-
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់វៀតណាមខាតបង់ប្រាក់ចំណូលប្រមាណ១០.៨លានដុល្លារក្នុងមួយសប្តាហ៍ ដោយសារតែបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី

វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានលើកឡើងនៅថ្ងៃទី១៣ ខែកុម្ភៈនេះថា ក្រុមហ៊ុនខ្លួនបានខាតបង់ប្រាក់ចំណូលប្រមាណ២៥០ពាន់លានដុង ឬស្មើនឹង១០.៨លានដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ដោយសារតែការទប់ស្កាត់ការធ្វើដំណើរដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់វៀតណាមួយនេះបានបញ្ជាក់ថា ខ្លួនកំពុងកាត់បន្ថយប្រតិបត្តិការ និង ព្យាយាមកាត់បន្ថយការចំណាយបណ្តាលមកពីវីរុសកូរ៉ូណាថ្មី និងសម្រេចអោយបានលទ្ធផលហិរញ្ញវត្ថុវិជ្ជមានសម្រាប់ឆ្នាំ២០២០នេះ ។ ការប្រកាសពីការខាតបង់ប្រាក់ចំណូលរបស់ Vietnam Airlines ខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមមួយនេះ បានផ្អាកការហោះហើរទាំងអស់ទាំងទៅ និងមកពីប្រទេសចិនដីគោក ចាប់តាំងពីចុងខែមករា ដើមឆ្នាំ ដោយប៉ះពាល់ដោយផ្ទាល់ដល់ភ្ញៀវទេសចរចំនួន៧០.០០០នាក់ក្នុងមួយខែរវាងប្រទេសទាំង២ ៕ធ.ដ
-
អង់គ្លេសគ្រោងបង្កើតកំពង់ផែសេរីចំនួន ១០ ដើម្បីជំរុញសេដ្ឋកិច្ចប្រទេសខ្លួន បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប

អង់គ្លេស៖ អង់គ្លេសបានបង្ហាញពីបំណងចង់បង្កើតកំពង់ផែសេរីចំនួន ១០ ដើម្បីជំរុញសេដ្ឋកិច្ចប្រទេសរបស់ខ្លួន ក្រោយការចាកចេញពីសហភាពអឺរ៉ុប។ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ខ្លួនបានដាក់ដំណើរការពិគ្រោះយោបល់រយៈពេល១០សប្តាហ៍ ក្នុងគោលបំណងកំណត់ទីតាំងកំពង់ផែសេរីទាំងនេះនៅត្រឹមចុងឆ្នាំ២០២០ ខណៈអង់គ្លេសសង្ឃឹមថា កំពង់ផែទាំងនោះនឹងបើកប្រតិបត្តិការក្នុងឆ្នាំ ២០២១ខាងមុខ ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង ជាប្រធានហិរញ្ញិកនៃក្រសួងរតនាគារអង់គ្លេសលោក Rishi Sunak បានថ្លែងថា កំពង់ផែសេរីនឹងបញ្ចេញសក្តានុពលក្នុងកំពង់ផែជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព ដែលជំរុញ និង ស្តារសហគមន៍ឡើងវិញ ។ លោកបន្ថែមទៀតថា កំពង់ផែទាំងនេះ នឹងទាក់ទាញអាជីវកម្មថ្មីៗ ពង្រីកការងារ ការវិនិយោគ និងឱកាស ដែលប្រការនេះ គឺជាផ្នែកទាំងអស់នៃបេសកកម្មបើកចំហរបស់អង់គ្លេស ដោយសម្លឹងមើលទៅកាន់ក្រៅប្រទេសក្លាយជាអ្នកនាំមុខខាងផ្នែកពាណិជ្ជកម្មសេរីពិភពលោក ជាមួយនឹងកំពង់ផែសេរីដ៏រស់រវើកទាំងនេះ ។ សូមបញ្ជាក់ថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប មានរយៈពេលរហូតដល់ដំណាច់ឆ្នាំ២០២០នេះ ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ បន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីអឺរ៉ុបនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០កន្លងមកនេះ ៕ធ.ដ
-
អ្នកភូមិវៀតណាម១ម៉ឺននាក់ ត្រូវបានឃាត់ទុកពិនិត្យរកវីរុសខូវីត១៩ ក្រោយរកឃើញអ្នកឆ្លង៦នាក់ក្នុងភូមិខ្លះ

