-
អង្គការសហប្រជាជាតិបញ្ជាក់ជាថ្មីនូវដំណោះស្រាយរដ្ឋពីរ ក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូដទែរ៉េសនៅថ្ងៃទី០៤ ខែកុម្ភៈនេះ បានសង្កត់ធ្ងន់លើតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងនាមជាអ្នកថែរក្សាច្បាប់អន្តរជាតិក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺប៉ុន្មានថ្ងៃមុនពេលកូនប្រសារបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បង្ហាញនូវផែនការសន្តិភាពមជ្ឈិមបូព៌ាថ្មីដល់ក្រុមប្រឹក្សាសន្តិសុខយូអិន ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅឯទីស្នាក់ការអង្គការសហប្រជាជាតិ លោក ហ្គូដទែរ៉េស បាននិយាយថា ជំហររបស់យើងគឺច្បាស់ណាស់ យើងគឺជាអាណាព្យាបាលនៃសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិទាក់ទងនឹងសំណួរប៉ាឡេស្ទីន ។ លោកបន្ថែមទៀតថា យើងប្តេជ្ញាចិត្តទាំងស្រុងចំពោះដំណោះស្រាយរដ្ឋពីរ ដោយបញ្ជាក់ជាថ្មីពីគោលជំហររបស់លោកថា ផែន ការសន្តិភាពរបស់លោក ដូណាល់ ត្រាំ ត្រូវតែផ្អែកលើព្រំដែនមុនឆ្នាំ១៩៦៧ ។ លោក ចារ៉េត គូស្ន័រ ដែលជាកូនប្រសារបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងជាម្ចាស់គំនិតដ៏សំខាន់នៃផែនការមេរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលធ្វើឱ្យប៉ាឡេស្ទីនខឹងសម្បារនោះ គ្រោងនឹងធ្វើបទសង្ខេបដល់សមាជិកទាំង១៤ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃ០៦ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) ៕
-
មន្ទីរពេទ្យថ្មីនៅក្នុងទីក្រុង Wuhan របស់ចិនចាប់ផ្តើមបើកទទួលព្យាបាលអ្នកជម្ងឺឆ្លងវីរុសកូរ៉ូណាហើយ

ចិន៖ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាមួយចំនួននៅថ្ងៃទី០៤ ខែកុម្ភៈនេះ បានទៅដល់មន្ទីរពេទ្យធំថ្មីមួយ ដែលរដ្ឋាភិបាលចិនទើបបើកសម្ពោធជាផ្លូវការ បន្ទាប់ពីព្យាយាមសាងសង់ទាំងយប់ទាំងថ្ងៃអស់ពេល១០ថ្ងៃមកនេះ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ។ មន្ទីរពេទ្យនេះមានឈ្មោះថា ហួសិនសាន ជាមន្ទីរពេទ្យធំមួយក្នុងចំណោមពីរ ដែលរដ្ឋាភិបាលចិនបានសម្រេចឲ្យធ្វើការសាងសង់យ៉ាងបន្ទាន់បំផុត នៅក្នុងទីក្រុងវូហាន ដើម្បីទទួលអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលបាននិងកំពុងកើនឡើងឥតឈប់ឈរ ។ នៅព្រឹកថ្ងៃ០៤ ខែកុម្ភៈនេះ អ្នកជំងឺឆ្លងវីរុសកកូរ៉ូណាថ្មីចំនួន០៥នាក់បានមកដល់មន្ទីរពេទ្យ ហួសិនសាន មុនគេ ។ មន្ទីរពេទ្យ ហួសិនសាន ក៏ដូចជាមន្ទីរពេទ្យមួយទៀត ដែលនឹងត្រូវបើកដំណើរការប៉ុន្មានថ្ងៃខាងមុខ គឺ ឡៃសិនសាន មានគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលសរុបចូលគ្នាជាង២.០០០គ្រែ ។ មន្ទីរពេទ្យទាំងពីរនេះត្រូវបានដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់យោធា និងមន្ត្រីសុខាភិបាលចិន ៕ធ.ដ
