-
រដ្ឋមន្ត្រីព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍អ៊ីរ៉ង់អះអាងថា នឹងបាញ់បង្ហោះផ្កាយរណបនៅចុងសប្តាហ៍នេះ ស្របពេលមានភាពតានតឹងជាមួយអាម៉េរិក

អ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងបាញ់បង្ហោះផ្កាយរណបមួយទៅចូលទៅកាន់គន្លងតារាវិថី នៅចុងសប្ដាហ៍នេះ បើទោះជាសហរដ្ឋអាម៉េរិកចោទប្រកាន់ថា កម្មវិធីនេះមានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីលបាលិស្ទីគអន្តរទ្វីប នេះបើតាមរដ្ឋមន្ត្រីព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍អ៊ីរ៉ង់ លោក Mohammad Javad Azari-Jahromi ។ រដ្ឋមន្ត្រីព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍អ៊ីរ៉ង់បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើនៅថ្ងៃទី០៣ ខែកុម្ភៈនេះថា ជាមួយការបន់ស្រន់របស់យើង និងការជឿជាក់លើព្រះជាម្ចាស់ ផ្កាយរណបឈ្មោះ Zafar នឹងត្រូវបានបាញ់បង្ហោះនៅចុងសប្ដាហ៍នេះ… ដោយវានឹងចូលទៅគន្លងតារាវិថីនៅចំងាយ៥៣០គីឡូម៉ែត្រពីផែនដី ។ សូមបញ្ជាក់ផងដែរថា ទីក្រុងវ៉ាស៊ីនតោនបានចោទថា ទីក្រុងតេហេរ៉ង់ថា មានចេតនាប្រើប្រាស់កម្មវិធីផ្កាយរណបស៊ីវិល ដើម្បីលួចលាក់អភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ដែលមានសមត្ថភាពបំពាល់ក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធ ៕ធ.ដ
-
ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកថ្មីបញ្ជាក់ជូនសម្តេចប្រធានរដ្ឋសភា ពីបេសកកម្មការទូតនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ

ឯកឧត្តម ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិក បានបញ្ជាក់ជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថា បេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ ក្នុងឱកាសចូលជួបសម្តែងការជាមួយ សម្តេចប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាទ្រីក មើហ្វី បានវាយតម្លៃខ្ពស់ដល់ស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នកំពូលនេះ ជាតំណាងឲ្យប្រជាពលរដ្ឋ។ ឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចថា កម្ពុជានិងសហរដ្ឋអាម៉េរិកមានចំនុចជាច្រើនក្នុងប្រព័ន្ធដឹកនាំរដ្ឋដូចគ្នា ក្នុងនោះដូចជាការចែងអំពីលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋធម្មនុញ្ញ ហើយអំណាចដឹកនាំរដ្ឋទំាងបី ចែកដាច់ពីគ្នា។ ឯកឧត្តម ប៉ាទ្រីក មើហ្វី បានលើកឡើងបន្តថា កម្ពុជានិងសហរដ្ឋអាម៉េរិក បានកសាងសមិទ្ធផលជាច្រើនជាមួយគ្នារួចមកហើយ។ នៅឆ្នាំ២០២០នេះ គឺជាឱកាសកាន់តែសំខាន់ទៀត ដែលប្រទេសទំាងពីរមានលទ្ធភាពនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ឆ្នាំ២០២០នេះ ជាខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទំាងពីរ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិក…
-
ប្រធានាធិបតីអ៊ុយក្រែន សម្តែងការមិនពេញចិត្ត ចំពោះសំណងដែលអ៊ីរ៉ង់ផ្តល់ដល់គ្រួសារជនរងគ្រោះស្លាប់ដោយសារការបាញ់យន្តហោះច្រលំ

