Category: ព័ត៌មានអន្តរជាតិ

  • ក្រុមអ្នកជំនាញចិនអះអាងថា ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ “ក្លរ៉ូគីន ហ្វូស្វាត” មានប្រសិទ្ធភាពលើការព្យាបាលវីរុសកូរ៉ួណាប្រភេទថ្មី

    ក្រុមអ្នកជំនាញចិនអះអាងថា ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ “ក្លរ៉ូគីន ហ្វូស្វាត” មានប្រសិទ្ធភាពលើការព្យាបាលវីរុសកូរ៉ួណាប្រភេទថ្មី

    ចិន៖ ក្លរ៉ូគីន ហ្វូស្វាត ដែលជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់នោះ មានប្រសិទ្ធភាពជាក់ស្ដែង ក្នុងការព្យាបាលវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ នេះបើតាមការអះអាងរបស់ក្រុមអ្នកជំនាញ និង វេជ្ជបណ្ឌិតចិន ដោយផ្អែកលើលទ្ធផលនៃការព្យាបាលសាកល្បង ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយយោងទៅលើអនុប្រធានមជ្ឈមណ្ឌលជាតិចិន សម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យា ដែលស្ថិតក្រោមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន លោកស្រី Sun Yanrong ។ លោកស្រី Sun Yanrong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា ក្រុមអ្នកជំនាញបានឯកភាពគ្នាជាឯកច្ឆ័ន ក្នុងការសន្មត់ថា ថ្នាំ ក្លរ៉ូគីន ហ្វូស្វាត នឹងត្រូវបានដាក់បញ្ចូលទៅក្នុងវិធីសាស្ត្រព្យាបាល វីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ហើយការព្យាបាលសាកល្បងទ្រង់ទ្រាយធំ នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន ៕

  • ថៃអាចនឹងខាតបង់ប្រាក់១.៣ពាន់លានដុល្លារ និងប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់ ប្រសិនបើសហរដ្ឋអាម៉េរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP

    ថៃអាចនឹងខាតបង់ប្រាក់១.៣ពាន់លានដុល្លារ និងប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់ ប្រសិនបើសហរដ្ឋអាម៉េរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP

    ថៃ៖ នៅថ្ងៃទី០៣ ខែមីនាខាងមុខនេះ ក្រុមសហជីពកម្មករនឹងត្រូវជួបជាមួយនា យករដ្ឋមន្ត្រីថៃលោក បា្រយុទ្ធ ចាន់អូចា ដើម្បីពិភាក្សាគ្នារកមធ្យោបាយបញ្ជៀសកុំឱ្យសហរដ្ឋអាម៉េរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ប្រទេសថៃ ខណៈមានការព្រមានជាច្រើនថា ការព្យួរនេះអាចនឹងប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់ ។ តំណាងពាណិជ្ជកម្មអាម៉េរិក (USTR) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩បានប្រកាសថា ខ្លួននឹងផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ថៃមានតម្លៃជាង១.៣ពាន់លានដុល្លារ ហើយនឹងត្រូវចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំនេះ ជាមួយការលុបចោលនូវការអនុគ្រោះពន្ធលើផលិតផលនាំចូលពីថៃចំនួន ៥៧៣មុខ ដែលអាចនឹងប្រឈមមុខនឹងការបង់ពន្ធ៤.៥ភាគរយ ។ សូមបញ្ជាក់ថា ការប្រកាសលុបចោលនេះ ធ្វើឡើងដោយសារតែរដ្ឋាភិបាលថៃបានបរាជ័យ ក្នុងការដោះស្រាយបញ្ហារំលោភបំពានសិទ្ធិកម្មករ នៅក្នុងឧស្សាហកម្មគ្រឿងសមុទ្រ និង វិស័យដឹកជញ្ជូនតាមកប៉ាល់ទំនិញ ។ ដូច្នេះបើថៃចង់បានប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រឡប់មកវិញ ទីក្រុងបាងកកត្រូវតែបង្ហាញសហគមន៍អន្តរជាតិថា ខ្លួនមានការប្ដេជ្ញាចិត្តក្នុងការលើកម្ពស់ និង ការពារសិទ្ធិពលករ ៕

  • យោធាថៃព្រមព្រៀងផ្ទេរសិទ្ធិគ្រប់គ្រងដីពាណិជ្ជកម្មទៅឱ្យក្រសួងហិរញ្ញវត្ថុ ក្រោយកើតមានករណីបាញ់សម្លាប់មនុស្ស២៩នាក់ដោយសារជម្លោះដីធ្លី