-
អ៊ីរ៉ង់គំរាមបញ្ឈប់ការចែករំលែកព័ត៌មានរឿងធ្លាក់យន្តហោះអ៊ុយក្រែន ក្រោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបញ្ចេញខ្សែអាត់សម្លេងដ៏រសើបមួយ

អ៊ីរ៉ង់៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានបញ្ជាក់នៅថ្ងៃទី០៣ ខែកុម្ភៈនេះថា ខ្លួននឹងបញ្ឈប់ការចែករំលែកព័ត៌មានជាមួយរដ្ឋាភិបាលទីក្រុងគៀវ ជុំវិញការធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែនកាលពីខែមុន ក្រោយប៉ុស្តិ៍ទូរ ទស្សន៍អ៊ុយក្រែនមួយបានផ្សាយការលេចធ្លាយខ្សែអាត់សំឡេងពីកន្លែងគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអ៊ីរ៉ង់ ។ ខ្សែអាត់សំឡេងដែលបានចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែន កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុននេះ គឺជាការសន្ទនារវាងអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស០២នាក់និយាយភាសា Farsi អំពីពន្លឺនៃគ្រាប់មីស៊ីលមួយដេញតាមផ្លូវយន្តហោះ ។ ដំបូងឡើយ អ៊ីរ៉ង់បានបដិសេធអស់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះដែលត្រូវបាញ់ទម្លាក់ដោយមីស៊ីលរបស់អ៊ីរ៉ង់ ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឌីមៀ ហ្សេឡិនហ្គី បាននិយាយថាការថតសំឡេងនេះបង្ហាញថា ភាគីអ៊ីរ៉ង់បានដឹងតាំងពីដំបូងថា យន្ដហោះនោះត្រូវបានវាយប្រហារដោយមីស៊ីល និងថា អាជ្ញាធរអ៊ីរ៉ង់ប្រហែលជាអាចចូលមើលកំណត់ហេតុនេះដោយផ្ទាល់ បន្ទាប់ពីការធ្លាក់យន្តហោះនោះ ។ ជុំវិញបញ្ហាខាងលើនេះ ប្រធានក្រុមស៊ើបអង្កេតអ៊ីរ៉ង់លោក Hassan Rezaeifar បាននិយាយនៅថ្ងៃទី០៣ ខែកុម្ភៈនេះថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងបញ្ឈប់ការសហការជាមួយអ៊ុយក្រែនលើការស៊ើបអង្កេត ប៉ុន្តែលោកមិនបានបដិសេធថា សំឡេងលេចធ្លាយនោះគឺពិតឬយ៉ាងណាទេ ៕ធ.ដ
-
អង់គ្លេស និង អឺរ៉ុបបង្ហាញទស្សនៈផ្ទុយគ្នាក្នុងការចរចា ក្រោយអង់គ្លេសទើបចាកចេញពីអឺរ៉ុបជាផ្លូវការ

អង់គ្លេស៖ គណៈកម្មការអឺរ៉ុបបានស្នើគម្រោងចំនួន០៣ចំណុចសម្រាប់យកទៅចរចាជាមួយអង់គ្លេស ដោយទីមួយ និងសំខាន់ជាងគេ គឺការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ ចំណុចពីរ ដែលអឺរ៉ុបនឹងលើកទៅចរចាដែរនោះ គឺកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ នគរបាល និងយុត្តិធម៌ ហើយចំណុចចុងក្រោយគឺអឺរ៉ុបចង់ពិភាក្សា អំពីអភិបាលកិច្ចសម្រាប់ផ្ទៀងផ្ទាត់ការគោរពកិច្ចព្រមព្រៀងអនាគត ។ តំណាងអឺរ៉ុបទទួលបន្ទុកកិច្ចចរចា Brexit លោក Michel Barnier បានអះអាងថា រយៈពេលអន្តរកាល១១ខែពិតជាខ្លីណាស់ និងថា វិស័យខ្លះ ដូចជាពាណិជ្ជកម្ម និង នេសាទទំនងជាមិនអាចចរចាបានលទ្ធផលនៅថ្ងៃទី៣១ ខែធ្នូ២០២០នេះឡើយ ។ រីឯនាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរី ចនសុន