-
មេរោគឆ្លង COVID-19 សម្លាប់មនុស្សកើនឡើងជាង២ពាន់៧រយនាក់ ខណៈមនុស្សច្រើនជាង៧ម៉ឺន៨ពាន់នាក់បានឆ្លងនៅទូទាំងប្រទេសចិន

ចិន៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ នៅទូទាំងប្រទេសចិនបានបន្តកើនឡើងដល់២ពាន់៧១៥នាក់ ស្របពេលដែលចំនួនមនុស្សឆ្លងជំងឺរលាកសួតដ៏ធ្ងន់ធ្ងរនេះសរុបក៏បានកើនឡើងដល់៧ម៉ឺន៨ពាន់៦៤នាក់ផងដែរ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរសុខាភិបាលចិន ។ បើតាមប្រព័ន្ធផ្សព្វផ្សាងក្នុងស្រុករបស់ចិន នៅក្នុងរយៈពេលពេញមួយថ្ងៃទី២៥ ខែកុម្ភៈនេះ មនុស្សសរុប៤០៦នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ។ ជាមួយគ្នានេះ អ្នកជំងឺសរុប៥២នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅតាមបណ្តាខេត្ត និងតំបន់ចំនួន៣១ទូទាំងប្រទេសចិន ។ ហើយអ្នកជំងឺដែលបានស្លាប់ទាំង៥២នាក់ខាងលើនេះ គឺស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី ទាំងអស់ ៕
-
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីសរុបកើនឡើងដល់៣២៣ករណីនៅអ៊ីតាលី ក្នុងនោះមាន១១នាក់ស្លាប់

អ៊ីតាលី៖ ក្រសួងសុខាភិបាលអ៊ីតាលីបានរាយការណ៍ថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩សរុបកើនឡើងដល់៣២៣ករណីគិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ (ម៉ោងក្នុងតបន់) ក្នុងនោះមានមនុស្ស១១នាក់បានបាត់បង់ជីវិត ដោយសារជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីតាលី តំបន់ធំៗចំនួន៤របស់ប្រទេសអ៊ីតាលី ក្នុងនោះរួមមាន Trentino-South Tyrol, Liguria, Tuscany និង Sicily ត្រូវបានរាយការណ៍ពីករណីឆ្លងដំបូងរបស់ពួកគេរៀងៗខ្លួននៅថ្ងៃទី២៥ ខែកុម្ភៈ ខណៈបច្ចុប្បន្ននេះ មេរោគឆ្លង ខូវីដ-១៩ បាននិងកំពុងរីករាលដាលនៅទូទាំងតំបន់ធំៗចំនួន៩របស់អ៊ីតាលី ។ គួរបញ្ជាក់ផងដែរថា ស្ថិតក្នុងគោលបំណងឆ្លើយតបនឹងការរីករាលដាលនៃជម្ងឺរលាកសួតដ៏ធ្ងន់ធ្ងរនេះ អាជ្ញាធរអ៊ីតាលីបានសម្រេចចិត្តចាត់វិធានការរឹតបន្តឹងមួយចំនួន ក្នុងនោះរួមមានទាំងការបិទទីក្រុងចំនួន១១ ដោយក្នុងចំណោមនោះ ទីក្រុងចំនួន១០នៅក្នុងតំបន់ ឡុមបាឌី និងមួយទៀតក្នុងតំបន់ វែណេតូ ៕
-
អ្នកជំងឺឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូង១១នាក់ស្លាប់ ស្របពេលដែលចំនួនអ្នកឆ្លងសរុបកើនឡើងដល់១.១៤៦ករណី

