-
លោក ស៊ី ជីនពីង សន្យាជួយដល់បណ្តាឧស្សាហកម្មដែលទទួលរងផលប៉ះពាល់ដោយសារវីរុសកូរ៉ូណាថ្មី

ចិន៖ ស្ថិតក្នុងគោលបំណងខិតខំជាថ្មី ដើម្បីទប់ទល់នឹងការខូចខាតសេដ្ឋកិច្ចកាន់តែច្រើនឡើងនោះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃទី១២ ខែកុម្ភៈនេះ បានសន្យាកាត់បន្ថយពន្ធ និងផ្តល់ជំនួយផ្សេងៗដល់បណ្តាឧស្សាហកម្មណាដែលរងគ្រោះដោយសារការផ្ទុះវីរុសកូរ៉ូណាថ្មី ។ នាឱកាសធ្វើជាអធិបតីនៃកិច្ចប្រជុំមួយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិ យាល័យនយោបាយរបស់គណៈកម្មាធិការកណ្តាល របស់គណបក្សកុំម្មុយនីស្តចិន លោក ស៊ី បានថ្លែងថា ចិនត្រូវការប្រតិបត្តិការសេដ្ឋកិច្ចមានស្ថិរភាព និង ភាពសុខដុមសង្គម ហើយលោកអំពាវនាវទៅគ្រប់រដ្ឋាភិបាលនិងគណៈកម្មាធិការបក្សគ្រប់កម្រិតថ្នាក់ ខិតខំធ្វើការដើម្បីឈ្នះសង្គ្រាមប្រឆាំងនឹងវីរុសកូរ៉ូណា ឬ ខូវីដ-១៩ សំដៅព្យាយាមសម្រេចឲ្យបានគោលដៅសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមនៅឆ្នាំនេះ ។ ការប្រកាសរបស់ប្រធានាធិបតីចិនរូបនេះ ត្រូវបានធ្វើឡើងចំពេលបណ្តាក្រុមហ៊ុនជាច្រើនកំពុងប្រឈមមុខនឹងការខាតបង់កាន់តែច្រើនឡើង ដោយសារតែការបិទរោងចក្រ ការិយាល័យ ហាង និងស្ថាប័នជំនួញផ្សេងៗ ក្នុងការចាត់វិធានការប្រឆាំងជំងឺជាទូទៅ និង យ៉ាងតឹងរ៉ឹងបំផុត ដែលមិនធ្លាប់ត្រូវបានអនុវត្តន៍តាំងពីមុនមក ៕
-
លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាម៉េរិកនឹងសន្សំថវិកាបានច្រើន ក្រោយហ្វីលីពីនសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងយោធា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានច្រានចោលការព្រួយបារម្ភនៅថ្ងៃទី១២ ខែកុម្ភៈនេះ ក្រោយហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងយោធាដ៏សំខាន់មួយ ដោយលោកនិយាយថា ការសម្រេចចិត្តនេះ នឹងជួយសន្សំប្រាក់របស់ពលរដ្ឋអាមេរិក ។ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន ដោយលើកឡើងពីទំនាក់ទំនងល្អរបស់គាត់ជាមួយប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ថា ប្រសិនបើពួកគេចង់ធ្វើដូច្នេះ នោះគឺជារឿងល្អ ព្រោះយើងនឹងសន្សំប្រាក់បានច្រើន ។ ហ្វីលីពីនបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនកាលពីថ្ងៃ១២ ខែកុម្ភៈដែលជាចំណាត់ការមួយត្រូវស្ថានទូតអាម៉េរិកនៅហ្វីលីពីនហៅថា ជំហានដ៏ធ្ងន់ធ្ងរនោះ នឹងត្រូវរាប់ថយក្រោយក្នុងពេល០៦ខែទៀតទម្រាំដល់ទីបញ្ចប់នៃកិច្ចព្រមព្រៀង ។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀងកងកម្លាំងអាម៉េរិកដែលមកធ្វើទស្សនកិច្ចឆ្នាំ ១៩៩៨ (VFA) ត្រូវបានបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់វត្តមានរបស់កងទ័ពអាមេរិកនៅហ្វីលីពីន និង សម្រាប់ការរៀបចំសមយុទ្ធយោធារួមគ្នា ៕
-
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់យូរអង្វែងនៅប្រទេសលីប៊ី