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ បានសម្តែងការមិនពេញចិត្ត ជុំវិញរឿងសំណងដែលអ៊ីរ៉ង់បានស្នើផ្តល់ឲ្យគ្រួសារនៃពលរដ្ឋអ៊ុយក្រែន ដែលស្លាប់ក្នុងហេតុការណ៍បាញ់ច្រលំយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែននៅទីក្រុងតេហេរ៉ង់កាលពីខែមុន ។ សូមរំលឹកថា ស្របពេលកំពុងមានភាពតានតឹងខ្លាំងជាមួយសហរដ្ឋអាម៉េរិកនោះ យោធាអ៊ីរ៉ង់កាលពីថ្ងៃទី០៨ ខែមករា បានបាញ់មីស៊ីលចំយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ក្រោយហោះឡើងចេញពីអាកាសយានដ្ឋាននៅរដ្ឋធានីតេហេរ៉ង់ ដើម្បីឆ្ពោះទៅកាន់ទីក្រុងកៀវ បណ្តាលឱ្យមនុស្សសរុបទាំងអស់ ១៧៦នាក់បាត់បង់ជីវិត ក្នុងនោះមានពលរដ្ឋអ៊ុយក្រែន១១នាក់ ។ ពីដំបូងឡើយ អ៊ីរ៉ង់បានបដិសេធ ប៉ុន្តែក្រោយមកក៏បានសារភាពថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនពិតជាបានបាញ់ទម្លាក់យន្តហោះស៊ីវិលនោះមែន និងដោយអចេតនា ។ ពាក់ព័ន្ធនឹងការផ្តល់សំណងពីខាងភាគីអ៊ីរ៉ង់នោះ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ខាងអ៊ីរ៉ង់បានស្នើភ្លាមៗមកកាន់យើងថា នឹងផ្តល់សំណងជាទឹកប្រាក់ចំនួន៨ម៉ឺនដុល្លារអាម៉េរិកសម្រាប់មួយគ្រួសារ ប៉ុន្តែវាដូចជាតិចខ្លាំងណាស់ ហេតុនេះយើងនឹងធ្វើការទាមទារឲ្យច្រើនជាងនេះថែមទៀត ។ ទន្ទឹមគ្នា លោក ហ្សេឡិនស្កាយ បានសង្កត់ធ្ងន់ទៀតថា ប្រទេសលោកនៅតែបន្តរង់ចាំអ៊ីរ៉ង់ធ្វើការប្រគល់ប្រអប់ខ្មៅរបស់យន្តហោះអ៊ុយក្រែនដែលត្រូវបានបាញ់នោះធ្លាក់ផងដែរ៕
-
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅវៀតណាម កើនឡើងដល់០៨ករណីហើយ ក្រោយរកឃើញ០៣ករណីថ្មីទៀត

វៀតណាម៖ អាជ្ញាធរវៀតណាមបានឱ្យដឹងថា រហូតមកទល់ពេលនេះ មនុស្សឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាសរុបកើនឡើងដល់០៨ករណីនៅទូទាំងប្រទេស បន្ទាប់ពីទើបរកឃើញករណីឆ្លងថ្មីចំនួន០៣បន្ថែមទៀត ។ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីត្រូវបានរកឃើញក្នុងខ្លួនមនុស្សបីនាក់នៅលើជើងហោះហើរតែមួយពីទីក្រុងវូហាន ប្រទេសចិន មកកាន់ប្រទេសវៀតណាម ។ ពួកគេធ្លាប់មានប្រវត្តិទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកជំងឺ០៣នាក់មុនៗដែលត្រូវបានគេធ្វើតេស្ដរកឃើញថា ឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី៣០ ខែមករាកន្លងទៅនេះ ។ សូមជម្រាបថា បច្ចុប្បន្នខេត្តចំនួន០៤ក្នុងចំណោមខេត្តទាំង៦៣របស់វៀតណាមត្រូវបានគេអះអាងថា មានករណីឆ្លងវីរុសកូរ៉ូណា ខណៈទីក្រុងហាណូយក៏បានប្រកាសភាពអាសន្នផ្នែកសុខាភិបាលកាលពីសប្តាហ៍មុន ហើយអះអាងថា ខ្លួននឹងបញ្ឈប់រាល់ការហោះហើរទៅ និងមកពីប្រទេសចិនជាបណ្ដោះអាសន្ន ៕
-
ក្រុមវេជ្ជបណ្ឌិតថៃអះអាងពីជោគជ័យ ក្នុងការព្យាបាលអ្នកជំងឺកូរ៉ូណាម្នាក់ឱ្យជាសះស្បើយ