កូរ៉េខាងត្បូង៖ តួលេខអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងដល់១ពាន់១៤៦ករណី ក្នុងនោះអ្នកជំងឺ ១១នាក់បានស្លាប់ នេះបើតាមរបាយការណ៍ថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ របាយការណ៍ខាងលើនេះ ត្រូវបានបង្ហាញឱ្យដឹងបន្ទាប់ពីអាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសចេញនូវអ្នកធ្វើតេស្តរកឃើញលទ្ធផល «វិជ្ជមាន» នៃមេរោគ COVID-19 ចំនួន១៦៩នាក់បន្ថែមទៀតនៅក្នុងថ្ងៃដដែលនេះ ។ ទីតាំងដែលរដ្ឋាភិបាលកំពុងតែផ្តោតការយកចិត្តទុកខ្លាំងបំផុតនោះ គឺទីក្រុងដេគូ និងស្រុកឆុងទូ ដែលនៅស្ថិតនៅជាប់គ្នា និងជាកន្លែងរ៉ាប់រងចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសរហូតដល់ទៅជិត៨០ភាគរយ ។ ហើយរហូតមកទល់នឹងពេលនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បាននឹងកំពុងតែកសាងមណ្ឌលពិនិត្យ និងព្យាបាលអ្នកជំងឺឆ្លង COVID-19 បន្ថែមទៀតនៅក្នុងទីក្រុងដេគូ ផងដែរ ខណៈការប្រកាសអាសន្នគឺស្ថិតក្នុងកម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត ៕
-
លោក ដូណាល់ ត្រាំ ព្រមានថា ទីផ្សារហ៊ុនសហរដ្ឋអាម៉េរិកនឹងជួបវិបត្តិ ប្រសិន បើលោកបរាជ័យក្នុងការបោះឆ្នោតនាពេលខាងមុខ

ឥណ្ឌា៖ ទីផ្សារហ៊ុនសហរដ្ឋអាម៉េរិកនឹងជួបបញ្ហាតានតឹង បើសិនជាលោកចាញ់នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ នេះបើតាមការព្រមានរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។ ថ្លែងអំឡុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌា លោក ដូណាល់ ត្រាំ បានលើកឡើងថា ទីផ្សារហ៊ុនអាម៉េរិកនឹងកើនឡើងខ្ពស់ បើសិនជាលោកជាប់ឆ្នោតជាថ្មី តែបើលោកចាញ់នៅក្នុងការបោះឆ្នោតវិញនោះ ពួកអ្នកនឹងបានឃើញទីផ្សារហ៊ុនក្រឡាប់ចាក់ ដែលមិនធ្លាប់មានពីមុនមក ។ ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា ការធ្លាក់ចុះភាគហ៊ុននៃទីផ្សារហ៊ុន នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ដោយសារតែការព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូរ៉ូណាប្រភេទថ្មី គឺជាសញ្ញាមួយដ៏អាក្រក់ ប៉ុន្តែលោកថា សហរដ្ឋអាម៉េរិក អាចដោះស្រាយបញ្ហាទាំងនេះបាន ៕
-
មេដឹកនាំអ៊ីរ៉ង់អំពាវនាវយ៉ាងទទូចទៅកាន់ពលរដ្ឋខ្លួន កុំឲ្យមានការភ័យខ្លាចជ្រុលហួសហេតុពេក

អ៊ីរ៉ង់៖ ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ប្រ ធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រួហានី បានស្នើឱ្យប្រជាជនខ្លួនទាំងអស់កុំឱ្យភ័យខ្លាចជ្រុលហួសហេតុពេក ក្នុងគ្រាដែលរដ្ឋាភិបាលកំពុងតស៊ូប្រយុទ្ធជាមួយនឹងការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ។ ការអំពាវនាវរបស់លោក ហាសាន់ រួហានី ខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលតួលេខចុងក្រោយបានឱ្យដឹងថា មានមនុស្ស១៦នាក់បានបាត់បង់ជីវិត ក្នុងចំណោមអ្នកឆ្លងមេរោគកូរ៉ូណាថ្មីសរុបជាង៩៥ករណី ហើយមកទល់នឹងពេលនេះ អ៊ីរ៉ង់បានក្លាយជាប្រទេសជាប់លេខ២ ដែលមានអ្នកស្លាប់ច្រើនបំផុត បន្ទាប់ពីប្រទេសចិន ។ បើតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ នៅថ្ងៃទី២៥ ខែកុម្ភៈដដែលនេះ សូម្បីតែអនុរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ លោក អ៊ីរ៉ាច ហារីឈី (Iraj Harirchi) ក៏ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគរលាកសួតដ៏កាចសាហាវនេះផងដែរ ៕
-
រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីបង្ហោះសារលាលែងពីតំណែង បន្ទាប់ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទើបប្រកាសលាលែងពីតំណែងដូចគ្នា