ប្រជាពលរដ្ឋប្រមាណ១ម៉ឺននាក់ រស់នៅក្នុងភូមិមួយចំនួន ក្នុងឃុំមួយនៃប្រទេសវៀតណាម ត្រូវបានដាក់ក្រោមការត្រួតពិនិត្យសុខភាព ក្រោយពេលមានការរកឃើញអ្នកឆ្លងជំងឺខូវីត១៩ ចំនួន៦នាក់ កាលពីម្សិលមិញ។ ភូមិទាំងនោះស្ថិតក្នុងឃុំ Son Loi មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងហាណូយ ហើយការធ្វើបែបនេះគឺជាសកម្មភាពដាក់ក្រោមការពិនិត្យទ្រង់ទ្រាយដ៏ធំលើកដំបូង នៅក្រៅដីចិន ចាប់តាំងពីផ្ទុះជំងឺនេះ កាលពីចុងឆ្នាំ២០១៩មក។ ក្រសួងសុខាភិបាលវៀតណាមបានចេញសេចក្តីថ្លែងថា គិតត្រឹមថ្ងៃទី១៣ កុម្ភៈ២០២០ មន្ត្រីជំនាញនៅតែចាត់វិធានការបន្ទាន់ ក្នុងការដាក់ឲ្យអ្នកភូមិទាំងនោះនៅដាច់ដោយឡែក ដើម្បីពិនិត្យសុខភាព។ ប្រភពបន្តថា ការដាក់នេះគឺមានរយៈពេល២០ថ្ងៃ៕
-
ថៃបើកដៃឲ្យនាវាទេសចរ២គ្រឿងចូលចតវិញ ក្រោយបដិសេធនាវាWesterdam

ថៃ៖ ក្រុមអ្នកដំណើរ និងអ្នកបម្រើការងារទាំងអស់សរុបជាង ៤,០០០នាក់នៅកប៉ាល់ធំៗពីរគ្រឿង ត្រូវបានអាជ្ញាធរថៃអនុញ្ញាតឱ្យចូលចតនៅកំពង់ផែកោះ ភូកេត (Phuket) ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីម្សិលមិញ ពោលគឺបន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលអះអាងថា គ្មានមនុស្សណាម្នាក់ផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ឬកូរ៉ូណាថ្មីឡើយ។ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅព្រឹកមិញនេះថា កប៉ាល់ ស៊ីប៊ន អូវេសិន (Seabourn Ovation) ដោតទង់ជាតិប្រទេសប៉ាហាម៉ាស់ (Bahamas) ដែលដឹកអ្នកដំណើរ ៤៩៥នាក់ និងបុគ្គលិក ៤៧០នាក់ធ្វើដំណើរចេញពីកោះ ឡាំងកាវី (Langkawi) ប្រទេសម៉ាឡេស៊ីបានចូលចតនៅឯកំពង់ផែ Phuket របស់ថៃ។ អ្នកដំណើរនៅលើកប៉ាល់ភាគច្រើនជាពលរដ្ឋអឺរ៉ុប ត្រូវបានត្រួតពិនិត្យសុខភាព ដោយក្រុមមន្ត្រីសុខាភិបាលថៃមុននឹងអនុញ្ញាតឱ្យចូលចត ហើយកប៉ាល់ Seabourn Ovation នឹងបន្តចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីនាប៉ុន្មានថ្ងៃទៀត។ ចំណែកឯកប៉ាល់មួយគ្រឿងទៀត ក្វាន់ថុម អូហ្វ ដឺ ស៊ី (Quantum of the Seas) ដែលមានផ្ទុកអ្នកដំណើរ និងនាវិកសរុប…
-
វីរុស COVID-19 ផ្តាច់ជីវិតមនុស្សកើនឡើងដល់១,៤៨៧នាក់ និងប្រមាណជាង៦ម៉ឺន៤ពាន់នាក់ឆ្លងមេរោគ

