-
អាជ្ញាធរម៉ីន អគ្គនាយករងស៊ីម៉ាក រួមនឹងប្រតិភូប្រទេស កាណាដាទស្សនកិច្ច នៅចម្ការមីន និងស្វែងយល់កិច្ចប្រតិបត្តិការបោសសម្អាតមីន នៅស្រុកថ្មពួក

បន្ទាយមានជ័យ៖ ឯកឧត្តមព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរម៉ីន ឯកឧត្តម ភុំ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក រួមនឹងប្រតិភូក្រុមការងា រលោក Gregoire Legault តំណាងស្ថានទូតប្រទេសកាណាដា លោក គឹង វណ្ណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុ រាត្រីអភិបាលខេត្ត បន្ទាយមានជ័យ បានអញ្ជើញ ទស្សនកិច្ច នៅចម្ការមីន និងស្វែងយល់កិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ស៊ីម៉ាក នៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុក ថ្មពួកថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២០។ លោក គឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ៖ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេស អាជ្ញាធម៌ម៉ីន អគ្គនាយកស៊ីម៉ាក ដែលបានខំពុះពារគ្រប់បែបយ៉ាងមិនខ្លាចនឿយហត់ លើការងារបោសសម្អាតមីននៅទូទាំងប្រទេសកម្ពុជា ដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាម ពិសេសទឹកដីនៃខេត្តបន្ទាយមានជ័យ ដូចជាស្រុកថ្មពួកជាដើម ដែលសំបូរទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនលើផ្ទៃដីរាប់សិបហិកតា តាំងពីទស្សវត្សរ៍ឆ្នាំ៧០ ក្នុងអំឡុង សង្គ្រាម រ៉ាំរៃអស់រយ:ពេលជាង១០ឆ្នាំ ដោយមកដល់បច្ចុប្បន្ននេះ …
-
ប្រធានាធិបតីរុស្ស៊ី អះអាងថា នៅតែជឿជាក់លើចិន ក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណា បើទោះជាវីរុសនេះផ្តាច់ជីវិតកើនជិត៥០០នាក់ និងឆ្លង២៤.៣៦៣នាក់

ចិន៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី០៤ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់)ថ្លែងថា រូបលោកផ្ទាល់ជឿជាក់ថា ចិននឹងអាចងើបចេញពីស្ថានការណ៍ដ៏លំបាក ដែលបណ្តាលមកពីការរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី លោកថា រុស្ស៊ីនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយដល់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏សាហាវនេះ ។ អ្នកនំាំពាក្យវិមានក្រឹមឡាំងបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសចិនក្នុងឆ្នាំនេះ នឹងមិនរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃមេរោគឆ្លងថ្មីនេះទេ ហើយថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីនេះ ក៏នឹងមិនប៉ះពាល់ដល់គ្រឹះដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសរុស្ស៊ី និងចិនផងដែរ ។ សូមជម្រាបថា តួលេខអ្នកជម្ងឺបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់៤៩២នាក់ និង មនុស្សរហូតដល់២៤,៣៦៣នាក់ឆ្លងមេរោគ នេះបើតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិននៅថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកជំងឺសរុបប្រមាណ៨៩២នាក់នៅទូទាំងប្រទេសចិន ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឱ្យជាសះស្បើយ និងឱ្យត្រឡប់ទៅកាន់ផ្ទះវិញ ហើយបើគិតត្រឹមព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ អ្នកជំងឺ៣៤១នាក់បានធ្លាក់ខ្លួនឈឺធ្ងន់បន្ថែមទៀត ខណៈអ្នកជំងឺ៣.២១៩នាក់ទៀតនៅតែបន្តស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ២៣.២៦០នាក់កំពុងទទួលការអង្កេតនៅឡើយ ដើម្បីរកមើលថាពួកគេមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬមួយក៏អត់ ៕
-
លោក ដូណាល់ ត្រាំ ថ្លែងថា សហរដ្ឋអាម៉េរិកកំពុងធ្វើការងារដើម្បីបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃនៅអាហ្គានីស្ថាន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងកំឡុងការថ្លែងសារប្រចាំឆ្នាំនៅវិមានកាពីតូល កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) បានប្រកាសថា រដ្ឋបាលរបស់លោកបាននិងកំពុងធ្វើការងារ ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ លោក ដូណាល់ ត្រាំ បានអះអាងថា យោធាអាមេរិកបាននិងកំពុងធ្វើឱ្យមានការរីកចម្រើននៅអាហ្វហ្គានីស្ថាន ជាពិសេសកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់ក៏កំពុងស្ថិតក្រោមដំណើរការផងដែរ ។ លោកបន្ថែមទៀតថា យើងកំពុងធ្វើការដើម្បីបញ្ចប់សង្រ្គាមដ៏វែងបំផុតរបស់សហរដ្ឋអាមេរិក និង នាំកងទ័ពរបស់យើងត្រឡប់មកផ្ទះវិញ លោកថា វាក៏មិនមែនជាមុខងាររបស់យើង ដើម្បីបម្រើប្រជាជាតិដទៃទៀត ក្នុងនាមជាទីភ្នាក់ងារអនុវត្តច្បាប់ ។ នាឱកាសនោះដែរ លោក ត្រាំ ក៏បានលើកឡើងផងដែរ អំពីដំណើរការសាងសង់ជញ្ជាំងព្រំដែននៅព្រំទល់ជាប់ប្រទេសម៉ិចស៊ីកូបន្តទៀត ដែលមានប្រវែងជាង៨០០គីឡូម៉ែត្រនឹងត្រូវបញ្ចប់ជាស្ថារពទាំងស្រុងនៅដើមឆ្នាំ២០២១ខាងមុខនេះ ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅពេលលោក ត្រាំ ហុចសន្លឹកកូពី នៃសុន្ទរកថារបស់ខ្លួនទៅឲ្យប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Pelosi លោកស្រីបានឈោងដៃដើម្បីចង់ចាប់ស្វាគមន៍លោក ត្រាំ ប៉ុន្តែលោកមិនចាប់ឡើយ ។ ហើយបន្ទាប់ពីលោក ត្រាំ បញ្ចប់ការថ្លែងសារនោះ លោកស្រី Pelosi បានងើបឈរ…
-
មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់អាម៉េរិកអះអាងថា ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនឹងពន្យារការទិញទំនិញសហរដ្ឋអាម៉េរិកពីសំណាក់ចិន