    យោធាថៃព្រមព្រៀងផ្ទេរសិទ្ធិគ្រប់គ្រងដីពាណិជ្ជកម្មទៅឱ្យក្រសួងហិរញ្ញវត្ថុ ក្រោយកើតមានករណីបាញ់សម្លាប់មនុស្ស២៩នាក់ដោយសារជម្លោះដីធ្លី

    ថៃ៖ យោធាថៃបានយល់ព្រមផ្ទេរសិទ្ធិគ្រប់គ្រងដីពាណិជ្ជកម្មមានទំហំ១៦ ម៉ឺនហិកតានៅថ្ងៃទី១៧ ខែកុម្ភៈនេះ ទៅឱ្យក្រសួងហិរញ្ញវត្ថុវិញ ក្នុងគោលបំណងធ្វើកំណែទម្រង់នៃការអនុវត្តការធ្វើជំនួញរបស់ខ្លួន ។ នាយឧត្តមសេនីយ៍ Teerawat Boonyawat ដែលជាប្រធានសេនាធិការយោធាថៃបានលើកឡើងថា ចាប់ពីពេលនេះ យោធាថៃនឹងប្រគល់គម្រោងជាច្រើន ទៅឱ្យនាយកដ្ឋានរតនាគារជាតិ ដើម្បីពិចារណាថាគួរតែដំណើរការគម្រោងទាំងនេះយ៉ាងដូចម្ដេច ដោយឈរលើមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិនានា ។ លោកបន្ថែមថា ការផ្ទេរនេះគឺមានន័យថា ប្រាក់ចំណូលពីជំនួញនឹងត្រូវប្រគល់ឱ្យរដ្ឋដោយផ្ទាល់ រីឯមួយចំនួនទៀតនឹងត្រូវគិតគូរទៅលើសុខមាលភាពរបស់កងទ័ព ។ ការសម្រេចខាងលើនេះ ធ្វើឡើងបន្ទាប់ពីទាហានម្នាក់ឈ្មោះ ចាក្រាផាន់ ធមម៉ា បានបាញ់សម្លាប់មនុស្ស២៩នាក់ និង រងរបួស៥៧នាក់នាពេលថ្មីៗនេះ ដោយ សារតែជម្លោះដីធ្លី ដែលរូបគេយល់ថា ត្រូវបានគេបោកប្រាស់ ។ តែក្រោយមក ទាហានមានអាយុ៣២ឆ្នាំរូបនេះ ក៏ត្រូវបានកងកម្លាំងសន្តិសុខថៃបាញ់សម្លាប់ផងដែរ ៕

  • សហរដ្ឋអាម៉េរិករកឃើញវីរុសកូរ៉ូណាថ្មីលើអ្នកដំណើរអាម៉េរិក១៤នាក់ ដែលជម្លៀសចេញពីកប៉ាលទេសចរណ៍ Diamond Princess នៅជប៉ុន

    សហរដ្ឋអាម៉េរិករកឃើញវីរុសកូរ៉ូណាថ្មីលើអ្នកដំណើរអាម៉េរិក១៤នាក់ ដែលជម្លៀសចេញពីកប៉ាលទេសចរណ៍ Diamond Princess នៅជប៉ុន

    សហរដ្ឋអាម៉េរិក៖ អ្នកដំណើរ១៤នាក់ ក្នុងចំណោមពលរដ្ឋអាម៉េរិកច្រើនជាង៣០០នាក់ដែលត្រូវបានជម្លៀសចេញពីកប៉ាល់ទេសចរណ៍ ដាយមិន ព្រីនសេស នៅជប៉ុន ហើយដឹកតាមយន្តហោះពីរគ្រឿងមកកាន់ទឹកដីសហរដ្ឋអាម៉េរិកវិញនោះ បានឆ្លងជំងឺកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ នេះបើតាមក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា អ្នកដំណើរអាម៉េរិកទាំងអស់នោះ ត្រូវបានជម្លៀសពីលើកប៉ាល់ទេសចរណ៍ខ្នាតយក្សខាងលើ និង ឡើងលើយន្តហោះ ដើម្បីត្រៀមចាកចេញពីជប៉ុន ឆ្ពោះមកកាន់សហរដ្ឋអាម៉េរិកវិញទៅហើយ នៅពេលដែលក្រុមមន្រ្តីអាម៉េរិកទទួលដំណឹងថា លទ្ធផលធ្វើតេស្តលើពួកគេ១៤នាក់កាលពីប៉ុន្មានថ្ងៃមុន ទើបតែបានបង្ហាញថា មានផ្ទុកជំងឺកូរ៉ូណាថ្មី ។ យ៉ាងណាមិញ អាជ្ញាធរអាម៉េរិកបានសម្រេចឲ្យអ្នកទាំង១៤នាក់នោះ ស្ថិតនៅលើយន្តហោះដដែល ប៉ុន្តែទុកនៅកន្លែងដាច់ដោយឡែកពិសេសមួយលើយន្តហោះ ។ បើតាមការគ្រោងទុកនោះ ជើងហោះហើរដំបូងនឹងទៅដល់មូលដ្ឋានយោធាមួយកន្លែងនៅរដ្ឋកាលីហ្វរញ៉ា ជាទីដែលអ្នកដំណើរទាំងនោះ ត្រូវស្ថិតក្រោមការតាមដានសុខភាពរយៈពេល១៤ថ្ងៃ ៕

  • ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់នឹងមិនធ្វើកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក ស្ថិតក្រោមការដាក់សម្ពាធជាដាច់ខាត

    ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់នឹងមិនធ្វើកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក ស្ថិតក្រោមការដាក់សម្ពាធជាដាច់ខាត

    អ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងមិនបើកកិច្ចចរចាជាមួយសត្រូវរបស់ខ្លួនជាយូរមកហើយឡើយ (សហរដ្ឋអាម៉េរិក) នៅក្នុងកាលៈទេសៈស្ថិតក្រោមសម្ពាធជាដាច់ខាត នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៊ូហាន់នី នៅក្នុងសន្និសិទសារព័ត៌មានមួយផ្សាយតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃទី១៦ ខែកុម្ភៈ និងថា ការជួយជ្រោមជ្រែងរបស់ទីក្រុងតេហេរ៉ង់ គឺចាំបាច់ដើម្បីបង្កើតសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា ។ នាឱកាសនោះ លោក រ៊ូហាន់នី បាននិយាយយ៉ាងដូច្នេះថា អ៊ីរ៉ង់នឹងមិនធ្វើកិច្ចចរចាណាមួយ ស្ថិតក្រោមការដាក់សម្ពាធជាដាច់ខាត… យើងនឹងមិនព្រមចុះចាញ់ជាមួយការដាក់សម្ពាធរបស់សហរដ្ឋអាម៉េរិកឡើយ… ហើយយើងក៏នឹងមិនចរចាក្នុងជំហរទន់ខ្សោយដែរ លោកថា សម្ពាធអតិបរមារបស់សហរដ្ឋអាម់េរិកចំពោះអ៊ីរ៉ង់នឹងត្រូវបរាជ័យ ។ សូមជម្រាបថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងថ្មីមួយ ដែលអាចរារាំងដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់, ការបញ្ឈប់កម្មវិធីមីស៊ីលផ្លោងអ៊ីរ៉ង់ និង ការចូលរួមរបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាមជាច្រើនទសវត្សរ៍នៅតំបន់មជ្ឈិមបូព៌ា ។ ប៉ុន្តែអ៊ីរ៉ង់បានទាត់ចោលការចរចាគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងថ្មី ដោយនិយាយថា កិច្ចចរចាគ្នាអាចដំណើរការទៅបាន លុះត្រាតែអាម៉េរិកវិលមករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ និង ដកចេញវិញនូវទណ្ឌកម្មទាំងអស់របស់ខ្លួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ៕ធ.ដ

  • ក្រុមអ្នកជំនាញអន្តរជាតិចាប់ផ្តើមបើកកិច្ចប្រជុំនៅចិន ដើម្បីស្វែងរកដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

    ក្រុមអ្នកជំនាញអន្តរជាតិចាប់ផ្តើមបើកកិច្ចប្រជុំនៅចិន ដើម្បីស្វែងរកដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