បានបង្ហាញលក្ខខណ្ឌដ៏តឹងរ៉ឹងនៃការព្រមចុះកិច្ចព្រមព្រៀងផ្តាស់ប្តូរសេរីជាមួយសហភាពអឺរ៉ុបថា លោកសុខចិត្តគ្មានកិច្ចព្រមព្រៀង ជាជាងចុះហត្ថលេខាលើក្រដាសដែលបង្ខំអង់គ្លេសឱ្យបន្ទន់ខ្លួនទៅគោរពតាមច្បាប់របស់សហគមន៍ ។ សម្រាប់លោក ចនសុន គ្មានហេតុផលអ្វីដែលអង់គ្លេសត្រូវទម្លាក់ខ្លួនទៅគោរពតាមបទដ្ឋានសុខភាព បរិស្ថាន និងសង្គមរបស់អឺរ៉ុប ដែលអន់ជាងអង់គ្លេសឡើយ ។ ប៉ុន្តែលោកមិនបានលើកឡើងអំពីផលប៉ះពាល់ដល់សេដ្ឋកិច្ច នៅពេលមានរនាំងពន្ធគយជាមួយអឺរ៉ុបទេ ។ សូមបញ្ជាក់ថា ប្រសិនបើការចរចាបរាជ័យ ហើយគ្មានកិច្ចព្រមព្រៀងនៅចុងឆ្នាំ២០២០ទេ…
-
វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ចិន៖ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី (2019-nCoV) បានបន្តកើនឡើងដល់៤២៦នាក់ហើយ ស្របពេលដែលអ្នកជំងឺសរុបប្រមាណ៦៣២នាក់នៅទូទាំងប្រទេសចិនបានជាសះស្បើយ និង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។ នៅថ្ងៃទី០៣ ខែកុម្ភៈនេះ អ្នកជំងឺសរុប១៥៧នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន ក្នុងនោះមានចំនួនរហូតដល់១០១នាក់ជាប្រជាជននៅខេត្តហ៊ីប៉ី ដែលកន្លែងវីរុសកូរ៉ូណាថ្មីផ្ទុះឡើងដំបូងបំផុត ។ ក្រៅពីមនុស្សជាសះស្បើយនោះ គិតត្រឹមថ្ងៃទី០៤ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ថា មានមនុស្សប្រមាណ៤២៦នាក់ហើយបានបាត់បង់ជីវិត និងប្រមាណ២០.៤៧១នាក់ផ្សេងទៀតឆ្លងមេរោគនៅក្នុងខេត្ត និង តំបន់ស្វយ័តសរុបចំនួន៣១របស់ប្រទេសចិន ៕ធ.ដ
-
ព្រឹទ្ធសភាស្តាប់ភាគីទាំងសងខាង ក្នុងការចោទប្រកាន់លោក ដូណាល់ ត្រាំ មុនការបោះឆ្នោតដកលោកពីតំណែងឬក៏អត់

សហរដ្ឋអាម៉េរិក៖ សមាជិកព្រឹទ្ធសភាអាម៉េរិក និងពលរដ្ឋអាម៉េរិក នៅថ្ងៃទី០៣ ខែកុម្ភៈនេះ បានស្តាប់ភាគីទាំងសងខាងនៃការចោទប្រកាន់នៅព្រឹទ្ធសភា ប្រឆាំងនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ខណៈប្រធានអង្គសវនាការព្រឹទ្ធសភា និងមេធាវីការពារលោក ត្រាំ ផ្តល់អំណះអំណាងចុងបញ្ចប់ ។ ការបោះឆ្នោតចុងក្រោយនៅព្រឹទ្ធសភាអាមេរិក ដើម្បីសម្រេចថាតើត្រូវដកឬមិនដកលោក ដូណាល់ ត្រាំ ចេញពីតំណែងនោះ ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃពុធទី០៥ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) ។ នៅពេលការកាត់ក្តីជិតដល់ទីបញ្ចប់ លោក ដូណាល់ ត្រាំ គ្រោងនឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំ State of the Union ទៅកាន់គណៈកម្មការចម្រុះរបស់សភា នៅយប់ថ្ងៃទី០៤ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) ។ តំណាងរាស្ត្ររដ្ឋកាលីហ្វ័រញ៉ា លោក Adam Schiff ដែលជាប្រធានគណៈកម្មការចោទប្រកាន់បានព្រមានថា ការឲ្យលោក ត្រាំ រួចពីការចោទប្រកាន់នឹងធ្វើឱ្យការរំលោភអំណាចដែលលោក ត្រាំ បានប្រព្រឹត្តក្លាយជារឿងធម្មតា និងថា ព្រឹទ្ធសភាទំនងនឹងបដិសេធមិនធ្វើអ្វីនោះទេ ក្រៅពីក្តោបដៃរបស់ខ្លួន…