ថៃ៖ ក្រុមវេជ្ជបណ្ឌិតថៃបានអះអាងពីជោគជ័យរបស់ខ្លួន ក្នុងការព្យាបាលអ្នកជំងឺឆ្លងវីរុសកូរ៉ូណាម្នាក់ឲ្យជាសះស្បើយទាំងស្រុង ជាមួយនឹងការប្រើប្រាស់ថ្នាំរួមបញ្ចូលគ្នាមួយ ដើម្បីប្រឆាំងវីរុសផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះ ។ វេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ រាជាវិធី ក្នុងទីក្រុងបាងកក លោក គ្រាងសាក់ អាធិផនវ៉ានិច បាននិយាយថា លោកបានព្យាបាលអ្នកជំងឺវីរុសកូរ៉ូណាជាស្ត្រីម្នាក់មានអាយុ៧១ឆ្នាំមកពីចិន ដែលស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរ ដោយទទួលបានលទ្ធផលដ៏ល្អប្រសើរ ។ លោកបន្ថែមថា ស្ថានភាពអ្នកជំងឺរូបនេះបានប្រសើរឡើង យ៉ាងឆាប់រហ័សក្នុងរយៈពេល៤៨ម៉ោង ហើយលទ្ធផលនៃការតេស្ដរកវីរុស ក៏បានផ្លាស់ប្ដូរផងដែរ ពីវិជ្ជមានទៅអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោងដូចគ្នា ។ យ៉ាងណាមិញ កន្លងមកនាយកវិទ្យាស្ថានជាតិជំងឺ អាល្លឺជី (Allergy) និងជំងឺឆ្លង នៃវិទ្យាស្ថានជាតិសុខភិបាលអាម៉េរិក ធ្លាប់បានប្រាប់សារព័ត៌មាន CNN ថា បច្ចុប្បន្នគ្មានថ្នាំណាមួយអាចព្យាបាលវីរុសកូរ៉ូណាថ្មី (2019-nCoV) បាននៅឡើយទេ ៕
-
ធនាគារកណ្តាលចិនបញ្ចេញកញ្ចប់ថវិការ១៧៣ពាន់លានដុល្លារ ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេស ដែលកំពុងប៉ះពាល់ធ្ងន់ធ្ងរដោយសារវីរុសកូរ៉ូណា

ចិន៖ ធនាគារកណ្តាលចិនបានប្រកាសថា នឹងចាក់បញ្ចូលលុយទំហំ១.២ទ្រីលានយ័ន ទៅក្នុងសេដ្ឋកិច្ច ដើម្បីជួយដល់កិច្ចប្រឹងប្រែងនៅទូទាំងប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី ដែលត្រូវគេរំពឹងថា នឹងបង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ធនាគារកណ្តាលចិនបានបញ្ជាក់ថា ខ្លួននឹងបញ្ចេញលុយ១.២ទ្រីលានយ័ន ស្មើនឹង១៧៣ពាន់លានដុល្លារអាមេរិក តាមរយៈប្រតិបត្តិការហិរញ្ញវត្ថុមួយនៅថ្ងៃទី០៣ ខែកុម្ភៈនេះ ជាពេលទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសចិនត្រូវបើកឡើងវិញ ក្រោយបានបិទទ្វារកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មុនឱកាសបុណ្យចូលឆ្នាំចិន ។ ចំណាត់ការបញ្ចេញទុនបម្រុងរបស់ធនាគារកណ្តាលចិនខាងលើ គឺមានគោលបំណងជួយរក្សាតុល្យភាពសេដ្ឋកិច្ចប្រទេសចិន នៅចំពោះមុខការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់វីរុសកូរ៉ូណា ។ សូមរំលឹកផងដែរថា កំណើនសេដ្ឋកិច្ចចិនកាលពីឆ្នាំ២០១៩ បានស្ថិតនៅត្រឹម៦.១ភាគរយ ដែលជាអត្រាទាបបំផុត ក្នុងអំឡុងពេលបីទសវត្សរ៍ចុងក្រោយនេះ ហើយទន្ទឹមគ្នានោះ ក្រុមអ្នកជំនាញបានព្រមានថា វាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចចិនកាន់តែខ្លាំងថែមទៀត ដោយសារការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ៕ធ.ដ
-
ចិនប្រើពេល១០ថ្ងៃសង់មន្ទីរពេទ្យរួចរាល់ហើយ សម្រាប់ព្យាបាលអ្នកឆ្លងកូរ៉ូណាថ្មី

ចិនបានសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្ន ដែលមានគ្រែចំនួនជាង ១,០០០ ដោយចំណាយពេលតែ ១០ថ្ងៃប៉ុណ្ណោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលផ្ទុះឡើងដំបូងចេញពីទីក្រុង Wuhan នៃខេត្ត Hubei នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ មន្ទីរពេទ្យ Huoshenshan នៅក្នុងទីក្រុងវូហាន ត្រូវបានសង់រួចជាស្ថានពរកាលពីថ្ងៃអាទិត្យ ហើយនឹងចាប់ផ្ដើមដំណើរការ ព្យាបាលអ្នកជំងឺឆ្លងវីរុសកូរ៉ូណានៅថ្ងៃចន្ទនេះ។ គិតជាសរុប បុគ្គលិកពេទ្យយោធា ១,៤០០នាក់នឹងត្រូវបម្រើការនៅក្នុងមន្ទីរពេទ្យនេះ ខណៈមន្ទីរពេទ្យធំមួយទៀត Leishenshan ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅថ្ងៃពុធសប្ដាហ៍នេះដែរ។ គួរបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ចិនបានសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្នចំនួនពីរគឺ មន្ទីរពេទ្យ Huoshenshan និងមន្ទីរពេទ្យ Leishenshan ចាប់តាំងពីថ្ងៃទី២៣ ខែមករា មកម្ល៉េះ៕ធ.ដ
-
អ្នកជំងឺកូរ៉ូណានៅហ្វីលីពីនវ័យ៤៤ឆ្នាំស្លាប់ភ្លាមៗ ក្រោយធ្លាក់ខ្លួនឈឺខ្លាំងត្រឹម២៤ម៉ោង

អ្នកឆ្លងជំងឺ Corona នៅប្រទេសហ្វីលីពីនបានបាត់បង់ជីវិតហើយ ក្រោយពីរដ្ឋាភិបាលបានប្រកាសពីករណីឆ្លងកាលពីប៉ុន្មានថ្ងៃមុននេះ។ វាជាករណីទី១ហើយដែលមានអ្នកស្លាប់ដោយជំងឺ Corona ក្រៅពីប្រទេសចិន នេះបើតាមអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី២ កុម្ភះ ២០២០ម្សិលមិញ។ បុរសដែលស្លាប់នៅហ្វីលីពីននោះ ត្រូវបានគេដឹងថាជាជនជាតិចិន ដែលធ្វើដំណើរពីទីក្រុង Wuhan កាលពីថ្ងៃទី២១ខែមករាកន្លងទៅ។ សពបុរសវ័យ៤៤ឆ្នាំរូបនេះបានមកដល់ប្រទេសហ្វីលីពីន ជាមួយនឹងស្ត្រីជនជាតិចិនម្នាក់ ដែលក៏រកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មីផងដែរ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន។ លោក Francisco Duque បន្តថា មុនពេលស្លាប់ ជនជាតិចិនរូបនេះបានស្ថានភាពធម្មតា ហើយបង្ហាញសញ្ញាល្អប្រសើរ ក្នុងពេលស្នាក់ពេទ្យ៣ឬ៤ថ្ងៃ ប៉ុន្តែក៏បានស្លាប់ ពេលស្ថានភាពរបស់បុរសនោះស្រាប់តែធ្ងន់ធ្ងរ ក្នុងរយៈពេល២៤ម៉ោង។មកដល់ពេលនេះ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ករណីជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណាថ្មី មានអ្នកស្លាប់៣៦២នាក់ហើយ ក្នុងនោះ៣៦១ករណីនៅចិន និង១ករណីនៅហ្វីលីពីន៕ធ.ដ
-
វីរុសកូរ៉ូណាបន្តឆក់យកអាយុជីវិតមនុស្សកើនដល់៣៦២នាក់ និងប្រមាណ១៧.២៣៨នាក់ឆ្លងមេរោគ