សហរដ្ឋអាមេរិក៖ មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ម្នាក់របស់អាម៉េរិក បានលើកឡើងថា ការផ្ទុះឡើងនូវមេរោគថ្មីក្នុងប្រទេសចិន នឹងពន្យារពេលផែនការរបស់ទីក្រុងប៉េកាំង ក្នុងការបញ្ជាទិញទំនិញពីសហរដ្ឋអាម៉េរិក ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានលោក ឡារី ឃូដឡូវ បានថ្លែងប្រាប់ទូរទស្សន៍ Fox Business Network ថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី អាចនឹងពន្យារពេលការអនុវត្តន៍កិច្ចព្រមព្រៀង និងថា ការកើនឡើងនៃការនាំចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ នឹងត្រូវចំណាយពេលយូរជាងមុន ដោយសារតែវីរុសនៅចិន… នោះគឺជាការពិត ។ យ៉ាងណាមិញ លោក ឃូដឡូវ បានសង្កត់ធ្ងន់ថា លោករំពឹងថា នឹងមានផលប៉ះពាល់តិចតួចបំផុតប៉ុណ្ណោះ ពីបញ្ហាវីរុសមកលើសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ។ សូមរំលឹកផងដែរថា សហរដ្ឋអាម៉េរិក និង ចិនបានឯកភាពគ្នាកាលពីខែមករា ឆ្នាំ២០២០ ចំពោះកិច្ចព្រមព្រៀងមួយដែលបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយទីក្រុងប៉េកាំងយល់ព្រមទិញទំនិញទីក្រុងវ៉ាស៊ីនតោនតម្លៃ២០០ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈពេលពីរឆ្នាំខាងមុខ រួមទាំងផលិតផលកសិកម្ម និងផលិតកម្ម ៕
-
អង្គការ OPEC និង រុស្ស៊ីកោះប្រជុំបច្ចេកទេសក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាការធ្លាក់ចុះតម្លៃប្រេងឆៅ ដែលបង្កឡើងដោយសារវីរុសកូរ៉ូណានៅចិន