    ចិន៖ ក្រុមអ្នកជំនាញការអន្តរជាតិ ក្នុងនោះរួមមានទាំងមន្រ្តីមកពីអង្គការសុខភាពពិភពលោក WHO ផងនោះ បានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំង ប្រទេសចិនហើយ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) និងបានចាប់ផ្តើមបើកកិច្ចប្រជុំជាមួយដៃគួរបស់ខ្លួននៅចិន ដោយផ្តោតសំខាន់លើបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ។ បើតាមសារព័ត៌មាន CGTN របស់ចិន គោលដៅមួយនៃបេសកកម្មរួមគ្នាខាងលើនេះ គឺដើម្បីផ្តល់ជាយោបល់ស្តីពីការការពារ និងការត្រួតពិនិត្យការផ្ទុះឡើងនៃជំងឺរលាកសួតដ៏កាចសាហាវនេះនៅក្នុងប្រទេសចិន និងនៅទូទាំងពិភពលោក ។ សូមបញ្ជាក់ថា មន្ត្រីពេទ្យយោធាសរុប១.២០០នាក់បន្ថែមទៀតត្រូវបានបញ្ជូន និងធ្វើដំណើរទៅដល់ទីក្រុងវូហាន ខេត្តហ៊ូប៉ី របស់ប្រទេសចិនហើយ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ខណៈបុគ្គលិកពេទ្យរាប់ម៉ឺននាក់កំពុងស្ថិតនៅទីនោះស្រាប់ នេះបើតាមអាជ្ញាធរទីក្រុងប៉េកាំង ៕

  • សហរដ្ឋអាម៉េរិកគ្រោងដំឡើងពន្ធលើផលិតផលយន្តហោះនាំចូលពីសហភាពអឺរ៉ុប ចាប់ពី១០ដល់១៥ភាគរយនៅខែមីនាខាងមុខនេះ

    សហរដ្ឋអាម៉េរិកគ្រោងដំឡើងពន្ធលើផលិតផលយន្តហោះនាំចូលពីសហភាពអឺរ៉ុប ចាប់ពី១០ដល់១៥ភាគរយនៅខែមីនាខាងមុខនេះ

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីផែនការដំឡើងពន្ធលើផលិតផលយន្ដហោះនាំចូលពីសហភាពអឺរ៉ុប គិតចាប់ពី១០ដល់១៥ភាគរយ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ។ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះថា ក្រៅពីការដំឡើងពន្ធខាងលើនេះ ខ្លួនក៏អាចនឹងដំឡើងពន្ធ២៥ភាគរយលើផលិតផល ឈីស, ស្រា និងផលិតផលមិនមែនយន្ដហោះពីសហភាពអឺរ៉ុបផងដែរ ។ ប៉ុន្តែទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកនៅតែបន្តបើកទ្វារចរចា ដើម្បីផ្សះផ្សាជាមួយអឺរ៉ុប តែអាចនឹងចាត់វិធានការ ឬផ្លាស់ប្ដូរចិត្តភ្លាមៗ បើសិនជាអឺរ៉ុបដំឡើងពន្ធលើទំនិញសហរដ្ឋអាម៉េរិក ដែលមានពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្ម ជុំវិញរឿងដែលអឺរ៉ុបលួចជួយក្រុមហ៊ុន អ៊ែរប៊ឺស ។ គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តខាងលើនេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ដែលសហរដ្ឋអាម៉េរិកចោទថា បានលួចជួយក្រុមហ៊ុនផលិតយន្ដហោះអ៊ែរប៊ឺស ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង របស់អាម៉េរិក ៕

  • សហរដ្ឋអាម៉េរិកបន្ថែមការចោទប្រកាន់ថ្មីទៀតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ប្រទេសចិន

    សហរដ្ឋអាម៉េរិកបន្ថែមការចោទប្រកាន់ថ្មីទៀតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ប្រទេសចិន

    សហរដ្ឋអាម៉េរិក៖ រដ្ឋអាជ្ញាសហព័ន្ធរបស់អាម៉េរិកបានប្រកាសនាពេលថ្មីៗនេះថា ក្រសួងយុត្តិធម៌អាម៉េរិកបានបន្ថែមការចោទប្រកាន់ពីបទព្រហ្មទណ្ឌថ្មីប្រឆាំងនឹងក្រុមហ៊ុន Huawei របស់ចិន និង ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនទៀត ដោយចោទប្រកាន់ក្រុមហ៊ុននេះថា បានលួចអាថ៌កំបាំងពាណិជ្ជកម្មពីដៃគូប្រកួតប្រជែងនៅសហរដ្ឋអាម៉េរិក ។ បើតាមការចោទប្រកាន់ខាងលើ ក្រុមហ៊ុនចិននេះក៏បានផ្តល់នូវឧបករណ៍ឃ្លាំមើលដល់ប្រទេសអ៊ីរ៉ង់ដែលអនុញ្ញាតឱ្យមានការឃ្លាំមើលក្រុមបាតុករ ក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅទីក្រុងតេហេរ៉ង់កាលពីឆ្នាំ ២០០៩ និងបានព្យាយាមលាក់បាំងអាជីវកម្មដែលខ្លួនកំពុងធ្វើនៅក្នុងប្រទេសកូរ៉េខាងជើង ទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅទីនោះក៏ដោយ ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនរបស់ចិននេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានធ្វើការជំទាស់នឹងការចោទប្រកាន់ខាងលើ ហើយបានហៅការចោទប្រកាន់ទាំងនោះថា “គ្មានមូលដ្ឋាន” ។ ទន្ទឹមគ្នា ក្រសួងពាណិជ្ជកម្មអាម៉េរិកក៏បានប្រកាសដែរថា ខ្លួននឹងផ្តល់សិទ្ធិដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ចិន រយៈពេល៤៥ថ្ងៃទៀតពីការហាមប្រាមលើការទិញផលិតផល និងសេវាកម្មរបស់សហរដ្ឋអាម៉េរិក ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់អាម៉េរិក ៕