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែកុម្ភៈនេះ បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឱ្យមានបទឈប់បាញ់យូរអង្វែងនៅប្រទេសលីប៊ី ។ ឯកសារនៃសេចក្តីសម្រេចចិត្ត ដែលព្រាងឡើងដោយអង់គ្លេស ត្រូវបានអនុម័តដោយសំឡេង១៤ ចេញពីសមាជិកទាំង១៥ ខណៈរុស្ស៊ីបោះអនុប្បវាទ ។ សេចក្តីសម្រេចចិត្តនេះ គឺជាកម្មវត្ថុនៃការប្រទូសរ៉ាយជាច្រើនសប្តាហិ៍មកហើយ ដែលឆ្លុះបញ្ចាំងពីការបែកបាក់ជាអន្តរជាតិយ៉ាងជ្រាលជ្រៅអំពីប្រទេសលីប៊ី ទោះបីជាមេដឹកនាំពិភពលោកបានយល់ព្រមបញ្ចប់រាល់ការជ្រៀតជ្រែករបស់បរទេស នៅក្នុងប្រទេសនេះ និងគាំទ្រការហាមឃាត់អាវុធក៏ដោយ ។ លីប៊ីដែលជាប្រទេសសម្បូរប្រេងច្រើនបំផុតនៅទ្វីបអាហ្វ្រិក បានធ្លាក់ក្នុងភាពវឹកវរចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូក្នុងឆ្នាំ ២០១១ ដែលបានផ្តួលរំលំ និងសម្លាប់មេដឹកនាំផ្តាច់ការចាស់វស្សា ម៉ួអាម៉ា ហ្គាដាហ្វី ។ ចាប់តាំងពីខែមេសា ឆ្នាំ២០១៩ រដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ (GNA) ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ បានប្រយុទ្ធទប់ទល់នឹងការវាយលុករបស់មេបញ្ជាការយោធា ខាលីហ្វា ហាហ្វថា ដែលគាំទ្រដោយរុស្ស៊ី អេហ្ស៊ីប និងអារ៉ាប់រួមអេមីរ៉ាត ។ បទឈប់បាញ់គ្នាត្រូវបានព្រមព្រៀងកាលពីថ្ងៃទី១២ ខែមករាកន្លងទៅនេះ ប៉ុន្តែនៅតែមានការប៉ះទង្គិចគ្នាស្ទើររាល់ថ្ងៃ នៅក្បែរទីក្រុងទ្រីប៉ូលី ហើយអាវុធនៅតែបន្តហូរចូលប្រទេសនេះ ៕ …
-
រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើកញ្ចប់ថវិកា២៥.២ពាន់លានដុល្លារ ដល់អង្គការ NASA សម្រាប់ឆ្នាំសារពើពន្ធ២០២១

សហរដ្ឋអាម៉េរិក៖ សេតវិមានអាម៉េរិកបានបង្ហាញសំណើកញ្ចប់ថវិការបស់អង្គការអវកាស ណាសា សម្រាប់ឆ្នាំសារពើពន្ធ២០២១ មានទំហំ២៥.២ពាន់លានដុល្លារ ដែលជាអត្រាកំណើន១២ភាគរយលើសពីឆ្នាំសារពើពន្ធ២០២០ ។ ក្នុងចំណោមនោះ កម្មវិធីដែលគួរឲ្យកត់សម្គាល់ គឺគម្រោងអភិវឌ្ឍន៍កែវយឺតអវ កាស ដែលហៅកាត់ WFIRST សម្រាប់មូលហេតុនោះ គឺដោយសារការចំណាយដ៏ធំសម្បើម ដែលត្រូវបានផ្តោតទៅលើកែវយឺតអវកាស ចេម វេប ។ កម្មវិធីមួយទៀត គឺយន្តហោះដែលដើរតួនាទីជាប្រព័ន្ធតេឡេស្កូបហៅថា បេសកកម្ម សូហ្វៀ (SOFIA) ។ គួរជម្រាបថា ខណៈសំណើកញ្ចប់ថវិកាខាងលើ នៅតែផ្តល់ការផ្គត់ផ្គង់សម្រាប់ ការអភិវឌ្ឍគ្រាប់រ៉ុក្កែត ស្ពេស ឡាញ់ ស៊ីសស្ទែម ហៅថា ប្លុក វ័ន (Block 1) ប៉ុន្តែមានការស្នើឲ្យលុបចោលថវិកាចំនួន៣០០លានដុល្លារ សម្រាប់ការដំឡើងសមត្ថភាពគ្រាប់រ៉ុក្កែតនេះឲ្យទៅជា ប្លុក វ័នប៊ី (Block 1B) ៕
-
មេដឹកនាំបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា ស្នើឲ្យស៊ើបអង្កេតរឿងលោក ដូណាល់ ត្រាំ បណ្តេញមន្ត្រីដែលបានផ្តល់សក្ខីកម្មក្នុងសភា