អូទ្រីស៖ ប្រភពមួយស្និទ្ធនឹងអង្គការប្រទេសនាំចេញប្រេង (OPEC) បានឲ្យដឹងថា សមាជិករបស់អង្គការ OPEC និង រុស្ស៊ី ជាសម្ព័ន្ធមិត្តរបស់ពួកគេ នឹងកោះប្រជុំបច្ចេកទេសមួយនៅសប្ដាហ៍នេះ ដើម្បីវិភាគលើការធ្លាក់ចុះតម្លៃប្រេងចាប់តាំងពីការផ្ទុះឡើងការរីករាលដាលវីរុសកូរ៉ូណា ។ ប្រភពដដែលបន្តថា អង្គការប្រទេសនាំចេញប្រេងនឹងប្រមូលផ្ដុំក្រុមអ្នកជំនាញនៅក្នុងគណៈកម្មាធិការបច្ចេកទេសរួមនៅទីក្រុង វីយែន ប្រទេសអូទ្រីស នៅថ្ងៃទី០៤ និងទី០៥ ខែកុម្ភៈនេះ ។ តម្លៃប្រេងឆៅបានទទួលរងផលប៉ះពាល់ចាប់តាំងពីការផ្ទុះឡើងវីរុសផ្លូវដង្ហើមថ្មីនេះ ដោយសារក្តីបារម្ភអំពីផលប៉ះពាល់របស់វីរុសនេះលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនចាប់ផ្តើមបញ្ចេញឥទ្ធិពល ខណៈចិន ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ២ របស់ពិភពលោក និងជាប្រទេសប្រើប្រាស់ប្រេងឆៅដ៏ធំមួយផងដែរ។ អារ៉ាប៊ីសាអ៊ូឌីតដែលជាប្រទេសនាំចេញប្រេងឈានមុខគេឲ្យដឹងនៅសប្ដាហ៍នេះថា ផលប៉ះពាល់ដោយសារវីរុសកូរ៉ូណា លើតម្រូវការប្រេងនៅមានកម្រិតខ្លាំង ប៉ុន្តែថា កំពុងតាមដានព្រឹត្តិការណ៍យ៉ាងយកចិត្តទុកដាក់ ។ បើតាមអារ៉ាប៊ីសាអ៊ូឌីត ផ្នែកដ៏ធំមួយនៃផលប៉ះពាល់លើទីផ្សារប្រេងត្រូវបានជំរុញដោយកត្តាចិត្តសាស្ដ្រ និង ទស្សនៈទុទ្ទិដ្ឋិនិយម ប៉ុន្តែរដ្ឋមន្ដ្រីក្រសួងថាមពលរុស្ស៊ីលោក Alexander Novak ហាក់ដូចជាមិនសូវបារម្ភនោះទេ៕
-
ជប៉ុនរកឃើញអ្នកឆ្លងកូរ៉ូណាថ្មី១០នាក់ លើនាវាយក្ស១គ្រឿង ដែលសរុបកើនដល់៣០នាក់ហើយ

ជប៉ុន៖ ក្រសួងសុខាភិបាលជប៉ុន នាថ្ងៃពុធទី៥ មករា ២០២០ បានឲ្យដឹងថា អ្នកដំណើរយ៉ាងតិច ១០នាក់នៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្សមួយគ្រឿង បានឆ្លងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី។ អាជ្ញាធរជប៉ុនបានឃាត់ទុកកប៉ាល់ទេសចរណ៍ខាងលើឈ្មោះ Diamond Princess ដែលដឹកមនុស្សចំនួន ៣,៧១១នាក់ ហើយបានធ្វើតេស្តរកវត្តមានវីរុសកូរ៉ូណាក្នុងខ្លួនអ្នកដែលជិះលើនោះ បន្ទាប់ពីអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ Diamond Princess ត្រូវ បានធ្វើរោគវិនិច្ឆ័យឃើញមានវីរុសនេះនៅឯទីក្រុងហុងកុង។ បើតាមរដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក កាតុ កាត់ស៊ូណូប៊ុ (Kato Katsunobu) អ្នកដំណើរទាំង ១០នាក់ ដែលត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។គិតទាំងរកឃើញថ្មីៗនេះទៀត បច្ចុប្បន្នចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅជប៉ុនមាន ៣០ករណីហើយ៕
-
ថៃនាំពលរដ្ឋខ្លួន១៣៨នាក់ ចេញពីអ៊ូហាន ប្រទេសចិន ដោយសុវត្ថិភាព

ថៃ៖ យន្តហោះមួយគ្រឿងដែលត្រូវបានបញ្ជូនទៅយកប្រជាពលរដ្ឋថៃ នៅទីក្រុងអ៊ូហាន ប្រទេសចិន ជាទីផ្ទុះជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មីនោះ បានមកដល់ចំណតអាកាសយានដ្ឋាន U-tapoa ស្ថិតក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ហើយ កាលពីថ្ងៃទី៤ កុម្ភៈ ២០២០ ម្សិលមិញ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។ ជើងហោះហើរ FD571 របស់ក្រុមហ៊ុន Thai AirAsia ផ្ទុកអ្នកដំណើរជាជនជាតិថៃ១៣៨នាក់បានចុះចតនៅចំណតអាកាសយាដ្ឋានយោធាថៃ នៅក្នុងស្រុក Ban Chang ខេត្តរ៉ាក់យ៉ង នៅវេលាម៉ោង៨៖៤០នាទីយប់។ ជនជាតិថៃទាំង១៣៨នាក់ ដែលនាំយកមកពីទីក្រុងអ៊ូហាន ខេត្ត ហ៊ូប៉ី ប្រទេសចិនេះត្រូវបានបញ្ជូនឲ្យស្នាក់នៅកន្លែងដោយឡែកមួយ ក្នុងស្រុក Sattahip ខេត្ត ឈុនប៊ូរី រយៈពេល១៤ថ្ងៃ ដើម្បីតាមដានពីវីរុសកូរ៉ូណាថ្មី៕
-
វីរុសកូរ៉ូណា បន្តឆក់យកអាយុជីវិតមនុស្សកើនជិត៥០០នាក់ និងឆ្លងប្រមាណ២៤.៣៦៣នាក់