-
ជប៉ុនចំណាយនាវា១គ្រឿងធ្វើតេស្ដរកវីរុសកូរ៉ូណាថ្មី លើមនុស្ស៣៥០០នាក់

ជប៉ុនបានសម្រេចចិត្តដាក់មនុស្ស ៣៥០០នាក់ នៅលើកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿង ឱ្យនៅឆ្ងាយដាច់ពីគេឯង ដើម្បីធ្វើតេស្ដរកវីរុសកូរ៉ូណាថ្មី នៅថ្ងៃអង្គារទី៤ កុម្ភះនេះ បន្ទាប់ពីអ្នកដំណើរនៅលើនោះម្នាក់ ដែលបានចេញដំណើរពីទីក្រុងហុងកុង ត្រូវបានគេពិនិត្យឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី។ ក្រុមមន្ត្រីសុខាភិបាលជប៉ុន បានចូលទៅក្នុងកប៉ាល់ឈ្មោះ ដាយមិនដ៍ ព្រីនសេស ដែលបានចូលសំចតនៅឯកំពុងផែនៃទីក្រុង យ៉ូកូហាម៉ា កាលពីល្ងាចថ្ងៃចន្ទ ដើម្បីត្រួតពិនិត្យសុខភាពអ្នកដំណើរទាំងអស់ ២,៥០០នាក់ និង ១,០០០នាក់ទៀតជាសមាជិកនាវិក។ ការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើង ក្រោយអ្នកដំណើរម្នាក់អាយុ ៨០ឆ្នាំ ដែលបានចាកចេញដំណើរពីទីក្រុងហុងកុង កាលពីថ្ងៃទី២៥ ខែមករា ត្រូវបានគេរឃើញថា បានឆ្លងវីរុសកូរ៉ូណាហើយការធ្វើតេស្ដលើមនុស្សទំាង ៣,៥០០នាក់នៅលើកប៉ាល់ អាចនឹងធ្វើឡើងនៅព្រឹកថ្ងៃអង្គារនេះ។ គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលជប៉ុន គិតមកត្រឹមថ្ងៃចន្ទសប្ដាហ៍នេះមនុស្ស ២០នាក់ត្រូវបានធ្វើតេស្ដរកឃើញថា បានឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសជប៉ុន ហើយក្នុងចំណោមពួកគេមាន ០៤នាក់ មិនទាន់បញ្ចេញរោគសញ្ញា។ ជប៉ុនបានដឹកពលរដ្ឋរបស់ខ្លួនច្រើនជាង ៥០០នាក់ ចេញពីទីក្រុងវូហាន (Wuhan) ហើយក៏បានហាមជនបរទេសទាំងអស់ ដែលធ្លាប់ធ្វើដំណើរទៅកានខេត្ត Hubei នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចូលក្នុងប្រទេសផងដែរ៕ធ.ដ …
-
វីរុសកូរ៉ូណាសម្លាប់មនុស្សកើនដល់៤២៥នាក់ ខណៈអ្នកជំងឺសរុប៦៣២នាក់បានជាសះស្បើយ

ចិន៖ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី (novel coronavirus ឬ 2019-nCoV) បានបន្តកើនឡើងដល់៤២៥នាក់ ស្របពេលដែលអ្នកជំងឺសរុបប្រមាណ ៦៣២នាក់នៅទូទាំងប្រទេសចិន បានជាសះស្បើយ និង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។ នៅថ្ងៃទី០៣ ខែកុម្ភៈនេះ អ្នកជំងឺសរុប១៥៧នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន ក្នុងនោះមានចំនួនរហូតដល់១០១នាក់ជាប្រជាជននៅខេត្តហ៊ីប៉ី ដែលកន្លែងវីរុសកូរ៉ូណាថ្មីផ្ទុះឡើងដំបូងបំផុត ។ ក្រៅពីមនុស្សជាសះស្បើយនោះ គិតត្រឹមថ្ងៃទី០៤ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ថា មានមនុស្សប្រមាណ៤២៥នាក់ហើយបានបាត់បង់ជីវិត និងច្រើនជាង២ម៉ឺន៤០០នាក់ផ្សេងទៀតឆ្លងនៅក្នុងខេត្ត និង តំបន់ស្វយ័តសរុបចំនួន៣១របស់ចិន ៕ធ.ដ
-
ទីបំផុតចិនបើកភ្លើងខៀវឲ្យអ្នកជំនាញសហរដ្ឋអាម៉េរិក ចូលរួមជួយរកវិធីប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី

ស្វីស៖ ទីបំផុតអាជ្ញាធរចិនបានសម្រេចចិត្តបើកភ្លើងខៀវឲ្យក្រុមជំនាញសុខាភិបាលអាម៉េរិកចូលទៅក្នុងប្រទេសចិន ដើម្បីអនុលោមតាមកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការរួមសហការគ្នាជាសកល ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី (2019-nCoV) ។ ទន្ទឹមគ្នា ក្រុមជំនាញសុខាភិបាលអាម៉េរិកក៏នឹងត្រូវចូលរួមជាមួយក្រុមអន្តរជាតិទៅកាន់ប្រទេសចិនផងដែរ ។បើតាមអ្នកនាំពាក្យអង្គការសុខភាពពិភពលោក ក្រុមជំនាញអន្តរជាតិដឹកនាំដោយអង្គការសុខភាពពិភពលោក នឹងចូលទៅក្នុងប្រទេសចិនក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងអំពីវីរុសកូរ៉ូណាប្រភេទថ្មី បន្ទាប់ពីមានការឯកភាពគ្នារវាងប្រធានអង្គការសុខភាពពិភពលោក និង ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ។ បើតាមការគ្រោងទុក ក្រុមជំនាញអន្តរជាតិនឹងស្វែងយល់អំពីវីរុសកូរ៉ូណាថ្មី ក៏ដូចជាធ្វើទស្សនកិច្ចមន្ទីរពិសោធន៍ និងទប់ស្កាត់ជំងឺឆ្លងនានារបស់ចិន ហើយក៏នឹងសហការជាមួយមន្ត្រីជំនាញចិន ដើម្បីបង្កើតវិធានការទប់ស្កាត់វីរុសកូរ៉ូណា ជាលក្ខណៈអន្តរជាតិផងដែរ ៕ធ.ដ
-
អង្គការសុខភាពពិភពលោកសហការជាមួយបណ្តាញសង្គមធំៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយអំពីវីរុសកូរ៉ូណាថ្មី

ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានប្រកាសនៅថ្ងៃទី០៣ ខែកុម្ភៈនេះថា ខ្លួនកំពុងធ្វើការងារជាមួយបណ្តាក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណិត និងបណ្តាញសង្គមធំៗរបស់ពិភពលោក ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនានា អំពីវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (2019-nCoV) ។ ថ្លែងពីទីស្នាក់ការកណ្តាលអង្គការ WHO នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ប្រធានអង្គការសុខភាពពិភពលោកលោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បញ្ជាក់ថា យើងកំពុងធ្វើការងារជាមួយ Google ដើម្បីឲ្យប្រាកដច្បាស់ថា ប្រជាជននានាដែលធ្វើការស្វែងរកព័ត៌មានអំពីវីរុសកូរ៉ូណាថ្មី នឹងមើលឃើញព័ត៌មានរបស់អង្គការសុខភាពពិភពលោកនៅកំពូលតារាង ។ លោក បន្ថែមថា បណ្តាញសង្គមធំៗដូចជា Facebook, Twiter, Tencent និង Tiktok ក៏កំពុងប្តេជ្ញាចិត្ត ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយអំពីវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីផងដែរ ។ប្រមុខដឹកនាំអង្គការសុខភាពពិភពលោករូបនេះ ថែមទាំងបានព្រមានអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយការបង្ហោះ និងចែកចាយព័ត៌មានចចាមអារ៉ាម និង ក្លែងក្លាយនានាអំពីវីរុសកូរ៉ូណាថ្មី ខណៈប្រទេសចិនកំពុងតែមានមនុស្សស្លាប់ និងឆ្លងវីរុសនេះកើនឡើងជាលំដាប់ ៕ធ.ដ