សហរដ្ឋអាម៉េរិក៖ មេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភាអាម៉េរិកមកពីខាងគណបក្សប្រជាធិបតេយ្យលោក ឆក់ ស្កាំមឺ បានស្នើឲ្យមន្ត្រីអធិការកិច្ចនៃក្រសួងការ ពារជាតិស៊ើបអង្កេតអ្វីដែលលោកហៅថា ជាការសងសឹកមិនអៀនខ្មាស និងខុស ច្បាប់ដោយលោក ដូណាល់ ត្រាំ ប្រឆាំងជាមួយសាក្សីដែលបានផ្តល់សក្ខីកម្មប្រឆាំងនឹងលោក ក្នុងអំឡុងសវនាការចោទប្រកាន់ដកតំណែងលោក ។ សំណើរខាងលើនេះរបស់លោក ឆក់ ស្កាំមឺ ធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្តេញមន្ត្រីពីររូបចេញពីតំណែង រួមមាន៖ លោកវរសេនីយ៍ទោ អេឡិចសាន់ដឺ វីនដ៏មែន និងអគ្គរដ្ឋទូតអាមេ៉រិកប្រចាំនៅសហភាពអឺរ៉ុប លោក ហ្គ័រដុន សុនដ៏ឡេន បន្ទាប់ពីលោកទាំងពីរបានចូលផ្តល់សក្ខីកម្មនៅក្នុងសភាតំណាងរាស្ត្រ (រដ្ឋសភា) ដូចគ្នា ។ លោក ស្កាំមឺ បានស្នើដល់មន្ត្រីអធិការកិច្ចចំនួន៧៤តាមស្ថាប័ននានារបស់រដ្ឋាភិបាលសហព័ន្ធឲ្យស៊ើបអង្កេតនូវរាល់ការសងសឹង ចំពោះបុគ្គលិករដ្ឋាភិបាលសហព័ន្ធនានា ដែលលួចរាយការណ៍អំពីការប្រព្រឹត្តពុំត្រឹមត្រូវនៃរដ្ឋបាលលោក ត្រាំ ។ ប៉ុន្តែលោកបានផ្តោតជាពិសេសចំពោះការបណ្តេញចេញរបស់លោក វរសេនីយ៍ទោ អេឡិចសាន់ដឺ វីនដ៏មែន ដែលជាអ្នកជំនាញអំពីប្រទេសអ៊ុយក្រែននៅឯក្រុមប្រឹក្សាសន្តិសុខជាតិក្នុងសេតវិមាន ៕
-
ប៉ាឡេស្ទីនអះអាងថា ផែនការសន្តិភាពមជ្ឈិមបូព៌ារបស់សហរដ្ឋអាម៉េរិក បានរំលោភបំពានលើភាពស្របច្បាប់អន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់

បរទេស៖ នៅក្នុងកិច្ចប្រជុំស្តីពីផែនការអាម៉េរិកនៅមជ្ឈិមបូព៌ា នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស់ បាននិយាយថា ថ្ងៃនេះលោកមកទីនេះ ដើម្បីបញ្ជាក់ពីជំហររបស់ប្រជាជនប៉ាឡេស្ទីនថា ពួកយើងគឺបដិសេធចំពោះសំណើរបស់អ៊ីស្រាអែល-អាម៉េរិក ជាដាច់ខាត ។ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី១១ ខែកុម្ភៈ ស្នើសុំដោយភាគីទុយនីស៊ី និងឥណ្ឌូណេស៊ី ក្រោយលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែមករាដើមឆ្នាំនេះ បានបង្ហាញផែនការសន្តិភាពមជ្ឈិមបូព៌ាមួយដ៏ចម្រូងចម្រាស់ និង ត្រូវបានគេមើលឃើញថា កាន់តែបង្ហាញការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះអ៊ីស្រាអែលខ្លាំងឡើងៗ ។ នាឱកាសចូលរួមកិច្ចប្រជុំនោះដែរ ប្រធានាធិបតីប៉ាឡេស្ទីនបានគូសបញ្ជាក់ថាគម្រោងការខាងលើ បានរំលោភលើភាពស្របច្បាប់អន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ហើយថា ការតស៊ូរបស់យើងមិនមែនដើម្បីប្រឆាំងនឹងពួកជ្វីបទេ ការតស៊ូ និងការប្រយុទ្ធរបស់យើង គឺប្រឆាំងនឹងជនណា ដែលបំពានលើទឹកដីរបស់យើងប៉ុណ្ណោះ ។ លោកអះអាងទៀតថា លោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តើមការចរចាជាមួយភាគីអ៊ីស្រាអែល ដរាបណាលោកអាចស្វែងរកដៃគូពិតប្រាកដ សម្រាប់សន្តិភាពនៅអ៊ីស្រាអែល ៕
-
វីរុសកូរ៉ូណាថ្មីឆក់យកអាយុជីវិតមនុស្សកើនដល់១.១១៣នាក់ ខណៈមនុស្សសរុប៤,៧៤០នាក់ជាសះស្បើយ