ចិន៖ ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅថ្ងៃទី០៣ ខែកុម្ភៈនេះ បានសម្លាប់ជីវិតមនុស្សកើនដល់៣៦២នាក់ហើយ ក្នុងនោះ៣៦១ករណីនៅចិន និង១ករណីនៅហ្វីលីពីន ។ ជាមួយគ្នានេះ គណៈកម្មាធិការសុខាភិបាលជាតិចិនក៏បានឲ្យដឹងដែរថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាបានបន្តកើនឡើងដល់១៧.២៣៨នាក់ ក្នុងនោះជាង៤៨០នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ ។ រីឯក្នុងចំណោមអ្នកស្លាប់ទាំង៣៦២នាក់ខាងលើនេះ មាន៣៥០នាក់ស្ថិតក្នុងខេត្តហ៊ូប៉ី និងទីក្រុងអ៊ូហាន ដែលជាទីកន្លែងផ្ទុះករណីដំបូង ៕ធ.ដ
-
យោធាចិនចូលព្យាបាលអ្នកជម្ងឺនៅមន្ទីរពេទ្យក្នុងទីក្រុងអ៊ូហាន បន្ទាប់ពីសាងសង់ជិតរួចរាល់ដើម្បីទទួលអ្នកជម្ងឺកូរ៉ូណា

ចិន៖ យោធាចិននៅថ្ងៃទី០២ ខែកុម្ភៈនេះ ទទួលបានការអនុញ្ញាតឱ្យចូលគ្រប់ គ្រងមន្ទីរពេទ្យសង់ជិតហើយមួយ នៅក្នុងទីក្រុងអ៊ូហាន ដើម្បីទទួលព្យាបាលអ្នកជម្ងឺកូរ៉ូណាថ្មី ដែលត្រូវបានចាត់ទុកជាគ្រោះអាសន្នសុខភាពអន្តរជាតិ ។ បុគ្គលិកពេទ្យយោធាប្រមាណ១.៤០០នាក់ នឹងព្យាបាលអ្នកជម្ងឺនៅមន្ទីរពេទ្យមានគ្រែ១.០០០ដែលគេដាក់ឈ្មោះថា ភ្នំព្រះអគ្គី ហើយមន្ទីរពេទ្យនេះនឹងទទួលអ្នកជម្ងឺដំបូងនៅថ្ងៃទី០៣ ខែកុម្ភៈនេះ ក្រោយពីសាងសង់បាន១០ថ្ងៃ ។ វាជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យបំរុងចំនួន០២ ដែលចិនបានសំរេចឱ្យសាង់សង់ភ្លាមៗ ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យនានា ដែលជោរជន់ដោយអ្នកជម្ងឺនៅទីក្រុងអ៊ូហាន ។ សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យទី២ជាមួយនឹងគ្រែពេទ្យ១.៦០០ ដែលមានឈ្មោះថា ភ្នំអាទិទេពផ្គរ គ្រោងនឹងចាប់ផ្តើមទទួលអ្នកជម្ងឺនៅក្នុងថ្ងៃព្រហស្បតិ៍ទី០៦ ខែកុម្ភៈនេះ ៕ធ.ដ