ម៉ាឡេស៊ី៖ តាមរយៈសារលើបណ្តាញសង្គមធ្វីតធើ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad បានបង្ហាញពីការសម្រេចចិត្តលាលែងរបស់លោក ខណៈការបង្ហោះសារបែបនេះ បានកើតឡើងបន្ទាប់ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាម៉េរិក US-CDC ប្រកាសថា ស្រ្តីជនជាតិអាម៉េរិក វ័យ៨៣ឆ្នាំដែលជាអ្នកដំណើរលើនាវា Westerdam ពុំមានផ្ទុកវីរុសកូរ៉ូណាថ្មី ដូចម៉ាឡេស៊ីលើកឡើងនោះទេ ។ ការសម្រេចចិត្តខាងលើរបស់លោក Dzulkefly Ahmad ត្រូវបានធ្វើឡើងកំឡុងចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២៤ ខែកុម្ភៈនេះ ស្តីពីអ្នកឆ្លងជំងឺ COVID-19 ដែលបានជាសះស្បើយពីរនាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនមនុស្សជាសះស្បើយសរុបកើនដល់២០នាក់នៅម៉ាឡេស៊ី ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី លោក Salahuddin Ayub ក៏បានចេញសេចក្ដីថ្លែងការណ៍លើប្រព័ន្ធផ្សព្វផ្សាយ ពីការសម្រេចចិត្តលាលែងចេញពីតំណែងរបស់លោក និងសុំទោស ក៏ដូចជាអរគុណដល់កសិករ និងអ្នកនេសាទទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ កំឡុងរយៈពេលនៃការបំពេញភារកិច្ច ជារដ្ឋមន្ត្រីរយៈពេលមួយឆ្នាំ និង៨ខែមកនេះ ៕
-
ប្រធានអង្គការសុខភាពពិភពលោក WHO ព្រមានថា ពិភពលោកគួរតែត្រៀមខ្លួនប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី

ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស ហ្គេប្រេយែសឹស បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៤ ខែកុម្ភៈនេះថា ការកើនឡើងចំនួនអ្នកឆ្លងមេរោគកូរ៉ូណាថ្មីនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងកូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់កំពុងក្លាយជារឿងមួយគួរឱ្យព្រួយបារម្ភខ្ពស់ ។ ទន្ទឹមគ្នា លោក ថេដ្រូស ហ្គេប្រេយែសឹស បានសង្កត់ធ្ងន់ថា វាដូចជាលឿនរហ័សពេក ក្នុងការចាត់ទុកថា មេរោគឆ្លង COVID-19 គឺជាជំងឺរាតត្បាតសកលលោក ប៉ុន្តែបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកគួរតែត្រៀមខ្លួនឱ្យហើយ ។ សូមជម្រាបថា ការព្រមានខាងលើរបស់ប្រធានអង្គការសុខភាពពិភពលោករូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន គុយវ៉ែត អូម៉ង់ និងបារ៉ែន នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានអះអាងដូចៗគ្នាពីការរកឃើញករណីឆ្លងជំងឺកូរ៉ូណាថ្មី ជាលើកដំបូងនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន ហើយអ្នកឆ្លងទាំងអស់សុទ្ធតែបានធ្វើដំណើរត្រឡប់មកពីប្រទេសអ៊ីរ៉ង់ ៕
-
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីសរុបកើនដល់៣៧ករណីនៅថៃ ក្រោយទើបរកឃើញ២ករណីបន្ថែមទៀត

ថៃ៖ រដ្ឋាភិបាលថៃនៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ចំនួន២ករណីបន្ថែមទៀត ដែលប្រការនេះធ្វើឲ្យចំនួនអ្នកឆ្លងជម្ងឺរលាកសួតនេះសរុបកើនដល់៣៧ករណី ។ ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលថៃបានលើកឡើងថា ករណីថ្មីទាំងពីរនោះ គឺជាជនជាតិថៃ ដោយម្នាក់ជាស្រ្តីវ័យ៣១ឆ្នាំ ដែលសមាជិកគ្រួសារគាត់មានប្រវត្តិធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន និងម្នាក់ទៀតជាបុរសអាយុ២៩ឆ្នាំ ដែលជាបើកបរឲ្យក្រុមភ្ញៀវទេសចរចិន ។ ទន្ទឹមនឹងរបាយការណ៍ខាងលើនេះ ប្រទេសថៃក៏មានអ្នកឆ្លងមេរោគកូរ៉ូណាថ្មីសរុប២២នាក់បានចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីជាសះស្បើយវិញ ស្របពេលដែល១៥នាក់ផ្សេងទៀតកំពុងបន្តទទួលការព្យាបាលនៅឡើយ ៕
-
វៀតណាមផ្អាកជើងហោះហើរទៅកូរ៉េខាងត្បូង បារម្ភពីជំងឺកូវីត១៩