ចិន៖ អ្នកជំងឺវីរុស ខូវីដ-១៩ សរុបប្រមាណ៤ពាន់៧៤០នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបាលរហូតដល់ជាសះស្បើយ នេះបើតាមអាជ្ញាធរសុខាភិបាលចិននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ។ បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការជាតិសុខាភិបាលចិន នៅថ្ងៃទី១១ ខែកុម្ភៈនេះ អ្នកជំងឺសរុប៧៤៤នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ដោយក្នុងនោះ៤១៧នាក់នៅខេត្តហ៊ូប៉ី និង ទីក្រុងវូហាន ។ ចំនែកឯតួលេខអ្នកជម្ងឺបាត់បង់ជីវិតសរុបបន្តកើនឡើងដល់១ពាន់១១៣នាក់ និង ករណីឆ្លងបានឡើងដល់៤ម៉ឺន៤ពាន់៦៥៣ករណីគិតនៅទូទាំងខេត្ត និង តំបន់ស្វយ័តចំនួន៣១របស់ប្រទេសចិន ។ សូមបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះវីរុសកូរ៉ូណាថ្មីនៅក្នុងទីក្រុងវូហាន និងខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេស មានប្រជាជនចិនទូទាំងប្រទេសសរុប៤២ម៉ឺន៨ពាន់៤៣៨នាក់បានមកទទួលការធ្វើតេស្ត ដើម្បីពិនិត្យរកមើលវីរុសកូរ៉ូណាថ្មីនេះ ៕
-
ការផលិតវ៉ាក់សាំងដំបូងសម្រាប់វីរុស Covid-19 ទំនងជាផលិតរួចរាល់ក្នុងរយៈពេល១៨ខែទៀត

ស្វីស៖ ការផលិតវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណាថ្មី ឬ Covid-19 អាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល១៨ខែខាងមុខ ខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិននៅតែបន្តកើនឡើង នេះបើតាមប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ហ្គេប្រេយេសឹស បាននិយាយថា ការអភិវឌ្ឍ ការផលិតវ៉ាក់សាំង និង វិធីសាស្ត្រព្យាបាល គឺជាផ្នែកមួយដ៏សំខាន់នៃរបៀបវារៈក្នុងការសិក្សាស្រាវជ្រាវ… ប៉ុន្តែវាត្រូវការពេលវេលាខ្លះ ហើយលោកយល់ថា វ៉ាក់សាំងដំបូងអាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល១៨ខាងមុខទៀតនេះ ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានអង្គការសុខភាពពិភពលោក (WHO) រូបនេះ បានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេលដែលមិនទាន់មានវ៉ាក់សាំងនៅឡើយនោះ ប្រទេសនានាគួរតែប្រើប្រាស់វិធានការដែលខ្លួនកំពុងអនុវត្តន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ឬ Covid-19 ៕
-
វីរុសកូរ៉ូណាធ្វើឲ្យឧស្សាហកម្មធំៗនៅវៀតណាម ខ្វះខាតវត្ថុធាតុដើមនាំពីចិន