ចិន៖ តួលេខអ្នកជំងឺបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់៤៩២នាក់ហើយ និងមនុស្សរហូតដល់២៤,៣៦៣នាក់ បានឆ្លងមេរោគ នេះបើតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិននៅថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកជំងឺសរុបប្រមាណ៨៩២នាក់ នៅទូទាំងប្រទេសចិន បានជាសះស្បើយ ។ ដោយឡែកនៅថ្ងៃទី០៤ ខែកុម្ភៈនេះ មនុស្សសរុប៦៥នាក់ បន្ថែមទៀតបានស្លាប់ និងករណីឆ្លងវីរុសកូរ៉ូណាថ្មី៣.៨៨៧នាក់ បន្ថែមទៀតត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្ត និងតំបន់៣១ទូទាំងប្រទេសចិន ។ សម្រាប់មនុស្សស្លាប់បន្ថែមទៀតនេះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ី និងទីក្រុង វូហាន ទាំងអស់ ជាទីដែលរដ្ឋាភិបាលចិនកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាកាន់តែខ្លាំងឡើងៗ ៕
-
អង្គការសុខភាពពិភពលោក WHO អះអាងថា វីរុសកូរ៉ូណាមិនទាន់ក្លាយជាជំងឺរាតត្បាតនៅទូទាំងសកលលោកឡើយ

សហរដ្ឋអាមេរិក៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី០៥ ខែកុម្ភៈនេះ បានលើកឡើងថា វីរុសកូរ៉ូណាដែលមានប្រភពមកពីទីក្រុងវូហាន ប្រទេសចិន មិនទាន់ក្លាយជាជំងឺរាតត្បាតនៅទូទាំងសកលលោកនោះទេ ។ ប្រធានអង្គភាពបង្ការគ្រោះមហន្តរាយនៃជំងឺឆ្លងពិភពលោករបស់អង្គការ WHOលោកស្រី ស៊ីលវី ប្រាយអិន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ន វីរុសកូណាថ្មី មិនទាន់ក្លាយជាជំងឺរាតត្បាតនៅទូទាំងសកលលោកនោះទេ… ប៉ុន្តែជាការពិត វីរុសនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅខេត្តហ៊ូប៉ី ប្រទេសចិន ។ ការកត់សម្គាល់បែបនេះរបស់លោកស្រី ស៊ីលវី ប្រាយអិន ត្រូវបានធ្វើឡើងស្របពេលដែលកាលពីថ្ងៃទី០៤ ខែកុម្ភៈនេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួនបី ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងថៃ សុទ្ធតែអះអាងដូចៗគ្នាពីការរកឃើញករណីឆ្លងថ្មី នៃវីរុសកូរ៉ូណា នៅក្នុងប្រទេសរបស់ពួកគេ ក្នុងចំណោមពលរដ្ឋមិនធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន ៕
-
សហរដ្ឋអាម៉េរិករងការថ្កោលទោសពីអឺរ៉ុប បន្ទាប់ពីចង់លុបចោលបម្រាមប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស

អឺរ៉ុប៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការសម្រេចចិត្តថានឹងលុបចោលបម្រាមលើការប្រើប្រាស់គ្រាប់មីនប្រឆំាងនឹងមនុស្ស ដោយចាត់ទុកថា ជារឿងមិនអាចទទួលយកបានឡើយ ។ ប្រតិកម្មរបស់សហភាពអឺរ៉ុប កើតមានឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានលុបចោលការរឹតត្បិតនានា ដែលបង្កើតឡើងដោយលោក បារ៉ាក់ អូបាម៉ា ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស ។ សូមរំលឹកថា គ្រាប់មីនប្រឆាំងនឹងមនុស្សត្រូវបានហាមឃាត់ដោយសន្ធិសញ្ញា ទីក្រុង Ottawa ប្រទេសកាណាដា និងបានចូលជាធរមាននៅឆ្នាំ១៩៩៩ ។ ប្រទេសជាហត្ថលេខីមានចំនួន១៦៤ រីឯសហរដ្ឋអាម៉េរិកវិញគ្រាន់តែបញ្ឈប់ការទិញគ្រាប់មីន និងហាមឃាត់ការប្រើប្រាស់នៅក្រៅឧបទ្វីបកូរ៉េប៉ុណ្ណោះកាលពីឆ្នាំ២០១៤ ៕