វៀតណាម៖ ទាំងក្រុមហ៊ុនអាកាសចរវៀតណាម និងបរទេសបានសម្រេចផ្អាកជើងហោះយន្តហោះទៅកាន់កូរ៉េខាងត្បូង រហូតដល់ខែមីនា ២០២០ ខណៈដែលប្រកាសឲ្យមានការប្រុងប្រយ័ត្នមុន ចំពោះការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម កូវីត១៩។ ក្រុមហ៊ុន Bamboo Airways បានលុបចោលជើងហោះហើរពី Nha Trang និង Da Nang ទៅកាន់ក្រុងសេអ៊ូល ភ្លាមៗ ពីចាប់ថ្ងៃទី២៦ កុម្ភៈ ស្អែកនេះ។ បច្ចុប្បន្នក្រុមហ៊ុនដំណើរការហោះហើរចំនួន៧ លើក ក្នុងមួយសប្តាហ៍ តាមផ្លូវទៅសេអ៊ូលនេះ។ អ្នកដំណើរដែលបានកក់សំបុត្រយន្តហោះអំឡុងពេលផ្អាកដំណើរការនេះនឹងទទួលប្រាក់វិញទាំងអស់។ ក្រុមហ៊ុន Vietnam Airlines ក៏បានពន្យាពេលជើងហោះហើរខ្លះៗដែរ រវាងសេអ៊ូល និងហាណូយ។ គិតត្រឹមថ្ងៃទី ២៤ កុម្ភៈ មនុស្សឆ្លងជំងឺកូវីត១៩នៅកូរ៉េខាងត្បូងកើនដល់៧៦៣នាក់ហើយ ស្របពេលដែលអ្នកស្លាប់មាន៧នាក់ កើនឡើងខ្ពស់ ក្នុងនោះ កាលពីសប្តាហ៍មុនមានត្រឹម៣០នាក់ប៉ុណ្ណោះដែលបានឆ្លង៕
-
ថៃបញ្ចុះតម្លៃជិះយន្តហោះ ខណៈជំងឺកូវីត១៩ប៉ះពាល់ខ្លាំង៦ខែទៀត

ថៃ៖ ជំងឺរលាកសួតកូវីត១៩ត្រូវបានគេជឿថា នឹងប៉ះពាល់វិស័យទេសចរណ៍ថៃ ជាង៦ខែទៀត នាំឲ្យបណ្តាក្រុមហ៊ុនអាកាសចរបានសម្រេចបញ្ចុះតម្លៃសំបុត្រជិះយន្តហោះ ដើម្បីស្រោចស្រង់ទីផ្សារ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Nok Air និង Nokscoot បានសម្រេចកាត់បន្ថយចំនួនអ្នកបញញ្ជាយន្តហោះ និងបុគ្គលិកដើម្បីសន្សំសំចៃប្រាក់ក្រុមហ៊ុន។ ក្រុមហ៊ុនអាកាសចរអន្តរជាតិថៃ Thai Airways International (THAI) កំពុងចាប់ដៃគូជាមួយអាជ្ញាធរទេសចរថៃ Tourism Authority of Thailand (TAT) ដើម្បីផ្តល់ការបញ្ចុះតម្លៃនានា រហូតដល់ករណីសំបុត្រក្នុងស្រុកមិនគិតថ្លៃ សម្រាប់ទេសចរអន្តរជាតិទៀតផង។ ក្រុមហ៊ុន AirAsia នឹងផ្តល់ការបញ្ចុះតម្លៃ១០០បាត សម្រាប់ជើងហោះហើរក្នុងស្រុកនានា អំឡុងពេលនេះ ខណៈដែល Nor Air ផ្តល់តម្លៃសំបុត្រជិះយន្តហោះ សម្រាប់ក្នុងស្រុក ដោយចាប់ផ្តើមពី៦៨០បាត ក្នុងខែនេះ។ ក្រុមហ៊ុន Vietjet Air បានកត់សម្គាល់ថា ជើងហោះហើរទូទាំងប្រទេសថៃ ធ្លាក់ចុះ៥០ភាគរយ៕