ឧស្សាហកម្មសំខាន់ៗរបស់វៀតណាម ដូចជា វាយនភ័ណ្ឌ ជ័រកៅស៊ូ និង ផ្លាស្ទីកជាដើមត្រូវតែចាត់វិធានការប្រុងប្រៀបទប់ទល់នឹងកង្វះខាតវត្ថុធាតុដើម ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណាពីប្រទេសចិន នេះគឺជាព្រមានរបស់ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងបណ្តាមេដឹកនាំឧស្សាហកម្ម ចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី១២ កុម្ភៈ ២០២០នេះ។ បណ្តាក្រុមហ៊ុនប្រហែលជានៅមានដង្ហើមដក ខណៈនៅសល់ស្តុក នៅមុនបុណ្យចូលឆ្នាំថ្មីកន្លងទៅ ប៉ុន្តែអ្វីៗកាន់តែជួបហានិភ័យឆាប់ៗ ក្នុងនោះ វត្ថុធាតុដើមប្រមាណ៨០ភាគរយ ប្រើប្រាស់ក្នុងឧស្សាហកម្មផ្លាស្ទីកនិងជ័រកៅស៊ូត្រូវបាននាំចូលពីប្រទេសចិន នេះបើតាមប្រធានសមាគមផ្លាស្ទីក និងជ័រកៅស៊ូក្រុងហូជីមិញ លោក Nguyễn Quốc Anh ។ ប្រភពបន្តថា ប្រសិនបើឧស្សាហកម្មចិនមិនអាចបន្តប្រតិបត្តិការនៅត្រឹមចុងខែកុម្ភៈនេះទេ បណ្តាលក្រុមហ៊ុមទាំងនោះត្រូវតែចាប់ផ្តើមស្វែងរកប្រភពវត្ថុធាតុដើមពីប្រទេសផ្សេង ដូចជា កូរ៉េខាងត្បូង និងអឺរ៉ុប ប៉ុន្តែការដឹកជញ្ជូននឹងយូរ ហើយតម្លៃខ្ពស់ជាងមុន ទំនងជាធ្វើប៉ះពាល់ដល់តម្លៃផលិតផល។លោកថា បញ្ហាកូរ៉ូណានេះបានចាប់ផ្តើមប៉ះពាល់ដល់ក្រុមហ៊ុនវៀតណាមួយចំនួនហើយ ដូចជា ក្រុមហ៊ុនផលិតរថយន្ត Hyundai និង Kia ៕ធ.ដ
-
ថៃមិនឲ្យនាវាជប៉ុនផ្ទុកមនុស្សជាង២ពាន់នាក់ចូលចត បារម្ភពីវីរុសកូរ៉ូណា

ថៃនឹងមិនអនុញ្ញាតឲ្យនាវាទេសចរណ៍១គ្រឿងមកពីជប៉ុនចូលចតនៅកំពង់ផែ Laem Chabang ប៉ុន្តែប្រកាសត្រៀមផ្តល់ជំនួយមនុស្សធម៌និងសេវាសុខាភិបាល ខណៈមានផ្ទុះជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណាថ្មី។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ Anutin Charnvirakul បានឲ្យដឹងថា លោកបានប្រាប់ទៅអាជ្ញាធរដោយផ្ទាល់ មិនឲ្យនាវាឈ្មោះថា Westerdam ១គ្រឿងនេះចូលចតនៅប្រទេសថៃទេ។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយក៏ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការដឹកជញ្ជូនផងដែរនោះបានប្រតិកម្មបែបនេះ ក្រោយពេលបានទទួលព័ត៌មានកាលពីថ្ងៃចន្ទថា នាវា១គ្រឿងនេះនឹងនាំអ្នកដំណើរចូលចតកំពង់ផែសមុទ្រទឹកជ្រៅ ក្នុងខេត្ត Chon Buri នៅថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈស្អែកនេះ។ នាវាផ្ទុកមនុស្ស២២៥៧នាក់ ១គ្រឿងនេះគ្រោងនឹងចូលចតកំពង់ផែ Naha នៅតំបន់ អូគីណាវ៉ាដែរ ប៉ុន្តែជប៉ុនបដិសេធមិនឲ្យចត ដោយសារតែមានអ្នកដំណើរម្នាក់សង្ស័យថាបានឆ្លងវីរុសកូរ៉ូណា។ នាវានេះក៏ត្រូវបានបដិសេធមិនឲ្យចូលចតនៅក្រុងម៉ានីឡា ប្រទេសហ្វីលីពីន និងតំបន់កោះ Guam សហរដ្ឋអាម៉េរិកផងដែរ៕