ចិន៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ នៅទូទាំងប្រទេសចិនបានកើនឡើងដល់១ពាន់៤៨៧នាក់ និងច្រើនជាង៦ម៉ឺន៤ពាន់នាក់ផ្សេងទៀតឆ្លងមេរោគ ខណៈខេត្តហ៊ូប៉ី និងទីក្រុងវូហាន ទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ នេះបើតាមគណៈកម្មការសុខាភិបាលចិននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។ តួលេខខាងលើនេះ ត្រូវបានបូកសរុបបន្ទាប់ពីអាជ្ញាធរសុខាភិបាលចិនបានរាយការណ៍អំពីមនុស្សស្លាប់១១៦នាក់បន្ថែមទៀត នៅរយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី១៣ ខែកុម្ភៈ ក្នុងចំណោមនោះ ៨៨នាក់ស្ថិតនៅក្នុងខេត្តហ៊ូប៉ី ។ សូមរំលឹកថា បើតាមអាជ្ញាធរសុខាភិបាលចិន អ្នកជំងឺឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី សរុបចំនួន៥ពាន់៩១១នាក់ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង ។ បច្ចុប្បន្នក្រុមជំនាញវេជ្ជសាស្ត្រ ថ្នាំសង្កូវ និង គ្រឿងបរិក្ខាពេទ្យជាច្រើនទៀតកំពុងតែត្រូវដឹកជញ្ជូនជាបន្តបន្ទាប់ទៅខេត្តហ៊ូប៉ី និងទីក្រុងវូហាន ៕
-
អ្នកជំងឺវីរុសកូរ៉ូណាម្នាក់បានស្លាប់ជាលើកដំបូងនៅជប៉ុន ខណៈអ្នកផ្ទុកវីរុសនេះសរុបកើនដល់២៤៧ករណី