  • ក្រុមហ៊ុនចំនួន៨០០នៅវៀតណាមបង្ខំចិត្តបិទទ្វារ ដោយសារវីរុសCOVID-19

    ក្រុមហ៊ុនចំនួន៨០០នៅវៀតណាមបង្ខំចិត្តបិទទ្វារ ដោយសារវីរុសCOVID-19

    សហគ្រាសប្រមាណ៨០០សហគ្រាស និងនិយោជិកចំនួន ៨៧០០ នាក់បានរងផលប៉ះពាល់ដោយសារការរីករាលដាលនៃវីរុស COVID-19 នេះបើតាមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចប្រទេសវៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamplus។ បន្ថែមពីនេះនៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ពលករចិនចំនួន ២៦,៣៨៨ ក្នុងចំណោម ៣៣,៧៧៥ នៅក្នុងតំបន់ចំនួន៦៣ ដែលបានអនុញ្ញាតឲ្យឈប់សម្រាកពីការងារក្នុងឱកាសបុណ្យចូលឆ្នាំចិននមិនបានត្រលប់មកធ្វើការវិញទេដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ យ៉ាងណាមិញ អាជីវកម្មភាគច្រើនជាពិសេសសហគ្រាសធំៗ នៅតែមានស្ថេរភាពជាមួយនឹងប្រតិបត្តិការធម្មតា ដោយក្រសួងមិនទាន់បានបញ្ជាក់ពីហានិភ័យនៃកង្វះកម្លាំងពលកម្មនៅឡើយទេ៕

  • ក្រសួងសុខាភិបាលជប៉ុនណែនាំពលរដ្ឋកុំឲ្យមានការជួបជុំច្រើន ទប់ស្កាត់ជំងឺកូវីត១៩

    ក្រសួងសុខាភិបាលជប៉ុនណែនាំពលរដ្ឋកុំឲ្យមានការជួបជុំច្រើន ទប់ស្កាត់ជំងឺកូវីត១៩

    កាលពីថ្ងៃអាទិត្យ ទី១៦ កុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន បានជំរុញឲ្យសាធារណៈជនចៀសពីហ្វូងមនុស្ស និងការជួបជុំមិនចាំបាច់ណាមួយ រួមទាំងការធ្វើដំណើរតាមរថភ្លើងដែលមានមនុស្សច្រើន ដើម្បីការពារការឆ្លងវីរុសកូរ៉ូណា (COVID-19) នៅក្នុងប្រទេស។ លោក Katsunobu Kato បានប្រាប់ឲ្យដឹងថា ជប៉ុនកំពុងចូលមកក្នុងដំណាក់កាលថ្មីមួយទៀត ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា ដែលចម្លងមនុស្សជិត ៦០នាក់នៅក្នុងប្រទេសជប៉ុន។ លោក Kato បានបន្ថែមឲ្យដឹងទៀតថា ករណីជាច្រើនដែលមិនទាន់ដឹងមូលហេតុឆ្លងច្បាស់លាស់ និងពាក់ព័ន្ធមនុស្សដែលមិនបានធ្វើដំណើរទៅកាន់ប្រទេសចិនបែបនេះ មានន័យថាប្រទេសជប៉ុនកំពុងឈានចូលដំណាក់កាលថ្មីមួយទៀត។ យ៉ាងណាមិញ រាជរដ្ឋាភិបាលជប៉ុននឹងធ្វើសេចក្តីព្រាងការណែនាំថ្មី សម្រាប់វេជ្ជបណ្ឌិតអំពីពេលណាដែលសង្ស័យថា អាចកើតមានការឆ្លងមេរោគវីរុសកូរ៉ូណា និងសម្រាប់ប្រជាជនសាមញ្ញ ដើម្បីដឹងថាពេលណា ត្រូវស្វែងរកការព្យាបាល៕