បើទោះជាចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតដ៏កាចសាហាវនៅចិននេះ បានបន្តកើនឡើងលើសចំនួនមនុស្សបាត់បង់ជីវិតដោយសារជំងឺ SARS ក៏ដោយ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែត ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានបញ្ជាក់ថា អ្នកជំងឺវីរុសកូរ៉ូណាថ្មីប្រមាណ១៤ភាគរយមានស្ថានភាពធ្ងន់ធ្ងរ ដូចជារលាកសួតជាដើម ខណៈករណីឆ្លងទៅកុមារ គឺមានអត្រាតិចតួចប៉ុណ្ណោះ លោកថា ក្រុមអ្នកស្រាវជ្រាវនៅតែបន្តការសិក្សាបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ៕
-
ជប៉ុនប្រើថ្នាំប្រឆាំងមេរោគអេដស៍ ព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីត

ក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងចាប់ផ្តើមការសាកល្បង ប្រើប្រាស់ថ្នាំប្រឆាំងមេរោគអេដស៍ ដើម្បីព្យាបាលអ្នកជំងឺដែលបានឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នាពេលឆាប់ៗខាងមុខនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshihide Suga បានថ្លែងពីទីក្រុងតូក្យូ កាលពីម្សិលមិញថា «បច្ចុប្បន្នយើងកំពុងត្រៀមរៀបចំ ដើម្បីធ្វើតេស្តសាកល្បងតាមបែបវេជ្ជសាស្រ្ត ដោយប្រើប្រាស់ថ្នាំព្យាបាលជំងឺអេដស៍ (HIV) មកព្យាបាលជំងឺឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19»។ តែយ៉ាងណាក៏ដោយ លោក Suga បានបញ្ជាក់ថា លោកមិនទាន់អាច ធ្វើការអត្ថាធិប្បាយឲ្យច្បាស់ថា តើវាត្រូវការរយៈពេលប៉ុន្មានទេ សម្រាប់ការអនុម័តលើការប្រើប្រាស់ថ្នាំថ្មីនេះ។ គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយបានឲ្យដឹងថា ចំនួនសរុប នៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅប្រទេសជប៉ុនមានចំនួន ៥០០ករណី ស្របពេលដែលជប៉ុនក្លាយជាប្រទេស ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនបំផុតលំដាប់ទី ២ បន្ទាប់ពីចិន ដែលជាចំណុចកណ្តាលនៃការផ្ទុះ និងរីករាលដាលជំងឺនេះ៕
-
វៀតណាមបានសម្លាប់មាន់ជាង៥ម៉ឺនក្បាលចោល ដោយសារមានផ្ទុះជំងឺផ្តាសាយបក្សីជាថ្មី!

វៀតណាម៖ សារព័ត៌មាន Vnexpress បានចេញផ្សាយកាលពីម្សិលមិញថា ទីក្រុងហាណូយ និងខេត្តបួនទៀតក្នុងប្រទេសវៀតណាម កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់លើការរាតត្បាតនៃជំងឺផ្ដាសាយបក្សី ដែលបណ្ដាលឲ្យមានសត្វបក្សីប្រមាណ ៥៥ ០០០ក្បាលត្រូវបានសម្លាប់ចោលថ្មីៗនេះ។ នាយកដ្ឋានសុខភាពសត្វវៀតណាមឲ្យដឹងថា ការផ្ទុះឡើងជំងឺផ្ដាសាយបក្សី ៣ករណីចុងក្រោយ ត្រូវបានរកឃើញនៅខេត្ត Thanh Hoa និង Tra Vinh។ ជាលទ្ធផលមានសត្វបក្សីប្រមាណ ២ ៦៧០ ក្បាល បានងាប់ឬត្រូវបានគេសម្លាប់នៅទូទាំងតំបន់ទាំងនេះ។ ការផ្ទុះជំងឺផ្តាសាយបក្សី ក៏ត្រូវបានគេរកឃើញនៅហាណូយ, ខេត្ត Bac Ninh និង Nghe An ផងដែរ។ សូមរម្លឹកថា ប្រទេសវៀតណាមបានសម្លាបបក្សីប្រមាណ ១៣៣ ០០០ ក្បាល កាលពីឆ្នាំមុនដោយសារជំងឺផ្តាសាយបក្សី។ កត្តាដែលបណ្ដាលឲ្យការផ្ទុះជំងឺផ្ដាសាយបក្សីកើនឡើងទូទាំងប្រទេសវៀតណាមត្រូវបានគេដឹងថា បណ្តាលមកពីចំនួនបក្សីច្រើនពេក, កត្ដាអាកាសធាតុអាក្រក់ និងការធ្វើពាណិជ្ជកម្មសាច់គ្មានអនាម័យនិងការអនុវត្តការសម្លាប់សត្វជាដើម៕
-
វីរុសកូរ៉ូណាថ្មីសម្លាប់មនុស្សកើនដល់១.៨៧០នាក់ ខណៈមនុស្សសរុប១២.៥៥២នាក់ជាសះស្បើយ និង ចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន

ចិន៖ តួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន បានឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈនេះថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ បន្តកើនឡើងដល់១.៨៧០នាក់ ស្របពេលដែលមនុស្ស៧ម៉ឺន២ពាន់៤៣៦នាក់បានឆ្លងវីរុសនេះនៅតាមបណ្តាខេត្ត និងតំបន់ចំនួន៣១នៅទូទាំងប្រទេសចិន ។ ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលចិនបានឱ្យដឹងដែរថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីសរុបចំនួន ១ម៉ឺន២ពាន់៥៥២នាក់ហើយ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង ។ ហើយបើតាមគណៈកម្មការសុខាភិបាលជាតិចិន រយៈពេលពេញមួយថ្ងៃទី១៧ ខែកុម្ភៈ មនុស្សចំនួន ១.៧០១នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់១ម៉ឺន២ពាន់៥៥២នាក់ដូចខាងលើ ។ ដោយឡែកនៅថ្ងៃទី១៧ ខែកុម្ភៈនេះដែរ ក្រុមជំនាញវេជ្ជសាស្ត្រយោធា៦៧៦នាក់ បូករួមទាំងថ្នាំសង្កូវ និងគ្រឿងបរិក្ខាពេទ្យរាប់សិបតោនទៀតត្រូវបានដឹកជញ្ជូនបន្ថែម តាមរយៈយន្តហោះយោធា០៨គ្រឿង ទៅកាន់ខេត្តហ៊ូប៉ី និងទីក្រុងវូហាន ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធនឹងវីរុសរលាកសួតដ៏កាចសាហាវមួយនេះ ៕