ជប៉ុន៖ ស្រ្តីចំណាស់ជនជាតិជប៉ុនម្នាក់ មានអាយុប្រហែល៨០ឆ្នាំ ដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩បានបាត់បង់ជីវិត ដែលនេះជាករណីស្លាប់លើកដំបូងបំផុត ដោយសារវីរុសផ្លូវដង្ហើមនេះនៅក្នុងប្រទេសជប៉ុន ។ រដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក Kato Katsunobu បានលើកឡើងថា អ្នកជំងឺម្នាក់នោះមានទីលំនៅក្នុងខេត្ត Kanagawa ជាប់នឹងទីក្រុងតូក្យូ ដោយគាត់ត្រូវបានបញ្ជូនទៅទទួលការសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី០១ ខែកុម្ភៈ ជាមួយរោគសញ្ញារលាកសួត ខណៈការធ្វើតេស្តលម្អិតដែលចេញលទ្ធផលក្រោយពេលគាត់ទទួលមរណភាពបានបង្ហាញថា គាត់មានផ្ទុកវីរុស ខូវីដ-១៩ ។ បច្ចុប្បន្នជប៉ុនមានករណីវីរុសកូរ៉ូណាថ្មីសរុប២៤៧ករណី ដែលក្នុងនោះមាន២១៩ករណី ជាការឆ្លងនៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្ស Diamond Princess ដែលកំពុងបន្តស្ថិតក្រោមការតាមដាននៅលើផ្ទៃសមុទ្រក្បែរទីក្រុង Yokohama ។ ខាងលើគឺជាករណីទី៣ហើយ នៃអ្នកស្លាប់ពាក់ព័ន្ធនឹងវីរុស ខូវីដ-១៩ នៅក្រៅដែនដីចិនដីគោក ដោយករណីពីរទៀតគឺនៅហ្វីលីពីន និងនៅទីក្រុងហុងកុង ៕
-
ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបោះឆ្នោតកាត់បន្ថយអំណាចធ្វើសង្គ្រាម របស់លោក ដូណាល់ ត្រាំ ជាមួយអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិករៀបចំការបោះឆ្នោតមួយនៅថ្ងៃទី១៣ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) លើសេចក្តីសម្រេចមួយអំពាវនាវឲ្យលោក ដូណាល់ ត្រាំ ឈប់ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាម៉េរិកសម្រាប់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ លើកលែងតែសកម្មភាពទាំងនោះត្រូវបានអនុម័តដោយសភាជាមុនសិន ។ ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានច្រានចោលវិធានការនេះ ដោយនិយាយថា ការដាក់កំណត់លើអំណាចធ្វើសង្គ្រាមរបស់លោក គឺជារឿងមានគ្រោះថ្នាក់ ហើយលោកបានតឿនឲ្យព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋប្រឆាំងជំទាស់នឹងសេចក្តីសម្រេចនោះ ។ ដោយឡែកលោក Tim Kaine ដែលជាសមាជិកព្រឹទ្ធសភាគាំទ្រសេចក្តីសម្រេចនេះ បានថ្លែងប្រាប់ព្រឹទ្ធសភាថា សេចក្តីសម្រេចនៅមុខយើងនៅថ្ងៃនេះ ជាសេចក្តីសម្រេចអំពីការទាមទារយកតួនាទីយ៉ាងត្រឹមត្រូវរបស់ព្រឹទ្ធសភា ក្នុងការសម្រេចអំពីសង្គ្រាម សេចក្តីសម្រេចនេះសមញ្ញណាស់ យើងមិនគួរធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេលើកលែងតែមានការបោះឆ្នោតអនុមត្តិពីសភាជាមុនសិន ៕
-
មន្ទីរបញ្ចកោណនឹងបង្វែរកញ្ចប់ថវិកា ៣.៨ពាន់លានដុល្លារអាម៉េរិក លើការសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ិក

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកបានលើកឡើងនៅថ្ងៃទី១៣ ខែកុម្ភៈនេះថា ខ្លួននឹងបង្វែរទឹកប្រាក់ចំនួន៣.៨ពាន់លានដុល្លារបន្ថែមទៀតឆ្ពោះទៅរកការចំណាយលើជញ្ជាំងនៅតាមព្រំដែនអាម៉េរិក-ម៉ិចស៊ិក ស្របពេលដែល លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបន្តការប្រកាសអាសន្នរបស់ខ្លួនស្តីពីការធ្វើចំណាកស្រុកដោយខុសច្បាប់រយៈពេលមួយឆ្នាំទៀត ។ បើតាមក្រុមមន្ត្រីមន្ទីរបញ្ចកោណ ថវិកានឹងត្រូវប្រើដើម្បីសាងសង់ជញ្ជាំងបេតុង និងដែកថែបប្រហែល២៨៥គីឡូម៉ែត្រ ដែលលោក ត្រាំ ចង់រារាំងជនចំណាកស្រុកកុំឱ្យចូលក្នុងប្រទេសដោយខុសច្បាប់ ។ ការបន្ថែមថវិកាខាងលើនេះ នឹងនាំឱ្យទឹកប្រាក់សរុបកើនដល់ចំនួន៩.៩ពាន់លានដុល្លារ ដែលយោធាអាម៉េរិកបានបង្ខំចិត្តបង្វែរទៅសាងសង់ជញ្ជាំងតាមព្រំដែនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈលោក ត្រាំ ព្យាយាមយកឈ្នះលើការបដិសេធម្តងហើយម្តងទៀតរបស់សភាក្នុងការផ្តល់ថវិកា ។ ទន្ទឹមគ្នា ជំនួយការអនុរដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក រ៉ូប៊ឺត សាឡេសេស បាននិយាយដែរថា ការស្ថាបនាជញ្ជាំងព្រំដែននឹងអនុញ្ញាតឱ្យក្រសួងសន្តិសុខមាតុ ភូមិ បំពេញតាមការសន្យាគោលនយោបាយសន្តិសុខព្រំដែនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ៕
-
ប្រធានអង្គការសុខភាពពិភពលោក WHO អរគុណនាយករដ្ឋមន្ត្រីកម្ពុជា ដែលអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចត

ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីស បានប្រកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍អាម៉េរិក វែស្ទើរដាម (Westerdam) ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ខណៈប្រទេសចំនួន៤ និងកោះចំនួន២ ហើយត្រូវបានគេរាយការណ៍ថា បានប្រកែកមិនឲ្យនាវាមួយនេះចូលចតឡើយ ដោយសារតែពួកគេខ្លាចវីរុស COVID-19 ឬ កូរ៉ូណាថ្មី ទោះបីប្រធានគ្រប់គ្រងនាវានោះអង្វរ និងធានាថា គ្មានអ្នកផ្ទុកវីរុសនៅលើនោះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ កាសែតជាតិហ្វីលីពីន Manila Bullentin នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ តាមរយៈសារបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ប្រធានអង្គការ WHO មានអត្ថន័យយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការត្រួសត្រាយផ្លូវដល់នាវាទេសចរណ៍ Westerdam… នេះជាសកម្មភាពមួយ ដើម្បីទប់ស្កាត់ភាពវិលវល់ និងអារម្មណ៍ភ័យខ្លាច»។ …
-
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅជប៉ុនសរុបកើនជិត២១៩នាក់ ក្រោយទើបរកឃើញករណីឆ្លង៤៤នាក់ទៀតលើកប៉ាល់ Diamond Princess

ជប៉ុន៖ តួលេខមនុស្សឆ្លងវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ នៅជប៉ុនសរុបបន្តកើនឡើងដល់២១៩នាក់ បន្ទាប់ពីក្រុមជំនាញវេជ្ជសាស្ត្របានរកឃើញករណីឆ្លងថ្មីចំនួន ៤៤ករណីបន្ថែមទៀតនៅលើកប៉ាល់ Diamond Princess នេះបើតាមក្រសួងសុខាភិបាលជប៉ុននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ ទន្ទឹមគ្នា រដ្ឋាភិបាលជប៉ុនមិនបានបញ្ជាក់លម្អិតពីសញ្ជាតិនៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មី នោះទេ ហើយក៏មិនបានបញ្ជាក់ថា តើអ្នកឆ្លងថ្មីទាំង៤៤នាក់ទៀតនេះ គឺជាអ្នកដំណើរ ឬក៏ក្រុមនាវិកនៅលើកប៉ាល់នោះដែរ ដោយគ្រាន់តែបានបង្ហើបឱ្យដឹងថា បុរសចំណាស់ម្នាក់អាយុ៨០ឆ្នាំម្នាក់ និង មនុស្សដែលមិនបានរកឃើញថា បានឆ្លងវីរុសកូរ៉ូណានឹងត្រូវអនុញ្ញាតឱ្យចាកចេញពីកប៉ាល់ទេសចរខ្នាតយក្សនេះ ។ សូមរំលឹកថា កប៉ាល់ទេសចរណ៍ Diamond Princess ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាម៉េរិក Princess Cruise Lines Ltd. និងមានផ្ទុកអ្នកដំណើរ ព្រមទាំងបុគ្គលិ កសរុបជាង៣.៧០០នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យតាមដានរយៈពេលពីរសប្តាហ៍ នៅពេលមកដល់ទីក្រុង Yokohama របស់ជប៉ុន កាលពីថ្ងៃទី០៣ ខែកុម្ភៈនេះ បន្ទាប់ពីអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ ដែលបានចុះនៅទីក្រុងហុងកុងកាលពីខែមុនត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី ៕